Jump to content

ធរណីន្ទ្រវម៌្ម (ភ្វូណាន)

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
ធរណីន្ទ្រវម៌្ម
កុរុង
រជ្ជកាលគ.ស ២២៨-២៤៨
រាជ្យមុនកុរុងផ្វានជិនឝឹង
រាជ្យបន្តកុរុងផ្វានឆាង
ព្រះនាមពេញ
កុរុងធរណីន្ទ្រវម៌្ម
សន្តតិវង្សឝ្រីមារញ
មាតាព្រះរៀមរបស់ព្រះបាទឝ្រីមារញ
ប្រសូតនគរភ្វូណាន
សុគតគ.ស ២៤៨
នគរភ្វូណាន

កុរុងធរណីន្ទ្រវម៌្មនៃនគរភ្វូណាន (ចិន:范旃, ភិងអ៊ិង: Fàn Zhān រឺ យ៉ាត់ផេង: faan6zin1, ផ្វានហ្ស៊ីន (ស្រីន្ទ្រវម៌្ម?) ជាកន្តាំង) (គ.ស ?-២៤៨) រជ្ជកាល (គ.ស ២២៨-២៤៨) ព្រះរាជភាគិនេយ្យរបស់ព្រះឝ្រីមារញ ព្រះនាមហៅតាមសំដីចិនថា ផ្វានចាន (ព្រះចន្ទ្រ?) កាលបើ ​ឡើង​សោយរាជ្យ​ភ្លាម ក៏​ចាត់​កងទ័ព​ឲ្យ​ចេញ​ទៅ​ធ្វើ​ឃាត​កូន​ស្ដេចឝ្រីមារញ ជិនឝឹង ដើម្បី​បំបាត់​កុំ​ឲ្យ​មាន​គូ​ប្រជែង​ត្រឹមត្រូវ​តាម​ច្បាប់​ដែល​អាច​នាំ​មក ​នូវ​ការ​សៅហ្មង​ទៅ​ថ្ងៃ​ក្រោយ។ ព្រឹត្តិការណ៍​នេះ បាន​កើត​នៅ​ក្នុង​គ្រឹស្តសករាជ​២៣០។ ហើយឡើងគ្រងពិភព ប្រាកដព្រះបរមនាមថា ធរណីន្ទ្រវម៌្ម។ ស្ដេចមានព្រះអគ្គមហេសី នឹងព្រះរាជឱរសព្រះរាជធីតាឬទេ មិនប្រាកដ។ ការផែនដីកុរុងធរណីន្ទ្រវម៌្ម ទ្រង់បានតាំងវីរបុរស ១ នាក់ឈ្មោះអស្សាជយ ឲ្យជាសេនាឯករបស់ព្រះអង្គ។

ការទូត

ទ្រង់បានចាត់ព្រះរាជវង្ស ១ អង្គឲ្យនាំព្រះរាជសារនឹងរាជបណ្ណាការទៅសុំចងសម្ព័ន្ធមិត្រនឹងស្ដេចឥណ្ឌៀក្នុងវង្សមុរុណ្ឌស ស្ដេចនោះបានថ្វាយសេះទេស ៤ នឹងរាជបណ្ណាការតបមកវិញក្នុងពេលនោះ។ ក្នុងឆ្នាំ ព.ស ៧៨៦ ទ្រង់បានតែងរាជទូតឲ្យនាំរាជសារនឹងរាជបណ្ណាការទៅសុំចងសម្ព័ន្ធមិត្រនឹងប្រទេសចិន ១ ទៀត។ ប្រាកដក្នុងប្រវត្តិសាស្ត្ររបស់យើងថា កុរុងធរណីន្ទ្រវម៌្មទ្រង់បានធ្វើនយោបាយក្នុងផ្លូវចងសម្ព័ន្ធមិត្រនឹងនានាប្រទេសជាដំបូង។ បើតាមពង្សាវតារនគរបីចិន ធរណីន្ទ្រវម៌្មនេះហើយ បានបញ្ជូនរាជទូតទី១ទៅប្រទេសចិននៅឆ្នាំ ២៤៣ នៃ គ.ស ដើម្បីនាំភ្លេងនិងផលិតផល​ទៅថ្វាយស្ដេចចិន។ គេអាចចោទសួរថាតើធរណីន្ទ្រវម៌្មនេះហើយ ដែលជាអ្នកនិពន្ធសិលាចារឹកវ៉ូកាញ់ដែលអះអាងថាព្រះអង្គជាញាតិនៃកុរុងឝ្រីមារញ?

