Jump to content

រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា

Gouvernement royal d'union nationale du Kampuchéa
១៩៧០–១៩៧៦
ធានីមូលដ្ឋាននៅទីក្រុងប៉េកាំង
De jure ភ្នំពេញ
ភាសាទូទៅ ភាសាខ្មែរ
ប្រមុខរដ្ឋ 
▪ ១៩៧០–១៩៧៦
នរោត្តម សីហនុ
នាយករដ្ឋមន្រ្តី 
▪ ១៩៧០–១៩៧៦
ប៉ែន នុត
សម័យកាលប្រវត្តិសាស្រ្តសង្គ្រាមត្រជាក់
សង្គ្រាមវៀតណាម
Preceded by
Succeeded by
ព្រះរាជាណាចក្រកម្ពុជា
កម្ពុជា

រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា, សរសេរកាត់ថា ររជក (ភាសាបារាំងGouvernement royal d'union nationale du Kampuchéa, GRUNK) គឺជារដ្ឋាភិបាលនិរទេសកម្ពុជាដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង។ រដ្ឋាភិបាលនេះមានអត្ថិភាពពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៦ ហើយបានឡើងគ្រប់គ្រងប្រទេសកម្ពុជាក្នុងរយៈពេលយ៉ាងខ្លីគឺនៅក្នុងឆ្នាំ១៩៧៥។

ររជក បានបង្កើតឡើងដោយការចងសម្ព័ន្ធភាពរវាងអ្នកគាំទ្រព្រះអង្គម្ចាស់នរោត្តម សីហនុ និងពួកខ្មែរក្រហម។ រដ្ឋាភិបាលនេះត្រូវបានគាំទ្រដោយចិនហើយវាក៏បង្កើតឡើងបន្ទាប់ពីពួកស្តាំនិយមបានធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គម្ចាស់សីហនុចេញពីតំណែងជាប្រមុខរដ្ឋនៃប្រទេសកម្ពុជា។

និម្មិតកម្ម

នៅខែមីនា ឆ្នាំ១៩៧០ ព្រះអង្គម្ចាស់សីហនុត្រូវបានទម្លាក់ចេញពីតំណែងនៅក្នុងរដ្ឋប្រហារដែលដឹកនាំដោយសមាជិកស្ដាំនៃរដ្ឋាភិបាលរបស់ព្រះអង្គផ្ទាល់គឺលោកនាយករដ្ឋមន្ត្រីលន់ នល់ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈ និងលោកអ៊ិន តាំ។ សីហនុដែលកាលនុះកំពុងតែនៅក្រៅប្រទេស ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរងើបបះបោរឡើងប្រឆាំងនឹងរដ្ឋប្រហារតាមរយៈវិទ្យុក្រុងប៉េកាំងនៅថ្ងៃទី២៣ ខែមីនា ហើយបានប្រកាសបង្កើតរដ្ឋាភិបាលសហភាពជាតិមួយ។

ព្រះអង្គបានបញ្ជាក់ថាទ្រង់បានសម្រេចចិត្តបង្កើតរដ្ឋាភិបាលសហភាពជាតិភ្លាមៗខណៈពេលកំពុងធ្វើដំណើរតាមយន្តហោះពីទីក្រុងមូស្គូមកប៉េកាំង ហើយព្រះអង្គបានធូរព្រះទ័យបន្តិចនៅពេលទទួលបានសារមួយដែលចុះកាលបរិច្ឆេទបីថ្ងៃបន្ទាប់ពីការផ្សាយតាមវិទ្យុរបស់ទ្រង់។ សារនោះគឺបានផ្ញើដោយបញ្ញវន្តដ៏ឆ្នើមរបស់ព្រះអង្គ អ្នកទាំងនោះគឺលោកហ៊ូ យន់ ហ៊ូ នឹម និងខៀវ សំផន អ្នកទាំងបីបានដើរតួយ៉ាងសំខាន់នៅក្នុងរបបសង្គមរាស្រ្តនិយមរបស់សីហនុនៅអំឡុងទស្សវត្តឆ្នាំ១៩៦០ ហើយសារនោះបានសរសេរថាពួកគេគឺកំពុងដឹកនាំក្រុមខ្មែរក្រហម។[]

