Jump to content

បណ្ឌិត្យ​សភា​នីតិ​អន្តរជាតិ​នៃ​ទីក្រុង​ឡាអេ

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
បណ្ឌិត្យសភានីតិអន្តរជាតិនៃទីក្រុងឡាអេ
The Hague Academy of International Law
Académie de droit international de La Haye
បានបង្កើត១៩២៣
ប្រភេទគ្រឹះស្ថានអប់រំ
ទី​ស្នាក់ការកណ្ដាលវិមានសន្តិភាព ទីក្រុង​ឡាអេ ប្រទេសហូឡង់
ភាសា​ផ្លូវ​ការអង់គ្លេស និង បារាំង
ប្រធាន
Boutros Boutros-Ghali
អគ្គលេខាធិការ
Yve Daudet
គេហទំព័រhagueacademy.nl


បណ្ឌិត្យសភា​នីតិ​អន្តរជាតិ​នៃ​ទីក្រុង​ឡាអេ (ជាភាសា​អង់គ្លេស ៖ The Hague Academy of International Law; ជា​ភាសា​បារាំង ៖ Académie de droit international de La Haye) គឺ​ជា​មជ្ឈមណ្ឌល​អប់រំ​កម្រិត​ខ្ពស់​ផ្នែកនីតិ​អន្តរជាតិ​សាធារណៈ និង ឯកជន ស្ថិត​នៅ វិមាន​សន្តិភាព ទីក្រុងឡាអេ ប្រទេសហូឡង់ ។ កម្មវិធី​សិក្សា​បង្រៀន​ជា​ភាសា​អង់គ្លេស និង​បារាំង និង នៅ​វិមាន​សន្តិភាព លើក​លែង​តែ​វគ្គ​សិក្សា​កម្មវិធី​ខាង​ក្រៅ ។

ប្រវត្តិ

អ្នក​ទទួល​រង្វាន់ណូបែលសន្តិភាព Tobias Asser (1838–1913)

ចាប់​តាំង​ពី​ការ​បង្កើត​នៅ​ឆ្នាំ ១៩២៣ បណ្ឌិត្យ​សភា​នីតិ​អន្តរជាតិ​នៃ​ទីក្រុង​ឡាអេ​បាន​កាន់កាប់​បរិវេណ​នៃវិមាន​សន្តិភាព ។ នៅ​ជាប់​អគារ​វិមាន​សន្តិភាព គឺ​ជា​អគារ​របស់​បណ្ឌិត្យសភា​ដែល​រាប់​បញ្ចូល​នូវ​សហ​សាល​បណ្ឌិត្យសភា​ដែល​កសាង​ឡើង​សម្រាប់​សន្និសីទ​អន្តរជាតិ បណ្ណាល័យ​វិមាន​សន្តិភាព ក៏​ដូច​ជា​ទីស្នាក់ការ​រដ្ឋបាល​ផ្សេង​ទៀត ។ អគារ​ថ្មី​ត្រូវ​បាន​គ្រោង និង​សាងសង់​ដោយ​វិស្វករ Michael Wilford និង Manuel Schupp ។ នៅ​ជាប់​នឹង​បណ្ឌិត្យសភា​នីតិ​អន្តរជាតិ​នៃ​ទីក្រុង​ឡាអេ វិមាន​សន្តិភាព​ក៏​ជា​កន្លែង​របស់​ស្ថាប័ន​យុត្តាធិការ​ជាន់ខ្ពស់​ដែរ ដូចជា តុលាការយុត្តិធម៌អន្តរជាតិ និង ការិយាល័យ​របស់ តុលាការ​មជ្ឈត្តការអចិន្ត្រៃយ៍​ ។ នៅ​ក្នុង​បរិបទ​នៃ​ចលនា​កសាង​សន្តិភាព​តាម​រយៈ​ច្បាប់ គំនិត​នៃ​ការ​បង្កើត​បណ្ឌិត្យសភា​នីតិ​អន្តរជាតិ​ត្រូវ​បាន​លើក​មក​ពិភាក្សា​ក្នុងសន្និសីទ​ទីក្រុង​ឡាអេ​លើក​ទី​ពីរ ឆ្នាំ ១៩០៧ ​(បន្ទាប់​ពី​ត្រូវ​បាន​សម្ដែង​ចេញ​ដោយ Institut du Droit International កាល​ពី​ដើម​ឆ្នាំ ១៨៧៣) ។ រដ្ឋាភិបាល​ហូឡង់​​ទទួល​យក​គំនិត​នេះ ហើយ​សមាគម​នីតិ​អន្តរជាតិ​ជា​អ្នក​យក​ចិត្ត​ទុក​ដាក់​លើ​ចំណោទ​បញ្ហា​នេះ ។ មេធាវី​ហូឡង់ Tobias M. C. Asser បាន​ស្នើ​នូវ​គម្រោង​ដែល​បានស្មាន​នូវ​អ្វី​ដែល​បណ្ឌិត្យ​សភានឹង​ក្លាយ​ទៅ​ជា រួម​ជាមួយ​វគ្គ​សិក្សា​ចាប់​ពី​ខែ​កក្កដា​ដល់​ខែ​តុលា ។ Asser ទទួល​បានរង្វាន់ណូបែលសន្តិភាព​នៅ​ឆ្នាំ ១៩១១ និង​​វិភាគទាន​ប្រាក់​រង្វាន់​មួយ​ផ្នែក​ទៅ​បណ្ឌិត្យសភា ខណៈ​ពេល​ដែល មូលនិធិ Carnegie សម្រាប់​សន្តិភាព​អន្តរជាតិ ផ្ដល់​នូវ​វិភាគទាន​ដ៏​មាន​តម្លៃ​ដើម្បី​ឲ្យ​បណ្ឌិត្យសភា​ដំណើរការ ។ ការ​សម្ពោធ​បណ្ឌិត្យសភា​ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ខែ​តុលា ១៩១៤ ។ ប៉ុន្តែសង្គ្រាមលោកលើកទី២បាន​ផ្ទុះ​ឡើង ហើយ​ការ​រៀប​ចំ​មិន​អាច​បន្ត​ទៅ​បាន​រហូត​ដល់​ឆ្នាំ ១៩២១ ។ នៅ​ពេល​វគ្គ​រដូវក្ដៅ​បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ១៩២៣ នៅ​វិមាន​សន្តិភាព​ ទីក្រុង​ឡាអេ មាន​សិស្ស​ចំនួន ៣៥៣ នាក់ មក​ពី​ប្រទេស​ចំនួន ៣១ ចូល​រួម ដែល​ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ៣៤ នាក់ ។

