Jump to content

ពិធីរៀបអាពាហ៍ពិពាហ៍របស់ប្រជាជនកម្ពុជា

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

ក្រោយការភ្ជាប់ពាក្យ ការរៀបការត្រូវតែប្រារព្ធធ្វើឡើងតាមប្រពៃណីជាតិ បន្ទាប់ពីបានសុំការអនុញ្ញាតច្បាប់ ពិធីរៀបមង្គលការ គឺជាពិធីមួយដែលរៀបចំឡើងសម្រាប់ផ្សំផ្គុំមនុស្សប្រុស ស្រីឲ្យក្លាយជាប្ដីប្រពន្ធ។ នៅក្នុងប្រទេសកម្ពុជាយើង គូស្វាមីភរិយាថ្មីតែបានទទួលដំបូន្មានពីអាចារ្យ មាតាបិតា និងចាស់ទុំញាតិមិត្តទាំងសងខាង។ ដំបូន្មានទាំងនោះទាក់ទងទៅនឹងជីវិតរស់នៅប្រចាំថ្ងៃ ដើម្បីលើកកំពស់ ទំនាក់ទំនងប្រកបដោយសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍របស់គេ។

ហេតុអ្វីបានជាគេត្រូវរៀបអាពាពិពាហ៍?

មនុស្សត្រូវតែរៀបការព្រោះមូលហេតុដូចខាងក្រោម៖

  • កសាងគ្រួសារមួយដោយមានការទទួលស្គាល់ ពីច្បាប់ ពីប្រពៃណី និងពីសង្គម
  • បង្កើត និងចិញ្ចឹមបីបាច់ថែរក្សាកូន ដើម្បីបន្តពូជពង្សវង្សត្រកូល
  • បំពេញតម្រូវការខាងជីវសាស្ត្រ មានមិត្តរួមជីវិត
  • ធ្វើឲ្យអ្នកដែលយើងស្រឡាញ់មានចិត្តសប្បាយរីករាយ ធានាសុវត្ថិភាព សេចក្ដីស្រឡាញ់ និងអារម្មណ៍
  • រស់នៅដោយខ្លួនឯង មិនពឹងផ្អែកលើម្ដាយឪពុក។


ការរៀបអាពាហ៍ពិពាហ៍អាចមានហេតុផលផ្សេងៗទៀត ប៉ុន្តែចំណុចសំខាន់ដែលត្រូវចងចាំគឺការរួមរស់ស្របច្បាប់រវាងបុរស និងស្ត្រី។ ការរៀបការមានសារៈសំខាន់ណាស់ព្រោះវាជាសញ្ញានៃការចាប់ផ្ដើមជីវិតគ្រួសារថ្មី។ គូស្វាមីភរិយាថ្មីមានទំនួលខុសត្រូវដូចខាងក្រោម៖

  • រក្សាទំនាក់ទំនងក្នុងគ្រួសារឲ្យល្អប្រកបដោយសុភមង្គល
  • រៀបចំ និងអនុវត្តផែនការគ្រួសារ
  • មានមុខជំនាញដើម្បីងាយរកការងារធ្វើ
  • ថែរក្សា និងរៀបចំគេហដ្ឋានឲ្យស្អាត មានអនាម័យ
  • រក្សាទំនាក់ទំនងល្អ និងយោគយល់ចំពោះសាច់ថ្លៃ និងញាតិមិត្តជិតឆ្ងាយ
  • លើកកម្ពស់សុខភាព និងសុខុមាលភាពគ្រួសារ
  • គោរព ទទួលខុសត្រូវ យោគយល់ និងថែរក្សាគ្រួសារគ្រប់ពេលវេលា។

