Jump to content

ក្រសួងសង្គមកិច្ច និងយុវនីតិសម្បទា

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

សាវតាក្រសួង

បេសកកម្ម

ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា (Ministry of Social Affairs, Veterans and Youth Rehabilitation) បាន​បង្កើត​តាម​ព្រះ​រាជក្រម​លេខ នស/រកត/០១០៥/០០១ ចុះ​ថ្ងៃ​ទី ១៧ ខែ មករា ឆ្នាំ ២០០៥ និង​អនុក្រឹត្យ​លេខ ៥៤ អនក្រ.បក ចុះ​ថ្ងៃ​ទី ២៤ ខែ មីនា ឆ្នា ២០១១ ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ។

ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា ប្រគល់​បេសកកម្ម​ឲ្យ​ដឹកនាំ​គ្រប់គ្រង​វិស័យ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៖

ក. វិស័យ​សង្គមកិច្ច

- រៀបចំ​គោលនយោបាយ និង​ដឹកនាំ គ្រប់គ្រង​រាល់​សេវា​សង្គមកិច្ច​របស់​រដ្ឋ ដើម្បី​ជួយ​ដល់​ប្រភេទ​ជន​ងាយរង​គ្រោះ​និង​ជន​ក្រីក្រ ជា​អាទិ៍ ជន​ចាស់​ជរា​គ្មាន​ទីពឹង ជន​ពិការ ជន​រស់​នៅ​តាម​ចិញ្ចើម​ថ្នល់ កុមារ​កំព្រា កុមារ​តាម​ចិញ្ចើម​ថ្នល់ ស្រី​ពេស្យា ជន​ដែល​ផ្ទុក​មេរោគ​អេដស៍/ជំងឺ​អេដស៍​និង​មាន​មេរោគ​ឆ្លង​កាចសាហាវ ជន​ក្រីក្រ​ជួប​ការ​លំបាក​ជាង​គេ​ក្នុង​សង្គម ។

- រៀបចំ​អនុវត្ត​គោលនយោបាយ​ស្តីពី​គ្រួសារ ជន​ចាស់ជរា ។

- រៀបចំ​លិខិត​បទដ្ឋាន​និង​គ្រប់គ្រង​ការងារ​សុំ​កូន​ទៅ​ចិញ្ចឹម​នៅ​ក្នុង​និង​ក្រៅ​ប្រទេស ។

- រៀបចំ​សេវា​សង្គមកិច្ច ដើម្បី​ថែរក្សា ការពារ និង​អប់រំ កុមារ​កំព្រា កុមារ​រង​គ្រោះ​ដោយ​អំពើ​ជួញដូរ ដោយ​ជំងឺ​អេដស៍ កុមារ​ពិការ និង​ចិញ្ចឹម​បីបាច់​ថែរក្សា​​ទារក​ដែល​ត្រូវ​គេ​បោះបង់​ចោល​ ។

- រៀបចំ​គោលការណ៍​គាំពារ​ជន​ពិការ អនុវត្ត​ការងារ​ស្តារ​លទ្ធភាព​ពលកម្ម បង្ក​លក្ខណៈ​ខាង​ជីវភាព​រស់​នៅ​ដល់​ជនពិការ​គ្រប់​ប្រភេទ ។

- សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​ផ្លូវ​ច្បាប់​ក្នុង​ការ​ទប់ស្កាត់​អំពើ​ពេស្យា ការ​ជួញដូរ​មនុស្ស ការ​រំលោភ​ផ្លូវ​ភេទ​លើ​កុមារ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ ។

- សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ដល់​ជនរង​គ្រោះ​ដោយ​ភយន្តរាយ​ផ្សេងៗ មាន​គ្រោះថ្នាក់​ធម្មជាតិ និង​គ្រោះថ្នាំក់​ផ្សេងៗ​ទៀត ។

- សហការ​ជាមួយ​ស្ថាប័ន​និង​អង្គការ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​សិទ្ធិកុមារ ។

- គ្រប់គ្រង​របប​សោធននិវត្តន៍​និង​សោធន​បាត់បង់​សម្បទា​វិជ្ជាជីវៈ សម្រាប់​មន្ត្រី​រាជការ តាម​ការ​កំណត់​របស់​ច្បាប់​ស្តី​ពី​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល ដែល​កំពុង​បំពេញ​ភារកិច្ច ។

- គ្រប់គ្រង​របប​ធានា​រ៉ាប់រង​សង្គម ដល់​កូន​កំព្រា​ពី​សព​មន្ត្រី​រាជការ ។

- ដឹកនាំ​គ្រប់គ្រង និង​សហការ​ជាដៃគូ​ជាមួយ​អង្គការ​មិន​មែន​រដ្ឋាភិបាល អង្គការ​ជាតិ អន្តរជាតិ ដែល​ធ្វើ​សកម្មភាព​លើ​វិស័យ​សង្គមកិច្ច ជា​អាទិ៍ ការ​ផ្តល់​ព័ត៌មាន ការ​ប្រាប់​បង្ហាញ ការ​ណែនាំ និង​ការ​ផ្តល់​សេវា សង្គមកិច្ច​នានា ។

- បំផុស​ការ​ចូលរួម​សកម្មភាព​សាមគ្គីធម៌​សង្គម លើក​ទឹកចិត្ត និង​ធ្វើ​ជា​ដៃគូ​ជាមួយ​អង្គការ​មនុស្សធម៌ សហគមន៍​មូលដ្ឋាន ក្នុង​ការ​បង្កើត​មូលនិធិ​ទ្រទ្រង់​ដល់​សេវា​សង្គមកិច្ច​នានា ដើម្បី​ជួយ​ដល់​ជន​ងាយ​រង​គ្រោះ​គ្រប់​ប្រភេទ ។

ខ. វិស័យ​អតីតយុទ្ធជន

- រៀបចំ​ដាក់​ឲ្យ​ដំណើរការ​ សម្របសម្រួល​គោលនយោបាយ​ជាតិ​ស្តី​ពី​អតីតយុទ្ធជន ។

- រៀបចំ​បញ្ចូល​អតីតយុទ្ធជន​និង​គ្រួសារ​ទៅ​ក្នុង​សហគមន៍ ដោយ​លើក​កម្ពស់​ស្ថានភាព​រស់​នៅ​ឲ្យ​បាន​ល្អ​ប្រសើរ​និង​គ្មាន​ការ​រើស​អើង តាម​រយៈ​ការ​បណ្ដុះបណ្តាល​វិជ្ជាជីវៈ ការ​ដោះស្រាយ​ការងារ​ធ្វើ និង​បង្កើត​មុខ​របរ ។

- លើក​គោលការណ៍​អប់រំ​ណែនាំ​អតីតយុទ្ធជន ឲ្យ​យល់​ពី​តម្លៃ​កាតព្វកិច្ច តួនាទី​ក្នុង​គ្រួសារ សហគមន៍ និង​សង្គម​ដើម្បី​ទទួល​បាន​ការ​អភិវឌ្ឍ ។

- គ្រប់គ្រង​របប​សោធននិវត្តន៍ និង​សោធន​បាត់បង់​សមត្ថភាព​ការងារ​សម្រាប់​យោធិន​នៃ​កង​យោធពលខេមរភូមិន្ទ​តាម​ការ​កំណត់​របស់​ច្បាប់​ស្តី​ពី​របប​សោធននិវត្តន៍ និង​សោធន​បាត់បង់សមត្ថភាព​ការងារ ចំពោះ​យោធិន​នៃ​កង​យោធពលខេមរភូមិន្ទ ។

- គ្រប់គ្រង​និង​ដោះស្រាយ​គោលនយោបាយ​ជូន​ជនពលី មរណៈ បង្ក​ស្លាប់ បាត់​ខ្លួន ពិការ​និង​គ្រួសារ​នៃ​កង​យោធពលខេមរភូមិន្ទ​ កង​កម្លាំង​នគរបាល​ជាតិ មន្ត្រី​រាជការ​ស៊ីវិល កង​សេនាជន កង​ជីវពល​ដែល​បាន​បូជា​ជីវិត​ដើម្បី​ប្រទេស​ជាតិ ។

គ. វិស័យ​យុវនីតិសម្បទា

- គ្រប់គ្រង​ក្មេង​ពី​អាយុ ៧ ឆ្នាំ ដល់​ក្រោម ១៨ ឆ្នាំ ដែល​បាន​ប្រព្រឹត្ត​បទល្មើស ពាល​អនាថា អបាយមុខ ក្នុង​ទូទាំង​ប្រទេស និង​មាន​តួនាទី​កែប្រែ អប់រំ ដើម្បី​ឲ្យ​ក្លាយ​ទៅ​ជា​ពលរដ្ឋ​ល្អ ។

- បង្កើត​មណ្ឌល​ទទួល​អប់រំ​កុមារ​តាម​ការ​ចាំបាច់ ដើម្បី​ទទួល​យក​កុមារ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​មក​គ្រប់គ្រង អប់រំ និង​បណ្តុះបណ្តាល ។

- សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ជាតិ អន្តរជាតិ បង្កើត​កម្មវិធី​អប់រំ បណ្តុះបណ្តាល​អនីតិជន ។

- សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ រៀបចំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​ទណ្ឌិត​តាម​ពន្ធនាគារ ។

- កសាង​ច្បាប់ លិខិត​បទដ្ឋាន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​គ្រប់គ្រង​វិស័យ​យុវនីតិសម្បទា ។

- បង្កើត​និង​គ្រប់គ្រង​មណ្ឌល​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿង​ញៀន និង​សមាហរណកម្ម​ជនរងគ្រោះ​ទាំង​នោះ​ទៅ​ក្នុង​សហគមន៍ ។

តួនាទីនិងការទទួលខុសត្រូវ

អាសយដ្ឋាន

អគារលេខ ៧៨៨ មហាវិថី ព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ

Address: #788, Monivong Blvd, Sangkat Beoung Trabek, Khan Chamkamorn, Phnom Penh.

ឯកសារយោង

  1. គេហទំព័រ​របស់​ក្រសួង​សង្គមកិច្ច និង​យុវនីតិសម្បទា (http://www.mosvy.gov.kh/ Archived 2016-05-14 at the វេយប៊ែខ ម៉ាស៊ីន.)