Jump to content

ចក្រភពអូទ្រីស-ហុងគ្រី

ពីវិគីភីឌា
កំណែ​នៅ ម៉ោង០០:៤៤ ថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៨ ដោយ Thearith (ការពិភាក្សា | ការរួមចំណែក) (ទំព័រថ្មី៖ '''ចក្រភពអូទ្រីស-ហុងគ្រី''' (ភាសាអង់គ្លេស​៖ Austro-Hungarian Empire) ត្រូវ​បា...)

ចក្រភពអូទ្រីស-ហុងគ្រី (ភាសាអង់គ្លេស​៖ Austro-Hungarian Empire) ត្រូវ​បាន​គេ​ស្គាល់​ថា "អូទ្រីស-ហុងគ្រី" (Austria–Hungary) ឬ "ចក្រភព​រាជានិយម​ក្បាលពីរ" (Dual Monarchy) គឺជា​សហភាព​មួយ​ដែល​កើតឡើង​ដោយ​រាជាណាចក្រ​ពីរ​រួមបញ្ចូលគ្នា​រវាង​អូទ្រីស និង​ហុងគ្រី ដែល​មាន​អាយុកាល​៥១ ​ឆ្នាំ (១៨៦៧-១៩១៨) នៅ​អឺរ៉ុបគណ្ដាល រហូតដល់​ការរលំរលាយ​នៅពេលដែល​ចប់​សង្គ្រាមលោកលើកទី១​។

ចក្រភព​រាជានិយម​ក្បលពីរ​នេះ បាន​បន្ត​ពី "ចក្រភពអូទ្រីស" (១៨០៤-១៩៦៧) ទឹកដី​របស់​ចក្រភពអូទ្រីស-ហុងគ្រី​ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ​១៨៦៧ ស្ថិតនៅ​លើ​ទឹកដី​តែមួយ ដែល​គ្រប់គ្រង​ដោយ​រាជវង្ស​ហាបស៍ប៊ឺក និង អាណាចក្រ​ហុងគ្រី​។

ក្នុងនាម​ជា​ចក្រភព​ពហុជាតិ និង​ជា​មហាអំណាច​មួយ ស្ថិតនៅក្នុង​ដំណាក់កាល​នៃ​ចលនា​ជាតិនិយម បាន​ធ្វើឲ្យ​ចក្រភពអូទ្រីស-ហុងគ្រី ជួបប្រទះ​នឹង​វិបត្តិ​នយោបាយ​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ចលនា​ទាមទារ​ផ្ដាច់​ទឹកដី ក្នុងចំណោម​ជាតិសាសន៍​ធំៗ​ទាំង​១១​។

រាជវង្ស​ហាបស៍ប៊ឺក មាន​តួនាទី​ជា​អធិរាជ​នៃ​ចក្រភពអូទ្រីស គ្រប់គ្រង​លើ​ពាក់កណ្ដាល​ប្រទេស នៅ​ភាគខាងលិច និង ខាងជើង ចំណែក​ព្រះរាជា​ហុងគ្រី និង​ក្រូអាត មាន​សិទ្ធិ​គ្រប់គ្រង​លើ​រាជាណាចក្រហុងគ្រី ដែល​ពេញចិត្ត​ក្នុង​ការដឹកនាំ​រដ្ឋាភិបាល ផ្ទាល់ខ្លួន និង​មាន​តំណាង​នៅក្នុង​ស្ថាប័ន​រួម (ទំនាក់ទំនង​ការបរទេស និង ការពារជាតិ ដែល​ដឹកនាំ​ដោយ​ព្រះចៅអធិរាជ) ។

រាជធានី​នៃ​ចក្រភព គឺ​ក្រុងវ្យែន​។ ចក្រភពអូទ្រីស-ហុងគ្រី ជា​អាណាចក្រ​ធំជាងគេ​ទី២ នៅ​អឺរ៉ុប​បន្ទាប់ពី​ចក្រភពរុស្ស៊ី និង មាន​ចំនួន​ប្រជាជន​ច្រើនជាងគេ​ទី៣ បន្ទាប់ពី​ចក្រភពរុស្ស៊ី និង ចក្រភពអាល្លឺម៉ង់​។ បច្ចុប្បន្ន តំបន់​នេះ​មាន​ប្រជាជន​សរុប​ប្រមាណ​ជា ៦៩ លាន​នាក់​។

