Jump to content

ក្រុមប្រឹក្សាខេត្ត

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

.១ សមាសភាពក្រុមប្រឹក្សាខេត្ត

៣.១ សមាសភាពក្រុមប្រឹក្សាខេត្ត

ក្រុមប្រឹក្សាខេត្តមានសិទ្ធិអំណាចពីរ គឺ ៖

  • សិទ្ធិអំណាចធ្វើសេចក្ដីសម្រេចខាងបញ្ញត្ដិ និង
  • សិទ្ធិអំណាចធ្វើសេចក្ដីសម្រេចខាងប្រតិបត្ដិ

ក្រុមប្រឹក្សាខេត្តត្រូវប្រើប្រាស់អំណាចបញ្ញត្ដិ និងអំណាចប្រតិបត្ដិរបស់​ខ្លួន ដោយផ្អែកតាមគោលការណ៍ បែបបទ និងនីតិវិធី ដែលកំណត់ក្នុងច្បាប់ និង​លិខិតបទដ្ឋានគតិយុត្ដពាក់ព័ន្ធនានា។

ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនាមក្រុមប្រឹក្សាខេត្តរបស់ខ្លួន មានសិទ្ធិ​ចុះ​ហត្ថលេខា និងប្រថាប់ត្រារដ្ឋបាលខេត្តលើ ៖

  • ដីកា ឬសេចក្ដីសម្រេចដែលក្រុមប្រឹក្សាខេត្តបានអនុម័តរួច
  • សេចក្ដីសម្រេចបង្កើតគណៈកម្មាធិការ ឬអនុគណៈកម្មាធិការ ឬ ក្រុមការងារតាមការសម្រេចរបស់អង្គប្រជុំក្រុមប្រឹក្សាខេត្ត
  • កំណត់ហេតុប្រជុំដែលអង្គប្រជុំក្រុមប្រឹក្សាខេត្ត បានអនុម័តរួច
  • សំណើដកហូតអភិបាល ឬអភិបាលរងខេត្តចេញពីមុខតំណែង តាម​ការសម្រេចរបស់អង្គប្រជុំក្រុមប្រឹក្សាខេត្ត
  • លិខិតអញ្ជើញប្រជុំក្រុមប្រឹក្សាខេត្ត
  • ប្រតិទិនប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តសម្រាប់រយៈពេល១២ខែ
  • សំណើសុំផ្លាស់ប្ដូរសមាជិកក្រុមប្រឹក្សាខេត្ត
  • កិច្ចការដទៃទៀតដែលតម្រូវដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដ​នានា។

គណៈអភិបាលខេត្ត ត្រូវជួយក្រុមប្រឹក្សាខេត្តរបស់ខ្លួន ក្នុងការរៀបចំ​ឯកសារខាងលើនេះ លើកលែងតែឯកសារសម្រាប់រៀបចំកិច្ចប្រជុំ ទាក់ទង​នឹង​សំណើដកហូតអភិបាល ឬអភិបាលរងខេត្តចេញពីមុខតំណែង។

របៀបរបបការងាររបស់ក្រុមប្រឹក្សាខេត្ត

ក្នុងការអនុវត្ដសិទ្ធិអំណាចរបស់ខ្លួន ក្រុមប្រឹក្សាខេត្តត្រូវពិនិត្យ ពិចារណា​លើចំណុចសំខាន់ៗមួយចំនួន ដែលពាក់ព័ន្ធនឹងរបៀបរបបអនុវត្ដការងារ ដូច​ខាងក្រោម ៖

