ការពិភាក្សា:ប្រាសាទព្រះវិហារ
ប្រវត្តិសាស្រ្តសហសម័យ
[កែប្រែ]លោកសាស្រ្តាចារ្យ ឃិន សុខ បច្ចុប្បន្នបង្រៀនប្រវត្តិសាស្រ្តខ្មែរថៃលាវនិងភូមា នៅឯវិទ្យាស្ថានជាតិ អ៊ីណាល់កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង មានប្រសាសន៍ថា នៅពេលដែលស្តេចខ្មែរ ផ្តើមសាងសង់ប្រាសាទព្រះវិហារនោះឡើងនៅក្នុងខេត្តព្រះវិហារនៃដែនដីព្រះរាជាណាចក្រកម្ពុជា កាលពីបុរាណសម័យនោះ គឺពុំទាន់មានប្រទេសសៀម ឬថៃ តាំងនៅទីតាំងប្រទេសថៃសព្វថ្ងៃនៅឡើយទេ។ ពិសេស កាលពីបុរាណសម័យ ស្រុកខ្មែរមានផ្ទៃដីធំធេង ផ្នែកខាងលិចគឺលាតសន្ធឹង ពីខេត្តព្រះវិហារ ហួសប្រទេសថៃសព្វថ្ងៃ និងតរហូតទៅដល់ប្រទេសភូមា ។ ចំណែកផ្នែកខាងជើង គឺលាតសន្ធឹងរាប់បញ្ចូលទាំងក្រុងឈៀងម៉ៃ ដែលសព្វថ្ងៃជាខេត្តមួយរបស់ថៃនោះផង ។ ដូច្នេះមិនមែនមកចោទថា ដីត្រង់កន្លែងនោះ មានសៀម មានអី បើសៀមមិនទាន់មកដល់ឯណា ។ សៀមទាល់តែចុងសតវត្សទី១៣ បានទើបនឹងចុះមក ។ ដូច្នេះ ដីត្រង់ដែលគេធ្វើប្រាសាទ នៅលើកំពូលភ្នំព្រះវិហារនេះ ជាដីរបស់ខ្មែរ ។ ខ្មែរចង់ធ្វើត្រង់ណា បែរទៅត្រង់ណា គេធ្វើតាមតែទីតាំងរបស់សាច់ភ្នំនោះ ។
ព្រឹត្តិការណ៍នៃទាមទារប្រាសាទរបស់កម្ពុជា
តើអ្វីទៅជាសម្បត្តិវប្បធ៌? សម្បត្តិវប្បធម៌គឺសំដៅទៅសម្បត្តិចលនៈ និងអចលនៈដែលមានសារៈសំខាន់បំផុតសម្រាប់បេតិកភណ្ឌវប្បធម៌របស់មនុស្សគ្រប់ជាតិសាសន៍។ ហេតុអ្វីបានជាយើងគួរការពារសម្បត្តិវប្បធម៌? បានជាយើងការពារសម្បត្តិវប្បធម៌ព្រោះការធ្វើឱ្យខូចដល់សម្បត្តិវប្បធម៌ដែលជាកម្មសិទ្ធរបស់មនុស្សជាតិណាក៏ដោយមានន័យថាធ្វើឱ្យខូចដល់បេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិទាំងមូល។
- លាលដីកាតុលាការយុត្តិធម៌អន្តរជាតិឆ្នាំ១៩៦២មានសេចក្តីដូចខាងក្រោម៖
- ដោយមានសំឡេង៩ទល់នឹង៣៖ សម្រេចថាប្រាសាទព្រះវិហារស្ថិតក្នុងទឹកដៃក្រោមអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។
- ដោយមានសំឡេង៩ទល់នឹង៣៖ ប្រទេសថៃមានកាតព្វកិច្ចដកកម្លាំងទ័ព ឬប៉ូលីស ឬអ្នកថែរក្សា ឬឆ្មាំដទៃទៀត ដែលថៃបានដាក់ក្នុងប្រាសាទ ឬនៅក្នុងតំបន់ក្បែរប្រាសាទដែលស្ថិតនៅក្នុងតំបន់ក្បែរប្រាសាទដែលស្ថិតនៅក្នុងទឹកដៃកម្ពុជា។
- មានសំឡេង៧ទល់នឹង៥៖ សម្រេចថាប្រទេសថៃមានកាតព្វកិច្ចប្រគល់មកឱ្យប្រទេសកម្ពុជាវិញនូវវត្ថុទាំងឡាយតាមប្រភេទ ដែលបានបញ្ជាក់នៅក្នុងសេចក្តីស្នើសុំវិនិច្ឆ័យទី៥របស់កម្ពុជា ដែលត្រូវបានយកចេញពីប្រាសាទ ឬតំបន់ប្រាសាទដោយអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសថៃចាប់តាំងពីកាលបរិច្ឆេទនៃការកាន់កាប់ប្រាសាទនេះដោយប្រទេសថៃនៅឆ្នាំ១៩៥៤។