បច្ចុប្បន្ន បណ្ឌិត្យសភា​គឺ​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​ បង្រៀន​នីតិ​អន្តរជាតិ​សាធារណៈ និង​ឯកជន ក្នុង​គោលបំណង​នៃ​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ និង​ស៊ី​ជម្រៅ​ នៃ​ទិដ្ឋភាព​គតិយុត្តិ​នៃ​ទំនាក់ទំនង​អន្តរជាតិ ។ មហាសន្និបាត​​អង្គការ​សហប្រជាជាតិជា​រឿយ​​លើក​ឡើង​ពី « វិភាគទាន​ដ៏​មាន​តម្លៃ » ដែល​បណ្ឌិត្យសភា « បន្ត​ចូល​រួម​ចំណែក​ក្នុង United Nationas Program of Assistance in the TEaching, Study, Dissemination and Wider Appreciation ​in International Law » ។ [] បណ្ឌិត្យសភា​ទទួល​បាន រង្វាន់​សន្តិភាព Wateler (១៩៣៦, ១៩៥០), រង្វាន់សន្តិភាព Félix Houphouët-Boigny (១៩៩២), Order of Rio Branco,[] ប្រេស៊ីល (១៩៩៩), និង មេដាយ​នៃ​វិទ្យាស្ថាន​ភូមិន្ទ​នៃ​ការ​សិក្សា​អឺរ៉ុប,[] អេស្ប៉ាញ (២០០០) ។ បណ្ឌិត្យសភា​ជ្រើសតាំង​សម្រាប់រង្វាន់ណូបែលសន្តិភាពចំនួន ៣៤ ដង ចន្លោះ​ឆ្នាំ ១៩១៥ និង ១៩៥៦ ។[] បណ្ឌិត្យសភា​ជា​ផ្នែក​មួយ​នៃសម្ព័ន្ធ​បណ្ឌិត្យសភា​ក្រុង​ឡាអេ ។

បណ្ឌិត្យសភា​នីតិអន្តរជាតិ​នៃ​ទីក្រុង​ឡាអេ

រចនាសម្ព័ន្ធ​នៃ​បណ្ឌិត្យសភា

Curatorium

សកម្មភាព និង​គោល​នយោបាយ​​អប់រំ​របស់​បណ្ឌិត្យសភា​ត្រូវ​បាន​កំណត់​ដោយ Curatorium ។ Curatorium រួម​​ផ្សំ​ឡើង​ដោយ​សមាជិក​ដែល​មាន​សញ្ជាតិ​ផ្សេងៗ​គ្នា ដែល​មាន​កិត្តិសព្ទ​ក្នុង​ពិភព​សាកលវិទ្យាល័យ ពិភព​ការទូត ឬ មេធាវី​ផ្នែក​នីតិ​អន្តរជាតិ ។ ប្រធាន Curatorium គឺ​ជា​អ្នក​ច្បាប់​កិត្តិយស​ដែល​ជា​ទូទៅ​មាន​បទពិសោធន៍​ដ៏​ធំ​ទូលាយ​ក្នុង​វិជ្ជាជីវៈ​អន្តរជាតិ និង​ការទូត ។ ក្នុង​ចំណោម​ប្រធាន​ចុងក្រោយ រួម​មាន Robert Ago, Nicolas Valticos និង Boutros Boutros-Ghali ។

