ធនាគារអេស៊ីលីដា
ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA BANK PLC.) ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលបានបង្កើតឡើង តាមប្រព័ន្ធច្បាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។ ធនាគារ អេស៊ីលីដា បានចាប់បដិសន្ឋិឡើងនៅក្នុងខែមករា ឆ្នាំ១៩៩៣ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានទិសដៅអភិវឌ្ឍន៍មុខរបរខ្នាតធំបំផុត និនិងខ្នាតធំ តាមរយៈការផ្តល់ឥណទាន ។
នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០០ ធនាគារ អេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណជាធនាគារឯកទេស ពីធនាគារជាតិនៃកម្ពុជា ។ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារ អេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា ដែលធ្វើឲ្យធនាគារ អេស៊ីលីដា មានលទ្ធភាពបំពេញទៅតាមតម្រូវការរបស់អតិថិជននូវសេវាធនាគារបាន ទូទៅ និងទូលំទូលាយថែមទៀត ហើយក៏បានប្តូរឈ្មោះជាផ្លូវការមកជា "ធនាគារ អេស៊ីលីដា ភីអិលស៊ី" ។
ប្រវត្តិធនាគារ
[កែប្រែ]ដោយមានការជួយគាំទ្រពីអង្គការពលកម្មអន្តរជាតិ (ILO) និង កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) អេស៊ីលីដា ត្រូវបានបង្កើតឡើងនៅក្នុងខែមករា ឆ្នាំ១៩៩៣ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលមួយ មានទិសដៅអភិវឌ្ឍន៍មុខរបរខ្នាតតូចបំផុត និងខ្នាតតូច តាមរយៈការផ្តល់ឥណទាន ។ តាំងពីពេលចាប់ផ្តើមដំបូង អេស៊ីលីដា បានទទួលការគាំទ្រពីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសំខាន់ៗ ជាច្រើន ។ ការពង្រីកបណ្ដាញប្រតិបត្តិការគ្របដណ្ដប់ទាំង ២៤ខេត្ត-ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា និងសមត្ថភាពរបស់ធនាគារ ក្នុងការរកប្រាក់ចំណេញដែលធានានូវនិរន្តរភាព គឺជាកត្តាធំពីរ ដែលធ្វើឲ្យក្រុមប្រឹក្សាភិបាល និងដៃគូអន្តរជាតិរបស់ខ្លួនសម្រេចថា ធនាគារ អេស៊ីលីដា គួរធ្វើការកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ ។ ធ្វើបែបនេះ មិនត្រឹមតែជួយពង្រឹងស្ថិរភាពរចនាសម្ព័ន្ធផ្នែកច្បាប់ សម្រាប់បំពេញកាតព្វកិច្ចរបស់ខ្លួនពីមុនមកនោះទេ វាថែមទាំងផ្តល់ឲ្យធនាគារនូវជម្រើសកាន់តែច្រើនក្នុងការរកទុន បន្ថែម (ដូចជាការបន្ថែមដើមទុន ការទទួលប្រាក់បញ្ញើសាធារណៈ ឬការទទួលប្រាក់កម្ចីពាណិជ្ជកម្ម រវាងធនាគារដូចគ្នា) សម្រាប់គាំទ្រដល់ការពង្រីក ការផ្តល់សេវាមីក្រូហិរញ្ញវត្ថុ ដែលជាអាជីវកម្មស្នូលរបស់ខ្លួន ។ ដោយមានការជួយជ្រោមជ្រែងពីស្ថាប័នមួយចំនួនដូចជា ភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិនៃសហរដ្ឋអាមេរិក (USAID) កម្មវិធីអភិវឌ្ឍន៍វិស័យឯកជនតំបន់ទន្លេមេគង្គ (MPDF/IFC) និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ធ្វើឲ្យកម្មវិធីកម្លាយខ្លួនរយៈពេលបីឆ្នាំមួយ ត្រូវបានលើកឡើងនៅឆ្នាំ១៩៩៨ ហើយសម្រេចជោគជ័យ ដោយទទួលបានអាជ្ញាប័ណ្ណជាធនាគារឯកទេស នៅក្នុងខែតុលា ឆ្នាំ២០០០ ។
