Jump to content

អ្នកប្រើប្រាស់:Trezoo/សង្គ្រាមលោកលើកទី១

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

សង្គ្រាមលោកលើកទី១

បុព្វហេតុនៃសង្គ្រាម

ថ្វិត្បិតតែសង្គ្រាមលោកបានចាប់ផ្ដើមដោយការធ្វើឃាតរជ្ជទាយាទនៃអូទ្រីស-ហុងគ្រីហ្វ្រង់ស្វ័រ ហ្វែឌីណង់ ពិតប្រាកដមែន ប៉ុន្តែវាគ្រាន់ជាព្រឹត្តិការណ៍មួយដែលរុញច្រានភាពតានតឹងដែលមានស្រាប់ក្នុងទ្វីបអឺរ៉ុបឱ្យដល់ចំណុចកំពូលមួយតែប៉ុណ្ណោះ។ ដើម្បីយល់ដឹងពីបុព្វហេតុនៃសង្គ្រាម គេត្រូវសិក្សាពីភាពមិនចុះសម្រុងគ្នាក្នុងទ្វីបអឺរ៉ុបលើបញ្ហានានា មានបញ្ហានយោបាយ សេដ្ឋកិច្ច និងបញ្ហាអាណានិគម ដែលមានឫសគល់ពីយូរមកហើយ។ []

បុព្វហេតុសំខាន់ៗនៃសង្គ្រាមគឺ គំនិតជាតិនិយម នយោបាយចក្រពត្តិនិយម និងគំនិតចង់ពង្រីកទឹកដីរបស់ប្រទេសនីមួយៗ។ ព្រឹត្តិការណ៍សំខាន់ៗដែលធ្វើឱ្យឈានដល់សង្គ្រាមរួមមាន សង្គ្រាមបាល់កង់ដែលមិនបានចប់សព្វគ្រប់ ការប្រកួតប្រជែងសេដ្ឋកិច្ចរវាងប្រទេសអឺរ៉ុប ការចាញ់សង្គ្រាមណាប៉ូឡេអុងនៅឆ្នាំ ១៨១៥ សមាជទីក្រុងវីយែន និងការទទួលបានឯករាជភាពនៃប្រទេសបែលហ្សិក ដែលមានបារាំង និងចក្រភពអង់គ្លេសជាអ្នកធានា។

ភាពមិនចុះសម្រុងគ្នារវាងមហាអំណាចអឺរ៉ុប

បញ្ហាអាណានិគម និងសេដ្ឋកិច្ច

ផែនទីបង្ហាញពីប្រព័ន្ធនយោបាយនៃប្រទេសអឺរ៉ុបមុនសង្គ្រាមលោកលើកទី១

ប្រទេសចក្រពត្តិនិយមអឺរ៉ុបនីមួយៗមានមហិច្ឆតាចង់បង្កើតអាណាចក្រអាណានិគមរៀងៗខ្លួន។ សមាជទីក្រុងបែរឡាំងនៅឆ្នាំ១៨៨៥ បានអនុញ្ញាតឱ្យមហាអំណាចអឺរ៉ុបបែងចែកគ្នាគ្រប់គ្រងទ្វីបអាហ្វ្រិក។ ក្នុងនោះ អាហ្វ្រិកកណ្ដាលមួយភាគធំ (ប្រទេសកុងហ្គោ) ត្រូវបានប្រគល់ឱ្យស្ដេចបែលហ្សិកឡេអូប៉ូលទី២ ដោយសារបារាំង ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ចង់ឱ្យតំបន់នេះជាតំបន់អព្យាក្រឹត្យ។ ទោះជាយ៉ាងណាក៏ដោយ ជម្លោះពីបញ្ហាអាណានិគមនេះ នឹងនៅតែបន្តកើតមានដដែល។ គេសង្កេតឃើញភាពតានតឹងរវាងប្រទេសនានាក្នុងទ្វីបមួយនេះ រួមមានភាពតានតឹងរវាងបារាំង និងចក្រភពអង់គ្លេស នៅអេហ្ស៊ីប និងនៅស៊ូដង់ក្នុងអំឡុងវិបត្តិហ្វាសូដាឆ្នាំ១៨៩៨ ក៏ដូចជាភាពមិនចុះសម្រុងគ្នារវាងបារាំង និងអ៊ីតាលីនៅទុយនីស៊ីឆ្នាំ ១៨៨១ ដែលបណ្ដាលឱ្យអ៊ីតាលីចូលរួមទ្រីបលីស។ ដោយឡែកភាពតានតឹងរវាងបារាំង និងអាល្លឺម៉ង់ចាប់ផ្ដើមនៅឆ្នាំ ១៩០៥ នៅប្រទេសម៉ារ៉ុក។ បន្ទាប់ពីបានបង្រួបបង្រួមជាតិអាល្លឺម៉ង់ នៅឆ្នាំ ១៨៧១ សេដ្ឋកិច្ចប្រទេសមួយនេះបានតាមទាន់ប្រទេសដទៃទៀតក្នុងទ្វីបអឺរ៉ុបក្នុងរយៈពេលតែប៉ុន្មានទសវត្សប៉ុណ្ណោះ។[] ហេតុនេះហើយ ទើបអាល្លឺម៉ង់បានសម្លឹងមើលទឹកដីថ្មីនៅអាហ្វ្រិក ដែលពួកគេសង្ឃឹមថានឹងអាចទាញយកវត្ថុធាតុដើមក្នុងតម្លៃទាប ហើយថែមទាំងអាចធ្វើជាទីផ្សារសម្រាប់ផលិតផលឧស្សាហកម្មរបស់ពួកគេទៀតផង។[] ទោះជាយ៉ាងណាក៏ដោយ បារាំង ចក្រភពអង់គ្លេស និងបែលហ្សិក បានចែកគ្នាកាន់កាប់ទ្វីបអាហ្វ្រិករួចទៅហើយ។ រីឯទ្វីបអាស៊ីវិញក៏បានស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសអឺរ៉ុបខ្លះទៅហើយដែរ។ ក្រៅពីនៅក្នុងប្រទេសកាមេរូន ណាមីប៊ី តង់ហ្កានីកា និងតូហ្គោ អាល្លឺម៉ង់មិនមានឥទ្ធិពលអាណានិគមក្នុងទ្វីបអាហ្វ្រិកឡើយ។ អាល្លឺម៉ង់គិតថាបញ្ហានេះ កើតឡើងដោយសារប្រទេសមហាអំណាចអឺរ៉ុបដទៃទៀតមានភាពភ័យខ្លាច និងមិនចង់ឱ្យឧស្សាហកម្មរបស់អាល្លឺម៉ង់ដែលមានសន្ទុះដ៏ខ្លាំងក្លា តាមទាន់ឧស្សាហកម្មរបស់ពួកគេ។[]

