Jump to content

ប្រស្នានៃការគោរពទិសធំទាំង៦

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

ការគោរពទិសទាំងប្រាំមួយ កើត ត្បូង លិច ជើង ក្រោម លើ
១ មាតាបិតាទុកជាទិសខាងកើត
២ គ្រូអាចារ្យទុកជាទិសខាងត្បូង
៣ ភរិយាទុកជាទិសខាងលិច
៤ មិត្តសំឡាញ់ទុកជាទិសខាងជើង
៥ បាវព្រាវ មនុស្សដែលធ្វើការឈ្នួលទុកជាទិសខាងក្រោម
៦ សមណព្រាហ្មណ៍ទុកជាទិសខាងលើ

១ក កូនគប្បីប្រតិបត្តដោយស្ថានប្រាំយ៉ាងចំពោះមាតាបិតា

ភតោនេសំកវិស្សាមិ កូនត្រូវតាំងចិត្តថា អញនេះគឺមាតាបិតាបានចិញ្ចឹមរក្សាមកហើយ អញត្រូវចិញ្ចឹមមាតាបិតាវិញ។

កិច្ចំនេសំកវិស្សាមិ កូនត្រូវតាំងចិត្តថា កាលបើមាតាបិតាមានកិច្ចការរវល់ នោះអញត្រូវបញ្ឈប់ការងាររបស់ខ្លួនទុកសិន ហើយត្រូវធ្វើកិច្ចការរវល់របស់មាតាបិតា។

កុលវំសំថបេស្សាមិ កូនត្រូវតាំងចិត្តថា អញត្រូវតម្កល់វង្សត្រកូលមាតាបិតាទុកឱ្យល្អមិនឱ្យវិនាស គឺថានឹងមិនញ៉ាំងទ្រព្យសម្បតិ្តរបស់មាតាបិតាឱ្យវិនាស គឺថានឹងមិនញ៉ាំងទ្រព្យសម្បត្តិរបស់មាតាបិតា ឱ្យវិនាសដោយការឥតប្រយោជន៍ និងសង្គ្រោះមាតាបិតាឱ្យផុតអំពីវង្សដែលមិនប្រកបដោយធម៌ ហើយឱ្យតាំងនៅក្នុងវង្សដែលប្រកបដោយធម៌ និងមិនផ្ដាច់នូវការកុសលទាំងឡាយមានសលាកភត្តជាដើម ដែលមាតាបិតាបានប្រព្រឹត្តធ្វើតាមគន្លងត្រូវល្អមកហើយ។

ទាយជ្ជំបដិបជ្ជាមិ កូនត្រូវតាំងចិត្តថា អញនឹងតាំងគំនិតមារយាទឱ្យល្អ ឱ្យជាទីពេញចិត្តនៃមាតាបិតាឱ្យជាមនុស្សគួរមាតាបិតានឹងប្រគល់ទ្រព្យសម្បត្តិកេរ្ដិ៍ដំណែលឱ្យ។

ទក្ខិណំអនុប្បទស្សាមិ កូនត្រូវតាំងចិត្តថា កាលបើមាតាបិតាធ្វើកាលកិរិយាហើយ អញត្រូវធ្វើទក្ខិណាទានឧទ្ទិសចំណែកផលបុណ្យជូនដល់មាតាបិតារឿយៗ ចាប់ដើមតាំងពីថ្ងៃជាគម្រប់៣ អំពីថ្ងៃដែលមាតាបិតាដល់មរណភាពនោះតរៀងទៅ។

១ខ មាតាបិតាត្រូវអនុគ្រោះកូនដោយស្ថានប្រាំយ៉ាង

បាបានិវារេន្ដិ ហាមឃាត់កូនមិនឱ្យធ្វើកម្មអាក្រក់មានហាមឃាត់មិនឱ្យសម្លាប់សត្វនិងមិនឱ្យលួចទ្រព្យគេជាដើម។

