អំពីភិក្ខុសង្ឃ
នៅក្នុងអត្ថបទមុន យើងបានពិនិត្យមើលអំពីភិក្ខុសង្ឃរួចហើយ ។ នៅក្នុងអត្ថបទនេះវិញ យើងនឹងពិនិត្យមើលអំពីភិក្ខុនីសង្ឃ នៅក្នុងប្រវត្តិពុទ្ធសាសនាកន្លងទៅ ដើម្បីមានជាគំនិតជួយបំភ្លឺទៅលើនិន្នាការថ្មីបច្ចុប្បន្ននេះ ក្រោមការជំរុញនៃអង្គការសិទ្ធិមនុស្ស ក្នុងការប៉ុនប៉ងពង្រីកពង្រឹងសិទ្ធិស្ត្រី ឈានទៅដល់ការចាត់តាំងអង្គការដូនដី ហើយឆ្ងាយជាងនេះទៀត ឈោងទៅរកការចាត់តាំងឲ្យមានឡើងវិញនូវគណៈភិក្ខុនី ឬភិក្ខុនីសង្ឃ (The Order of Nuns) ។
ភិក្ខុនី គឺជាស្មូមភេទស្រីនៃគណៈសង្ឃពុទ្ធសានិក ដែលបានឧទ្ទិសជីវិតចំពោះសាសនា រស់នៅក្នុងអាស្រម ឬកុដិ ក្នុងភាពក្រីក្រ និងរក្សាព្រហ្មចរិយាធម៌ ជាអចិន្ត្រៃយ៍ ។ ឈ្មោះភិក្ខុនី ត្រូវបានគេស្គាល់ដូចនេះ ដោយសារទម្លាប់របស់គេដើរសុំទានអាហារ ឬហៅតាមភាសាខ្មែរយើងថា បិណ្ឌបាតចង្ហាន់ ។ ពាក្យភិក្ខុនីនេះ ក្លាយពីកិរិយាស័ព្ទបាលីថា ភិក្ខតិ (សំ. ភិក្សតិ) ដែលមានន័យថា (សុំ) (ទាន) ។ មាននិយមន័យជាច្រើនរបស់ពាក្យភិក្ខុ, ក៏ត្រូវបានគេយកមកអនុវត្តចំពោះពាក្យភិក្ខុដែរ, គេឃើញមានប្រើពាក្យនេះជាញឹកញយនៅអដ្ឋកថា ។ ស្មូមស្ត្រីភេទនៃគណៈសាសនាជេន ក៏ដូចគ្នាដែរ ត្រូវបានគេស្គាល់ដោយស័ព្ទ "ភិក្ខុ" ទោះបីមានស័ព្ទផ្សេងទៀតត្រូវបានប្រើដែរក៏ដោយ ដូចជានិគ្គណ្ឋី, សាហុណី, និងអជ្ជា ។ ជាងនេះទៀត, អក្សរសាស្ត្រសាសនារបស់ជេនបង្ហាញថា ស្ត្រីទាំងឡាយដែលបោះបង់ជីវភាពជាគ្រហស្ថ ដើម្បីក្លាយទៅជាភិក្ខុនីនោះ ពុំមែនជាគំនិតថ្មីដែលមាននៅតែក្នុងពុទ្ធសាសនា ក្នុងសម័យកាលដែលព្រះពុទ្ធសាសនាបានកើតមានឡើងនៅក្នុងប្រទេសឥណ្ឌានោះប៉ុណ្ណោះទេ ។ ដោយសារមានស្ត្រីទាំងឡាយកាន់តែច្រើនឡើងៗ ចាកចោលជីវភាពជាគ្រហស្ថដើម្បីក្លាយខ្លួនទៅជាភិក្ខុនីក្នុងអំឡុងសម័យកាលព្រះពុទ្ធ និងព្រះមហាវីរៈមានព្រះជន្មគង់នៅ, ដោយប្រព័ន្ធសាសនាទាំងពីរ ត្រូវបាន ស្ថាបនាឡើងដោយព្រះពុទ្ធ និងព្រះមហាវីរៈនោះ, ទើបកើតមានភិក្ខុនីសង្ឃ ដែលមានប្រព័ន្ធគ្រប់គ្រងប្រហាក់ប្រហែលគ្នា ។
ស្ត្រីដំបូងគេ ដែលបានបួសក្នុងពុទ្ធសាសនា, ហើយដែលបានក្លាយជាភិក្ខុនី គឺព្រះមហាជាបតីគោតមី, ជាព្រះមាតុច្ឆា (ម្ដាយមីង) និងជាព្រះមាតាចិញ្ចឹមរបស់ព្រះពុទ្ធ ។ ក្រោយផ្នួសរបស់ព្រះនាងគោតមី និងក្រោយផ្នួសរបស់ស្រីស្នំទាំង ៥០០ របស់ព្រះនាងផងដែរ ដែលទាំងអស់ជាស្ត្រីសាក្យត្រកូល, ទើបមានស្ត្រីដទៃទៀតចូលមកបួស, ដោយហេតុនេះ បង្កើតបានទៅជាភិក្ខុនីសង្ឃ ។ យោងតាមដំណើររឿងនៅក្នុងចុល្លវគ្គនៃវិន័យបិដក បានចែងថា ក្រោយការសោយព្រះទិវង្គតនៃព្រះស្វាមីព្រះនាង គឺព្រះបាទសុទ្ធោទនៈ ព្រះនាងមហាបជាបតីគោតមី បានចូលទៅថ្វាយបង្គំព្រះពុទ្ធ កាលព្រះអង្គគង់នៅកបិលវត្ថុ ហើយបានទូលសុំព្រះអង្គ អនុញ្ញាតឲ្យស្ត្រីទាំងឡាយ បានបួសនៅក្នុងសំណាក់សាសនាព្រះអង្គផង ។ ព្រះពុទ្ធបដិសេធសំណូមពរនេះ ជាបន្តបន្ទាប់ ។ ចំណេរកាលជាខាងក្រោយមក, នៅពេលព្រះពុទ្ធបានយាងពីកបិលវត្ថុទៅគង់នៅវេសាលី, ព្រះនាងគោតមីក៏បានយាងទៅតាមព្រះពុទ្ធក្នុងទីនោះដែរ ជាមួយនឹងស្ត្រីជាសាក្យត្រកូលដទៃទៀត ដោយមានសក់កាត់ចោល និងស្លៀកដណ្ដប់សំពត់ពណ៌លឿង ។ ស្ត្រីទាំងឡាយនោះឈរនៅខាងក្រៅប្របច្រកផ្លូវចូលទៅកាន់វត្ត ដោយមានជើងហើមប៉ោងប្រឡាក់ដោយធូលី, មានទឹកមុខស្រពាប់ស្រពោន, ក្រៀមក្រំ, ទួញយំ និងពោរពេញដោយជននេត្រ (ទឹកភ្នែក) ។ ព្រះអានន្ទ ដែលបានឃើញព្រះនាងគោតមីនិងបានស្ដាប់ព្រះនាងរៀបរាប់រឿងរបស់ព្រះនាងរួចហើយ ក៏មានចិត្តអាណិតអាសូរ រួចចូលទៅក្រាបបង្គំទូលព្រះពុទ្ធ ហើយអង្វរព្រះអង្គឲ្យព្រមទទួលសំណូមពររបស់ព្រះនាង ។ សូម្បីនៅលើកទីបីនេះទៀត ព្រះពុទ្ធក៏ទ្រង់នៅតែបដិសេធសំណូមពររបស់ព្រះនាង ។ បន្ទាប់មក, ព្រះអានន្ទ, ដោយបានគិតឃើញផែនការមួយផ្សេង, ទើបទូលសួរចំពោះព្រះពុទ្ធថា "បពិតព្រះអង្គ, ស្ត្រីទាំងឡាយ កាលបើគេលះបង់ផ្ទះសម្បែង ហើយចូលមកបួសជាអនាគរិក (អ្នកគ្មានផ្ទះសម្បែង) ឋិតនៅក្រោមព្រះធម៌ និងវិន័យរបស់ព្រះដ៏មានជោគ, តើគេអាចសម្រេចសោតាបត្តិផល, ឬសកទាគាមិផល ឬក៏អនាគាមិផលបានឬទេ? “ ។ នៅពេលនោះ ព្រះពុទ្ធទ្រង់បានឆ្លើយតបជាវិជ្ជមានចំពោះសំណួរនេះ, ព្រះអានន្ទក៏ធ្វើការអង្វរករម្ដងទៀត ។ នៅទីបំផុត, ព្រះពុទ្ធបានយល់ព្រមឲ្យព្រះនាងបជាបតិគោតមីបានបួស ក្រោយការសន្យារបស់ព្រះនាងព្រមទទួលប្រតិបត្តិគរុធម៌ ប្រាំបីយ៉ាង ដើម្បីបំពេញលក្ខណសម្បត្តិឲ្យបានទទួល បព្វជ្ជា ក៏ដូចជាសម្រាប់ឧបសម្បទា ដែរ ។ សូម្បីតែក្រោយពេលព្រះពុទ្ធបានផ្ដល់ការអនុញ្ញាតដូច្នេះក៏ដោយក៏គេបាននិយាយថា ព្រះពុទ្ធបានមានបន្ទូលប្រាប់ព្រះអានន្ទថាៈ ដោយសារស្ត្រីចូលរួមនៅក្នុងជួរសង្ឃ, ព្រះធម៌និងព្រះវិន័យដែលព្រះតថាគតបានប្រកាសហើយនេះ ដែលអាចឋិតថេរតាំងនៅបាន ១០០០០ ឆ្នាំ, ឥឡូវនេះ និងឋិតថេរតាំងនៅបានតែ ៥០០០ ឆ្នាំប៉ុណ្ណោះទេ ។ ដោយគិតតាមតួលេខនេះ ជាប្រមាណវិធី, គេអាចសង្ខេបថា ព្រះពុទ្ធទ្រង់បានឃើញមុននូវការស្រុតចុះដ៏ឆាប់នៃព្រះធម៌ និងព្រះវិន័យដែលព្រះអង្គបានប្រកាស ដោយសារតែស្ត្រីបានទទួលការអនុញ្ញាតឲ្យចូលក្នុងជួរសង្ឃ ។ ទោះបីជាសេចក្ដីរៀបរាប់របស់វិន័យបិដក មិនបានផ្ដល់ហេតុផលសម្រាប់ការទស្សន៍់ទាយរបស់ព្រះពុទ្ធក៏ដោយ, ក៏ស្នាដៃអក្សរសាស្ត្រក្រោយមក ដូចជាបូជាវលិយ (ស្នាដៃជាភាសាសីហឡៈរបស់មយូរបានថេរ ) សន្និដ្ឋានថា ការស្ទាក់ស្ទើរព្រះទ័យនិងការទស្សន៍ទាយរបស់ព្រះពុទ្ធ ចេញមកតែពីធម្មជាតិមិននឹងនរបស់ស្ត្រី ។ គរុធម៌ទាំងប្រាំបីប្រការដែលព្រះនាងបជាបតិគោតមីត្រូវប្រតិបត្តិតាម ដើម្បីអាចទទួលផ្នួសបាន ហើយដែលក្រោយមក ស្ត្រីទាំងអស់ត្រូវអនុវត្តតាម ទុកដូចជាល័ក្ខខ័ណ្ឌ ដើម្បីបានបួសចូលក្នុងជួរសង្ឃនោះ គឺមានដូចតទៅនេះ៖
១-ភិក្ខុនីមួយរូប សូម្បីតែមានអាយុផ្នួស ១០០ ឆ្នាំក៏ដោយ ក៏ត្រូវតែគោរពភិក្ខុ ទោះបីជាមានវ័យផ្នួសទើបបានមួយថ្ងៃក៏ដោយ ។
២-ភិក្ខុនី មិនត្រូវគង់ចាំវស្សា (រដូវភ្លៀង) នៅក្នុងជនបទណាមួយ ដែលគ្មានភិក្ខុទាំងឡាយគង់នៅទេ ។
៣-រៀងរាល់កន្លះខែម្ដង ភិក្ខុនីត្រូវបំពេញកិច្ចការពីរយ៉ាងគឺ សុំអំពីភិក្ខុសង្ឃ នូវឧបោសថសីល និងសុំឲ្យភិក្ខុសង្ឃផ្ដល់ឱវាទ ទូន្មាន ។
៤-នៅទីបញ្ចប់នៃការចាំវស្សា ភិក្ខុនីត្រូវចូលរួមក្នុងពិធីបវារណា ដឹកនាំដោយគណៈសង្ឃទាំងពីរ (ភិក្ខុសង្ឃ និងភិក្ខុនីសង្ឃ ) ហើយនៅក្នុងពិធីនីមួយៗ ភិក្ខុនីត្រូវសុំខមាទោសចំពោះកំហុសឯនានីមួយ ដែលសង្ឃបានឃើញ ឮ ឬ សង្ស័យ ។
៥-ភិក្ខុនីណាមួយប្រព្រឹត្តបំពានលើសិក្ខាបទសង្ឃទិសេស ត្រូវចាក់ខ្លួនទទួលវិន័យពិសេស (បក្ខមានត្ត) អស់រយៈពេលកន្លះខែ នៅចំពោះមុខក្រុមនីមួយៗ នៃគណៈសង្ឃទាំងពីរ ។
៦-សាមណេរីត្រូវហ្វឹកហ្វីនខ្លួននៅក្នុងសិក្ខាបទទាំង៦ (បញ្ចសីល រួមនិងសិក្ខាបទវិកាលភោជនា) អស់រយៈពេលពីរឆ្នាំ ហើយបន្ទាប់មក ត្រូវសុំ ឧបសម្បទា ជាភិក្ខុនី អំពីក្រុមជំនុំគណៈសង្ឃទាំងពីរ ។
