Jump to content

កសិកម្មនៅប្រទេសកម្ពុជា

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

កសិកម្មនៅខ្មែរ ជាប្រទេស​មួយ​ដែល​ពឹង​ផ្អែក​ទៅ​លើ​កសិកម្ម​ជា​សំខាន់​ព្រោះ​ប្រជាជន​ប្រមាណ ៨០% ទៅ ៨៥%​ជាកសិករ ហើយ​កសិកម្ម​ផ្ដល់ ៥០%​នៃ​ផលិតផល​ជាតិ​សរុប។ ផលិតផល​កសិកម្ម​រួម​មាន​ដដំណាំ​រួម​ផ្សំ ៦៣% ការចិញ្ចឹម​សត្វ ២៤% ការនេសាទ ១០% និង ព្រៃឈើ ៣%។ ដូចនេះ​បញ្ជាក់ឲ្យឃើញថា​ប្រជាជន​កម្ពុជា​មាន​កម្រិត​ជីវភាព​ទាប​នូវ​ឡើយ ។

ទិដ្ឋភាពមើលពីលើអាកាសវាលស្រែចំការនៅខេត្តកំពង់ចាម

មុនថ្ងៃរដ្ឋប្រហារ ១៨ មីនា ១៩៧០ របស់ឧត្តមសេនីយ៍លន់ណុល កម្ពុជានៃសង្គមរាស្ត្រនិយមមានលទ្ធភាពក្នុងការផលិតស្រូវអង្ករប្រមាណជា ៣លានតោន ហើយបាន​នាំចេញទៅលក់នៅក្រៅប្រទេសថែមទៀតផង។ ប៉ុន្តែក្រោយថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ កម្ពុជាបានត្រឡប់ទៅជាប្រទេសសុំជំនួយអង្ករពីអន្តរជាតិមកវិញ។ ធ្វើឲ្យផលិតកម្មស្រូវត្រូវធ្លាក់ចុះងើបមិនរួចឡើយ​ ព្រោះតែសង្គ្រាមស៊ីវិលរវាងឆ្នាំ១៩៧០-១៩៧៥។ នៅពេលដែលខ្មែរក្រហមឡើងកាន់កាប់អំណាច ពួកគេបានបង្កើតសហករណ៍ពីកម្រិតទាបទៅខ្ពស់និងអនុវត្តផែនការបួនឆ្នាំរបស់ខ្លួន ប៉ុន្តែការអនុវត្តគោលនយោបាយបែបនេះបានធ្វើឲ្យប្រជាជនកម្ពុជាជាច្រើនបានស្លាប់ដោយសារតែ ការខ្វះអាហារបរិភោគគ្រប់គ្រាន់ ឬ ដោយការបង្អត់អាហាររហូតដល់ស្លាប់ទៀតផង។ ក្រោយរបបខ្មែរក្រហមដួលរលំទៅ ផលិតកម្មស្រូវដែលជាសូចនាករសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងសង្គមកសិកម្មរបស់កម្ពុជា នៅតែបន្តរធ្លាក់ចុះឆ្ងាយពីគោលដៅ ដែលបណ្តាលឱ្យមានការខ្វះខាតស្បៀងយ៉ាងធ្ងន់ធ្ងរក្នុងចន្លោះឆ្នាំ ១៩៧៩-១៩៨៧។ នាពេលបច្ចុប្បន្ននេះកសិកម្មកម្ពុជាហាក់ដូចជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ដោយសារតែមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា

យល់ដឹង

ប្រជាជន​កម្ពុជា​យើង​ភាគច្រើន​រស់នៅ​តាម​ជនបទ ហើយ​ប្រកប​របរ​កសិកម្ម។ ទោះ​បី​ប្រទេស​កម្ពុជា​មាន​ផ្ទៃ​ដី​សម្រាប់​ដំណាំ​ស្រូវ​ពី ៨៥% ទៅ ៩០%​ក៏ដោយ​ក៏​គ្រួសារមួយចំនួន​ផលិត​ស្រូវ​ពុំ​បាន​គ្រប់គ្រាន់​តាម​តម្រូវការឡើយ

១.ប្រភេទ​កសិករ

កសិករកម្ពុជាកំពុងតែស្ទូងស្រែដោយប្រើដៃ

តាម​ការ​ស្រាវជ្រាវ​បា​ន​ឲ្យដឹងថា​ ចំនួន​គ្រួសារ​ដែល​ប្រកប​របរ​កសិកម្ម​មាន​ប្រមាណពី ១.២លាន ទៅ ១.៣លានគ្រួសារ​នៅ​ទូទាំង​ប្រទេស។ គេអាច​ចែក​​ប្រភេទ​កសិករ​ទាំង​នោះ​ជា​ប្រភេទ​ធំៗ​ដូចតទៅ ៖

  • កសិករផលិត​ស្រូវ ឬ អ្នកស្រែ ៖ មាន​ចំនួន​ច្រើន​ជាងគេ​ក្នុង​ប្រទេស និង​និយម​ធ្វើ​ស្រូវ​វស្សា (រដូវភ្លៀង)លើផ្ទៃ​ដីទំនាប។ កសិករទាំងនោះ​អាច​រកប្រាក់​ដើម្បី​បង្គ្រប់ចំណូលរបស់ពួកគេ​ដោយ​ការងារ​ផ្សេងៗ​ទៀត (ចិញ្ចឹមសត្វ និង ឡើង​ត្នោត)ឯកសិករ​មួយចំនួនទៀត ធ្វើស្រូវ​ប្រដេញទឹក និង​ស្រូវ​ប្រាំង នៅ​ចុង​រដូវ​វស្សា ពេលទឹកស្រក​តាមដងទន្លេ មាត់បឹង​ និង​ព្រែកនានា។ កសិករទាំងនោះ​អាច​រកប្រាក់​បំពេញ​តម្រូវការរបស់ពួកគេ​បាន​ដោយ​ស្វែង​រក​ការងារ​ធ្វើតាម​រដូវ នៅ​ទី​ប្រជុំជន ទីក្រុង ការងារកាប់អុស និងធ្វើធ្យូង។
  • កសិករនៅ​តំបន់ដីខ្ពស់ ៖ គេដាំដំណាំ អចិន្ត្រៃយ៍ ឬ តាមរដូវ​ ដូ​ចជា៖ ពោត ដំឡូង សណ្ដែក ល្ង...។ល។ កសិករខ្លះទៀត ចិញ្ចឹមសត្វ និង ធ្វើ​ស្រូវ​ប្រដេញទឹក។
  • កសិករធ្វើចំការ ឬ កសិករ​មិន​ដាំ​ស្រូវ ៖ ពួកគេ​ដាំដំណាំ​ផ្សេងៗនៅតាម​បណ្ដោយ​មាត់ទន្លេ ស្ទឹង និង​ដីទួលនានា ដូចជា ថ្នាំជក់ បន្លែ ផ្កា...។ល។ កសិករទាំងនេះ​មានការងារបន្ទាប់​បន្សំរបស់ពួកគេគឺ ចិញ្ចឹមសត្វ ដាំដើមឈើដែលអាចហូបផ្លែបាន និង​ នេសាទ។
  • កសិករ​ក្នុង​បណ្ដាខេត្តភូមិភាគឦសាន (រតនះគីរី មណ្ឌលគីរី)និង​តំបន់​ព្រៃភ្នំនានា ច្រើន​ធ្វើ​ដំណាំព្រៃដុត មាន​ ស្រូវ ពោត ដំឡូង និង​រុក្ខជាតិ​ផ្ដល់មើម​ជាដើម។ ក្រៅពីនេះ​ពួកគេ​ស្វែងរក​អនុផលព្រៃ​ឈើ និង​បរបាញ់សត្វ។

ក្នុង​វិស័យ​កសិកម្ម​កម្ពុជា ស្ត្រីបាន​ដើរ​តួនាទី​សំខាន់​ណាស់​បន្ថែម​លើ​ការងារ​ផ្ទះសំបែង (ដាំបាយ បុក កិនស្រូវ ដងទឹក រកអុស និងថែទាំ​កូនចៅ)។ ស្ត្រី ត្រូវ​ដាំដំណាំ ប្រមូលផល មើលថែទាំ​សត្វពាហនៈ និង​ត្រូវ​ទៅលក់​ផលិត​ផល​នៅឯទីផ្សារទៀតផង។

