Jump to content

ចក្រភពអូទ្រីស

ពីវិគីភីឌា
ចក្រភពអូទ្រីស

១៨០៤–១៨៦៧
ភ្លេងជាតិ
Gott erhalte Franz den Kaiser
"សូមព្រះជាម្ចាស់រក្សាព្រះអធិរាជហ្រ្វង់ស្វ័រ"

ទឹកដីនៃចក្រភពអូទ្រីសក្នុងឆ្នាំ១៨១៥ (ព្រំដែននៃសហព័ន្ធអាល្លឺម៉ង់គឺជាខ្សែបន្ទាត់ខ្មៅអុជៗ)
ទឹកដីនៃចក្រភពអូទ្រីសក្នុងឆ្នាំ១៨១៥ (ព្រំដែននៃសហព័ន្ធអាល្លឺម៉ង់គឺជាខ្សែបន្ទាត់ខ្មៅអុជៗ)
វិសាលភាពទឹកដីនៃចក្រភពអូទ្រីស (១៨៤៦–១៨៥៩)
វិសាលភាពទឹកដីនៃចក្រភពអូទ្រីស (១៨៤៦–១៨៥៩)
រាជធានីវីយែន
ភាសាទូទៅ អាល្លឺម៉ង់ ហុងគ្រី ឆែក ស្លូវ៉ាគី ប៉ូឡូញ រូស៊ីន ស្លូវេនី ក្រូអាត ស៊ែប៊ី រួម៉ានី លុមបារត៍ វីនីស៊ី ឡាដង់ អ៊ីតាលី អ៊ុយក្រែន យីឌីស
សាសនា
ភាគច្រើន៖
រ៉ូម៉ាំងកាតូលិក (ផ្លូវការ)
ភាគតិច៖
លទ្ធិលូទែរ លទ្ធិកាល់វីន អូស្សូដក់បូព៌ា កាតូលិកបូព៌ា យូដាសាសនា
រដ្ឋាភិបាល
ព្រះអធិរាជ 
▪ ១៨០៤–១៨៣៥
ហ្រ្វង់ស្វ័រទី១
▪ ១៨៣៥–១៨៤៨
ហ៊្វែឌីណង់ទី១
▪ ១៨៤៨–១៩១៦
ហ្វ្រង់ស្វ័រ ចូសែហ្វទី១
ប្រធានរដ្ឋមន្ត្រី 
▪ ១៨២១–១៨៤៨
ក្លេមែនស៍ វន មេទឹរនិច (ដំបូង)
▪ ១៨៦៧
ហ្វ្រីឌ្រិច ហ៊្វែឌីណង់ វ៉ន ប៊ូសត៍ (ក្រោយ)
នីតិបញ្ញត្តិក្រុមប្រឹក្សារាជាធិរាជ
ព្រឹទ្ធសភា
សភាតំណាងរាស្រ្ត
សម័យកាលប្រវត្តិសាស្រ្តសតវត្សរ៍ទី១៩
▪ ប្រកាសបង្កើត
១១ សីហា ១៨០៤
៦ សីហា ១៨០៦
៨ មិថុនា ១៨១៥
១៣ មីនា​ ១៨៤៨
២០ តុលា ១៨៦០
១៤ មិថុនា ១៨៦៦
៣០ មីនា ១៨៦៧
ក្រឡាផ្ទៃ
១៨០៤៦៩៨៧០០ គ.ម (២៦៩៨០០ ម៉ាយ ក.)
ប្រជាជន
• ប៉ាន់ស្មាន (ឆ្នាំ ១៨៤៣)
៣៧,៥០០,០០០
រូបិយវត្ថុ
Preceded by
Succeeded by
ចក្រភពរ៉ូម៉ាំងពិសិដ្ឋ
ព្រះឱរសាធិរាជណាចក្រអូទ្រីស
រាជាធិបតេយ្យហាបស្បួក
ចក្រភពអូទ្រីស-ហុងគ្រី

ចក្រភពអូទ្រីស (ភាសាអាល្លឺម៉ង់៖ Kaiserthum Oesterreich, បច្ចុប្បន្នសរសេរបានថា៖ Kaiserthum Österreich) គឺជារដ្ឋមហាអំណាចពហុជាតិមួយដែលមានទីតាំងភូមិសាស្រ្តស្ថិតនៅតំបន់អឺរ៉ុបកណ្តាលចាប់ពីឆ្នាំ១៨០៤ រហូតដល់ឆ្នាំ១៨៦៧ ក្រោមអំណាចនៃរាជវង្សហាបស្បួក។ ចក្រភពអូទ្រីសគឺជារដ្ឋចក្រភពដែលមានចំនួនប្រជាជនច្រើនបំផុតទីបីនៅទ្វីបអឺរ៉ុបបន្ទាប់ពីចក្រភពរុស្ស៊ី និងចក្រភពអង់គ្លេស។ រួមជាមួយនឹងរាជាណាចក្រព្រុស ចក្រភពអូទ្រីសគឺជារដ្ឋមហាអំណាចធំបំផុតទីពីរដែលស្ថិតនៅក្នុងសហព័ន្ធអាល្លឺម៉ង់។ យោងតាមការសិក្សាភូមិសាស្រ្ត វាគឺជាចក្រភពដែលមានវិសាលភាពទឹកដីធំបំផុតទីបីនៅទ្វីបអឺរ៉ុបបន្ទាប់ពីចក្រភពរុស្ស៊ី និងចក្រភពបារាំងទីមួយ

ដោយត្រូវរងការគំរាមកំហែងពីចក្រភពបារាំងទីមួយរបស់ព្រះអធិរាជណាប៉ូលេអុងទី១ ព្រះរាជាអូទ្រីសគឺព្រះបាទហ្រ្វង់ស្វ័រទី២ ក៏បានប្រកាសបង្កើតអាណាចក្រមួយនេះឡើងនៅក្នុងឆ្នាំ១៨០៤ ដោយបង្រួបបង្រួមទឹកដីកម្មសិទ្ធិរាជវង្សហាបស្បួកទាំងអស់ឱ្យស្ថិតនៅក្រោមអំណាចរដ្ឋាភិបាលតែមួយ។ តែទោះជាយ៉ាងណា ចក្រភពអូទ្រីសនៅបន្តជាផ្នែកមួយនៃចក្រភពរ៉ូម៉ាំងពិសិដ្ឋរហូតដល់ឆ្នាំ១៨០៦ ក្រោយចក្រភពរ៉ូម៉ាំងពិសិដ្ឋនោះបានរំលាយ។ អូទ្រីសនៅបន្តប្រយុទ្ធប្រឆាំងនឹងចក្រភពបារាំងនៅក្នុងសង្គ្រាមណាប៉ូលេអូនិក លើកលែងតែចាប់ពីឆ្នាំ១៨០៩​ ដល់ឆ្នាំ១៨១៣ នៅពេលដែលអូទ្រីសត្រូវបានបារាំងបង្ខំឱ្យចងសម្ព័ន្ធភាពជាមួយនឹងខ្លួន។ នៅក្នុងសង្គ្រាមសម្ព័ន្ធភាពទីប្រាំមួយ អូទ្រីសបានចុះចូលជាមួយកម្លាំងសម្ព័ន្ធមិត្តវិញដោយរួមគ្នាវាយបារាំងរហូតដល់បានជ័យជម្នះនៅក្នុងឆ្នាំ១៨១៤ និងម្តងទៀតក្នុងឆ្នាំ១៨១៥។ សមាជទីក្រុងវីយែនត្រូវបានប្រព្រឹត្តិធ្វើឡើងដើម្បីបញ្ចប់សង្គ្រាម ហើយវាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាគោលចំហរអូទ្រីសជាមហាអំណាចដ៏ខ្លាំងក្លាមួយប្រចាំសតវត្សរ៍ទី១៩។

