Jump to content

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

គណៈ​មេធាវី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ជា​អង្គ​ការ​​ប្រមូល​​ផ្តុំ​មេ​ធាវី​ទាំង​អស់ ​ដែល​តាំង​ការិ​យា​ល័យ​នៅ​ក្នុង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា។​ មេធាវី​ម្នាក់ៗ​ ត្រូវ​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​គណៈ​មេធាវី ​ក្រោយ​ពីចុះ​ឈ្មោះ​ ក្នុង​គណៈ​មេធាវី ​។ គណៈមេធាវី​មិន​ស្ថិត​នៅ​ ក្រោម​គណបក្ស​នយោបាយ​ណា​មួយ ​ឬ ​អង្គ​ការ​សាសនា​ណា​ ឬ អង្គការ​នានា​ផ្សេង​ទៀត​ឡើយ ​។ការ​សម្តែង​មនោគមន៏​វិជ្ជា​ សាសនា​ ឬ នយោបាយ ត្រូវ​បាន​ហាម​ឃាត់ ​។ គណៈ​មេធាវី​ត្រូវ​បាន​ដឹក​នាំ​ដោយ​ប្រធាន​មួយ​ រូប ​និង ​គ្រប់​គ្រង​ដោយ​ក្រុម​ប្រឹក្សា​គណៈ​មេធាវី។​ ប្រធាន​គណៈ​មេធាវី​ត្រូវ​បាន​បោះ​ឆ្នោត​សម្រាប់​អាណត្តិ​ ២ ​ឆ្នាំ ​អាណត្តិ​នោះ​អាច​ត្រូវ​បន្ត​តែមួយ​អាណត្តិ​ទៀត ​ដោយ​វិធី​បោះ​ឆ្នោត​ និង ​សមាជិក​ក្រុម​ប្រឹក្សា​គណៈ​មេធាវី ​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​តាំង​សម្រាប់​អាណត្តិ​ ៣ ​ឆ្នាំ ។

រចនាសម្ព័ន្ធ

ក្រោយ​ ពី​ការ​ចូល​កាន់​តំណែង​ជា​ប្រធាន​គណៈ​មេធាវី​ អាណត្តិទី ​៧ ​ប្រធាន​គណៈ​មេធាវី ​និង ​សមាជិក​ក្រុម​ប្រឹក្សា​គណៈ​មេធាវី ​បាន​រៀប​ចំ​រចនាសម្ព័ន្ធ​ និង​ អង្គការ​លេខ​ សម្រាប់​ដឹក​នាំ​គណៈ​មេធាវី​ដូច​ខាង​ក្រោមៈ

  • ប្រធាន
  • ក្រុមប្រឹក្សាគណៈមេធាវី
  • ក្រុមប្រឹក្សាផ្តល់យោបល់​
  • អគ្គលេខាធិការ
  • ខុទ្ទកាល័យប្រធាន
  • មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី
  • នាយកដ្ឋានការពារក្តីជួនជនក្រីក្រ
  • នាយកដ្ឋានអធិការកិច្ច និង ដោះស្រាយវិវាទ
  • នាយកដ្ឋានទំនាក់ទំនងជាតិ-អន្តរជាតិ និង ផ្សព្វផ្សាយ
  • នាយកដ្ឋានគណនេយ្យ
  • គណៈកម្មការជំនាញ
  • ការិយាល័យរដ្ឋបាល

