Jump to content

រឿងមនុស្សពីរនាក់នៅផ្ទះជិតគ្នា

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

   កាលពីព្រេងនាយមានមនុស្សពីរនាក់នៅផ្ទះជិតគ្នា។ ថ្ងៃមួយ ចៅទាំងពីរនាក់បានបបួលគ្នា ទៅដាក់អន្ទាក់សត្វ។ បបួលគ្នាហើយ ដល់ថ្ងៃរសៀលគងភ្នំដ៏នាំគ្នាដើរចេញទៅ។ លុះដល់ព្រៃជា​កន្លែងដាក់អន្ទាក់ អ្នកមួយថា "ខ្ញុំនឹងដាក់គល់ឈើេនេះមានផ្លែ យប់ៗសត្វចំណាំតែមកស៊ីផ្លែឈើ​នេះ"។ អ្នកមួយឆ្លើយថា "ខ្ញុំក៏ចង់ដាក់នៅកន្លែងនឹងដែរ ប៉ុន្តែឥឡូវនេះបើអ្នកដាក់នឹងគល់ឈើ មាន​តែខ្ញុំដាក់នៅចុងឈើ រួចយើងចាំមើលព្រឹកឡើងរបស់អ្នកណាជាប់សឹមដឹង"។ និយាយគ្នាហើយ​ម្នាក់ដាក់នៅគល់ឈើ ម្នាក់ទៀតឡើងដាក់នៅចុងឈើស្រេចហើយវិលមកផ្ទះវិញ លាគ្នាទៅផ្ទះ​ដោយខ្លួន។[]

        ឯអ្នកដាក់អន្ទាក់នៅចុងឈើនោះ លុះវិលមកដល់ផ្ទះហើយយប់នោះគិតគ្នាពីរនាក់ប្តីប្រពន្ធថា​"តាំងពីដូនតាមកមិនដែលលឺថាអ្នកណាដាក់អន្ទាក់នៅចុងឈើឲ្យជាប់សត្វជើងបួនដែលដើរនៅដី​នោះទេ​ ឥឡូវនេះអញដាក់អន្ទាក់ចុងឈើ តើធ្វើមិចនឹងបានសត្វ? ដូច្នេះត្រូវអញរព្ញកពីពេលមាន់​រងាវទៅមើល បើឃើញសត្វជាប់អន្ទាក់គេនៅដី អញដោះយកទៅចងនឹងអន្ទាក់អញឯចុងឈើដល់​ព្រឹកឡើងអញទៅមើលជាមួយអ្នកនោះ ហើយអញដោះសត្វទៅជូនលោកសុភាសេក បើវាមិន​សុខចិត្តដូចម្តេចៗមុខជាកើតក្តីគង់តែដល់សុភាសេកមិនខាន សុភាសេកនឹងកាត់ក្តីឲ្យវាចាញ់អញ​ជាប្រាកដ។[]

ប្តីប្រពន្ធគិតគ្នាហើយដេកទៅ ដល់មាន់រងាវរព្ញកពីដេក លុបមុខស៊ីស្លាហើយចេញពី​ផ្ទះដើរទៅដល់អន្ទាក់ បានឃើញអន្ទាក់នៅដីជាប់ក្តាន់១ ក៏ដោះយកឡើងទៅចងនឹងអន្ទាក់របស់​ខ្លួនរួចដំឡើងអន្ទាក់នៅដីដូចដើម ក៏ប្រញាប់វិលមកផ្ទះវិញ។ លុះព្រឹកព្រហាមស្រាងៗឡើង អ្នក​មួយដែលដាក់អន្ទាក់នៅដីមកស្រែកហៅឲ្យទៅមើលអន្ទាក់។ អ្នកមួយឆ្លើយ "កុំរលះរលាំងថ្វីអន្ទាក់​ខ្ញុំៗមិនសង្ឃឹមទេ ដ្បិតនៅលើចុងឈើក្រែងតែអន្ទាក់អ្នកនៅដីនោះខ្ញុំមិនហ៊ានថា បើបានចែកគ្នាស៊ី​ផង"។ ពាក្យនេះជាពាក្យចំអកឲ្យអ្នកមួយ ដ្បិតដឹងការណ៍មុន។ អ្នកទាំងពីរនិយាយហើយចុះពីផ្ទះ​ដើរចេញទៅ លុះដើរទៅដល់អន្ទាក់មិនឃើញជាប់សត្វនៅដី ឃើញជាប់តែនៅចុងឈើវិញ។ ចៅ​ដែលជាម្ចាស់អន្ទាក់ចុងឈើថា "ន៎! មើលចុះមិនជឿខ្ញុំថាកុំឲ្យដាក់នៅគល់ឲ្យដាក់នៅចុង ឥឡូវ​មើលរបស់អ្នកណាជាប់ហៈ?" ហើយឡើងទៅដោះយកចុះមក នាំគ្នាវិលមកផ្ទះវិញ ក៏លាគ្នាទៅផ្ទះ​ដោយខ្លួនទៅ។ ឯចៅចែលបានក្តាន់ក៏ប្រញាប់យកទៅជូនសុភាសេក ហើយជំរាបថា "ខ្ញុំហើយនិង​ចៅមួយនោះដាក់អន្ទាក់ផងគ្នា ខ្ញុំដាក់នៅចុងឈើ អ្នកមួយនោះដាក់នៅគល់ឈើ ខ្ញុំនេះជាមនុស្ស​វៀច ក្តីនេះគង់តែមកដល់លោក ដូច្នេះតាមតែលោកមេត្តារកសេចក្តីយ៉ាងណាឲ្យតែក្តីខ្ញុំឈ្នះវាចុះ ខ្ញុំនឹងដឹងគុណលោកទៅថ្ងៃមុខ"។ សុភាសេកបានសាច់ក្តាន់ហើយឆ្លើយថា"ឯងទៅរកស្លាម្លូមក​ឲ្យឆាប់​ឲ្យទាន់ព្រឹកនេះបើវាមកប្តឹងអញៗបង្គាប់វាអីចឹងដែរ បើវាមកមិនទាន់ អញនឹងកាត់សេចក្តី​ឲ្យវាចាញ់បានងាយ ឯងប្រញាប់ទៅចុះ"។ []