ព្រះរាជាណាចក្រហុងគ្រីថ្វីបើស្ថិតនៅក្រោមរាជវង្សហាបស្បួកមែន ប៉ុន្តែរដ្ឋនេះមានស្ថាប័នគ្រប់គ្រងផ្ទាល់ខ្លួនដាច់ដោយឡែកពីចក្រភពអូទ្រីសទាំងមូល។ បន្ទាប់ពីអូទ្រីសបានទទួលបរាជ័យក្នុងសង្គ្រាមព្រុស-អូទ្រីសនៅក្នុងឆ្នាំ១៨៦៦ កិច្ចព្រមព្រៀងអូទ្រីស-ហុងគ្រីឆ្នាំ១៨៦៧ ក៏ត្រូវបានអនុម័តឡើង ហើយរាជាណាចក្រហុងគ្រីរួមជាមួយចក្រភពអូទ្រីសក៏ត្រូវបានបញ្ចូលរួមគ្នាបង្កើតជាចក្រភពអូទ្រីស-ហុងគ្រី

ប្រវត្តិសាស្រ្ត

[កែប្រែ]

និម្មិតកម្ម

[កែប្រែ]

ទម្រង់រចនាសម្ព័ន្ធជាច្រើននៃចក្រភពរ៉ូម៉ាំងពិសិដ្ឋត្រូវបានឆ្លងកាត់ការកែតម្រូវតាមរយៈកិច្ចប្រជុំសន្ធិសីទនៅឯទីក្រុងរ៉ាស្តាត (១៧៩៧-១៧៩៩) និងក្រុងរ៉ាធីសប៊ន (១៨០១-១៨០៣)។ នៅខែមីនា ឆ្នាំ១៨០៣ កិច្ចបញ្ឈប់រាជាធិរាជ (ភាសាអាល្លឺម៉ង់៖ Reichsdeputationshauptschluss) ត្រូវបានប្រកាសដោយវាបានកំណត់ចំនួនរដ្ឋសាសនា (រដ្ឋសាសនាគឺជាពាក្យសម្តៅលើរដ្ឋមួយចំនួនធំដែលស្ថិតក្នុងចក្រភពរ៉ូម៉ាំងពិសិដ្ឋ) ពី ៨១ មកត្រឹមតែ ៣ រដ្ឋហើយបុរីរាជាធិរាជសេរីត្រូវបានបន្ថយពីចំនួន ៥១ មកនៅត្រឹមតែ ៦ រដ្ឋ។ គេចាត់វិធានការមួយនេះឡើងគឺដើម្បីជំនួសរដ្ឋធម្មនុញ្ញចាស់នៃចក្រភពរ៉ូម៉ាំងពិសិដ្ឋ ប៉ុន្តែផ្ទុយទៅវិញ វាគឺជាមូលហេតុដើមមួយដែលនាំឱ្យចក្រភពទាំងមូលត្រូវដួលរលំ។[] ដោយប្រឈមនឹងការផ្លាស់ប្តូរដ៏ធំបែបនេះ ព្រះចៅអធិរាជរ៉ូម៉ាំងពិសិដ្ឋព្រះនាមហ្រ្វង់ស្វ័រទី២ ក៏បានបង្កើតគោរមងារថ្មីសម្រាប់ព្រះអង្គផ្ទាល់ និងអ្នកស្នងរាជជាបន្តបន្ទាប់ពីទ្រង់ ពោលគឺព្រះអធិរាជអូទ្រីស។ គោលបំណងក្រោយការបង្កើតគោរមងារ និងអាណាចក្រថ្មីនេះគឺដើម្បីការពារអំណាច និងអត្ថិភាពខ្សែរាជវង្សហាបស្បួកព្រោះព្រះអង្គដឹងថាមុននិងឆាប់ ចក្រភពរ៉ូម៉ាំងពិសិដ្ឋនឹងត្រូវដួលរលំជាក់ជាមិនខាន ឬនឹងត្រូវអធិរាជបារាំងថ្មីព្រះចៅណាប៉ូលេអុងទី១ ដណ្តើមរាជបល្ល័ង្កសោយរាជ្យពីព្រះអង្គ។ ពីដំបូង ព្រះហ្វ្រង់ស្វ័របានគ្រងរាជ្យដោយកាន់គោរមងារទាំងពីរ ប៉ុន្តែនៅក្នុងឆ្នាំ១៨០៦ ទ្រង់ក៏សម្រេចបោះបង់រាជតំណែងជាអធិរាជនៃចក្រភពរ៉ូម៉ាំងពិសិដ្ឋ។

ចក្រភពអូទ្រីសថ្មីនេះគឺលាតសន្ធឹងលើទឹកដីទាំងអស់ដែលស្ថិតនៅក្រោមអធិបតេយ្យភាពនៃរាជាធិបតេយ្យហាបស្បួក ជាជាងចំណងឯកត្តសហភាពរវាងហាបស្បួក និងដែនដីពួកគេដូចពីមុន។ ចក្រភពអូទ្រីសមានតែឈ្មោះជាឯករដ្ឋប៉ុណ្ណោះ ប៉ុន្តែទម្រង់រចនាសម្ព័ន្ធរដ្ឋជាក់ស្តែងនៅតែមានលក្ខណៈជាទឹកដីដាច់ពីគ្នាក្រោមរាជាធិបតេយ្យចម្រុះដូចមុនអញ្ចឹងដែរ។ ពិសេសដូចដែលបានឃើញក្នុងករណីព្រះរាជាណាចក្រហុងគ្រី ដែលជាប្រទេសមួយស្ថិតនៅក្រៅឥទ្ធិពលនៃចក្រភពរ៉ូម៉ាំងពិសិដ្ឋ ហើយជារឿយៗតែងតែត្រូវគេចាត់ទុកជារដ្ឋនគរដាច់ដោយឡែក (ថ្ចីបើទឹកដីហុងគ្រីស្ថិតនៅក្នុងចក្រភពអូទ្រីស)។ ស្ថានការណ៍របស់រដ្ឋហុងគ្រីត្រូវបានគេចារបញ្ជាក់នៅក្នុងមាត្រា ១០ ដែលបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញហុងគ្រីឆ្នាំ១៧៩០ ដោយបានចែងហុងគ្រីថាជា Regnum Independens។ កិច្ចការងារប្រទេសជាតិហុងគ្រីនៅតែបន្តគ្រប់គ្រងដោយស្ថាប័នខ្លួនផ្ទាល់ដូចពីមុនដដែរ ហើយមិនប៉ះពាល់អ្វីជាមួយស្ថាប័នរាជាធិរាជរបស់អូទ្រីសឡើយ។[][][]

ចក្រភពរ៉ូម៉ាំងពិសិដ្ឋបានដួលរលំ និងត្រូវរំលាយចោលជាផ្លូវការបន្ទាប់ពីកិច្ចអន្តរាគមន៍ពីចក្រភពបារាំងនៅខែកញ្ញា ឆ្នាំ១៨០៥។ នៅថ្ងែទី២០ ខែតុលា ឆ្នាំ១៨០៥ កងទ័ពណាប៉ូលេអុងបារាំងបានច្បាំងឈ្នះលើកងកម្លាំងអូទ្រីសក្រោមបញ្ជាការរបស់លោកឧត្តមសេនីយ៍កាល់ ម៉ាក វន លែបអ៊ែរិចនៅក្បែរទីក្រុងអ៊ូម។ ជាលទ្ធផល កងទ័ពអូទ្រីសប្រមាណ ២០,០០០ នាក់ត្រូវបានចាប់ខ្លួន ហើយកាំភ្លើងធំមួយចំនួនត្រូវបានរឹបអូសដោយបារាំង។ ណាប៉ូលេអុងបានបន្តទទួលជ័យជម្នះជាបន្តបន្ទាប់ ពិសេសនៅក្នុងសមរភូមិអ៊ូស្ទែរលីត្ស៍នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៨០៥។ ព្រះចៅហ្រ្វង់ស្វ័របានបង្ខំធ្វើកិច្ចចរចាសន្តិភាពជាមួយបារាំងចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែធ្នូ ហើយទីបំផុតក៏បង្កើតជាយុទ្ធសន្តិភាពដែលចេញជាធរមាននៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ១៨០៥។