តាមពិត ពេលព្រះអង្គម្ចាស់សីហនុបានយាងមកដល់ក្រុងប៉េកាំង ទ្រង់គឺមិនដឹងថាតើគួរតែធ្វើអ្វីបន្ទាប់នោះទេ។ នៅថ្ងៃទី២១ ខែមីនា សីហនុក៏បានចូលរួមការប្រជុំជាសម្ងាត់មួយរវាងនាយករដ្ឋមន្រ្តីវៀតណាមខាងជើងលោកប៉ាម វ៉ាន់ដុង និងនាយករដ្ឋមន្រ្តីចិនលោកជូ អេងឡាយ–ដែលអ្នកទាំងពីរគឺជាអ្នកគាំទ្រសីហនុជាយូរណាស់មកហើយ– ជាលទ្ធផល សីហនុក៏សម្រេចចិត្តចងសម្ព័ន្ធភាពជាមួយក្រុមកុម្មុយនិស្តខ្មែរដែលទ្រង់ធ្លាប់ជ្លោះជាមួយអស់រយៈពេលជាងមួយទស្សវត្តមកហើយ។ គេគិតថា មូលហេតុដែលធ្វើឱ្យសីហនុសម្រេចចិត្តបែបនេះគឺព្រោះតែ ការចង់សងសឹកនឹងលន់-នល់ មោទនភាព និងការសង្ស័យថាអាមេរិកបានចាក់ទ្រង់នៅពីក្រោយ–ពោលគឺជួយគាំទ្ររដ្ឋប្រហាររបស់លន់ នល់។[] ក្រោយមកទៀត ព្រះអង្គបានមានព្រះបន្ទូលថា "ខ្ញុំគឺមិនចង់ជ្រើសរើសរវាងអាមេរិក ឬពួកកុម្មុយនិស្តអ្វីនោះទេ [...] តែសកម្មភាពរបស់លន់-នល់បានតម្រូវឱ្យខ្ញុំសម្រេចចិត្តជ្រើសរើសរវាងពួកគេ។[]

រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា (ររជក) ក៏ត្រូវបានបង្កើតឡើងនៅថ្ងៃទី៥ ខែឧសភា និងត្រូវទទួលស្គាល់មុនគេដោយប្រទេសចិន។

ការបង្កើត ររជក ក្រោមការដឹកនាំរបស់សីហនុ បានផ្តល់ឱ្យថ្នាក់ដឹកនាំខ្មែរក្រហមនូវការទទួលស្គាល់ជាអន្តរជាតិនិងក្នុងជាតិដោយទទួលបានការគាំទ្រឥតឈប់ឥតឈរពីប្រជាកសិការខ្មែរដែលភាគច្រើនជាអ្នកប្រកាន់រាជានិយមនិងអភិរក្សនិយមហើយបង្វែរទិសមកប្រឆាំងនឹងរបបសាធារណរដ្ឋរបស់លន់-នល់វិញ។ កងកម្លាំងកុម្មុយនិស្តខ្មែរក៏ចាប់រីកធំឡើងៗនៅតាមទីជនបទដោយទាក់ទាញអ្នកគាំទ្រតាមរយៈឈ្មោះរបស់សីហនុនិងការទម្លាក់គ្រាប់បែករបស់អាមេរិកមកលើទឹកដីកម្ពុជាភាគខាងកើត។ ចំពោះសីហនុ ការគាំទ្រដោយក្រុមកុម្មុយនិស្តបានជួយឱ្យព្រះអង្គបន្តការខិតខំដើម្បីទទួលបាននូវអំណាចឡើងវិញនិងដើម្បីទទួលបានការគាំទ្រពីវៀតណាមខាងជើង (ដែលកងកម្លាំងរបស់ពួកវាកំពុងកាន់កាប់តំបន់ជនបទនៃប្រទេសកម្ពុជា) និងប្រទេសចិន។ ប៉ុន្តែ ព្រះអង្គសីហនុដឹងថាពួកកុម្មុយនិស្តខ្មែរគឺជាក្រពើរមិលគុណ ហើយមិនយូរប៉ុន្មាន ពួកវានឹងដកព្រះអង្គចេញពីអំណាច ដូច្នេះ ព្រះអង្គទ្រង់មានផែនការមួយទៀតគឺទាក់ទាញអាមេរិកឱ្យបង្វែរក្បាលមកគាំទ្រចលនា'រួបរួមជាតិ'របស់ព្រះអង្គ។ ក៏ប៉ុន្តែ រដ្ឋបាលអាមេរិកបានសម្រេចគាំទ្ររដ្ឋាភិបាលលន់-នល់ទៅហើយ អញ្ជឹងផែនការរបស់ព្រះអង្គមួយនេះមានលក្ខណៈប្រថុយខ្លាំង។