ប្រធានគណៈមេធាវីមានតួនាទី និងភារកិច្ចដូចខាងក្រោម ៖

-ជាអ្នកដឹកនាំគណៈមេធាវី
-ជាអធិបតីនៃមហាសន្និបាតគណៈមេធាវីនិងក្រុមប្រឹក្សាគណៈមេធាវី
-ជាអ្នកធានាផលប្រយោជន៍វិជ្ជាជីវៈ និងផលប្រយោជន៍របស់សមាជិកទាំងអស់
-ជាអ្នកផ្សះផ្សារ ហើយបើមានការចាំបាច់ និងតាមសំណើរបស់គូក្តី ធ្វើអាជ្ញាកណ្តាលក្នុងវិវាទដែលកើតឡើងរវាងមេធាវីនិងមេធាវី រវាងមេធាវី និងអតិថិជន
-ជាតំណាងវិជ្ជាជីវៈមេធាវីចំពោះមុខតតិយជន និងអាជ្ញាធរសាធារណៈ
-ជាតំណាងគណៈមេធាវីក្នុងរឿងក្តីដែលទាក់ទងគណៈមេធាវីក្រោយពីមានការអនុញ្ញាតពីក្រុមប្រឹក្សាគណៈមេធាវី ។
 ក្នុងរយៈពេលកំណត់ណាមួយ ប្រធានគណៈមេធាវីអាចផ្ទេរអំណាចមួយផ្នែក ឬទាំងអស់ទៅឲ្យសមាជិកម្នាក់ ឬច្រើននាក់នៃក្រុមប្រឹក្សាគណៈមេធាវីបាន ។
ក្នុងករណីមានធុរៈ ប្រធានគណៈមេធាវីត្រូវជំនួសដោយសមាជិកនៃក្រុមប្រឹក្សាគណៈមេធាវីដែលមានវ័យចាស់ជាងគេ ។

- តួនាទីនិងភារកិច្ចរបស់ក្រុមប្រឹក្សាគណៈមេធាវី ក្រុមប្រឹក្សាគណៈមេធាវីពិនិត្យដោះស្រាយគ្រប់បញ្ហា ដែលពាក់ព័ន្ធទៅនឹងការអនុវត្តវិជ្ជាជីវៈមេធាវី ក្រុមប្រឹក្សាគណៈមេធាវីធានាការបំពេញភារកិច្ច និងការពារសិទ្ធិរបស់មេធាវី ។ ក្រុមប្រឹក្សាគណៈមេធាវីមានភារកិច្ចជាអាទិ៍ ដូចខាងក្រោម ៖

-ធ្វើបទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌ 
-សម្រេចឲ្យចុះឈ្មោះធ្វើកម្មសិក្សា និងចុះឈ្មោះក្នុងបញ្ជីឈ្មោះគណៈមេធាវី
-សម្រេចលើការស្នើសុំអនុញ្ញាតទាំងឡាយដែលធ្វើឡើងដោយមេធាវី
-ពិនិត្យកិច្ចព្រមព្រៀង និងឯកសារទាំងឡាយ ដែលមេធាវីមានភារកិច្ចត្រូវដាក់ឲ្យពិនិត្យ ហើយបញ្ចេញមតិណែនាំលើកិច្ចព្រមព្រៀង និងឯកសារទាំងនោះ 
-ត្រួតពិនិត្យការកាន់កាប់ទៀងទាត់នៃបញ្ជីគណនេយ្យរបស់មេធាវី
-ធានាការគោរពវិន័យ និងការដាក់វិន័យ
-ធានារ៉ាប់រងការរៀបចំ និងការគ្រប់គ្រងសេវាទូទៅរបស់គណៈមេធាវី
-គ្រប់គ្រងទ្រព្យសម្បត្តិ និងថវិការបស់គណៈមេធាវី កំណត់ចំនួនទឹកប្រាក់ភាគទានរបស់មេធាវីម្នាក់ៗ និងបង់ប្រាក់ធានារួមសម្រាប់វិជ្ជាជីវៈមេធាវី ។
-គ្រប់គ្រងបេឡានៃមូលនិធិរបស់គណៈមេធាវី
-បញ្ចេញមតិលើបញ្ហាទាំងឡាយដែលទាក់ទងលើវិស័យយុត្តិធម៌ និងសិទ្ធិរបស់មេធាវី ក្នុងវិស័យការពារ ជាអាទិ៍នៅពេលដែលមានការអញ្ជើញពីអាជ្ញាធរសាធារណៈ ។

ទីប្រឹក្សាប្រធានគណៈមេធាវី មានភារកិច្ចផ្តល់យោបល់លើបញ្ហាជាក់លាក់ណាមួយជូនប្រធានគណៈមេធាវី ទៅតាមការកំណត់របស់ប្រធានគណៈមេធាវី ។ អគ្គលេខាធិការដ្ឋាននៃគណៈមេធាវី ត្រូវដឹកនាំដោយអគ្គលេខាធិការមួយរូប និងមានអគ្គលេខាធិការរងមួយចំនួនជាជំនួយការ ។ អគ្គលេខាធិការដ្ឋានមានតួនាទី និងភារកិច្ចដូចខាងក្រោម៖