ប្រធាន

Boutros Boutros-Ghali, អតីត​ប្រធាន​គណៈកម្មការ​ជាតិ​សិទ្ធិមនុស្ស​អេហ្ស៊ីប និង អតីតអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ;

អនុប្រធាន

Erik Jayme,[] សាស្ត្រាចារ្យ​ Emeritus ​នៅ វិទ្យាស្ថាន​សម្រាប់​នីតិ​ឯកជន​បរទេស និង​ នីតិ​អន្តរជាតិ​ឯកជន​និង​ពាណិជ្ជកម្ម នៅ​ទីក្រុង Heidelberg;

សមាជិក

Geneviève Bastid-Burdeau, សាស្ត្រាចារ្យ​នៅ​ សាកលវិទ្យាល័យប៉ារីស ១ (Panthéon-Sorbonne);

Antônio Augusto Cançado Trindade[], ចៅ​ក្រម​នៃតុលាការយុត្តិធម៌អន្តរជាតិ និង អតីត​ចៅក្រម​និង​អតីត​ប្រធាន តុលាការ​សិទ្ធិ​មនុស្ស​អន្តរ​អាមេរិក, សាស្ត្រាចារ្យ​ Emeritus ​នៅ​សាកលវិទ្យាល័យ Brasilia;

James Crawford[], សាស្ត្រាចារ្យ​នីតិ​អន្តរជាតិ និង ម្ចាស់​អាសនៈ Whewell[], Cambridge;

Florentino P. Feliciano,[] អតីតប្រធាន, ស្ថាប័នឧទ្ធរណ៍, អង្គការពាណិជ្ជកម្មពិភពលោក; អតីត Senior Associate Justice, តុលាការ​កំពូល​ហ្វីលីពីន;

Diego P. Fernandez Arroyo, សាស្ត្រាចារ្យ​កិត្តិយស​នៃ សាកលវិទ្យាល័យ​ជាតិ Córdoba, សាស្ត្រាចារ្យ​ប្រចាំ វិទ្យាស្ថាន​សិក្សា​នយោបាយ​នៃ​ទីក្រុង​ប៉ារីស;

Beat Hess, អតីត​ Group Legal Director, អតីត​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ, Royal Dutch Shell plc;

Maarit Jänterä-Jareborg, សាស្ត្រាចារ្យ និង អតីត​ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​នីតិសាស្ត្រ​នៃ សាកលវិទ្យាល័យ Uppsala;

Djamchid Momtaz, សាស្ត្រាចារ្យ​ប្រចាំ សាកលវិទ្យាល័យ Teheran;

Shinya Murase, សាស្ត្រាចារ្យ​ប្រចាំ សាកលវិទ្យាល័យ Sophia, ទីក្រុង​តូក្យូ; សមាជិក​នៃ គណៈកម្មការ​នីតិ​អន្តរជាតិ​នៃ​អង្គការ​សហប្រជាជាតិ;

Raymond Ranjeva, អតីត​អនុប្រធាន តុលាការយុត្តិធម៌អន្តរជាតិ;

Linos-Alexander Sicilianos, សាស្ត្រាចារ្យ​ប្រចាំ សាកលវិទ្យាល័យអាតែន;

A. (Teun) V.M. Struycken, សាស្ត្រាចារ្យ Emeritus ប្រចាំ Catholic University of Nijmegen; អតីត​ប្រធាន​គណៈកម្មាធិការ​នីតិ​អន្តរជាតិ​ឯកជន​របស់​រដ្ឋាភិបាល​ហូឡង់​

Peter Tomka, ចៅក្រម និង ប្រធាន តុលាការយុត្តិធម៌អន្តរជាតិ;

Tullio Treves,[១០] តុលាការ​ប្រចាំ សាកលវិទ្យាល័យ Milan, ចៅក្រម អង្គ​ជំនុំ​ជម្រះ​អន្តរជាតិ​សម្រាប់​នីតិ​សមុទ្រ;

Peter D. Trooboff, Senior Counsel, Covington & Burling[១១],Attorney-at-Law នៅ​ទីក្រុង Washington, D.C.; សមាជិក​គណៈមេធាវី​នៅ District of Columbia និង New York;

Hanqin Xue, ចៅក្រម​ តុលាការយុត្តិធម៌អន្តរជាតិ;

អគ្គលេខាធិការ

Yves Daudet,[១២] សាស្ត្រាចារ្យ Emeritus ប្រចាំ សាកលវិទ្យាល័យ​ប៉ារីស ១.

