Jump to content

រឿងគំនូររូបប្រពន្ធ

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

ដំនើររឿង

កាលមួយនោះ មានបុរសម្នាក់ឈ្មោះកំបិ វាក្រហើយបញ្ញាខ្សោយផង។ វារស់នៅក្នុងខ្ទមមួយតែម្នាក់ឯង គ្មានអ្នកណាចង់រៀបការជាមួយវាទេ ព្រោះវាមានស្មារតីតិច។

ល្ងាចមួយមានស្រីក្មេងម្នាក់ បានចូលមកដល់មាត់ទ្វារផ្ទះវា ហើយសួរថា តើនាងអាចគេងមួយយប់ក្នុងខ្ទមនេះបានរឺទេ។ តាំងពីដើមមក កំបិ មិនដែលប្រទះឃើញស្រីណាល្អយ៉ាងនេះសោះ វារីករាយនឹងអោយនាងចូលក្នុងផ្ទះវាណាស់។ យប់នោះក្រោយពីអាស្រ័យអាហារយប់ហើយ ស្រីក្មេងសួរថា «លោកហាក់ដូចជារស់នៅម្នាក់ឯង ខ្ញុំក៏មានតែម្នាក់ឯងដែរ តើលោកចង់បាន​ខ្ញុំជាភរិយារឺទេ?»។

អាពាហ៍ពិពាហ៍ធ្វើអោយ កំបិ សប្បាយរីរាយណាស់ ប៉ុន្ដែក៏ធ្វើអោយវាពិបាកចិត្ដណាស់ដែរ ដើម្បីបង្ហើយការងារ។ វាជាប់ចិត្ដនឹងប្រពន្ធក្មេងណាស់ ទាល់តែមិនអោយនាងបាត់មុខពីវា សូម្បីមួយស្របក់ក៏ដោយ។ នៅពេលដែលវាធ្វើស្បែកជើងចំបើជារឿយៗ ស្បែកជើងនោះមានបន្ដោយរហូតប្រាំរឺប្រាំមួយចំអាមដោយមិនដឹងខ្លួនផង ព្រោះបុរសជា​ប្ដីអាត់តែសំលឹងមើលប្រពន្ធ មិនមើលការងារសោះ។ នៅពេលធ្វើអាវភ្លៀងចំបើងក៏ដូចនេះដែរ ជួនកាលអាវនេះមាន​ប្រវែងរហូតដល់ដប់រឺម្ភៃចំអាម ព្រោះបុរសនេះសំលឹងមើលតែអ្វីៗដែលប្រពន្ធវាកំពុងធ្វើមិនបាន​ប្រុងប្រយ័ត្នមើលការងាររបស់វាទេ។ គ្មាននរណាអាចពាក់អាវភ្លៀងវាបានឡើយ។