ការបង្រួបបង្រួម

ព្រះអង្គម្ចាស់សីហនុគឺជាប្រមុខរដ្ឋនិងជាអ្នកដឹកនាំនៃរដ្ឋាភិបាលនេះ។ លោកប៉ែន នុតដែលជាអតីតមេធាវីនិងជាអ្នកនយោបាយជើងចាស់បានបម្រើការជានាយករដ្ឋមន្រ្តីឱ្យរដ្ឋាភិបាល។ លោកខៀវ សំផនបានបម្រើការជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រមុខដឹកនាំកងកម្លាំងប្រដាប់អាវុធរបស់ ររជក។ លោកហ៊ូ-យន់ដែលជាឥស្សរជនដ៏មានប្រជាប្រិយភាពនិងសេរីម្នាក់ក្នុងចំណោមពួកកុម្មុយនិស្តទាំងអស់ ត្រូវបានទទួលតំណែងជារដ្ឋមន្រ្តីនៃក្រសួងសហប្រតិបត្តិការ ចំណែកឯលោកហ៊ូ នឹមវិញគឺជារដ្ឋមន្រ្តីក្រសួងព័ត៌មាន។[] នុត សំផន យន់ និងនឹមសុទ្ធតែជាមនុស្សដែលល្បីនិងមានប្រជាប្រិយភាពខ្ពស់ចំពោះប្រជាជនខ្មែរ ជាពិសេសគឺពីរនាក់ចុងក្រោយនេះដែលតែងតែចេញមុខការពារសឹទ្ធិឱ្យប្រជាកសិករជនបទ។

ក៏ប៉ុន្តែតាមការពិត អ្នកដែលត្រូវជាមេបញ្ជាការយោធាពិតប្រាកដនោះគឺ សាឡុត ស។ សាឡុត សគឺជាបុគ្គលម្នាក់ដែលស្ថិតនៅក្នុងឋានៈខ្ពស់បំផុតក្នុងជួរខ្មែរក្រហម ក៏ប៉ុន្តែវត្តមានរបស់គាត់ត្រូវបានរក្សាទុកជាសម្ងាត់។ កម្លាំងយោធាគឺមានឈ្មោះថា កងកម្លាំងរំដោះជាតិប្រជាជនកម្ពុជា (ករជបក), កងកម្លាំងនេះដំបូងឡើយគឺមានលក្ខណៈតូចទេ ហើយការប្រយុទ្ធគ្នាដំបូងៗនៅក្នុងសង្គ្រាមស៊ីវិលកម្ពុជាតាមពិតគឺអនុវត្តដោយកងកម្លាំងវៀតណាមខាងជើងដោយមាន ករជបក ជាជំនួយ។

ទំនាក់ទំនងរបស់សីហនុជាមួយនឹងខ្មែរក្រហមតែងតែមានភាពតានតឹងជានិច្ច។ ខណៈដែលយន់ នឹម និងខៀវ-សំផនធ្លាប់ត្រូវបានប្រមាថម៉ាកងាយកាលនៅជាសមាជិកនៃសង្គមរាស្រ្តនិយមក្តី តែសីហនុមិនបានឃើញអ្នកទាំងបីជាសត្រូវចំនោះទេ ដោយទ្រង់មានការសង្ស័យនិងមិនពេញចិត្តផ្ទាល់នឹងអៀង សារី ព្រោះថានៅឆ្នាំ១៩៧១ សារីត្រូវបានចាត់តាំងពីក្រុងហាណូយដោយមានបេសកកម្មរក្សាព្រះអង្គសីហនុឱ្យនៅក្រោម"ការគ្រប់គ្រង"។ សីហនុបានចោតប្រកាន់មកសារីម្តងហើយម្តងទៀតថាលោកសារីគឺជាភ្នាក់ងារស៊ើបការរបស់វៀតណាមខាងជើង។[] សម្រាប់សារីវិញ លោកបានខិតខំព្យាយាមផ្សព្វផ្សាយការខ្វែងគំនិតគ្នារវាងពួកវវជន និងព្រះអង្គនរោត្តម សីហនុហើយលោកប៉ែន នុត។

គណៈរដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា[][]
តំណែង នាម ពេលកាន់តំណែង ពេលចេញពីតំណែង ក្រុមនយោបាយ កំណត់សម្គាល់
ប្រមុខរដ្ឋ នរោត្តម សីហនុ ៥ ឧសភា ១៩៧០ មេសា ១៩៧៦ នៅប៉េកាំង
នាយករដ្ឋមន្រ្តី ប៉ែន នុត ៥ ឧសភា ១៩៧០ មេសា ១៩៧៦ នៅប៉េកាំង
ជំនួយការរដ្ឋមន្រ្តី គាត ឈន់ ១៩៧០ នៅប៉េកាំង
ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការពារជាតិ ខៀវ សំផន ៥ ឧសភា ១៩៧០ ខ្មែរក្រហម នៅកម្ពុជា
ជាឧបនាយករដ្ឋមន្រ្តីពីខែសីហា ឆ្នាំ១៩៧០
រដ្ឋមន្រ្តីក្រសួងការបរទេស សារិន ឆាក ៥ ឧសភា ១៩៧០ នៅប៉េកាំង
អនុរដ្ឋមន្រ្តីក្រសួងការបរទេស Pok Deuskomar សីហា ១៩៧០ ខ្មែរក្រហម នៅកម្ពុជា
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ហូ នឹម ៥ ឧសភា ១៩៧០ ខ្មែរក្រហម នៅកម្ពុជា
អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងឃោសនា ទាវ អុល សីហា ១៩៧០ ខ្មែរក្រហម នៅកម្ពុជា
រដ្ឋមន្រ្តីក្រសួងសហប្រតិបត្តិការ ហ៊ូ យន់ ៥ ឧសភា ១៩៧០ ខ្មែរក្រហម នៅកម្ពុជា
អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងសន្តិសុខជាតិ សុក ធួក សីហា ១៩៧០ ខ្មែរក្រហម នៅកម្ពុជា
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជួន មុំ ៥ ឧសភា ១៩៧០ នៅប៉េកាំង
អនុរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កុយ ធួន សីហា ១៩៧០ ខ្មែរក្រហម នៅកម្ពុជា
រដ្ឋមន្រ្តីក្រសួងបេសកកម្មពិសេស ចៅ សេង ៥ ឧសភា ១៩៧០
រដ្ឋមន្ត្រីសម្របសម្រួល ជួន ប្រសិទ្ធិ ១៩៧០
រដ្ឋមន្ត្រីក្រសួងសុខាភិបាល សាសនា និងសង្គមកិច្ច បណ្ឌិត. ង៉ូ ហ៊ូ ៥ ឧសភា ១៩៧០ ?
អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល សាសនា និងសង្គមកិច្ច ជូ ជេត សីហា ១៩៧០ ខ្មែរក្រហម នៅកម្ពុជា
រដ្ឋមន្រ្តីក្រសួងអប់រំរាស្រ្ត និងយុវជន ចាន់ យូរ៉ាន ៥ ឧសភា ១៩៧០
អនុរដ្ឋមន្រ្តីក្រសួងអប់រំរាស្រ្ត និងយុវជន អៀង ធីរិទ្ធ សីហា ១៩៧០ ខ្មែរក្រហម នៅកម្ពុជា
រដ្ឋមន្រ្តីក្រសួងសុព្វាវុធ ដួង សាំអុល ៥ ឧសភា ១៩៧០ កងទ័ពជើងគោកកម្ពុជា ឧត្តមសេនីយ៍ទោ
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជា សាន ៥ ឧសភា ១៩៧០ ? ជំនួសដោយភូរីស្សរ៉ា
សម្តេច នរោត្ដម ភូរីស្សរ៉ា ? ជំនួសលោកជា សាន
រដ្ឋមន្ត្រីក្រសួងសាធារណការ និងទូរគមនាគមន៍ ហួត សម្បត្តិ ៥ ឧសភា ១៩៧០ ? ជំនួសដោយលោកតូច ភឿន
តូច ភឿន ? ខ្មែរក្រហម ជំនួសហួត សម្បត្តិ
រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជួន ជឿន ? ខ្មែរក្រហម នៅកម្ពុជា