ទោះជាយ៉ាងណាក៏ដោយ ភាពមិនចុះសម្រុងគ្នាក្នុងបញ្ហាអាណានិគមរវាង ចក្រភពអង់គ្លេស និងបារាំង មិនបានធ្វើឱ្យឈានទៅដល់ការផ្ទុះសង្គ្រាមនោះទេ ដោយជាទូទៅ វិវាទផ្សេងៗរវាងប្រទេសទាំងពីរត្រូវបានទូទាត់ដោយការដោះដូរ។

ពិភពលោកក្នុងឆ្នាំ ១៩១៤
រូបគំនូរសមាជទីក្រុងបែរឡាំង (ក្នុងឆ្នាំ ១៨៨៤) ដែលអ្នកតំណាងប្រទេសមហាអំណាចអឺរ៉ុបនានាបានចូលរួម

រីឯបញ្ហាសេដ្ឋកិច្ចវិញក៏គួរឱ្យមានការព្រួយបារម្ភដែរ។ ភាពតានតឹងផ្នែកសេដ្ឋកិច្ចរវាងប្រទេសអាល្លឺម៉ង់ និងបារាំងបានកើនឡើងចាប់ពីឆ្នាំ ១៩១២។

ឯកសារយោង

  1. André Loez (2010). La Grande Guerre. Repères. Paris: La Découverte. p. 9. ល.ស.ប.អ. 978-2-7071-5863-5. ម.ប.គ.ល. 679932605. .
  2. Poidevin 1972, pp. 57-62.
  3. Poidevin 1972, p. 65.
  4. Fischer 1969, p. 640-641.

គន្ថនិទ្ទេស

  • Raymond Poidevin (1972) (ជាfr). L’Allemagne de Guillaume II à Hindenburg 1900-1933 : un empire, une défaite. L'Univers contemporain. Paris: Éditions Richelieu. pp. 409. 
  • Fritz Fischer (1975) (ជាen). War of Illusions : German Policies from 1911 to 1914. Norton. ល.ស.ប.អ. 978-0-393-05480-4. . — ការបកប្រែជាភាសាអង់គ្លេស ពីអត្ថបទដើមភាសាអាល្លឺម៉ង់ខាងក្រោម
    • Fritz Fischer (1969) (ជាde). Krieg der Illusionen : Die deutsche Politik von 1911-1914. Dusseldorf: Droste Verlag. pp. 807. ល.ស.ប.អ. 978-3-7700-0200-9. .
  • Jean-Baptiste Duroselle; Frédéric Delouche (1998) (ជាfr). L'Europe, histoire de ses peuples. Paris: Hachette Livre. pp. 705. ម.ប.គ.ល. 40171768. .