កល្យាណណេនិវេសេន្ដិ ឱ្យកូនតាំងនៅក្នុងកម្មជាកុសលមានទាន និង សីលជាដើម។

សិប្បំសិក្ខាបេន្ដិ ឱ្យកូនសិក្សារៀនសិល្បសាស្រ្ដចំណេះវិជ្ជាដែលគួររៀនមានអក្សរនិងលេខជាដើម។

បដិរូបេនទារេនសំយោជេន្ដិ រៀបចំកូនឱ្យមានភរិយាឬស្វាមីតាមសមគួរដល់ជាតិនិងត្រកូលនិងទ្រព្យសម្បត្តិ។

សមយេទាយជ្ជំនិយ្យាទេន្ដិឱ្យទ្រព្យសម្បត្តិដល់កូនក្នុងសម័យពីរយ៉ាងគឺនិច្ចសម័យ១ កាលសម័យ១ និច្ចសម័យនោះគឺឱ្យទ្រព្យសម្បត្តិរឿយៗ ដើម្បីឱ្យកូនចាយប្រើតាមគួរឬឱ្យដើម្បីឱ្យធ្វើកុសលណាមួយ កាលសម័យនោះគឺ ឱ្យទ្រព្យសម្បត្តិ ក្នុងកាលដែលបានរៀបចំឱ្យកូនមានភរិយាស្វាមីហើយឬឱ្យក្នុងកាលដែលខ្លួនជិតនឹងដល់នូវមរណភាព។

២ក សិស្សត្រូវប្រតិបត្តិដោយស្ថាន៥យ៉ាង

ឧដ្ឋានេន ដោយកិរិយាធ្វើនូវបច្ចុគ្គមនាការក្រោកឡើងទទួល គឺថាបើសិស្សកំពុងអង្គុយនៅក្នុងទីណាមួយដែលមិនមានបុគ្គលជាធំជាងគ្រូអាចារ្យ ហើយបានឃើញគ្រូអាចារ្យមកកាន់ទីនោះ ត្រូវសិស្សក្រោកឈរឡើង បើលោកមានបរិក្ខារអ្វី ត្រូវទទួលមកអំពីលោកដោយអើពើត្រូវរកទឹកលាងជើងរកកំណាត់ជូតជើង រួចហើយត្រូវចាត់ចែងទីអាសនដើម្បីលោក លុះលោកអង្គុយហើយសឹមខ្លួនអង្គុយជាខាងក្រោយ។ កាលបើលោកក្រោកលាខ្លួនទៅ ត្រូវធ្វើអនុគ្គមនាការ គឺក្រោកជូនលោកទៅ បើយ៉ាងជិតណាស់ត្រឹមមាត់ទ្វារក្រៅ។

បច្ចុប្បដ្ឋានេន ដោយកិរិយាចូលទៅបំរើគ្រូអាចារ្យក្នុង១ថ្ងៃ៣ដង គឺវេលាព្រឹកម្ដង ថ្ងៃត្រង់ម្ដង ល្ងាចម្ដង។

សុស្សុសាយ ដោយកិរិយាជឿស្ដាប់ពាក្យឱវាទគ្រូអាចារ្យដែលលោកពោលទូន្មានប្រៀនប្រដៅដោយល្អ។

បាវិចរិយាយ ដោយការបម្រើតូចៗ មានឱ្យឈើស្ទន់និងទឹកលាងមុខជាដើម។

សកច្ចំសិប្បុគ្គហណេន ដោយកិរិយារៀននូវសិល្បសាស្រ្ដចំណេះវិជ្ជាអំពីគ្រូអាចារ្យ ដោយគោរព គឺរៀនម្ដងៗ តាមសមគួរដល់កម្លាំងប្រាជ្ញានៃខ្លួន ហើយស្វាធ្យាយទន្ទេញដរាបដល់ចាំចូលចិត្ត។