សេចក្តីសម្រេចលេខ 31COM 8B.24 សេចក្តីសម្រេចនេះបានសេចក្តីថា គណៈកម្មាធិកាបានឯកភាពគ្នាថាទីសក្ការៈបូជាប្រាសាទ(ប្រាសាទព្រះវិហារ)សក្តិសមនិងត្រូវដាក់បញ្ចូលនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដោយមានការចុះបញ្ជីជាផ្លូវការនឹងត្រូវធ្វើឡើងនៅក្នុងសម័យប្រជុំពេញអង្គឆ្នាំ២០០៨។ សេចក្តីសម្រេចលេខ 32COM 8B.102 សម្រេចចុះបញ្ជីប្រាសាទព្រះវិហាររបសើកម្ពុជានៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្រោមលក្ខណៈវិនិច្ឆ័យ(I)ប្រាសាទព្រះវិហារគឺជាស្នាដៃឯកនៃស្ថាបត្យកម្មខ្មែរ។ ប្រាសាទព្រះវិហារមានលក្ខណៈពិសេសទាំងគម្រោង និងប្លង់ប្រាសាទ និងក្បូរក្បាច់រចនាលំអិត។
- សាលដីកាបង្កាប់របស់តុលាការយុត្តិធម៌អន្តរជាតិថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១៖
- ដោយមានសំឡេង១១ទល់នឹង៥៖ មានសេចក្តីថាភាគីទាំងពីរត្រូវដកជាបន្ទាន់នូវបុគ្គលិកយោធា ដែលមានវត្តមានបច្ចុប្បន្ននៅក្នុងតំបន់គ្មានយោធាបណ្តោះអាសន្នដូចមានសេចក្តីចែងក្នុងកថាខណ្ឌ៦២នៃសេចក្តីសម្រេចនេះ និងទប់ស្កាត់មិនឱ្យមានវត្តមានយោធាក្នុងតំបន់នោះ និងមិនឱ្យមានសកម្មភាពប្រដាប់អាវុធណាមួយតម្រង់ទៅកាន់តំបន់នេះឡើយ។
- ដោយមានសំឡេង១៥ទល់នឹង១៖ មានសេចក្តីថា ប្រទេសថៃមិនត្រូវរារាំងការចេញចូលដោយសេរីរបស់កម្ពុជាទៅកាន់ប្រាសាទព្រះវិហារ ឬការផ្គត់ផ្គង់ស្បៀងអាហារចំពោះបុគ្គលិកដែលមិនមែនយោធានៅក្នុងប្រាសាទឡើយ។
- ដោយមានសំឡេង១៥ទល់១៖ មានសេចក្តីថា ភាគីទាំងពីរត្រូវបន្តកិច្ចសហប្រតិបត្តិការដែលគេបានព្រមព្រៀងនៅក្នុងក្របខណ្ឌអាស៊ាន និងជាពិសេសអនុញ្ញាតឱ្យអ្នកសង្កេតការណ៍ដែលត្រូវបានតែងតាំងដោយអង្គការនេះឱ្យចូលទៅកាន់តំបន់គ្មានកងទ័ពជាបណ្តោះអាសន្ន។
- ដោយមានសំឡេង១៥ទល់នឹង១៖ មានសេចក្តីថា ភាគីទាំងពីរត្រូវតែអត់ធ្មត់ មិនធ្វើសកម្មភាពណាដែលអាចនាំឱ្យមានជម្លោះ ដែលបានស្នើសុំឱ្យតុលាការដោះស្រាយនោះមានសភាពកាន់តែធ្ងន់ធ្ងរ ឬរីកធំឡើង ឬធ្វើឱ្យមានជម្លោះនោះកាន់តែពិបាកដោះស្រាយថែមទៀត។