  • ក្រុមប្រឹក្សាខេត្តត្រូវបំពេញមុខងារ និងភារកិច្ចរបស់ខ្លួន ដោយធ្វើ​សេចក្ដីសម្រេចខាងបញ្ញត្ដិតាមរយៈដីកា និងសេចក្ដីសម្រេចខាង​ប្រតិ​បត្ដិ។ រាល់សេចក្ដីសម្រេចខាងបញ្ញត្ដិ និងសេចក្ដីសម្រេចខាងប្រតិបត្ដិ ត្រូវធ្វើឡើងក្នុងអង្គប្រជុំក្រុមប្រឹក្សាខេត្តរបស់ខ្លួន ហើយត្រូវធានា​ថា ​សេចក្ដីសម្រេចទាំងនោះ ត្រូវបានអនុវត្ដដោយមានការតាមដាន និង​វាយតម្លៃជាប្រចាំ
  • ក្រុមប្រឹក្សាខេត្តអាចចាត់ឱ្យគណៈកម្មាធិការណាមួយ ឬមួយចំនួន ដែល​តម្រូវឱ្យបង្កើតឡើង ដោយច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាល​រាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ ឬអាចបង្កើតគណៈកម្មាធិការ ឬអនុ​គណៈកម្មាធិការ ឬក្រុមការងារនានា ដើម្បីស្រាវជ្រាវរៀបចំ​សេចក្ដី​ព្រាងដីកា ឬសេចក្ដីព្រាងសេចក្ដីសម្រេចតាមការចាំបាច់។ គណៈ​អភិបាលខេត្ត ត្រូវដឹកនាំនាយករដ្ឋបាលសាលាខេត្ត និងទីចាត់ការ​ពាក់ព័ន្ធនៃសាលាខេត្ត ដើម្បីផ្ដល់ការគាំទ្រផ្នែកច្បាប់បច្ចេកទេស និង​ការគាំទ្រដទៃទៀតដល់គណៈកម្មាធិការ ឬអនុគណៈកម្មាធិការ ឬ ក្រុមការងារខាងលើ ព្រមទាំងធ្វើការសម្របសម្រួល ណែនាំដល់ ទីចាត់ការនានានៃសាលាខេត្ត ក្នុងការរៀបចំសេចក្ដីព្រាងដីកា ឬ សេចក្ដីព្រាងសេចក្ដីសម្រេច ដើម្បីដាក់ជូនក្រុមប្រឹក្សាខេត្ត ពិនិត្យ ពិភាក្សា និងអនុម័ត។ លើសពីនេះទៀត អភិបាលខេត្តត្រូវណែនាំ​នាយករដ្ឋបាលសាលាខេត្តឱ្យរៀបចំដីកា ឬសេចក្ដីសម្រេចដែល​ក្រុម​​ប្រឹក្សាខេត្តបានអនុម័តរួច ឱ្យស្របតាមទម្រង់ ដែលបានកំណត់ ដើម្បីដាក់ជូនប្រធានក្រុមប្រឹក្សាខេត្តចុះហត្ថលេខា ក្នុងនាម​ក្រុម​ប្រឹក្សាខេត្តរបស់ខ្លួន និងត្រូវប្រថាប់ត្រារដ្ឋបាលខេត្ត
  • ក្រុមប្រឹក្សាខេត្ត ត្រូវចាត់ឱ្យអភិបាលខេត្តចាត់ចែងផ្សព្វផ្សាយជា​សាធារណៈជាបន្ទាន់នូវដីកា ឬសេចក្ដីសម្រេចដែលក្រុមប្រឹក្សាខេត្ត​បានអនុម័តរួច លើកលែងតែមានការកំណត់ផ្សេងពីនេះ ព្រមទាំង​ចាត់ចែងអនុវត្ដឱ្យមានប្រសិទ្ធភាព
  • ក្នុងករណីកិច្ចការណាមួយដែលជាតម្រូវការចាំបាច់នៃមូលដ្ឋាន ហើយ​ដែលកិច្ចការនោះ ច្បាប់ ឬលិខិតបទដ្ឋានគតិយុត្ដ មិនបានចែងអំពី​បែបបទ និងនីតិវិធីក្នុងការប្រើប្រាស់អំណាចបញ្ញត្ដិ ឬអំណាច​ប្រតិ​បត្ដិរបស់ខ្លួន ក្រុមប្រឹក្សាខេត្តត្រូវចាត់ឱ្យអភិបាលខេត្ត ធ្វើការ​សិក្សា​ស្រាវជ្រាវ រៀបចំបែបបទ និងនីតិវិធីសមស្រប ដោយឈរលើ​គោល​ការណ៍តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពដាក់ជូនក្រុម​ប្រឹក្សា​ខេត្តពិនិត្យ និងអនុម័ត ឬអាចស្នើសុំយោបល់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឬរដ្ឋមន្ដ្រី ឬប្រធានស្ថាប័នពាក់ព័ន្ធនានា ធ្វើការបញ្ជាក់នូវបែបបទ នីតិវិធីដើម្បីដោះស្រាយកិច្ចការទាំងនោះ
  • ក្នុងករណីកិច្ចការណាមួយដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដបាន​កំណត់អំពីបែបបទ និងនីតិវិធីដែរ ប៉ុន្ដែបែបបទ និងនីតិវិធីនោះ ចែង​មិនច្បាស់លាស់ ឬមិនស្របនឹងស្ថានភាពជាក់ស្ដែងនៃមូលដ្ឋាន​របស់​ខ្លួន ហើយដែលក្រុមប្រឹក្សាខេត្តមិនអាចអនុវត្ដបាន ក្រុមប្រឹក្សាខេត្ត ត្រូវចាត់ឱ្យគណៈអភិបាលខេត្ត ធ្វើសំណើមករដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ​ជាបន្ទាន់។ ផ្អែកតាមយន្ដការ គ.ជ.អ.ប រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ​ធ្វើ​ការសម្របសម្រួលជាមួយរដ្ឋមន្ដ្រី ឬប្រធានស្ថាប័នពាក់ព័ន្ធ ដើម្បី​ពិនិត្យ និងដោះស្រាយករណីនេះ។

កិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត

កិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្តមានពីរប្រភេទ ៖

  • កិច្ចប្រជុំសាមញ្ញ ៖ ក្រុមប្រឹក្សាត្រូវប្រជុំសាមញ្ញយ៉ាងហោចណាស់​ចំនួន១២ដងក្នុងមួយឆ្នាំ
  • ការប្រជុំវិសាមញ្ញ ៖ ក្រុមប្រឹក្សាអាចប្រជុំវិសាមញ្ញ នៅក្នុងដែន​សមត្ថកិច្ចរបស់ខ្លួនបានតាមការចាំបាច់ ដើម្បីដោះស្រាយបញ្ហាបន្ទាន់ ឬពិសេស។

កិច្ចប្រជុំសាមញ្ញ និងវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តអាចយកជាការបាន លុះត្រាតែកិច្ចប្រជុំទាំងនេះ ប្រព្រឹត្ដទៅត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុង​របស់ក្រុម​ប្រឹក្សាខេត្ត។ សេចក្ដីសម្រេចណាដែលធ្វើឡើងមិនស្របនឹងបទបញ្ជាផ្ទៃក្នុង​របស់​ក្រុម​ប្រឹក្សាខេត្ត ឬរដ្ឋធម្មនុញ្ញ ឬច្បាប់ ឬលិខិតបទដ្ឋានគតិយុត្ដ  សេចក្ដី​សម្រេច​នោះពុំមានសុពលភាពឡើយ។

រាល់កិច្ចប្រជុំរបស់ខ្លួន ក្រុមប្រឹក្សាខេត្តត្រូវធ្វើសេចក្ដីសម្រេចខាងបញ្ញត្ដិ ឬធ្វើសេចក្ដីសម្រេចខាងប្រតិបត្ដិដែលជាគោលការណ៍ គោលនយោបាយរបស់​រដ្ឋបាលខេត្ត និងជាវិធានការ បែបបទ នីតិវិធីចាត់ចែងការងារតាម​ការចាំ​បាច់​ដែលទាក់ទងទៅនឹង ៖