ការឡើងគ្រប់គ្រងរបស់ខ្មែរក្រហម

ខណៈពេល ករជបក កំពុងតែទទួលជោគជ័យខាងផ្នែកយោធានៅអំឡុងខែមីនា ឆ្នាំ១៩៧៣ ព្រះអង្គសីហនុក៏បានធ្វើទស្សនកិច្ចទៅ"តំបន់រំដោះ" ហើយក៏ថតរូបបានមួយសន្លឹកដោយនៅក្នុងនោះគឺមានព្រះអង្គ លោកសំផន យន់ និងនឹម។ ដំបូងឡើយ អាមេរិកបានច្រានចោលនូវរូបថតនោះហើយថាវាជារូបថតក្លែងក្លាយនិងបន្តអះអាងថា កម្មាភិបាលជាន់ខ្ពស់ទាំងបីរូបដែលមានក្នុងរូបថតនោះត្រូវបានបាត់ខ្លួនតាំងពីចុងទស្សវត្តឆ្នាំ១៩៦០ មកម្លេះហើយពួកគេទាំងបីត្រូវបានសន្មតថាស្លាប់ដោយសារតែកងប៉ូលីសរបស់សីហនុធ្វើឃាត។ ចាប់តាំងពីបាត់ខ្លួនមក មនុស្សជាច្រើនបានឱ្យរហសនាមអ្នកទាំងបីនោះថា"ខ្មោចទាំងបី"។[] ក្រោយមក ភាពយន្តនៃដំណើរទស្សនកិច្ចរបស់សីហនុទៅតំបន់រំដោះក៏បានចាក់ផ្សាយដែលបញ្ជាក់ថា"ខ្មោចទាំងបី"នោះគឺនៅមានជីវិតពិតមែន។

នៅក្នុងដំណើរទស្សនកិច្ចនោះ មេដឹកនាំខ្មែរក្រហមបានមានចេតនារក្សាសីហនុឱ្យនៅឱ្យឆ្ងាយពីប្រជាកសិករ ប៉ុន្តែក៏ចាប់មានការព្រួយបារម្ភយ៉ាងខ្លាំងព្រោះថាប្រជាកសិករមួយចំនួនធំនៅតំបន់នោះចេះតែចេញមកទទួលស្វាគមន៍ព្រះអង្គ។ នៅអំឡុងឆ្នាំ១៩៧៣ មន្រ្តីមូលដ្ឋាននិងមេបញ្ជាការយោធាដែលជាពួកសីហនុនិយមឬជាប់ទាក់ទងជាមួយវៀតណាមគឺត្រូវបាន"ដកចេញ"ពីតំបន់រំដោះដោយសម្ងាត់ៗ៖ ខ្មែរក្រហមក៏បានចាប់ផ្តើមរិះគុណពីក្រោយសីហនុម្តងទៀតថាជា"បុគ្គលសក្តិភូមិ" ហើយនៅឆ្នាំ១៩៧៤ កងកម្លាំងនៅផ្នែកខាងត្បូងនៃតំបន់ភាគខាងជើងប្រទេសកម្ពុជាក៏ចាប់ផ្តើមបង្ហាញមុខមាត់ខ្លួនថាជាបក្សពួកក្រុមខ្មែរក្រហម មិនមែនជាក្រុមខ្មែររំដោះអ្វីនោះទេ។[] ការគាបសង្កត់និងសមូហនិយមក៏ចាប់អនុវត្តឡើងនៅតាម"តំបន់រំដោះ" ជាពិសេសគឺនៅភាគខាងលិចនៃប្រទេសដែលជាកន្លែងដែលគ្រប់គ្រងដោយពួកប្រឆាំងនឹងវៀតណាមនិងពួកជាតិនិយមខ្មែរក្រហម។ ពាក្យថា"រាជ"ដែលមាននៅក្នុងឈ្មោះរដ្ឋាភិបាលក៏ចាប់ផ្តើមដកឈប់ប្រើបន្តិចម្តងៗ។

