Jump to content

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
ឡូហ្គូ​មជ្ឈមណ្ឌលបុប្ផាណា
មជ្ឈមណ្ឌលបុប្ផាណា

បុប្ផាណា (ឈ្មោះ​ពេញ៖ មជ្ឈមណ្ឌល​ធនធាន​សោត​ទស្សន៍​បុប្ផាណា, អង់គ្លេស៖ Bophana Audiovisual Resource Center, បារាំង៖ Bophana Centre de resources audiovisuelles) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៥ ដោយ​ធ្វើ​ការ​ប្រមូល​ទុក​នូវ​ឯកសារ​រូបភាព និង​សំឡេង​ពី​អតីតកាល​កម្ពុជា សម្រាប់​ទុក​ឲ្យ​សាធារណជន​ធ្វើ​ការ​ស្រាវជ្រាវ សិក្សា ស្វែង​យល់។

ជីវប្រវត្តិ​មជ្ឈមណ្ឌល

ទីធ្លាពីគ្រោះបណ្ណសារ
បន្ទប់បញ្ចាំងកុនមជ្ឈមណ្ឌលបុប្ផាណា

ដោយ​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​បេតិភណ្ឌ​សោត​ទស្សន៍ លោក ប៉ាន់ រិទ្ធី និង​លោក អៀវ បណ្ណាការ (កាល​នោះ​លោក​ជា​ប្រធាន​នាយកដ្ឋាន​ភាពយន្ត នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ) បាន​ស្រមៃ​ទៅ​ដល់​ទីកន្លែង​មួយ​ដែល​អាច​ផ្ដល់​ឯកសារ និង​ការ​ចងចាំ​អំពី​បេតិកភណ្ឌ​សោតទស្សន៍​របស់​កម្ពុជា​ពី​អតីតកាល ដល់​សាធារណជន​អាច​ទស្សនា​បាន។ នៅ​ពេល​នោះ​ហើយ​គម្រោង មជ្ឈមណ្ឌល​ធនធាន​សោត​ទស្សន៍​បុប្ផាណា ត្រូវ​បាន​លេច​ចេញ​ជា​រូបរាង​ឡើង ហើយ​ត្រូវ​បាន​គាំទ្រ​ដោយ​អាជ្ញាធរ​ពាក់់​ព័ន្ធ​យ៉ាង​លឿន។ កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​នឹង​ភាគី​បារាំង ដែល​មាន​ដូច​ជា​ផ្នែក​ហិរញ្ញវត្ថុ បច្ចេកទេស និង​សិទ្ធិ​ប្រមូល​ឯកសារ គឺ​ជា​ជំនួយ​ដ៏​ធំធេង​មួយ។[]

ឈ្មោះ "បុប្ផាណា"

បុប្ផាណា គឺ​ជា​យុវនារី​ម្នាក់​ដែល​ជាប់​ឃុំឃាំង​នៅ​ក្នុង​មន្ទីរស២១ ដែល​ពោរពេញ​ទៅ​ដោយ​ការ​តស៊ូ សេចក្ដី​ក្លាហាន និង​ថ្លៃ​ថ្នូរ ហើយ​អ្វី​ទាំង​នេះ​មាន​បង្ហាញ​នៅ​ក្នុង​សារលិខិត​របស់​នាង​ដែល​បាន​បន្សល់​ទុក។ ដូច្នេះ​ហើយ ការ​ប្រើ​ឈ្មោះ បុប្ផាណា ជា​ឈ្មោះ​មជ្ឈមណ្ឌល​គឺ​ដើម្បី​ផ្សព្វផ្សាយ​អំពី​ការតស៊ូ សេចក្ដីក្លាហាន និង​ថ្លៃ​ថ្នូរ​របស់​យុវនារី​ម្នាក់​នេះ និង​ដើម្បី​បង្ហាញ​អំពី​អតីតកាល ការ​ចងចាំ និង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា។

