មហាសមុទ្រប៉ាស៊ីហ្វិក
មហាសមុទ្រប៉ាស៊ីហ្វិក (Pacific Ocean) គឺជាមហាសមុទ្រធំជាងគេបំផុត នៅលើផែនដី។ ឈ្មោះរបស់វា គឺចេញមកពីភាសាឡាតាំង "Mare Pacificum" មានន័យថា "សមុទ្រសន្តិភាព" ("peaceful sea") ដែលត្រូវបានដាក់ដោយអ្នកស្រាវជ្រាវជនជាតិព័រទុយហ្គាល់ឈ្មោះ Ferdinand Magellan ។ មហាសមុទ្រនេះ លាតសន្ធឹងចាប់ពីខាងជើងជាប់មហាសមុទ្រអាកទិក រហូតដល់ខាងត្បូងជាប់ទ្វីបអង់តាកទិក ខាងលិចជាប់ទ្វីបអាស៊ី និងអូស្ត្រាលី និងខាងកើតជាប់ទ្វីបអាមេរិក។ វាមានក្រឡាផ្ទៃ ១៦៩.២ លានគីឡូម៉ែត្រការ៉េ ដែលជាផ្នែកធំជាងគេបំផុតនៃមហាសមុទ្រពិភពលោក និងមានទឹកប្រមាណ ៤៦% នៃផ្ទៃទឹកនៅលើផែនដី និងធំជាងផ្ទៃដីទាំងអស់នៅលើពិភពលោករួមបញ្ចូលគ្នា ៣២%។ ខ្សែអេក្វាទ័រ បានពុះចែកមហាសមុទ្រនេះជាពីរគឺ៖ មហាសមុទ្រប៉ាស៊ីហ្វិកខាងជើង និង មហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង។ អន្លង់ម៉ារីយ៉ាន (Mariana Trench) នៅភាគខាងលិចនៃមហាសុទ្រប៉ាស៊ីហ្វិកខាងជើង គឺជាចំណុចជ្រៅជាងគេបំផុតនៅមហាសមុទ្រប៉ាស៊ីហ្វិក និងពិភពលោក ដែលមានជម្រៅរហូតដល់ ១០,៩១១ ម៉ែត្រ (៣៥,៧៩៨ ហ្វីត)។