ក្រោយនោះ ស្ដេចបានលើកទ័ពជើងគោកចេញទៅពង្រីកព្រះរាជអាណាខែត្រប៉ែកខាងលើតាមជួរទន្លេមេគង្គ បានធំទូលាយចេញទៅទៀត តែមិនប្រាកដក្នុងសេចក្ដីកត់ហេតុថា បានស្រុកអ្វីខ្លះ។ តាមផ្លូវសន្និដ្ឋានរបស់អ្នកប្រវត្តិសាស្ត្រថា កុរុងធរណីន្ទ្រវម៌្មទ្រង់វាយយកបានរដ្ឋគោត្របុរី របស់លវៈ ព្រោះរដ្ឋគោត្របុរ នៅជាប់ព្រំប្រទល់ខ្មែរភាគខាងលើនេះ។

សោយទិវង្គត

ពេលដែលឝ្រីមារញបានសោយទិវង្គតទៅ ព្រះអង្គនៅមានបុត្រមួយអង្គទៀត ប៉ុន្តែនៅបៅដោះនៅឡើយ។ បុត្រអង្គនោះឈ្មោះ ផ្វានឆាង បានរស់នៅក្នុងចំណោមប្រជារាស្ត្រ។ លុះធំបានព្រះជន្ម ២០ វស្សាបានប្រមូលស្ម័គ្របក្សពួកទៅធ្វើគត់ធរណីន្ទ្រវិញ ដើម្បី​សងសឹកឱ្យ​ឪពុក។ កុរុងធរណីន្ទ្រវម៌្មស្ដេចនៅក្នុងរាជសម្បត្តិដល់មកក្នុងឆ្នាំ ព.ស ៧៨៧ (គ.ស. ២៤៨) ក៏ត្រូវព្រះផ្វានឆាង ព្រះរាជឱរសបន្ទាប់របស់ឝ្រីមារញលបប្លុងព្រះជន្មបង់ ដើម្បីយករាជបល្ល័ង្ក។ កុរុងធរណីន្ទ្រវម៌្ម ទោះបីទ្រង់សោយទិវង្គតដោយអាករមិនប្រក្រតីក៏ដោយ តែព្រះអង្គក៏នៅតែមានព្រះកិត្តិយសជារាជាធិរាជ ១ អង្គទៀតក្នុងប្រវត្តិសាស្ត្រ។ ផ្វានឆាងបាន​ដណ្ដើម​យក​រាជ្យ​មក​វិញ។ តែ​ព្រះរាជបុត្រ​អង្គ​នេះ មិន​បាន​សោយរាជ្យសម្បត្តិ​ដូច​ក្ដី​បំណង​ទេ។ ព្រះអង្គ​ត្រូវ​មេទ័ព​ធំ​ម្នាក់​របស់​ស្ដេចធរណីន្ទ្រវម៌្ម ឈ្មោះ អស្សាជយ ធ្វើ​ឃាត។ មេទ័ព​អស្សាជយបាន​លើក​ទ័ព​មក​ច្បាំង​ដណ្ដើម​អំណាច ដោយ​សំអាងយក​លេស​ថា​មក​សងសឹក​ជំនួស​ស្ដេច។ ឆ្លៀត​ឱកាស​ដ៏​ល្អ​នោះ មេទ័ព​អស្សាជយ ក៏​ប្រកាស​ខ្លួន​ភ្លាម​ជា​ស្ដេច​នគរភ្វូណាន គឺ​ប្រហែល​ជា​ក្នុង​គ.ស ​២៤០ (អ្នកប្រវត្តិវិទូ​ខ្លះ សរសេរ​ថា​ព្រឹត្តិការណ៍​នេះ បាន​កើត​នៅ​ក្នុង​គ.ស ​២៥០)។

ព្រះរាជពង្សាវលី

ឯកសារយោង

គោរម្យងារសំរាប់រាជ្យ
មុនដោយ
កុរុងផ្វានជិនឝឹង
កុរុងភ្វូណាន រឺ វ្យាធបុរ តដោយ
កុរុងផ្វានឆាង