Jump to content

ព្រះរាជាណាចក្របារាំង

ពីវិគីភីឌា
ព្រះរាជាណាចក្របារាំង

Reaume de France (បារាំងបុរាណ)
Royaulme de France (បារាំងមជ្ឈិម)
Royaume de France (បារាំង)
Regnum Franciæ (ឡាតាំង)
៨៤៣–១៧៩២
១៨១៤–១៨១៥
១៨១៥–១៨៤៨
Flag of បារាំង
ទង់ជាតិ
លើ៖ ព្រះរាជទង់ (១៦៤៣–១៧៩០)
ទង់ក្រោមរាជវង្សបួរបុង (១៥៨៩–១៧៩២, ១៨១៥–១៨៤៨)
{{{coat_alt}}}
វរលញ្ឆករ
(១៥៨៩–១៧៩២)
បាវចនា
"Montjoie Saint Denis!" (បារាំង)
"ភ្នំរីកសាំងដេនីស"
ភ្លេងជាតិ
  • Marche Henri IV
    ("ព្រះរាជព្យុហយាត្រាព្រះអង់រីទី៤")
    (១៥៩០–១៧៩២, ១៨១៤–១៨៤០)

  • La Parisienne
    ("ឡាប៉ារីស៊ាន")
    (១៨៣០–១៨៤៨)

ព្រះរាជភ្លេង
Domine salvum fac regem (ក្រៅផ្លូវការ)
("ព្រះជាម្ចាស់សូមជួយព្រះមហាក្សត្រ")
(១៥១៥)
លើ៖ ទឹកដីនៃព្រះរាជាណាចក្របារាំងនៅក្នុងឆ្នាំ១០០០ ក្រោម៖ ទឹកដីនៃព្រះរាជាណាចក្របារាំងនៅក្នុងឆ្នាំ១៧៨៩
លើ៖ ទឹកដីនៃព្រះរាជាណាចក្របារាំងនៅក្នុងឆ្នាំ១០០០
ក្រោម៖ ទឹកដីនៃព្រះរាជាណាចក្របារាំងនៅក្នុងឆ្នាំ១៧៨៩
ទីតាំងនៃ បារាំង
រាជធានី
  • ប៉ារីស (៨៤៣–១៧៩២, ១៨១៤–១៨៤៨)
  • វែសៃ (ក្រៅផ្លូវការ ១៦៨២–១៧៨៩)
ទីក្រុងធំបំផុតប៉ារីស
ភាសាផ្លូវការឡាតាំង (ដល់ឆ្នាំ១៥៣៩) • បារាំង (ពីសតវត្សរ៍ទី១២)
ភាសាតំបន់កាតាឡង់ ឆាមប៉េន័រ ន័រម៉ង់ បារាំង-ប្រូវ៉ង់សាល បាស បួរហ្គីញ៉ង់-ម៉ូរវ៉ង់ឌីអូ ប្រឺថុង ព័រទឺវ៉ង់ ពិការដ៍ ហ្គាឡូ អង់ជឺវ៉ាំង អាល់សាស្យង់ អុកស៊ីតង់
សាសនា
រ៉ូម៉ាំងកាតូលិក
រដ្ឋាភិបាល
ព្រះមហាក្សត្រ 
▪ ៨៤៣–៨៨៧ (ដំបូង)
ឆាលស៍ឡឺឆូហ្វ
▪ ១៨៣០–១៨៤៨ (ក្រោយ)
ល្វីហ្វីលីពទី១
នាយករដ្ឋមន្ត្រី 
▪ ១៨១៥
ឆាលស៍ម៉ូរីស ដឺតេលេរ៉ង់
▪ ១៨៤៧–១៨៤៨
ហ្វ្រង់ស្វ័រ ហ្គីហ្សូត៍
នីតិបញ្ញត្តិ
សម័យកាលប្រវត្តិសាស្រ្តមជ្ឈិមសម័យ/ដើមសម័យទំនើប
ប្រ. ១០ សីហា ៨៤៣
៣ កក្កដា ៩៨៧
១៣៣៧–១៤៥៣
១៥៦២–១៥៩៨
៥​ ឧសភា ១៧៨៩
២១ កញ្ញា ១៧៩២
៦ មេសា ១៨១៤
២​ សីហា ១៨៣០
២៤​ កុម្ភៈ ១៨៤៨
រូបិយវត្ថុលីវើ លីវើប៉ារីស៊ី លីវើធួរន័រ ដឺញីអេ សូល/ស៊ូ ហ្វ្រង់ អ៊ិឃូ ល្វីដ័រ
ទីតាំងនៃបារាំង
Preceded by
Succeeded by
ហ្វ្រង់ស៊ីខាងលិច
១៧៩២៖
សាធារណរដ្ឋបារាំងទីមួយ
១៨១៥៖
ចក្រភពបារាំងទីមួយ (មួយរយថ្ងៃ)
១៨៤៨៖
សាធារណរដ្ឋបារាំងទីពីរ

ព្រះរាជាណាចក្របារាំង គឺជាឈ្មោះប្រវត្តិសាស្ត្រសម្ដៅលើអង្គភាពនយោបាយផ្សេងៗនៃប្រទេសបារាំងក្នុងយុគមជ្ឈិមសម័យ និងដើមសម័យទំនើប។ ព្រះរាជាណាចក្របារាំងធ្លាប់ជារដ្ឋដ៏មានអំណាចឥទ្ធិពលបំផុតមួយនៅទ្វីបអឺរ៉ុបចាប់ពីយុគមជ្ឈិមសម័យកណ្ដាលរហូតដល់ឆ្នាំ១៨៤៨ ពោលនៅពេលរបបរាជាធិបតេយ្យបារាំងត្រូវបានរំលាយជាស្ថាពរ។ នគរនេះក៏ជាមហាអំណាចអាណានិគមដំបូងមួយផងដែរ ដែលមានទឹកដីអាណានិគមនៅទ្វីបអាស៊ី និងអាហ្រ្វិក ហើយធំបំផុតនោះគឺទឹកដីបារាំងថ្មីនៅទ្វីបអាមេរិកខាងជើង ដែលមានទីតាំងនៅជុំវិញមហាបឹង

ព្រះរាជាណាចក្របារាំងបានកើតចេញផ្ទាល់ពីអាណាចក្រហ្វ្រង់ស៊ីខាងលិចក្រោមរាជវង្សការ៉ូលីងដោយមានព្រះបាទឆាលស៍ឡឺឆូហ្វជាព្រះរាជាក្រោយចុះលើសន្ធិសញ្ញាទីក្រុងវែដាំងក្នុងឆ្នាំ៨៤៣។ រាជវង្សការ៉ូលីងបានបន្ដដឹកនាំបារាំងរហូតដល់ឆ្នាំ៩៨៧ នៅពេលដែលព្រះអង្គម្ចាស់អ៊ូហ្កេ កាប៉េត៍ត្រូវបានជ្រើសរើសតែងតាំងជាព្រះមហាក្សត្រ រួចទ្រង់បានបង្កើតរាជវង្សកាប៉េត៍ឡើងបន្តពីវង្សការ៉ូលីង។ នៅក្នុងកំឡុងសម័យនេះដែរ​ ព្រះរាជាបារាំងត្រូវបានគេស្គាល់ថា Rex Francorum ('ស្ដេចនៃហ្វ្រង់') ហើយបន្តរហូតដល់យុគមជ្ឈិមសម័យកណ្ដាល។ ស្ដេចដំបូងដែលសម្ដៅលើខ្លួនថា rex Francie (ស្ដេចបារាំង) គឺព្រះបាទហ្វីលីបទី២ នៅក្នុងឆ្នាំ១១៩០ ហើយក៏បានក្លាយជាគោរមងារផ្លូវការសម្រាប់់ព្រះរាជាបារាំងចាប់ពីឆ្នាំ១២០៤ តទៅ។ តាំងពីពេលនោះមក ប្រទេសបារាំងត្រូវបានស្ថិតនៅក្រោមអំណាចជាបន្តបន្ទាប់របស់រាជវង្សកាប៉េត៍ និងខ្សែស្រឡាយកាប៉េត៍ដូចជា វ៉ាឡូអា និងបួរបុងជាដើម រហូតដល់របបរាជាធិបតេយ្យបារាំងត្រូវរំលាយក្នុងឆ្នាំ១៧៩២ កំឡុងបដិវត្តន៍បារាំង។​ ព្រះរាជាណាចក្របារាំងធ្លាប់បានចងឯកត្តសហភាពជាមួយនគរណាវ៉ារ៉ាចំនួនពីរលើកគឺលើកទីមួយចាប់ពីឆ្នាំ១២៨៤ ដល់ឆ្នាំ១៣២៨ និងលើកចុងក្រោយពីឆ្នាំ១៥៧២ រហូតដល់ឆ្នាំ១៦២០ ពោលជាពេលដែលនគរណាវ៉ារ៉ាត្រូវបានរំលាយ និងត្រូវបារាំងកាត់បញ្ចូលជាទឹកដីផ្លូវការរបស់ខ្លួន (ទោះជាយ៉ាងណាក្ដី ព្រះមហាក្សត្របារាំងនៅបន្តរក្សាគោរមងារជាព្រះរាជាណាវ៉ារ៉ារហូតដល់រំលាយរបបរាជានិយម)។

ប្រទេសបារាំងក្នុងយុគមជ្ឈិមសម័យគឺបានប្រកាន់របបរាជាធិបតេយ្យនិយមសក្តិភូមិដែលមានលក្ខណៈវិមជ្ឈការ។ ដោយសារតែអំណាចវិមជ្ឈការនេះ ឥទ្ធិពលអំណាចរបស់ព្រះរាជាបារាំងនៅប្រឺតាញី និងកាតាលូញ៉ា (ក្រោយមកបានក្លាយជាទឹកដីអេស្ប៉ាញ) ក៏ដូចជាអគីថេនគឺស្ទើរតែគ្មានទៅហើយ។ ចំពោះទឹកដីឡូរ៉េន ប្រូវ៉ង់ស៍ និងបួរហ្កូញីវិញកាលនុះគឺនៅជារដ្ឋនៃចក្រភពរ៉ូម៉ាំងពិសិដ្ឋនៅឡើយ ហើយមិនទាន់ក្លាយជាផ្នែកនៃប្រទេសបារាំងទេ។ ស្តេចហ្វ្រង់ស៊ីខាងលិចដំបូងឡើយត្រូវបានតែងតាំងដោយមហទ្ធជនខាងសាសនាផង និងមហទ្ធជនក្រៅសាសនាផង ប៉ុន្តែព្រះរាជាក្រោយៗបានប្រើអំណាចតែងតាំងព្រះរាជបុត្រាច្បងរបស់ពួកទ្រង់ធ្វើជារជ្ជទាយាទ ហើយយូរៗទៅក៏បង្កើតបានជាទម្លាប់រហូតទាន់តែត្រូវបានគេកំណត់ជាច្បាប់នៅក្នុងក្រមច្បាប់សាលីគ។ ក្នុងកំឡុងយុគចុងមជ្ឈិមសម័យ ការប្រជែងគ្នារវាងរាជវង្សកាប៉េត៍ដែលជារាជវង្សកាន់កាប់ព្រះរាជាណាចក្របារាំង និងសាមន្តរាជរបស់ពួកគេ ពោលគឺរាជវង្សប្លុងតាជឺណេត៍ ដែលត្រូវជារាជវង្សានុវង្សនៃប្រទេសអង់គ្លេសនាសម័យនោះ បាននាំឱ្យរដ្ឋអំណាចទាំងពីរផ្ទុះអាវុធប្រឆាំងគ្នាជាច្រើនលើកច្រើនសារ។ ក្នុងនោះ ជម្លោះប្រដាប់អាវុធដ៏ល្បី​បំផុត​​គឺ​ ​សង្គ្រាម​រយ​ឆ្នាំ (១៣៣៧–១៤៥៣) ដែល​បានផ្ទុះឡើងក្រោយពីស្តេច​អង់គ្លេស​បាន​ទាមទារ​យករាជ​បល្ល័ង្ក​បារាំង។ ក្រោយទទួលបានជ័យជំនះក្នុងជម្លោះជាមួយអង់គ្លេសនោះ បារាំងបានបន្តចង់ពង្រីកឥទ្ធិពលអំណាចរបស់ខ្លួន ដោយលើកនេះបានសម្លឹងទៅកាន់អ៊ីតាលី ហើយមិនយូរក៏បានប្រកាសសង្គ្រាមទៅលើបណ្ដារដ្ឋអ៊ីតាលីមួយចំនួន។ ប៉ុន្តែក្រោយច្បាំងចាញ់អេស្ប៉ាញ និងចក្រភពរ៉ូម៉ាំងពិសិដ្ឋ បារាំងត្រូវបង្ខំបោះបង់ទឹកដីអ៊ីតាលីភាគច្រើនដែលខ្លួនវាយដណ្ដើមបានកាលពីដើមសង្គ្រាមវិញ។