នៅក្នុងដំណើការកម្លាយខ្លួននេះ អង្គការក្រៅរដ្ឋាភិបាលអេស៊ីលីដាដើម បានបង្វែរទ្រព្យសកម្ម និងបំណុលក្នុងដៃអតិថិជន (ប្រាក់កម្ចីរយៈពេលវែង ដែលទទួលបានពីម្ចាស់ជំនួយ) ទៅកាន់ធនាគារ អេស៊ីលីដា ដែលទើបបង្កើតថ្មី ដោយប្តូរត្រឡប់ទៅវិញជាភាគហ៊ុន ៤៤,៩១% របស់ធនាគារស្មើនឹង ៤ លានដុល្លារអាមេរិក សមាគមបុគ្គលិកអេស៊ីលីដា ដែលបានបង្កើតឡើងដោយមូលនិធិរបស់បុគ្គលិក បានទិញភាគហ៊ុនចំនួន ៦,០៩% ហើយចំណែកដែលនៅសល់ ៤៩% ទៀតត្រូវបានបែងចែកទៅឲ្យភាគទុនិកបរទេសចំនួនបួនគឺ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (សាខារបស់ធនាគារពិភពលោក), DEG (ប្រទេសអាល្លឺម៉ង់), FMO និង ធនាគារទ្រីយ៉ូដូស (ប្រទេសហុល្លង់ដ៍) ។ នាពេលអនាគត ធនាគារ អេស៊ីលីដា អាចនឹងមានវត្តមាននៅក្នុងទីផ្សារភាគហ៊ុន ក្នុងពេលសមស្របណាមួយ ។
បន្ទាប់ ពីបង្កើនដើមទុនរបស់ខ្លួនមួយទ្វេរជាបី ឡើងដល់ ១៣លានដុល្លារអាមេរិក ធនាគារ អេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ហើយត្រូវប្តូរឈ្មោះមកជា "ធនាគារ អេស៊ីលីដា ភីអិលស៊ី" ។ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៦ ធនាគារអេស៊ីលីដា បានប្រកាសពីការបង្កើនដើមទុនដែលមានពី ១៣.០០០.០០០ដុល្លារអាមេរិក ទៅដល់ ៣០.០០០.០០០ដុល្លារអាមេរិក ។ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០០៨ ធនាគារ អេស៊ីលីដា បានប្រារព្ធពិធីគំរប់ខួបទី១៥ឆ្នាំនៃការធ្វើប្រតិបត្តិការរបស់ ខ្លួន និងបានប្រកាសបង្កើនដើមទុនរបស់ខ្លួនពី ៣០.០០០.០០០ដុល្លារអាមេរិក ទៅ ៥០.០០០.០០០ដុល្លារអាមេរិក ។
ចាប់តាំងពីឆ្នាំ២០០០ មក ធនាគារ អេស៊ីលីដា បានធ្វើការពង្រីកអាជីវកម្មរបស់ខ្លួនយ៉ាងលឿន ជាមួយនឹងអត្រាកើនឡើងជាមធ្យមនៃចំនួនទឹកប្រាក់ឥណទានសរុប ៤៦,១៩% ក្នុងមួយឆ្នាំ ។ នាចុងឆ្នាំ២០០៦ ធនាគារ អេស៊ីលីដា មានសមតុល្យឥណទានសរុបប្រមាណ ១៥៨,៥លានដុល្លារអាមេរិក នៅលើដៃអតិថិជនជាង ១៥៩.៩០០នាក់ ដែលក្នុងនោះមាន ៦០.៥៩% ជាស្ត្រី ។ ធនាគារ អេស៊ីលីដា កាន់កាប់ទីផ្សារបានប្រមាណ ១៨% នៃទំហំទីផ្សារឥណទានសរុប ហើយនឹងបន្តកើនឡើងបន្ថែមទៀត និង មានទ្រព្យសកម្មលើសពី ២២២លានដុល្លារអាមេរិក ។ បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានបុគ្គលិកសរុប ៥.៦១០ កំពុងបម្រើការងារនៅក្នុង ២១៩ការិយាល័យ ដែលគ្របដណ្តប់ ២៤ខេត្ត-ក្រុងនៃព្រះរាជាណាចក្រកម្ពុជា ។ធនាគារ អេស៊ីលីដា ត្រូវបានធ្វើសវនកម្មតាមធម្មនិយាមអន្តរជាតិដោយ ប្រាយវ័តធ័រហាវខូភើស៍ និង មានក្រុមប្រឹក្សាច្បាប់មួយនៅទីក្រុងភ្នំពេញ គឺ Sciaroni & Associates ។
សេវាកម្មនិងការិយាល័យ
[កែប្រែ]ក្រៅពីសេវាឥណទាន និងសេវាបញ្ញើ-សន្សំ ធនាគារ អេស៊ីលីដា មានបម្រើជូននូវសេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេសតាមរយៈ Western Union និង SWIFT (សង្គមជុំវិញពិភពលោកសម្រាប់ទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរជាតិ) ។ សេវាហិរញ្ញប្បទានពាណិជ្ជកម្ម រួមមាន ៖ Documentary Collection, សេវាលិខិតឥណទាន, សេវាលិខិតធានា និង សេវាចាត់ចែងសាច់ប្រាក់ មានដូចជា ៖ សេវាប្តូរប្រាក់, សេវា Standing Order / Direct Debit, សេវាទូទាត់សាច់ប្រាក់, សេវា Cash Consolidation Accounts, សេវាបើកប្រាក់បៀវត្ស, សេវាលិខិតអះអាងលើគណនីនិងព័ត៌មានអតិថិជន, សេវាមូលប្បទានបត្រសាច់ប្រាក់, សេវាប្រមូលសាច់ប្រាក់, សេវាមូលប្បទានបត្រទេសចរណ៍, សេវាទិញមូលប្បទានបត្របរទេស, សេវាមូលប្បទានប័ណ្ណ និងសេវាធនាគារដទៃជាច្រើនទៀត។