        ឯអ្នកដាក់អន្ទាក់នៅគល់ឈើ លុះវិលមកផ្ទះហើយដកដង្ហើមតូច ដកដង្ហើមធំមិនសុខចិត្ត ក៏​យកសេចក្តីទៅប្តឹងសុភាសេកៗក៏បង្គាប់សេចក្តី ដូចបង្គាប់ចៅមុន។ លុះព្រឹកឡើងអ្នកដែលដាក់​អន្ទាក់នៅចុងឈើក៏យកឥវ៉ាន់ទៅដល់មុន។ ឯអ្នកដែលដាក់អន្ទាក់នៅដី ដោយខ្លួនជាអ្នកក្រ​លំបាកតោកយ៉ាកដើររកទិញឥវ៉ាន់ពុំបានពុំទាន់ ភ័យក្រែងខ្លួន ចាញ់គេ ហើយគេចាប់ទោសផងក៏​រត់ពីភូមិមួយ ទៅភូមិមួយបានជួបនឹងសុភាទន្សាយៗសួរថា "មានដំណើរអ្វីបានជារត់ដូច្នេះ? ឈប់​សិន"។ ចៅនោះឆ្លើយថា "លោកអើយអាណិតដោះទុក្ខខ្ញុំផង ដ្បិតខ្ញុំហើយនឹងអ្នកមួយទៅដាក់​អន្ទាក់ផងគ្នា ខ្ញុំដាក់នៅគល់ ឯគេដាក់នៅចុងឈើ លុះព្រឹកឡើងទៅពុំឃើញអន្ទាក់នៅដីជាប់សត្វ ឃើញនៅឈើជាប់ក្តាន់មួយ ខ្ញុំមិនសុខចិត្តក៏យកសេចក្តីទៅប្តឹងសុភាសេកៗគេថាអ្នកណាដើរទៅ​រកឥវ៉ាន់ទៅដល់មុន អ្នកនោះឈ្នះ" ហេតុនេះបានជាខ្ញុំភ័យឥឡូវគេទៅដល់មុនខ្ញុំហើយដូច្នេះតាម​តែលោកអាណិតខ្ញុំផង​ សុភាទន្សាយឆ្លើយថា "ណ្ហើយ! កុំភ័យចាំថ្ងៃរសៀលខ្ញុំនឹងនាំទៅ"។ ចៅ​នោះអរ។ លុះដល់ថ្ងៃរសៀលសុភាទន្សាយនាំទៅដល់ផ្ទះសុភាសេកៗស្រែកសួរមកថា "ដូចម្តេចក៏​យូរម្ល៉េះ? សេចក្តីចាញ់គេហើយ"។ សុភាទន្សាយឆ្លើយថា "យើងខ្ញុំបានជាយូរនោះពីព្រោះអាល័យ​តែចាំមើល ត្រីក្រាញ់ហើរឡើងស៊ីស្លឹកអម្ពិល"។ សុភាសេកថា "ពីជីដូនជីតាមកគ្មាននរណាដែល​ឃើញ ដែលលឺថាត្រីក្រាញ់ហើរឡើងស៊ីស្លឹមអម្ពិលទេ"។ សុភាទន្សាយឆ្លើយថា "ពីជីដូនជីតា ពីម៉ែ​ឪបង្កើតមកនរណាដែលឃើញ ដែលលឺថាអន្ទាក់នៅនឹងដីមិនជាប់សត្វ ទៅជាប់អន្ទាក់នៅចុងឈើ​វិញ ហើយសត្វជើងបួនផងដែលលឺទេ? អស់អ្នកស្រុក!"។ ខណៈនោះសុភាសេកស្ងៀម ពុំហ៊ានស្តី​តបឡើយ។ សុភាទន្សាយក៏កាត់សេចក្តីឲ្យចៅដែលជាប់អន្ទាក់នៅនឹងដីឈ្នះ។ ឯសុភាសេកដែល​អង្គុយធ្វើសុភានោះក៏ខ្មាស់គេដោយសារខ្លួនល្មោភជំនូនសាច់ក្តាន់ក៏ស្ងៀម បែរមុខផ្ទប់ទៅនឹង ជញ្ជាំងដូចឆ្មាលបកណ្តុរ៕[]

"ល្មោភឥតខ្មាស វិនាសច្បាប់"

  1. "រឿង មនុស្សពីរនាក់នៅផ្ទះជិតគ្នា". រឿង មនុស្សពីរនាក់នៅផ្ទះជិតគ្នា. Retrieved 2025-04-22.
  2. "រឿង មនុស្សពីរនាក់នៅផ្ទះជិតគ្នា". រឿង មនុស្សពីរនាក់នៅផ្ទះជិតគ្នា. Retrieved 2025-04-22.
  3. "រឿង មនុស្សពីរនាក់នៅផ្ទះជិតគ្នា". រឿង មនុស្សពីរនាក់នៅផ្ទះជិតគ្នា. Retrieved 2025-04-22.
  4. "រឿង មនុស្សពីរនាក់នៅផ្ទះជិតគ្នា". រឿង មនុស្សពីរនាក់នៅផ្ទះជិតគ្នា. Retrieved 2025-04-22.