អំណាចមជ្ឈការនៅប្រទេស​បារាំង​បានចាប់ផ្ដើមរីកដុះដាលនៅដើម​សម័យ​ទំនើប​ ដោយភាសាបារាំងបានក្លាយជាភាសាផ្លូវការជំនួសឱ្យភាសាតំបន់បន្តិចម្តងៗ ហើយព្រះមហាក្សត្របានក្ដោបអំណាចផ្តាច់ការក្នុងប្រព័ន្ធរដ្ឋបាល ដែលបច្ចុប្បន្នគេស្គាល់ថា របបចាស់ (Ancien régime)។ ប្រព័ន្ធរដ្ឋបាលថ្មីបានធ្វើឱ្យសង្គមបារាំងកាន់តែមានភាពស្មុគស្មាញជាងមុនដោយពន្ធដារ ច្បាប់ តុលាការ សាសនា និងសិទ្ធិបុគ្គលគឺសុទ្ធតែមានភាពខុសគ្នាអាស្រ័យទៅតាមតំបន់នីមួយៗ។ ចំពោះសាសនាវិញ ប្រទេសបារាំងត្រូវបានបែកជាពីរដោយម្ខាងជាក្រុមនិយមកាតូលិក និងម្ខាងទៀតជាក្រុមប្រូតេស្តង់ភាគតិចគឺអ៊ូហ្គូណូត៍ និងជាលទ្ធផលបានបង្កឱ្យផ្ទុះសង្គ្រាមមួយទៀតឡើងដែលគេនិយមហៅថា សង្គ្រាមសាសនា (១៥៦២–១៥៩៨)។ ចូលដល់សតវត្សរ៍ទី១៧ បារាំងក៏បានចាប់ផ្ដើមពង្រីកអំណាចអាណានិគមរបស់ខ្លួនទៅក្នុងទ្វីបអាស៊ី អាហ្រ្វិក និងអាមេរិក។

ចាប់ពីសតវត្សរ៍ទី១៦ ដល់ទី១៧ ចក្រភពអាណានិគមបារាំងដំបូងបានលាតសន្ធឹងលើផ្ទៃដីសរុបប្រមាណ ១០ លានគីឡូម៉ែត្រការ៉េ (នៅក្នុងឆ្នាំ១៦៨០) ដោយកាលនុះជាមហាអំណាចចក្រភពធំជាងគេទីពីរនៅលើពិភពលោកដោយនៅពីក្រោយតែចក្រភពអេស្ប៉ាញប៉ុណ្ណោះ។ ជម្លោះអាណានិគមជាមួយចក្រភពអង់គ្លេសបាននាំឱ្យបារាំងបាត់បង់ទឹកដីអាណានិគខ្លួននៅអាមេរិកខាងជើងស្ទើរទាំងអស់គិតត្រឹមឆ្នាំ១៧៦៣។ អន្តរាគមន៍របស់បារាំងនៅក្នុងសង្គ្រាមបដិវត្តន៍អាមេរិកបានជួយឱ្យសហរដ្ឋអាមេរិកទទួលបានឯករាជ្យពីអង់គ្លេស ប៉ុន្តែសម្រាប់បារាំងវិញគឺខ្លួនត្រូវចំណាយថវិកាជាតិអស់ជាច្រើន និងជាចុងក្រោយមិនសូវជាទទួលបានផលអ្វីមកវិញសោះ។

តាមរយៈចក្រភពអាណានិគមរបស់ខ្លួនរួមជាមួយចំនួនប្រជាជនដ៏ច្រើនសន្ធឹកសន្ធាប់ និងរដ្ឋាភិបាលមជ្ឈការ ប្រទេសបារាំងបានក្លាយជាមហាអំណាចដ៏ខ្លាំងខ្លាមួយ[][] ចាប់ផ្ដើមពីរជ្ជកាលព្រះបាទល្វីទី១៤ នៅក្នុងសតវត្សរ៍ទី១៧ រហូតដល់ថ្ងៃចុងក្រោយនៃរជ្ជកាលព្រះចៅណាប៉ូលេអុងនៅក្នុងឆ្នាំ១៨១៥។[][] អំណាចបារាំងអស់នេះជាចម្បងបានមកពីការចុះខ្សោយនៃចក្រភពអេស្ប៉ាញបន្ទាប់ពីចុះលើសន្ធិសញ្ញាភីរីនីស៍ (យ៉ាងណា អេស្ប៉ាញនៅតែបន្តជាមហាអំណាចដដែររហូតដល់សង្គ្រាមណាប៉ូលេអូនិកផ្ទុះឡើង និងឯករាជ្យភាពនៃអាណានិគមអេស្ប៉ាញនៅអាមេរិក)។

បន្ទាប់ពីបដិវត្តន៍បារាំងបានចាប់ផ្តើមនៅក្នុងឆ្នាំ១៧៨៩ ព្រះរាជាណាចក្របារាំងបានអនុម័តរដ្ឋធម្មនុញ្ញដំបូងរបស់ខ្លួននៅក្នុងឆ្នាំ១៧៩១ ប៉ុន្តែទោះជាយ៉ាងណា ព្រះរាជនគរបារាំងនៅតែត្រូវបានរំលាយនៅឆ្នាំបន្ទាប់ ហើយជំនួសវិញដោយរបបសាធារណរដ្ឋបារាំង។ របបរាជាធិបតេយ្យត្រូវបានស្ដារឡើងវិញដោយរដ្ឋអំណាចបរទេសនៅក្នុងឆ្នាំ១៨១៤ (លើកលែងតែព្រឹត្តិការណ៍មួយរយថ្ងៃក្នុងឆ្នាំ១៨១៥) ហើយបានបន្តរហូតដល់ឆ្នាំ១៨៤៨ នៅពេលដែលបដិវត្តន៍មួយទៀតផ្ទុះឡើង

ប្រវត្តិសាស្ត្រ

[កែប្រែ]

ហ្វ្រង់ស៊ីខាងលិច

[កែប្រែ]

នៅចុងរជ្ជកាលព្រះបាទឆាលឡឺម៉ាំងញី ពួកវីគីងបានឡើងមកគ្រប់គ្រងដីប៉ែកខាងជើង និងខាងលិចនៃព្រះរាជាណាចក្រហ្វ្រង់។ បន្ទាប់ពីព្រះឆាលឡឺម៉ាំងញីបានសោយទិវង្គតនៅក្នុងឆ្នាំ៨១៤ ក្រុមអ្នកស្នងរាជ្យបន្តពីទ្រង់បានបរាជ័យក្នុងការរក្សាឯកភាពនយោបាយ ហើយចក្រភពរបស់ឆាលឡឺម៉ាំងញីក៏ចាប់ផ្តើមបែកបាក់ដួលរលំ។ សន្ធិសញ្ញាទីក្រុងវែដាំងក្នុងឆ្នាំ៨៤៣ បានបែងចែកចក្រភពការ៉ូលីងជាបីផ្នែក ដោយមានព្រះបាទឆាលស៍ឡឺឆូហ្វជាក្សត្រនៃនគរហ្វ្រង់ស៊ីខាងលិចដែលជាព្រះនគរដើមមុនពេលត្រូវវិវត្តទៅជារាជាណាចក្របារាំង។[] ព្រះឆាលស៍ឡឺឆូហ្វក៏បានឡើងគ្រងរាជ្យជាព្រះរាជានៃនគរឡូតារ៉ង់ជីផងដែរ បន្ទាប់ពីអតីតក្សត្រនៃនគរមួយនេះព្រះនាមឡូទែរទី២ បានសោយទិវង្គត់ទៅក្នុងឆ្នាំ៨៦៩ ប៉ុន្តែសន្ធិសញ្ញាទីក្រុងមែរសេនក្នុងឆ្នាំ៨៧០​បានបែងចែកទឹកដីនគរឡូតារ៉ង់ជីជាច្រើនផ្នែកទៅកាន់បងប្អូនរបស់ទ្រង់នៅនគរជិតខាង ខណៈនគរព្រះអង្គទទួលបានតំបន់អាងទន្លេអូនណ៍ និងមូស (ក្នុងនោះមានក្រុងសំខាន់ៗដូចជា វែដាំង វីយែន និងបឺសង់សុង) ខណៈតំបន់រ៉ាំង និងទឺកដីខាងកើតពីរ៉ាំងទាំងប៉ុន្មានត្រូវប្រគល់ទៅនគរហ្វ្រង់ស៊ីខាងកើត

ការលុកលុយដោយក្រុមវីគីង ជាពិសេសនៅមាត់ទន្លេឡូអា ស៊ែន និងផ្លូវទឹកសាបផ្សេងៗទៀតបានកើនឡើងជាបន្តបន្ទាប់។ នៅក្នុងរជ្ជកាលរបស់ព្រះបាទឆាលស៍ឡឺសាំផ្លិ៍ (៨៩៨–៩២២) ពួកវីគីងក្រោមការដឹកនាំរបស់រ៉ូឡុងពីស្កង់ឌីណាវីបានមកតាំងទីលំនៅជាអចិន្ត្រៃយ៍នៅតាមបណ្តោយទន្លេស៊ែន ខាងជើងពីទីក្រុងប៉ារីស ក្នុងតំបន់ដែលត្រូវបានគេស្គាល់ថាន័រម៉ង់ឌី[]

ដើមមជ្ឈិមសម័យ

[កែប្រែ]