  • ការរៀបចំដើម្បីទទួលមុខងារ ភារកិច្ច និងធនធានថ្មី ដែលស្រប​តាម​ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ
  • ការអនុវត្ដមុខងារជាកាតព្វកិច្ចរបស់ក្រុមប្រឹក្សាខេត្ត
  • ការអនុវត្ដមុខងារជាជម្រើសរបស់ក្រុមប្រឹក្សាខេត្ត
  • ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល​ប្រចាំឆ្នាំ រួមទាំងសមាសភាគនៃផែនការដែលស្ថិតក្រោមការ​គ្រប់គ្រង និងការត្រួតពិនិត្យរបស់ក្រុមប្រឹក្សាប្រភេទរួមគ្នា ប្រភេទក្រុម​ប្រឹក្សា​ផ្សេងៗគ្នា ក្រសួង ស្ថាប័ន ឬមន្ទីរ អង្គភាពនានារបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធនានា
  • ថវិកាប្រចាំឆ្នាំ និងក្របខ័ណ្ឌចំណាយរយៈពេលមធ្យមរបស់រដ្ឋបាល​ខេត្ត
  • បញ្ហាហិរញ្ញវត្ថុផ្សេងទៀតរបស់ក្រុមប្រឹក្សាខេត្ត
  • ការរៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធ និងធនធាន រួមទាំងការរៀបចំគណៈ​កម្មាធិការ ទីចាត់ការ និងបុគ្គលិករបស់ក្រុមប្រឹក្សាខេត្ត
  • ការបែងចែកភារកិច្ចដល់សមាជិកក្រុមប្រឹក្សាខេត្ត ដើម្បីជួបប្រាស្រ័យ​ទាក់ទងជាមួយប្រជាពលរដ្ឋ និងទទួលតាមដានការងារនានា​តាម​តម្រូវការរបស់ក្រុមប្រឹក្សាខេត្ត
  • ការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្ដិរបស់រដ្ឋបាលខេត្ត
  • ដំណើរការពិគ្រោះយោបល់ជាមួយសាធារណជន ក្នុងដែនសមត្ថ​កិច្ច​របស់ក្រុមប្រឹក្សាខេត្ត និងការផ្សព្វផ្សាយព័ត៌មាននានាជូនប្រជា​ពល​រដ្ឋក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាខេត្ត
  • សមិទ្ធផល បញ្ហាប្រឈមនៃកិច្ចការនានាដែលស្ថិតក្នុងដែនសមត្ថ​កិច្ច​របស់ក្រុមប្រឹក្សាខេត្ត
  • កិច្ចការផ្សេងៗទៀតដែលកំណត់ដោយច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្ដនានា។

ក្រៅពីកិច្ចការដែលក្រុមប្រឹក្សាខេត្តត្រូវធ្វើការសម្រេចដូចរៀបរាប់​ខាង​លើ ក្រុមប្រឹក្សាខេត្តអាចធ្វើការសម្រេចក្នុងកិច្ចប្រជុំសាមញ្ញ ឬវិសាមញ្ញ​របស់​ខ្លួន​នូវកិច្ចការផ្សេងៗទៀតរួមមាន ៖

  • ការកោះអញ្ជើញអភិបាលខេត្ត ឬអភិបាលរងខេត្ត ឬគណៈអភិបាល​ខេត្ត ឬបុគ្គលដែលពាក់ព័ន្ធ មកសាកសួរអំពីការអនុវត្ដសេចក្ដី​សម្រេច​របស់ក្រុមប្រឹក្សាខេត្ត ឬហេតុការណ៍ណាមួយដែលកើត​មានក្នុងខេត្ត ឬការដោះស្រាយបញ្ហាបន្ទាន់ និងពិសេសណាមួយ ព្រមទាំងកិច្ចការ​ផ្សេងៗទៀតដែលពាក់ព័ន្ធ
  • ការសម្រេចឱ្យសិក្សាស្រាវជ្រាវ ឬការស៊ើបអង្កេតលើករណីទាំង​ឡាយ​ណាដែលក្រុមប្រឹក្សាខេត្តយល់ថា មានសារៈសំខាន់ដល់ប្រជាពលរដ្ឋ ដែលខ្លួនជាតំណាង និងសម្រេចឱ្យធ្វើការផ្សព្វផ្សាយលទ្ធផល​នៃ​ការ​សិក្សាស្រាវជ្រាវ ឬការធ្វើអង្កេតនេះ ព្រមទាំងណែនាំដល់គណៈ​អភិ​បាលខេត្តអំពីវិធានការដោះស្រាយតាមលទ្ធផលនៃ​ការធ្វើ​អង្កេត​នេះ
  • ការពិនិត្យស្រាវជ្រាវ និងធ្វើសេចក្ដីរាយការណ៍ទៅក្រសួងមហាផ្ទៃ ក្នុងករណីមានការរំលោភអំណាចក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
  • ការពិនិត្យ និងដោះស្រាយចំពោះទង្វើមិនស្របច្បាប់ ដែលប្រព្រឹត្ដិ​ដោយក្រុមប្រឹក្សាខេត្ត ឬសមាជិកក្រុមប្រឹក្សាខេត្ត ឬគណៈអភិបាល​ខេត្ត ឬអភិបាលខេត្ត ឬអភិបាលរងខេត្ត ឬដោយបុគ្គលិក​របស់​ក្រុម​ប្រឹក្សាខេត្ត
  • ការពិនិត្យ និងចាត់វិធានការដោះស្រាយវិវាទនៅមូលដ្ឋាន ស្របទៅ​តាមច្បាប់ និងនីតិវិធីជាធរមាន
  • ការពិនិត្យ និងដោះស្រាយឱ្យបានសមស្របអំពីសំណូមពរ ឬការ​តវ៉ា​របស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
  • ការពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និង​ប្រចាំឆ្នាំ ដែលរៀបចំដោយគណៈអភិបាលខេត្ត
  • បញ្ហាផ្សេងៗទៀតដែលតម្រូវដោយច្បាប់ លិខិតបទដ្ឋានគតិយុត្ដ ព្រម​ទាំងបញ្ហានានាដែលក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តយល់​ឃើញថាចាំបាច់។