ច្បាប់អាពាហ៍ពិពាហ៍នៅកម្ពុជា

អាយុ

អាយុរៀបការ គឺជាបញ្ហាដ៏សំខាន់ក្នុងការយកមកគិតពិចារណានៅមុនពេលរៀបការ។ នៅក្នុងមាត្រាទី៥នៃច្បាប់អាពាហ៍ពិពាហ៍ចែងថា បុរសអាចរៀបការនៅអាយុ២០ឆ្នាំ ហើយស្ត្រីត្រូវតែមានអាយុចាប់ ពី១៨ឆ្នាំឡើងទៅ
មូលហេតុនៃការកំណត់អាយុនេះ គឺជាការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រដ្ឋាភិបាលលើសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ដែលមានបំណងកសាងគ្រួសារឲ្យបានរឹងមាំ មានសុភមង្គល និងធានាការចិញ្ចឹមបីបាច់ថែរក្សាអប់រំកូនរបស់គេបានល្អប្រសើរ។
ទោះជាយ៉ាងនេះក៏ដោយ ដើម្បីឲ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកសាងគ្រួសារមួយប្រកបដោយសុភមង្គល បុរសគួររៀបការក្នុងអាយុ ២៥ឆ្នាំ និងស្ត្រី ២១ឆ្នាំ។

ការជ្រើសរើសគូស្រករ

ប្រទេសកម្ពុជា ជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាអន្តរជាតិស្ដីពីផែនការសកម្មភាពប្រជាករ និងអភិវឌ្ឍន៍ (ICPD ១៩៩៤)។ នៅក្នុងកិច្ចព្រមព្រៀងនោះ ប្រទេសកម្ពុជាបានយល់ព្រមទទួលយកមកអនុវត្តលើច្បាប់អាពាហ៍ពិពាហ៍នៅក្នុងប្រទេស តាមមាត្រាដូចខាងក្រោម៖

១. មាត្រាទី១៦ ការប្រកាសអំពីសិទ្ធិមនុស្ស

បុរសស្ត្រីដែលមានអាយុរៀបការមានសិទ្ធិរៀបការ និងបង្កើតគ្រួសារដោយមិនប្រកាន់សញ្ជាតិ ជនជាតិ និងសាសនាឡើយ។ ពួកគេមានសិទ្ធិស្មើៗក្នុងការរៀបការ និងដំណោះស្រាយក្នុងជីវិតអាពាហ៍ពិពាហ៍។ ការរៀបអាពាហ៍ពិពាហ៍ ត្រូវតែធ្វើឡើងដោយមានការព្រមព្រៀងរវាងសាមីខ្លួនទាំងពីរដោយគ្មានការគំរាមកំហែង និងបង្ខិតបង្ខំពីនរណាម្នាក់ឡើយ។ គ្រួសារជាកោសិកាសង្គមតាមបែបធម្មជាតិ មានសារៈសំខាន់ និងមានសិទ្ធិទទួលការការពារពីសង្គម និងពីរាជរដ្ឋាភិបាល។

២. មាត្រាទី២៣ ស្ដីអំពីសន្ធិសញ្ញាអន្តរជាតិអំពីសិទ្ធិរបស់ប្រជាពលរដ្ឋ និងនយោបាយ

គ្មានការរៀបអាពាហ៍ពិពាហ៍ណាមួយដែលត្រូវធ្វើឡើងដោយគ្មានការព្រមព្រៀង និងដោយគ្មានការស្ម័គ្រចិត្តពីភាគីទាំងសងខាងទេ ។ បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ទោះបីមានគ្រួសារមួយចំនួនជ្រើសរើសគូស្រករតាមរយៈម្ដាយឪពុកក៏ដោយ ក៏សាមីខ្លួនភាគច្រើនបានធ្វើការសម្រេចចិត្តដោយខ្លួនគេផ្ទាល់ក្នុងការជ្រើសរើសគូអនាគត។

ពិធីរៀបអាពាហ៍ពិពាហ៍

ពិធីរៀបអាពាហ៍ពិពាហ៍នៅក្នុងប្រទេសកម្ពុជាត្រូវបានរៀបចំឡើងតាមលំដាប់លំដោយដូចខាងក្រោម៖

  • ស្វែងយល់ថា តើភាគីទាំងសងខាងអាចរស់នៅបានសេចក្ដីសុខនឹងគ្នាឬទេ?
  • ដំណាក់ចែចូវ
  • ការកំណត់វេលាភ្ជាប់ពាក្យ
  • ពិធីរៀបមង្គលការ។