ជ័យជម្នះរបស់បារាំងបានជំរុញឱ្យមេដឹកនាំនៅតាមរដ្ឋតំបន់រាជាធិរាជមួយចំនួនចងសម្ព័ន្ធភាពជាមួយបារាំង និងប្រកាសឯករាជ្យចេញពីអាណាចក្រអូទ្រីស។ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៨០៥ ចៅព្រះពញាម៉ាស៊ីមីលានទី៤ នៃនគរបាវីយែរបានប្រកាសខ្លួនជាព្រះមហាក្សត្របាវីយែរ និងតម្លើងនគរព្រះអង្គជាព្រះរាជាណាចក្រ ហើយជាបន្ទាប់ ចៅព្រះពញាហ្រ្វេដេរីកទី៣ នៃរដ្ឋនគរវួធឹមប៊ឺកក៏បានធ្វើត្រាប់តាមដូចគ្នា។ ព្រះពញាបច្ចន្តជនបទនៃបាដ៍ព្រះអង្គឆាលស៍ ហ្វ្រីឌ្រិច ទ្រង់បានទទួលគោរមងារជាព្រះមហាពញាក្សត្រនៃបាដ៍នៅថ្ងៃទី១២ ខែធ្នូ។ រដ្ឋទាំងប៉ុន្មានខាងលើសុទ្ធតែបានក្លាយជាសម្ព័ន្ធមិត្តនឹងប្រទេសបារាំងជាលទ្ធផល។[]

ព្រះហ្រ្វង់ស្វ័រទី២ បានយល់ស្របចុះលើសន្ធិសញ្ញាទីក្រុងប្រែសប៊ួរនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៨០៥ ដោយក្នុងនោះ ព្រះអង្គបានបង្ខំខ្លួនទទួលស្គាល់សម្ព័ន្ធមិត្តថ្មីរបស់បារាំងរួចបានកាត់ទឹកដីមួយភាគទៅឱ្យរដ្ឋទាំងនោះ និងព្រមទាំងព្រះរាជាណាចក្រអ៊ីតាលីផងដែរ។ កិច្ចព្រមព្រៀងទាំងនេះបានបញ្ជាក់ពីការរំលាយចក្រភពរ៉ូម៉ាំងពិសិដ្ឋជាស្ថាពរ ហើយនិងការរៀបចំរចនាឡើងវិញនៃបណ្ដារដ្ឋនគរអាល្លឺម៉ង់ក្រោមអំណាចបារាំង។ ឥទ្ធិពលអំណាចដែលអូទ្រីសធ្លាប់មានលើរដ្ឋអាល្លឺម៉ង់ទាំងនោះត្រូវបានរំលាយចោលទាំងស្រុង។

នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៨០៦ សហព័ន្ធរ៉ាំងត្រូវបានបង្កើតឡើងដោយមានរដ្ឋអធិបតេយ្យចំនួន ១៦ ជាសមាជិកក្រោមឥទ្ធិពលរបស់បារាំង ហើយវាត្រូវបានគេចាត់ទុកថាជាប្រព័ន្ធរដ្ឋស្នងបន្តពីចក្រភពរ៉ូម៉ាំងពិសិដ្ឋ។ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៨០៦ ព្រះហ្រ្វង់ស្វ័របានប្រកាសរំលាយចក្រភពរ៉ូម៉ាំងពិសិដ្ឋជាផ្លូវការដោយមិនចង់ឱ្យស្ថាប័នអំណាចនៃចក្រភពនេះធ្លាក់ក្នុងដៃណាប៉ូលេអុង។

ការំលាយចក្រភពដ៏ចំណាស់ពាន់ឆ្នាំនេះមិនត្រូវបានទទួសស្គាល់ដោយព្រះបាទចចនៃចក្រភពអង់គ្លេសឡើយព្រោះអំណាចរបស់ព្រះអង្គលើរដ្ឋអាល្លឺម៉ង់មួយចំនួនដូចជា ហាណូវើ និងសាចសិន-ឡោអិនបួកជាដើមត្រូវបាត់បង់ភាពស្របច្បាប់។ មិនតែប៉ុណ្ណោះ ទាំងហាណូវើ និងសាចសិន-ឡោអិនបួកត្រូវបានកាត់ចូលទៅក្នុងរដ្ឋរណបបារាំងគឺព្រះរាជាណាចក្រវែស្តហ្វាលីដោយគ្មានកិច្ចព្រមព្រៀងអ្វីជាមួយនឹងអង់គ្លេសឡើយ។

សម័យមេទឹរនិច

[កែប្រែ]