ការិយាល័យកណ្ដាល របស់ធនាគារ អេស៊ីលីដា មានទីតាំងស្ថិតនៅក្នុងទីក្រុងភ្នំពេញ ជាមួយនឹងបណ្ដាញប្រតិបត្តិការគ្របដណ្ដប់ ក្រុងភ្នំពេញ, ខេត្តបន្ទាយមានជ័យ, ខេត្តបាត់ដំបង, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ចាម, ខេត្តកណ្ដាល, ខេត្តកោះកុង, ខេត្តកំពត, ក្រុងកែប, ខេត្តកំពង់ស្ពឺ, ខេត្តក្រចេះ, ខេត្តកំពង់ធំ, ខេត្តមណ្ឌលគិរី, ខេត្តឧត្តរមានជ័យ, ក្រុងប៉ៃលិន, ខេត្តពោធិ៍សាត់, ខេត្តព្រៃវែង, ខេត្តព្រះវិហារ, ខេត្តរតនគិរី, ក្រុងព្រះសីហនុ, ខេត្តសៀមរាប, ខេត្តស្ទឹងត្រែង, ខេត្តស្វាយរៀង, និង ខេត្តតាកែវ ។
ទស្សនៈនិងបេសកកម្ម
[កែប្រែ]ទស្សនៈ ជាធនាគារពាណិជ្ជនាំមុខដែលលោកអ្នកជឿទុកចិត្តបំផុតនៅប្រទេសកម្ពុជា ក្នុងការផ្តល់ និងបម្រើសេវាកម្មហិរញ្ញវត្ថុ ជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍។
បេសកកម្ម ធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មប្រកបដោយនវានុវត្តន៍ និងសុវត្ថិភាព ដើម្បីជាមធ្យោបាយក្នុងការគ្រប់គ្រង ចាត់ចែងធនធានហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាពខ្ពស់។ យើងប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍សីលធម៌ វិជ្ជាជីវៈ សង្គម ច្បាប់ និងបរិស្ថានប្រកបដោយកម្រិតខ្ពស់បំផុត ក្នុងគោលបំណងលើកស្ទួយជីវភាពរស់នៅឱ្យប្រសើរឡើង និងបង្កើនអត្ថប្រយោជន៍ជូនដល់គ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូលប្រកបដោយនិរន្តរភាព។
គតិពេចន៍ ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត។
ក្រុមប្រឹក្សាភិបាល
[កែប្រែ]- លោក ឆាយ សឿន ប្រធានក្រុមប្រឹក្សាភិបាល
- បណ្ឌិត អ៊ិន ចាន់នី អភិបាល
- លោក Pieter Kooi អភិបាល
- លោកស្រី ភូរិ រតនា អភិបាល
- លោក Albertus Bruggink អភិបាល
- បណ្ឌិត ហេង ឌីណា អភិបាល
- លោក កាយ ឡូត អភិបាល
គណៈកម្មាធិការប្រតិបត្តិ
[កែប្រែ]- បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ
- លោកស្រី ម៉ារ អមរា គណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់ហិរញ្ញវត្ថុ
- លោក លី ថៃ គណៈប្រធាននាយកប្រតិបត្តិជាន់ខ្ពស់អភិបាលកិច្ច
- លោកស្រី ប៊ុត ប៊ុនសីហា គណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់នីតិកម្ម និងលេខាធិការក្រុមហ៊ុន
- លោក ម៉ាច់ ធារី គណៈប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ព័ត៌មានវិទ្យា
- លោកស្រី សុខ សោភា គណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ
- បណ្ឌិត ឡឹង សុភាព គណៈប្រធាននាយកប្រតិបត្តិហានិភ័យ
- លោក យិន វីរៈ គណៈប្រធាននាយកប្រតិបត្តិរតនាភិបាល