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល​ទទួល​បន្ទុក​លើ​ទិដ្ឋភាព​ហិរញ្ញវត្ថុ និង​សម្ភារៈ​នៃ​ការ​ប្រព្រឹត្ត​ទៅ​​របស់​បណ្ឌិត្យសភា ។ ជា​ស្ថាប័ន​ហូឡង់ ដែល​សមាជិក​មាន​សញ្ជាតិ​ហូឡង់ និង​ប្រធាន​តែងតែ​ជា​ឥស្សរជន​ឈាន​មុខ​គេ (បច្ចុប្បន្ន​គឺ​អតីត​រដ្ឋមន្ត្រីការបរទេស Bennard Bot[១៣] ។ ក្រុមប្រឹក្សាភិបាល​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ មូលនិធិហូឡង់ Carnegie ដែល​ជា​អ្នក​គ្រប់គ្រង និង​ចាត់ចែង វិមានសន្តិភាព ។

កម្មវិធីសិក្សា

វគ្គ​រដូវក្ដៅ

វគ្គ​រដូវក្ដៅ​របស់​បណ្ឌិត្យសភា​​ធ្វើ​ឡើង​នៅ​ខែ​កក្កដា (នីតិ​អន្តរជាតិ​សាធារណៈ [១៤]) និង ខែសីហា (នីតិ​អន្តរជាតិ​ឯកជន[១៥]) ហើយ​វគ្គ​នីមួយៗ​មាន​រយៈ​ពេល ៣ សប្ដាហ៍ ។ បណ្ឌិត្យសភា​មិន​មែន​ជា​សាកលវិទ្យាល័យ​ ហើយ​ក៏​មិន​ដំណើរការ​ដូច​ជា​សាកលវិទ្យាល័យ​ដែរ ។ បណ្ឌិត្យសភា​គ្មាន​បុគ្គលិក​អចិន្ត្រៃយ៍​សម្រាប់​បង្រៀន​ទេ ក៏ប៉ុន្តែ​ស្ថាប័ន​វិទ្យាសាស្ត្រ (Curatorium) អាច​អញ្ជើញ​​អ្នក​បង្រៀន​មក​ពី​សាកលវិទ្យាល័យ ការទូត អ្នក​អនុវត្ត និង​ឥស្សរជន​ផ្សេង​ទៀត​ទូទាំង​ពិភពលោក ដែល​គេ​សន្មត​ថា​មាន​សមត្ថភាព​ក្នុង​ការ​បង្រៀន ដែល​ជា​ភាសា​អង់គ្លេស ឬ បារាំង (ដោយ​មាន​ការ​បកប្រែ​ភ្លាមៗ) ។ វគ្គសិក្សា​ទាំង​នេះ​ធ្វើ​ឡើង​ក្នុង​ទម្រង់​ជា​សន្និសីទ​បន្តបន្ទាប់​គ្នា​​លើ​ប្រធាន​បទ​ទូទៅ ឬ ពិសេស ។ ជា​គោលការណ៍ វគ្គសិក្សា​ត្រូវ​បាន​បោះពុម្ពផ្សាយ​ក្នុង​សមូហកម្ម​​វគ្គសិក្សា​នៃ​បណ្ឌិត្យសភា​នីតិ​អន្តរជាតិ ដែល​បច្ចុប្បន្ន​មាន​ច្រើន​ជាង ៣៦០ វគ្គ និង​ចូលរួម​ចំណែក​ក្នុង​​ការ​បោះពុម្ព​សព្វវចនាធិប្បាយ​ដ៏​សំខាន់ៗ​លើ​ផ្នែក​នីតិ​អន្តរជាតិ​សាធារណៈ និង​ឯកជន ។