ដូចចក្រភពរបស់ឆាលឡឺម៉ាំងញីមុនអញ្ចឹង ពួកអាណាចក្រការ៉ូលីងត្រូវប្រឈមនឹងការដណ្ដើមអំណាចឥទ្ធិពលគ្នា ពិសេសបន្ទាប់ពីព្រះអង្គម្ចាស់អ៊ូហ្កេ កាប៉េត៍បានឡើងសោយរាជ្យនៅទីក្រុងប៉ារីស ហើយបានបង្កើតរាជវង្សថ្មីឡើងគឺរាជវង្សកាប៉េត៍។ រាជវង្សកាប៉េត៍រួមជាមួយខ្សែស្រឡាយដូចជា វ៉ាឡូអា និងបួរបុងបានឡើងគ្រប់គ្រងប្រទេសបារាំងអស់រយៈពេលជាង ៨០០​ ឆ្នាំទៅខាងមុខ។[]

ច្បាប់ទម្លាប់ចាស់ៗបានបន្សល់ឱ្យរាជវង្សកាប៉េត៍ថ្មីនូវទឹកដីតិចតួចប៉ុណ្ណោះដូចជា ទន្លេស៊ែនមួយផ្នែក និងដែនដីជុំវិញមួយចំនួន ខណៈទឹកដីផ្សេងៗត្រូវស្ថិតក្រោមអំណាចឥទ្ធិពលស្ដេចត្រាញ់តាមតំបន់នីមួយៗដែលក្រុមស្ដេចត្រាញ់ទាំងអស់នោះបានរួបរួមគ្នាជាធ្លុងតាមរយៈអាពាហ៍ពិពាហ៍ឆ្លងគ្រួសារ និងតាមរយៈកិច្ចព្រមព្រៀងការពារជាមួយគ្រួសារធនអំណាចតូចៗឯទៀត។

កង្វល់បន្ថែមសម្រាប់វង្សកាប៉េត៍គឺស្ថិតនៅទន្លេស៊ែនខាងលើ​ បន្ទាប់ពីពញាក្សត្រន័រម៉ង់ឌីព្រះនាមហ្គីយ៉ូម (វីល្លៀម) បានវាយត្រួតត្រាអង់គ្លេស រួចបានតែងតាំងខ្លួនជាស្ដេចអង់គ្លេសថ្មីនៅក្នុងឆ្នាំ១០៦៦ នាំឱ្យទ្រង់មានរាជអំណាចស្មើនឹងស្ដេចបារាំង។

ព្រះបាទអង់រីទី២ បានឡើងសោយរាជ្យជាពញាក្សត្រន័រម៉ង់ឌី និងអង់ជូនៅក្នុងឆ្នាំ១១៥២ ហើយបានរៀបអភិសេយជាមួយអតីតម្ចាស់ក្សត្រីបារាំង ព្រះនាមអាលីអេន័រដែលក្សត្រីទ្រង់មានអំណាចគ្រប់គ្រងលើភាគនិរតីនៃប្រទេសបារាំងស្រាប់។ បន្ទាប់ពីបានបង្ក្រាបចលនាបះបោរដឹកនាំដោយអាលីអេន័រ និងព្រមទាំងបុត្រាចំនួនបីអង្គរបស់ទ្រង់ ព្រះអង់រីបានចាប់ឃុំខ្លួនក្សត្រីអាលីអេន័រ រួចបានវាយទឹកដីប្រឺតាញីធ្វើជាសាមន្តរដ្ឋ ហើយជាលទ្ធផល អង់រីទ្រង់បានគ្រប់គ្រងទឹកដីបារាំងខាងលិចជាងពាក់កណ្ដាលដែលនាំឱ្យទ្រង់មានអំណាចខ្លាំងក្លាជាងព្រះរាជាបារាំងទៅទៀត (ថ្វីបើនគរន័រម៉ង់ឌីទ្រង់នៅតែស្ថិតក្រោមអធិបតេយ្យភាពបារាំង)។ ក្រោយពីអង់រីបានសោយទិវង្គតទៅ កូនចៅអ្នកស្នងរាជបល្ល័ង្កក្រោយព្រះអង្គបានឈ្លោះទាស់ទែងគ្នារឿងចែករំលែកអំណាច ហើយគួបផ្សំជាមួយការតឹងសសៃកដាក់គ្នាផងរវាងព្រះបាទចននៃនគរអង់គ្លេសជាមួយនឹងស្ដេចបារាំងព្រះបាទហ្វីលីបទី២ ទៀតនោះបានបើកឱកាសឱ្យព្រះហ្វីលីប និងបារាំងដណ្ដើមទឹកដីទាំងប៉ុន្មានដែលខ្លួនបានបាត់បង់ទៅអង់រីទី២ ពីមុន។ បន្ទាប់ពីជ័យជម្នះរបស់បារាំងក្នុងសមរភូមិប៊ូវីនស៍នៅឆ្នាំ១២១៤ ព្រះរាជាអង់គ្លេសបានសល់តែអំណាចគ្រប់គ្រងលើពញារដ្ឋអគីថេននៃប៉ែកនិរតីបារាំងតែប៉ុណ្ណោះ (ក្រៅពីដែនកោះអង់គ្លេសរបស់ខ្លួន)។[]

ចុងមជ្ឈិមសម័យ និងសង្គ្រាមរយឆ្នាំ

[កែប្រែ]

ការសោយព្រះទិវង្គតរបស់ព្រះបាទឆាលស៍ទី៤ នៅក្នុងឆ្នាំ១៣២៨ ដោយគ្មានបន្សល់បុត្រាស្នងរាជ្យណាម្នាក់បាននាំឱ្យដាច់ខ្សែរាជវង្សកាប៉េត៍ដើម។ នៅក្រោមច្បាប់សាលីគ ព្រះរាជមកុដគឺមិនអាចត្រូវបំពាក់លើព្រះសិរអង្គក្សត្រជាស្ត្រីបានទេ (បុត្រីរបស់ហ្វីលីពទី៤ ម្នាក់ព្រះនាមអ៊ីសាប៊ែលមានបុត្រាមួយអង្គព្រះនាមអែដវើដទី៣ ព្រះរាជាអង់គ្លេស) ដូច្នេះរាជបល្ល័ង្កក៏ត្រូវបានបង្វែរមកផ្ទេរឱ្យព្រះហ្វីលីបទី៤ វិញដែលជាបុត្រារបស់ព្រះអង្គម្ចាស់ឆាលស៍នៃវ៉ាឡួអា (វង្សវ៉ាឡូអាត្រូវជាខ្សែស្រឡាយមួយរបស់វង្សកាប៉េត៍)។ កត្តាទាំងនេះបូករួមជាមួយជម្លោះនៃសិទ្ធិអំណាចគ្រប់គ្រងលើតំបន់ហ្កាស្កូញី និងទំនាក់ទំនងដ៏ជិតស្និទរវាងអង់គ្លេស​ និងទីក្រុងក្នុងតំបន់ហ្វ្លាម៉ង់ដ៍ បាននាំឱ្យផ្ទុះសង្គ្រាមរយឆ្នាំឡើងរវាងបារាំង និងអង់គ្លេសនៅរវាងឆ្នាំ១៣៣៧ រហូតដល់ឆ្នាំ១៤៥៣។ នៅសតវត្សរ៍​បន្ទាប់​គឺ​ពោរពេញទៅដោយសង្គ្រាម​រ៉ាំរ៉ៃរវាងរដ្ឋអំណាចទាំងពីរមានដូចជា សង្គ្រាម​ស៊ីវិលអារម៉ាញ៉ាក់–បួរហ្កូញី សកម្មភាព​បះបោរពីប្រជា​កសិករ (ការ​បះបោរ​​កសិករ​អង់គ្លេស​ឆ្នាំ១៣៨១ និងព្រឹត្តិការណ៍បះបោរចាកគ្រីឆ្នាំ១៣៥៨ នៅ​​បារាំង) និង​កំណើន​ជាតិ​និយម​នៅក្នុង​ប្រទេស​ទាំង​ពីរ។[១០]

ទម្ងន់វិនាសកម្មក្នុងមួយសតវត្សន៍នៃសង្គ្រាមនោះគឺធ្ងន់ធ្ងរខ្លាំងបំផុតសម្រាប់រដ្ឋទាំងពីរ ជាពិសេសពេលបូកផ្សំជាមួយជំងឺរាតត្បាតដ៏កាចសាហាវមួយបង្កឡើងដោយជំងឺប៉េស្ត (ដោយគេបានសម្ដៅលើសម័យនោះថា កាលមរណៈ) ដែលបានចូលមកដល់ពីប្រទេសអ៊ីតាលីនៅក្នុងឆ្នាំ១៣៤៨ រួចបានបន្តរីករាលដាលយ៉ាងរហ័សចូលទៅពាសពេញផ្ទៃប្រទេសបារាំង។ តាមកំណត់ត្រាពន្ធគយពីសម័យនោះ ចំនួនប្រជាជនបារាំងបានធ្លាក់ចុះជាង ៥០ ភាគរយជាលទ្ធផលនៃគ្រោះអស់ទាំងនេះ។[១១]

បុនវុឌ្ឍិសម័យ និងកំណែទម្រង់

[កែប្រែ]
ទង់នៃព្រះរាជាណាចក្របារាំង រចនាឡើងនៅចុងសតវត្សរ៍ទី១៩

ក្នុងបុនវុឌ្ឍិសម័យ ស្ថាប័នរដ្ឋបាលផ្សេងៗនៅបារាំងត្រូវបានធ្វើមជ្ឈការ ខណៈវប្បធម៌អរិយធម៌វិញបានរីកចម្រើនដល់កំពូលមិនធ្លាប់មានពីមុន (ភាគច្រើនទទួលឥទ្ធិពលពីអ៊ីតាលី)។[១២] ​ព្រះរាជានីមួយៗបានកសាង និងពង្រឹងប្រព័ន្ធសារពើពន្ធយ៉ាងម៉ត់ចត់ ដែលធ្វើឱ្យអំណាចស្ដេចកើនមានប្រៀបលើវណ្ណៈអភិជនក្នុងស្រុក។[១៣] នៅទីក្រុងប៉ារីសជាពិសេស ប្រពៃណីដ៏រឹងមាំថ្មីខាងអក្សរសាស្ត្រ សិល្បៈ និងតន្ត្រីបានលេចឡើង ដោយគេតែងសម្ដៅលើរចនាបថទាំងនោះថា តន្តិសិល្បៈ[១៤]

បទបញ្ជាវីល្លែរស៍-កូត្តឺរ៉េត្ស៍ត្រូវបានព្រះបាទហ្វ្រង់ស្វ័រទី១ ឡាយព្រះហត្ថអនុម័តនៅក្នុងឆ្នាំ១៥៣៩។ ផ្ដើមដោយគំនិតរបស់អធិការបតីលោកហ្គីយ៉ូម ប៉ូយ៉េត៍ បទបញ្ជានោះត្រូវបានបង្កើតឡើងដើម្បីដោះស្រាយរ៉ាប់រងលើកិច្ចការរដ្ឋាភិបាល តុលាការ និងសាសនា។ នៅក្នុងនោះ មាត្រា ១១០ និង ១១១ ដែលជាមាត្រាគេស្គាល់ចំណាំបំផុត បានអំពាវនាវឱ្យប្រើប្រាស់ភាសាបារាំងក្នុងគ្រប់សកម្មភាពផ្លូវច្បាប់ដូចជា កិច្ចសន្យាដែលមានសារការី និងនីតិច្បាប់ផ្លូវការផ្សេងៗជាដើម។

