Jump to content

ប្រាសាទព្រះឥន្ទ្រកោសិយ

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
ប្រាសាទព្រះឥន្ទ្រកោសីយ៍

ឈ្មោះ: ប្រាសាទព្រះឥន្ទ្រកោសីយ៍
អ្នកកសាង: ព្រះបាទរាជេន្ទ្រវរ្ម័នទី២
កាលបរិច្ឆេទកសាង: សតវត្សរ៍ទី១០
ឧទ្ទិសថ្វាយ: ព្រាហ្មណ៍សាសនា
ស្ថាបត្យកម្ម: រចនាបថបាខែង ប្រាង្គធំសរសេរពេជ្រនិងផ្តែររចនាបថបន្ទាយស្រី
ទីតាំង: ភូមិទ្រាំង សង្កាត់ស្លរក្រាម ក្រុងសៀមរាប

ទីតាំងភូមិសាស្រ្ត

ប្រាសាទព្រះឥន្ទ្រកោសិយមានទីតាំងស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ពេលយើងធ្វើដំណើរតាមផ្លូវខាងលិចដងស្ទឹងសៀមរាបពីស្ពានថ្មព្រះរាជដំណាក់ ទៅជិតដល់អភិរក្សអង្គរ មានស្ពានបេតុងមួយឆ្លងទៅដល់វត្តព្រះឥន្ទកោសីយ៍ ស្ថិតក្នុងភូមិដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប ។ ប្រាសាទព្រះឥន្ទកោសីយ៍ គឺជាប្រាសាទតូចមួយស្ថិតខាងកើត ព្រះវិហារវត្តព្រះឥន្ទកោសីយ៍ ។ ប្រាសាទនេះមានឈ្មោះដើមថា ទ្វីជេន្ទ្របុរៈ ជាភាសាបាលីឬ សំស្រ្តឹតដែលមានន័យថា ទីក្រុងរបស់ព្រះព្រហ្ម បានស្ថាបនាឡើងក្នុងសតវត្សរ៍ទី១០ ឆ្នាំ៩៦៨ នាចុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៩៤៤-៩៦៨)ដើមរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥(៩៦៨-១០០១)តាមសិលាចារឹកលេខ K-២៦៨[]។ឈ្មោះប្រាសាទនេះ ជួនកាលឃើញគេសរសេរថា «ព្រះឥន្ទកោសិយ» ដែលពាក្យ កោសិយ នៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត មានន័យថាព្រះឥន្ទ្រ។ប៉ុន្តែឈ្មោះ ដែលមានជាផ្លូវការសរសេរនៅលើឃ្លោងទ្វារវត្ត និងសាលាបឋមសិក្សាគឺ ព្រះឥន្ទកោសីយ៍ ។