ចំណែកសីហនុវិញ ទ្រង់មានស្មារតីប្រកបទៅដោយសុទិដ្ឋិនិយមចំពោះ ររជក ដោយមានបន្ទូល (ដើម្បីជាប្រយោជន៍ដល់អ្នកគាំទ្រលោកខាងលិច) ថា ខៀវ-សំផនគឺជា"អ្នកប្រកាន់លទ្ធិសង្គមនិយមដែលមានគ្រឹះមនោគមវិជ្ជាដូចនឹងនាយករដ្ឋមន្រ្តីស៊ុយអែតដែរ។[] តែទោះជាយ៉ាងណា រដ្ឋាភិបាលអាមេរិកនូវតែបន្តបដិសេដមិនចង់ធ្វើការទាក់ទងជាមួយសីហនុ។ នៅក្នុងបទសម្ភាសន៍ឯកជនមួយ ព្រះអង្គសីហនុបានមានព្រះបន្ទូលប្រាប់ទៅអ្នកកាសែតជនជាតិអ៊ីតាលីម្នាក់ថា"ពេលពួកវាឡើងកាន់អំណាច វានឹងខ្ជាក់ខ្ញុំចោលដូចគ្រាប់ផ្លែសេរីអញ្ជឹង"។ នាយករដ្ឋមន្រ្តីចិនលោកជូ អេងឡាយបានប្រមានឯកអង្គរដ្ឋទូតបារាំងថា បើអាមេរិកមិនព្រមស្តាប់តាមសីហនុហើយបន្តទម្លាក់គ្រាប់បែកមកលើកម្ពុជាទៀត សង្គ្រាមនោះនឹងបញ្ចប់ដោយមានការកាប់សម្លាប់បង្ហូរឈាមគ្នាច្រើន។[១០] ទោះបីជាបានទទួលការប្រមានបែបនេះក្តី ក៏អាមេរិកនូវតែមានភាពរឹងរូសមិនព្រមស្តាប់តាមសីហនុនិងចិនហើយក៏ចាប់ផ្តើមគាំទ្រពួកខ្មែរក្រហមដោយម្នាក់ឯង។

ក្រោយការដួលរលំនៃក្រុងភ្នំពេញ

នៅពេលដែលពួកខ្មែរក្រហមបានចូលមកកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥, ររជក គឺកំពុងនៅក្រោមការគ្រប់គ្រងរបស់ពួកកុម្មុយនិស្តយ៉ាងម៉ាំ ហើយទំនាក់ទំនងរវាងសមាជិក ររជក ទាំងក្នុងនិងក្រៅប្រទេសត្រូវបានកាត់ផ្តាច់ទាំងស្រុង។ ចំណែកឯព្រះអង្គសីហនុវិញគឺមិនបាននរណាឱ្យដំណឹងអ្វីពីការដួលរលំនៃរាជធានីភ្នំពេញមកឱ្យទ្រង់ឡើយ ខណៈពេលដែលព្រះអង្គកំពុងធ្វើទស្សនកិច្ចទៅទីក្រុងព្យុងយ៉ាង លោកជូ អេងឡាយក៏បានបញ្ចុះបញ្ចូលទ្រង់ឱ្យត្រឡប់មកប្រទេសកម្ពុជាវិញក្នុងឋានៈជាប្រមុខរដ្ឋ។