លោកក្លេមែនស៍ វន មេទឹរនិចបានក្លាយជារដ្ឋមន្រ្តីក្រសួងការបរទេសរបស់អូទ្រីសនៅក្នុងឆ្នាំ១៨០៩។ លោកក៏បានកាន់តំណែងជាអធិការបតីផងដែរពីឆ្នាំ១៨២១ រហូតដល់ឆ្នាំ១៨៤៨ ក្រោមរជ្ជកាលព្រះចៅហ្វ្រង់ស្វ័រទី១ និងបុត្រាព្រះអង្គព្រះនាមហ៊្វែឌីណង់ទី១។ គេបានសម្តៅទៅចន្លោះឆ្នាំ១៨១៥ និងឆ្នាំ១៨៤៨ ក្រោមការដឹកនាំរបស់លោកថា"យុគសម័យមេទឹរនិច"។[] ក្នុងអំឡុងពេលកាន់អំណាច លោកមេទឹរនិចគឺជាអ្នកមានអំណាចគ្រប់គ្រងលើគោលនយោបាយការបរទេសរបស់រាជវង្សហាបស្បួក ហើយកិច្ចការរបស់លោកនីមួយៗបានជះឥទ្ធិពលយ៉ាងខ្លាំងសម្បាដល់វិស័យនយោបាយនៅទូទាំងទ្វីបអឺរ៉ុប។ មេទឹរនិចត្រូវបានគេស្គាល់ភាគច្រើនដោយសារតែទស្សនៈ និងការអនុវត្តបែបអភិរក្សនិយមរបស់លោកក្នុងការដោះស្រាយបញ្ហានយោបាយផ្សេងៗដែលនាំឱ្យគោលនយោបាយរបស់លោកមានលក្ខណៈប្រឆាំងនឹងបដិវត្តន៍ និងលទ្ធិសេរីនិយម។[] តាមគំនិតមតិរបស់លោក លទ្ធិសេរីនិយមនេះហើយគឺជាទម្រង់នៃបដិវត្តន៍ស្របច្បាប់។[] ម្យ៉ាងទៀត លោកមេទឹរនិចគាត់ជឿថាមានតែរាជាធិបតេយ្យផ្តាច់ការប៉ុណ្ណោះដែលជាទម្រង់រដ្ឋាភិបាលត្រឹមត្រូវ។[១០] គំនិតខាងលើទាំងប៉ុន្មានបានជះឥទ្ធិពលដល់គោលនយោបាយប្រឆាំងនឹងបដិវត្តន៍របស់លោកក្នុងគោលបំណងបន្តរក្សាអត្ថិភាពរាជវង្សហាបស្បួកនៅលើឆាកនយោបាយអឺរ៉ុប។ លោកមេទឹរនិចតែងអនុវត្តគោលនយោបាយការទូតអាស្រ័យលើតុល្យភាពអំណាច។[១១] លើសពីនេះ ទិសដៅគោលនយោបាយការបរទេសមេទឹរនិចគឺត្រូវរក្សាលំនឹងនយោបាយអន្តរជាតិ ហើយជាបន្តបន្ទាប់វានឹងអាចរក្សាសិទ្ធិអំណាច និងឥទ្ធិពលហាបស្បួកនៅក្នុងកិច្ចការងារអន្តរជាតិផ្សេងៗ។ លោកមេទឹរនិចបានក្លាយជាប្រធានស្ថាបនិកនៃសមាជទីក្រុងវីយែនឆ្នាំ១៨១៥ បន្ទាប់ពីសង្គ្រាមណាប៉ូលេអូនិកបានបញ្ចប់។[១១] ដោយកិច្ចខិតខំប្រឹងប្រែងរបស់លោក ចក្រភពអូទ្រីសបានទទួលផលប្រយោជន៍ច្រើនជាងរដ្ឋដទៃៗឯទៀតនៅក្នុងសមាជនោះ ហើយជាលទ្ធផល អូទ្រីសបានចងសម្ព័ន្ធភាពជាមួយចក្រភពអង់គ្លេស ព្រុស និងប្រទេសរុស្ស៊ីបង្កើតចេញជាសម្ព័ន្ធភាពចតុភាគី[] ចក្រភពអូទ្រីសថែមទាំងទទួលបានទឹកដីថ្មីៗទៀតផងពីសមាជក្រុងវីយែន ហើយអំណាចឥទ្ធិពលអូទ្រីសបានរីកភាយសាយចូលទៅតំបន់ភាគខាងជើងនៃប្រទេសតាមរយៈសហព័ន្ធអាល្លឺម៉ង់ និងព្រមទាំងរដ្ឋអ៊ីតាលីមួយចំនួនផងដែរ។[] ដោយសារតែសមាជក្រុងវីយែននេះផងដែរបានជាអូទ្រីសក្លាយខ្លួចជារដ្ឋមហាអំណាចដឹកនាំសហព័ន្ធអាល្លឺម៉ង់ថ្មី។[១២] ក្រោយពីការប្រជុំសមាជរួច មហាអំណាចធំៗទូទាំងអឺរ៉ុបបានយល់ស្របនឹងគ្នាក្នុងការបង្កើតកិច្ចប្រជុំផ្សេងៗនៅពេលអនាគតបន្ថែមដើម្បីស្វះស្វែងរកដំណោះស្រាយចំពោះជម្លោះ ឬបញ្ហាបដិវត្តន៍នានាដែលអាចកើតមាន។ ក៏ព្រោះតែតួនាទីដ៏សំខាន់របស់មេទឹរនិចនៅក្នុងសមាជនោះ ដូច្នេះហើយបានជាអ្នកខ្លះបានសម្ដៅលើសមាជក្រុងវីយែនថា "កិច្ចប្រជុំមេទឹរនិច" ឬ "ប្រព័ន្ធមេទឹរនិច"។ ក្នុងនាមជារដ្ឋមន្រ្តីក្រសួងការបរទេសអូទ្រីស លោកបានចូលរួមសមាជសំខាន់ៗជាច្រើនបន្តទៀតដើម្បីរកដំណោះស្រាយផ្សេងៗលើកិច្ចការបរទេសនៅអឺរ៉ុប។ សមាជទាំងអស់នោះរួមមានដូចជា សមាជអ៊ិស្លាឆាប៉ែល (១៨១៨) កាល់ស្បាដ (១៨១៩) ត្រុបប៉ូ (១៨២០) ឡៃបាក៍ (១៨២១) និងវេរ៉ូណា (១៨២២)។[] គោលដៅចម្បងនៃកិច្ចប្រជុំទាំងអស់នេះគឺចង់រក្សាលំនឹងនយោបាយរបស់មហាអំណាចអឺរ៉ុប និងទប់ស្កាត់បង្ក្រាបការប៉ងធ្វើបដិវត្តន៍ទម្លាក់រដ្ឋអំណាចអឺរ៉ុប។ ដោយសារកិច្ចប្រជុំទាំងនោះបូករួមជាមួយការចងសម្ព័ន្ធភាពជាមួយសំណាក់មហាអំណាចអឺរ៉ុបដែលមេដឹកនាំពួកគេនីមួយៗសុទ្ធតែមានទស្សនៈដូចៗគ្នាពោលគឺចង់រក្សានយោបាយអភិរក្សនិយម ទាំងនេះបានធ្វើឱ្យលោកមេទឹរនិចមានលទ្ធភាពពង្រឹងឥទ្ធិពលអូទ្រីសចូលទៅក្នុងឆាកនយោបាយអឺរ៉ុបបានដោយងាយ។ ម៉្យាងវិញទៀតដោយសារការផ្សព្វផ្សាយពីសេចក្ដីក្រែងរន្ធត់ដែលកើតចេញពីបដិវត្តិន៍ទៅមហាអំណាចអឺរ៉ុប ដូច្នេះលោកអាចសម្រេចនូវសន្តិសុខពេញលេញនិងអធិកភាពចំពោះរាជវង្សហាបស្បួក។[]

នៅក្រោមរបបមេទឹរនិច សកម្មភាពបះបោររបស់ពួកជាតិនិយមនៅទិសនិរតី (សព្វថ្ងៃនៅភាគខាងជើងប្រទេសអ៊ីតាលី) ត្រូវបានបង្ក្រាបដោយប្រើកម្លាំងយោធា។ នៅក្នុងមាតុភូមិអូទ្រីសវិញ លោកមេទឹរនិចបានអនុវត្តគោលនយោបាយស្រដៀងគ្នាគឺការបំបាត់ចលនាបដិវត្តន៍ និងផ្នត់គំនិតសេរីនិយម។ គាត់បានប្រកាសអនុម័តច្បាប់កាល់ស្បាដនៃឆ្នាំ១៨១៩ ដែលត្រូវរឹតបន្តឹង និងឃ្លាំមើលរាល់សកម្មភាពនៅក្នុងវិស័យអប់រំ ក្នុងសារព័ត៌មាន និងធ្វើសុន្ទរកថាផ្សេងៗដើម្បីបង្អន់គំនិតបដិវត្តន៍សេរីនិយម។[] ជាមួយគ្នានេះដែរ លោកមេទឹរនិចថែមទាំងប្រើវិធីសាស្រ្តស៊ើបការណ៍សម្ងាត់ទៀតផងដើម្បីកម្ចាត់ភាពវឹកវរ និងអនាធិបតេយ្យភាព។