២ខ គ្រូអាចារ្យត្រូវអនុគ្រោះសិស្សដោយស្ថាន៥យ៉ាង

សុវិនីតំវិនេន្ដិ ទូន្មានប្រៀនប្រដៅសិស្សដោយល្អ គឺទូន្មានប្រៀនប្រដៅឱ្យសិស្សចេះរៀបចំឥរិយាបថទាំង៤ គឺដេក ដើរ ឈរ អង្គុយ ឱ្យរៀបរយ នឹងប្រដៅដោយមិនឱ្យសេពគប់នឹងបាបមិត្ត ឱ្យសេពគប់តែនឹងកល្យាណមិត្ត។

សុគហិតំគាហាបេន្ដិបង្ហាត់បង្រៀនសិស្សដោយល្អ គឺបង្ហាត់បង្រៀនដោយត្រឹមត្រូវ តាមអត្ថនិងព្យញ្ជននិងរបៀបពាក្យរបៀបសេចក្ដីឱ្យសិស្សចាំចូលចិត្ត។

សព្វសិប្បេសុតំសមក្ខាយិនោភវន្ដិ បង្ហាញសិល្បសាស្រ្ដចំណេះវិជ្ជាដល់សិស្សដោយមិនលាក់ទុក គឺថាបើខ្លួនចេះប៉ុន្មាន ចង់ឱ្យសិស្សចេះប៉ុណ្ណោះ។

មិត្តាមច្ចេសុបដិវេទេន្ដិ ពោលពាក្យលើកសរសើរសិស្សដែលមានសិល្បសាស្រ្ដចំណេះវិជ្ជា និង កិរិយាមារយាទល្អពិតនោះឱ្យច្បាស់ប្រាកដដល់មិត្តនិងអាមាត្យ។

ទិសាសុបរិត្តានំករោន្ដិ ធ្វើនូវសេចក្ដីការពាររក្សាសិស្ស ក្នុងទិសទាំងឡាយ គឺថាឱ្យសិស្សសិក្សារៀនសិល្បសាស្រ្ដចំណេះវិជ្ជា មិនឱ្យទើសទាល់ក្នុងវេលាដែលសិស្សទៅក្នុងទិសនោះៗ។ កាលបើសិស្សឬគ្រូអាចារ្យបានប្រព្រឹត្តត្រូវតាមស្ថានដែលខ្លួនត្រូវប្រតិបត្តិ ត្រូវអនុគ្រោះទៅវិញទៅមកដូច្នេះហើយ សិស្សនិងគ្រូអាចារ្យនោះ ឈ្មោះថាបានបិទបាំងភ័យអន្តរាយមិនឱ្យកើតឡើងបាន ឈ្មោះថាបានញ៉ាំងសេចក្ដីក្សេមក្សាន្ដឱ្យកើតឡើងដល់ខ្លួន បើសិស្សឬគ្រូអាចារ្យមិនប្រព្រឹត្តិតាមស្ថានដែលខ្លួនត្រូវប្រព្រឹត្តទៅវិញទៅមកនោះទេ ឈ្មោះថាញ៉ាំងភ័យអន្ដរាយឱ្យកើតឡើងដល់ខ្លួនសិស្ស ឬ គ្រូអាចារ្យដែលប្រព្រឹត្តឱ្យខុសពីស្ថានដែលខ្លួនត្រូវប្រតិបត្តនោះ។

៣ក ស្វាមីគប្បីអនុគ្រោះដោយស្ថាន៥យ៉ាង

សម្មាននាយ ដោយសេចក្ដីរាប់អានដោយសម្ដីដ៏ទន់ផ្អែមទៅរកភរិយា។

អវិមាននាយដោយកិរិយាមិនបៀតបៀនមិនមើលងាយភរិយាដូចទាសកម្មករ។

អនតិចរិយាយដោយកិរិយាមិនប្រព្រឹត្តកន្លងចិត្តភរិយា។

ឥស្សរិយវោស្សគ្គេនដោយកិរិយាប្រគល់នូវឥស្សរិយស គឺភាវជាធំក្នុងការចាត់ចែងខាទនីយភោជនីយាហារដាច់មុខទៅឱ្យភរិយា។