វគ្គ​រដូវ​ក្ដៅ​សំដៅ​ចំពោះ​និស្សិត​ជាន់​ខ្ពស់ និង​អ្នក​អ្នក​អនុវត្ត​ដែល​ស្វែង​រក​ចំណេះដឹង​កាន់​តែ​ជ្រៅ​ក្នុង​ផ្នែក​នីតិ​អន្តរជាតិ​សាធារណៈ ឬ​ឯកជន ។ វគ្គ​រដូវក្ដៅ​បើក​សម្រាប់​បេក្ខជន​ដែល​បាន​បញ្ចប់​យ៉ាង​ហោច​ណាស់​ការ​សិក្សា​រយៈ​ពេល​ ៤ ឆ្នាំ នៅ​សាកលវិទ្យាល័យ រាប់​បញ្ចូល​ទាំង​មុខ​វិជ្ជា​នីតិ​អន្តរជាតិ និង​អាច​បង្ហាញ​ទៅ​កាន់ Curatorium ថា​ពួក​គេ​មាន​ចំណេះ​ដឹង​គ្រប់គ្រាន់​លើ​ប្រធានបទ​នោះ ឬ បេក្ខជន​ដែល​មាន​សញ្ញាប័ត្រ​ច្បាប់​ដែល​សិក្សា​រយៈ​ពេល ៣ ឆ្នាំ នៅ​ពេល​ដែល​បើក​វគ្គ​សិក្សា ។ បេក្ខជន​ទាំង​អស់​ត្រូវ​តែ​ស្ទាត់​ជំនាញ​លើ​ភាសា​មួយ​ក្នុង​ចំណោម​ភាសា​ប្រើ​ការ​នៅ​បណ្ឌិត្យសភា (បារាំង ឬ អង់គ្លេស) ។ កម្មវិធី​អាហារូបករណ៍​ផ្អែក​លើ​គុណសម្បត្តិ​អនុញ្ញាត​ឲ្យ​ប្រហែល ២០% នៃ​សិស្ស​សរុប​អាច​ទទួល​បាន​ជំនួយ​ពី​ប្រភព​ផ្គត់ផ្គង់​សាធារណៈ និង ឯកជន ។[១៦][១៧] ជា​រៀងរាល់​ឆ្នាំ អ្នក​តំណាង​ឲ្យ​ ៨០ ទៅ ១០០ សញ្ជាតិ ចូលរួម ។[១៨]

មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា និង ស្រាវជ្រាវ​ ផ្នែក​នីតិ​អន្តរជាតិ និង ទំនាក់ទំនង​អន្តរជាតិ

ចាប់​តាំង​ពី​ឆ្នាំ ១៩៥៧[១៩] មជ្ឈមណ្ឌល​ស្រាវជ្រាវ​បាន​បើក​ដំណើរការ​ សម្រាប់​រយៈ​ពេល ៣ សប្ដាហ៍ ពី​ពាក់​កណ្ដាល​ខែ​សីហា សម្រាប់​អ្នក​ដែល​ធ្វើ​ការ​ស្រាវជ្រាវ​កម្រិត​ខ្ពស់ ធ្វើ​ការ​ក្រោម​ការ​ដឹក​នាំ​របស់​សាស្ត្រាចារ្យ​ដែល​មាន​គុណវុឌ្ឍិ​ខ្ពស់​ក្នុង​ប្រធានបទ​ដែល​សិក្សា ដែល​សមិទ្ធផល​ដែល​ល្អ​បំផុត​នឹង​ត្រូវ​បោះពុម្ព​ផ្សាយ​ក្នុង​សមូហកម្ម​របស់​បណ្ឌិត្យសភា ។មាន​អ្នក​ចូល​រួម​ចន្លោះ​ពី ២០ ទៅ ២៤ នាក់ ដែល​ពាក់​កណ្ដាល​នៅ​ប៉ែក​និយាយ​ភាសា​អង់គ្លេស និង​ពាក់​កណ្ដាល​ទៀត​នៅ​ប៉ែក​និយាយ​ភាសា​បារាំង ។[២០]

ប្រធានបទ ៖

២០១០ ៖ អន្តោប្រវេសន៍​អន្តរជាតិ

២០១១ ៖ បណ្ដឹង​ប្រឆាំង​សកម្មភាព​របស់​អង្គការ​អន្តរជាតិ

២០១២ ៖ ឧក្រិដ្ឋកម្ម​លើ​សមុទ្រ

២០១៣ ៖ ផល​ប៉ះពាល់​ផ្នែក​ច្បាប់​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក

២០១៤ ៖ សិទ្ធិ​នារី និង ការ​លុប​បំបាត់​ការ​រើស​អើង

កម្មវិធី​សិក្សា​ខាង​ក្រៅ

នៅ​ចុង​ទសវត្ស​ឆ្នាំ ៦០ បណ្ឌិត្យសភា​បាន​បង្កើត « កម្មវិធីសិក្សា​ខាង​ក្រៅ » ដែល​ជា​ធម្មតា​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ ដោយ​ផ្លាស់​វេន​គ្នា​នៅ​អាហ្វ្រិក អាស៊ី និង​អាមេរិក​ឡាតាំង តាម​រយៈ​ការ​អញ្ជើញ​ពី​រដ្ឋាភិបាល​​ ឬ អង្គការ​អន្តរជាតិ ។[២១]