ព្រះអង្គក៏បានវិញត្រឡប់មកប្រទេសកម្ពុជាវិញដោយទទួលបានការស្វាគមន៍យ៉ាងរាក់ទាក់ពីមនុស្សមួយចំនួន ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺទិដ្ឋភាពនៅក្រៅអាកាសយានដ្ឋាន, គ្មានប្រជាពលរដ្ឋណាមកអបអរស្វាគមន៍ព្រះអង្គនៅតាមដងផ្លូវដូចពេលមុនៗនោះទេ គឺទីក្រុងមានសភាពស្ងាត់ជ្រងុំទាំងពេលបើកថ្ងៃ។ ឥទ្ធិពលនិងតួនាទីរបស់ព្រះអង្គម្ចាស់សីហនុក៏ចុះខ្សោយបន្ថែមបន្ទាប់ពីអ្នកការពារព្រះអង្គគឺនាយករដ្ឋមន្រ្តីជូ អេងឡាយបានទទួលមរណភាពនៅខែមករា ឆ្នាំ១៩៧៦៖ បន្ទាប់ពីបានស្តាប់ឮការរំលោភសឹទ្ធិមនុស្សរបស់ពួកខ្មែរក្រហមនៅតាមវិទ្យុបរទេស សីហនុក៏សម្រេចចិត្តចូលនិវត្តន៍នៅអំឡុងខែមេសា ឆ្នាំ១៩៧៦។ បើយោងទៅតាមគណនីរបស់ព្រះអង្គផ្ទាល់បានឱ្យដឹងថា ដំបូង ខ្មែរក្រហមបានបញ្ជូនអៀង-សារីឱ្យមកបញ្ចុះបញ្ចូលព្រះអង្គឱ្យនៅកាន់តំណែងបន្តជាប្រមុខរដ្ឋ ក៏ប៉ុន្តែទ្រង់បានបដិសេដហើយក្រោយមក ព្រះអង្គក៏ត្រូវខ្មែរក្រហមចាប់ដាក់ឃុំក្នុងរាជវាំងលែងឱ្យចេញក្រៅដោយមានលោកខៀវ សំផនឡើងកាន់តំណែងជាប្រមុខរដ្ឋជំនួស។[១១] មិនយូរប៉ុន្មាន លោកប៉ែន នុតក៏ត្រូវបានខ្មែរក្រហមដកចេញពីតំណែងភ្លាមៗ, កិច្ចប្រជុំពេញអង្គលើកទី១ នៃសភាតំណាងរាស្រ្តនៃរបបកម្ពុជាប្រជាធិបតេយ្យដែលបានធ្វើឡើងនៅថ្ងៃទី១១–១៣ ខែមេសា ឆ្នាំ១៩៧៦ បានបញ្ជាក់ថា"កម្មករចម្ការកៅស៊ូ"ម្នាក់ដែលមានឈ្មោះថាប៉ុល-ពតនឹងឡើងក្លាយជានាយករដ្ឋមន្ត្រីថ្មីបន្តពីនុត។ ក្រោយមក បុគ្គលឈ្មោះថាប៉ុល-ពតនេះក៏ត្រូវគេស្គាល់ឈ្មោះពិតថាសាឡុត ស ដែលត្រូវជាអតីតអ្នកកាសែតនិងជាកម្មាភិបាលខ្មែរក្រហមម្នាក់។

អ្នកសីហនុនិយមទាំងប៉ុន្មានដែលមាននៅសេសសល់ក្នុងជួរ ររជក ក៏ត្រូវបានខ្មែរក្រហមចាប់ប្រមូលទៅប្រហារជីវិតភ្លាមៗ ក្នុងនោះមាន បងជីដូនមួយសីហនុគឺព្រះអង្គម្ចាស់នរោត្តម ភូរីស្សរ៉ា ដែលគេគិតថា ទ្រង់ត្រូវខ្មែរក្រហមចាប់យកទៅធ្វើទារុណកម្មនិងសម្លាប់នៅឯមណ្ឌលអប់រំមួយកន្លែងក្នុងឆ្នាំ១៩៧៦, លោកជា សាន ដែលជាអតីតមន្រ្តីក្រសួងយុត្តិធម៌របស់ ររជក ត្រូវបានសម្លាប់នៅឯមណ្ឌលទួលស្លែង។ មានតែលោកប៉ែន នុតដែលបានគេចខ្លួនផុតពីវាសនាដូចអ្នកទាំងនោះ។ នៅក្នុងចំណោមសមាជិកខ្មែរក្រហមដែលសំខាន់បំផុតរបស់ ររជក គឺលោកហ៊ូ យន់ ត្រូវគេរាយការណ៍ថាបានបាត់ខ្លួននៅឆ្នាំ១៩៧៥ ហើយនៅឆ្នាំ១៩៧៦ ក៏គេសន្មតថាលោកបានស្លាប់ជាយូរណាស់មកហើយ។[១២] បញ្ញវន្តកុម្មុយនិស្តពីររូបផ្សេងទៀតគឺលោកហ៊ូ នឹម និងចៅ សេងត្រូវបានគេយកទៅ'អប់រំ' និងសម្លាប់ចោលនៅឯមណ្ឌលទួលស្លែងក្នុងឆ្នាំ១៩៧៧។ មានតែខៀវ សំផនទេដែលនៅរស់រានមានជីវិតហើយបានបន្តធ្វើជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ, មូលហេតុដែលសំផននៅបាននៅយូរក៏ព្រោះតែគាត់មានភាពស្មោះត្រង់ខ្លាំងចំពោះប៉ុល-ពត បើទោះបីជាតួនាទីរបស់គាត់គ្រាន់តែជានិមិត្តរូបក៏ដោយ។