រួចមកវាក៏ទៅធ្វើការឯចំការ មួយស្របក់ម្ដងៗវារត់មកផ្ទះវិញ ស្រែកហៅ «ប្រពន្ធសំលាញ់អើយ! អូននៅទីនេះរឺ? ហេតុនេះ វាគ្មានបានបំពេញការងារច្រើនទេ ក្នុងមួយថ្ងៃៗ។ ប្រពន្ធពោលថា «គាត់នឹង មិនចង់ធ្វើការទេ!» ដូចនេះនាងទៅទីក្រុងអោយសិល្បករម្នាក់គូររូបនាង។ នាងយករូបមកផ្ទះវិញ ហើយប្រាប់ កំបិថា «បង! នេះនែរូបខ្ញុំ។ សូមយករូប​នេះទៅព្យួរនឹងដើមមននៅជិតបងទៅ បងអាចឃើញរូបនេះនៅពេលកំពុងធ្វើការក្នុងចំការ បងមិនបាត់មុខខ្ញុំយូរទេ» កំបិធ្វើតាមនាងប្រាប់ មួយស្របក់ម្ដងៗ វាឈប់ធ្វើការដើម្បីមើលរូបប្រពន្ធវា​ប៉ុន្ដែមិនយូរ​ប៉ុន្មានវាក៏រត់មកផ្ទះជាញយៗទៀត។ ថ្ងៃមួយមានខ្យល់បក់មួយវឹបកួចយករូបនោះ ហើយបំប៉ើងទៅលើមេឃ កំបីតាមចាប់រូបនោះដែរ ប៉ុន្ដែមិនយូរប៉ុន្មាន រូបក៏រសាត់បាត់ពីភ្នែកវាទៅ។ កំបិយំស្បែបៗ រត់ទៅផ្ទះប្រាប់ប្រពន្ធ នាងបានលួងលោមថា «បងសំលាញ់! កុំព្រួយ ខ្ញុំនឹងទៅទីក្រុងរករូបគំនូរមួយទៀតមកអោយបង»។ ក្នុងរយៈពេលនោះ រូបគំនូរទីមួយប៉ើងតាមខ្យល់ ហើយទីបំផុតក៏ធ្លាក់ប៉េលប៉ោលចុះដល់សួនក្នុងវិមានមួយ។ លុះឃើញរូបគំនូរ ម្ចាស់វិមានចាប់ចិត្ដស្នេហាលើរូបស្រីក្នុងគំនូរនោះលោកគិតយ៉ាងនេះ «បើរូបគំនូរដូចនេះ មុខជាមាន​មនុស្សពិតមិនខាន»។ រួចលោកក៏បញ្ជាបំរើអាយដើររកស្រីនោះដល់ឃើញអោយចាប់យកនាងមកជូនលោកកុំបង្អង់។

បំរើដើរពីភូមិមួយទៅភូមិមួយ ដោយកាន់រូបគំនូរទៅផង គេសួររកតើមានអ្នកស្គាល់ស្រីនោះរឺទេ។ ទីបំផុត គេទៅដល់ភូមិដែល កំបិរស់នៅ បំរើសួរអ្នកភូមិដោយបង្ហាញរូបគំនូរផង​«តើអ្នកស្គាល់រូបនេះរីទេ»ដោយបានឃើញរូបគំនូរអ្នកភូមិទាំងនោះឆ្លើយភ្លាម «អូ! នេះជាប្រពន្ធ កំបិ ទេតើ!» ប្រាកដមែន លុះបំរើទៅដល់ខ្ទម កំបិ ក៏ឃើញស្រីម្នាក់រូបស្អាត។ មុខដូចរូបក្នុងគំនូរបេះបិទ «យើងមកចាប់នាងយកទៅជូនចៅវហ្វាយយើងហើយ» ពួកគេនិយាយហើយប៉ុនប៉ងនាំនាងចេញទៅ។ កំបិអង្វរ «សូមមេត្ដាកុំចាប់យកនាងទៅ» តែឥតអំពើឡើយ វាស្រែកទ្រហោយយំយ៉ាងខ្លាំងទាល់តែទឹកភ្នែកក្លាយជាថ្លុកមួយបន្ដាយមួយជំហាន។