កម្មវិធី​សិក្សា​ខាង​ក្រៅ​ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​អ្នក​ចូល​រួម​ប្រហែល ២០ នាក់ មក​ពី​ប្រទេស​ក្នុង​តំបន់ ហើយ​ថ្លៃ​ធ្វើ​ដំណើរ​ជា​ធម្មតា​ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​បណ្ឌិត្យសភា ហើយ​ការ​ស្នាក់នៅ​ត្រូវ​ផ្គត់ផ្គង់​ដោយ​រដ្ឋាភិបាល​នៃ​រដ្ឋ​ម្ចាស់​ផ្ទះ ឬ អង្គការ ។ បន្ថែម​លើ​នេះ​ទៀត ចំនួន​អ្នក​ចូលរួម​ចេញ​ដោយ​រដ្ឋ​ម្ចាស់​ផ្ទះ​ខ្លួន​ឯង ។[២២]


សញ្ញាប័ត្រ​បណ្ឌិត្យសភា

បណ្ឌិត្យ​សភា​នីតិ​អន្តរជាតិ​នៃ​ទីក្រុង​ឡាអេ​ផ្ដល់​សញ្ញាប័ត្រ​កម្រិត​ខ្ពស់​ដល់​សិស្ស​ដែល​ដែល​មាន​ចំណេះដឹង​ជ្រៅជ្រះ​ផ្នែក​នីតិ​អន្តរជាតិ និង​បាន​ឆ្លងកាត់​ការ​ប្រលង​ទាំង​ផ្នែក​នីតិ​អន្តរជាតិ​សាធារណៈ និង នីតិ​អន្តរជាតិ​ឯកជន ។ [២៣] មាន​សញ្ញាប័ត្រ​តិច​តួច​បំផុត​ត្រូវ​ផ្ដល់​ឲ្យ​ជា​រៀងរាល់​ឆ្នាំ ដោយ​សារ​​ការ​ប្រលង​មាន​លក្ខណៈ​សម្រាំង​កម្រិត​ខ្ពស់[២៤] ។

អាហារូបករណ៍​ថ្នាក់​បណ្ឌិត

ជា​រៀងរាល់​ឆ្នាំ បណ្ឌិត្យសភា​ផ្ដល់​អាហារូបករណ៍​បណ្ឌិត​ចំនួន ៤ កន្លែង ។ អ្នក​ទទួល​អាហារូបករណ៍​ស្នាក់​នៅ​ទីក្រុង​ឡាអេ​រយៈ​ពេល ២ ខែ (កក្កដា និង សីហា) ដើម្បី​បន្ត​ការ​ស្រាវជ្រាវ​ថ្នាក់​បណ្ឌិត​របស់​ពួក​គេ ។ គេ​អាច​ចូល​ទៅ​បណ្ណាល័យ​វិមាន​សន្តិភាព និង​ ចូល​រួម​វគ្គ​រដូវក្ដៅ ។[២៥] បេក្ខជន​​ត្រូវ​តែ​ជា​អ្នក​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ហើយ​និក្ខេបទ​បណ្ឌិត​របស់​គេ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​បញ្ចប់ ។