ប្រព័ន្ធកសិកម្ម

ដំណាំស្រូវ

ប្រព័ន្ធ​ផលិត​ស្រូវអាច​មាន​លក្ខណះខុស​ប្លែក​គ្នា​ទៅតាម​តំបន់ទីតាំង​ភូមិសាស្ត្រ របបទឹក រដូវ​ដាំដុះ និង​កម្រិត​ត្រួតពិនិត្យ​ផ្សេងៗ។ ដូចនេះ​គេ​អាច​ចែក​ប្រព័ន្ធ​ផលិត​ស្រូវ​ដូចតទៅ ៖

  • ស្រូវវស្សា ៖ ត្រូវ​បាន​គេ​ដាំ​នៅ​ទូទាំង​ប្រទេស​ចាប់ពី​ខែ​ឧសភា ដល់​ខែ​តុលា។ ទំហំ​ដី​ប្រែប្រួល​ទៅ​តាម​ដង់ស៊ីតេ​ប្រជាជន​គឺ​ ១ហិចតា​នៅ​ខេត្ត​កំពង់ស្ពឺ និង​តិចជាង​៥​ហិចតា​នៅ​ខេត្ត​បាត់ដំបង រីឯទិន្នផល​ក៏​ប្រែ​ប្រួល​ទៅ​តាម​តំបន់​ដែរ។ ខេត្ត​ដែល​ផ្ដល់​ស្រូវ​ច្រើន​ជាង​គេ​គឺ​ខេត្ត​បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង តាកែវ សៀមរាប កំពង់ធំ ព្រៃ​វែង និង​ស្វាយរៀង។
  • ស្រូវប្រាំង ៖ គេ​ធ្វើ​នៅ​តំបន់​ក្បែរ​មាត់​បឹង ទន្លេ ស្ទឹង ព្រែក ដោយ​វិធី​ស្ទូង និង​បាច​ទឹក​បញ្ចូល នៅ​រដូវ​ទឹក​ស្រក​។ ខេត្ត​ដែល​ធ្វើ​ស្រូវ​ប្រាំង​សំខាន់ៗ​មាន តាកែវ ព្រៃវែង និង​ កណ្ដាល។ ស្រូវ​ប្រាំង​ទទួល​បាន​ទិន្នផល​ខ្ពស់​ជាង​ស្រូវ​វស្សា តែ​ទាមទារ​ឲ្យ​មានការ​ថែទាំ​ជា​ប្រចាំ​​​។
  • ស្រូវឡើងទឹក ៖ តំបន់​ស្រូវ​ឡើង​ទឹក​សំខាន់ៗ​​ស្ថិត​នៅ​ជុំវិញ​បឹង​ទន្លេសាប និង​កំហូង​នានា​តា​ម​បណ្ដោយ​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​កំពង់ចាម ព្រៃវែង និង​តាកែវ។ ស្រូវឡើង​ទឹក​អាច​ធន់​នឹង​កំពស់ទឹក ២ម ទៅ ៥ម។ ស្រូវឡើង​ទឹកបាន​ផ្ដល់​ទិន្នផល​ខ្ពស់​ដូច​ស្រូវ​ប្រាំង​ដែរ។ ស្រូវ​ឡើង​ទឹក​ជាប្រភព​ស្រូវ​ធ្ងន់​ដែល​រយៈ​ពេលដាំដុះ​ពី ៨ ទៅ៩​ខែ​ទើប​អាច​ប្រមូល​ផលបាន។