សង្គ្រាមអ៊ីតាលី

[កែប្រែ]

បន្ទាប់ពីបញ្ចប់សង្រ្គាមរយឆ្នាំ ព្រះបាទឆាលស៍ទី៨ ព្រះរាជាបារាំង បានឡាយព្រះហត្ថលេខាលើសន្ធិសញ្ញាបន្ថែមចំនួនបីជាមួយព្រះបាទអង់រី៧ នៃអង់គ្លេស ព្រះចៅម៉ាស៊ីមីលានទី១ និងព្រះហ្វែឌីណង់ទី២ នៃនគរអារ៉ាហ្កន រៀងគ្នានៅអេតាប្លេស (១៤៩២), សង់លីស (១៤៩៣) និងបារសេឡូណា (១៤៩៣)។ សន្ធិសញ្ញាទាំងបីនេះបានបើកផ្លូវឱ្យបារាំងបន្ទុះសង្គ្រាមអ៊ីតាលីដ៏មានរយៈកាលយូរឡើង (១៤៩៤–១៥៥៩) ដែលគេបានចាត់ទុកជាចំណុចចាប់ផ្តើមនៃប្រទេសបារាំងដើមសម័យទំនើប។ កិច្ចខិតខំប្រឹងប្រែងរបស់បារាំងដើម្បីអំណាចឥទ្ធិពលក្នុងសង្គ្រាមនេះបានត្រឹមតែបង្កើនអំណាចឱ្យរាជវង្សហាបស្បួកប៉ុណ្ណោះ។

សង្គ្រាមសាសនា

[កែប្រែ]

សង្គ្រាមនៅអ៊ីតាលីមិនទាន់បានបញ្ចប់សព្វគ្រប់ផង បារាំងត្រូវប្រឈមនឹងវិបត្តិក្នុងស្រុកដ៏ធ្ងន់ធ្ងរបន្ថែមទៀត។ ថ្វីបើកិច្ចព្រមព្រៀងរវាងបារាំង និងរដ្ឋប៉ាប (១៥១៦) បានផ្តល់អំណាចមិនអាចប្រៀបផ្ទឹមបានដល់់ព្រះមហាក្សត្រមកលើសាសនា ពិសេសគឺកាតូលិកក៏ពិតមែន ប៉ុន្តែបារាំងនៅតែទទួលរងផលប៉ះពាល់ពីកំណែទម្រង់ប្រូតេស្តង់ដែលមានបំណងចង់បំបែកអនុត្តរភាពនៃនិកាយកាតូលិកនៅអឺរ៉ុប។ ខណៈអ្នកកាន់និកាយប្រូតេស្តង់នៅទីប្រជុំជនកំពុងកើនឡើង (ក្រោយមក គេបានឱ្យឈ្មោះចលនានោះថា អ៊ូហ្គូណូត៍) ពួកគេត្រូវបានគាបសង្កត់យ៉ាងពេញទំហឹងពីព្រះរាជាបារាំងនាពេលនោះគឺព្រះអង់រីទី២។ បន្ទាប់ពីអង់រីទី២ បាន​ចូលទិវង្គត់ទៅ អំណាចរាជបល្ល័ង្កត្រូវបានធ្លាក់ទៅព្រះភរិយាព្រះអង្គព្រះនាមកាធើរីន និង​ព្រមទាំងបុត្រាទ្រង់គឺ ហ្វ្រង់ស្វ័រទី២ ឆាលស៍ទី៩ និងអង់រីទី៣។ សហគមន៍កាតូលិកក្រោមប្រមុខដឹកនាំថ្មីបានផ្ដួចផ្ដើមការសម្លាប់រង្គាលលើសមាជិក និងអ្នកគាំទ្រចលនាអ៊ូហ្គូណូត៍នៅក្នុងឆ្នាំ១៥៧២ និងទីបំផុតនាំឱ្យសង្គ្រាមសាសនាបារាំងផ្ទុះឡើងដោយមានការចូលធ្វើអន្តរាគមន៍ពីរដ្ឋអំណាចក្រៅផងដែរដូចជា អង់គ្លេស អាល្លឺម៉ង់ និងអេស្ប៉ាញជាដើម។​ ដោយមានទំនោរប្រឆាំងនឹងអំណាចផ្ដាច់ការរបស់ព្រះមហាក្សត្រ ចលនាអ៊ូហ្គូណូត៍បានបំផុសចេញនូវគំនិតថ្មីៗដូចជា សិទ្ធិបះបោរ និងការប្រឆាំងផ្ដាច់ជីវិតប្រជាហិង្សាជាដើម។[១៥]

សង្រ្គាមសាសនាបានឈានដល់ចំណុចកំពូលនៅពេលដែលសង្គ្រាមមួយទៀតហៅថា សង្គ្រាមអង់រីទាំងបីអង្គ បានផ្ទុះឡើង។ ក្នុងសង្គ្រាមនេះ ព្រះបាទអង់រីទី៣ បានបញ្ជាឱ្យគេធ្វើឃាតព្រះអង់រីដឺហ្គីស ដែលជាប្រមុខដឹកនាំនៃសម្ព័ន្ធកាតូលិកគាំទ្រដោយអេស្ប៉ាញ រួចហើយព្រះអង្គក៏ត្រូវបានគេធ្វើឃាតដូចគ្នាជាថ្នូរ។ បន្ទាប់ពីអង់រីដឺហ្គីស (១៥៨៨) និងអង់រីទី៣ (១៥៨៩) ត្រូវបានគេធ្វើឃាត ជម្លោះសង្គ្រាមសាសនាជារួមត្រូវបានបិទបញ្ចប់បន្ទាប់ពីព្រះរាជានគរណាវ៉ារ៉ានិយមប្រូតេស្តង់បានឡើងសោយរាជ្យលើរាជបល្ល័ង្កបារាំងក្នុងនាមជា អង់រីទី៤ (ព្រះរាជាបារាំងទីមួយពីរាជវង្សបួរបុង)។ ជាបន្តបន្ទាប់ ព្រះអង់រីទី៤ ទ្រង់បានលះបង់ជំនឿប្រូតេស្តង់នៅក្នុងឆ្នាំ១៥៩២ ហើយត្រូវបានប្រកាសទទួលស្គាល់ដោយស្ថាប័នកាតូលិកបារាំងនៅក្នុងឆ្នាំ១៥៩៤ និងទីបំផុតដោយសម្ដេចប៉ាបនៅក្នុងឆ្នាំ១៥៩៥។ នៅឆ្នាំ១៥៩៨ ព្រះអង្គបានបន្តប្រកាសក្រឹត្យយោគយល់ដែលត្រូវបានគេស្គាល់ថា ព្រះរាជក្រឹត្យនៃណង់ ដែលបានធានានូវសិទ្ធិសេរីភាពនៃការថ្វាយបង្គំព្រះជាឯកជន និងសមភាពស៊ីវិល។[១៦]

ដើមសម័យទំនើប

[កែប្រែ]
ព្រះបាទអង់រីទី៤ (ឆ្វេង) រូបគំនូរគូសដោយហ្វ្រង់ស៍ពូរប៊ូស៍ ឡឺជឹនស៍ក្នុងឆ្នាំ១៦១០, ព្រះបាទល្វីទី១៣ (ស្ដាំ) ជាស្នាដៃគំនូររបស់ហ្វីលីបដឺឆំប៊ែងញីក្នុងឆ្នាំ១៦៤៧

មហាអំណាចអាណានិគម

[កែប្រែ]

ប្រទេសបារាំងក្រោមការដឹកនាំបែបសន្តិនិយមរបស់ព្រះអង់រីទី៤ បានចែវផ្លូវជាមូលដ្ឋានក្នុងដំណើរក្លាយខ្លួនជាមហាអំណាចអឺរ៉ុបមួយ។ ប្រទេសបារាំងបានចាប់ផ្ដើមពង្រីកឥទ្ធិពលរបស់ខ្លួននៅពេញមួយកំឡុងចុងសតវត្សរ៍ទីដប់ប្រាំពីរតាមរយៈការធ្វើជំនួញពាណិជ្ជកម្មនៅឥណ្ឌានិងម៉ាដាហ្កាស្កា ស្ថាបនាទីក្រុងកេបិចនិងពង្រីកទឹកដីចូលទៅតំបន់មហាបឹងរហូតដល់មីស៊ីស៊ីពីនៅអាមេរិកខាងជើង បង្កើតកសិសេដ្ឋកិច្ចនៅឥណ្ឌីខាងលិច និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មខ្លួននៅតំបន់ឡេវ៉ាន និងព្រមទាំងពាណិជ្ជកម្មផ្លូវសមុទ្រផងដែរ។

សង្គ្រាមសាមសិបឆ្នាំ

[កែប្រែ]

ព្រះរាជបុត្រារបស់អង់រីទី៤ គឺព្រះបាទល្វីទី១៣ រួមជាមួយរដ្ឋមន្ត្រីព្រះអង្គ (១៦២៤–១៦៤២) ឈ្មោះរីឆឺលីអឺ បានប្រឹក្សាគ្នាអំពីគោលនយោបាយប្រឆាំងនឹងប្រទេសអេស្ប៉ាញ និងចក្រភពរ៉ូម៉ាំងពិសិដ្ឋក្នុងកំឡុងសង្គ្រាមសាមសិបឆ្នាំ (១៦១៨–១៦៤៨) ដែលបានផ្ទុះឡើងនៅទឹកដីអាល្លឺម៉ង់។ បន្ទាប់ពីល្វីទី១៣ បានសោយទិវង្គតទៅ សន្ធិសញ្ញាសន្តិភាពវែស្តហ្វាលី (១៦៤៨) បានធានានូវការបំបែករដ្ឋ និងសាសនានៅអាល្លឺម៉ង់ ប៉ុន្តែក្នុងឆ្នាំដដែរ ព្រះរាជានុសិទ្ធិអាន់ (ព្រះភរិយារបស់ល្វីទី១៣) និងរដ្ឋមន្ត្រីព្រះអង្គការឌីណាល់ ម៉ាហ្សារ៉ង់ត្រូវជួបនឹងចលនាបះបោរស៊ីវិលបន្ថែមដែលគេនិយមហៅថា ហ្វ្រុនដ៍ (១៦៤៨–១៦៥៣) ចំពេលដំណាលគ្នានឹងសង្គ្រាមបារាំង-អេស្ប៉ាញ (១៦៣៥–១៦៥៩)។ សន្ធិសញ្ញាភីរីនីស៍ (១៦៥៩) បានបិទបញ្ចប់សង្គ្រាមបារាំងអេស្ប៉ាញជាផ្លូវការដោយបានផ្ដល់ទឹកដីរូស្ស៊ីយ៉ុងឱ្យបារាំង និងបាននាំមកនូវរយៈកាលសន្តិភាពដ៏ខ្លីមួយ។[១៧]

រចនាសម្ព័ន្ធរដ្ឋបាល

[កែប្រែ]