ពិធីដែលបានរៀបរាប់ខាងលើនេះ គេអាចធ្វើជាលក្ខណៈធំ ឬតូចទៅតាមលទ្ធភាពស្ថានភាពគ្រួសារ។ តែគេក៏មិនភ្លេចដែរថា អ្វីដែលសំខាន់ក្នុងជីវិតអាពាហ៍ពិពាហ៍ គឺសុភមង្គលក្នុងគ្រួសារ។ ការរៀបចំពិធីរៀបមង្គលការត្រូវបានធ្វើឡើងតាមដំណាក់កាលដូចខាងក្រោម៖

*ការរៀបចំមុន

ជាធម្មតាមុននឹងឈានចូលដល់ថ្ងៃរៀបមង្គលការ ប្រជាជនកម្ពុជា ត្រូវគោរពតាមទំនៀមទម្លាប់ប្រពៃណីជាតិ និងច្បាប់អាពាហ៍ពិពាហ៍
មាតាបិតាទាំងសងខាង និងសាមីខ្លួនទាំងពីរត្រូវរៀបចំឯកសារមួយចំនួន ដើម្បីសុំការអនុញ្ញាតពីរដ្ឋអំណាចមូលដ្ឋាន និងរៀបចំពិធីមង្គលការដូចខាងក្រោម៖

  • សំបុត្រកំណើតមួយច្បាប់
  • វិញ្ញាបនប័ត្របញ្ជាក់ទីលំនៅ និងនៅលីវ
  • សេចក្ដីប្រកាសពីកន្លែងរៀបការ
  • លិខិតយល់ព្រមពីរដ្ឋអំណាច ដោយសុំសំបុត្រអាពាហ៍ពិពាហ៍ពីរដ្ឋអំណាច និងបិទប្រកាសជាសាធារណៈឲ្យបាន១0ថ្ងៃមុនថ្ងៃរៀបការចូលមកដល់
  • រៀបចំសម្លៀកបំពាក់រៀបការ និងវត្ថុចាំបាច់ដទៃទៀត បើគូស្វាមីភរិយាថ្មីត្រូវទៅរស់នៅផ្ទះផ្សេង
  • រៀបចំបញ្ជីឈ្មោះភ្ញៀវ និងសំបុត្រអញ្ជើញ
  • រកអាចារ្យ និងនិមន្តព្រះសង្ឃ
  • រៀបចំកន្លែង និងអាហារសម្រាប់ទទួលភ្ញៀវ
  • រៀបចំអញ្ជើញភ្ញៀវឲ្យបានយ៉ាងតិច ៥ថ្ងៃមុនពេលរៀបការ
  • សម្អាត និងតុបតែងផ្ទះសម្បែងឲ្យបានមុនពេលរៀបការ ១ថ្ងៃ ឬ២ថ្ងៃ។

ពិធីរៀបអាពាហ៍ពិពាហ៍

តាមប្រពៃណីខ្មែរ ពិធីរៀបមង្គលការត្រូវធ្វើឡើងរយៈពេលបីថ្ងៃ តាមកម្មវិធីដូចខាងក្រោម៖

  • ថ្ងៃទី១

ជាថ្ងៃចូលរោង គឺថ្ងៃដែលគេដង្ហែកូនកម្លោះចូលទៅរោងដែលគេសង់នៅក្បែរផ្ទះកូនក្រមុំមុននឹងនាំឡើងទៅផ្ទះខាងស្រី។ នៅពេលដង្ហែនោះមានភ្លេងលេងកំដរផង។