បេសកកម្ម

ជួយ​សង្គ្រោះ និង​ធ្វើ​ឲ្យ​អនុស្សាវរីយ​ទាំង​ចាស់ ទាំង​ថ្មី​មាន​ជីវិត

បណ្ណាល័យមជ្ឈមណ្ឌលបុប្ផាណា

មជ្ឈមណ្ឌល​ធ្វើ​ការ​ប្រមែប្រមូល​រាល់​ឯកសារ​ស្ដី​អំពី​ប្រទេស​កម្ពុជា មក​ពី​ជុំវិញ​ពិភព​លោក មាន​ដូច​ជា​រូបភាព ខ្សែ​ភាពយន្ត សំឡេង និង​ឯកសារ​ក្នុង​ទ្រង់ទ្រាយ​ដទៃ​ទៀត។ រាល់​ឯកសារ​ទាំង​នោះ​ត្រូវ​បាន​ចងក្រង និង​សង្គ្រោះ​ឲ្យ​មាន​ជីវិត​ឡើង​វិញ សម្រាប់​ទុក​ឲ្យ​សាធារណជន សិស្ស និស្សិត អ្នក​ស្រាវ​ជ្រាវ អាច​សិក្សា​និង​ទស្សនា​បាន​ដោយ​ឥត​គិត​ប្រាក់។ មជ្ឈមណ្ឌល​ធនធាន​សោត​ទស្សន៍​បុប្ផាណា បាន ​ធ្វើ​ការ​ស្នើ​សុំ​ពី​ប្រទេស​បារាំង​នូវ​ឯកសារ​មួយ​ចំនួន​ដូច​ជា ឯកសារ​ភាពយន្ត​ស្ដី​អំពី​កម្ពុជារបស់​សមាគម​ហ្វ្រែលុយមីញែរ ដែល​ថត​តាំង​ពី​ពេល​កកើត​ភាពយន្ត​ដំបូងម្ល៉េះ, ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​អំឡុង​ទសវត្សរ៍​ទី​៥០ ខ្សែភាពយន្ត និង​ការ​ផ្សាយ​សំឡេង​ឃោសនាតាម​វិទ្យុ​ខ្មែរ​ក្រហម។[] គ្រប់​ឯកសារ​ទាំង​នោះ​មាន​ដាក់​ជូន​សាធារណជន​ទស្សនា​នៅ​ក្នុង​មូលដ្ឋាន​ ទិន្នន័យ​របស់មជ្ឈមណ្ឌល ដែលមានជាបីភាសា (ភាសាបារាំង ភាសាអង់គ្លេស និងភាសាខ្មែរ)។

ពង្រឹង​និង​ផ្ដល់​ថាមពល​ឲ្យ​វិស័យ​សោតទស្សន៍​តាមរយៈ​ការ​បណ្ដុះ​បណ្ដាល

ដើម្បី​ពង្រឹង និង​លើក​កម្ពស់​ឲ្យ​វិស័យ​សោតទស្សន៍​មាន​ការ​រីក​ចម្រើន មជ្ឈមណ្ឌល​ធនធាន​សោត​ទស្សន៍​បុប្ផាណា បាន ​បើក​វគ្គ​បណ្ដុះ​បណ្ដាល​មួយ​ចំនួន​ដល់​អ្នក​ដែល​ពេញ​ចិត្ត​លើ​ផ្នែក​នេះ ជា​ពិសេស​គឺ​យុវជន ដោយ​មាន​ការ​បង្ហាត់​បង្ហាញ​ពី​អ្នក​ជំនាញ​ជាជន​ជាតិខ្មែរ និង​បរទេស ហើយ​អនុវត្ត​ផ្ទាល់​តែ​ម្ដង។[]

ផលិត និង​ធ្វើ​សហប្រតិបត្តិការ​ថត​ខ្សែ​ភាពយន្ត​បរទេស

មជ្ឈមណ្ឌល​ធនធាន​សោត​ទស្សន៍​បាន​ដំឡើង​ផ្នែក​ផ្គត់ផ្គង់​មួយ​សម្រាប់​ការ​ថត​របស់​ខ្លួន និង​សម្រាប់​ទទួល​ការ​ថត​របស់​បរទេស​នៅ​កម្ពុជា នោះ​គឺ​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ និងទទួល​ការ​ថត​ភាពយន្ត​នៅ​កម្ពុជា(CFC)។[] ការ​ផលិត និង​ការ​ផ្គត់ផ្គង់​ថត​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នឹង​វគ្គ​បណ្ដុះ​បណ្ដាល ដែល​ជា​ឱកាស​សម្រាប់​យុវជន​ដែល​បាន​បញ្ចប់​ការ​សិក្សា អាច​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន និង​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ផង​ដែរ។ ផ្នែក​ផ្គតផ្គង់​នេះ​នឹង​ឆ្លើយ​តប​តាម​តម្រូវ​ការ​ដែល​អ្នក​ជំនាញ​ខាង​វិស័យ​ភាពយន្ត​ចង់​បាន ដោយ​ផ្តល់​នូវធនធាន​មនុស្ស​មាន​សមត្ថភាព និង​សេវាកម្មប្រកប ដោយគុណភាព។ ការ​ធ្វើ​បែប​នេះ​ក៏​ជា​គោល​បំណង​ដើម្បី​គ្រប់គ្រង​ប្រាក់​ចំណូល​ដល់​មជ្ឈមណ្ឌល ដើម្បី​ធានា​ឲ្យ​មាន​សកម្មភាព​ជា​និរន្ដរ៍​ដែរ។