ដំណំកៅស៊ូ

កៅស៊ូមានប្រភព​នៅ​ប្រទេស​ប្រេស៊ីល ហើយ​នាំចូល​មក​ប្រទេស​កម្ពុជា​ដោយ​ក្រុមហ៊ុន​បារាំង​កាល​ពីឆ្នាំ ១៩១០ (១៩២០តាមសៀវភៅសិក្សាគោលសិក្សាសង្គមថ្នាក់ទី៩)ដោយលោក ប៊ូយ៉ា ដាំនៅស្រុកព្រៃនុប ខេត្តកំពត ដែលឥឡូជាខេត្តព្រះសីហនុ។ គេ​ដាំ​កៅស៊ូ​នៅ​តំបន់ដី​ក្រហម​បាសាលដែលសំបូរជីវជាតិដូចជា ​ខេត្ត​កំពង់ចាម​​ ត្បូងឃ្មុំ ក្រចេះ រតនះគីរី និង ក្រុងព្រះសីហនុ។ មុនឆ្នាំ ១៩៧០ ចំការ​កៅស៊ូ​កម្ពុជា​មាន ៦៧០០០ហិចតា​ ឲ្យផល ៥២០០០តោន​ក្នុង​មួយឆ្នាំ។ សព្វ​ថ្ងៃ​គេ​កាប់ដើម​កៅស៊ូ​ចាស់ៗ​ចោល និង​ដាំថ្មី​ជំនួស​វិញ។ ក្នុង​ឆ្នាំ ១៩៩៩​ ផ្ទៃដី​ចៀរជ័រ​កៅស៊ូ​មាន ៣៩៧១៨​ហិចតា និង​ឲ្យ​ផល​ជ័រ​ស្ងួត​បាន ៤៥២០៣តោន ​ហើយ​បញ្ចេញ​លក់ជ័រ​ស្ងួត​បាន ៤៤៣៧៦តោន។ ប្រទេស​កម្ពុជាមាន​លទ្ធភាព​ច្រើន​ក្នុង​ការ​ពង្រីក​ដំណាំ​កៅស៊ូ ព្រោះ​ប្រទេស​យើង​មាន​ដី​ក្រហម​រហូត​ដល់ទៅ ៧១៦០០០ហិចតា។ ដំណាំ​កៅស៊ូ​មាន​សារៈសំខាន់​ខ្លាំង​ក្នុង​សេដ្ឋកិច្ច​ជាតិ ព្រោះ​ដំណាំ​នេះ​ផ្ដល់នូវ​រូបធាតុដើម​សម្រាប់​ឧស្សាហកម្ម​កៅស៊ូ​ក្នុង​ស្រុក និង​នាំចេញ ហើយ​ផ្តល់​ការងារ​ដល់​ប្រជាជន​យើង​បាន​មួយ​ចំនួនធំ។

ដំណាំផ្សេងទៀត

ក្នុង​ឆ្នាំ ១៩៩៩ ក្រៅ​ពី​ដំណាំ​ស្រូវ និង​ដំណាំ​កៅ​ស៊ូ គេឃើញ​មាន​ដំណាំ​ជាច្រើន​ទៀត​ដូចជា ពោត (៥៩៨៣៥​ហិចតា) សណ្ដែកសៀង (៣៥០៨៥​ហិចតា) សណ្ដែកបាយ (២៦១៨២ហិចតា) ដំឡូងឈើ (១៤០៣៩ហិចតា) ល្ង (១៦៤៦២ហិចតា) សណ្ដែកដី (១០៥៨៧ហិចតា) អំពៅ (៨៤១៧ហិចតា) ថ្នាំជក់ (៨២៩២ហិចតា) ល្ហុងប្រេង (១៥២១ហិចតា) ក្រចៅ (២៧៣ហិចតា) ម្រេច(N/A)...និង​បន្លែ (៣១៤៥០ហិចតា)។

ការចិញ្ចឹមសត្វ

នៅប្រទេស​កម្ពុជា​យើង ការចិញ្ចឹម​សត្វ​ទទួល​បាន​ផលទាប​នូវ​ឡើយ ហើយ​មាន​លក្ខណះ​តូចតាច​នៅ​ក្នុង​តែ​រង្វង់​គ្រួសារ និង​ខ្វះ​បច្ចេកទេស។ ការចិញ្ចឹម​សត្វនេះ​មិន​បម្រើ​ឲ្យ​ឧស្សាហកម្ម​ ឬជំនួញទេ វា​បម្រើឲ្យ​តែ​ការងារ​កសិកម្ម​ប៉ុណ្ណោះ ព្រោះ​សព្វ​ថ្ងៃ​នេះ​គោ និង ក្របី ៩០% ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជា​កំលាំង​អូសទាញ។ ចំពោះសត្វគោវិញគេប្រើវាសំរាប់ព្ជួរ រាស់ដីនៅរដូវវស្សា។ ការចិញ្ចឹមគោ​ទៅ​អនាគត​អាច​បម្រើឲ្យ​ឧស្សាហកម្ម​បាន ព្រោះ​សព្វថ្ងៃ​គេ​បង្កើត​ស្ថានីយ​ចិញ្ចឹម​គោ​មួយ​កន្លែង​នៅ​ភ្នំ​តាម៉ៅ ក្នុង​ខេត្ត​តាកែវ ដែល​មាន​ពូជគោ​ល្អៗជាច្រើន។ ការ​ចិញ្ចឹម​សត្វ​បាន​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​យើង។