លោកមេទឹរនិចបានប្រតិបត្តិការងារលោកដោយសេរីទាក់ទងនឹងគោលនយោបាយការបរទេសក្រោមរជ្ជកាលអធិរាជហ្វ្រង់ស្វ័រទី១ ក៏ប៉ុន្តែក្រោយពីព្រះចៅហ្រ្វង់ស្វ័របានចូលព្រះទិវង្គតទៅនៅក្នុងឆ្នាំ១៨៣៥ អំណាចឥទ្ធិពលរបស់មេទឹរនិចក៏ចាប់ផ្តើមធ្លាក់អន់ថយបន្តិចម្តងៗនៅក្នុងចក្រភពអូទ្រីស។ រជ្ជទាយាទរបស់ហ្វ្រង់ស្វ័រគឺជាបុត្រារបស់ទ្រង់ព្រះនាមហ៊្វែឌីណង់ទី១ ប៉ុន្តែគួរឱ្យអភ័ព្វ ព្រះចៅហ៊្វែឌីណង់បានទទួលរងនូវពិការភាពខាងបញ្ញា ពោលគឺអសមត្ថភាពខាងបញ្ញា។ ថ្វីបើការឡើងគ្រងរាជសម្បត្តិរបស់ហ៊្វែឌីណង់បានបន្តអំណាចគ្រួសាររាជវង្សហាបស្បួកមែន ប៉ុន្តែព្រះអធិរាជហ៊្វែឌីណង់មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសជាតិឡើយ។[] អំណាចដឹកនាំព្រះចៅហ៊្វែឌីណង់ត្រូវបានផ្ទេរទៅឱ្យក្រុមប្រឹក្សារដ្ឋដែលមានសមាជិកដូចជា លោកមេទឹរនិច ប្អូនប្រុសអតីតព្រះអធិរាជហ្រ្វង់ស្វ័រព្រះនាមល្វី និងលោកហ្វ្រង់ស្វ័រ កូឡូរ៉ាត៍ដែលបានក្លាយជាប្រធានរដ្ឋមន្រ្តីដំបូងនៃចក្រភពអូទ្រីសក្នុងឆ្នាំ១៨៤៨។ ទីបំផុត បដិវត្តន៍ឆ្នាំ១៨៤៨ ក្នុងចក្រភពអូទ្រីសបានបង្ខំឱ្យលោកមេទឹរនិចុះចេញពីតំណែង និងកិច្ចការនយោបាយទាំងអស់របស់លោក។ មេទឹរនិចត្រូវបានគេចងចាំជានិច្ចដោយសារតែភាពជោគជ័យរបស់លោកក្នុងការរក្សាស្ថានការប្រទេសឱ្យមានលំនឹង និងដោយបានពង្រីកឥទ្ធិពលរាជវង្សហាបស្បួកទៅក្នុងកិច្ចការអន្តរជាតិ។[] ក្រោយមកៗ គ្មានរដ្ឋមន្រ្តីការបរទេសអូទ្រីសណាមានអំណាចនយោបាយស្មើលោកមេទឹរនិចឡើយ ហើយក៏មិនសូវមានឥទ្ធិពលអ្វីច្រើននៅក្នុងកិច្ចការងារអឺរ៉ុបដូចលោកមេទឹរនិចដែរ។[]

ប្រវត្តិវិទូជាច្រើនរូបតែងចងចាំសម័យមេទឹរនិចថាជាពេលវេលាដ៏ស្ងាត់ស្ងៀមមួយពោលគឺអូទ្រីសមិនដែលជួបជម្លោះសង្គ្រាម និងព្រមទាំងគ្មានកំណែទម្រង់ផ្ទៃក្នុងមូលវិវដ្តអ្វីថែមទៀតផង។[១៣] មិនតែប៉ុណ្ណោះ គេក៏បានមើលឃើញសម័យនោះជាសម័យកាលដែលសេដ្ឋកិច្ចអូទ្រីសកំពុងលូតលាស់រីកចម្រើន និងប្រកបដោយទៅវិបុលភាព។[១៣] ចំនួនប្រជាជនអូទ្រីសបានកើនឡើងរហូតដល់ទៅ ៣៥.៧ លាននាក់ឯណោះគិតត្រឹមឆ្នាំ១៨៤៨។ នគររូបនីយកម្មបានកើនឡើងខ្ពស់ដោយគេស្ទង់មើលឃើញថាចំនួនប្រជាជនក្នុងទីក្រុងវីយែនបានកើនឡើងដល់ទៅ ៤០០,០០០ នាក់។ នៅអំឡុងសម័យមេទឹរនិចនេះផងដែរ ចក្រភពអូទ្រីសបានរក្សានូវស្ថេរភាពសេដ្ឋកិច្ច និងព្រមទាំងថវិកាជាតិផងដែរ ទោះជាត្រូវទទួលរងនូវការខាតបង់ធ្ងន់ធ្ងរពីសង្គ្រាមណាប៉ូលេអូនិកក្ដី។[១៤]

ជំនួបរវាងព្រះរាជារុស្ស៊ី អូទ្រីស និងព្រុសក្រោយជ័យជម្នះក្នុងសមរភូមិលែបស៊ីគឆ្នាំ១៨១៣

បដិវត្តន៍ឆ្នាំ១៨៤៨

[កែប្រែ]

ចាប់ពីចន្លោះខែមីនា ឆ្នាំ១៨៤៨ រហូតដល់ខែវិច្ឆិកា ឆ្នាំ១៨៤៩ ចក្រភពអូទ្រីសត្រូវបានគំរាមកំហែងដោយចលនាបដិវត្តន៍មួយចំនួនដែលភាគច្រើនមានលក្ខណៈជាតិនិយម។ នៅក្នុងការបះបោរនោះ អ្នកប្រកាន់ខ្សែគំនិតសេរីនិយមនិងព្រមទាំងសង្គមនិយមផងបាននាំគ្នាប្រឆាំងនឹងរបបអភិរក្សនិយមនៃចក្រភពអូទ្រីស។ ថ្វីបើបដិវត្តតន៍ភាគច្រើនត្រូវទទួលបរាជ័យ ប៉ុន្តែវាក៏បាននាំមកនូវកំណែប្រែសំខាន់ៗមួយចំនួនផងដែរដូចជា ការលុបបំបាត់ប្រព័ន្ធសេវកកម្ម (វណ្ណៈកសិករទាសករនៅក្នុងរបបសក្តិភូមិ) បំបាត់នយោបាយបិទសិទ្ធិ និងកិច្ចសន្យាដោយព្រះចៅហ៊្វែឌីណង់ទី១ ក្នុងការអនុម័តច្បាប់រដ្ឋធម្មនុញ្ញនៅទូទាំងប្រទេស។

សមរភូមិកូម៉ារុំនៅកំឡុងបដិវត្តន៍ហុងគ្រីឆ្នាំ១៨៤៩

សម័យបាក

[កែប្រែ]
ព្រះអធិរាជអូទ្រីសគឺព្រះចៅហ្វ្រង់ស្វ័រ ចូសែហ្វ ជាមួយនឹងពលទាហានរបស់ព្រះអង្គនៅក្នុងសមរភូមិសូលហ្វេរីណូ, ១៨៥៩

បន្ទាប់ពីអង្គក្សត្រហ្វីលិចនៃឆ្វាសេនប៊ែកបានចូលទិវង្គតទៅនៅក្នុងឆ្នាំ១៨៥២ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃម្នាក់ឈ្មោះបារ៉ន អាឡិចសាន់ដឺ វ៉ន បាកបានក្លាយជាអ្នកកំណត់គោលនយោបាយដ៏មានឥទ្ធិពលជាងគេនៅក្នុងប្រទេសអូទ្រីសនិងហុងគ្រី។ បាកបានធ្វើមជ្ឈការអាជ្ញាធររដ្ឋបាលនៅក្នុងចក្រភពអូទ្រីស ប៉ុន្តែលោកក៏បានគាំទ្រនូវគោលនយោបាយប្រតិកិរិយាផងដែរដោយបានកាត់បន្ថយសេរីភាពសារព័ត៌មាននៅក្នុងប្រទេសជាដើម។ លោកក្រោយមកបានក្លាយជានិមិត្តសញ្ញានៃនយោបាយផ្ដាច់ការ (ឬ Klerikalabsolutist)។ វេលា ឬសម័យដឹកនាំរបស់លោកនៅក្នុងប្រវត្តិសាស្ត្រអូទ្រីសត្រូវបានគេស្គាល់ថាជាយុគសម័យផ្តាច់ការបែបថ្មីឬរបបផ្តាច់ការបាក។

ក្នុងសម័យនេះ ពន្ធនាគារនីមួយៗគឺសម្បូរទៅដោយអ្នកទោសនយោបាយជាច្រើននាក់ដូចជា អ្នកសារព័ត៌មាន និងអ្នកនិពន្ធជនជាតិឆែកដ៏ល្បីម្នាក់ឈ្មោះការ៉ែល ហាវ្លីឆេក បូរ៉ូហ្វស្គី ដោយលោកត្រូវរដ្ឋាភិបាលនិរទេសដោយបង្ខំទៅក្រុងប៊្រីកសិននៅប្រទេសអ៊ីតាលីបច្ចុប្បន្ន។ ការធ្វើនិរទេសនេះបានធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់លោកជាទម្ងន់ហើយលោកក៏ត្រូវទទួលអនិច្ចកម្មជាលទ្ធផល។ មរណភាពរបស់បូរ៉ូវស្គីបានផ្តល់កេរ្តិ៍ឈ្មោះដ៏អាក្រក់ទៅឱ្យលោកបាកដោយប្រជាជនឆេក មិនយូរប៉ុន្មានចលនាជាតិនិយមនៅទឹកដីឆេកក៏បានផ្ទុះឡើង។