"របបចាស់" ឬហៅតាមភាសាបារាំងថា Ancien Régime គឺចង់សម្ដៅទៅលើប្រព័ន្ធអត្តាធិបតេយ្យដែលមានវត្តមាននៅក្នុងសង្គម និងនយោបាយនៃប្រទេសបារាំងនៅដើមសម័យទំនើបក្រោមរាជវង្សវ៉ាឡូអា និងបួរបុង។ រចនាសម្ព័ន្ធរដ្ឋបាល និងសង្គមនៃរបបចាស់គឺបានកើតចេញពីការវិវត្តនៃរដ្ឋជាតិ សកម្មភាពនីតិប្បញ្ញត្តិផ្សេងៗ (ដូចជាបទបញ្ជាវីល្លែរស៍-កូត្តឺរ៉េត្ស៍ជាដើម) ជម្លោះផ្ទៃក្នុង និងសង្គ្រាមស៊ីវិលអស់ជាច្រើនសតវត្សរ៍ ប៉ុន្តែប្រព័ន្ធនេះមានភាពស្មុគស្មាញច្រើនពិសេសទាន់ទិននឹងអភ័យឯកសិទ្ធិភាពខុសៗគ្នានៅតាមតំបន់នីមួយៗ។ ទីបំផុត ប្រព័ន្ធរបបចាស់សក្តិភូមិនេះក៏ត្រូវបានលុបបំបាត់ចោលទាំងស្រុងនៅកំឡុងបដិវត្តន៍បារាំង ដែលបាននាំឱ្យប្រព័ន្ធរដ្ឋបាល និងសង្គមបារាំងមានតុល្យភាពជាងមុន។

ព្រះបាទល្វីទី១៤ ព្រះសុរិយរាជ

[កែប្រែ]
រូបគំនូរនៃព្រះបាទល្វីទី១៤ ជាស្នាដៃរបស់លោកយ៉ាសង់ថ៍ រីហ្គូដ៍

នៅក្នុងរជ្ជកាលព្រះបាទល្វីទី១៤ (១៦៤៣–១៧១៥) ("ព្រះសុរិយរាជ") ប្រទេសបារាំងគឺជាមហាអំណាចដ៏លេចធ្លោមួយនៅទ្វីបអឺរ៉ុប។ ដោយមានជំនួយពីរដ្ឋមន្ត្រីដ៏ឆ្នើមដូច ការឌីណាល់ រីឆឺលីអឺ (១៦៤២–១៦៦១) និងម៉ាហ្សារ៉ង់ (១៦០២–១៦៦១) បារាំងបានចាប់ផ្ដើមសាងពង្រីកនូវកងនាវារបស់ខ្លួនពី ២៥ គ្រឿងរហូតដល់ជិត ២០០ គ្រឿង ដែលអាចប្រជែងនឹងកងនាវាអង់គ្លេសបាន។ កងទ័ពបារាំងក៏ត្រូវបានពង្រីកកម្លាំងបន្ថែមផងដែរ។ លើសពីនេះ ជម្លោះសង្គ្រាមថ្មីៗបានផ្ទុះឡើង (ដូចជា សង្គ្រាមបន្ទេរអំណាច ១៦៦៧–១៦៦៨ និងសង្គ្រាមបារាំង-ហុល្លង់ ១៦៧២–១៦៧៨) បាននាំឱ្យបារាំងវាយដណ្ដើមទឹកដីបន្ថែម ក៏ប៉ុន្តែបារាំងត្រូវរងការប្រឆាំងបន្ថែមផងដែរ​ពីរដ្ឋអំណាចក្រៅស្រុក និង​រួមទាំងកំណើននៃ​បំណុល​ជាតិ​។ ដោយប្រកាន់ខ្ជាប់តាមទ្រឹស្ដី "ទេវរាជ" ដែលយល់ឃើញថា អំណាចព្រះរាជាគឺមានឫទ្ធិស្មើទេវតា និងហើយគ្មាននរណាលើផែនដីអាចប្រជែងបាន ព្រះបាទល្វីទី១៤ ទ្រង់ក៏បានបន្តប្រពៃណីពីអង្គស្ដេចមុនៗក្នុងការពង្រឹងអំណាចមជ្ឈការបន្ថែម។ ក្នុងន័យនេះ ព្រះអង្គបានបញ្ជាឱ្យលុបបំបាត់ប្រព័ន្ធសក្តិភូមិដែលនៅសេសសល់និងនៅបន្តអនុវត្តក្នុងផ្នែកខ្លះនៃប្រទេសបារាំងដោយចាប់បង្ខំឥស្សរជនបារាំងទាំងឡាយឱ្យផ្លាស់ទីលំនៅមកទីក្រុងវែសៃ (ទីតាំងក្បែររាជធានីប៉ារីស) ដើម្បីងាយស្រួលដល់រដ្ឋាភិបាលទ្រង់ក្នុងការឃ្លាំមើលសកម្មភាពពួកគេ ព្រោះក្រុមមនុស្សទាំងនេះហើយដែលបានបន្ទុះការបះបោរ ហ្វ្រុនដ៍ កាលព្រះអង្គនៅកុមារភាព។ តាមគោលនយោបាយទាំងនេះ ព្រះបាទល្វីទី១៤ បានទទួលជោគជ័យក្នុងការពង្រឹងប្រព័ន្ធរាជាធិបតេយ្យផ្តាច់ការនៅប្រទេសបារាំងបន្ត ១៥០ ឆ្នាំទៅមុខទៀតរហូតដល់បដិវត្តន៍បារាំងផ្ទុះឡើង។[១៨] យោងតាមលោកម៉ាកខេប វិវេចជននាសម័យនោះបានប្រើប្រាស់ប្រលោមលោកអំពីព្រះរាជវាំងតួកគីដូចជា ទ្រព្យសម្បត្តិឆើតឆាយរបស់ព្រះស៊ុលតង់ក៏ដូចជាគ្រឿងលម្អត្បូងប្រណិតៗជា​ការ​ប្រៀប​ធៀប​ទៅនឹង​អំពើ​ពុក​រលួយ​នៅក្នុងរាជាធិបតេយ្យ​បារាំង។[១៩]

ក្រៅពីនេះ ព្រះល្វីទី១៤ ក៏បានប្រកាសឯកសណ្ឋានភាពសាសនាទាំងស្រុងលើប្រទេសផងដែរ ដោយលុបចោលព្រះរាជក្រឹត្យនៃណង់នៅក្នុងឆ្នាំ១៦៨៥។ គេប៉ាន់ប្រមាណថាអ្នកកាន់និកាយប្រូតេស្តង់ប្រមាណពី ១៥០,០០០ នាក់ទៅ ៣០០,០០០ នាក់បានរត់ភៀសខ្លួនចេញពីប្រទេសបារាំងក្រោយពីព្រះរាជក្រឹត្យណង់ត្រូវបានលុបចោលដោយក្នុងនោះមាន បញ្ញវន្ត សិប្បករ និងបុគ្គលសំខាន់ៗជាច្រើននាក់។[២០] ការធ្វើទុក្ខបុកម្នេញខាងសាសនាបានប៉ះពាល់ទៅដល់គ្រិស្តសាសនិករ៉ូម៉ាំងជំនាន់ថ្មីទៀតផងដូចជា ក្រុមហ្សង់សេនីសជាដើម ដែលជាក្រុមបដិសេធឆន្ទៈសេរីៗ ហើយត្រូវបានថ្កោលទោសជាស្រេចដោយសម្តេចប៉ាប។ ជាលទ្ធផល ព្រះបាទល្វីទី១៤ បានទទួលការគោរពជាខ្លាំងពីសម្តេចប៉ាប ដែលពីមុ​នធ្លាប់តែមានអរិភាពនឹងប្រទេសបារាំង ដោយសារបារាំងមានគោលនយោបាយរាប់បញ្ចូលកិច្ចការ និងសម្បត្តិសាសនានៅក្នុងប្រទេសឱ្យស្ថិតនៅក្រោមយុត្តាធិការរបស់រដ្ឋជាជាងទីក្រុងរ៉ូម។[២១]

នៅខែវិច្ឆិកា ឆ្នាំ១៧០០ ក្រោយពីព្រះបាទឆាលស៍ទី២ នៃប្រទេសអេស្ប៉ាញបានសោយទិវង្គតទៅ ខ្សែរាជវង្សហាបស្បួកក៏ត្រូវបានដាច់នៅអេស្ប៉ាញ។ ព្រះល្វីទី១៤ បាន​ត្រៀមដណ្ដើមយករាជបល្ល័ង្កប្រទេសអេស្ប៉ាញ ប៉ុន្តែ​ផែនការព្រះអង្គត្រូវ​បរាជ័យ​ដោយសារគោលបំណងរបស់ស្ដេចឆាលស៍ក្នុងការ​ទុករាជបល្ល័ង្ក​ចក្រភព​អេស្ប៉ាញ​ទាំង​មូល​សម្រាប់​ចៅប្រុសរបស់ល្វីគឺ ព្រះពញាក្សត្រអង់ជូ ព្រះអង្គម្ចាស់ហ្វីលីប (១៦៨៣–១៧៤៦)។ ដោយហ្វីលីបមានខ្សែជាជនជាតិបារាំង អេស្ប៉ាញបានក្លាយជាសម្ព័ន្ធមិត្តដ៏ជិតស្និទនឹងបារាំង ហើយក្នុងករណីខ្លះអាចចាត់ទុកជារដ្ឋរណបផ្ទាល់របស់បារាំងថែមទៀតផង។ ដោយមើលឃើញថាវានឹងនាំឱ្យខូចតុល្យភាពអំណាចនៅអឺរ៉ុប មេដឹកនាំរដ្ឋនគរផ្សេងៗទៀតបានកើតការព្រួយបារម្ភជាទម្ងន់ ក៏ប៉ុន្តែទោះក្នុងសេណារីយ៉ូណាក៏ដោយក៏វិសមភាពអំណាចនៅតែបន្តកើតមានដដែរ។ ឧទាហរណ៍ បើសិនជារដ្ឋអំណាចក្រៅតែងតាំងអង្គក្សត្រណាម្នាក់ពីរាជវង្សហាបស្បួកលើព្រះរាជបល្ល័ង្កអេស្ប៉ាញនោះ អំណាចរាជវង្សហាបស្បួកនឹងកើនលើសលប់ច្ពស់ជាខ្លាំង ព្រោះថាអធិរាជចក្រភពរ៉ូម៉ាំងពិសិដ្ឋ ប្រទេសអេស្ប៉ាញ និងទឹកដីអេស្ប៉ាញនៅអ៊ីតាលីគឺនឹងស្ថិតក្រោមរាជវង្សហាបស្បួកទាំងអស់។ ដោយគំនិតថ្នាក់ដឹកនាំខ្វែងគ្នាហើយគ្មានជម្រើសច្រើនទៀតនោះ សង្គ្រាមស្នងរាជបល្ល័ង្កអេស្ប៉ាញក៏ផ្ទុះឡើងដើម្បីស្វែងរកអ្នកដែលសាកសមបំផុតសម្រាប់រាជបល្ល័ង្កប្រទេសអេស្ប៉ាញ។[២២]