សំណង់ប្រាសាទ

ប្រាសាទព្រះឥន្ទកោសីយ៍សាងសង់ឡើងបែរមុខទៅទិសខាងកើត មានប្រាង្គ២ ប្រាង្គតូចស្ថិតនៅខាងជើង និងប្រាង្គធំស្ថិតនៅខាងត្បូង ។ នៅពីលើផ្ដែរប្រាង្គធំ មានចម្លាក់អាទិទេពនៃសាសនាព្រាហ្មណ៍ គឺព្រះនរាយណ៍ ព្រះព្រហ្ម និងព្រះឥសូរ និងចម្លាក់ស្ដីពីការកូរសមុទ្រទឹកដោះ ។ ចំណែកឯចម្លាក់នៅលើហោជាងដែលធ្វើអំពីបាយអរ បានរបេះធ្លាក់ ស្ទើរអស់មើលមិនយល់ ។ នៅក្នុងប្រាង្គធំនេះពុំមានតម្កល់ទេវរូបអ្វីទេ ខុសពីប្រាង្គតូច ដែលមានតម្កល់ព្រះពុទ្ធរូបជាច្រើនសណ្ឋានប្លែកៗពីគ្នា ។ គួរឲ្យចម្លែកដែរ ព្រោះថាជាទូទៅនៅប្រាសាទដទៃទៀតភាគច្រើន គេតម្កល់ទេវរូបសម្រាប់គោរពបូជានៅក្នុងប្រាង្គធំ ។ប្រាសាទព្រះឥន្ទកោសីយ៍ ស្ថិតក្នុងរចនាបថបាខែង ប្រហែលជាកសាងឡើងក្នុងរជ្ជកាលព្រះបាទហស៌វរ្ម័នទី១ (គ.ស៩០០‑៩២២) ក្នុងអំឡុងពេលជាមួយគ្នានឹងប្រាសាទក្រវ៉ាន់ និងបក្សីចាំក្រុងដែរ ដើម្បីឧទ្ទិសដល់ លទ្ធិព្រហ្មញ្ញសាសនា។ប្រាសាទទាំងបីនេះប្រហែលត្រូវបានជួសជុលកែលម្អឡើងវិញនៅក្នុងរជ្ជកាលរបស់ព្រះបាទរាជេន្ទ្រវរ្ម័នទី២ (គ.ស៩៤៤‑៩៦៨) និងព្រះរាជបុត្រព្រះអង្គ ព្រះបាទជ័យវរ្ម័នទី៥ (គ.ស៩៦៨‑១០០១) ពីព្រោះគេបានរកឃើញសិលាចារឹក និយាយអំពីមហាក្សត្រទាំងពីរអង្គនេះ ។ រូបភាពតូច