តាមពិតទៅប្រទេសថៃបានចូលកាន់កាប់ប្រាសាទព្រះវិហារខុសច្បាប់តាំងពីឆ្នាំ១៩៤០ និងបានដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីជាតិថៃកាលពីឆ្នាំ១៩៤០នោះដែរ។ បន្ទាប់មកប្រទេសថៃបានដាក់ឆ្មាំការពារពីឆ្នាំ១៩៤១។ កិច្ចព្រមព្រៀងទីក្រុងវ៉ាស៊ីនតោនចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៨៤៦ បានចាត់ទុកអនុសញ្ញាឆ្នាំ១៩៤១ជាមោឃៈ និងតម្រូវឱ្យថែរក្សាស្ថានភាពព្រំដែនដូចមុនឆ្នាំ១៩៤១វិញ។ ប្រទេសថៃបានប្រគល់ ប្រាសាទវត្តភូឱ្យទៅប្រទេសឡាវវិញ ប៉ុន្តែប្រទេសថៃមិនព្រមប្រគល់ប្រាសាទព្រះវិហារមកឱ្យកម្ពុជាវិញឡើយ។ ក្នុងខែវិច្ឆិកា ឆ្នាំ១៩៥៣ រដ្ឋាភិបាលកម្ពុជាបានប្រើអធិតេយ្យភាពរបស់ខ្លួន ដែលទើបទាមទារបានមកនោះ ដោយបានចាប់តាំងជនជាតិខ្មែរខ្មែរបីនាក់ឱ្យទៅថែរក្សាប្រាសាទព្រះវិហារ។ ប៉ុន្តែជនជាតិខ្មែរទាំងបីនាក់នោះត្រូវចាកចេញពីប្រាសាទព្រះវិហារវិញតាមបញ្ជាដាច់ណាត់ពីអាជ្ញាធរថៃ។ នៅចុងខែមីនា ឆ្នាំ១៩៥៤ ដោយមានកង្វល់ក្នុងការស្ថាបនាឡើងវិញ នូវសណ្តាប់ធ្នាប់ក្នុងតំបន់ព្រំដែនខាងជើងនោះ រដ្ឋាភិបាលកម្ពុជាបានប្រមានទៅទីក្រុងបាកកថា និងបញ្ចូនយុទ្ធជនកម្ពុជាទៅកាន់ប្រាសាទព្រះវិហារ ដើម្បីជំនួសឆ្មាំកម្ពុជា ដែលបានដកខ្លួនពីប្រាសាទពីពេលមុននោះ។ ប៉ុន្តែមុនពេលអនុវត្តន៍គម្រោងនេះ ប្រាសាទព្រះវិហារត្រូវបានកាន់កាប់ដោយខុសច្បាប់ពីកងកម្លាំងប្រដាប់អាវុធថៃ។ នៅខែមិថុនា ឆ្នាំ១៩៥៩ ក្រោយពីទស្សនកិច្ចជាផ្លូវការមកកាន់ប្រទេសកម្ពុជា នៃលោក ថាណាត់ ខូម៉ាន់ (Thanat Koman) ជារដ្ឋមន្រ្តីការបរទេសថៃនោះមក រដ្ឋាភិបាលកម្ពុជាបានដាក់សំណើថ្មីសម្រាប់ឱ្យថៃជ្រើសរើស។ សំណើនោះគឺ ការគ្រប់គ្រងប្រាសាទរួមគ្នា (Gestion commune du temple) ដោយប្រទេសកម្ពុជារក្សានូវសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន (Le Cambodge réserve ses droits de souverraineté)។ បើសិនមិនយល់ព្រមតាមនោះទេ ប្រទេសកម្ពុជានឹងដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិ ក្រុងឡាអេ។ ដោយរដ្ឋាភិបាលថៃពុំបានឆ្លើយតបនឹងសំណើរនេះនៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៥៩ រដ្ឋាភិបាលកម្ពុជាបានដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិ (CI:Cour Internationale de Justice)។
សវនាការសាធារណៈនៃតុលាការអន្តរជាតិទីក្រុងឡាអេ ឆ្នាំ១៩៦១ និងឆ្នាំ១៩៦២ ដែលសមាភាពចូលរួមតវ៉ាមានដូចជា៖
- ឯកឧត្តម ទ្រឿង កាង ជាសមាជិកឧត្តមក្រុមព្រឹក្សាព្រះរាជបល្ល័ង។
- មេធាវីរបសើកម្ពុជាមានបីរូប៖
- លោក ឌីន អាចេហ្សឺន (Dean Acheson)៖ សមាជិកស្មាក្តីនៃតុលាការកំពូលសហរដ្ឋអាមេរិច។
- លោក រ៉ូហ្សេ ពិនតូ (Roger Pinto) ៖ សាស្រ្តាចារ្យមហាវិទ្យាល័យនីតិសាស្រ្តក្រុងបារីស។