៧-ភិក្ខុនី មិនត្រូវជេរបញ្ចោរ ឬប្រមាថមាក់ងាយភិក្ខុដោយប្រការណាមួយទេ, សូម្បីតែដោយវិធីបញ្ឆិតបញ្ឈៀង ក៏ពុំបានដែរ ។
៨-ភិក្ខុអាចទូន្មានប្រៀនប្រដៅភិក្ខុនីបាន, ប៉ុន្តែ ភិក្ខុនី មិនត្រូវបានអនុញ្ញាតឲ្យទូន្មានប្រៀនប្រដៅភិក្ខុទេ ។
រយៈកាលហ្វឹកហ្វឺនពីរឆ្នាំ មិនតម្រូវទៅលើព្រះនាងបជាបតីគោតមី ដូចដែលបានកំណត់នៅក្នុងសិក្ខាបទទីប្រាំមួយទេ ពីព្រោះព្រះពុទ្ធទ្រង់បានប្រកាសថាការទទួលព្រមប្រតិបត្តិតាមគរុធម៌ទាំងប្រាំបីដោយព្រះនាងផ្ទាល់សន្មតស្មើនិងផ្នូសរបស់ព្រះនាងជាសាមណេរី អស់រយៈកាលពីរឆ្នាំរួចទៅហើយ ។ បុព្វសិទ្ធិនេះ ក៏ត្រូវបានប្រទានទៅឲ្យស្ត្រីសាក្យត្រកូលទាំង ៥០០ ផងដែរ ដែលបានដង្ហែព្រះនាងមក ។ ប៉ុន្តែតាមធម្មតា ស្ត្រីអ្នកសាកល្បងដើម្បីផ្នួស (female probationer) មុនគេ ចាប់ផ្ដើមហ្វឹកហ្វឺនរយៈពេលពីរឆ្នាំ នៅក្នុងសិក្ខាបទទាំងប្រាំមួយ ត្រូវតែបានសេចក្ដីយល់ព្រមឲ្យហ្វឹកហ្វឺនរយៈពេលពីរឆ្នាំ នៅក្នុងសិក្ខាបទទាំងប្រាំមួយ ត្រូវតែបានសេចក្ដីយល់ព្រមឲ្យហ្វឹកហ្វឺនអំពីសង្ឃ (សិក្ខាសម្មតិ) ជាមុនសិន ។ កាលបើបានសេចក្ដីយល់ព្រមពីសង្ឃហើយ, គេត្រូវសន្យាដោយជាក់ស្ដែងថា នាងខ្ញុំប្រកាសទុកជាសំណូមពរមិនអាចបំពារបំពានបាន, នៅក្នុងអំឡុងពេលពីរឆ្នាំ, គឺវៀរចាកការសម្លាប់សត្វមានជីវិត, មិនលួច, មិនប្រព្រឹត្តខុសព្រហ្មចរិយធម៌ មិននិយាយកុហក, មិនផឹកទឹកស្រវឹង និងមិនបរិភោគអាហារក្នុងពេលម៉ោងហាមឃាត់ ពោលគឺ រវាងពេលថ្ងៃត្រង់និងពេលថ្ងៃរះនៃថ្ងៃបន្ទាប់។ គេមិនតម្រូវឲ្យអ្នកសាកល្បងដើម្បីផ្នួស ផ្ដាច់ចំណងរបស់ខ្លួនពីជីវភាពគ្រហាវាសនៅក្នុងដំណាក់កាលសាកល្បងនោះទេ ទោះបីភាគច្រើនគេបានផ្ដាច់ ។ ជាទូទៅ អ្នកសាកល្បងដើម្បីផ្នួស រស់នៅក្នុងលំនៅសម្រាប់ក្រុមរបស់ខ្លួន ក្នុងអំឡុងកាលឋិតក្រោមការថែទាំរបស់ដូនជីដ៏មានពិសោធន៍ម្នាក់ជួយថែរក្សា និងហ្វឹកហ្វឺនខ្លួនឯងក្នុងសិក្ខាបទទាំងប្រាំមួយ ។ អ្នកសាកល្បងដើម្បីផ្នួស តាមធម្មតា ត្រូវបានគេហៅថា សិក្ខាមានា ។ នៅទីបញ្ចប់នៃការសាកល្បងពីរឆ្នាំសិក្ខមានាបានក្លាយជាភិក្ខុនី ក្រោយបានទទួលឧបសម្បទារួចហើយ ។
មានតែក្រោយពេលបានទទួលការបួសថ្នាក់ខ្ពស់គឺ ឧបសម្បទាប៉ុណ្ណោះទេ, ទើបសាមណេរីបានក្លាយទៅជាភិក្ខុនីដ៏ពេញលក្ខណៈ ។ ដោយបានទទួលការបួសថ្នាក់ខ្ពស់នេះ ភិក្ខុនី ត្រូវបានគេចាត់ទុកជាថេរីមួយរូប ជួយទ្រោលភារកិច្ចបង្ហាត់បង្រៀនបន្ថែម ។ ចាប់ពីពេលនោះទៅ លោកផ្ដើមយកចិត្តទុកដាក់យ៉ាងខ្លាំងខ្លាក្នុងការប្រតិបត្តិធ្វើសមាធិ ។ ដោយប្រការយ៉ាងនេះ, សាមណេរីដែលសុំផ្នួសថ្នាក់ខ្ពស់ (ឧបសម្បទា) ត្រូវឆ្លើយតបសំណួរ ២៤, ទាល់តែគណៈសង្ឃទាំងពីរគាប់អធ្យាស្រ័យជាមុនរួចហើយ ទើបផ្នួសថ្នាក់ខ្ពស់ត្រូវបានអនុញ្ញាត ។ ក្នុងបណ្ដាសំណួរទាំង ២៤ មានសំណួរ ១១ និយាយអំពីរូបភាពនៃរោគស្ត្រីភេទ (Gynaecological deformities) និង ៥ សំណួរស្ដីពីជំងឺ ជាអាទិ៍ ឃ្លង់, បូស, ត្រអក, របេង, ឆ្កួតជ្រូក ។ សំណួរក្រៅពីនេះ មានដូចតទៅនេះ, អ្នកជាមនុស្សមែនឬ ? អ្នកជាស្ត្រីឬ? អ្នកជាស្ត្រីអ្នកជាទេឬ? អ្នកគ្មានជំពាក់បំណុលគេទេឬ? តើអ្នកមិនជាប់ជំពាក់នឹងព្រះរាជបម្រើទេឬ? តើអ្នកបានទទួលការយល់ព្រមពីឪពុកម្ដាយ និងប្ដីរបស់អ្នកហើយឬ? តើអ្នកមានអាយុ ២០ ឆ្នាំពេញហើយឬ ? តើអ្នកមានបាត្រនិងស្បង់ចីពរឬទេ? អ្នកឈ្មោះអ្វី ? តើស្ត្រីអ្នកស្នើផ្នួសឲ្យអ្នកឈ្មោះអ្វី ?
