Jump to content

រឿងស៊ឹមអ្នកបរឡាន (វគ្គទី១១៖ ភ្ញាក់រលឹក)

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
រឿងស៊ឹមអ្នកបរឡាន (វគ្គទី១១៖ ភ្ញាក់រលឹក)




ថ្ងៃរសៀលម៉ោងជាងបី ពូសនបើកឡានទៅដល់មន្ទីរធ្វើការ... ឃើញស៊ឹមកំពុងតែមើលសៀវភៅអង្គុយលើអាស៊ីបកញ្ចាស់គាត់។ពូសនចតឡានស្រួលបួលហើយ រួចក៏ដើរសំដៅទៅស៊ឹម សួរថា៖

  • ស៊ឹមជក់រឿងណាស់ថ្ងៃនេះ មិនឮសូរឡានខ្ញុំទេឬ? សុខសប្បាយជាទេ។


ស៊ឹមឮសម្លេងក៏ងាកមើល បិទសៀវភៅហើយឆ្លើយតប៖

  • ចុះពូសុខសប្បាយជាទេ? ទៅណាបាត់ជាងមួយអាទិត្យ? ខ្ញុំស្មានតែមិនមែនពូបើកឡាននេះ បានជាខ្ញុំមិនសូវគិត។
  • លោកពឹងពូឲ្យជូនបងប្អូនលោកទៅលេងកែប...។
  • ម៉េចសប្បាយទេ ទៅលេងកែប។ស៊ឹមបានសួរ។បានក្តាម ត្រីសមុទ្រយកមកផ្ញើខ្ញុំខ្លះទេ...។
  • មិនបានទេស៊ឹមអើយ ឯងមិនសូវមានលុយនោះ។លើកនេះយ៉ាប់ណាស់ ឡានខូច បូមសាំងមិនសូវស្រួលសោះ។ម្យ៉ាងទៀតប្រើវក់វីតែម្តងហើយ បន្តិចកែប បន្តិចទឹកឈូ។ខ្ញុំនៅជាប់នឹងឡាន គ្មានហ៊ានឲ្យអ្នកណាកាន់ជួសទេ ម៉្លោះហើយស៊ឹមឯង គ្រាន់តែភ្លេចកន្សែងមួយទៅជូតខ្លួន ក៏ប្រើឯងទៅយកដែរ។
  • ក្រែងបានរង្វាន់ខ្លះដែរ...។ស៊ឹមបានបញ្ជាក់។
  • ឲ្យដែរតែតិចណាស់។គ្រាន់តែផឹកកម្តៅគ្រឿងក្នុង មិនចង់គ្រប់ផង។ពូត្រូវចាយលុយផ្ទាល់ខ្លួនអស់៥០រៀលទៀត។ម្យ៉ាងទៀត អាទិត្យមុននេះ នៅផ្ទះមានធុរៈ។មីងឯងគេមិនស្រួល ចេះតែចុកពោះ។ពូទៅកែបលើកនេះ ទាំងទើសទាល់ទេ កុំឲ្យតែលោក កុំអីមិនទៅទេ...។ចុះស៊ឹមឯងវិញ លោកស៊ឹមឯងមានថាអ្វីទៀតទេ?
  • លោកគ្មានថាអ្វីទេ។គ្រាន់តែលោកមិនស្និទ្ធស្នាលដូចពេលមុនទៀត។
  • ស៊ឹមឯងសូមទោសលោកទៅ។
  • ខ្ញុំជម្រាបច្រើនលើកហើយថា ខ្ញុំមិនសូមទេ ព្រោះខ្ញុំគ្មានខុស។
  • ស៊ឹមឯងនៅតែរឹងដដែល។
  • ខ្ញុំការពារសិទ្ធិសេរីភាពរបស់យើងគ្រប់គ្នា។
  • លោកមិនផ្លាស់ស៊ឹមឯងទេឬ មើលទៅ?
  • ត្រង់ផ្លាស់ខ្ញុំមិនដឹងសោះ ហើយខ្ញុំក៏មិនដែលនិយាយពីរឿងនេះផង។តែតាមខ្ញុំសង្កេតឃើញតាំងពីក្រោយថ្ងៃដែលខ្ញុំបើកឡានទៅមុននោះ លោកមិនបានរំលោភលើខ្ញុំទៀតទេ។ខ្ញុំឈប់ជូតឡានផ្ទាល់ខ្លួនលោកទៀតហើយ។ម្តងមួយកាលទេដែលខ្ញុំជូនកូនលោក ឬទៅទទួលកូនលោកពីសាលារៀន ហើយថ្ងៃសម្រាកអាទិត្យ ខ្ញុំបានទៅផ្ទះជាមួយកូនប្រពន្ធខ្ញុំស្រួលជាងលើកមុន។ឥឡូវខ្ញុំមានឱកាសថែទាំគ្រួសារខ្ញុំច្រើន ហើយមិនសូវហត់នឿយវក់វីដូចមុនទៀតទេ លោកស្រីក៏ប្រែនិយាយមករកខ្ញុំ ពឹងខ្ញុំដោយសម្តីស្រួល លែងពាក្យធំៗដូចមុនទៀតហើយ។