អលង្ការានុប្បទានេនដោយកិរិយាផ្គត់ផ្គង់នូវគ្រឿងប្រដាប់តាក់តែងដល់ភរិយាតាមសមគួរដល់សម្បត្តិរបស់ខ្លួន។

៣ខ ភរិយាត្រូវទំនុកបម្រុងស្វាមីដោយស្ថាន៥យ៉ាង

សុសំវិហិតកម្មន្ដាចាត់ចែងការងារមានការចំអិននូវអាហារ គឺបបរនឹងបាយជាដើមដោយផ្ចិតផ្ចង់ឱ្យត្រូវតាមពេលកំណត់។

សុសង្គហិតបរិជនាសង្គ្រោះដល់ជនជាញាតិរបស់ស្វាមី និងញាតិរបស់ខ្លួនដោយស្មោះស្មើ។

សម្ភតញ្ចអនុរក្ខតិ ចេះថែរក្សាទុកដាក់នូវទ្រព្យសម្បត្តិដែលស្វាមីរកបានមកហើយ។

អនតិចារិនីមិនប្រព្រឹត្តកន្លងចិត្តស្វាមី។

ទក្ខាចហោតិអនលសាសព្វកិច្ចេសុ ជាស្រ្ដីឆ្លាតប្រសប់ក្នុងកិច្ចការទាំងឡាយ មានការចាត់ចែងនូវបបរនិងបាយជាដើម ឥតខ្ជឹលច្រអូសក្នុងកិច្ចការទាំងពួង ហើយញ៉ាំងកិច្ចទាំងនោះឱ្យសម្រេចបាន។ កាលបើស្វាមីឬភរិយាបានប្រព្រឹត្តត្រូវតាមស្ថានដែលខ្លួនត្រូវអនុគ្រោះត្រូវទំនុកបំរុងទៅវិញទៅមកដូច្នេះហើយ ស្វាមីនិងភរិយានោះ ឈ្មោះថាបានបិទបាំងភ័យអន្ដរាយមិនឱ្យកើតឡើងបាន ឈ្មោះថាបានញ៉ាំងសេចក្ដីក្សេមក្សាន្ដឱ្យកើតដល់ខ្លួន បើស្វាមីឬភរិយាមិនប្រព្រឹត្តតាមស្ថានដែលខ្លួនត្រូវប្រព្រឹត្តទៅវិញទៅមកនោះទេ ឈ្មោះថាញ៉ាំងភ័យអន្ដរាយឱ្យកើតឡើងដល់ស្វាមី ឬ ភរិយាដែលប្រព្រឹត្តឱ្យខុសពីស្ថានដែលខ្លួនត្រូវប្រព្រឹត្តនោះ។

៤ក កុលបុត្រគប្បីទំនុកបម្រុងដោយស្ថាន៥យ៉ាង

ទានេនដោយកិរិយាឱ្យទ្រព្យរបស់ដែលគួរឱ្យដល់មិត្ត។

បិយវជ្ជេនដោយកិរិយាពោលនូវពាក្យដ៏ពីរោះទៅរកមិត្ត។

អត្ថចរិយាយដោយកិរិយាប្រព្រឹត្តធ្វើនូវប្រយោជន៍ឱ្យកើតដល់មិត្ត។

សមានត្តតាយដោយភាវជាអ្នកមានចិត្តស្មើដោយមិត្ត។

អវិសំវាទនតាយ ដោយភាវមិនក្លែងពោលឱ្យឃ្លាតចាកសេចក្ដីពិតដល់មិត្ត។

៤ខ មិត្តសំឡាញ់ត្រូវអនុគ្រោះកុលបុត្រវិញដោយស្ថាន៥យ៉ាង

បមត្តំរក្ខន្ដិជួយរក្សាមិត្តដែលបានជាភ្លាំងភ្លាត់ធ្វេសប្រហែស។

បមត្តស្សសាបតេយ្យំរក្ខន្ដិជួយថែរក្សាទ្រព្យសម្បត្តិរបស់មិត្តបានជាភ្លាំងភ្លាត់ធ្វេសប្រហែស។

