ប្រាសាទឯកភ្នំ
ប្រវត្តិប្រាសាទ
[កែប្រែ]ប្រាសាទឯកភ្នំត្រូវបានកសាង ឡើងនៅស.វទី១១ ក្នុងឆ្នាំ១០២៧ ក្នុងរាជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០) នាសម័យមហានគរដើម្បីឧទ្ទិសថ្វាយអាទិទេពនៃព្រហ្មញ្ញសាសនា ។ ប្រាសាទដ៏ចំណាស់នេះមាន ទីធ្លាប្រមាណ ៣០ម៉ែត្រហើយមានថែវព័ទ្ធជុំវិញប្រាសាទ ពីទិសខាងកើត ទៅទិសខាងលិច មានប្រវែង២៥ម៉ែត្រ ហើយពីទិសខាងត្បូង ទៅទិសខាងជើងមានប្រវែង៤៩ម៉ែត្រ មានរាងបួនជ្រុង ស្មើគ្នាធ្វើអំពីថ្មភក់បែរមុខទៅទិសខាងកើត សង់លើខឿនមួយមានពីរថ្នាក់ មានថែវពទ្ធ័ជុំវិញតួប៉មនៃប្រាសាទ និងកំពែងធ្វើពីថ្មបាយក្រៀមហើយមានគូរទឹកព័ទ្ធជុំវិញផង។ ហើយប្រាសាទនេះមានដើមពោធិ៍ ដុះជុំវិញជាច្រើនដើម បង្កើតអោយជាម្លប់ដ៏ត្រឈឹងត្រឈៃ និងខ្យល់ត្រជាក់បរិសុទ្ធ។ រីឯនៅខាងត្បូងប្រាសាទវិញ មាននៅសល់គូរទឹកដែលបច្ចុប្បន្ន បានក្លាយទៅជាស្រះទឹកសំរាប់ព្រះសង្ឃប្រើប្រាស់ជាប្រចាំ។
ប្រាសាទឯកភ្នំជារមណីយដ្ឋានទេសចរណ៍វប្បធម៌ដែលមានប្រាង្គប្រាសាទបុរាណមួយឈ្មោះថាប្រាសាទឯកភ្នំ មានទីតាំងនៅភូមិ តាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចំងាយ៧គ.ម បែកចេញពីផ្លូវខេត្តលេខ P156 ត្រង់ម្ដុំភូមិថ្កូវ ឃុំក្ដុលដូនទាវ ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងចម្ងាយ១២.២៩គម ពីទីរួមខេត្តបាត់ដំបង។ អ្នកទេសចរអាចធ្វើដំណើដោយមធ្យោបាយ រថយន្ត ម៉ូតូ ប្រើរយៈពេលប្រមាណ២០នាទី។
ប្រាសាទឯកភ្នំមានទីតាំងស្ថិតនៅក្នុងភូមិគម ឃុំពាមឯក ស្រុកឯកភ្នំ ចម្ងាយប្រមាណ៨គីឡូម៉ែត្រខាងជើងក្រុងបាត់ដំបង។ ទីតាំងប្រាសាទសព្វថ្ងៃស្ថិតនៅក្រោយវិហារដែលទើបនឹងធ្វើថ្មី។ ប្រាសាទនេះសង់លើឃឿនថ្មបាយក្រៀមបីថ្នាក់ កម្ពស់ប្រមាណ៣ម៉ែត្រ និងមានគូទឹកព័ទ្ធជុំវិញដោយកាត់ដោយផ្លូវចូលពីខាងកើត និងលិច។ ឡើងតាមជណ្ដើរថ្មបាយក្រៀមនៅទិសខាងកើតទៅដល់ច្រកទ្វារចូលធ្វើពីថ្មភក់ យើងនឹងឃើញតួចម្បងនៃប្រាសាទសង់លើឃឿនថ្មភក់នៅទីតាំងកណ្ដាល។ តួចម្បងនេះព័ទ្ធជុំវិញដោយថែវធ្វើពីថ្មបាយក្រៀម ដែលភ្ជាប់ដោយច្រកចេញចូលពីរធ្វើពីថ្មភក់នៅទិសខាងកើត និងខាងលិច។ តួកណ្ដាលនៃប្រាសាទនេះមានទ្វារចូលពីគ្រប់បួនទិស នៅទិសខាងកើតនៃតួកណ្ដាលមានមណ្ឌប (ជាបន្ទប់ទ្រវែងដែលរត់ភ្ជាប់នឹងតួកណ្ដាល) មួយដែលមានទ្វារចូលពីគ្រប់បួនទិស (ទ្វារខាងលិចនៃមណ្ឌបរត់ត្រង់ទៅកាន់ទ្វារខាងកើតនៃតួកណ្ដាល)។ ផ្នែកនេះធ្វើពីថ្មភក់នៅលើខឿនថ្មបាយក្រៀមដែលស្រោបដោយថ្មភក់នៃផ្នែកខាងក្រៅ។ នៅទិសអាគ្នេយ៍មាននៃមណ្ឌប មានអគារមួយដែលអ្នកស្រុកហៅថា «បន្ទប់កូនក្រមុំ» ក៏ប៉ុន្តែជាទូទៅ គេហៅតាមសៀវភៅថា «បណ្ណាល័យ» ឡើងរត់មាត់ បើទោះជាការពិតមុខងារនៃអគារនេះមិនទាន់ត្រូវបានដឹងឱ្យច្បាស់យ៉ាងណាក្ដី។នៅផ្នែកមណ្ឌប មានតែចម្លាក់នៃទ្វារខាងត្បូងប៉ុណ្ណោះដែលនៅសេសសល់ ឯនៅទិសផ្សេងទៀតធ្លាក់ទៅលើដីបាក់បែករកមើលមិនយល់នោះទេ។ រូបនៅខាងឆ្វេងដៃនេះ ផ្ដែរប្រហែលជាបង្ហាញឈុតរឿងត្រីវិក្រម ដែលយើងឧស្សាហ៍ប្រទះឃើញជារឿយៗ នៅតាមប្រាសាទនានា។ មូលហេតុដែលនាំឱ្យគិតថារូបនេះជាឈុតរឿងត្រីវិក្រម ពីព្រោះហោជាងនៅលើផ្ដែរនេះបង្ហាញឈុតរឿងវិស្ណុអានន្តសាយិន ឬនិយាយឱ្យស្រួលថា ព្រះនារាយណ៍ផ្ទុំ។