ទំនាស់ និងបដិវត្តន៍

[កែប្រែ]
ផែនទីនៃខេត្តក្នុងប្រទេសបារាំងក្នុងឆ្នាំ១៧៨៩

ក្នុងរជ្ជកាលព្រះបាទល្វីទី១៥ (១៧១៥–១៧៧៤) បារាំងបានវិលត្រឡប់មកប្រកាន់គោលនយោបាយសន្តិភាព និងវិបុលភាពវិញ ពិសេសក្នុងកំឡុងការដឹកនាំរបស់ព្រះរាជានុសិទ្ធិព្រះអង្គម្ចាស់ហ្វីលីបទី២ ពញាក្សត្រអ័រលីយ៉ុង (១៧១៥–១៧២៣) និងរដ្ឋមន្ត្រីលោកការឌីណាល់ ហ្វ្លូរី (១៧២៦–១៧៤៣)។ បន្ទាប់ពីបានឆ្លងកាត់សង្រ្គាមធំៗចំនួនពីរ បណ្ដារដ្ឋអឺរ៉ុបបានព្រមព្រៀងគ្នាបង្កើតសន្តិភាពអស់មួយរយៈ ដោយមានតែជម្លោះតូចៗប៉ុណ្ណោះបានកើតឡើងក្នុងកំឡុងសម័យនោះដូចសង្គ្រាមស្នងរាជបល្ល័ង្កប៉ូឡូញពីឆ្នាំ១៧៣៣ ដល់ឆ្នាំ១៧៣៥ ជាដើម។ មកដល់ឆ្នាំ១៧៤០ សង្រ្គាមទ្រង់ទ្រាយធំបានផ្ទុះឡើងវិញ ពោលគឺ សង្រ្គាមស្នងរាជបល្ល័ង្កអូទ្រីស។ ការចងសម្ព័ន្ធភាពរវាងបារាំងជាមួយនឹងអតីតសត្រូវរបស់ខ្លួនគឺ ហាបស្បួក ("បដិវត្តន៍ការទូត"ឆ្នាំ១៧៥៦) ដើម្បីប្រឆាំងនឹងចក្រភពអង់គ្លេស និងព្រុសបាននាំឱ្យបារាំងបរាជ័យជាធំនៅក្នុងសង្គ្រាមប្រាំពីរឆ្នាំ (១៧៥៦–៦៣) និងថែមទាំងបានបាត់បង់ទឹកដីអាណានិគមនៅទ្វីបអាមេរិកខាងជើងទៀតផង។[២៣]

ព្រះបាទល្វីទី១៥ (ឆ្វេង) រូបគំនូរគូសដោយលោកល្វីមីឈែល វ៉ាន់លូ (១៧៦៣), ព្រះបាទល្វីទី១៦ (ស្ដាំ) ជាស្នាដៃគំនូររបស់លោកអង់ធាន់ហ្វ្រង់ស្វ័រ កាលេត៍ (១៧៧៥)

នៅពេញមួយសតវត្សរ៍ទី១៨ ប្រជាជនបារាំងបានកើតការមិនពេញចិត្តជាខ្លាំងនឹងប្រព័ន្ធ និងរបបរាជាធិបតេយ្យ។ ល្វីទី១៥ គឺជាព្រះមហាក្សត្រមួយអង្គដែលមានប្រជាប្រិយភាពទាបបំផុតសម្រាប់ប្រជាជនបារាំងព្រោះព្រះអង្គមានតណ្ហាផ្លូវភេទធ្ងន់ធ្ងរ និងទន់ខ្សោយក្នុងការដឹកនាំជារួម ពោលបានបណ្ដាលឱ្យបារាំងបាត់បង់ដែនដីអាណានិគមបារាំងថ្មីទៅចក្រភពអង់គ្លេស។ ទស្សនវិទូក្នុងស្រុកជាច្រើនដូចជាលោកវ៉ុលទែរជាដើមបានសរសេររិះគន់បង្ហាញពីការមិនសប្បាយចិត្ត ប៉ុន្តែព្រះរាជាបានជ្រើសរើសមិនអើពើរវើរវាយនឹងពួកគេ។ ព្រះអង្គបានសោយទិវង្គតទៅនៅក្នុងឆ្នាំ១៧៧៤ ដោយសារជំងឺអុតធំ ខណៈប្រជាជនបារាំងភាគតិចណាស់ដែលស្រក់ទឹកភ្នែកអាល័យនឹងទ្រង់។ ចំពេលដែលមហាអំណាចមួយចំនួនដូចជាអង់គ្លេសបានកំពុងឆ្លងកាត់បដិវត្តន៍ឧស្សាហកម្ម ប្រទេសបារាំងនៅមិនទាន់វិវត្តដល់ចំណុចនោះនៅឡើយ ដែលជាហេតុធ្វើឱ្យវណ្ណៈកណ្តាលដែលកំពុងរីកធំកើតការខកចិត្តជាពន់ពេកនូវប្រព័ន្ធសង្គមដ៏អន់ថយរបស់បារាំង។ នៅក្នុងកែវភ្នែករបស់ពួកគេ ថ្នាក់ដឹកនាំបារាំងគឺមានភាពអាត្មានិយម មិនគិតគូរសង្គមជាតិជាធំ មិនខ្ចីធ្វើកំណែទម្រង់អភិវឌ្ឍន៍ប្រព័ន្ធដ៏ចាស់គំរឹលដែលបម្រើតែផលប្រយោជន៍មនុស្សមួយក្រុមតូចដូចខ្សែរាជវង្ស និងអភិជន ហើយមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំរដ្ឋក្នុងកិច្ចការអន្តរជាតិឡើយ។

បន្ទាប់ពីល្វីទី១៥ បានចូលទិវង្គតទៅ ចៅប្រុសរបស់ព្រះអង្គក៏បានឡើងសោយរាជ្យក្រោមព្រះរាជនាមល្វីទី១៦។ ដំបូងឡើយ ព្រះរាជាថ្មីនេះមានប្រជាប្រិយភាពខ្ពស់បើប្រៀបនឹងស្ដេចអង្គមុន ប៉ុន្តែមិនយូរប៉ុន្មាននៅទសវត្សរ៍ឆ្នាំ១៧៨០ ប្រជាជនបារាំងក៏កើតការស្អប់ខ្ពើមនឹងព្រះអង្គដូចជីតារបស់ទ្រង់ដូចគ្នា។ ដំណាលគ្នានេះ ការចូលធ្វើអន្តរាគមន៍របស់បារាំងនៅក្នុងសង្គ្រាមឯករាជ្យភាពអាមេរិកបាននាំឱ្យបារាំងចំណាយថវិកាជាតិលើសលប់ហួសប្រមាណ។[២៤]

ដោយប្រទេសជាតិជាប់បំណុលធ្ងន់ធ្ងរ ព្រះល្វីទី១៦ ក៏បានបញ្ជាឱ្យធ្វើកំណែទម្រង់មូលវិវត្តតាមរបស់ការណែនាំរបស់លោកធួរហ្គោត៍ និងម៉ាឡឺស៊ែបស៍។ ដោយមានការប្រឆាំង និងសម្ពាធពីក្រុមអ្នកអភិជន អ្នកទាំងពីរត្រូវចុះចេញពីតំណែងជារដ្ឋមន្ត្រីនៅក្នុងឆ្នាំ១៧៧៦ ហើយត្រូវបានជំនួសដោយលោកចាក់ និគែរ។ លោកនិគែរបានចុះចេញពីតំណែងនៅក្នុងឆ្នាំ១៧៨១ មុនពេលត្រូវបានតែងតាំងម្តងទៀតនៅក្នុងឆ្នាំ១៧៨៨។ សិសិររដូវដ៏រងារពេកក្រៃនៅក្នុងឆ្នាំនោះបាននាំឱ្យកើតការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរនៅពាសពេញផ្ទៃប្រទេស។[២៥] នៅមុនថ្ងៃនៃបដិវត្តន៍បារាំងនៃខែកក្កដា ឆ្នាំ១៧៨៩ ប្រទេសបារាំងបានកំពុងស្ថិតនៅក្នុងវិបត្តិស្ថាប័នរដ្ឋ និងហិរញ្ញវត្ថុយ៉ាងជ្រាលជ្រៅពិបាករំដោះ ខណៈគំនិតពន្លឺថ្មីបានកំពុងចាប់ផ្តើមជ្រាបចូលទៅក្នុងស្រទាប់អប់រំនៃសង្គមបារាំងបណ្ដើរៗ។[២២]

រាជអំណាចមានកំណត់

[កែប្រែ]

នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ១៧៩១ របបរាជាធិបតេយ្យផ្តាច់ការប្រទេសបារាំងដែលមានអាយុកាលចំនួន ៩៤៨ ឆ្នាំត្រូវបានកែប្រែក្លាយជាប្រព័ន្ធរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញជាបណ្តោះអាសន្ន។ ប្រព័ន្ធរាជាធិបតេយ្យថ្មីនេះត្រូវបានអនុម័តបានប្រមាណមួយឆ្នាំប៉ុណ្ណោះមុនពេលត្រូវបានគេរំលាយលុបចោលទាំងស្រុងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៧៩២ ហើយរបបសាធារណរដ្ឋបារាំងទីមួយក៏ត្រូវបានប្រកាសឡើង។ លើសពីនេះ ព្រះរាជតួនាទីព្រះរាជាបារាំងត្រូវបានបញ្ចប់ជាស្ថាពរនៅពេលដែលព្រះបាទល្វីទី១៦ ត្រូវបានអ្នកបដិវត្តន៍ចាប់ប្រហារជីវិតដោយកាត់ព្រះសិរព្រះអង្គ (ក្បាល) នៅថ្ងៃច័ន្ទ ទី២១ ខែមករា ឆ្នាំ១៧៩៣។ ក្រោយពីបានប្រហារជីវិតព្រះរាជារួចមក រជ្ជកាលសប្បដិភ័យក៏បានកើតឡើង ដែលជាសម័យកាលរដ្ឋអំណាចបារាំងថ្មី (ក្រោមគណៈឌីរ៉េកទ័រ) ចាប់មនុស្សដែលគេចោទថាមានបំណងប្រឆាំងបដិវត្តន៍ទៅប្រហារជីវិត។ ជាលទ្ធផល បារាំងត្រូវឆ្លងកាត់កំណែទម្រង់ផ្សេងៗជាងម្ភៃប្រាំឆ្នាំ កោលាហល របបនយោបាយផ្ដាច់ការ និងជម្លោះសង្គ្រាមបង្ហូរឈាមនានាដូចសង្គ្រាមណាប៉ូលេអូនិកជាដើម។

ប្រត្យាស្ថាប័ន

[កែប្រែ]
ព្រះរាជាទាំងពីរអង្គក្រោយប្រត្យាស្ថាប័នរបបរាជានិយម៖ ល្វីទី១៨ (ឆ្វេង) ស្នាដៃរបស់លោកហ្វ្រង់ស្វ័រ ជេរ៉ាដ៍ (ទសវត្សរ៍ឆ្នាំ១៨២០), ឆាលស៍ទី១០ (ស្ដាំ) គូរដោយលោកហ្វ្រង់ស្វ័រ ជេរ៉ាដ៍ដដែរ (១៨២៥)

