Jump to content

ប្រាសាទភ្នំត្រប់

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
ប្រាសាទភ្នំត្រប់

ឈ្មោះ: ប្រាសាទភ្នំត្រប់
អ្នកកសាង: ព្រះបាទរាជេន្ទ្រវរ្ម័នទី២
កាលបរិច្ឆេទកសាង: សតវត្សទី១០
ឧទ្ទិសថ្វាយ: ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម: រចនាបថប្រែរូប
ទីតាំង: ស្រុកបាធាយ ខេត្តកំពង់ចាម

ប្រាសាទភ្នំត្រប់មានទីតាំងស្ថិតនៅលើកំពូលភ្នំចំនួនពីរ ក្នុងឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលមានចម្ងាយប្រមាណ ៨០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ភ្ញៀវទេសចរអាចចាប់ផ្តើមធ្វើដំណើរតាមផ្លូវជាតិលេខ ៦អា ទៅទិសខាងកើតរហូតដល់ផ្សារផ្អាវ និងឃើញមានផ្លូវក្រាលកៅស៊ូមួយនៅខាងឆ្វេងស្ថិតនៅចំហៀងផ្សារ រួចធ្វើដំណើរបន្តប្រហែល ១៨គីឡូម៉ែត្រទៅតាមផ្លូវនោះ ភ្ញៀវទេសចរទៅដល់វត្តប្រើសមាស ដែលស្ថិតនៅជើងភ្នំត្រប់តែម្តង[]។ ប្រាសាទភ្នំត្រប់ជាបណ្តំប្រាសាទចំនួន ៤មានដូចជាប្រាសាទស្រះត្រប់ស្ថិតនៅងង្កេះភ្នំ សព្វថ្ងៃនៅសេសសល់តែបំណែកស៊ូមទ្វារ និងបំណែកសសរពេជ្រ និងមានស្រះទឹកបុរាណមួយនៅជើងភ្នំទល់មុខនឹងប្រាសាទនេះ។ គោកភូមិបាប្រុសនៅមានសេសសល់ផ្តែររូបព្រះនរាយណ៍ ឬព្រះវិស្ណុផ្ទំ និងមានគ្រឹះថ្មបាយក្រៀម ដែលាមានស៊ូមទ្វារធ្វើអំពីថ្មភក់ សព្វថ្ងៃប្រជាជនបានធ្វើសាលានៅចំពីមុខគ្រឹះនេះតែម្តង។ ចំណែកកន្លែងមួយទៀតមានសល់តែបំណែកថ្មបាយក្រៀមបន្តិចបន្តួច។ ប្រាសាទភ្នំត្រប់ ឬប្រាសាទវត្តប្រើសមាស[]។ ក្រៅពីទីតាំងចម្បងទាំងបួននេះមានទួលបុរាណជាច្រើនទៀតនៅជុំវិញនោះ។ ប្រាសាទនេះត្រូវបានសាងសង់ឡើងដោយ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ នៅសតវត្សរ៍ទី១០ ឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា ដែលស្ថិតនៅក្នុងរចនាបថប្រែរូប។

រចនាសម្ព័ន្ធប្រាសាទ

ប្រាសាទភ្នំត្រប់មានតួប៉មចំនួនបី ស្ថិតនៅលើអ័ក្សជើងត្បូងសង់អំពីឥដ្ឋ បែរមុខទៅទិសខាងកើតនៅលើគ្រឹះថ្មបាយក្រៀម។ ចំណែកគ្រឿងលម្អស្ថាបត្យកម្មមានដូចជា ផ្តែរ សសរពេជ្រ និងស៊ុម ដែលប្រើប្រាស់ថ្មភក់ជាសម្ភារៈសំណង់។ ប៉មទាំងបីមានរាងការ៉េ ដោយតួប៉មកណ្តាលមានទំហំធំជាងតួប៉មខាងជើង និងត្បូង[]។ នៅបមខាងត្បូងនៃតួប៉មខាងត្បូងមានសំណង់គ្រឹះថ្មបាយក្រៀមមួយ ដែលលោក លូណេត ដេឡា ជូនខ្វែរ (Lunet de La Jonqiere គិតថាត្រូវបានកសាងឡើងនៅពេលក្រោយ។ នៅឆ្នាំ១៩០២ ប៉មខាងត្បូងបំផុតនេះមានសេសសល់ស៊ុមទ្វារ និងផ្តែរមួយ ដែលមានក្បាច់ចម្លាក់ខុសប្លែកពីតួប៉មនៃផ្តែរទាំងបី[]។ សព្វថ្ងៃមានសេសសល់តែជើងទម្រមួយ និងរូបព្រះពុទ្ធប្រក់នាគសល់ត្រឹមភ្នែនធំមួយ និងតូចមួយ។ លក្ខណៈសម្គាល់នៃប្រាសាទនេះ មានចម្លាក់ឥដ្ឋនៅលើជញ្ចាំងខាងក្នុងនៃតួប៉មទាំងបីដូចនៅប្រាសាទក្រវាន់ដែរ ប៉ុន្តែលោក អាំង ជូលាន បានសរសេរថា ការវិវឌ្ឍបច្ចេកទេសនេះ(ការលម្អចម្លាក់លើជញ្ចាំងឥដ្ឋ)គឺហាក់ដូចមិនមែនរត់តាមខ្សែរបន្ទាត់ត្រង់នោះទេ។

ឯកសារយោង

  1. អាំង ជូលៀន ឆ្នាំ២០០៥-២០០៦ ទំព័រទី១០៩-១១០
  2. Lunet de la Jonquiére, 1902,pp 117
  3. https://kampongchamprovince.wordpress.com/2020/04/24/prasat-phnom-trop-kambusuriya/
  4. Lunet de La Jonqiere, 1902,pp 120