Jump to content

រឿងព្រេងទាក់ទងនិងពិធីបញ្ចូលម្លប់កូនស្រី

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

មានរឿងដំណាលថា កាលនោះមានមហាចោរម្នាក់ពុំមានភរិយា បានសង់ផ្ទះមួយខ្នងយ៉ាងល្អផ្ដាច់ នៅក្នុង ព្រៃស្មសាន ដើម្បីនឹងទុកដាក់របស់ទ្រព្យ មាន មាស ប្រាក់ សំពត់ អាវសាវស្បែជាដើម ដែលខ្លួន ទៅលួចប្លន់គេបានពីទីផ្សេងៗមក។ មហាចោរនោះលុះកាលជាចំណេរក្រោយមក ក៏រំពឹងគិតថា “អាត្មាអញមាន ទ្រព្យសម្បត្ដិច្រើនដល់ម្លឹង ដែរហើយ តែទាស់ត្រង់គ្មានអ្នកណាថែរក្សា គិតសព្វគ្រប់ទៅការខំប្រឹងរបស់អញនេះ ដូចជាគ្មាន បានការអ្វីសោះ ! ព្រោះថា បើកាលណាអាត្មាអញស្លាប់ទៅ ទ្រព្យអស់ទាំងនេះ និងក្លាយទៅជារបស់ អសារឥតការគួរឱ្យស្ដាយ បើមានកូនប្រពន្ធគ្រាន់និងស៊ីមរតកនោះទៅរ៉ា អាត្មាអញនិងមិនសូវជាស្ដាយ ពេក”។ គិតហើយមហាចោរក៏ដើរទៅក្រវែលភូមិអ្នកស្រុក រំពៃគយគន់មើលក្មេងស្រី-ប្រុស ដែលនាំគ្នាលេងខ្ញៀវខ្ញា នៅក្រោមម្លប់ឈើ។ លុះគយគន់ទៅឃើញនាងតូចមួយនោះ មានរូបឆោមស្អាតសមរម្យ មានសាច់ឈាមថ្លា ថ្លៃថ្នូរគួរឱ្យស្រលាញ់ ក៏និយាយលួងលោមកូននោះឱ្យបែកចេញពីហ្វូង ហើយក៏បញ្ឆោតនាំយកទោដល់ផ្ទះផង ខ្លួន។ ដោយខ្លាចកូនក្មេងនោះលួចរត់ទៅរកម៉ែឪវាវិញ ព្រមទាំងការពារ កុំឱ្យម្ដាយឪពុកវាតាមទៅរកឃើញ មហាចោរក៏យកក្មេងនោះទៅលាក់ទុកក្នុងបន្ទប់ ចាក់សោយ៉ាងខ្ជាប់ខ្ជួន។ រាល់ពេលបាយ ឬ ពេលបានចំណី អាហារឆ្ងាញ់មក មហាចោរតែងហុចតាមបង្អួចមួយ តូចទៅឱ្យនាងបរិភោគ ។ ក្មេងស្រីនោះនៅក្នុងម្លប់ ក៏ចេះតែ ចំរើនសាច់ឈាមរាល់ថ្ងៃជាលំដាប់ ។ លុះនាងពេញវ័យក្រមុំ ការដែលនាងមិនមានត្រូវពន្លឺព្រះអាទិត្យ និងមិន បានជាន់ដី បណ្ដាលឱ្យនាងមានជំងឺស្គមស្គាំងស្លេកស្លាំង ។ មហាចោរភ័យណាស់មិនដឹងជាកូនមានជំងឺអ្វី ក៏ត្រាច់ ទៅក្នុងភូមិមួយឆ្ងាយទើបបានជួបនិងដូនចាស់ម្នាក់ ធ្លាប់ធ្វើឆ្មប ក៏និយាយអង្វរសុំអញ្ជើញដូនឱ្យមកជួយមើលកូន ខ្លួន ។ យាយម៉បនោះមកដល់ ចូលទៅសួរសុខទុក្ខនាងហើយយល់ការណ៍ ក៏ប្រាប់នាងថា “ចៅយាយអើយ! ចូរចៅកុំព្រួយអ្វី! ចៅឈឺនេះគ្មានអ្វីក្រៅពីជំងឺគ្រប់ការទេ គឺពេលដែលនាងផ្លាស់វ័យនេះឯងហើយ ដែលធ្វើឱ្យនាង ចេះតែរសាប់រសល់ ចុកខ្នង ចុកចង្កេះ ល្ហិតល្ហៃ ទន់ដៃទន់ជើង កុំព្រួយអ្វីណាចៅ ! ចាំយាយផ្សំថ្នាំសង្កូវឱ្យនាងញាុំ ឱ្យបានធូរស្រាលឆាប់រហ័ស”។ ថាហើយ យាយម៉បក៏ទៅរកស្ទោះសំបក ឈើមកផ្សំថាំ ដាំឱ្យនាងនោះអាស្រ័យ ហើយផ្ដាំថា “ចៅអើយ! ចៅយកថ្នាំនេះទៅហាលថ្ងៃឱ្យស្ងួត ហើយរកថូ ឬ ឆ្នាំងអ្វីដាក់ទុកទៅ ពេលនាងដឹងថា ជិតដល់រដូវកាលហើយ ចូរនាងយកមួយកញ្ចប់ មកដាំញាុំ៤-៥ថ្ងៃទៅ នោះនាងនឹងបានធូរស្រាលក្នុងខ្លួន ដូចបំណង ហើយសាច់ឈាមពណ៌សម្បុររបស់នាង ក៏រិតតែល្អឡើងដែរ ”។ លុះកូនស្រីមហាចោរផឹកថ្នាំ បានធូរ ស្រាលស្បើយរោគហើយ យាយម៉បក៏ចូលទៅសំពះសុំលាមហាចោរ ត្រលប់ទៅមើលផ្ទះសំបែងវិញ ។ មហាចោរ បានយកមាសប្រាក់ជូនជាទ្រនឹបរង្វាន់យាយម៉ប ហើយជូនត្រឡប់ដល់ផ្ទះវិញ ។ ពេលរៀបចេញដំណើរពីផ្ទះ មហាចោរទៅយាយម៉បនឹកក្នុងចិត្ដថា “កន្លែងមហាចោរនេះ ឆ្ងាយដាច់ស្រយាល ពីភូមិស្រុកគេណាស់ ឯព្រៃ ទៀតសោតក៏ញឹកស្ងាត់ជ្រងំ គួរឱ្យខ្លាច ប្រសិនបើអញត្រូវការចង់ មករកទីនេះវិញ ធ្វើម្ដេចនិងរកផ្លូវមកឃើញ!” នឹកសព្វគ្រប់ហើយ គាត់ក៏រកបានគ្រប់ឪឡឹកមួយបង្វិចយកមកតាមខ្លួន ដើរបណ្ដើរចាប់គ្រាប់ឪឡឹករោយបណ្ដើរ រហូតមកដល់ផ្ទះគាត់។ តទៅនេះនិងថ្លែងចាប់សារដើមបន្ដិច អំពីពេលដែលយាយម៉បបានទៅនៅថែទាំងកូនចោរ នោះមក គាត់តែងតែសង្កេតមើលឫកពារ និងរូបឆោមកូននោះឃើញល្អ ក៏ចេះតែគួចចិត្ដទុក និងសម្លឹងរកកម្លោះ រូបណាមួយឱ្យសមគ្នានិងនាង ។ ថ្ងៃមួយអាស្រ័យបច្ច័យហេតុផលពីបុព្វេបណ្ដាលចិត្ដមាណពម្នាក់ ដែលត្រលប់ពី រៀនវិជ្ជាការ ឱ្យចង់ចូលទៅសុំសំរាកនៅផ្ទះយាយម៉បនោះសិន ត្បិតថ្ងៃកាន់តែជ្រេ កម្លាំងក៏អស់ហេវបាយ ផ្លូវទៅ មុខក៏ឆ្ងាយ ក្រែងយប់កណ្ដាលផ្លូវ ក៏រូតរះចូលទៅសំពះដូនចាស់សុំសំណាក់មួយយប់ ។ ដូនចាស់កំពុងតែរៀបចំ និងដាំបាយបរិភោគ ជួនក្រឡេកឃើញមាណពចូលមកសំពះសុំស្នាក់ ក៏មានចិត្ដសប្បុរសទទួលឱ្យនៅ ហើយដាំ បាយបណ្ដើរ សំណេះសំណាល់សួរអំពីពូជពង្សបណ្ដើរ។ លុះអាស្រ័យបាយរួច និងទុកដាក់ចានក្បានស្រេច យាយម៉ប ដែលចេះតែលបសង្កេតរូបឆោមមាណពនោះតាំងតែពីចូលមក ក៏បង្ហើបសំណួរថា “ចៅអើយ ! ពីកាលដែលចៅលាឪពុកម្ដាយមកស្វែងរកតំរិះវិជ្ជានេះ តើឪពុកម្ដាយចៅ មានស្ដីដណ្ដឹងកូនចៅអ្នកឯណាទុកឱ្យ ចៅហើយឬនៅ?