បន្ទាប់ពីបដិវត្តន៍បារាំង (១៧៨៩–៩៩) និងរបបចក្រភពបារាំងទីមួយក្រោមព្រះចៅណាប៉ូលេអុង (១៨០៤–១៨១៤) បានបញ្ចប់ របបរាជាធិបតេយ្យត្រូវបានស្ដារឡើងវិញនៅក្នុងឆ្នាំ១៨១៤ ដោយសម្ព័ន្ធភាពនៃមហាអំណាចអឺរ៉ុបដែលបានយកឈ្នះលើណាប៉ូលេអុងក្នុងសង្គ្រាមណាប៉ូលេអូនិក។ ក៏ប៉ុន្តែមិនយូរប៉ុន្មាន ព្រះចៅអធិរាជណាប៉ូលេអុងដែលត្រូវបានគេនិរទេសទៅលើកោះអែលបាក្រោយចាញ់សង្គ្រាមនោះបានយាងត្រឡប់មកបារាំងវិញ ហើយត្រូវបានប្រជាជននិងអាជ្ញាធរបារាំងលើកជាអធិរាជដឹកនាំម្តងទៀតបានមួយរយថ្ងៃ

រដ្ឋអំណាចអឺរ៉ុបនៅជុំវិញបានរួមគ្នាចងជាសម្ព័ន្ធភាពជាលើកទីប្រាំពីរដើម្បីកម្ចាត់ណាប៉ូលេអុងម្តងទៀត ហើយបន្ទាប់ពីយកឈ្នះណាប៉ូលេអុងក្នុងសមរភូមិវ៉ាត់ធឺលូក្នុងឆ្នាំ១៨១៥ រាជវង្សបួរបុងក៏ត្រូវបានគេស្តារឡើងវិញម្តងទៀត។ ប្អូនប្រុសរបស់អតីតក្សត្រល្វីទី១៦ ដែលត្រូវបានគេប្រហារជីវិតនៅប៉ុន្មានទសវត្សរ៍មុននោះ បានឡើងសោយរាជ្យក្រោមព្រះរាជនាម ល្វីទី១៨។ ព្រះល្វីទី១៨ ទ្រង់បានព្យាយាមផ្សះផ្សាកេរ្តិ៍ដំណែលនៃបដិវត្តន៍ និងរបបចាស់ ដោយប្រទានរាជានុញ្ញាតឱ្យមានប្រព័ន្ធសភា និងរដ្ឋធម្មនុញ្ញជាក់លាក់មួយ។ រជ្ជកាលរបស់ព្រះអង្គគឺពោរពេញទៅដោយភាពចម្រុងចម្រាស់គ្នា ដោយមានម្ខាងដូច ក្រុមដុកទ្រីនែរស៍ និងបញ្ញវន្តសេរីបានគាំទ្រនៅរដ្ឋធម្មនុញ្ញព្រះអង្គ និងម្ខាងទៀតដូច ក្រុមវណ្ណៈគហបតី អ្នកគាំទ្ររាជាធិបតេយ្យជ្រុលនិយម អភិជន និងបុព្វជិតសាសនាជាដើម បានរុញច្រានចោលនូវគំនិតបដិវត្តន៍ផ្សេងៗ។ ដោយមានការទូន្មានណែនាំពីនាយករដ្ឋមន្ត្រីតេលេរ៉ង់ និងពញាក្សត្ររីឆឺលីអឺ ក៏ដូចជាគោលនយោបាយមជ្ឈន្តិករបស់ព្រះរាជាថ្មី បារាំងបានរក្សាសន្តិភាពជាមួយរដ្ឋអំណាចអឺរ៉ុបនៅជុំវិញខ្លួនបានមួយរយៈពេលធំ។[២៦]

ក្រោយពីព្រះបាទល្វីទី១៨ បានសោយទិវង្គតទៅនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ១៨២៤ កិច្ចខិតខំប្រឹងប្រែងរបស់ព្រះអង្គពីមុនស្ទើរទាំងអស់ត្រូវបានចាត់ទុកជាអសារបង់ដោយព្រះរាជាថ្មីដែលត្រូវជាប្អូនប្រុសរបស់ព្រះអង្គព្រះនាមឆាលស៍ទី១០។ ព្រះឆាលស៍ទី១០ គឺជាប្រតិក្រិយាដ៏ម៉ឹងម៉ាត់មួយអង្គដែលតែងគាំទ្រក្រុមរាជាធិបតេយ្យជ្រុលនិយម និងវិហារកាតូលិក។ នៅក្រោមរជ្ជកាលព្រះអង្គ ពិរុទ្ធកម្មកាសែតសារព័ត៌មានផ្សេងៗត្រូវបានពង្រឹង ច្បាប់ប្រឆាំងពិសិដ្ឋប្រមាថត្រូវបានអនុម័ត ហើយសំណងចំពោះនិរប្រវេសជនបារាំងត្រូវបានបង្កើនថែម។ ចំពោះគោលនយោបាយបរទេសវិញ បារាំងបានប្រឡូកដៃចូលអន្តរាគមន៍ក្នុងបដិវត្តន៍ក្រិកដោយគាំទ្រខាងក្រុមឧទ្ទាមក្រិក និងបានចាប់ផ្ដើមដំណាក់កាលដំបូងនៃការសញ្ជ័យយកអាល់ហ្សេរីជាទឹកដីអាណានិគមថ្មី។

ក្រុមដុកទ្រីនែរស៍ក្នុងសភាតំណាងរាស្ត្របានកើតការមិនពេញចិត្តនឹងរបៀបដឹកនាំរបស់ព្រះរាជាថ្មីបណ្ដើរៗ ហើយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៨៣០ ពួកគេបានសរសេរសុន្ទរកថាមួយផ្ញើទៅកាន់ព្រះមហាក្សត្រ ដោយសង្កត់ធ្ងន់ពីសិទ្ធិមុខងាររបស់សភា និងជាធរមានគាំទ្រដល់បម្លាស់ប្ដូរទៅប្រតិបត្តិប្រព័ន្ធសភាពេញលេញតែម្តង។ ព្រះឆាលស៍ទី១០ បានយល់ឃើញសុន្ទរកថានោះថាជាការគំរាមកំហែង ហើយនៅថ្ងៃទី២៥ ខែកក្កដា នៃឆ្នាំដដែរ ព្រះអង្គបានប្រកាសចេញបទបញ្ញត្តិសាំងឃ្លូដ៍ក្នុងគោលបំណងកាត់បន្ថយអំណាចរបស់សភា និងបង្កើតរាជអំណាចផ្ដាច់ការឡើងវិញ។[២៧] ជាលទ្ធផល ក្រុមអ្នកប្រឆាំងផ្សេងៗបានចេញធ្វើកុបកម្ម និងបិទផ្លូវសំខាន់ៗក្នុងទីក្រុងប៉ារីសរហូតដល់វិវត្តក្លាយជាបដិវត្តន៍ផ្តួលរបបរាជាធិបតេយ្យជាថ្មីម្តងទៀតដែលគេនិយមហៅថា បដិវត្តន៍ខែកក្កដា[២៨] ជាការឆ្លើយតបទៅនឹងកំហឹងមហាជន ព្រះមហាក្សត្ររួមទាំងរជ្ជទាយាទព្រះអង្គព្រះនាមល្វីអង់ធាន់បានដាក់រាជ្យព្រមគ្នាដោយចាត់តាំងព្រះនត្តាក្សត្រានាមអង់រីជាព្រះមហាក្សត្រដោយមានពញាក្សត្រអ័រលីយ៉ុងជាព្រះរាជានុសិទ្ធិ[២៩] ប៉ុន្តែវាបានហួសពេលទៅហើយ ខណៈបដិវត្តន៍បានប្រព្រឹត្តិទៅដោយជោគជ័យ។

រាជាធិបតេយ្យកក្កដា

[កែប្រែ]
រូបគំនូរព្រះបាទល្វីហ្វីលីបទី១ គូសដោយលោកហ្វ្រង់ហ្សាវែរ វីនធឺរហាល់ធឺរ ឆ្នាំ១៨៤១

នៅថ្ងៃទី៩ ខែសីហា ឆ្នាំ១៨៣០ សភាតំណាងរាស្ត្របានជ្រើសរើសពញាក្សត្រអ័រលីយ៉ុងព្រះអង្គម្ចាស់ល្វីហ្វីលីបជា "ព្រះមហាក្សត្រនៃបារាំង"៖ ដោយនេះជាលើកដំបូងចាប់តាំងពីបដិវត្តន៍បារាំងមកដែលស្តេចត្រូវបានតាក់តែងជាព្រះប្រមុខនៃប្រជាជនបារាំង និងមិនមែនប្រមុខរដ្ឋប្រទេសឡើយ។ ទង់ប្រពៃណីពណ៌សរបស់រាជវង្សបួរបុងត្រូវបានជំនួសដោយទង់បារាំងបីឆ្នូត[៣០] ហើយរដ្ឋធម្មនុញ្ញថ្មីមួយត្រូវបានអនុម័តនៅក្នុងខែសីហានៃឆ្នាំដដែរ។[៣១]

ដំណាលគ្នានេះដែរ ដំណើរសញ្ជ័យរបស់បារាំងនៅអាល់ហ្សេរីបានកំពុងបន្តយ៉ាងរស់រវើក ហើយទឹកដីអាណានិគមថ្មីត្រូវបានបង្កើតឡើងនៅឈូងសមុទ្រគីនេ កាបុង ម៉ាដាហ្កាស្កា និងម៉ាយ៉ុត ខណៈដែលកោះតាហ៊ីទីត្រូវបានដាក់ក្រោមអាណាព្យាបាលភាពបារាំង។[៣២]

ទោះបីជាមានកំណែទម្រង់ច្រើនស្របទៅតាមតម្រូវការមហាជនក្ដី ប៉ុន្តែព្រះល្វីហ្វីលីបទ្រង់មិនខុសគ្នាពីព្រះរាជាបារាំងមុនៗប៉ុន្មានឡើយនោះទេ។ វណ្ណៈអភិជនចាស់ៗត្រូវបានជំនួសដោយវណ្ណៈគហបតីទីប្រជុំជន ហើយវណ្ណៈពលករនៅមិនទាន់មានសិទ្ធិពេញលេញក្នុងការបោះឆ្នោតនៅឡើយក្រោមរជ្ជកាលទ្រង់។[៣៣] ថែមពីនេះ ព្រះល្វីហ្វីលីបបានតែងតាំងឥស្សរជនមកពីវណ្ណៈគហបតីមួយចំនួនឱ្យបម្រើជានាយករដ្ឋមន្ត្រីដូចជា ធនាគារិកលោកកាស៊ីមារ ពែរីយ៉េ សាស្ត្រាចារ្យហ្វ្រង់ស្វ័រ ហ្គីហ្សូត៍ និងលោកឧត្តមសេនីយ៍ហ្សង់ដឺឌីអឺ ស៊ូល្ត៍ជាដើម។ របបរាជាធិបតេយ្យកក្កដាគឺសម្បូរទៅដោយរឿងអាស្រូវពុករលួយ និងវិបត្តិហិរញ្ញវត្ថុច្រើនកុះកុញ ដែលនាំឱ្យមានអ្នកប្រឆាំងមានការកើនឡើងដូចជា រាជធម្មានុរូបករ (ក្រុមរាជានិយមគាំទ្រការស្នងរាជ្យតាមពូជពង្ស) អ្នកនិយមបូណាប៉ារត៍ អ្នកគាំទ្ររបបសាធារណរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ។ល។

