Jump to content

ទង់ព្រះពុទ្ធសាសនា

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

តាំងពីព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់បរិនិព្វានទៅពុំទាន់មានប្រទេសពុទ្ធសាសនិកណាមួយបានផ្តើមប​ង្កើតទង់ព្រះពុទ្ធ​សាសនា​ឱ្យមាន​រូប​រាង​​ឡើងពិត​ប្រាកដដូច​ក្នុងប្រពៃណីឯទៀតឡើយនោះទេ។

ទង់ ព្រះពុទ្ធសាសនា

លុះដល់ថ្ងៃអង្គារ ៦ រោច ខែ ជេស្ធ ឆ្នាំខាល ទោស័ក ព.ស ២៤៩៤ ត្រូវនឹងថ្ងៃទី ៦ ខែ មិថុនា គ.ស ១៩៥០ ទើបពុទ្ធិកប្រទេស ទាំង ២៩ មាន​ប្រទេសស្រីលង្កាជាដើម បានបង្កើតពុទ្ធិកសមាគមពិភពលោក ហើយបានធ្វើសន្និសីទលើកទី ១ នៅប្រទេសស្រីលង្កា ដែល​មាន​គណៈប្រតិភូខ្មែរយើង មានសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ជោតញ្ញាណោ សង្ឃនាយកគណៈ មហានិកាយជាប្រធា​ន​ទៅ រួមប្រជុំផង បានមូលមតិគ្នាបង្កើតទង់សាសនាឡើងហៅថា ទង់ពុទ្ធិក សមាគមពិភពលោក (តាមលក្ខន្តិកៈនៃសមាគមដែលមាន ២៧ មាត្រា) ​ត្រង់មាត្រា២៦ ចែងថា៖

"ទង់របស់ពុទ្ធិកសមាគមពិភពលោក ជាទង់មានពណ៌ ៦ តម្រូវនឹងឆព្វណ្ណរង្សី របស់ព្រះសម្ពុទ្ធជា ម្ចាស់ ជាមូលដ្ឋានតាំងគំរូ ដែលក្រុម​ប្រឹក្សាប្រតិបត្តិការបានធ្វើហើយ" ដូច្នេះទង់ពុទ្ធសាសនា ក៏បានឧបត្តិកឡើងជាស្ថាពរតាំងពីកាលនោះមក ។ ទង់ពុទ្ធសាសនាមានប្រាំមួយពណ៌នោះគឺ ៖

១- ពណ៌ខៀវ ២- ពណ៌លឿង ៣- ពណ៌ក្រហម ៤- ពណ៌ស ៥- ពណ៌ហង្សបាទ (ស៊ីជម្ពូខ្ចីដូចជើងហង្ស) ៦- ផ្លេក (ពន្លីពេជ្រ គឺគេយកពណ៌ទាំង ៥ ខាងដើមមួយ ៗ មកដាក់បញ្ចូលគ្នាក្នុងផ្ទាំង ទី ៦ នេះជាពណ៌មួយ) ។

ព្រះបរមលោកនាថ ព្រះអង្គមានរស្មី ៦ ពណ៌ ផ្សាយចេញពីវរកាយយ៉ាងនេះដោយលទ្ធផលនៃទានបរមត្ថបារមី ដែលព្រះអង្គបានសា​ង​ម​ក​ពីអតីតភាពយ៉ាងអស្ចារ្យ ហើយដែលមិនអាចឱ្យអ្នកណាម្នាក់ធ្វើដូចព្រះអង្គបានឡើយ ឯរស្មីមួយៗ ជាតំណាង​ព្រះជាតិរបស់​ព្រះអង្គ​មួយៗដែរ គឺ ៖

១-រស្មីពណ៌ខៀវ: ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាព្រះបាទស្រីភិរាស្ត្រ ។ កាលនោះ ព្រះឥន្ទ្រាធិរាជបាន និម្មិតខ្លួនជា​ព្រា​ហ្ម​ណ៍ចាស់ម្នាក់ចូលមកសូមព្រះនេត្រព្រះអង្គ ទាំងគូ ។ ព្រះអង្គទ្រង់ឆ្កៀលព្រះនេត្រព្រះអង្គទាំងពីរឱយទៅឥន្ទព្រាហ្មណ៍