- លោក ប៉ូល រើទែរ (Paul Reuter) ៖ សាស្រ្តាចារ្យមហាវិទ្យាល័យនីតិសាស្រ្តក្រុងបារីស។
- សាក្សី
- លោក សួន បុន អភិបាលខេត្តកំពង់ធំពីឆ្នាំ១៩៤៨ ដល់ ឆ្នាំ១៩៥៤។
សេចក្តីថ្លែងការណ៍របស់ឯកឧត្តម ទ្រឿង កាង ក្នុងសវនាការ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ១៩៦២ ពេលព្រឹក៖ លោកប្រធាន អស់លោកចៅក្រម៖ សម្រាប់និតិបច្ចុប្បន្ន សេចក្តីសន្និដ្ឋាននៃព្រះរាជាណាចក្រកម្ពុជាមានដូចតទៅៈ សូមមេត្តា៖
- និយាយ និងវិនិច្ឆ័យថា ខែ្សបន្ទាត់ព្រំដែនរវាងប្រទេសកម្ពុជានិងថៃ នៅក្នុងតំបន់ភ្នំដងរែកគឺជាខ្សែបន្ទាត់ដែលបានគូសនៅលើផែនទីរបស់គណៈកម្មាការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម។
- និយាយ និងវិនិច្ឆ័យថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីជាអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា។
- និយាយ និងវិនិច្ឆ័យថា ព្រះរាជាណាចក្រថៃត្រូវដកទាហាន ដែលបានបោះទីតាំងនៅក្នុងទឹកដៃកម្ពុជា តាំងពីឆ្នាំ១៩៥៤ នោះ ចេញពីប្រាសាទព្រះវិហារវិញ។
- និយាយ និងវិនិច្ឆ័យថា រូបចម្លាក់ សិលាចារឹក ថ្មប្រាសាទ និងវត្តផ្សេងៗទៀត ដែលអាជ្ញាធរថៃបានយកចេញពីប្រាសាទព្រះវិហារ តាំងពីឆ្នាំ១៩៥៤នោះ រដ្ឋាភិបាលថៃនិងត្រូវប្រគល់ឱ្យកម្ពុជាវិញ។
តុលាការជំរះរឿងក្តីនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២៖ សម្រេចឱ្យខ្មែរបានទទួលជ័យជំនះក្នុងរឿងក្តីនេះ។ ដំបូងប្រទេសថៃបានបដិសេដ ចំពោះសាលក្រមរបស់តុលាការក្រុងឡាអេ។ ប៉ុន្តែនៅទីបញ្ចប់គឺនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៦២ លោកសេនាប្រមុខសារិន (Maréchal Sarit) ថ្លែងថា ប្រទេសលោកលំឱនកាយទទួលយកសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ ដើម្បីគោរណតាមកិច្ចសន្យារបស់ខ្លួន ចំពោះធម្មនុញសហប្រជាជាតិ។ នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៦៣ សម្តេចព្រះបាទនរោត្តម សីហនុ ជាប្រមុខរដ្ឋ ដែលអមព្រះរាជដំណើរដោយព្រះសង្ឃ និងឥស្សរជនខ្មែរជាច្រើនរូបបានយាង និមន្ត និងអញ្ចើញឡើងកាន់កាប់ប្រាសាទព្រះវិហារជាផ្លូវការឡើងវិញ ដោយមានការប្រាព្ធពិធីយ៉ាងឱឡារិក។
Cf. ស៊ន សំណាង, ឯកសារសង្ខេបស្តីអំពីប្រាសាទព្រះវិហារ អតីតកាលរុងរឿង និងមោទនភាពជាតិខ្មែរ, ឆ្នាំ២០០២ ទំព័រ១០-១២។ Willuconquer (ការពិភាក្សា) ម៉ោង០៣:១៦ ថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ (UTC)