Jump to content

រឿងផ្កាស្រពោនវគ្គទី១

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

រទេះភ្លើងបោលលឿនដូចព្យុះកាត់ព្រៃខ្លុង និងព្រិចរត់ឆ្លងអូរ ហើយជ្រែកពុះជើងភ្នំ ដោយបញ្ចេញសន្ធឹកខ្ទ័ររំពងធ្វើឲ្យរញ្ជួយផែនពសុធា។

បន្តិចក្រោយមកយាននោះក៏បើកផុតជួរភ្នំ និងព្រៃស្ងាត់អស់ ហើយប្រសិនបើជាគេអើតតាមបង្អួចនៃទូណាមួយទៅ គេនឹងឃើញវាលស្រែដ៏មានភ្លឺខ្មៅប្រផេះ ខ្វែងកាត់គ្នាជាក្រឡាចត្រង្គប្រកបដោយកិរិយាចេះរត់ថយក្រោយវិញ។

វាលស្រែ! វាលស្រែ! ពាសពេញតៗ ជាប់គ្នាដល់ជើងព្រៃដែលគេមើលទៅឃើញខៀវសន្លឹម។

នៅក្នុងវាលស្រែ សុទ្ធតែមានទឹកសស្ងាច ពេញព្រៀបដែលខ្យល់រំហើយបោកបក់បណ្តាលឲ្យកើតជារលកពព្រាំមកយោលដើមស្រូវខ្ចី ពណ៌បៃតងស្រស់។

នៅក្នុងជំពូកគុម្ពស្រូវនោះ មានផ្កាត្រកួនពណ៌ស្វាយ ផ្កាក្រជីបពណ៌ក្រហមឆ្អៅ ផ្កាអញ្ចាញពណ៌លឿងដូចមាសឆ្អិន លាយឡំគ្នាត្រង់នេះបន្តិច ត្រង់នោះបន្តិច។បុប្ផាទាំងនេះ ហាក់ដូចជាឧប្បត្តិកឡើង សម្រាប់ជាគ្រឿងលំអនៃសំពត់ព្រំពណ៌បៃតង ដែលលាតសន្ធឹងក្រោមមេឃស្រកានាគ និងក្រោមរស្មីថ្លាត្រចះនៃព្រះសុរិយា។

នៅក្នុងទឹកថ្លាខ្យង កុកចុះរកស៊ីសព្រាតទាំងហ្វូងៗ និងមានគ្រួសារ ឬចង្កៀលខ្យង ដើរគូៗវា។ឆ្ងាយពីទីនោះបន្តិចទៅហ្វូងប្រវឹកហែលប្រដេញគ្នាតាមគុម្ពវល្លិវារីជាតិ។ឯពូកអ្នកស្ទូងដែលស្លៀកពាក់ខ្មៅ ហើយប្រឡាក់ភក់ស្រមកបាននាំគ្នាងើបមើលខ្សែរទេះភ្លើងធ្វើភ្នែកស្លឹង។

ពូកសិស្សវិទ្យាល័យដែលត្រូវបានឈប់សម្រាកពីរខែ បានស្រុះគ្នាធ្វើដំណើរត្រឡប់ចូលទៅក្រុងបាត់ដំបង់វិញ ដោយអ៊ឹកធឹក៖ ខ្លះផ្លុំគែន ខ្លះទះដៃ ខ្លះទន្ទ្រាំក្តារបន្ទះ ហើយខ្លះច្រៀងទំនុកបារាំង ដែលគេធ្លាប់ឮអ្នកលេងកុនឈ្មោះទីណូរូសស៊ីច្រៀង។ក្មេងមួយនាក់ឈ្មោះបូណា ចេះប្រសប់យ៉ាងចំឡែកខាងធ្វើត្រាប់សម្តី និងកិរិយានៃគ្រូអាចារ្យ ដែលជាហេតុបណ្តាលឲ្យសំណើចផ្ទុះឡើងឮទ្រហឹងអឺងអាប់។យុវជនខ្លះទៀតដែលមានឫកពាជាអ្នកសុភាពរម្យទម ឈរនៅមាត់បង្អួចមើលសត្វហើរមនុស្សខ្លះធ្វើការ និងទេសភាពនានា ហើយមានទឹកមុខរីកថ្លាហាក់ដូចជាមានជួបនឹងមិត្រភក្តិ។