-គ្រប់គ្រងបុគ្គលិកទាំងអស់ ដែលធ្វើការនៅគណៈមេធាវី ដូចជាបុគ្គលិករដ្ឋបាល បុគ្គលិកគណនេយ្យ និងបុគ្គលិកនៅតាមនាយកដ្ឋានផ្សេងៗទៀត
-ពិនិត្យតាមដានពេលម៉ោងធ្វើការរបស់បុគ្គលិក និងធ្វើសំណើជូនប្រធានគណៈមេធាវីដើម្បីដាក់ពិន័យទៅលើបុគ្គលិក ដែលមិនគោរពតាមបទបញ្ជាផ្ទៃក្នុង និងពេលម៉ោងធ្វើការ 
-រៀបចំរបាយការណ៍សកម្មភាពការងាររបស់គណៈមេធាវី ជូនប្រធានគណៈមេធាវី ដើម្បីដាក់ជូនមហាសន្និបាតគណៈមេធាវី
-ព្រាងលិខិតស្នាម និងសេចក្តីសម្រេចផ្សេងៗ ជូនប្រធានគណៈមេធាវី ដើម្បីចុះហត្ថលេខា
-រៀបចំរបាយការណ៍ជូនក្រុមប្រឹក្សាគណៈមេធាវី ជាប្រចាំអំពីសកម្មភាពរបស់គណៈមេធាវី
-រៀបចំរបាយការណ៍គម្រោងស្នើសុំថវិកា ពីស្ថាប័នជាតិ និងអន្តរជាតិ
-ពិនិត្យចំណូល-ចំណាយរបស់គណៈមេធាវី
-ចូលរួមជាលេខាធិការកិច្ចប្រជុំក្រុមប្រឹក្សាគណៈមេធាវី
-ពិនិត្យសកម្មភាពរបស់នាយកដ្ឋានដទៃទៀត
-ធ្វើសកម្មភាពដទៃទៀតតាមការចាត់តាំងរបស់ប្រធានគណៈមេធាវី ។

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវីត្រូវដឹកនាំដោយនាយកមួយរូប និងមានអគ្គលេខាធិការមួយរូបជាជំនួយការ ។ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវីមានតួនាទី និងភារកិច្ចដូចខាងក្រោម ៖

-រៀបចំសេចក្តីព្រាងនីតិវិធីប្រឡងជ្រើសរើសឲ្យចូលរៀននៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងប្រឡងយកវិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវី
-រៀបចំកម្មវិធីសិក្សា និងការជ្រើសរើសគ្រូបណ្តុះបណ្តាលជូនក្រុមប្រឹក្សាគណៈមេធាវីពិនិត្យសម្រេច
-ធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវីដល់សិស្សមេធាវី បណ្តុះបណ្តាលបន្ថែមដល់មេធាវីកម្មសិក្សារៀបចំវគ្គសុក្រឹត្យការដល់មេធាវីដែលកំពុងប្រកបវិជ្ជាជីវៈ
-ធ្វើរបាយការណ៍ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ ជូនប្រធានគណៈមេធាវី
-ធ្វើរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆមាសជូនក្រុមប្រឹក្សាគណៈមេធាវី
-ធ្វើសកម្មភាពដទៃទៀតតាមការចាត់តាំងរបស់ប្រធានគណៈមេធាវី ។