ការ​ផលិត

ភាពយន្ត

ចំណងជើង[] អ្នក​ដឹក​នាំ រយៈ​ពេល ឆ្នាំ​ផលិត
ព្រៃផា ជម្រក​ចុង​ក្រោយ ហ្គីយ៉ូម សួន និង អាន់ឡរ ប៉ូរ៉េ ១ម៉ោង ៥នាទី ២០១៣
អាពាហ៍ពិពាហ៍ក្រហម ចាន់ លីដា និង ហ្គីយ៉ូម សួន ៥៨នាទី ២០១២
ខ្ញុំទៅណា នាង កាវ៉ិច ៥៥នាទី ២០១២
រម្លឹក​ពី​ឪពុក​ខ្ញុំ ហ្គីយ៉ូម សួន ៥២នាទី ២០១០
មហាឫស្សី​ប្រស់​ខ្លា រឿន ណារឹទ្ធិ ៣២នាទី ២០១០
បុរស​ពីរ​នាក់​នៅ​ផ្ទះ​ជិត​គ្នា រឿន ណារឹទ្ធិ ២៥នាទី ២០០៨

តន្ត្រី

  1. កំណប់តន្ត្រីដូនតា (វ៉ុល១ និង វ៉ុល២)
  2. អ្នកចម្រៀងពនេចរ []

រាមកេរ្តិ៍ តាគ្រុឌ

[]ខ្សែ​អាត់​សំឡេង រាមកេរ្តិ៍ តាគ្រុឌ គឺ​ជា​ការ​និទាន​រឿង​រាមកេរ្តិ៍​របស់​តាគ្រុឌ ដែល​មាន​ដើមកំណើត​នៅ​ភូមិ​ស្ដើងជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម។ ខ្សែ​អាត់​សំឡេង​នេះ​មាន​រយៈ​ពេល​ដប់​ម៉ោង​នេះ គឺ​ជា​ឯកសារ​ដ៏​កម្រ​បំផុត​ដែល​នៅ​មាន​ជីវិត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។ មួយ​ផ្នែក​នៃ​ខ្សែ​អាត់​សំឡេង​ត្រូ​វបាន ចង​ក្រង​ឡើង​ក្នុង​អំឡុង​ឆ្នាំ​១៩៦៥ ក្នុង​ស្ទូឌីយូ​វិទ្យុ​ឃោសនាការ​ជាតិ​ខ្មែរ។ កាល​នោះ តាគ្រុឌ​បាន​កាន់​កម្មវិធី​និទាន​រឿង​នៅ​ទីនោះ ទើប​ធ្វើ​ឲ្យ​លោក ហ្សាក់ ប្រ៊ុយណេ (Jacques Brunet) អាច​រក្សា​ទុក​បាន​មួយ​ច្បាប់។ ផ្នែក​ទី​ពីរ​នៃ​ខ្សែអាត់​សំឡេង​ត្រូវ​បាន​ចង​ក្រង​ឡើង​ក្នុង​ឆ្នាំ​១៩៦៨ តាមរយៈ​ការ​ស្នើ​សុំ​របស់​លោក ហ្សាក់ ប្រ៊ុយណេ ដោយ​ឱ្យ​តាគ្រុឌ​និទាន​រឿង​រាមកេរ្តិ៍ ដោយ​ផ្ទាល់​នៅ​មុខ​សាធារណជន​ក្នុង​ភូមិ​រកាកោង។ លោក ហ្សាក់ ប្រ៊ុយណេ ចង់​ធ្វើ​ការ​ប្រៀបធៀប​របៀប​និទាន​ទាំង​ពីរ​របស់​តាគ្រុឌ។ ការ​ប្រៀបធៀប​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា​បរិយាកាស​នៃ​សំឡេង​និទាន​មាន​ភាព​ខុស​គ្នា​ជា​ខ្លាំង​នៅ​ក្នុង​ស្ទូឌីយូ និង​នៅ​មុខ​សាធារណជន។

ស៊ីឌី​ខ្សែ​អាត់​នេះ​ត្រូវ​បាន​ផ្ដួចផ្ដើម​គំនិត​ផលិត​ដោយ​លោក​បណ្ឌិត អាឡាំង ដានីញ៉ែល និង​មជ្ឈមណ្ឌល​សោត​ទស្សន៍​បុប្ផាណា ក្រោម​ការ​ឧបត្ថម្ភ​របស់​អង្គការ​យូណេស្កូ និង​គណៈកម្មការ​ជាតិ​យូណេស្កូ។

វិចិត្រសាល

ឯកសារ​យោង

  1. 'បទបង្ហាញ': http://bophana.org/site/index.php?option=com_content&task=view&id=13&Itemid=57
  2. ២,០ ២,១ ២,២ 'បេសកកម្ម​របស់​យើង': http://bophana.org/site/index.php?option=com_content&task=view&id=15&Itemid=58
  3. 'ភាពយន្ត': http://bophana.org/site/index.php?option=com_content&task=view&id=28&Itemid=74&lang=kh
  4. 'តន្ត្រី': http://bophana.org/site/index.php?option=com_content&task=view&id=40&Itemid=97&lang=kh
  5. 'រាមកេរ្តិ៍': http://bophana.org/site/index.php?option=com_content&task=view&id=58&Itemid=137&lang=kh