ប្រាសាទព្រហ្មកិល
ប្រាសាទព្រហ្មកិល | |
![]() | |
ឈ្មោះប្រាសាទ | ប្រាសាទតាព្រហ្មកិល ឬ ព្រហ្មកិល |
អ្នកកសាង | ព្រះបាទជ័យវរ្ម័នទី ៧ |
កាលបរិច្ឆេទ | ១១៨៦ គ.ស(ចុងសតវត្សរ៍ទី ១២) |
ឧទ្ទិសថ្វាយ | ព្រះពុទ្ធសាសនា |
រថនាបថ | ខ្មែរ(រចនាបថបាយ័ន) |
ទីតាំង | សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប |
កូអរដោនេ | 13°24′56″N 103°51′30″E / 13.41556°N 103.85833°ECoordinates: 13°24′56″N 103°51′30″E / 13.41556°N 103.85833°E |
ប្រវត្តិប្រាសាទ
[កែប្រែ]ប្រាសាទតាព្រហ្មកិល ឬ ព្រហ្មកិល គឺជាប្រាសាទតូចមួយស្ថិតនៅក្បែរប្រាសាទអង្គរវត្តមានចម្ងាយប្រមាណ ៣០០ ម៉ែត្រខាងលិចខ្លោងទ្វារប្រាសាទអង្គរវត្ត។ប្រាសាទនេះត្រូវបានកសាងឡើងពីថ្មភក់ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនា។ប្រាសាទនេះជាប្រាសាទមួយដែលមានរាងតូចច្រឡឹងហើយមានចម្ងាយពីផ្លូវមុខអង្គរប្រហែលជា ៥០ ម៉ែត្រប៉ុណ្ណោះ។ប្រាសាទព្រហ្មកិលមានរូបចម្លាក់មនុស្ស អប្សរា និង ក្បាច់ឆ្លាក់នៅលើផ្ទាំងថ្មប្រាសាទគួរជាទីចាប់ចិត្ត។ប្រាសាទព្រហ្មកិលកសាងនៅឆ្នាំ ១១៨៦ គ.ស(ចុងសតវត្សរ៍ទី ១២)ដោយស្នាព្រះហស្ថព្រះបាទជ័យវរ្ម័នទី ៧ ដែលមានបច្ឆមរណៈព្រះនាមមហាបរមសំគតតបតៈដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនា[១]។ប្រាសាទនេះបានទទួលការថែរក្សាដោយក្រសួងអភិរក្សអង្គរតាំងពីឆ្នាំ ១៩១៩។ ដោយសារការរុករកកាលពីឆ្នាំ ១៩២៨ គេបានរកឃើញ សិលាចារឹកមួយដែលមានចុះព្រះរាជបញ្ជាផ្សេងៗនៃព្រះបាទជ័យវរ្ម័នទី ៧ ដែលឆ្លាក់ជាប់នឹងមន្ទីរព្យាបាលរោគ។តាមសិលាចារឹកនៅប្រាសាទតាព្រហ្មបានឲ្យដឹងថាប្រាសាទនេះជាធម្មមន្ទីរសម្រាប់ស្វាធ្យាយន៍ធម៌ប៉ែកខាងព្រះពុទ្ធសាសនា។នៅក្នុងប្រាសាទនេះគេប្រទះឃើញរូបបដិមាព្រះពោធិសត្វអវលោកកេស្វរៈដែលជាពោធិសត្វជួយព្យាបាលសត្វលោក។ដើម្បីធ្វើដំណើរចូលក្នុងប្រាសាទគេត្រូវឆ្លងកាត់គោបុរៈមួយតូចសាងអំពីថ្មភក់ទើបចូលដល់តួប្រាង្គប្រាសាទដែលស្ថិននៅលើថ្នាក់តូចៗបី។ប្រាសាទនេះបែរមុខទៅទិសខាងកើតដែលមានទ្វារបញ្ឆោតបីនិងមានជើងទម្រមួយដែលមានក្បាច់រចនានិងសោមសូត្របង្ហូរទឹកមន្តមួយនៅប្រហោងប្រាសាទនៅទិសខាងជើង។ការរចនាប្រាសាទមានលក្ខណៈមិនសូវផ្ចិតផ្ចង់នោះទេប៉ុន្តែមានទ្រង់ទ្រាយដូចប្រាសាទបាយ័នផងដែរព្រោះក្បាច់ចម្លាក់មានសភាពកោងនិងឆ្លាក់ជារូបទេវតានៅតាមសសរជ្រុងប្រាសាទ។នៅសសរមាត់ទ្វារចូលគេឃើញក្បាច់រចនាល្អឆើតឆាយ។
ភៃសជ្យគុរុ
[កែប្រែ]នៅផ្ទៃខាងក្នុងនៃជញ្ជាំងខាងលិចរបស់សេនាសនៈមន្ទីរពេទ្យ(អារោគ្យសាលា)នៅប្រាសាទតាព្រហ្មកិលបានបង្ហាញឲ្យឃើញនូវព្រះពុទ្ធ ០៥ ព្រះអង្គដែលទ្រង់កំពុងសមាធិដែលទំនងជាព្រះវៃរោចនៈ ព្រះអក្សោភ្យ ព្រះរត្នសម្ភៈ ព្រះអមិតាភៈ និង ព្រះអមោឃសិទ្ធិ។
ការជួសជុល
[កែប្រែ]ការជួសជុលប្រាសាទព្រហ្មកិលចែកចេញជា ០២ ដំណាក់កាលដោយដំណាក់កាលទី ០១ គឺជាការសិក្សាស្រាវជ្រាវ គូសប្លង់និងការធ្វើកំណាយស្រាវជ្រាវ។ដំណាក់កាលទី ០២ គឺជាដំណាក់ការជួសជុលប្រាសាទដែលបានចាប់ផ្តើមជួសជុលចាប់តាំងពីអំឡុងខែមីនា ឆ្នាំ ២០២៣ ដល់ខែធ្នូ ឆ្នាំ ២០២៣ បានបញ្ជប់ការជួសជុលធ្វើឲ្យរចនាសម្ព័ន្ធរបស់ប្រាសាទមានភាពរឹងមាំដែលធ្លាប់តែទ្រេតបាក់ធ្លាក់និងទល់ទ្រជាញឹកញាប់។ប្រាសាទនេះត្រូវបានជួសជុលនិងអនុវត្តដោយនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា[២]។