ទំនាក់ទំនងរវាងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត

ទំនាក់ទំនងរវាងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត មានដូចខាង​ក្រោម ៖

  • អំណាចបញ្ញត្ដិ និងអំណាចប្រតិបត្ដិទាំងអស់ ដែលក្រុមប្រឹក្សាខេត្ត​បានសម្រេចរួចហើយ គណៈអភិបាលខេត្តត្រូវទទួលខុសត្រូវក្នុងការ​ចាត់ចែងអនុវត្ដក្នុងនាមក្រុមប្រឹក្សាខេត្តរបស់ខ្លួន។ ដូច្នេះ គណៈ​អភិ​បាលខេត្ត គឺជាអ្នកអនុវត្ដទាំងសេចក្ដីសម្រេចខាងបញ្ញត្ដិ និងសេចក្ដី​សម្រេចខាងប្រតិបត្ដិរបស់ក្រុមប្រឹក្សាខេត្ត
  • ក្រុមប្រឹក្សាខេត្តត្រូវតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើកិច្ចការ​ដែលអនុវត្ដដោយគណៈអភិបាលខេត្ត ដើម្បីធានាថា គណៈអភិបាល​ខេត្ត​អនុវត្ដកិច្ចការទាំងនោះ បានត្រឹមត្រូវតាមច្បាប់ លិខិតបទដ្ឋាន​គតិយុត្ដនានា និងការសម្រេចរបស់ក្រុមប្រឹក្សាខេត្ត
  • គណៈអភិបាលខេត្ត ត្រូវធ្វើសេចក្ដីរាយការណ៍ជូនក្រុមប្រឹក្សាខេត្ត​របស់ខ្លួនរៀងរាល់កិច្ចប្រជុំសាមញ្ញ ឬវិសាមញ្ញរបស់ក្រុមប្រឹក្សា​ខេត្ត។ គណៈអភិបាលខេត្ត ត្រូវមានគណនេយ្យភាពចំពោះក្រុមប្រឹក្សា​ខេត្ត​របស់ខ្លួនអំពីការអនុវត្ដសេចក្ដីសម្រេចនានារបស់ក្រុមប្រឹក្សាខេត្ត និង​មានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាលអំពីការអនុវត្ដតាមរដ្ឋធម្ម​នុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋាន​គតិយុត្ដ​នានា
  • អភិបាលខេត្តដោយមាននាយករដ្ឋបាលសាលាខេត្តជាជំនួយការ​ ត្រូវ​ធ្វើសេចក្ដីរាយការណ៍អំពីសកម្មភាព និងលទ្ធផលនៃការអនុវត្ដ​តួនាទី​ជាតំណាងរាជរដ្ឋាភិបាល និងតំណាងក្រសួង ស្ថាប័ននានា ព្រមទាំង​ស្ថានភាពនៃការងារទាំងនោះក្នុងរបាយ ការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ដើម្បីរាយការណ៍ជូនក្រុមប្រឹក្សាខេត្តរបស់ខ្លួន
  • ក្នុងករណីមានបញ្ហាណាមួយ ដែលពាក់ព័ន្ធដល់ការអនុវត្ដតួនាទី​របស់​អភិបាលខេត្ត ក្នុងនាមជាតំណាងរាជរដ្ឋាភិបាល តំណាងក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ហើយដែលមានការប៉ះពាល់ដល់​ផល​ប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ឬមានការទាមទារតវ៉ា​ពី​ប្រជាពលរដ្ឋ ក្រុមប្រឹក្សាខេត្តអាចតម្រូវឱ្យអភិបាលខេត្ត​ធ្វើសេចក្ដី​រាយការណ៍ជាពិសេសជូនកិច្ចប្រជុំក្រុមប្រឹក្សាខេត្តរបស់ខ្លួន
  • ក្រុមប្រឹក្សាខេត្តអាចផ្ដល់អនុសាសន៍ និងការណែនាំដល់អភិបាល​ខេត្ត​អំពីការអនុវត្ដតួនាទីខាងលើនេះ ដើម្បីឆ្លើយតបតម្រូវការជា​អាទិភាព និងបញ្ហាប្រឈមនានារបស់មូលដ្ឋាន។ អភិបាលខេត្តត្រូវទទួលយក​អនុសាសន៍ និងការណែនាំពីក្រុមប្រឹក្សាខេត្តរបស់ខ្លួន ដើម្បីធ្វើការ​ណែនាំ សម្របសម្រួល និងតម្រង់ទិសដល់មន្ទីរ អង្គភាព និង​ទីភ្នាក់​ងារ​នានារបស់ក្រសួង ស្ថាប័នដែលប្រចាំនៅខេត្ត ក្នុងការឆ្លើយតប​តម្រូវការទាំងនោះ ហើយត្រូវរាយការណ៍ជូនក្រុមប្រឹក្សាខេត្តវិញ។