  • ថ្ងៃទី២ ជាថ្ងៃដែលគេប្រារព្ធពិធី៖
  1. ពិធីលើកកំណត់៖ គេដង្ហែគ្រឿងភស្តុភារបណ្ណាការ(ជំនូន)ឡើងទៅលើផ្ទះខាងស្រី។
  2. ពិធីសែនជំនាងផ្ទះ៖ គេដាក់ចំណីក្នុងកន្ទោង លើកដាក់ទៅក្នុងច្រម ជាកន្លែងសម្រាប់តង្វាយជូនដល់ជំនាងផ្ទះ
  3. ពិធីសែនដូនតា៖ គេរៀបចំសែនដូនតាទាំងសងខាង។
  4. ពិធីស៊ីស្លា៖ គេលើកម្លូស្លាជូនមេបាចាស់ទុំពិសា។
  5. ពិធីកាត់សក់៖ ជាដំបូងអាចារ្យបួងសួងសុំរបស់ទិព្វពីទេវតា និងវត្ថុស័ក្តិសិទ្ធិ រួចឧទ្ទិសរំងាប់ចង្រៃ ហើយឧបកិច្ចកាត់សក់បីកន្ត្រៃដាក់ក្នុងកន្ទោងដែលដាក់បណ្តែតក្នុងផ្តិល។ បន្ទាប់មកអ្នកច្រៀងកំប្លែងបានបួងសួងសុំកន្ត្រៃ ក្រាស កាំបិតកោរ កញ្ចក់... រួចច្រៀងរៀបរាប់ពីព្រៃព្រឹក្សា និងការដើរលក់កន្ត្រៃ។
  6. ពិធីសូត្រមន្ត៖ គេនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត។
  7. ពិធីរៀបភោជនាហារជូនភ្ញៀវ៖ គេនិយមរៀបចំពិធីជប់លៀងភ្ញៀវនៅពេលយប់។
  • ថ្ងៃទី៣ ជាថ្ងៃផ្ទឹម ដែលគេមានរៀបចំពិធីដូចតទៅ៖
  1. ពិធីលាងជើងឲ្យកូនប្រុស
  2. ពិធីសំពះផ្កាស្លា៖ កូនប្រុសយកដៃកែផ្កាស្លាចំនួនបីដង
  3. ពិធីរាំបើកវាំងនន៖ គេច្រៀងអញ្ជើញកូនស្រីឲ្យចេញមកផ្ទឹម។
  4. ពិធីបង្វិលពពិល
  5. ពិធីសែនចងដៃ ឬ សែនកូចដៃ
  6. ពិធីធ្វើធ្មេញ ពិធីបុកល័ក្ខ ពិធីរៀបផ្លែឈើ
  7. ពិធីបាចផ្កាស្លា
  8. ពិធីតោងស្បៃចូលក្នុងបន្ទប់

គឺថ្ងៃនេះហើយ ដែលគូស្វាមីភរិយាសន្មតជាថ្ងៃជោគមង្គលសម្រាប់ការចាប់ផ្ដើមដំណើរជីវិតរួមគ្នា។
ប៉ុន្តែសព្វថ្ងៃនេះ គេបានបំព្រួញពិធីរៀបអាពាហ៍ពិពាហ៍ឲ្យមកនៅត្រឹមតែមួយថ្ងៃប៉ុននោះ គឺចាប់ពីព្រលឹម គេហែកូនកម្លោះទៅផ្ទះកូនក្រមុំដោយនាំគ្រឿងភស្តុភារទៅជាមួយផង។ បន្ទាប់មកគេរៀបចំពិធីផ្សេងៗទៀតជាបន្តបន្ទាប់ ដូចបានរៀបរាប់ខាងលើ។ ដល់ពេលល្ងាចគេរៀបចំពិធីជប់លៀងនៅគេហដ្ឋានខាងស្រី ឬនៅភោជនីយដ្ឋានជាកិច្ចបញ្ចប់ពិធី។ ដោយមានគូស្វាមីភរិយាថ្មី អមដោយយុវជន យុវនារីកិត្តិយស(អ្នកកំដរ) ឈរនៅច្រកចូលរោងពិធី ចាំទទួល និងជូនផ្កាថ្លែងអំណរគុណចំពោះភ្ញៀវដែលបានអញ្ជើញមកចូលរួម។ មាតាបិតាទាំងសងខាងត្រូវឈរទទួលភ្ញៀវដែលអញ្ជើញមកចូលរួមជិតកូនកម្លោះ កូនក្រមុំ៕

ឯកសារវិភាគ