ការ​បោះពុម្ព

ចាប់​តាំង​ពី​ឆ្នាំ ១៩២៣ វគ្គ​សិក្សា​ទាំង​អស់​នៅ​បណ្ឌិត្យសភា ជា​គោលការណ៍ ត្រូវ​បោះ​ផ្សាយ​នៅ​ក្នុង សមូហកម្ម​វគ្គសិក្សា​នៃ​បណ្ឌិត្យសភា​នីតិ​អន្តរជាតិ​នៃ​ទីក្រុង​ឡាអេ (ជា​ភាសា​អង់គ្លេស ៖ Collected Courses of the Hague Academy of International Law; ជា​ភាសាបារាំង ៖ Recueil des cours de l'Académie de droit international de La Haye) ជា​ភាសា​ដែល​បាន​បង្រៀន ។[២៦] គ្រប់​វគ្គ​ទាំង​អស់​នៃ​សមូហកម្ម​នៃ​វគ្គ​សិក្សា​ដែល​​បាន​បោះពុម្ព​តាំង​ពី​ឆ្នាំ ១៩២៣ ទាំង​វគ្គ​ដំបូង​គេ​បំផុត ​អាច​រក​បាន​ជា​ទម្រង់​អេឡិចត្រូនិក និង​សៀវភៅ​ ។[២៧] ។ កម្រង ឯកលេខនា​នៃ​បណ្ឌិត្យសភា​នីតិ​អន្តរជាតិ​នៃ​ទីក្រុង​ឡាអេ (អង់គ្លេស ៖ The Hague Academy of International Law Monographs; បារាំង ៖ Monographies de l’Académie de droit international) រួម​មានកំណែថ្មី​ដែល​បោះពុម្ព​ឡើង​វិញ និង បន្ទាន់​សម័យ​នៃ​វគ្គ​សិក្សា​នៅ​បណ្ឌិត្យសភា ។ ស្នាដៃ​បែប​វិទ្យាសាស្ត្រ​របស់​មជ្ឈមណ្ឌល​សិក្សា និង​ស្រាវជ្រាវ​​ជា​កម្មវត្ថុ​នៃ​ការ​បោះពុម្ព​ផ្សាយ ចាប់តាំង​ពី​វគ្គ​ឆ្នាំ ១៩៨៥ របស់​មជ្ឈមណ្ឌល ដែល​ក្នុង​នោះ​អ្នក​ដឹក​នាំ​ការ​សិក្សា​​រាយការណ៍​អំពី​ស្ថានភាព​នៃ​ការ​ស្រាវជ្រាវ​ក្រោម​ការ​ដឹកនាំ​របស់​ខ្លួន ។ នៅ​ពេល​ដែល​ការងារ​នៅ​មជ្ឈមណ្ឌល​ត្រូវ​បាន​ចាប់​អារម្មណ៍​ជា​ពិសេស និង​មាន​ភាព​ថ្មី​ប្លែក របាយការណ៍​របស់​អ្នក​ដឹកនាំ​ការ​សិក្សា​អម​ជាមួយ​អត្ថបទ​របស់​អ្នក​ស្រាវជ្រាវ​នឹង​ត្រូវ​បោះពុម្ព​ក្នុង សៀវភៅ​ច្បាប់​នៃ​បណ្ឌិត្យសភា (អង់គ្លេស ៖ Law Books of Academy; បារាំង ៖ Les livres de droit de l’Académie) [២៨] ដែល​ក្នុង​នោះ​ក៏​ចុះ​ផ្សាយ​នូវ Colloquia ដែល​រៀបចំ​ដោយ​បណ្ឌិត្យសភា​ដែរ ។

Colloquia របស់​បណ្ឌិត្យសភា

ស្ថិតនៅក្នុង​ក្របខ័ណ្ឌ​​ក្រុមការងារ​តូច Colloquia ប្រមូល​ផ្ដុំ​អ្នក​ជំនាញ​លើ​ប្រធាន​បទ​ដែល​បាន​ជ្រើស​រើស មក​ពី​បណ្ដា​ប្រទេស​នានា​លើ​ពិភពលើក ។ កម្មវត្ថុ​ចំបង​នៃ Colloquia គ្មាន​អ្វី​ក្រៅ​ពី​ការ​ប្រមូល​ផ្ដុំ​អ្នក​មក​ពី​ខាង​សាកលវិទ្យាល័យ ការទូត និង​អ្នក​អនុវត្ត ដែល​មាន​ប្រយោជន៍ និង​ចំណេះដឹង​រួម​លើ​មូលបទ​ជាក់លាក់​មួយ នាំ​ទៅ​រក​ការ​ប្រមូល​ចំណេះដឹង​លើ​ប្រធានបទ​ក្នុង​ការ​បោះពុម្ព​ផ្សាយ​​ដែល​មាន​គុណភាព​ខ្ពស់ ។[២៩]

១៩៦៨ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរជាតិ (១៩៦៩)

១៩៧១ ទិដ្ឋភាព​គតិយុត្តិ​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច (១៩៧២)

១៩៧៣ កិច្ចការពារ​បរិស្ថាន និង នីតិអន្តរជាតិ (១៩៧៥)

១៩៧៨ សិទ្ធិ​ទទួល​បាន​សុខ​ភាពជា​សិទ្ធិ​មនុស្ស

១៩៧៩ សិទ្ធិ​ទទួល​បាន​ការ​អភិវឌ្ឍ​ក្នុង​កម្រិត​អន្តរជាតិ (១៩៨០)

១៩៨០ The New International Economic Order. Commercial, Technological and Cultural Aspects (១៩៨២)

១៩៨១ ការ​គ្រប់គ្រង​ធនធាន​សម្រាប់​មនុស្ស​ជាតិ ៖ នីតិសមុទ្រ (១៩៨២)

១៩៨២ ការ​ដោះ​ស្រាយ​វិវាទ​លើ​ធនធានធម្មជាតិ​ថ្មី (១៩៨៣)

១៩៨៣ អនាគត​នៃ​នីតិ​អន្តរជាតិ​ក្នុង​ពិភព​ពហុវប្បធម៌ (១៩៨៤)

១៩៨៤ អនាគត​នៃ​នីតិ​បរិស្ថាន​អន្តរជាតិ (១៩៨៥)

១៩៨៥ The Adaptation of Structures and Methods at the United Nations (1986)

១៩៩០ ដំណោះស្រាយ​សន្តិភាព​នៃ​ជម្លោះ​អន្តរជាតិ​នៅ​អឺរ៉ុប ៖ ទស្សនវិស័យ​ទៅ​អនាគត (១៩៩១)