ដោយឃើញមានកំណើនអ្នកប្រឆាំងនឹងទ្រង់ ព្រះមហាក្សត្របារាំងបានព្យាយាមគាបសង្កត់ក្រុមប្រឆាំងទាំងនោះដោយពិរុទ្ធកម្ម ប៉ុន្តែនៅក្នុងខែកុម្ភៈ ឆ្នាំ១៨៤៨ ក្រោយយុទ្ធនាការបង់កេត្ស៍[៣៤] កុបកម្ម និងការបះបោរផ្សេងៗបានផ្ទុះឡើងពេញទីក្រុងប៉ារីស និងក្រោយបន្តិចមកក៏បានរីករាលដាលទៅពាសពេញផ្ទៃប្រទេស បង្កបង្កើតបដិវត្តខែកុម្ភៈឡើង។ នៅកំឡុងបដិវត្តន៍ កងឆ្មាំជាតិបានបដិសេធមិនទទួលបញ្ជាវាយបង្ក្រាបទៅលើអ្នកបះបោរ ដែលធ្វើឱ្យល្វីហ្វីលីបសម្រេចព្រះទ័យដាក់រាជ្យ ហើយបានភៀសខ្លួនទៅប្រទេសអង់គ្លេស។ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៨៤៨ របបរាជានិយមត្រូវបានលុបបំបាត់ចោលជាបរិបូណ៌ ហើយបើកផ្លូវឱ្យមានការប្រកាសរបបសាធារណរដ្ឋទីពីរឡើង។[៣៥] ថ្វីបើចលនាស្ដាររបបរាជានិយមបានផុសឡើងវិញក្នុងកំឡុងទសវត្សរ៍ឆ្នាំ១៨៧០ ក្ដី ប៉ុន្តែវាត្រូវបរាជ័យនាំឱ្យសាធារណរដ្ឋបារាំងមានរហូតមកដល់សព្វថ្ងៃ។

ទឹកដី និងខេត្ត

[កែប្រែ]
ហ្វ្រង់ស៊ីខាងលិចក្រោមរជ្ជកាលព្រះបាទអ៊ូហ្កេ កាប៉េត៍រវាងឆ្នាំ៩៨៧ និងឆ្នាំ៩៩៦
ផែនទីនៃព្រះរាជាណាចក្របារាំងក្នុងឆ្នាំ១០៣០ ដោយទឹកដីកម្មសិទ្ធិរបស់រាជនគរផ្ទាល់ស្ថិតក្នុងពណ៌ខៀវ
ការវិវត្តនៃទឹកដីបារាំងក្រោមព្រះបាទហ្វីលីបទី២ នៅរវាងឆ្នាំ១១៨០ និងឆ្នាំ១២២៣។

នៅមុនសតវត្សរ៍ទី១៣ ទឹកដីតែមួយផ្នែកតូចនៃប្រទេសបារាំងបច្ចុប្បន្នប៉ុណ្ណោះដែលស្ថិតនៅក្រោមរាជអំណាចផ្ទាល់របស់ស្តេចហ្វ្រង់ស៊ី។ ចំពោះទឹកដីភាគខាងជើងប្រទេសបារាំងបច្ចុប្បន្នកាលនុះកំពុងត្រូវស្ថិតក្រោមការឈ្លានពាន​និងត្រួតត្រាដោយពួកវីគីង រួចក៏បានវិវត្តក្លាយទៅជាពញារដ្ឋន័រម៉ង់ឌី ចំណែកនៅភាគខាងលិចវិញគឺមានរដ្ឋអង់ជូដែលជាគូប្រជែងរបស់ស្តេចបារាំង ហើយនៅចុងសតវត្សរ៍ទី១១ ក៏បានកើតជាចក្រភពប្លុងតាជឺណេត៍ ដែលរាំបញ្ចូលទាំងព្រះរាជាណាចក្រអង់គ្លេសដែរ។ លុះត្រាដែលដល់រជ្ជកាលព្រះបាទហ្វីលីបទី២ ទើបបានបារាំងអាចគ្រប់គ្រងទឹកដីប៉ែកខាងលិចហ្វ្រង់ស៊ីបាន ហើយជាលទ្ធផល ហ្វីលីបក៏បានក្លាយជាអង្គក្សត្របារាំងដំបូងផងដែរដែលបានតែងតាំងខ្លួនថា "ព្រះមហាក្សត្របារាំង" (១១៩០)។ ភាពមិនចុះសម្រុងគ្នារវាងព្រះរាជាអង់គ្លេសវង្សប្លុងតាជឺណេត៍ និងព្រះរាជាបារាំងវង្សកាប៉េត៍បាននាំឱ្យផ្ទុះសង្រ្គាមរយឆ្នាំឡើង ហើយទីបំផុតនៅក្នុងសតវត្សរ៍ទី១៥ ទើបបារាំងអាចគ្រប់គ្រងទឹកដីទាំងប៉ុន្មានដែលខ្លួនបានបាត់បង់ទៅនៅក្នុងសម័យហ្វ្រង់ស៊ីឡើងវិញ។ ចំពោះពេលបច្ចុប្បន្ន ទឹកដីប៉ែកខាងកើតនៃប្រទេសបារាំង ពោលគឺឡូរ៉េន និងអារ៉េឡាត៍ មិនមែនជាទឹកដីដើមនៃហ្វ្រង់ស៊ីខាងលិចនោះទេ ហើយដែនដីទាំងពីរនេះត្រូវបានកាត់បញ្ចូលជាទឹកដីបារាំងនៅក្នុងកំឡុងដើមសម័យទំនើបប៉ុណ្ណោះ។

ទឹកដីមរតកពីហ្វ្រង់ស៊ីខាងលិចរួមមាន៖

ដែនគ្រប់គ្រងដោយស្ដេចហ្វ្រង់ស៊ី (ដែនព្រះរាជា ឬបារាំងហៅថា domaine)

សាមន្តរដ្ឋផ្ទាល់ក្រោមស្តេចបារាំងពីសតវត្សរ៍ទី១០ ដល់ទី១២៖

ឯកសារយោង

[កែប្រែ]
  1. Gallie, Duncan (January 26, 1984). Social Inequality and Class Radicalism in France and Britain. CUP Archive. ល.ស.ប.អ. 9780521257640. https://books.google.com/books?id=kf43AAAAIAAJ&pg=PA208. 
  2. Aldrich, Robert (1996). Greater France: A History of French Overseas Expansion. p. 304. 
  3. Page, Melvin E., រៀ. (2003). Colonialism: An International Social, Cultural, and Political Encyclopedia. ABC-CLIO. p. 218. ល.ស.ប.អ. 9781576073353. https://books.google.com/books?id=qFTHBoRvQbsC&pg=PA218. 
  4. Englund, Steven (2005). Napoleon: A Political Life. Harvard University Press. p. 254. 
  5. Englund, Steven (2005). Napoleon: A Political Life. Harvard University Press. p. 254. 
  6. Price, Roger (2005). A Concise History of France. Cambridge University Press. p. 30. ល.ស.ប.អ. 9780521844802. 
  7. Bradbury, Jim (2007). The Capetians: Kings of France, 987–1328. Bloomsbury Academic. ល.ស.ប.អ. 9781852855284. ; Airlie, Stuart (1993). "Review article: After Empire-recent work on the emergence of post-Carolingian kingdoms". Early Medieval Europe 2 (2): 153–161. DOI:10.1111/j.1468-0254.1993.tb00015.x.
  8. William W. Kibler (1995). Medieval France: An Encyclopedia. Taylor & Francis. p. 879. ល.ស.ប.អ. 9780824044442. https://books.google.com/books?id=MQoKeohhNkMC&pg=PA879. 
  9. Peter Shervey Lewis, Later medieval France: the polity (1968).
  10. Alice Minerva Atkinson, A Brief History of the Hundred Years' War (2012)
  11. Byrne, Joseph P. (2006). Daily life during the Black Death. Greenwood. ល.ស.ប.អ. 9780313332975. https://books.google.com/books?id=UmXsP_6UEYAC. 
  12. James Russell Major, Representative Institutions in Renaissance France, 1421–1559 (1983).
  13. Martin Wolfe, The fiscal system of renaissance France (1972).
  14. Yarrow, Philip John (1974). A literary history of France: Renaissance France 1470–1589. ; Zerner, Henri (2003). Renaissance art in France: the invention of classicism. Flammarion. 
  15. Holt, Mack P. (2005). The French wars of religion, 1562–1629. 
  16. Buisseret, David (1990). Henry IV: King of France. Routledge. ល.ស.ប.អ. 9780044456353. 
  17. Peter H. Wilson, Europe's Tragedy: A History of the Thirty Years' War (2009).
  18. Beik, William (2000). Louis XIV and Absolutism: A Brief Study with Documents. 
  19. McCabe, Ina Baghdiantz (2008). Orientalism in Early Modern France: Eurasian Trade, Exoticism, and the Ancien Régime. Berg. p. 134. ល.ស.ប.អ. 9781847884633. 
  20. "(ជាភាសាបារាំង) La Rome protestante face aux exilés de la foi". Le Temps. 13 July 2010. https://www.letemps.ch/monde/rome-protestante-face-aux-exiles-foi. ; (ជាfr) Le Refuge protestant urbain au temps de la révocation de l'Édit de Nantes. Histoire. Presses universitaires de Rennes. 5 February 2015. pp. 199–215. ល.ស.ប.អ. 9782753531307. http://books.openedition.org/pur/5650. 
  21. Wolf, John B. (1972). Louis XIV. Springer. ល.ស.ប.អ. 9781349014705. 
  22. ២២,០ ២២,១ Daniel Roche, France in the Enlightenment (1998)
  23. Colin Jones, The Great Nation: France from Louis XV to Napoleon (2003)
  24. William Doyle, The French Revolution: A Very Short Introduction (2001)
  25. Sylvia Neely, A Concise History of the French Revolution (2008)
  26. Actes du congrès – vol. 3, 1961, p. 441.; Emmanuel de Waresquiel, 2003, pp. 460–461.
  27. Duc de Dolberg, Castellan, II, 176 (letter 30 April 1827)
  28. Mansel, Philip, Paris Between Empires (St. Martin Press, New York 2001) p. 245.
  29. Bulletin des lois de la République franc̜aise, Vol. 9. Imprimerie nationale. 1831. https://books.google.com/books?id=-KcsAAAAYAAJ&pg=PA18. 
  30. Michel Pastoureau (2001). Les emblèmes de la France. Bonneton. p. 223. 
  31. Barjot, Dominique; Chaline, Jean-Pierre; Encrevé, André (2014). La France au xixe siècle. Presses Universitaires de France. p. 656. 
  32. Barjot, Chaline & Encrevé (2014), pp. 232, 233.
  33. Barjot, Chaline & Encrevé (2014), p. 202.
  34. Barjot, Chaline & Encrevé (2014), pp. 211, 2012.
  35. Barjot, Chaline & Encrevé (2014), pp. 298, 299.