ភីតស្សសរណំហោន្ដិកាលបើមិត្តមានសេចក្ដីភិតភ័យក៏អាចជាទីពឹងអាស្រ័យដល់មិត្តបាន។

អាបទាសុនវិជ្ជហន្ដិមិនលះបង់ចោលមិត្តក្នុងកាលដែលមិត្តមានការក្រ។

អបរបជ្ជំស្សបដិបូជេន្ដិស្រឡាញ់រាប់អានកូនចៅផៅពង្សត្រកូលរបស់មិត្ត។ កាលបើមិត្តសម្លាញ់ ឬ កុលបុត្របានប្រព្រឹត្តត្រូវតាមស្ថានដែលខ្លួនត្រូវទំនុកបំរុង ត្រូវអនុគ្រោះទៅវិញទៅមកដូច្នេះហើយ មិត្តសម្លាញ់និងកុលបុត្រនោះ ឈ្មោះថាបានបិទបាំងភ័យអន្ដរាយមិនឱ្យកើតឡើងបាន ឈ្មោះថាបានញ៉ាំងសេចក្ដីក្សេមក្សាន្ដឱ្យកើតឡើងដល់ខ្លួន បើមិត្តសម្លាញ់ឬកុលបុត្រមិនប្រព្រឹត្តតាមស្ថានដែលខ្លួនត្រូវប្រព្រឹត្តទៅវិញទៅមកនោះទេ នោះឈ្មោះថាញ៉ាំងភ័យអន្ដរាយឱ្យកើតឡើងដល់ខ្លួនមិត្តសម្លាញ់ ឬ កុលបុត្រដែលប្រព្រឹត្តឱ្យខុសពីស្ថានដែលខ្លួនត្រូវប្រព្រឹត្តនោះ។

៥ក ចៅហ្វាយនាយគប្បីទំនុកបម្រុងដោយស្ថាន៥យ៉ាង

យថាពលំកម្មន្ដសំវិធានេនដោយកិរិយាចាត់ចែងនូវការងារឱ្យធ្វើតាមសមគួរដល់កម្លាំងនៃទាសកម្មករ គឺថាដាក់ការងារឱ្យធ្វើតាមការសម្រាប់ប្រុសស្រី ចាស់ក្មេង។

ភត្តវេត្តនានុប្បទានេនដោយកិរិយាឱ្យនូវភត្តាហារនិងឈ្នួលឬបំណាច់រង្វាន់តាមសមគួរដល់ទំនងដែលត្រូវឱ្យ។

គិលានុដ្ឋានេនដោយកិរិយាព្យាបាលរក្សាថែទាំទាសកម្មករក្នុងកាលដែលមានជម្ងឺ ហើយមិនបៀតបៀនឱ្យធ្វើការងារអ្វីឡើយ។

អច្ឆរិយនំរានំសំវិភាគេ្គនដោយកិរិយាចែករំលែកនូវរបស់ដែលមានរសឆ្ងាញ់ពិសាឱ្យទាសកម្មករបរិភោគ។

សមយេវោស្សគ្គេនដោយកិរិយាបើកឱកាសឱ្យឈប់ធ្វើការក្នុងនិច្ចសម័យ គឺថាកាលបើដឹងថាទាសកម្មករធ្វើការហត់នឿយពេញ១ថ្ងៃក៏ឱ្យឈប់សម្រាកកម្លាំងខ្លះឱ្យឈប់ធ្វើការក្នុងកាលសម័យ គឺថាបើដល់កំណត់ថ្ងៃនក្ខត្តឬក្សមានថ្ងៃចូលឆ្នាំជាដើម ក៏បើកឱ្យឈប់ធ្វើការ។

៥ខ បាវព្រាវនិងមនុស្សដែលធ្វើការឈ្នួលត្រូវយកចិត្តទុកដាក់បំពេញបំប៉ានចៅហ្វាយនាយដោយស្ថាន៥យ៉ាង