១៩៩២ ការ​អភិវឌ្ឍ​នៃ​តួនាទី​របស់​ក្រុមប្រឹក្សា​សន្តិសុខ (១៩៩៣)

១៩៩៤ អនុសញ្ញា​ស្ដីពី​ការ​ហាមឃាត់ និង​ ការ​លុបបំបាត់​អាវុធគីមី ៖ ការ​ទម្លុះ​ចូល​ទៅ​ដល់​ការ​រំសាយ​អាវុធ​ពហុភាគី (១៩៩៥)

២០០៧ បច្ចុប្បន្នភាព​នៃ​សន្និបាត​ទីក្រុង​ឡាអេ ១៩០៧ ​សន្និបាត​សន្តិភាព​លើក​ទី ២ (២០០៨)

Bibliography

René-Jean Dupuy:[៣០] Académie de droit international de La Haye: Livre jubilaire (1923–1973). A.W. Sijthoff, Leiden 1973

Robert Kolb : Les cours généraux de droit international public de l'Académie de La Haye. Bruylant, Bruxelles, 2003.

See also

References

  1. មើល​សេចក្ដី​សម្រេច A/RES/40/66.
  2. មើល​អត្ថបទ​អំពី Order of Rio Branco ជា​ភាសា​ព័រទុយហ្គាល់
  3. មើល​អត្ថបទ​អំពី​វិទ្យាស្ថាន​ភូមិន្ទ​នៃ​ការ​សិក្សា​អឺរ៉ុប​ជា​ភាសា​អេស្ប៉ាញ​លើ Wikipedia
  4. មើល nobelprize.org.
  5. ជីវប្រវត្តិ Erik Jayme ជា​ភាសា​អាល្លឺម៉ង់
  6. ជីវប្រវត្តិ​របស់ A.A. Cançado Trindade ជា​ភាសា​អង់គ្លេស​នៅ​លើ Wikipedia.
  7. ជីវប្រវត្តិ​របស់ James CRAWFORD ជា​ភាសា​អង់គ្លេស​លើ Wikipedia.
  8. មើល​អត្ថបទ wikipedia អំពី Whewell ជា​ភាសា​អង់គ្លេស
  9. "ជីវប្រវត្តិ​របស់ Florentino P. FELICIANO ជា​ភាសា​អង់គ្លេស​លើ Wikipedia". Archived from the original on 2012-10-18. Retrieved 2014-03-14. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help); zero width space character in |title= at position 12 (help)
  10. See Wikipedia page in italian.
  11. មើលកំណត់ចំណាំ​ជា​ភាសា​អង់គ្លេស​លើ Wikipedia
  12. មើល​ជីវប្រវត្តិ Yves Daudet ជា​ភាសា​អាល្លឺម៉ង់​លើ Wikipedia
  13. មើល​ជីវប្រវត្តិ Bernnard Bot ជា​ភាសាអង់គ្លេស​លើ Wikipedia
  14. កម្មវិធីសិក្សា​វគ្គ​នីតិ​អន្តរជាតិ​សាធារណៈ
  15. កម្មវិធី​សិក្សា​វគ្គ​នីតិ​អន្តរជាតិ​ឯកជន
  16. តារាង​អ្នកផ្ដល់​ជំនួយ ស្ថាប័ន និង​ឥស្សរជន
  17. បទបញ្ជា​សម្រាប់​អាហារូបករណ៍
  18. Represented nationalities.
  19. វគ្គ​ពី​មុន​របស់​មជ្ឈមណ្ឌល
  20. បទបញ្ជា​របស់​មជ្ឈមណ្ឌល
  21. ទីតាំង​ដែល​វគ្គ​កម្មវិធីសិក្សា​ខាង​ក្រៅ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគ​ជ័យ
  22. External Programme regulations.
  23. បទបញ្ជា​សញ្ញាប័ត្រ
  24. | សញ្ញាប័ត្រ​ដែល​បាន​ផ្ដល់​ឲ្យ​ចាប់​តាំង​ពី​ឆ្នាំ ១៩៥០
  25. លក្ខខណ្ឌ​នៃ​ការ​ផ្ដល់​អាហារូបករណ៍​នៅ​លើ​ Website របស់​បណ្ឌិត្យសភា
  26. List of the published Collected Courses.
  27. បញ្ជី​សៀវភៅ​ដែល​បាន​បោះពុម្ព
  28. List of the published works of the Centre.
  29. List of the colloqium published.
  30. Biography in French on Wikipedia.

Coordinates: 52°05′12″N 4°17′44″E / 52.0866°N 4.2955°E / 52.0866; 4.2955