២-រស្មីពណ៌លឿង ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាវិនីបណ្ឌិត។ កាលនោះព្រះ ឥន្ទ្រាធិរាជបាននិម្មិតខ្លួនជាយក្សធ្វើ​ជា​ជាង​​មាស ។ វិនីបណ្ឌិតបានអារសាច់ខ្លួនឱយជាងមាស ដើម្បីផែធ្វើជាមាសបិទព្រះពុទ្ធរូប ។

៣-រស្មីពណ៌ក្រហម ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាបទុមមាណព ។ គ្រានោះ មានពស់មួយប្រកបដោ​យពឹសដ៏ពន្លឹកចឹក​មាតាព្រះអង្គ ព្រះអង្គទ្រង់យកកាំបិទមកពុះទ្រូង លូក បេះដូងមកផ្សំថ្នាំមើលមាតាឱយបានគង់ជីវិត ។

៤-រស្មីពណ៌ស ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាព្រះវេស្សន្តរបានប្រទានដំរី មង្គលមួយឈ្មោះ បច្ច័យនាគេន្ទ្រ ជាសត្វសម្រាប់រាជ្យ ដ៏មានអវៈ​យវៈ​សសុទ្ធដល់ពួក​ព្រាហ្មណ៍កលិង្គរដ្ឋ។ ពួកអ្នកនគរស្រីពិរាស្ត្រ ក៏នាំគ្នាខឹងបំបរបង់ព្រះអង្គឱយទៅនៅនាវង្កតបព៌ត ។

៥-រស្មីពណ៌ហង្សបាទ (ស៊ីជម្ពូខ្ចីដូចជើងហង្ស) ជាតំណាងព្រះអង្គកាលទ្រង់សោយព្រះជាតិ ជា វិជ្ឋាធរ ។ មាតាព្រះអង្គ ត្រូវយក្សចាប់​យកបាន ព្រះ​អង្គ​ទ្រង់អារសាច់ឱ្យយក្សបរិភោគជំនួសជិវិតមាតា ។

៦-រស្មីពណ៌ផ្លេក ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាទន្សាយឈ្មោះ សោម បណ្ឌិត មានព្រះតម្លាសទ្ធាចង់បំពេញទាន​បរមត្ថបារមី។ គ្រានោះព្រះឥន្ទ្រាធិរាជ បាននិម្មិតខ្លួនជា ព្រាហ្មណ៍ចាស់ម្នាក់អត់អាហារដើរចូលមក។ ទន្សាយសោមបណ្ឌិត បាន​រលាស់​ខ្លួន ៣ ដង ដើម្បីឱ្យសត្វល្អិតជ្រុះចេញពីរោមរបស់ព្រះអង្គ រួចក៏លោតចូលក្នុងភ្នក់ភ្លើងទៅ ដើម្បីចំអិនសាច់ ព្រះអង្គឱ្យដល់ឥន្ទព្រាហ្មណ៍បរិភោគ ។

រស្មីទាំង ៦ ពណ៌នេះ បានផ្សាយចេញអំពីព្រះវរកាយព្រះអង្គ ក្នុងពេលត្រាស់ដឹងនូវអនុត្តរ សម្មាសម្ពោធិញ្ញាណ ក្នុងពេលសំដែង បា​ដឹហារ្យ​ដើម្បីកំចាត់បង់នូវអស្មិមានះនៃព្រះញាតិរបស់ ព្រះអង្គ ដែលមានសេចក្តីសម្គាល់ថា ព្រះអង្គជាមនុស្សនៅក្មេងមិនគួរគោរព និង ក្នុងពេលព្រះអង្គធ្វើ យមក បាដិហារ្យផ្ទាញ់ពួកនាយគ្រន្ទលើដើមគណ្ឌាមព្រឹក្ស (ដើមស្វាយរបស់នាយគណ្ឌៈ) ។

ដូច្នោះហើយ បានជាពុទ្ធិកសមាគមពិភពលោកដែលនៅប្រទេសស្រីលង្កាលើកទី១ នោះ ផ្តើមធ្វើទង់ពុទ្ធសាសនាមាន ៦ ពណ៌ តម្រូវនឹង​ឆព្វណ្ណរស្មីរបស់ព្រះពុទ្ធជាម្ចាស់ ។

រៀបរៀងដោយ សេន រ៉ន​ សិស្សផ្នែកទំនាក់ទំនងសង្គមជំនាន់ទី ២

ដកស្រង់ពី​ កម្ពុជាសូរិយា ឆ្នាំ ១៩៦២ របស់លោក ថង់ វង

មើលផងដែរ