ក្រុមការងារស្រាវជ្រាវ អប់រំ និងផ្សព្វផ្សាយច្បាប់ ត្រូវបានដឹកនាំដោយប្រធានក្រុមការងារមួយរូប និងមានអនុប្រធានមួយចំនួនជាជំនួយការ ។ សមាជិក សមាជិកាគណៈមេធាវី អាចចូលរួមក្នុងក្រុមការងារនេះដោយស្ម័គ្រចិត្ត ដើម្បីចូលរួមក្នុងការអភិវឌ្ឍវិស័យច្បាប់ និងយុត្តិធម៌ តាមរយៈការពិភាក្សាស្រាវជ្រាវ ធ្វើបទវិភាគពាក់ព័ន្ធនឹងវិស័យច្បាប់ណាមួយ ។ ក្រុមការងារនេះត្រូវបានបែងចែងជា អនុក្រុមការងារចំនួន ៤ ដែលមានតួនាទី និងភារកិច្ចដូចខាងក្រោម ៖ ក.អនុក្រុមកាងារក្នុងវិស័យរដ្ឋប្បវេណីមានតួនាទីនិងភារកិច្ចដូចខាងក្រោម ៖ -សិក្សាស្រាវជ្រាវច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យរដ្ឋប្បវេណី -ធ្វើការវិភាគបកស្រាយនូវខ្លឹមសារច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យរដ្ឋប្បវេណីសម្រាប់បោះពុម្ព ផ្សព្វផ្សាយលើព្រឹត្តិបត្រគណៈមេធាវី និងគេហទំព័រគណៈមេធាវី -ពិភាក្សារកចម្លើយ ដើម្បីឆ្លើយតបនឹងចម្ងល់នានារបស់មេធាវី និងសាធារណជន ពាក់ព័ន្ធនឹងខ្លឹមសារច្បាប់ក្នុងវិស័យរដ្ឋប្បវេណី -ពិភាក្សាលើប្រធានបទ និងសំណួរចម្លើយ ដើម្បីចូលរួមការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធវិស័យរដ្ឋប្បវេណីនៅតាមកម្មវិធី និងតាមបណ្តាញផ្សព្វផ្សាយនានា។ -ភារកិច្ចផ្សេងទៀតតាមការចាត់តាំងរបស់ប្រធានក្រុមការងារ ឬប្រធានគណៈមេធាវី ។ ខ.អនុក្រុមកាងារក្នុងវិស័យព្រហ្មទណ្ឌមានតួនាទីនិងភារកិច្ចដូចខាងក្រោម ៖ -សិក្សាស្រាវជ្រាវច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យព្រហ្មទណ្ឌ -ធ្វើការវិភាគបកស្រាយខ្លឹមសារច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មសម្រាប់បោះពុម្ព ផ្សព្វផ្សាយលើព្រឹត្តិបត្រគណៈមេធាវី និងគេហទំព័រគណៈមេធាវី -ពិភាក្សារកចម្លើយ ដើម្បីឆ្លើយតបចម្ងល់នានារបស់មេធាវី និងសាធារណជន ពាក់ព័ន្ធនឹងខ្លឹមសារច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ -ពិភាក្សាលើប្រធានបទ និងសំណួរចម្លើយដើម្បីចូលរួមការអប់រំផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យព្រហ្មទណ្ឌនៅតាមកម្មវិធីនិងតាមបណ្តាញផ្សព្វផ្សាយនានា ។ -ភារកិច្ចផ្សេងទៀតតាមការចាត់តាំងរបស់ប្រធានក្រុមការងារ ឬប្រធានគណៈមេធាវី ។ គ.អនុក្រុមការងារក្នុងវិស័យពាណិជ្ជកម្ម អនុក្រុមការងារក្នុងវិស័យពាណិជ្ជកម្មមានតួនាទី និងភារកិច្ចដូចខាងក្រោម ៖ -សិក្សាស្រាវជ្រាវច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យពាណិជ្ជកម្ម -ធ្វើការវិភាគបកស្រាយនូវខ្លឹមសារច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មសម្រាប់បោះពុម្ព ផ្សព្វផ្សាយលើព្រឹត្តិបត្រគណៈមេធាវី និងគេហទំព័រគណៈមេធាវី -ពិភាក្សាចម្លើយ ដើម្បីឆ្លើយតបនឹងចម្ងល់នានារបស់មេធាវី និងសាធារណជន ពាក់ព័ន្ធនឹងខ្លឹមសារច្បាប់ក្នុងវិស័យពាណិជ្ជកម្ម -ពិភាក្សាលើប្រធានបទ និងសំណួរចម្លើយ ដើម្បីចូលរួមការអប់រំផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធវិស័យពាណិជ្ជកម្មនៅតាមកម្មវិធីនិងតាមបណ្តាញផ្សព្វផ្សាយនានា -ភារកិច្ចផ្សេងទៀតតាមការចាត់តាំងរបស់ប្រធានក្រុមការងារ ឬប្រធានគណៈមេធាវី

ឯកសារយោង