ប្រពន្ធនិយាយ «បងកំបិ កុំស្រែកយ៉ាងនេះ យើងមិនអាចអ្វីគេកើតទេក្នុងពេលនេះ តែសូមស្ដាប់ខ្ញុំអោយមែនទែន។ យកដើមស្រល់សំរាប់តុបតែងក្លោងទ្វារទៅជាមួយផង​ ពេលនោះយើងនឹងបានជួបគ្នា ហើយកិច្ចការយើងនឹងបានសំរេច» នាងមិនទាន់ទាំងបាននិយាយអ្វីច្រើនទៀតផង គេក៏ចាប់យកនាងចេញតំរង់ទៅវិមាន។ រាល់ៗថ្ងៃ កំបិនឹកមមៃថាតើដល់ពេល​ត្រូវទៅរកប្រពន្ធវាហើយរឺនៅ?។ ទីបំផុតមានគេនិយាយប្រាប់វាថា ឥលូវដល់ពេលបុណ្យចូលឆ្នាំថ្មីហើយ។ វាចេញដំនើរតំរង់ទៅវិមានដោយបាននាំយកមែកស្រល់មួយបាច់ធំទៅផង។ បន្តិចទៀត​វានឹងបានជួបមុខប្រពន្ធសំលាញ់ចិត្ដវិញហើយ! លុះទៅដល់មាត់ទ្វារវិមាន កំបិ ស្រែកពពាយនាយថា «ដើមស្រល់! ដើមស្រល់! ដើមស្រល់ល្អសំរាប់បុណ្យចូលឆ្នាំថ្មី!» ប្រពន្ធបានលឺសំលេងប្ដី ក៏ញញឹមពីក្នុងវិមានមក។ នេះជាលើកដំបូងហើយដែលនាងបានសើចតាំងពីពេលដែលគេចាប់នាងយកមកដាក់ក្នុងវិមាន។ ម្ចាស់វិមានសប្បាយណាស់ ដោយបានឃើញនាងរីករាយយ៉ាងនេះ។ លោកបញ្ជាបំរើទៅហៅអ្នកលក់ដើមស្រល់ចូលមក។ លុះឃើញកំបិមកដល់នាងប្រពន្ធរិតតែរីករាយជាងមុនទៅទៀតនាងសំលឹងមើលវាយ៉ាងពព្រាយ ទាល់តែម្ចាស់វិមានគិតក្នុងចិត្ដថា «បើអ្នកលក់ដើមស្រល់ធ្វើអោយនាងរីករាយយ៉ាងនេះ អញគួរតែធ្វើជាអ្នកលក់ដើមស្រល់វិញម្ដង»។

ម្ចាស់វិមានក៏បញ្ជាកំបិអោយប្ដូរសំលៀកបំពាក់ជាមួយខ្លួន លុះស្លៀកពាក់ខោអាវកញ្ចស់ដូចជាអ្នកលក់ដើមស្រល់ហើយ ម្ចាស់វិមានដើរចុះ ដើរឡើងក្នុងសួនដោយស្រែកពពាយនាយថា «ដើមស្រល់! ដើមស្រល់! ដើមស្រល់ល្អសំរាប់បុណ្យចូលឆ្នាំថ្មី!»។ ធ្វើយ៉ាងនេះនាំអាយប្រពន្ធកំបិ កាន់តែសប្បាយចិត្ដឡើង។ នាងទះដៃដ៏ស្រួចរបស់នាង ហើយសើចក្អាកក្អាយអស់ពីដួងចិត្ដ។ ម្ចាស់វិមានរីករាយខ្លាំងណាស់ដោយបានឃើញនាងសើច ហើយក៏តាំងរាំរែកជុំវិញសូនដោយពុនដើមស្រល់ពីក្រោយខ្នងផង។ «ដើមស្រល់! ដើមស្រល់ល្អៗ!» គេពពាយនាយហើយ ពពាយនាយទៀត។ គេរាំ រារិលជុំវិញសួន ហើយចេញផុតពីមាត់ទ្វារវិមាន ដោយមិនទាំងដឹងខ្លួនផង។

លុះម្ចាស់វិមានចេញផុតទៅក្រៅភ្លាម ប្រពន្ធកំបិប្រាប់បំរើអោយបិទទ្វារវិមានមួយរំពេច។ មួយសន្ទុះក្រោយមកម្ចាស់វិមានដឹងថាខ្លួនមិនមែននៅក្នុងសួនទេ។ គេក៏ដើរទៅកាន់ទ្វារវិមាន តែងឿងឆ្លល់ជាខ្លាំងដោយឃើញទ្វារបិទជិតបើកអោយអញចូល! អោយអញចូល! គេស្រែកហៅ តែគ្មាននរណាឆ្លើយតបវិញសោះ។ នៅក្នុងវិមាន កំបិ និងប្រពន្ធដ៏ឈ្លា សវៃរបស់គេមានរបស់ទ្រព្យគ្រប់បែបយ៉ាងដូចចិត្ដប្រាថ្នាហើយក៏រស់នៅយ៉ាងសុខសាន្ដនិងរីករាយពីពេលនោះមក។

សូមមើលផងដែរ

ប្រជុំរឿងព្រេងខ្មែរ

ឯកសារយោង

ប្រជុំរឿងព្រេងខ្មែររបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស Archived 2006-01-12 at the វេយប៊ែខ ម៉ាស៊ីន.