ឧទ្យានបណ្ដែតបាប៊ីឡូន
ឧទ្យានបណ្ដែតបាប៊ីឡូន (The Hanging gardens of Babylon) គឺជាអច្ឆរិយៈវត្ថុមួយក្នុងចំណោមអច្ឆរិយៈទាំងប្រាំពីរនៃពិភពលោកបុរាណ ដែលមានទីតាំងស្ថិតនៅទីក្រុងហ៊ីឡាហ៍ ខេត្តបាប៊ីល ប្រទេសអ៊ីរ៉ាក់បច្ចុប្បន្ន។ ឧទ្យានបាប៊ីឡូនអតីតស្ថិតនៅក្នុងទីក្រុងបាប៊ីឡូនបុរាណ ក្រោមការគ្រប់គ្រងរបស់ព្រះចៅអធិរាជ នេប៊ូឆាដ និសហ្សារ៍ទី២ (Nebuchadnezzar) ដែលបានគ្រប់គ្រងរាជធានីបាប៊ីឡូនអស់រយៈពេលជាង៤៣ឆ្នាំ ចាប់ពីឆ្នាំ៦០៤ មុនគ.ស ដល់ ៥៦២ មុនគ.ស ។ ដំណើរដើមទងទាក់ទងនឹងឧទ្យាននេះត្រូវបានគេនិយាយថា ព្រះនាង អាមីអ៊ីសទីស (Amyistis of Media) បុត្រីរបស់ព្រះចៅមេដេស បានរៀបអភិសេកជាមួយព្រះចៅនេប៊ូឆាដ និសហ្សារ៍ទី២ ក្នុងគោលបំណងចងភ្ជាប់សម្ព័ន្ធភាពរវាងនគរទាំង២ ជានិច្ចជាកាលទ្រង់តែងតែនឹករលឹកទៅដល់ព្រះមាតុនគររបស់ព្រះនាង ហើយតែងតែធ្វើឲ្យព្រះនាងទ្រង់ព្រះសេចក្តីសោកសៅនៅក្នុងព្រះទ័យ ។ ការណ៍នេះឯងបានញុំាងឱ្យព្រះចៅនេប៊ូឆាដនិសហ្សារ៍ទ្រង់សម្រេចព្រះទ័យចេញរាជបញ្ជាឱ្យសាងសង់ឡើងនូវឧទ្យាន ដែលមានរចនាបីដូចទៅនឹងទេសភាពនៃព្រះមាតុនគររបស់ព្រះនាង ដើម្បីទុកសម្រាប់ជាទីលំហែព្រះកាយ និងជួយបន្ធូរបន្ថយការនឹករលឹកទៅដល់ស្រុកកំណើតរបស់ព្រះនាង។[១]

ឧទ្យានបណ្ដែត ពាក្យនេះមិនមែនមានន័យថា ឧទ្យាននេះត្រូវបានគេស្ថាបនាឡើងនៅលើនាវា ហើយបណ្ដែតនៅលើផ្ទៃទឹក ឬត្រូវបានគេចងព្យួរទៅនឹងខ្សែពួរធំៗដូចជាស្ពានយោលនោះទេ ប៉ុន្តែពាក្យនេះគឺមានប្រភពមកពីការបកប្រែមិនច្បាស់ចេញពីភាសាក្រិកថា κρεμαστός ដែលមានន័យថា បណ្ដែត ឬ ព្យួរ នោះទេផ្ទុយទៅវិញ គឺមានន័យថា លយចេញ ឬ ផុសឡើង ក្នុងន័យដែលវាត្រូវបានគេសាងឡើងលើទីទួលប៉ុណ្ណោះ។[២]