ប្រវត្តិព្រះបាទរាជេន្ទ្រវរ្ម័នទី២

ព្រះបាទរាជេន្ទ្រវរ្ម័នទី២ជាព្រះមហាក្សត្រខ្មែរមួយអង្គដ៏ធំ ខ្លាំងពូកែ ក្នុងប្រវត្តិសាស្ត្រខ្មែរ។តែខ្មែរជំនាន់ក្រោយភាគច្រើនណាស់ ដែលមិនបានស្គាល់អំពី ស្នាដៃ ទេពកោសល្យ និងប្រវត្តិតស៊ូអង់អាច ធ្វើពលិកម្មជូនជាតិរបស់ព្រះអង្គទេ។ សិលាចារឹកព្រះឥន្ទកោសីយ៍បានលើកសរសើរព្រះបាទរាជេន្ទ្រវរ្ម័ន ថាជា«ទីគោរពបូជា នៃព្រះរាជាទាំងឡាយ ទ្រង់ជាស្ដេចអបរាជ័យ និងតែងតែមានជ័យជម្នះជានិច្ច លើខ្មាំងសត្រូវ។ទ្រង់ប្រៀបបានទៅនឹងរតនវត្ថុនៅលើកំពូលមកុដ នៃព្រះរាជា ទាំងអស់នៅលើផែនដីនេះ ។ ជ័យជម្នះរបស់ព្រះអង្គល្បីរន្ទឺទៅគ្រប់ទិសទី» ។ អ្នកប្រវត្តិវិទូបារាំង អេទីជែន អាយម៉ូនីញេ (Etienne Aymonier) ដែលជាអ្នកឯកទេសបានសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរ យល់ និងមានជំនឿថាព្រះបាទរាជេន្ទ្រវរ្ម័នទី២ ជាព្រះបាទបក្សីចាំក្រុង ព្រះមហាក្សត្រខ្មែរទី១៩ ក្នុងពង្សាវតារខ្មែរ ភាគរឿងព្រេងនិទាន។ព្រះរាជា ដែលសោយរាជ្យបន្ដពីព្រះបាទរាជេន្ទ្រវរ្ម័នទី២ គឺព្រះរាជបុត្ររបស់ព្រះអង្គ ព្រះបាទជ័យវរ្ម័នទី៥ ដែលជាព្រះរាជាកែទម្រង់ ឬប្រត្យាស្ថាបនិក និងជាព្រះរាជាពូកែខាងធ្វើសង្គ្រាម តែមានអធ្យាស្រ័យល្អ ។ សិលាចារឹកព្រះឥន្ទ្រកោសីយ៍បានដំណាលថា «ព្រះអង្គបានរៀបចំឱ្យមានសណ្ដាប់ធ្នាប់ល្អក្នុងវណ្ណៈ ប្រៀបបីដូចជារៀបចំឡើងដោយព្រះព្រហ្មផ្ទាល់ ។ ព្រះអង្គប្រកបទៅដោយទេពកោសល្យ និងមានព្រះហត្ថាកាន់កងចក្រ ។ នៅពេលទ្រង់ចេញដំណើរម្ដងៗ សន្ធឹកជើងកងទ័ពរបស់ព្រះអង្គ ធ្វើឱ្យកក្រើកផែនដី និងព្រៃភ្នំទាំងឡាយ ប្រៀបបាននឹងមហាសាគរដែលត្រូវរញ្ជួយដោយព្យុះខ្យល់» ដូច្នោះដែរ។ពេលនោះ«សន្ធឹកស្គរលាយឡំជាមួយសំឡេងកងរំពងរបស់គងឃ្មោះធ្វើអំពីស្ពាន់ និងត្រែ ខ្លុយ ស័ង្ខ…ធ្វើឱ្យពួកសត្រូវភ័យបាក់បបខ្លបខ្លាចជាខ្លាំង»។ សិលាចារឹកក៏បានលើកពីព្រះអង្គដែរថា ទ្រង់បានដុតបំផ្លាញប្រទេសទាំងឡាយណា ដែលព្រះអង្គធ្វើសង្គ្រាមជាមួយ ដោយនិយាយថា «អណ្ដាតភ្លើងនៃការបូជា ដែលកើតឡើងពីប្រតិបត្ដិការរបស់ព្រះអង្គ បង្កបានជាផ្សែងធំវែង ប្រៀបបាន នឹងទង់ជ័យចម្បាំង ធ្វើឱ្យសត្រូវភ័យខ្លាច ហើយរត់គេចចេញបាត់អស់ បើទោះជាអង់អាចយ៉ាងណាក៏ដោយ» ។ ព្រះអង្គគួរឱ្យខ្លាចខ្លាំងណាស់ នៅពេលដែលទ្រង់ខ្ញាល់ «កាលណាព្រះអង្គគ្រហឹមដូចរាជសីហ៍ពេលមានកំហឹង ព្រះរាជាធ្វើឲ្យសត្រូវទាំងឡាយរត់គេចចូលព្រៃជ្រៅ ប្រៀបបាននឹងសត្វឈ្លូសកំសាក។ នៅពេល ដែលព្រះអង្គលើកដាវដ៏មុតថ្លា ប្រឡាក់ទៅដោយឈាម ដែលហូរចេញពី សិរសាសត្រូវ គេឃើញព្រះអង្គដូចជាព្រះនាងជ័យជម្នះដ៏ស្រស់ស្អាត ដែលមានព្រះហស្ដ និងព្រះបាទក្រហមទៅដោយលម្អងផ្កា» ។សិលាចារឹកដដែលបាននិយាយថែមទៀតថា «ព្រះហស្ដព្រះអង្គ ដែលប្រៀបបាននឹង ស្ពានយុត្ដិធម៌ឆ្លងកាត់មហាសាគរដ៏ស្មោកគ្រោកនៃសតវត្សរ៍… មានរាងសង្ហា ស្រស់ប្រិមប្រិយ ស្អាតលើសពី ព្រះនាងកាមទេព ហើយធ្វើឱ្យពិភពលោកនេះ មានពន្លឺប្រៀបបីដូចព្រះចន្ទ្រកំពុងរះ» []

ឯកសារយោង

  1. សៀវភៅ ដែនដីអាថ៌កំបាំងអច្ឆរិយៈប្រាសាទកោះកេរ ព្រះបាទជ័យវរ្ម័នទី៤ ឆ្នាំ២០១៧ ដោយលោក ស៊ឹម ភក្ត្រា ទំព័រទី១២។
  2. ដកស្រង់ពី www.chouk Khmer.com