ព្រះបាទស្រីសុរិយោពណ៌
បញ្ជូនបន្តទៅ៖
ព្រះបាទស្រីសុរិយោពណ៌ (១៦០១-១៦១៨)
[កែប្រែ]នៅឆ្នាំ ១៦០១ ព្រះស្រីសុរិយោពណ៌បានត្រឡប់ពីប្រទេសសៀម ស្របតាមបំណងប្រាថ្នា របស់ប្រជារាស្ត្រខ្មែរ ដែលបានសុំយាងព្រះអង្គពីទីក្រុងអយុធ្យាចូលមកតាមច្រកកំពតមកគង់នៅកោះស្លាកែត ជិតភូមិកៀនស្វាយសព្វថ្ងៃ។ ភាពស្ងប់ស្ងាត់ហាក់កើតមាននៅតាមកន្លែងខ្លះនៅក្នុងប្រទេស ប៉ុន្តែកន្លែងខ្លះទៀតមានកើតចលនាបះបោរ ធ្វើឲ្យប្រជារាស្ត្រភិតភ័យនៅឡើយ។ ក្រោយពីបង្ក្រាបចលនាបះបោរស្រួលបួលហើយ ព្រះអង្គទ្រង់បានបញ្ជាឲ្យគេសង់ព្រះរាជវាំងនៅល្វាឯម ដែលត្រូវនឹងទីតាំងវត្តអរិយក្សត្រសព្វថ្ងៃ ហើយក៏គ្រងរាជ្យនៅទីនោះពីឆ្នាំ ១៦០៣ ដល់ ១៦១៣ ក្នុងព្រះជន្មាយុ ៦០ វស្សា។ ទ្រង់ទទួលរាជាភិសេកជាស្ដេចផែនដីនៅឆ្នាំ ១៦១៣។ ព្រះស្រីសុរិយោពណ៌មានរាជបុត្រពីរអង្គដែលគង់នៅក្នុងប្រទេសសៀមនៅឡើយ គឺជ័យជេដ្ឋានិងឧទ័យ។ ឆ្នាំ ១៦០៥ ជ័យជេដ្ឋា និងឧទ័យជាអនុជ បានបង្ក្រាបមេបះបោរចាមពីរនាក់ដែលបានត្រួតត្រាលើខេត្តបារា និងដូនណៃ តាំងពីរជ្ជកាលស្ដេចអង្គតន់មកម្ល៉េះ។ ការបាក់បែកក្រុងលង្វែកឆ្នាំ ១៥៩៤ គឺជាការឈឺចាប់របស់ខ្មែរបន្ទាប់ពីការបែកបាក់អង្គរដែលបណ្ដាលមកពីខ្មាំងសត្រូវសៀម។ការលូកដៃ កកូរតាមល្បិចកល និងធ្វើអន្តរាគមន៍ឥតឈប់ឈរដែលមានទិសដៅធ្វើឲ្យខ្មែរខ្សោយ ដើម្បីលេបទឹកដី នាំឲ្យព្រះបាទស្រីសុរិយោពណ៌មានការធុញទ្រាន់នឹងមេរៀនដដែលៗរបស់សត្រូវសៀម។ ដើម្បីឲ្យមានលំនឹងព្រះអង្គបានធ្វើការសាកល្បងចងសម្ព័ន្ធភាពជាមួយស្ដេចយួន។ ប៉ុន្តែសម្ព័ន្ធថ្មីនេះ មិនបានធ្វើឲ្យប្រទេសខ្មែររស់នៅដោយសុខដុមរមនាឡើយ។ ផ្ទុយទៅវិញវាជាទម្ងន់មួយទៀតមកលើខ្មែរ។ យើងនឹកឃើញតាមរយៈប្រវត្តិសាស្ត្រខ្មែរ ដែលអូសបន្លាយអស់រយៈពេល ២ សតវត្សកន្លះ ទម្រាំដល់ពេលដែលពួកអាណានិគមនិយមបារាំងចូលត្រួតត្រាប្រទេសខ្មែរ[១]។
ការបាក់បែកក្រុងលង្វែក
[កែប្រែ]នៅក្នុង គ.ស.១៥៩៣ ព្រះនរេន្ទ្រសូរដែលបានក្លាយទៅជាព្រះរាជារបស់សៀមហើយ បានដឹកនាំទ័ពចូលលុកលុយព្រះរាជាណាចក្រកម្ពុជាសារជាថ្មីទៀត។ ពេលនោះ ព្រះឧភយោរាជស្រីសុរិយោពណ៌ត្រូវបានបញ្ជូនឲ្យទៅទប់ទល់ការពារនៅបរិបូរណ៍ ដែលជារបាំងចុងក្រោយរបស់រាជធានី។ នៅចំពោះការឈានមកមុខមិនអាចទប់បានរបស់ទ័ពសៀម ព្រះអង្គបានយាងចេញពីបរិបូរណ៍ ដឹកនាំទ័ពធ្វើដំណើរកាត់ទ័ពសត្រូវ រហូតមកដល់រាជធានីលង្វែកវិញ ដែលព្រះរៀមរបស់ព្រះអង្គទើបតែបានចាកចេញជាមួយព្រះរាជវង្សានុវង្ស ទៅកាន់ស្រីសន្ធរ បាត់ទៅហើយ។ ព្រះអង្គក៏ចាត់ចែងរៀបចំទប់ទល់ការវាយលុករបស់ពួកសៀម ប៉ុន្តែទប់មិនឈ្នះ សៀមក៏ដណ្តើមយករាជធានីបានទៅ នៅក្នុងខែមករា ឆ្នាំ១៥៩៤។ ព្រះឧភយោរាជស្រីសុរិយោពណ៌ ជាមួយនឹងព្រះមហេសីសុជាតិក្សត្រី ព្រះរាជបុត្រីទាំងពីរអង្គគឺអ្នកអង្គម្ចាស់ឯកក្សត្រី និងអ្នកអង្គម្ចាស់វិសុទ្ធក្សត្រី ព្រមទាំងព្រះរាជបុត្រាទាំងពីរអង្គគឺព្រះអង្គម្ចាស់ជ័យជេដ្ឋា និងព្រះអង្គម្ចាស់ឧទ័យ ត្រូវសៀមចាប់ជាអ្នកឈ្លើយ នាំយកទៅស្រុកសៀម ។ មានព្រះអង្គម្ចាស់មួយអង្គទៀតមានព្រះនាមថាស្រីជ័យជេដ្ឋ ឬជ័យជេដ្ឋ ដែលត្រូវជាបង/ប្អូនថ្លៃរបស់ព្រះឧភយោរាជ ក៏ត្រូវបានចាប់យកទៅស្រុកសៀមដែរ។ ព្រះរាជបុត្រីច្បងរបស់ព្រះអង្គ គឺអ្នកអង្គម្ចាស់ឯកក្សត្រី ត្រូវបានព្រះរាជាសៀម នរេន្ទ្រសូរ ទទួលយកធ្វើជាព្រះមហេសី។
ឯកសារយោង
[កែប្រែ]- ↑ សៀវភៅប្រវត្តិសាស្រ្តខ្មែរ ត្រឹង ងា ភាគ២ ឆ្នាំ១៩៧៣