ដំបូងឡើយ, បុព្វសិទ្ធិសាកសួរសាមណេរី និងការផ្ដល់ផ្នួសជាន់ខ្ពស់ឲ្យសាមណេរីនោះ គឹឋិតនៅក្នុងកណ្ដាប់ដៃនៃភិក្ខុ, ប៉ុន្តែក្រោយមក ដោយសារមានការស្មុគស្មាញខ្លះកើតមានឡើង, បុព្វសិទ្ធិក៏ត្រូវបានផ្ទែរទៅឲ្យភិក្ខុនីទាំងឡាយដែលមានបទពិសោធន៍ និងមានសមត្ថភាពធ្វើកិច្ចការនេះវិញ នៅចំពោះមុខខណៈសង្ឃទាំងពីរដោយឡែកៗពីគ្នា ។ វិធីធ្វើប្រព្រឹត្តទៅយ៉ាងម៉ត់ចត់ណាស់ ។ ដោយបានប្រាប់ដំណឹង ឲ្យដឹងមុនតាមរយៈភិក្ខុនីមួយអង្គដ៏មានបទពិសោធន៍ និងមានសមត្ថភាព សាមណេរីបានមកកាន់ទីចំពោះមុខសង្ឃ ដោយមានចីពរពាក់លើស្មា ។ បន្ទាប់មក សាមណេរីនោះក្រាបថ្វាយបង្គំទៀបបាទានៃភិក្ខុទាំងឡាយ ហើយអង្គុយចុះបត់ជើងដោយមានដៃទាំងពីរប្រណម្យ ហើយសុំផ្នួសដោយពោលពាក្យថា" ខ្ញុំព្រះករុណាសុំសង្ឃអនុញ្ញាតឧបសម្បទា ។ សូមសង្ឃលើកស្ទួយខ្ញុំព្រះករុណា ដោយសេចក្ដីអាណិតអាសូរផងចុះ" ។ ពាក្យនេះត្រូវថាឡើងវិញបីដង ។ បន្ទាប់មកភិក្ខុនីដ៏មានពិសោធន៍ និងមានសមត្ថកិច្ចចោទសួរសំណួរទាំង ២៤ ចំពោះសាមណេរីជាឧបសម្បទាបេក្ខនៅចំពោះមុខភិក្ខុសង្ឃ ។ កាលបើសំណួរទាំងឡាយត្រូវបាន ឆ្លើយដោយពេញចិត្តរួចហើយ ភិក្ខុនីជាថេរៈសួរភិក្ខុសង្ឃបីដងថា តើសង្ឃព្រមឲ្យសាមណេរីនេះបានឧបសម្បទាឬទេ ហើយប្រសិនបើព្រម ត្រូវនៅស្ងៀម, ប៉ុន្តែប្រសិនបើភិក្ខុនីណាមិនយល់ព្រម នោះត្រូវមានពុទ្ធដីកា។ ប្រសិនបើទាំងអស់អង្គស្ងៀម , សាមណេរីត្រូវបានប្រកាសថាបានអនុញ្ញាតឲ្យទទួលឧបសម្បទាអំពីគណៈភិក្ខុនីហើយ ។ សាមណេរីនោះ ត្រូវបាននាំភ្លាមទៅកាន់ទីចំពោះមុខភិក្ខុសង្ឃ ដែលគ្រងស្បង់ចីពរតាមបែបបទដូចៗគ្នា ហើយវិធីធ្វើដូចគ្នាត្រូវបានថាឡើងវិញ ។ ភិក្ខុជាថេរៈផ្ដល់ពត៌មានដល់ជំនុំសង្ឃថា សាមណេរីប្រាថ្នាសុំឧបសម្បទា, ថានាងបានឆ្លើយច្បាស់លាស់ហើយទាក់ទងនឹងសំណួរទាំងម្ភៃបួន និងថានាងបានបំបួសរួច ហើយនៅខាងគណៈភិក្ខុនី ។ បន្ទាប់មក, ភិក្ខុទាំងឡាយក៏ត្រូវបានព្រះថេរៈស្នើសួរថា តើលោកទាំងឡាយយល់ព្រមឲ្យនាងបួស ឬមិនព្រម ។ ប្រសិនបើទាំងអស់អង្គនៅស្ងៀម នាងត្រូវបានប្រកាសយល់ព្រមឲ្យបួសដោយភិក្ខុសង្ឃ ហើយក្លាយជាភិក្ខុនីមក ល័ក្ខខណ្ឌបីក្នុងចំណោមល័ក្ខខ័ណ្ឌ៤ ត្រូវបានគេពន្យល់ចំពោះនវភិក្ខុនី ជាអាទិ៍, អាហារ សម្លៀកបំបាក់ និងថ្នាំព្យាបាលរោគ ។ ល័ក្ខខ័ណ្ឌដទៃផ្សេងទៀត ត្រូវបានអនុញ្ញាតឲ្យភិក្ខុ ជាអាទិ៍ កាស្នាក់អាស្រ័យនៅក្នុងព្រៃ, ប៉ុន្តែ មិនអនុញ្ញាតឲ្យភិក្ខុនីទាំងឡាយទេ ប្រហែលជាបណ្ដាលមកពីការមិនមានសន្តិសុខសម្រាប់ភិក្ខុនី ដើម្បីរស់នៅម្នាក់ឯងក្នុងព្រៃ ដូចជាករណីជាក់ស្ដែងនៃឧប្បលវណ្ណាថេរី ។ ជាងនេះ ទៀត, គេហាមមិនឲ្យភិក្ខុនីបំពារបំពានសិក្ខាបទប្រាំបីយ៉ាង ។ គារបណ្ដែតបណ្ដោយខ្លួនឲ្យល្មើសលើសិក្ខាបទទាំងប្រាំបីយ៉ាងនេះ គឺកំហុសយ៉ាងធ្ងន់ធ្ងរ ។ សិក្ខាបទទាំងប្រាំយ៉ាងនោះគឺ ការបណ្ដែតបណ្ដោយខ្លួនក្នុងមេថុនកម្ម, ការលួច, ការសម្លាប់, ការអួតអាងថាបានសម្រេចឈាន (ឧត្តរិមនុស្សធម៌ ) ការព្រមព្រៀងសេពកាមជាមួយបុរស ការលាក់បាំងកំហុសធ្ងន់ធ្ងររបស់ភិក្ខុដទៃ, ការទទួលយកការណែនាំរបស់ភិក្ខុដែលត្រូវសង្ឃព្យួរទោស និងការរំលោភបំពានដោយចេតនាលើសិក្ខាបទទាំងឡាយ ដោយមានបំណងអាក្រក់ ។
ក្នុងពេលវេលាកន្លងទៅ មានសិក្ខាបទដទៃទៀត ត្រូវបានកំណត់ឡើងសម្រាប់ជាក្រឹត្យវិន័យ និងការណែនាំដល់ភិក្ខុនីទាំងឡាយ ។ កាលមួយនោះ ក្នុងការឆ្លើយតបបញ្ហា ដែលព្រះនាងមហាបជាបតីគោតមីចោទសួរ, ព្រះពុទ្ធទ្រង់មានព្រះបន្ទូលថា កាលណាសិក្ខាបទសម្រាប់ភិក្ខុនីមានខ្លឹមសារដូចគ្នានិងសិក្ខាបទកំណត់ឡើងសម្រាប់ភិក្ខុ ភិក្ខុនីគប្បីប្រតិបត្តិតាមសិក្ខាបទទាំងនោះ ក្នុងបែបបទដូចជាភិក្ខុប្រតិបត្តិដែរ, ហើយកាលណាសិក្ខាបទទាំងឡាយនោះមិនដូចគ្នាទេ ភិក្ខុនីគប្បីប្រព្រឹត្តឲ្យត្រូវទៅតាមខ្លឹមសារដែលបានដាក់ចុះ ។ វិន័យបិដកបានបំភ្លឺច្បាស់ថា សិក្ខាបទខ្លះដែលកំណត់សម្រាប់ភិក្ខុនី ដូចគ្នាសុទ្ធសាធទៅនឹងសិក្ខាបទកំណត់ឡើងសម្រាប់ភិក្ខុ ។ សិក្ខាបទខ្លះដែលកំនត់សម្រាប់ភិក្ខុនី ដូចដែលមានចែងនៅក្នុងវិន័យបិដក ដូចតទៅនេះថាៈ ភិក្ខុនីមួយអង្គ មិនត្រូវមានបាត្រលើសពីមួយនៅក្នុងវិហារមួយ, វត្ថុណាមួយផ្ដល់ឲ្យភិក្ខុនីសម្រាប់គោលដៅណាមួយ គប្បីប្រើប្រាស់វត្ថុនោះ សម្រាប់តែគោលដៅនោះប៉ុណ្ណោះ, ភិក្ខុនីមិនត្រូវទទួលយកស្រូវ, មិនត្រូវបោះវត្ថុសៅហ្មងទាំងឡាយទៅលើផ្លូវ និងលើចំការស្រែ តាមបង្អួច, មិនត្រូវចូលរួមក្នុងការរាំ ការច្រៀង និងតន្ត្រីមានឧបករណ៍, មិនត្រូវនិយាយជាមួយមនុស្សណាម្នាក់ក្នុងទីងងឹត ឬកន្លែងកៀនឬក្រោមពន្លឺព្រះចន្ទ ឬក្នុងផ្លូវសាធារណៈ ឬនៅតាមផ្លូវបំបែក, ភិក្ខុនីមិនត្រូវងូតទឹកស្រាត ។ ភិក្ខុនីពីរអង្គមិនត្រូវសឹង (ដេក) លើគ្រែជាមួយគ្នា ហើយគ្របដណ្ដប់ខ្លួនដោយកម្រាល(ភួយ) មួយជាមួយគ្នា ។ ប្រសិនបើភិក្ខុនីមួយអង្គមានអាពាធ, សហធម្មិករបស់លោកគប្បីថែទាំលោក ឬក៏ជួយយកចិត្តទុកដាក់ឲ្យអ្នកដទៃទៀតជួយថែទាំលោក ។ ភិក្ខុនីមិនគប្បីបណ្ដេញភិក្ខុនីដទៃទៀត ដែលលោកបានផ្ដល់ជម្រកឲ្យស្នាក់អាស្រ័យនោះទេ ។ ភិក្ខុនីមិនគប្បីសេពគប់ជាមួយមេផ្ទះ ឬកូនប្រុសរបស់មេផ្ទះទេ ។ ក្នុងអំឡុងរដូវភ្លៀង ភិក្ខុនីមិនត្រូវធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទេ ។ ភិក្ខុនីមិនត្រូវទៅមើលវាំង រាជ ឧទ្យាន ថែវ មានរូបភាព, ឧទ្យានកំសាន្ត ឬជលដ្ឋាន ឬអាងទឹក ដែលមានផ្កាល្អៗ ។ល។ ភិក្ខុនីមិនត្រូវរៀនសីលណាមួយសម្រាប់ចិញ្ចឹមជីវិតខ្លួនទេ ។ លោកមិនត្រូវចូលទៅក្នុងកុដិរបស់ភិក្ខុ ដោយគ្មានការអនុញ្ញាតនោះឡើយ ។ លោកមិនត្រូវភ្ជាប់ខ្លួនទៅនឹងគ្រួសារពិសេសណាមួយឡើយ ។ លោកមិនត្រូវពាក់គ្រឿងអលង្ការឬស្រង់ទឹកមានលាយទឹកអប់ឡើយ ។ លោកមិនត្រូវអង្គុយនៅចំពោះមុខភិក្ខុដោយគ្មានការអនុញ្ញាតពីភិក្ខុនោះទេ ។ លោកមិនត្រូវចេញទៅក្រៅនៅពេលយប់ ។ បើមនុស្សណាមួយបញ្ជូនអំណោយមកឲ្យភិក្ខុនីណាមួយ ដោយមានមូលហេតុអាក្រក់ ហើយបើលោកទួលអំណោយទាំងនោះដោយដឹងច្បាស់នូវមូលហេតុនោះ ភិក្ខុនីនោះនឹងត្រូវអាបត្តិសង្ឃាទិទេស ។
មានសិក្ខាបទទាងឡាយផ្សេងទៀតកំណត់ឡើង ដោយមានបំណងរក្សាភិក្ខុ និងភិក្ខុនីដោយឡែកពីគ្នា, ដាក់បង្ខំការហាមឃាត់ជាច្រើនស្ដី ពីការប្ដូរអាហារស្បង់ចីពរ (សម្លៀកបំបាក់) និងវត្ថុទាំងឡាយផ្សេងទៀត រវាងគ្នានឹងគ្នា ។ ដូចគ្នានឹងករណីភិក្ខុទាំងឡាយដែរ, វាមានគំរូករណីយកិច្ចដ៏ទៀងទាត់មួយនៅក្នុងជីវភាពរាល់ថ្ងៃរបស់ភិក្ខុនី ។ នៅពេលព្រឹក,លោកត្រូវចេញទៅបិណ្ឌបាត ហើយឆានអាហារមុនថ្ងៃត្រង់ ។ បន្ទាប់មក លោកថយខ្លួនទៅធ្វើសមាធិ និងសូត្រធម៌ និងរៀនធម៌ ហើយស្ដាប់ធម៌ទេសនានៅពេលល្ងាច ។ ភិក្ខុនីទាំងឡាយក៏ត្រូវចូលរួមក្នុងពិធី ទាំងឡាយដែលទាក់ទងនឹងរដូវវស្សាដែរ, ដូចជា ឧបោសថ បវារណា និងកឋិន ។ ភិក្ខុនីទាំងឡាយមិនមានកិច្ចការផ្ទះដូចគ្រហស្ថទេ ហើយគេរស់រានភាគច្រើនដោយ សារអំណោយសប្បុរសរបស់គ្រហស្ថ ។ កុដិ ឬអាស្រមទាំងឡាយ(Nunneries) ត្រូវបានសាងសង់ឡើងសម្រាប់ភិក្ខុនី ដោយព្រះរាជាជាពិសេសផងដែរ ពិព្រោះ ភិក្ខុនីទាំងឡាយមិនត្រូវបានទទួលអនុញ្ញាតឲ្យស្នាក់នៅក្នុងព្រៃទេ ។ គ្រហស្ថផ្ដល់ដល់ភិក្ខុនីនូវសំពត់ដែលមានចីវរ, ឧត្តរាសង្គៈ (សំពត់ស្លៀកខាងក្រៅ ) អន្តរវាសកៈ (សំពត់ស្លៀកខាងក្នុង) និងសំកច្ឆិកៈ (អាវទ្រនាប់) ។
សិក្ខាបទដ៏សំខាន់ទាំងប្រាំបីដែលនិយាយខាងលើ បង្ហាញយ៉ាងច្បាស់ថា ភិក្ខុនីសង្ឃត្រូវបានរក្សាឲ្យនៅចំណុះភិក្ខុសង្ឃ ។ ជាងនេះទៀត គេកត់សម្គាល់ឃើញថា ការបួសថ្នាក់ខ្ពស់ (ឧបសម្បទា) របស់ភិក្ខុនី ត្រូវឡើងពេញលេញបានតែកាលណាភិក្ខុនីនោះបានទទួលការបញ្ជាក់អះអាងអំពីភិក្ខុសង្ឃប៉ុណ្ណោះ ។ ប៉ុន្តែថា វាហាក់ដូចជាមិនឃើញមានការផ្សេងគ្នាណាមួយ រវាងភិក្ខុនី និងភិក្ខុ ក្នុងសមត្ថភាពដើម្បីសំរេចបានខាងគុណធម៌បញ្ញាស្មារតីនោះទេ ។ ថេរីគាថានិងអបទានមានឧទានកថានិយាយអំពីថេរីជាច្រើន ដែលបានក្លាយជាព្រះអរហន្តនៅក្នុងសម័យកាលព្រះពុទ្ធ ។ ថេរីទាំងឡាយនោះ រួមមានស្ត្រីទាំងឡាយមកពីគ្រប់ថ្នាក់នៃសង្គម, ពីរាជត្រកូល, ពីត្រកូលអភិជន, ពីត្រកូលពាណិជ្ជករ, ពីត្រកូលព្រាហ្មណ៍ និងពីវណ្ណៈទាំងឡាយដទៃទៀត ហើយរហូតដល់ពួកស្ត្រីខិលខួចមួយចំនួនផង ។