ក្រៅពីគំនិតផ្តាច់ការបែបថ្មីរបស់លោក បាកក៏បានអនុវត្តនូវទស្សនៈមនោគមវិជ្ជាបន្ធូរបន្ថយខ្លះៗផងដែរ ដែលជាហេតុនាំឱ្យសេរីភាពសេដ្ឋកិច្ចកើនឡើងយ៉ាងខ្ពស់អស្ចារ្យនៅក្នុងទសវត្សរ៍ឆ្នាំ១៨៥០។ របៀបរបបកាតព្វកិច្ចផ្ទៃក្នុងប្រទេសចាស់ត្រូវបានលុបបំបាត់ចោលហើយជំនួសវិញដោយរបៀបថ្មី ហើយកម្មករកសិករត្រូវបានរំដោះចេញពីបំណុលសក្តិភូមិរបស់ពួកគេ។[១៥]

ក្នុងនាមជាប្រទេសនាំមុខគេនៅក្នុងសហព័ន្ធអាល្លឺម៉ង់ អូទ្រីសបានស្ម័គ្រចិត្តចូលប្រយុទ្ធនៅក្នុងសង្គ្រាមឆ្លែសវីកលើកទីពីរ (១៨៤៨–១៨៥០)។[១២]

រដ្ឋសាដេញ៉ាបានចងសម្ព័ន្ធភាពជាមួយប្រទេសបារាំងដើម្បីវាយត្រួតត្រាតំបន់លុមបារឌី-វីនេស៊ីដែលជាទឹកដីដ៏សំខាន់មួយរបស់ចក្រភពអូទ្រីស។ អូទ្រីសក៏ទទួលបរាជ័យនៅក្នុងជម្លោះសង្គ្រាមនេះក្នុងឆ្នាំ១៨៥៩ ហើយក៏ត្រូវប្រគល់លុមបារឌីទៅឱ្យអ៊ីតាលីបន្ទាប់ពីចុះសន្ធិសញ្ញាវីល្លាហ្វ្រង់កា និងសន្ធិសញ្ញាទីក្រុងហ្ស៊ូរិច[១៦]

ក្រោយឆ្នាំ១៨៥៩

[កែប្រែ]

រដ្ឋធម្មនុញ្ញនៃឆ្នាំ១៨៦១ បាននាំឱ្យកើតមាននូវសភាអភិជន (Herrenhaus) និងសភាតំណាងរាស្រ្ត (Abgeordnetenhaus) ប៉ុន្តែទាំងអស់នេះមិនបានធ្វើឱ្យព្រះអធិរាជនិងគ្រួសាររាជវង្សទ្រង់ពេញព្រះទ័យនោះទេ។

បន្ទាប់ពីបញ្ចប់សង្គ្រាមលើកទីពីរជាមួយនឹងដាណឺម៉ាកក្នុងឆ្នាំ១៨៦៤ តំបន់ហូលស្តែនក៏បានក្លាយជាទឹកដីអូទ្រីសរីឯតំបន់ស្លែសវីកនិងឡាអុនប៊ឺកបានធ្លាក់មកនៅក្រោមការគ្រប់គ្រងរបស់ព្រុស ប៉ុន្តែទោះបីជាយ៉ាងណា បញ្ហាផ្ទៃក្នុងរបស់អូទ្រីសគឺនូវតែបន្តមានដដែរ។[១៧] មន្រ្តីសភាជាន់ខ្ពស់បានជំនួសទៅក្នុងសភាតំណាងរាស្ត្រក្នុងខេត្តចំនួន ១៧ ឯប្រជាជននៅលើទឹកដីហុងគ្រីគឺចង់បានស្វ័យភាពផ្ទាល់ខ្លួន ចំណែកឯប្រជាជននៅតំបន់វីនេស៊ាវិញគឺចង់ផ្តាច់ខ្លួនចេញពីអូទ្រីសហើយចូលជាផ្នែកនៃប្រទេសអ៊ីតាលីវិញ។

បន្ទាប់ពីអូទ្រីសបានចាញ់សង្គ្រាមអូទ្រីស-ព្រុសនៃឆ្នាំ១៨៦៦ សហព័ន្ធអាល្លឺម៉ង់ក៏ត្រូវបានរំលាយចោល។ កិច្ចព្រមព្រៀងអូទ្រីស-ហុងគ្រីឆ្នាំ១៨៦៧ ក៏ត្រូវបានអនុម័តឡើង។ ការសម្រេចនៃកិច្ចព្រមព្រៀងនេះគឺមានន័យថា រាជាណាចក្រហុងគ្រីនិងចក្រភពអូទ្រីសដែលធ្លាប់ជាអង្គភាពពីរដាច់ពីគ្នានឹងបញ្ចូលរួមគ្នាដើម្បីបង្កើតជារបបរាជានិយមក្បាលពីរពោលគឺចក្រភពអូទ្រីស-ហុងគ្រី

គោលនយោបាយការបរទេស

[កែប្រែ]
លោកមេទឹរនិចជាមួយនឹងលោកវែលីងតុន តាលេរ៉ង់ និងអ្នកការទូតអឺរ៉ុបផ្សេងៗទៀតនៅក្នុងកិច្ចប្រជុំសមាជក្រុងវីយែន ឆ្នាំ១៨១៥

សង្គ្រាមណាប៉ូឡេអូនីកបានចូលមកជ្រៀតជ្រែកលើគោលនយោបាយការបរទេសអូទ្រីសទាំងមូលពីឆ្នាំ១៨០៤ ដល់ឆ្នាំ១៨១៥។ គេបានចាត់ទុកកងកម្លាំងទ័ពអូទ្រីសនៅក្នុងសង្គ្រាមនេះជាកម្លាំងទ័ពដ៏ខ្លាំងក្លាជាងគេបំផុតដែលបារាំងត្រូវប្រឈមជាមួយ។ បន្ទាប់ពីព្រុសបានចុះសន្ធិសញ្ញាសន្តិភាពជាមួយបារាំងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ១៧៩៥ មក អូទ្រីសត្រូវបានក្លាយជាប្រទេសតែមួយគត់ដែលត្រូវទទួលរ៉ាប់រងទៅលើសង្គ្រាមជាមួយបារាំងណាប៉ូឡេអូនីកអស់រយៈពេលជាងដប់ឆ្នាំ។ ទាំងនេះបានធ្វើឱ្យសេដ្ឋកិច្ចអូទ្រីសចុះខ្សោយខ្លាំងដែលបណ្តាលឱ្យប្រជាជនជាច្រើនបាននាំគ្នាចេញប្រឆាំងនឹងរាជរដ្ឋាភិបាល។ ដោយហេតុនេះទើបព្រះចៅហ្រ្វង់ទី២ បានបដិសេដមិនយល់ស្របរាល់គំនិតនិងផែនការទាំងឡាយណាដែលប្រឆាំងនឹងបារាំង។ តែព្រះអង្គបានលួចចុះកិច្ចព្រមព្រៀងផ្នែកយោធាជាសម្ងាត់ជាមួយនឹងចក្រភពរុស្ស៊ីនៅក្នុងខែវិច្ឆិកា ឆ្នាំ១៨០៤ ក្នុងបំណងចង់សងសឹកនឹងបារាំងវិញបើមានឱកាស។ កិច្ចព្រមព្រៀងសម្ងាត់មួយនេះគឺបានបង្កើតឡើងដើម្បីធានានូវកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមកក្នុងករណីបើមានសង្គ្រាមថ្មីប្រឆាំងនឹងបារាំងកើតឡើង។[១៨]