ការនេសាទ

ព្រៃឈើ

ទំនាក់ទំនង​រវាង​ការដាំដុះ អាជីវកម្មព្រៃឈើ និង​នេសាទ

ការដាំដុះ ព្រៃឈើ​ និង​នេសាទ ជា​ភោគទ្រព្យយ៉ាង​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា ហើយ​កសិករ​បាន​ពង្រីក​ប្រព័ន្ធ​ផលិត​កម្ម​ដែល​គេ​បាន​រ៉ាប់​បញ្ចូល​ធាតុ​គន្លឹះ​ទាំង​បី​នេះ។ នៅ​ពេល​ដែល​កសិកររំពឹង​លើ​ដី​ដាំដុះ​ដើម្បីធ្វើ​ផលិតកម្ម (ដំណាំ និង ការ​ចិញ្ចឹមសត្វ)កម្រៃ​ដែល​បាន​មកពី​អាជីវកម្មព្រៃ​ឈើ និង នេសាទ ក៏​ជា​ចំណែកមួយសំខាន់​នៃ​ប្រព័ន្ធ​កសិកម្ម​មួយដែរ។ មុន​ឆ្នាំ​ ១៩៧០ សកម្មភាព​អភិវឌ្ឍហាក់បី​ដូចជា​មាន​លំនឹង ក៏​ប៉ុន្តែ​ជាមួយ​នឹង​កំណើន​ប្រជាជន ដែល​កើន​ឡើង​ឥត​ឈប់ឈរ និង​កំណែប្រែសេដ្ឋកិច្ច​ឆ្ពោះ​ទៅ​រក​សេដ្ឋកិច្ច​ទីផ្សារ​ក្រោយ​ឆ្នាំ ១៩៩៣ គេ​សង្កេត​ឃើញ​សញ្ញាណនៃ​ការ​បំផ្លិចបំផ្លាញ​បរិស្ថាន​មាន​សភាព​ធ្ងន់ធ្ងរឡើងៗ។ អតិផល​នៃ​ប្រព័ន្ធ​កសិកម្ម​នាំ​ឲ្យ​មាន​កំណើន​បម្រើបម្រាស់ថ្នាំ​សម្លាប់​សត្វ​ល្អិត និងជីគីមី ប៉ុន្តែ​ថ្នាំ​សម្លាប់​សត្វ​ល្អិត និង​ជី​គីមី​ទាំង​នោះ​ហូរទៅ​ផ្ដុំ​គ្នា​នៅ​ទន្លេ និង បឹង​ដែល​បំផ្លាញ​មច្ឆាជាតិ​មិន​តិច​ទេ។

កសិកម្មនៅប្រទេសខ្មែរ

ខ្មែរជាប្រទេសមួយមានវិសាលភាពជាងគេនៅជ្រោយឥណ្ឌូចិនផ្នែកធនធានធម្មជាតិ។ មគ្គុទេ្ទសក៏របរបុរាណខ្មែរតែងប្រកបរបរចិញ្ចឹមជីវិតតាមផ្លូវសុចរិតជាដរាបពិសេសរបរកសិកម្ម។ ប៉ុន្តែរបរនេះតែងតែកើតមានជាបញ្ហារាប់មិនអស់នៅក្នុងជីវិតប្រចាំថ្ងៃជាហេតុនាំអោយស្ដែងចេញជាយោបល់របស់ប្រជាជនមួយចំនួនយល់ថា កសិកម្មនៅកម្ពុជា ជាកសិកម្ម យថាផល ។