  • ពូខំតែជួយព្រួយ ជួយភ័យស្មានតែត្រឡប់ពីកែបមកវិញនេះ ខានឃើញមុខឯងហើយ។ឯងត្រឡប់ជាគ្រាន់បើទៅវិញ។មនុស្សឥឡូវប្រែច្រើនណាស់។ជាន់ដើម របៀបស៊ឹមឯងនេះ មិនគ្រាន់តែផ្លាស់ ឬដេញចោលទេ ប្រហែលជាត្រូវឃុំខ្លះផងមើលទៅ។ពូសរសើរលោកស៊ឹមឯងណាស់ ដែលមានចិត្តល្អដូចនេះ មិនងាយរកទេ ចៅហ្វាយរបៀបនេះ...។
  • ចុះពូឯង ចង់បានចៅហ្វាយនាយរបៀបនេះទេ?
  • ម៉េចមិនចង់?
  • បើដូចនេះ ត្រូវខំផ្លាស់របៀបចាស់ចោល គឺត្រូវខំរៀនអានសៀវភៅ អានកាសែតដូចខ្ញុំអីចឹង ហើយតែចង់ដល់យើងចេះដឹងដូចគ្នាទៅ យើងហ៊ានរកខុសត្រូវ ហើយមនុស្សធ្លាប់រំលោភជិះជាន់យើង ក៏បែរជាចិត្តល្អវិញ...។
  • មែន ស៊ឹមឯងនិយាយចំជាត្រូវ។តែមានអ្នកបរឡានតិចណាស់ ដែលមានគំនិត ដែលមើលឃើញដូចស៊ឹមឯង។ស៊ឹមឯងមានដឹងទេ ពួកអាសៀង ពួកអាយ៉ែម ពួកពីរនាក់នោះវាចង់ញោសជាងពូទៅទៀត។វាគិតតែលេងបៀ គិតតែផឹក...។បើវាជួបពូ វាគិតតែបបួលពូចូលតៀមចិនដាក់មួយកែវសិន។ហើយអាហេងវិញ ពិបាករកលេខដាក់ណាស់។ក្រោមពូកឡានវា មានមួយដបជានិច្ច អានោះគ្មានគិតអ្វីក្រៅពីឱបដបស្រាទេ ពេលចាំលោក...។
  • គ្នាមិនទាន់យល់។ហេតុដូចនេះ យើងត្រូវតែខំកែប្រែខ្លួនយើងសិន។ក្រោយដែលយើងភ្ញាក់រលឹក កែប្រែដុសខាត់គំនិតយើងបានហើយ យើងត្រូវជួយអ្នកដទៃទៀត។ជាដំបូងនេះ ពូត្រូវខំរៀនមើលសៀវភៅ បើខ្វះខ្ញុំឲ្យខ្ចីខ្លះ។កុំទុកពេលចោលទទេ ជាងទំនេរ រៀនសូត្រទៅ។
  • ចុះស៊ឹមឯងមើលសៀវភៅអីថ្ងៃនេះ ក៏ជក់មិនឮឡានពូ...។
  • ខ្ញុំមើលទំនៀមទម្លាប់ និងច្បាប់ខ្មែរ។ពូត្រូវការមើល ខ្ញុំឲ្យខ្ចី ព្រោះខ្ញុំមានយកសៀវភៅប្រវត្តិអាចារ្យហែមចៀវ មកជាមួយដែរថ្ងៃនេះ។


ថាហើយ ស៊ឹមបានហុចសៀវភៅឲ្យពូសន។ពូសនយកទៅមើល។ស៊ឹមដើរឆ្ងាយពីពូសនទៅអង្គុយលើគល់ឈើ។ពូសនមើលជក់ស្លុង ប្រហែលបានមួយសន្លឹកលោកលាន់មាត់ថា៖ “បណ្តាំអាចារ្យហែមចៀវ ចំជាត្រូវ” រួចគាត់និយាយទៅកាន់ស៊ឹម៖ "ថ្ងៃក្រោយឲ្យពូខ្ចីសៀវភៅមើលទៀត...៕