ឈ្មោះ​នៃ​ចក្រភព ជា​ភាសា​ផ្លូវការ ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ដោយ "ចក្រភពអូទ្រីស-ហុងគ្រី" មាន​៖

ប្រវត្តិ

ការបង្កើត

ការចាប់បដិសន្ធិ​នៃ​ចក្រភពអូទ្រីស-ហុងគ្រី នៅ​ឆ្នាំ​១៨៦៧ បាន​ដាក់ចេញ​នូវ​រចនាសម្ព័ន្ធ​នៃ​ចក្រភព​រាជានិយម​ក្បាលពីរ ដើម្បី​ជំនួស​ចក្រភពអូទ្រីស ដ៏​មាន​អំណាច បាន​ចាប់ផ្ដើម​ចុះ​ដុនដាប​ជាខ្លាំង ទាំង​នៅ​ឧបទ្វីបអ៊ីតាលី (ដោយសារ​សង្គ្រាម​អូទ្រីស-សារឌីនី ឆ្នាំ​១៨៥៩) និង បណ្ដា​រដ្ឋ​នៃ​សម្ព័ន្ធ​អាល្លឺម៉ង់ (ទីនោះ​ត្រូវ​បាន​ជំនួស​ដោយ​រាជាណាចក្រព្រុស ជា​អ្នកគ្រប់គ្រង​លើ​បណ្ដា​រដ្ឋ​និយាយ​ភាសាអាល្លឺម៉ង់ ដោយ​សង្គ្រាម​អូទ្រីស-ព្រុស ឆ្នាំ​១៨៦៦) ។ កត្តា​ផ្សេងទៀត នៅក្នុង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ រួមមាន​ការមិនសប្បាយចិត្ត​របស់​ហុងគ្រី​ចំពោះ​រដ្ឋអំណាច​ក្រុងវ្យែន​នៅតែ​បន្ត​មាន ហើយនិង ការកើនឡើង​នូវ​ស្មារតី​ជាតិនិយម​របស់​ប្រជាជាតិ​ដទៃ នៅលើ​ចក្រភពអូទ្រីស​។ ការមិនសប្បាយចិត្ត​របស់​ហុងគ្រី បាន​រីកធំឡើង​ដោយ​អន្លើ បណ្ដាលមក​អំពី​ការសង្កត់សង្កិន​របស់​អូទ្រីស ពី​សំណាក់​បដិវត្តន៍​រំដោះ​ហុងគ្រី (១៨៤៨-១៨៤៩) ដែល​មាន​ការគាំទ្រ​ពី​រុស្ស៊ី​។ ទោះជាយ៉ាងណា​ក៏ដោយ ការមិនសប្បាយ​ជាមួយនឹង​ការគ្រប់គ្រង​របស់​ចក្រភពអូទ្រីស បាន​រីកធំធាត់​អស់​ជាច្រើន​ឆ្នាំ ពី​សំណាក់​ហុងគ្រី និង មាន​បុព្វហេតុ​ជាច្រើន​ទៀត​។

នៅក្នុង​កិច្ចប្រឹងប្រែង​ស្ដារ​ការគាំទ្រ​រាជានិយម​ឡើងវិញ ព្រះចៅអធិរាជ "ហ្វ្រង់ ហ្សូសែហ្វ" បាន​ចាប់ផ្ដើម​ចរចា​ស្រុះស្រួល​គ្នា​ជាមួយ​អភិជន​ហុងគ្រី ដើម្បី​ធានា​បាន​ការគាំទ្រ​ពី​ពួកគេ​។ ដោយឡែក ប្រមុខដឹកនាំ​ជនជាតិ​ហុងគ្រី បាន​ទាមទារ និង​ទទួល​បាន​ការអភិសេក​ពី​ព្រះចៅអធិរាជ ក្នុង​ឋានៈ​ជា​ព្រះមហាក្សត្រ​នៃ​អាណាចក្រ​ហុងគ្រី និង ការ​បង្កើត​សភា​នៅ​ប៊ុនដាប៉េស្ត ដែល​មាន​អំណាច​អនុម័ត​ច្បាប់​នៅលើ​អាណាចក្រ​ហុងគ្រី ដែល​នឹង​ការពារ​អំណាច​របស់​អភិជន​ហុងគ្រី​។