ការបង្កើតគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត

ក្រុមប្រឹក្សាខេត្ត មានកាតព្វកិច្ចបង្កើតគណៈកម្មាធិការពិគ្រោះយោបល់​ចំនួនបី ដែលរួមមាន ៖

ក្រៅពីគណៈកម្មាធិការជាកាតព្វកិច្ចទាំងបីខាងលើនេះ ក្រុមប្រឹក្សាខេត្ត​អាច​បង្កើតគណៈកម្មាធិការបន្ថែមផ្សេងទៀតតាមការចាំបាច់។  គណៈកម្មាធិ​ការ​ដែលបង្កើតបន្ថែមមិនត្រូវមានតួនាទី និងភារកិច្ចត្រួតគ្នា ជាមួយនឹងតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការជាកាតព្វកិច្ចទាំងបីខាងលើឡើយ។ ជាមួយ​នេះ​ដែរ ក្រុមប្រឹក្សាខេត្តអាចបង្កើតអនុគណៈកម្មាធិការ ឬក្រុមការងារ​ផ្សេងៗ​ទៀត តាមការស្នើសុំរបស់គណៈកម្មាធិការនានា ឬគណៈអភិបាលខេត្ត។ អនុគណៈ​កម្មាធិការ ឬក្រុមការងារខាងលើនេះត្រូវមានគណនេយ្យភាពជា​បឋមជា​មួយ​គណៈកម្មាធិការ ឬគណៈអភិបាលខេត្ត។

ក្នុងការរៀបចំបង្កើតគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត ក្រុម​ប្រឹក្សាខេត្តត្រូវពិនិត្យពិចារណាលើចំណុចមួយចំនួនដូចខាងក្រោម៖