ប្រវត្តិនៃភិក្ខុនីសង្ឃនៅក្នុងប្រទេសទាំងឡាយផ្សេងៗ និងមាននិកាយនៅក្នុងអត្ថបទដោយឡែក ។ ប៉ុន្តែការកត់សម្គាល់ខ្លះៗ ត្រូវបានលើកយកមកនិយាយក្នុងទីនេះ ដោយកាត់ខ្លីជាសេចក្ដីសង្ខេបដូចតទៅ ។
នៅប្រទេសស្រីលង្កា ភិក្ខុនីសង្ឃត្រូវបានបង្កើតឡើង ដូចដែលបានកត់ត្រាទុកនៅក្នុងកាលប្បវត្តិទាំងឡាយ ដូចជានៅក្នុងគម្ពីរទីបវង្ស និងមហាវង្ស ក្នុងរជ្ជកាលព្រះបាទទេវានម្បិយតិស្សៈ (២៥០-២១០) មុនគ្រិស្ដសករាជ) ។ គឺនៅក្នុងរជ្ជកាលព្រះរាជានេះហើយ ដែលពុទ្ធសាសនាត្រូវបាននាំចូលទៅស្រីលង្កា ដោយព្រះមហិន្ទត្ថេរ ។ ពុទ្ធសាសនាបានចាប់ផ្ដើមដោយការបំបួស (បព្វជ្ជា) ព្រះរាជនីអនុលា និងស្ត្រីទាំងឡាយដទៃទៀតចំនួនមួយពាន់នាក់ ។ ព្រះនាងអនុលា និងស្ត្រីជាបរិវាររបស់ព្រះនាងបានទទួលសីលដប់ ក្រោមការណែនាំរបស់ព្រះមហិន្ទត្ថេរ ។ ស្ត្រីទាំងឡាយនោះស្លៀកដណ្ដប់សំពត់លឿង, ស្នាក់អាស្រ័យនៅក្នុងកុដិ ឬអាស្រមដែលព្រះរាជាសង់ឡើងសម្រាប់ស្ត្រីទាំងនោះ រង់ចាំការនិមន្តមកដល់នៃព្រះសង្ឃ មិត្តាថេរី ដែលត្រូវជាប្អូនស្រីរបស់ព្រះមហិន្ទត្ថេរ ដើម្បីបានទទួលឧបសម្បទា ក្លាយទៅជាភិក្ខុនី ។ អាស្រមមួយទៀត ដែលត្រូវបានគេស្គាល់ថា "ហត្ថឡ្ហកវិហារៈ" ក៏ត្រូវបានព្រះរាជាទេវានម្បិយតិស្សៈកសាងឡើងដែរ សម្រាប់ការប្រើប្រាស់របស់ព្រះវេរីសង្ឃមិត្តា ។ ការសង់អាស្រមដ៏ច្រើនទៀតនៅប្រទេសស្រីលង្កា ក្នុងកាលជាខាងក្រោយមក, ឧទាហរណ៍ក្នុងរាជ្យព្រះបាទមោគ្គល្លាន I (គ.ស. ៤៩១-៥០៨) ព្រះបាទអគ្គពោធិ IV (គ.ស. ៦៦៧-៦៨៣) និងព្រះបាទកស្សបៈ IV (គ.ស. ៨៩៨-៩១៤) ត្រូវបានគេកត់ត្រាទុកនៅក្នុងគម្ពីរមហាវង្ស ។ គម្ពីរទីបវង្ស បានផ្ដល់បញ្ជីឈ្មោះភិក្ខុនីទាំងឡាយដែលបានមកពីប្រទេសឥណ្ឌា ទៅកាន់ប្រទេសស្រីលង្កា និងឈ្មោះភិក្ខុនីដទៃទៀតក្នុងប្រទេសស្រីលង្កា ដែលបានបង្រៀនវិន័យ ។ គម្ពីរមហាវង្ស ក៏បាននិយាយផងដែរថា ភិក្ខុនីមួយរយពាន់បានចូលរួមក្នុងពិធីបុណ្យឆ្លងមរីចវដ្ដិវិហារ ។ ទោះជាយ៉ាងនេះក្ដី ចំនួនភិក្ខុនីនៅក្នុងប្រទេសស្រីលង្កា នៅតែមានតិចជាងចំនួនភិក្ខុ ហើយតួនាទីរបស់ភិក្ខុនីនៅក្នុងសង្គម ក៏មានសារសំខាន់តិចតួចដែរ ។ យោងតាមសំណង់នៃអាស្រមទាំងឡាយ ដែលព្រះរាជាទាំងឡាយបានកសាងឡើង, បង្ហាញថា ស្ថាប័នភិក្ខុនីនៅក្នុងប្រទេសស្រីលង្កា បានបន្តមកអស់ពេលមួយយ៉ាងវែងបង្គួរ ។ ចាប់តាំងពីពេលនោះមក គណៈភិក្ខុនីបានក្លាយទៅជារលត់សាបសូន្យ, ទោះបីជាគ្មានកាលបរិច្ឆេទជាក់លាក់ណាមួយបញ្ជាក់ថា ចាប់ត្រឹមពីពេលណាមកទើបហេតុការណ៍នេះបានកើតឡើងក៏ដោយ ។ គណៈសង្ឃភិក្ខុនី មិនត្រូវបានគេកសាងឡើងវិញទេ, សូម្បីនៅពេលដែលឧបសម្បទារបស់ភិក្ខុទាំងឡាយ ត្រូវបានគេកសាងឡើងវិញនៅក្នុងកាលជាខាងក្រោយមកក៏ដោយ ។ សព្វថ្ងៃនៅមានស្ត្រីមួយចំនួនប្រព្រឹត្តកាន់ផ្នួសជាអ្នកសាកល្បងដែលទទួលកាន់សីលដប់ ។ តាមពិតសីលដប់នេះគឺ សម្រាប់អ្នកសាកល្បងភេទប្រុសទេ (Male probationers) ដែលគេហៅថា សាមណេរ, មានតែសិក្ខាបទប្រាំមួយខាងដើមប៉ុណ្ណោះទេ ទើបសម្រាប់ស្ត្រីអ្នកសាកល្បង (Female probationers) ដែលមានឈ្មោះថា សិក្ខាមានា ហើយស្ត្រីអ្នកសាកល្បងទាំងឡាយនោះ ស្នាក់នៅក្នុងអាស្រម ឬកុដិ ។ ស្ត្រីអ្នកសាកល្បង ឬសិក្ខមានា ពាក់អាចពណ៌សដៃវែង ហើយស្លៀកសំពត់លឿងព្រលាតចាស់ ។ ថ្មីៗនេះ មានការប៉ុនប៉ងធ្វើឲ្យភិក្ខុនីសង្ឃរស់ឡើងវិញ ប៉ុន្តែពុំទទួលបានជោគជ័យទេ ។