បុព្វដ្ឋាយិនោចហោន្ដិក្រោកឡើងធ្វើការងារមុនចៅហ្វាយនាយ។

បច្ចានិបាតិនោឈប់ធ្វើការងារក្រោយចៅហ្វាយនាយ។

ទិន្នាទាយិនោមិនលួចទ្រព្យរបស់ចៅហ្វាយនាយយកតែទ្រព្យរបស់ដែលចៅហ្វាយឱ្យ។

សុកតកម្មការកាធ្វើការរបស់ចៅហ្វាយនាយដោយពិនិត្យពិច័យផ្ចិតផ្ចង់អស់ពីចិត្តឥតមានគិតកាញ់គ្នេរ។

កិត្តិវណ្ណហរានាំកិត្តិគុណរបស់ចៅហ្វាយនាយទៅពោលសរសើរក្នុងទីនោះៗ។ កាលបើទាសកម្មករនិងចៅហ្វាយនាយ បានប្រព្រឹត្តត្រូវតាមស្ថានដែលខ្លួនត្រូវទំនុកបំរុងត្រូវយកចិត្តទុកដាក់បំពេញបំបានទៅវិញទៅមកដូច្នេះហើយ ទាសកម្មករនិងចៅហ្វាយនាយនោះ ឈ្មោះថាបានបិទបាំងភ័យអន្ដរាយមិនឱ្យកើតឡើងបាន ឈ្មោះថាបានញ៉ាំងសេចក្ដីក្សេមក្សាន្ដឱ្យកើតឡើងដល់ខ្លួន បើទាសកម្មករ ឬ ចៅហ្វាយនាយមិនប្រព្រឹត្តតាមស្ថានដែលខ្លួនត្រូវប្រព្រឹត្តទៅវិញទៅមកនោះទេ នោះឈ្មោះថាញ៉ាំងភ័យអន្ដរាយឱ្យកើតឡើងដល់ខ្លួនទាសកម្មករឬចៅហ្វាយនាយដែលប្រព្រឹត្តឱ្យខុសពីស្ថានដែលខ្លួនត្រូវប្រព្រឹត្តនោះ។

៦ក កុលបុត្រជាគ្រហស្ថគប្បីប្រតិបត្តិផ្គត់ផ្គង់ដោយស្ថាន៥យ៉ាង

មេត្តេនកាយកម្មេនដោយកាយកម្មប្រកបដោយមេត្តាគឺថាធ្វើនូវកិច្ចដោយកាយមានទៅនិមន្តលោកដល់វត្ត និងទទួលយកធម្មក្រកទៅដងទឹកប្រគេនលោក និងគក់ច្របាច់ជាដើម ដោយសេចក្ដីរាប់អានដ៏ស្មោះត្រង់អស់ពីចិត្ត។

មេត្តេនវចីកម្មេនដោយវចីកម្មប្រកបដោយមេត្តាគឺថាធ្វើនូវកិច្ចប្រកបដោយវាចា មានពោលពាក្យដាស់តឿនអ្នកឯទៀតឱ្យធ្វើទានដល់សមណព្រាហ្មណ៍ និងបន្លឺនូវសព្ទសាធុការក្នុងកាលស្ដាប់ធម៌ទេសនាចប់ និងធ្វើនូវបដិសណ្ឋារដោយសំដីរាក់ទាក់ជាដើម ដោយសេចក្ដីរាប់អានដ៏ស្មោះត្រង់អស់ពីចិត្ត។

មេត្តេនមនោកម្មេន ដោយមនោកម្មប្រកបដោយមេត្តាគឺថាធ្វើនូវកិច្ចដោយចិត្តមានគិតថា ព្រះថេរទាំងឡាយដែលលោកតែងនិមន្ដមកកាន់ត្រកូលរបស់យើងសូមឱ្យលោកបានសេចក្ដីសុខសប្បាយជាដើម ដោយសេចក្ដីរាប់អានដ៏ស្មោះត្រង់អស់ពីចិត្ត។