  • ក្រុមប្រឹក្សាខេត្តអាចតែងតាំងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អភិបាលរងខេត្ត បុគ្គលិករបស់ក្រុមប្រឹក្សាខេត្ត តំណាងក្រុម​ប្រឹក្សា​ប្រភេទផ្សេងទៀតក្នុងដែនសមត្ថកិច្ចរបស់ខេត្ត តំណាងសហគមន៍​ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានាតាមការចាំបាច់ ជាសមាជិក​គណៈ​កម្មាធិការ ឬអនុគណៈកម្មាធិការ ឬក្រុមការងារ​ដែលខ្លួនបាន​បង្កើត​ឡើង
  • ក្រុមប្រឹក្សាខេត្ត ត្រូវសម្រេចពីចំនួនសមាជិកគណៈកម្មាធិការ ឬអនុ​គណៈកម្មាធិការ ឬក្រុមការងារនីមួយៗ ការតែងតាំងប្រធាន អនុ​ប្រធាន និងកំណត់អំពីការរៀបចំ និងការប្រព្រឹត្ដទៅរបស់គណៈ​កម្មា​ធិការ ឬអនុគណៈកម្មាធិការ ឬក្រុមការងារនានាដែលខ្លួន​បាន​បង្កើត​ឡើង
  • គណៈកម្មាធិការ ឬអនុគណៈកម្មាធិការ ឬក្រុមការងារនីមួយៗ ត្រូវ​មានតំណាងស្ដ្រីសមស្រប រួមទាំងតំណែងប្រធាន ឬអនុប្រធាន​គណៈ​កម្មាធិការ ឬអនុគណៈកម្មាធិការ ឬក្រុមការងារផង
  • ក្រុមប្រឹក្សាខេត្តអាចរំសាយគណៈកម្មាធិការ ឬអនុគណៈកម្មាធិការ ឬក្រុមការងារ និងអាចបញ្ឈប់សមាជិកណាម្នាក់ពីគណៈកម្មាធិការ ឬអនុគណៈកម្មាធិការ ឬក្រុមការងារដែលខ្លួនបានបង្កើត​ឡើង​តាម​ការចាំបាច់ ឬតាមសំណើរបស់គណៈកម្មាធិការ ឬគណៈអភិបាល​ខេត្ត
  • គណៈអភិបាលខេត្តអាចស្នើសុំក្រុមប្រឹក្សាខេត្ត ដើម្បីឱ្យគណៈកម្មា​ធិការ ឬអនុគណៈកម្មាធិការ ឬក្រុមការងារណាមួយ ដែល​ក្រុម​ប្រឹក្សាខេត្តបានបង្កើតឡើង រួមទាំងគណៈកម្មាធិការជាកាតព្វកិច្ច​ទាំងបី ជួយសិក្សាផ្ដល់យោបល់លើបញ្ហាណាមួយ ឬមួយចំនួន​ដែល​ស្ថិតក្នុងសមត្ថកិច្ចរបស់គណៈអភិបាលខេត្ត
  • ក្រុមប្រឹក្សាខេត្តត្រូវទទួលខុសត្រូវរាល់ការសម្រេច និងសកម្មភាព​របស់គណៈកម្មាធិការនានា និងទទួលខុសត្រូវចំពោះផលវិបាក​នានា ដែលកើតចេញពីសកម្មភាពរបស់គណៈកម្មាធិការទាំងនោះ
  • ក្រុមប្រឹក្សាខេត្ត ត្រូវណែនាំឱ្យគណៈអភិបាលខេត្តឱ្យផ្ដល់ការគាំទ្រ​កិច្ចការផ្នែកលេខាធិការដ្ឋាន ការគាំទ្រផ្នែកច្បាប់ និងបច្ចេកទេស ព្រមទាំងការគាំទ្រដទៃទៀតដល់គណៈកម្មាធិការជាកាតព្វកិច្ចទាំង​បី ឬដល់គណៈកម្មាធិការ ឬអនុគណៈកម្មាធិការ ឬក្រុមការងារ​ដែល​ក្រុមប្រឹក្សាខេត្តបានបង្កើតឡើង
  • គណៈកម្មាធិការដែលបានបង្កើតឡើង ត្រូវមានសេចក្ដីរាយការណ៍​ប្រចាំត្រីមាស ឆមាស ឆ្នាំ និងតាមតម្រូវការចាំបាច់នានា។ សេចក្ដី​រាយការណ៍ទាំងនេះ ត្រូវចម្លងជូនគណៈអភិបាលខេត្ត ដើម្បីធ្វើការ​បូកសរុប និងរាយការណ៍ជូនក្រុមប្រឹក្សាខេត្ត
  • ក្រុមប្រឹក្សាខេត្ត អាចតម្រូវឱ្យគណៈកម្មាធិការណាមួយធ្វើសេចក្ដី​ រាយការណ៍ដោយផ្ទាល់អំពីកិច្ចការពិសេស និងបន្ទាន់ណាមួយក្នុង​កិច្ច​ប្រជុំរបស់ខ្លួនតាមការចាំបាច់។