“ ។ ចៅមាណពតបថា “មិនទាន់មាននៅឡើយទេ! ” ហើយបន្ដសម្ដីថា “ខ្ញុំនឹកថាប្រសិនបើនៅ ពេល ដែលខ្ញុំធ្វើដំណើរកាត់ស្រុកភូមិគេនេះ បានជួបស្រីណាមួយមានលក្ខណៈសម្បត្ដិសមរម្យល្អ ខ្ញុំនឹងយកគេធ្វើ ប្រពន្ធហើយ! តើលោកយាយមានបានស្គាល់កូនចៅលោកអ្នកណា ដែលល្អនៅក្នុងស្រុកភូមិរបស់យាយនេះ ដែរឬទេ?” ។ -ចៅអើយ! (យាយម៉បនោះឆ្លើយ) នៅក្នុងស្រុកភូមិនេះ មិនឃើញមានស្ដ្រីណាម្នាក់ដែលសក្ដី សម និងចៅទេ ប៉ុន្ដែជីដូនធ្លាប់បានឃើញស្ដ្រីម្នាក់ដែរ នាងនោះជាកូនមហាចោរ នៅក្នុងព្រៃដាច់ស្រយាល ឯណោះ។ យាយម៉បក៏និយាយរាប់រៀបអំពើដំណើររឿងដែលគាត់បានទៅឃើញនាងនោះ និងបានសង្កេតឃើញ ឫកពារសមរម្យ។ ឮពាក្យសរសើររបស់យាយម៉ប មាណពនោះអន្ទះសារចង់ឃើញរូបនាង ក៏អង្វរឱ្យយាយជូន ទៅ។ -ទេចៅ (យាយម៉បប្រកែក) យាយជូនទៅមិនបានទេ ព្រោះយាយខ្លាចមហាចោរនោះណាស់ ធម្មតា ចិត្ដមហាចោរ តែដល់មានការអ្វីស្រួលមិនស្រួលកើតឡើង វាមុខជាមកសម្លាប់យាយចោលហើយ! ។ យាយចាស់ ហើយ តែយាយនៅចង់រស់នៅឡើយ។ ចូរចៅជឿជាក់ថា យាយចង់ឱ្យចៅនិងនាងនោះ បានគ្នាជាប្ដីប្រពន្ធណាស់ ព្រោះតាំងតែពីកាលយាយបានឃើញនាងមក ទោះពេលយាយចេញដើរទៅផ្សា ទៅកាន់ភូមិនានា ទៅសង្គ្រោះ គេក្ដី យាយតែងតែគយគន់សម្លឹងមើលរាល់ថ្ងៃ តែមិនប្រទះឃើញបុរសកម្លោះណាម្នាក់ ឱ្យសមល្មមនិងចិត្ដ យាយសោះ ទើបតែពេលនេះចៅមកដល់ចំជាមហាលាភហើយ ចៅគេងឱ្យស្រួលទៅ ព្រឹកស្អែកចាំចៅចេញ ដំណើរទៅរកនាង”។ នៅពេលយប់នោះ បុរសចេះតែគិតសព្វគិតគ្រប់ ដេកក៏មិនលក់ ដោយប្លែកកន្លែងផង ទន្ទឹងឱ្យតែភ្លឺឆាប់ផង ណាមួយគិតបារម្ភអំពីដំណើរក្នុងព្រៃតែម្នាក់ឯង ណាមួយគិតដល់គ្រោះថ្នាក់ជាមួយនិង មហាចោរ លុះយប់យន់ទើបបុរសគេងលង់លក់ទៅ ។ ពេលមាន់រងាវភ្លឺស្រាងៗ យាយម៉បក្រោកដាំបាយ រកម្ហូប ក្រៀមក្រោះ ទឹកបំពង់ទុកបំរុងជាស្បៀង ឱ្យមាណពធ្វើដំណើរ ។ លុះមាណពក្រោកឡើងហើយ យាយក៏ឱ្យ ស្រស់ស្រូប រួចប្រគល់កញ្ចប់អាហារ សំរាប់តាមផ្លូវហើយនាំបង្ហាញតម្រុយដើមឪឡឹកឱ្យចៅមាណពធ្វើដំណើរ ចេញទៅ ។ -នែចៅ! (យាយម៉បប្រាប់) ចូរចៅដើរទៅតាមជួរដើមឪឡឹកនេះទៅចុះ ! ចៅនិងបានទៅដល់ ផ្ទះនាងនោះហើយ តែថាចូរចៅប្រយ័ត្នខ្លួនឱ្យមែនទែនណា ! ចៅទៅចុះ ! សូមឱ្យបានសេចក្ដីសុខ ឱ្យបាន សំរេច ដូចសេចក្ដីប្រាថ្នា បើមានសត្រូវមកពីមុខឱ្យរំលង បើមកពីខ្នងឱ្យរលាយណាចៅណា ។ មាណពក្រាបប្រណិប័តន៍ លាលោកយាយហើយកចេញដំណើរទៅ។ ថ្ងៃជ្រេបន្ដិច ទើបទៅដល់សំណាក់មហាចោរ ។ គាប់ជួនពេលនោះ មហាចោរមិននៅ ចេញទៅរកប្លន់គេបាត់ ទុកតែកូនស្រីឱ្យនៅចាំផ្ទះ តែម្នាក់ឯង ។ នាងកំពុងតែដើរតត្រុក បោសច្រាសសម្អាតផ្ទះសម្បែងតាមទំលាប់ ពុំមានគិតក្រែងអ្វីឡើយ។ ឯចៅមាណពនោះ ទៅលបគយគន់ឃើញ សព្វគ្រប់ហើយដឹងថា នាងនៅម្នាក់ឯង ក៏ប្រថុយស្រែកហៅ ។ នាងឮសូរមាត់មនុស្សចំលែក នឹកភ័យណាស់ គិតថា “តើអ្នកណា ! ហ៊ានចូលមក ដល់ទីនេះ?” ប៉ុន្ដែនាងក្រឡេកទៅឃើញយុវបុរសជាអ្នកមានឬកពាសុភាព រាបសារល្អ មិនគួរឱ្យខ្លាច នាងក៏បើកទ្វារ ហៅឱ្យបុរសចូល ហើយនិយាយសាកសួរគ្នាទៅវិញទៅមក មិនត្រឹមតែ ប៉ុណ្ណោះ ក៏ទទួលរាក់ទាក់សំណេះសំណាលតាមផ្លូវលោកីយ៍ ដោយសុខចិត្ដសុខកាយលើកជាស្វាមី ហើយនាំយក ទៅលាក់ មិនឱ្យមហាចោរជាឪពុកដឹងឡើយ ។ ប៉ុន្ដែក្នុងកាលជាបន្ទាប់មក មហាចោរសង្កេតឃើញឫកពារកូនស្រី របស់ខ្លួនប្លែកពីធម្មតា គឺឃើញនាងតែងខ្លួនជានិច្ចកាល ធ្វើការងារសព្វសារពើក្នុងផ្ទះ ដោយមិនបាច់ឪពុកតឿន ឡើយ ដូចជាចង់ផ្គាប់ផ្គន់មនុស្សណាម្នាក់ ដែលជាទីពេញចិត្ដ ។ មហាចោរនឹកសង្ស័យថា “នាងនេះច្បាស់ជាមាន ប្រុសសហាយហើយ!” ក៏នឹកតូចចិត្ដនិងកូនស្រី លាយនិងសេចក្ដីខ្មាសអៀនអាសហាយនាងនោះផង ក៏ដើរចោលទី កន្លែងនោះទៅ។ ឯទាំងពីរអ្នកប្ដីប្រពន្ធនៅក្នុងព្រៃយូរបន្ដិចទៅ មិនឃើញមហាចោរនោះត្រលប់មកវិញ ក៏នាំគ្នា ចុះមករកភូមិស្រុកនិងគេ។ លុះមកដល់ភូមិស្រុកហើយ ក៏ចូលទៅអរគុណនិងយាយម៉ប ព្រមទាំងជូនរង្វាន់គាត់ ខ្លះទៀតផង ។ យាយម៉បមានចិត្ដត្រេកអរណាស់ ដើរប្រាប់អ្នកជិតខាងឱ្យមកមើលនាង ដោយថ្លែងបូរបាច់ប្រាប់ គេថា “នាងនេះមានរូបឆោមលោមពណ៌សាច់ជិតល្អ មកអំពីគេនៅតែក្នុងម្លប់ ដល់ចេញពីម្លប់ក៏មានប្ដីតែម្ដង ”។ អ្នកស្រុកឃើញដូច្នោះ ក៏នាំគ្នាយកកូនដែលដល់អាយុគ្រប់ការ ទៅឃាំងក្នុងម្លប់ ដើម្បីឱ្យបានល្អដូចគេ ក៏ជាប់ជា ទំនៀមរហូតមក ។


ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