ព្រឹត្តិការណ៍ក្រោយការដួលរលំនៃរបបខ្មែរក្រហម

ក្រោយពីការឈ្លានពានរបស់វៀតណាមមកលើកម្ពុជាប្រជាធិបតេយ្យ ហើយនិងការបង្កើតរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាថ្មី មេដឹកនាំខ្មែរក្រហមក៏បានបកមកសីហនុឱ្យបង្ហាញពីករណីកម្ពុជាប្រជាធិបតេយ្យនៅលើឆាកអង្គការសហប្រជាជាតិ។ ក្រោយមក សីហនុក៏បានបែកពីខ្មែរក្រហមជាសាធារណៈហើយទាមទារឱ្យអង្គការសហប្រជាជាតិលុបឈ្មោះពួកគេចេញនិងឱ្យមេដឹកនាំខ្មែរក្រហមទទួលស្គាល់ខ្លួនថាជាឃាតករសម្លាប់ពូជសាសន៍ឯង។[១៣] ដូច្នេះ ពួកខ្មែរក្រហមក៏បានបន្តទៅបង្កើតរណសិរ្សថ្មីមួយដែលមានឈ្មោះថា រណសិរ្សប្រជាធិបតេយ្យស្នេហាជាតិនៃមហាសាមគ្គីជាតិកម្ពុជា ក្នុងគោលបំណងសង្គ្រោះកេរ្តិ៍ឈ្មោះរបបរបស់ពួកគេ។

នៅខែមិថុនា ឆ្នាំ១៩៨២ សីហនុនិងអង្គការហ៊្វុនស៊ិនប៉ិចរបស់ទ្រង់ដែលទើបនឹងបង្កើតថ្មីត្រូវបង្ខំចិត្តចូលសហការណ៍ជាមួយខ្មែរក្រហមម្តងទៀតហើយក៏បង្កើតបានជារដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ។ ប៉ុន្តែលើកនេះគឺមានដៃគូទីបីចូលរួមគឺ រណសិរ្សរំដោះជាតិប្រជាជនខ្មែរដែលដឹកនាំដោយលោកសឺន សាន

សូមមើលផងដែរ

ឯកសារយោង

  1. នរោត្តម សីហនុ, សង្គ្រាមរបស់ខ្ញុំជាមួយសេអ៊ីអា, Random House, 1973, p.62
  2. ២,០ ២,១ Shawcross, W. Sideshow: Kissinger, Nixon, and the Destruction of Cambodia, Simon & Schuster, 1979, p.125
  3. Tyner, J. The killing of Cambodia, Ashgate, 2008, p.73
  4. Shawcross, pp.255-256
  5. Philip Short (2004). Pol Pot: Anatomy of a Nightmare. Henry Holt and Company. pp. 200–202. https://books.google.com/books?id=XW24koscGMkC&printsec=frontcover&hl=zh-TW#v=onepage&q&f=false. 
  6. "GRUNK - Place de Barcelone" (PDF).
  7. Shawcross, p.280
  8. Kiernan, B. How Pol Pot Came to Power, Yale UP, 2004, p.335
  9. Marlay, R and Neher, C. Patriots and Tyrants, 1999, p.167
  10. Shawcross, p.282
  11. Dommen, A. The Indochinese Experience of the French and the Americans, IUP, p.967
  12. រឿងរ៉ាវដែលត្រូវបានគេទទួលយកជាទូទៅគឺថា លោកត្រូវបានបាញ់សម្លាប់ដោយទាហានខ្មែរក្រហមព្រោះតែបាននិយាយមកកាន់ក្រុមជនភៀសខ្លួនពីទីក្រុងភ្នំពេញដោយក្តីអាណិតអាសូរ។ តែទោះបីជាយ៉ាងណាក៏ដោយ លោកអាចប្រហែលជាបានស្លាប់នៅក្នុងជំរុំការងារនៅអំឡុងឆ្នាំ១៩៧៦។
  13. Coalition Government of Democratic Kampuchea, Library of Congress Country Studies