ចក្រភពអូទ្រីសបានប្រកាសបដិសេដមិនចូលរួមក្នុងសង្គ្រាមសម្ព័ន្ធភាពទីបីឡើយដែលជាហេតុបានធ្វើឱ្យអង់គ្លេសមានភាពស្ទាក់ស្ទើរខ្លាំង។ នៅទីបំផុត អង់គ្លេសក៏អាចបញ្ចុះបញ្ចូលអូទ្រីសឱ្យចូលរួមក្នុងសង្គ្រាមបានបន្ទាប់ពីខ្លួនបានផ្តល់ការឧបត្ថមជាថវិកាដ៏ធំជូនចក្រភពអូទ្រីសក៏ប៉ុន្តែអូទ្រីសត្រូវដកខ្លួនចេញពីសង្គ្រាមវិញបន្ទាប់ពីទទួលបរាជ័យនៅក្នុងសមរភូមិអូស្ទ័រលីត។ ទោះបីជាថវិកាជាតិរបស់អូទ្រីសត្រូវបានចំណាយភាគច្រើនទៅលើសង្គ្រាមហើយទំនាក់ទំនងអន្តរជាតិត្រូវបានកាត់បន្ថយមែនក្តី ប៉ុន្តែសន្ធិសញ្ញាប្រេសប៊ឺកបានផ្តល់ពេលវេលាច្រើនសម្រាប់ឱ្យអូទ្រីសពង្រឹងកម្លាំងទ័ពនិងសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ លើសពីនេះទៅទៀត សម្ដេចព្រះបរមរាជឱរសាធិរាជអូទ្រីសព្រះនាមចូហាន ហ្វីលីព វន ស្តាឌីអនគឺមានមហិច្ឆតាខ្ពស់ដោយព្រះអង្គមិនដែលចង់លះបង់នូវគោលគំនិតបន្តសង្គ្រាមជាមួយបារាំងនោះទេ។

ចក្រភពអូទ្រីសក្នុងឆ្នាំ១៨១២

ព្រះបរមរាជឱរសាធិរាជអូទ្រីសព្រះនាមសាលបានបម្រើការជាប្រធាននៃក្រុមប្រឹក្សាផ្នែកសង្គ្រាមនិងជាមេបញ្ជាការកងទ័ពអូទ្រីស, ទ្រង់បានរៀបចំកំណែទម្រង់ទ័ពជាថ្មីដើម្បីត្រៀមសម្រាប់សង្គ្រាមបន្ទាប់។ រដ្ឋមន្រ្តីក្រសួងការបរទេសអូទ្រីសគឺព្រះអង្គចូហាន ហ្វីលីព វន ស្តាឌីអនគឺតែងតែប្រឆាំងនិងស្អប់ខ្ពើមអធិរាជណាប៉ូលេអុងជានិច្ចព្រោះថាពេលណាប៉ូលេអុងបានឡើងកាន់កាប់អំណាច ទ្រព្យសម្បត្តិរបស់ព្រះអង្គទាំងប៉ុន្មាននៅឯប្រទេសបារាំងត្រូវបានណាប៉ូលេអុងបញ្ជាទ័ពឱ្យរឹបអូសយកទាំងអស់។ មិនតែប៉ុណ្ណោះ ព្រះមហេសីទីបីរបស់ព្រះចៅហ្រ្វង់ទី២ ព្រះនាមម៉ារីអា លូដូវីកាបានយល់ស្របជាមួយព្រះអង្គចូហានក្នុងការផ្តួចផ្តើមសង្គ្រាមថ្មី។ លោកក្លេមីន វន មេទឹរនិចដែលកំពុងស្នាក់នៅទីក្រុងប៉ារីសបានអំពាវនាវឱ្យថ្នាក់ដឹកនាំអូទ្រីសចូលពិចារណាឱ្យអស់ពីចិត្តមុននឹងសម្រេចប្រកាសសង្គ្រាមជាមួយបារាំង។ ភាពបរាជ័យរបស់កងទ័ពបារាំងនៅឯសមរភូមិបៃលិន (Bailén) ក្នុងប្រទេសអេស្ប៉ាញនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៨០៨ គឺជាថ្ងៃដែលអូទ្រីសសម្រេចប្រកាសសង្គ្រាមមកលើបារាំងម្តងទៀត។ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ១៨០៩ កងកម្លាំងយោធាអូទ្រីសប្រហែល ១៧០,០០០ នាក់បានវាយចូលទៅក្នុងរដ្ឋរណបរបស់បារាំងគឺបាវ៉ារៀ[១៩]

ទោះបីជាបានទទួលបរាជ័យជាច្រើនលើកច្រើនសារនិងព្រមទាំងបានបាត់បង់ទឹកដីដោយសារសង្គ្រាមមែន ប៉ុន្តែអូទ្រីសបានដើរតួយ៉ាងសំខាន់ក្នុងការយកឈ្នះលើណាប៉ូលេអុងនៅក្នុងសង្គ្រាមឆ្នាំ១៨១៣-១៤។ អូទ្រីសបានចូលរួមក្នុងការឈ្លានពានបារាំងជាលើកទីពីរដើម្បីទម្លាក់ណាប៉ូលេអុងចេញពីអំណាចហើយក៏បានរំដោះអ៊ីតាលីខាងត្បូងចេញពីការត្រួតត្រារបស់មូរ៉ាត។

រយៈពេលចុងបញ្ចប់នៃសង្គ្រាមណាប៉ូឡេអូនីកបានបង្ហាញពីឥទ្ធិពលដ៏ធំសម្បើមរបស់លោកមេទឹរនិចមកលើគោលនយោបាយការបរទេសក្នុងចក្រភពអូទ្រីស។ ដំបូងឡើយលោកមេទឹរនិចបានគាំទ្រសម្ព័ន្ធភាពរវាងអូទ្រីសនឹងបារាំងដោយបានរៀបចំអភិសេករវាងអធិរាជណាប៉ូឡេអុងនិងបុត្រីរបស់ហ្រ្វង់គឺព្រះនាងម៉ារី-ល្វីក៏ប៉ុន្តែនៅក្នុងជម្លោះឆ្នាំ១៨១២ លោកមេទឹរនិចបានយល់ឃើញថារបបណាប៉ូលេអុងគឺកំពុងផ្តល់ភាពអន្តរាយដល់អឺរ៉ុបនិងមិនងាយនឹងដួលរលំស្រួលៗនោះទេហើយក្រោយមកលោកក៏បាននាំអូទ្រីសឱ្យប្រកាសសង្គ្រាមទៅលើបារាំង។ ជាទូទៅ ឥទ្ធិពលរបស់មេទឹរនិចនៅក្នុងកិច្ចប្រជុំសមាជវីយែនគឺគួរឱ្យចាប់អារម្មណ៍មែនទែនសម្រាប់ប្រវត្តិវិទូហើយក្រោយពីកិច្ចប្រជុំនេះលោកមិនត្រឹមតែក្លាយជារដ្ឋមន្រ្តីនៃរដ្ឋបុរសតែមួយនៅអឺរ៉ុបនោះទេប៉ុន្តែលោកក៏បានក្លាយជាបុគ្គលដ៏សំខាន់ម្នាក់មួយទៀតផងដែរនៅក្នុងចំណោមេដឹកនាំចក្រភពអូទ្រីសទាំងអស់រហូតដល់ឆ្នាំ១៨៤៨ ដែលជាឆ្នាំនៃបដិវត្តន៍ — និងជាឆ្នាំដែលលទ្ធិសេរីនិយមកំពុងកើនប្រជាប្រិយភាពដែលធ្វើឱ្យឥទ្ធិពលរបស់លោកក្នុងឆាកនយោបាយអូទ្រីសត្រូវអន់ថយ។ ក្រោយពីកិច្ចប្រជុំសមាជវីយែន អូទ្រីសបានក្លាយជាកំពូលមហាអំណាចម្តងទៀតនៅអឺរ៉ុប។[២០] ការលាលែងពីតំណែងរបស់លោកនៅក្នុងឆ្នាំ១៨៤៨ — ត្រូវបានបង្ខំដោយពួកមជ្ឈន្តិកជនក្នុងតុលាការកំពូលនិងក្រុមអ្នកបដិវត្តនៅតាមទីសាធារណៈ — អាចជាមូលហេតុចម្បងដែលបណ្តាលឱ្យមានផលប៉ះពាល់ជាទម្ងន់ដល់រដ្ឋាភិបាលរាជានិយមអូទ្រីស។