វ៉ាកងធំ! អ្នកទាំងឡាយគង់ជ្រាបស្រាប់ហើយ នូវកម្លាំងនៃសេចក្តីសប្បាយដែលពង្រីកទ្រូង នៃយុវជនលាសាលារៀន នៅពេលដែលចំពើបលើ ឈប់ពីរខែ វ៉ាកងធំ! ឈប់ពីរខែ! ពាក្យចម្លែកអស្ចារ្យដែលបើកទ្វារជើងមេឃធំ ទូលាយទៅខាងមុខបាន។បក្សាដែលគេបង្ខាំងនៅក្នុងទ្រូង ហើយបើគេបើកទ្វារលែងទៅ មានសេចក្តីត្រេកអរ យ៉ាងណាមិញក្មេងសិស្សទាំងឡាយក៏សប្បាយយ៉ាងនោះដែល។ខ្លួនគេដូចជាស្រាលចង់រសាត់អណ្តែតទៅតាមអាកាស កិរិយាគេដូចជាមនុស្សស្រវឹង គឺស្រវឹងនឹងសេរីភាព! ឈប់ពីរខែ! គេមិនដែលឃើញសប្បាយអ្វីបានយូរដល់ម្ល៉េះទេ។គេរួចពីចំណងការរៀនសូត្រ ដែលត្រូវបំពេញរាល់ថ្ងៃជាអចិន្ត្រៃយ៍។លាហើយសៀវភៅធំៗដ៏មានវិជ្ជាពិបាក ឡើងងងឹតមុខ! លាហើយសម្លេងគ្រូអាចារ្យដែលបង្ខិតបង្ខំស្តីបន្ទោស លាហើយគ្រែដំណេកដែលមានសង្កើចពាសពេញ! លាហើយកន្លែងទទួលភោជនាហារដែលធំក្លិនឆ្អាបៗជាប់នឹងច្រមុះ! លាហើយពួកម៉ាកដែលធ្លាប់ស្រឡាញ់គ្នា ដែលខំប្រកួតប្រណាំងគ្នា...លាហើយ! លាហើយ! លាហើយ! គេនឹងទៅជួបជុំឪពុកម្តាយ បងប្អូនញាតិសន្តាន។គេនឹងបានដេកអស់ពេលតាមចំណង់ បរិភោគតាមឃ្លាន ដើរលេងតាមកំសាន្ត។ឈប់ពីរខែ ជយោ!

ក្នុងចំណោមជនដែលកំពុងត្រេកត្រអាលយ៉ាងនេះ! អ្នកទាំងឡាយគ្មាននឹកនាថានឹងមាននរណាធ្វើមុខជូរ កើតទុក្ខបានឡើយ។តែបើសម្លឹងគយគន់ឲ្យហ្មត់ចត់ទៅ ក៏នឹងឃើញកុមារម្នាក់ដែលមានរូបរាងដូចជាចៅចិន មានអាយុប្រហែល១៨ឆ្នាំ មុខរាហ៍ សម្បុរជ្រះ ទឹកមុខស្ងប់ស្រពោននៅក្នុងយានតែម្នាក់ឯង។ឯសក់សំពោង ដែលអណ្តែតសំផុរទៅដោយល្បឿនខ្យល់ និងខោអាវសៗ កាត់តាមនិយមអឺរ៉ុប ដែលមានប្រឡាក់ពាសពេញ សម្តែងឲ្យឃើញថា អ្នកកម្លោះមានទុក្ខជាទម្ងន់។

ស្ថានីយអូរស្រឡៅ! ក្មេងនោះក្រោកឈរឡើង ហើយអើតតាមបង្អួចមើលទៅខាងកើត។ក្នុងគ្រានោះ អារម្មណ៍ផ្សេងៗក៏ស្ទុះមកបបោសអង្អែលព្រលឹងនាយកម្លោះ មានសភាពដូចជាវាយោររហៀកៗដែលតែងរំហើយរាត្រីនៃរដូវក្តៅ។ឱវាលស្រែនេះ! ជួរដងអូរនេះ! ឱ! ត្រដោកហ្វូងគោក្របីដែលស៊ីស្មៅព្រាតនោះ! ខ្លួនបានធ្លាប់ស្គាល់ ធ្លាប់ប្រទះ តែទោះយ៉ាងណាក៏ដោយ ខ្លួនមិនចេះចិនឆ្អន់សោះ នៅមានសេចក្តីប្រតិព័ទ្ធដូចមិត្រសម្លាញ់ជានិច្ច។