ការយល់ដឹង

កសិកម្មសំដៅទៅលើការធ្វើស្រែចំការដំណាំរឺដាំដុះដំណាំផ្សេងៗ។ យថាកម្មគឺអ្វីៗដែលទទួលបាន មានសភាពមិនទៀងទាត់គឺបានតាមសភាពចៃដន្យតាមដំណើរ។ តាមធម្មតានៅប្រទេសកម្ពុជាតាំងពីកំណើតទឹកដីមកប្រជាពលរដ្ឋខ្មែរប្រកបរបរជាកសិកម្មមានចំនួនប្រមាណ៩០%។

វិធីបុរាណ

សេវាកម្មក្នុងវិស័យកសិកម្មពួកគេច្រើនធ្វើទៅតាមបែបលំនាំកសិកម្មយថាផល ពីជំនាន់មួយទៅជំនាន់មួយពីសម័យកាលមួយទៅសម័យកាលមួយជាបន្តបន្ទាប់ស្រដៀងៗគ្នាទាំងតំបន់ស្រែក៏ដូចជាតំបន់ចំការច្បារដំនាំ។ មានភស្ភុតាងជាក់ស្ដែងជាច្រើនដែលកំនត់ន័យសេចក្ដីនេះដូចជា ដីជាប្រភពផ្ដល់ទីតាំងរបស់ដំណាំ។ ការធ្វើស្រែលើដីចាស់ដដែលៗស្រូវដដែលៗពីមួយឆ្នាំទៅមួយឆ្នាំជាហេតុធ្វើអោយដីនោះប្រែជាដីខ្សោះជីជាតិ។គ្មានហេតុផលអ្វីផ្សេងក្រៅពីធ្វើស្រូវនៅលើដីចាស់មួយមុខប៉ុណ្ណោះ។

ប្រភពទឹក

ទឹកជាប្រភពដង្ហើមដ៏សំខាន់បំរើឲ្យការរស់នៅរបស់ស្រូវក៏ដូចជាដំណាំ។ប្រភពទឹកក្រៅពីទឹកបឹង ស្ទឹងទន្លេ គឺមានតែមួយមុខគឺពឹងលើមេឃបានសេចក្ដីថាអាស្រ័យលើទឹកភ្លៀងអោយ ពោលគឺពឹងផ្អែកផ្ញើរវាសនាលើអទិទេព។ ការរើសពូជ ពូជស្រូវរឺដំណាំពុំមានការជ្រើសរើសពូជរឺសំរិតសំរាំងពូជអោយបានម៉ត់ចត់តាមលក្ខណ:បច្ចេកទេសវិទ្យាទេគេតាមទំលាប់រឺពូជដដែលៗ។

ឧបករណ៍បុរាណ

ចំពោះឧបករណ៍បំរើការងារផលិតកម្មវិញមានលក្ខណ:បុរាណដូចជាប្រើនង្គ័ល រនាស់ កំលាំងអូសទាញ ប្រើសត្វគោក្របី ។ ការថែទាំក៏ពុំសូវមានលក្ខណ:វិទ្យាសាស្ត្រត្រឹមត្រូវទេ ដូចជាការបង្ហូរទឹក បញ្ចេញទឹកចេញចូលការកំចាត់សត្វល្អិតចង្រៃការប្រើប្រាស់ជីធម្មជាតិ គឺធ្វើក្រោមរូបភាពបា៉នស្មានឬតាមទំលាប់ពីឪពុកមកកូន។កសិករខ្លួនឯងផ្ទាល់ការយល់ដឹងមានកំរិតទាបគឺធ្វើស្រែតាមទំលាប់តៗគ្នាពីជំនាន់មួយទៅជំនាន់មួយតាមសភាវ:គតិអនុកម្ម។ដើម្បីអោយកាន់តែច្បាស់ថែមទៀតតាមសូមពិនិត្យតាមរយ:ស្នាដៃអក្សរសិល្ប៍វិញ។ទន្ទឹមនឹងការយល់ឃើញបែបនេះនៅមានលេចចេញជាការយល់ឃើញផ្ទុយមួយទៀត។ ក្រោយមកគេយល់ថាកសិកម្មនៅកម្ពុជា ជាកសិកម្ម ប្រពលវប្បកម្ម។គេអះអាងថាបែបនេះគេសំអាងលើហេតុផលដូចតទៅ។ ការធ្វើបែបប្រពលវប្បកម្មគឺមិនពឹងផ្អែកលើមេឃរឺអាទិទេពពេកទេ គឺមានលក្ខណ:វិទ្យាសាស្ត្រទំនើប ទាន់សម័យតាមរយះសមភ្ថភាពរបស់មនុស្សផ្ទាល់។ ជាក់ស្ដែងដីដែលគេបង្កបង្កើតផលគឺមានការវិភាគទៅតាមបច្ចេកទេសកសិកម្ម។មានការយកចិត្តទុកដាក់ខ្ពស់ពីជំនាញនៅក្រសួងកសិកម្មនិងអង្គការក្រៅរដ្ឋាភិបាលជួយសហការណ៍ផង។ពូជស្រូវឬដំណាំកសិករចេះជ្រើសរើសពូជបានល្អដោយមានវិស្វករនិងផ្នែកជំនាញចុះជួយនិងណែនាំ។