ការអប់រំ

[កែប្រែ]

ភាសាអាល្លឺម៉ង់គឺជាភាសាដែលគេយកមកនិយាយនិងសម្រាប់បង្ហាត់បង្រៀននៅក្នុងវិស័យអប់រំ។[២១]

វិចិត្រសាល

[កែប្រែ]

សូមមើលផងដែរ

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. នីយប័ត្រខែតុលា
  2. Williamson, David G. (2016). Germany Since 1789: A Nation Forged and Renewed (2nd រ.រ.). New York: Palgrave Macmillan. pp. 14. ល.ស.ប.អ. 978-1-137-35004-6. 
  3. Laszlo, Péter (2011), Hungary's Long Nineteenth Century: Constitutional and Democratic Traditions, Koninklijke Brill NV, Leiden, the Netherlands, p. 6, "From the perspective of the Court since 1723, regnum Hungariae had been a hereditary province of the dynasty's three main branches on both lines. From the perspective of the ország, Hungary was regnum independens, a separate Land as Article X of 1790 stipulated …….. In 1804 Emperor Franz assumed the title of Emperor of Austria for all the Erblande of the dynasty and for the other Lands, including Hungary. Thus Hungary formally became part of the Empire of Austria. The Court reassured the diet, however, that the assumption of the monarch's new title did not in any sense affect the laws and the constitution of Hungary" 
  4. "Vor dem Jahr 1848 is[t] das Kaisertum Österreich verfassungsrechtlich als ein monarchischer Einheitsstaat auf differenziert föderalistischer Grundlage zu sehen, wobei die besondere Stel[l]ung Ungarns im Rahmen dieses Gesamtstaates stets offenkundig war. Eine weitere Differenzierung der föderalistischen Grundlage erfolgte ab 1815 durch die Zugehörigkeit eines teiles des Kaisertums zum Deutschen Bund." "Before 1848 the Austrian Empire can be regarded in constitutional law as a unitary monarchy on a differentiated federalistic basis, whereby the special position of Hungary within the framework of this federal entity was always evident. A further differentiation of the federalistic position followed from 1815 through the affiliation of a part of the empire to the German federation."Zeilner, Franz (2008), Verfassung, Verfassungsrecht und Lehre des Öffentlichen Rechts in Österreich bis 1848: Eine Darstellung der materiellen und formellen Verfassungssituation und der Lehre des öffentlichen Rechts, Lang, Frankfurt am Main, p. 45 
  5. József Zachar, Austerlitz, 1805. december 2. A három császár csatája – magyar szemmel[តំណភ្ជាប់ខូច], In: Eszmék, forradalmak, háborúk. Vadász Sándor 80 éves, ELTE, Budapest, 2010 p. 557
  6. "Maximilian I | Duke and Elector of Bavaria (1573-1651) | Britannica". www.britannica.com. 2024-04-13. Retrieved 2025-03-13.
  7. ៧,០ ៧,១ ៧,២ ៧,៣ Sked, Alan. The Decline and Fall of the Habsburg Empire, 1815-1918. London: Longman, 1989. Print.
  8. ៨,០ ៨,១ ៨,២ ៨,៣ ៨,៤ ៨,៥ Jelavich, Barbara. The Habsburg Empire in European Affairs: 1814-1918. Chicago: Rand Mcnally, 1969. Print.
  9. Tuncer, Huner. "Metternich and the Modern Era." ARTS-CULTURE -. Daily News, 6 Sept. 1996. Web. 24 Mar. 2015.
  10. Cite error: Invalid <ref> tag; no text was provided for refs named Sked, Alan 19182
  11. ១១,០ ១១,១ Sofka, James R. "Metternich's Theory of European Order: A Political Agenda for 'Perpetual Peace'." The Review of Politics 60.01 (1998): 115. Web.
  12. ១២,០ ១២,១ Handbook of Austria and Lombardy-Venetia Cancellations on the Postage Stamp Issues 1850–1864, by Edwin Mueller, 1961.
  13. ១៣,០ ១៣,១ Crankshaw, Edward. The Fall of the House of Habsburg. New York: Viking, 1963. Print.
  14. "History of Austria, Austria in the Age of Metternich." History of Austria, Austria in the Age of Metternich. N.p., n.d. Web. 24 Mar. 2015.
  15.  "Bach, Alexander, Baron" . New International Encyclopedia. 1905. {{cite encyclopedia}}: Cite has empty unknown parameter: |HIDE_PARAMETER= (help)
  16. Mueller 1961, Historical Data, p.H5.
  17. Mueller 1961, p.H6.
  18. Gunther Rothenberg, Napoleon's great adversaries: the Archduke Charles and the Austrian army, 1792-1814 (Indiana UP, 1982).
  19. Robert Goetz, 1805, Austerlitz: Napoleon and the Destruction of the Third Coalition (2005).
  20. Josephine Bunch Stearns, The Role of Metternich in Undermining Napoleon (University of Illinois Press, 1948).
  21. Strauss, Johann. "Language and power in the late Ottoman Empire" (Chapter 7). In: Murphey, Rhoads (editor). Imperial Lineages and Legacies in the Eastern Mediterranean: Recording the Imprint of Roman, Byzantine and Ottoman Rule (Volume 18 of Birmingham Byzantine and Ottoman Studies). Routledge, 7 July 2016. ISBN 1317118448, 9781317118442. Google Books PT196.

អានបន្ថែម

[កែប្រែ]

ជាភាសាអង់គ្លេស

  • Bassett, Richard. For God and Kaiser: The Imperial Austrian Army, 1619-1918 (2016).
  • Evans, R. J. W. (2006). Austria, Hungary, and the Habsburgs: Essays on Central Europe, c. 1683–1867.  online[តំណភ្ជាប់ខូច]
  • Judson, Pieter M. The Habsburg Empire: A New History (2016) excerpt
  • Kann, Robert A. (1980). A History of the Habsburg Empire, 1526–1918 (2nd រ.រ.). 
  • Kissinger, Henry (1955). The World Restored: Metternich, Castlereagh, and the Problems of Peace, 1812–22. 
  • Okey, Robin (2002). The Habsburg Monarchy, C.1765-1918: From Enlightenment to Eclipse.  excerpt and text search
  • Rothenberg, Gunther E. (1976). "Nobility and Military Careers: The Habsburg Officer Corps, 1740–1914". Military Affairs 40: 182–186. DOI:10.2307/1986702.
  • Rothenberg, Gunther E. (1968). "The Austrian Army in the Age of Metternich". Journal of Modern History 40: 155–165. DOI:10.1086/240187.
  • Sked, Alan. "Explaining the Habsburg Empire, 1830–90." in Pamela Pilbeam, ed., Themes in Modern European History 1830-1890 (Routledge, 2002) pp. 141-176.
  • Sked, Alan (2008). Metternich and Austria: An Evaluation. 
  • Sked, Alan (2001). The Decline and Fall of the Habsburg Empire, 1815–1918 (2nd រ.រ.). 
  • Steed, Henry Wickham. The Hapsburg monarchy (1919) online detailed contemporary account
  • Taylor, A.J.P. (1941). The Habsburg Monarchy, 1809–1918: A History of the Austrian Empire and Austria-Hungary.  excerpt and text search

តំណភ្ជាប់ក្រៅ

[កែប្រែ]