កុមារគិតក្នុងចិន្តាថា៖ ឱភូមិកំណើតអើយ! នៅកំបាំងតែដងអូរពីរសង្កាត់ប៉ុណ្ណោះ ក៏នឹងដល់ហើយ! ។

រទេះភ្លើងបានចាប់បរទៅទៀត។ពួកកូនសិស្សក៏នាំគ្នារៀបហឹបរៀបអីវ៉ាន់ ព្រោះនៅតែ១៥គីឡូទៀតនឹងដល់ផ្ទះហើយ។មានខ្លះដែលជាអ្នកផ្ចិតផ្ចង់ខាងរាងកាយបានចូលទៅក្នុងបន្ទប់ទឹកដើម្បីលាងមុខ សិតសក់ សម្រួលមួកលើក្បាល ទាញខ្សែក្រវ៉ាត់ហើយដកវ៉ែនតាខ្មៅមកពាក់។

ប៊ុន-ធឿន គឺជានាមនៃកុមារដែលមានមុខក្រៀមក្រំ ដកសំបុត្ររទេះភ្លើងមកកាន់នៅដៃ ហើយទាញវ៉ាលីស្បែកដែលសឹកដាច់ដោយដំណើរញយៗមកដាក់ខាងមុខខ្លួន។នៅពេលដែលបានជិតមកដល់ក្រុងជាទីស្នេហាបំផុត អ្នកដំណើរនេះក៏ហាក់ដូចជាឮសូរបេះដូងខ្លួន យោលរឹតតែញឹកញាប់ឡើង។

ផុតដំណាក់អូរដំបងហើយ...ឆ្លងស្ពានដែក...ឈប់បន្តិចនៅជិតវត្តកណ្តឹង...ផ្លូវរទេះភ្លើងកោងវាងទៅខាងវាលស្រែ ត្រើយខាងឆ្វេងនៃស្ទឹងសង្កែ។គុកក៏ត្រដាងជញ្ជាំងប្រផេះ...ផ្ទះនិងរោងជំនាងផ្សេងៗ នៃក្រុមរទេះល្បឿនយន្តថយ...ថយ ស្ថានីយ! មនុស្សខ្មៅមីរនៅចាំទៅនោះ ។អ្នកដំណើរទាំងអស់គ្នាក្រោកស្រឈរមើល។ហ្វ្រាំងស្រែក រថភ្លើងក៏ឈប់ទន្ទឹមនឹងស្ថានីយ៖ ខ្លះស្រែកហៅ ខ្លះសើច ខ្លះនិយាយកោកកាក អ្នកដំណើរប្រជ្រៀតគ្នាដើម្បីចុះពីលើយានព្រោងព្រាត។

ប៊ុន-ធឿនទាញមួកមកពាក់ កញ្ជក់វ៉ាលីរបស់ខ្លួនមកកាន់ ចាប់ដៃពួកម៉ាកពីរបី នាក់ ហើយក៏ញែកពពួកមនុស្សដើរតម្រង់ទៅអ្នកចាំទ្វារ។ដល់ហើយក៏បង្ហាញសំបុត្រខ្លួនឲ្យគេកត់សម្គាល់ រួចក៏ឡើងជិះក្នុងរ៉ឺម៉កមួយ ទើបនិយាយប្រាប់អ្នកដែលធាក់ថា៖ ជូនខ្ញុំទៅកំពង់ព្រះ។

ថ្នល់ពីក្រុងបាត់ដំបងទៅភូមិកំពង់ព្រះ ជាផ្លូវអាណានិគមទី១(ផ្លូវជាតិលេខ៥)ដែលជាគមនាគមន៍ ឆ្ពោះទៅកាន់ក្រុងភ្នំពេញ ថ្នល់នេះចាក់ជ័រស្អាតរាបធេង។