គេពិបាកនឹងនិយាយណាស់ថា ពេលណា គណៈភិក្ខុនីត្រូវបានស្ថាបនាឡើងវិញនៅក្នុងប្រទេសកាន់ពុទ្ធសាសនាដទៃទៀត ។ លោក ស្គេន ហារឌី (Spence Hardy) បានកត់សំគាល់នៅក្នុងសៀវភៅរបស់លោកឈ្មោះ Eastern Monachism, parteridge &Oakey, 1850,pp 161 ថាភិក្ខុនី1 នៅក្នុងប្រទេសភូមា ដែលគេហៅថា ថិសេន (Thilashen) មានចំនួនតិចតួចពេកណាស់ បើប្រៀបនឹងចំនួនភិក្ខុ ។ ភាគច្រើននៃភិក្ខុនី គឺជាស្ត្រីចាស់ៗ ។ គេកោរក្បាល ហើយស្លៀកពាក់សំពត់-អាវពណ៌ស ។ គេរស់នៅក្នុងលំនៅសមរម្យជិតវត្ត ហើយតាំងចិត្តរស់នៅក្នុងព្រហ្មចរិយភាព ដរាបណាគេឋិតនៅក្នុងគណៈសង្ឃ (ឬគណៈដូនជី ) ភិក្ខុនី (ឬដូនជី) នៅក្នុងប្រទេសថៃ កាន់តែតិចតួចជាងនៅក្នុងប្រទេសភូមាទៅទៀត ។ នៅអារ៉ាបកាន (Arakan) ភិក្ខុនី (ឬដូនជី) មានដូចជាភិក្ខុទាំងឡាយដែរ ។ គេរស់នៅក្នុងអាស្រម ឬមួយក្នុងខ្ទមមួយៗ ដោយឡែក, ដឹកនាំជីវិតជាអ្នកកាន់សាសនា ។ សម្លៀកបំពាក់របស់គេ ប្រហាក់ប្រហែលនឹងស្បង់ចីពររបស់ភិក្ខុសង្ឃដែរ ។ នៅក្នុងប្រទេសចិន, គេឃើញភិក្ខុនី រហូតមកដល់ពេលថ្មីៗនេះ មានចំនួនច្រើនបង្គួរ ។ គេទាំងនោះ កោរក្បាល, ស្លៀកពាក់សំពត់ដូចជាភិក្ខុដែរ ។
គេពុំមានមូលហេតុច្បាស់លាស់ណាមួយ ដើម្បីបញ្ជាក់ពីការរលាយរលត់នៃគណៈភិក្ខុនីដែលបានទទួលផ្នួសជាន់ខ្ពស់ (ឧបសម្បទា) នោះទេ ។ លោក ហ៊ន័រ (B.I. Horner) យល់ថា ទោះបីជានៅពេលបដិសន្និ នៃគណៈភិក្ខុនី, ស្ត្រីទាំងឡាយចេញពីត្រកូលអភិជនបានបោះបង់ជីវភាពជាគ្រហស្ថ (មេផ្ទះ ) ចូលទៅបួសក្នុងគណៈភិក្ខុនីសង្ឃក៏ដោយ , ក៏ក្រោយមកគណៈសង្ឃនេះ បានបាត់បង់បន្តិចម្ដងៗ នូវចរិតដើមរបស់ខ្លួន ហើយបានក្លាយទៅជាជំរកសម្រាប់ស្ត្រីក្រីក្រ ស្ត្រីអភ័ព្វ ស្ត្រីគ្មានគូស្រករ, និងស្ត្រីមេម៉ាយខ្វះទីពឹង ។ ការសង្កេតរបស់លោក ស្គេន ហារឌី អំពីស្ថានភាពនៃគណៈភិក្ខុនី ឬគណៈដូនជី នៅក្នុងប្រទេសកាន់ពុទ្ធសាសនានានា អាចផ្ដល់នូវសញ្ញាប្រាប់ផ្លូវគួរទទួលយកបាន, ជាអាទិ៍គឺគណៈភិក្ខុនី ក្នុងកាលជាខាងក្រោយមកបានបាត់បង់នូវការគាំទ្រអំពីត្រកូលអភិជន ហើយធ្លាក់ក្នុងស្ថានភាពត្រូវគេបំភ្លេចចោល ។
នៅក្នុងប្រទេសកម្ពុជា ពុទ្ធសាសនាបានរីករាលដាលចូលមកសណ្ឋិតនៅជាងពីរពាន់ឆ្នាំកន្លងទៅហើយ ដោយមាននិយាយ (មហាយាន, ហីនយាន ឬថេរវាទ) និងការរីកចម្រើនខុសៗគ្នា ទៅតាមកាលៈទេសៈ ។ នៅក្នុងប្រវត្តិដ៏វែងនេះ យើងពុំដែលបានឃើញ បានឮនៅក្នុងប្រវត្តិពុទ្ធសាសនាថា មានអ្នកបួសភេទស្រ្តីជាភិក្ខុនីឬក៏ជាសាមណេរី ពិតប្រាកដនោះទេ ។ ប្រសិនបើអាចមានវិញនោះ គឺអ្នកបួសភេទស្រី ដែលគេហៅថា ដូនជី ហើយមានចំនួនតិចតួចពេកណាស់ បើប្រៀបផ្ទឹមទៅនឹងអ្នកបួសភេទប្រុសជាសាមណេរ ឬជាភិក្ខុនៅក្នុងគ្រប់កាលៈទេសៈ ។ លោកហ្រ្វង់ស្វា ម៉ារទីនី នៅក្នុងអត្ថបទរបស់លោកស្ត្រីអំពីលោកសង្ឃខ្មែរ ចុះផ្សាយក្នុង France Asie លេខពិសេស ៣៧-៣៨ ក្នុងឆ្នាំ១៩៤៩ បានសរសេរថា គេអាចមើលឃើញផងដែរ, ជាពិសេស នៅក្នុងបណ្ដាវត្តអារាមតាមខេត្តនូវមនុស្សប្រុសស្រ្តី ដែលច្រើនតែជាចាស់ៗ ស្លៀកពាក់ស ។ នោះគឺជាអ្នកកាន់សីលភេទជាគ្រហស្ថ ដែលមានប្រាថ្នាកាន់សិក្ខាបទពុទ្ធសាសនាយ៉ាងតឹងរ៉ឹង ដោយមិនចាំបាច់បួស" ។
ប៉ុន្តែគេអាចប្រដូចស្ត្រី ដែលគេហៅថាដូនជី ទៅនឹងអ្នកបួសភេទស្រីបាន ។ ដូនជីគឺជាអ្នកជឿស៊ប់ក្នុងសាសនា ដែលស្លៀកពាក់ស រស់នៅកាន់សីលនិងប្រព្រឹត្តតបកម្មតឹងរ៉ឹង ដូចជាការរស់នៅរបស់លោកសង្ឃដែរ ។ ដូនជី តែងនៅវត្ដជាប់លាប់ ជួយបំពេញការងារតួចតាចសម្រាប់ព្រះសង្ឃដូចជាតុបតែងអាសនៈព្រះពុទ្ធរូប ដេរប៉ះជាដើម ។ ប៉ុន្តែថា ដូនជីស្នាក់អាស្រ័យនៅក្រៅវត្តទេ ។
ស្ថានភាពភិក្ខុសង្ឃពុទ្ធសាសនិក និងដូនជី ដែលធ្លាប់កើតមានជាច្រើនតំណមនុស្សមកហើយនៅប្រទេសកម្ពុជា ត្រូវលត់រលាយបាត់រូបបាត់ឈ្មោះពីក្នុងអំឡុងឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ។ ចាប់ពីពេលនោះមក ស្ថាប័នពុទ្ធសាសនា ត្រូវបានរៀបចំ កសាងបន្តិចម្ដងៗ ជាបណ្ដើរៗឡើងវិញ ហើយដូនជី (តាជីផងដែរ ) ក៏កើតមានឡើងវិញយ៉ាងច្រើន បើប្រៀបធៀបចំនួនដូនជី និងតាជី កើតចេញពីររបបដ៏មហាអសោចន៍ ដ៏មហាឧក្រិដ្ឋ នៃបនប្រល័យពូជសាសន៍ខ្មែរក្រហម ក្នុងអំឡុងឆ្នាំ ១៩៧៥-១៩៧៩ ដែលបានសាបព្រោះមហាវិនាសកម្មដ៏ឈឺចាប់ ខ្លោចផ្សារ មកលើគ្រួសារប្រជាពលរដ្ឋកម្ពុជាទាំងអស់ ។ ម្ល៉ោះហើយ ភាពអស់សង្ឃឹមភាពឈឺចាប់ខ្លោចផ្សារក្នុងចិត្ត