ឧបករណ៍សម័យ

ទឹកស្រោចស្រពមានការជីកស្រះ ជីកប្រឡាយ ជីកអាងស្តុបទឹកលើភ្នំ ទប់ទំនប់ប្រព័ន្ធធារាសាស្ត្រ តាមលក្ខណ:បច្ចេកទេស ក្នុងទិសដៅផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់ដល់ការងារធ្វើស្រែចំការឈានរហូត ដល់ធ្វើស្រែប្រាំងថែមទៀតផង។សំភារៈឬឧបករណ៍ទាន់សម័យដូចជា ត្រាក់ទ័រ គោយន្ត ម៉ាស៊ីនបូមទឹក ម៉ាស៊ីនច្រូតកាត់ បោកបែន ។ កសិករមានសមត្ថភាពចេះប្រើជីគីមីផ្សំ និងជីធម្មជាតិ ក្រៅពីនេះក្រសួងកសិកម្មបានបង្កើតមជ្ឈមមណ្ឌលធ្វើពិសោធន៍ដំណាំស្រូវ តាមតំបន់ តាមស្រុក តាមខេត្ត ។ សរុបមកឃើញថាទស្សនៈទីពីរមានលក្ខណ:សមស្របពិតៗ។ ប៉ុន្តែយោបល់ដែលប្រជាជនបានលើកឡើងថាកសិកម្មនៅកម្ពុជាគឺជាកសិកម្ម យថាផលនោះពុំមានលក្ខណ:ត្រឹមត្រូវទាំងស្រុងនោះទេពីព្រោះបច្ចុប្បន្នវិស័យកសិកម្មត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងពិសេសបានបង្កើតនូវក្រសួងធនធានទឹកដែលរបបមុនៗពុំមានឡើយ។ទាំងផ្នែកធនធានទឹកពូជបច្ចេកទេសទីផ្សាលក់ផលិតផល បណ្ដាញធារាសាស្ត្រ បណ្តាញគមនាគមន៍ទូរគមនាគមន៍ មធ្យោបាយដឹកជញ្ជូន រាជរដ្ឋាភិបាលបាននឹង កំពុងជំរុញយ៉ាងមមាញឹក និងខ្លាំងក្លាហើយជាបណ្ដើរៗកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ប្រទេសធ្លាប់មានកិតិ្តស័ព្ទល្បីល្បាញលើឆាកអន្តរជាតិក្នុងនាមជាពលរដ្ឋខ្មែរពិសេសក្នុងនាមជាសិក្ខាកាមជន យើងនឹងខិតខំរៀនសូត្រលើគ្រប់វិស័យជាពិសេស ផ្នែកកសិកម្មប្រែក្លាយខ្លួនជាធនធានមនុស្សខ្មែរប្រកបដោយសមត្ថភាពនិងថាមពលរួមចំណែកនិងអភិវឌ្ឍប្រទេសជាតិឲ្យថ្គុំថ្កើន។ប្រសើរឡើងនៅក្នុងថាមពលថ្មី