រ៉ឺម៉កដែលប៊ុន-ធឿនជិះមិនយូរប៉ុន្មានក៏រត់ផុតគេហដ្ឋានអ្នកស្រុកក្រុងអស់។មាគ៌ានេះមិនសូវស្ងាត់ទេ គេតែងជួបនឹងរទេះគោ អ្នកថ្មើរជើង អ្នកជិះចក្រយានទៅមក តែដោយប៊ុន-ធឿនធ្លាប់ឮសូរសម្រែករទេះភ្លើង ឮសម្តីពួកម៉ាកពីមុនមកថ្នល់នេះ ក៏ហាក់ដូចជាមានសភាពស្រងេះស្រងោច រឹងរឹតតែធ្វើឲ្យអ្នកដំណើរយើងខ្លោចផ្សាក្នុងចិត្តពេកក្រៃ។ទុក្ខដែលក្រាបងំកាលដែលជិះរទេះភ្លើង ឥឡូវក៏បែរទៅជាជោរជន់ដល់បំពង់ក។

ប៊ុន-ធឿនលូកយកសំបុត្រដែលនាងសោភ័ណជាប្អូនបង្កើត បានផ្ញើទៅឲ្យនៅថ្ងៃមុនដែលខ្លួនចេញពីក្រុងភ្នំពេញមកមើលឡើងជាថ្មីម្តងទៀត។សារនោះមានសេចក្តីថា៖

អ្នកបង! ខ្ញុំមិនហ៊ានលាក់ មិនប្រាប់អ្នកបងពីរឿងយើងមានគ្រោះថ្នាក់ ទុក្ខភ័យយូរទៅទេ ក្រែងបងនិន្ទាថាប្អូនធ្វេសប្រហែស។

បងគង់បានជ្រាបតាមសំបុត្រខ្ញុំពីថ្ងៃមុនៗ មកស្រាប់ហើយថាលោកឪពុកយើងគាត់បានផ្ទុកនូវស្រូវនឹងទូកប៉ុកចាយមួយចំណុះ មួយហ្មឺនថាំង ដើម្បីនឹងនាំចុះទៅក្នុងក្រុងព្រៃនគរតាមផ្លួវទន្លេសាប។ខ្ញុំទើបដំណឹងច្បាស់ថា ទូកស្រូវនោះ ឥឡូវត្រូវខ្យល់ព្យុះបោកលិចកណ្តាលទន្លេទៅហើយ គេគ្មានសង្ឃឹមថា នឹងស្រង់យកស្រូវបានវិញខ្លះទេ។មុខតែខាតធំហើយគ្រានេះ។

ប៊ុន-ធឿនកាលបើនឹកឃើញសេចក្តីសំបុត្រនេះហើយ ក៏សែនតក់ស្លុតក្នុងស្មារតី។សេចក្តីបំណងដែលខ្លួនបានគិតទុកទាំងអម្បាលម៉ាន ក៏រលាយដូចជាអំបិលត្រូវទឹក។ឱអញអើយ! ម្ល៉េះសមនឹងត្រូវចាកចេញចោលវិទ្យាល័យ ដើម្បីនឹងមកជួយកម្លាំងឪពុកម្តាយវិញ។

ឪពុកម្តាយប៊ុន-ធឿនដែលមានធនធានបន្តិចបន្តួច បានខំត្រដេត្រដរប្រមូលប្រាក់យកទៅទិញស្រូវដាក់ទូកទៅលក់ ហើយថែមទាំងមានចងការប្រាក់គេខ្លះផង។បើប្រសិនជាគាត់លក់ទ្រព្យរបស់ ដីស្រែខ្លះទៅ ដើម្បីនឹងសងជំពាក់គេ ក៏មុខជាមិនសេសសល់ប៉ុន្មានឡើយ។

ឱគំនិតដែលតែងធ្វើឲ្យស្រម៉ៃឃើញខ្លួនទៅរៀនឯប្រទេសក្រៅ ឲ្យបានជ្រៅជ្រះ ឱ! ពាក្យដែលសច្ចាថា ប្រុងនឹងចិញ្ចឹមគូសង្សារឲ្យបានសុខសាន្ត ឱឪពុកម្តាយអើយ ខ្ញុំសែនលំបាក!...

អន្លង់វិល ជ្រនីក ស្វាយកង់...រ៉ឺម៉ករត់កាត់ភូមិដែលរាយនៅតាមថ្នល់ ហើយដែលមាននាមជាប់ក្លិនដីក្រអូបឈួល។ប៊ុន-ធឿនមិនបានគយគន់មើលសោះទេ ព្រោះចិត្តនៅជំពាក់ខ្វល់តែនឹងសេចក្តីតោកយ៉ាកមួយមុខប៉ុណ្ណោះ៕