ភាពអស់ជំនឿលើជីវិតរបស់ខ្លួន ភាពធុញទ្រាន់នឹងការរស់នៅ ភាពខ្វះទីពឹងពំនាក់ ទាំងផ្លូវកាយផ្លូវចិត្ត ទុគ្គតភាពជាទូទៅគ្របដណ្ដប់មកលើសង្គម ។ល។ បានរុញប្រជាពលរដ្ឋយើងមួយចំនួន ជាពិសេស ស្ត្រីភេទហើយច្រើនជាស្ត្រីវ័យចាស់ឲ្យទៅស្វែងរកសេចក្ដីសុខ ឬសេចក្ដីស្ងប់ ឬក៏ស្វែងរកការទ្រទ្រង់ជីវិតតាមរយៈពុទ្ធសាសនា ពោលគឺការបួសជាដូនជី (ឬជាតាជី) ដែលយកទីវត្តអារាមធ្វើជាកន្លែងស្នាក់អាស្រ័យនៅដោយសង់ជាខ្ទម-ផ្ទះ ឬយកកុដិ សាលាឆាន់របស់វត្ត រហូតដល់ព្រះវិហារធ្វើជាលំនៅដ្ឋានរបស់ខ្លួន ។
ចាប់តាំងពីឆ្នាំ ១៩៧៩ រៀងមក ដូនជី (ឬតាជី) បានក្លាយទៅជាសមាសភាពសង្គមមួយ ដែលគេនិយមហៅថា ស្រទាប់មហាជន ។ នៅវាល់ពិធីផ្លូវការ ឬពិធីសាសនាធំៗ គេតែងឃើញដូនជី (តាជី) ស្លៀកសពាក់ស ត្រូវបានគេដឹកជញ្ជូនតាមរថយន្តអំពីវត្តអារាមនានាយកទៅឲ្យចូលរួមក្នុងពិធី ដើម្បីផ្ដល់កិត្តិយសដល់គណៈអធិបតីក្នុងពិធី ។ ជាញឹកញយ, ក្រោយពិធីបានប្រព្រឹត្តទៅចប់, ដូនជី (ហើយក៏មានតាជីផងដែរ) តែងបានទទួលរង្វាន់ខាន់ខៅពុំសូវដែលខាន ក្នុងនាមជាសីលវន្តបុគ្គល ឬក្នុងនាមជាអ្នកខ្វះខាត ។ វិធានការណ៍នេះ ហាក់ដូចជាបានលើកទឹកចិត្តឲ្យដូនជី (និងតាជីផង) កាន់តែមានកំណើនឡើង រស់នៅក្នុងវត្តអារាម ។
ដោយសារមានកំណើននៃចំនួនដូនជី ក៏គួរឲ្យចាប់អារម្មណ៍នេះហើយទើបមានអង្គការក្រៅរដ្ឋាភិបាលខ្លះ អង្គការមនុស្សធម៌អន្តរជាតិខ្លះ បានយកចិត្តគិតគួរការពារសិទ្ធិស្ត្រី (ដើម្បីស្មើភាពនឹងបុរស ? ) និងដើម្បីទាញយកលទ្ធភាពរួមចំណែករបស់ស្ត្រីវ័យចាស់ ក្នុងការអភិវឌ្ឍន៍សង្គមជាតិខ្មែរ ។ ជាការពិតគេពុំគប្បីមើលស្រាលសមាសភាពនេះ នៃសង្គមខ្មែរយើងទេ ។ ក្រុមដូនជី គឺជាស្ថាប័នសង្គមដែលប្រវត្តិសាស្ត្របានបង្កើតឡើង, ដោយហេតុនេះ គេគួរតែសិក្សាឲ្យបានម៉ត់ចត់អំពីថតភាពនៃការកើតឡើងនៃក្រុមដូនជី ហើយរៀបចំលក្ខន្តិកៈមួយដ៏សមស្របដើម្បីជួយក្រុមដូនជី ឲ្យអាចរស់រានក្នុងកិត្តិយស ក្នុងសិទ្ធិ ក្នុងសេរីភាព, និងក្នុងជំនឿរបស់ខ្លួន ហើយបើកច្រក ឬក្រាលផ្លូវឲ្យក្រុមដូនជីអាចយកសមត្ថភាពនិងលទ្ធភាពចុងក្រោយនៃវ័យចាស់របស់ខ្លួនរួមចំណែកក្នុងជួរអភិវឌ្ឍន៍សង្គម ក្នុងវិស័យណាមួយដែលសមស្រប ។
កាលពីដើមខែឧសភា ១៩៩៥ កន្លងទៅនេះ សិក្ខាសាលាមួយស្ដីពី ដូនជីនិងឧបាសិកាខ្មែរ ដែលផ្ដើមគំនិត និងឧបត្ថម្ភដោយមូលនិធី ហិនរិចបូលប្រទេសអាល្លឺម៉ង់ បានប្រព្រឹត្តទៅចំនួនបីថ្ងៃ នៅក្នុងវិជ្ជាស្ថានវិបស្សនា គ្រប់គ្រងដោយលោកព្រឹទ្វាចារ្យឆេង ផុន នៅព្រែកហូរ ខេត្តកណ្ដាល ។ នៅក្នុងសិក្ខាសាលានោះ មានវាក្មិនជាតិ និងអន្តរជាតិជាច្រើនបានលើកយកបញ្ហានានា ដែលទាក់ទងនឹងដូនជីមកពិភាក្សារហូតឈានដល់ធ្វើសេចក្ដីសំរេចបង្កើតឲ្យមានគណៈដូនជីឬភិក្ខុនីសង្ឃនៅកម្ពុជា ។ លទ្ធផលនៃការអនុវត្តសេចក្ដីសំរេចនោះយ៉ាងណានៅមិនទាន់ក្ដាប់បាននៅឡើយ ។ មតិមួយចំនួនក្រៅវេទិកានៃសិក្ខាសាលា បានសម្ដែងការព្រួយបារម្ភចំពោះសេចក្ដីសំរេចនោះ ដែលអាចនឹងបណ្ដាលឲ្យមានបញ្ហាថ្មីៗកើតបន្ថែមមកលើបញ្ហាចាស់ដ៏ច្រើន ដែលមិន ទាន់នឹងដោះស្រាយបានផងនៅឡើយ ។ បញ្ហាទាំងនោះ មានជាអាទិ៍ ភាពក្រីក្រនៃសង្គមកម្ពុជាមិនទានស្ដាររួច កំណើនមនុស្សឥតការងារធ្វើ ទន្ទឹមនឹងកំណើតមនុស្សត្រូវចិញ្ចឹម ចំណាយធនធានសង្គម យ៉ាងច្រើនលើផ្នែកមិនផលិត ទន្ទឹមនឹងគ្រោះធម្មជាតិ បង្កអន្តរាយដល់ផលិតផលសង្គមជាញឹកញយ..។
ក្រៅពីនេះ ភាពច្របូកច្របល់ និងភាពសៅហ្មងក៏អាចបណ្ដាលមកពីការរស់នៅរបស់ភិក្ខុ សមណេរ ដូនជី និងតាជី ក្នុងបរិវេណវត្តតែមួយ ដែលកាន់តែបាត់បង់ផ្ទៃដីនៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ជម្លោះដណ្ដើមកាន់កាប់កុដិ ឬលំនៅឋាន រវាងវត្តនិងដូនជី តាជី តែងកើតមានជាញឹកញយ ជាពិសេសនៅទីក្រុងភ្នំពេញ ។ នេះមិនទាន់និយាយដល់ការដណ្ដើមយកដីគរុភ័ណ្ឌវត្ត ធ្វើជាទីតាំងសាងសង់លំនៅឋានផ្ទាល់ខ្លួនជាអចិន្ត្រៃយ៍ផងនោះទេ ។
ឯកសារយោង
[កែប្រែ]រៀបរៀងដោយ ឈន អៀម