អនាវដទ្វារតាយដោយភាវជាអ្នកមានទ្វារផ្ទះមិនបិទ គឺថាជាអ្នកឧស្សាហ៍ធ្វើទានដល់សមណព្រាហ្មណ៍ កាលបើឃើញសមណព្រាហ្មណ៍មកដល់ហើយ ក៏ឱ្យទានដោយមិនពោលត្អួញត្អែរចំពោះរបស់ដែលមាននោះ ថាជាគ្មានវិញឡើយ។

អាមិសានុប្បទានេនដោយកិរិយាឱ្យនូវអាមិសគឺឱ្យនូវខាទនីយភោជនីយាហារដល់សមណព្រាហ្មណ៍។

៦ខ សមណព្រាហ្មណ៍ត្រូវអនុគ្រោះកុលបុត្រដោយស្ថាន៦យ៉ាង

បាបានិវារេន្ដិហាមឃាត់កុលបុត្រមិនឱ្យធ្វើកម្មអាក្រក់ មានឃាត់មិនឱ្យសម្លាប់សត្វ និងមិនឱ្យលួចទ្រព្យគេជាដើម។

កល្យាណេនិវេសេន្ដិឱ្យកុលបុត្រតម្កល់នូវក្នុងកុសល មានទាន និង សីលជាដើម។

កល្យាណេនមនសាអនុកម្បន្ដិអនុគ្រោះកុលបុត្រដោយកល្យាណចិត្ត គឺតាំងចិត្តផ្សាយមេត្តាធម៌ ដល់កុលបុត្រទាំងឡាយថាឱ្យបានសេចក្ដីសុខ កុំបីមានទុក្ខសោករោគភ័យអ្វីឡើយ។

អសុតំសាវេន្ដិឱ្យកុលបុត្របានស្ដាប់នូវធម៌ដែល មិនធ្លាប់បានស្ដាប់។

សុតំបរិយោទបេន្ដិញ៉ាំងធម៌ដែលកុលបុត្រធ្លាប់បានស្ដាប់ហើយឱ្យផូរផង់ល្អ គឺថាប្រាប់ពន្យល់សេចក្ដីនៃធម៌នោះឱ្យច្បាស់លាស់ប្រាកដឡើង ត្រាតែកុលបុត្រនោះលែងមានសេចក្ដីសង្ស័យ។

សគ្គស្សមគ្គំអាចិក្ខន្ដិប្រាប់ផ្លូវសួគ៌ដល់កុលបុត្រមានប្រាប់ឱ្យដឹងដូច្នេះ ថាបុគ្គលដែលទៅកើតឋានសួគ៌នោះព្រោះអំណាចនៃកុសលមានសីល៥ និងកុសលកម្មបថ១០ជាដើម។ កាលបើសមណព្រាហ្មណ៍ឬកុលបុត្រជាគ្រហស្ថបានប្រព្រឹត្តត្រូវតាមស្ថាន ដែលខ្លួនត្រូវប្រតិបត្តិត្រូវអនុគ្រោះទៅវិញទៅមកដូច្នេះហើយ សមណព្រាហ្មណ៍ ឬកុលបុត្រនោះឈ្មោះថាបានបិទបាំងភ័យអន្ដរាយមិនឱ្យកើតឡើងបាន ឈ្មោះថាបានញ៉ាំងសេចក្ដីក្សេមក្សាន្ដឱ្យកើតឡើងដល់ខ្លួន បើសមណព្រាហ្មណ៍ឬកុលបុត្រមិនប្រព្រឹត្តតាមស្ថានដែលខ្លួនត្រូវប្រព្រឹត្តទៅវិញទៅមកនោះទេ ឈ្មោះថាញ៉ាំងភ័យអន្ដរាយឱ្យកើតឡើងដល់ខ្លួនសមណព្រាហ្មណ៍ ឬ កុលបុត្រដែលប្រព្រឹត្តឱ្យខុសពីស្ថានដែលខ្លួនត្រូវប្រព្រឹត្តនោះ។

ដកស្រង់ចេញពីសៀវភៅ គិហិបដិបត្តិ រៀបរៀងដោយលោកគ្រូ រៀមរដ្ឋា