Jump to content

ពាក្យកាព្យប្រដៅជនប្រុសស្រី

ពីវិគីភីឌា
កំណែ​នៅ ម៉ោង២១:៥៥ ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១១ ដោយ នរម (ការពិភាក្សា | ការរួមចំណែក) (បានបង្កើតទំព័រដែលផ្ដើមដោយ ពាក្យកាព្យប្រដៅជនប្រុសស្រី និពន្ធដោយកវី[[...)

ពាក្យកាព្យប្រដៅជនប្រុសស្រី និពន្ធដោយកវីក្រមង៉ុយ​ មានខ្លឹមសារទាំងស្រុង ដូចតទៅ៖

១ ខ្ញុំសូមបង្គំព្រះសម្មា សម្ពុទ្ធណាៗក្នុងត្រៃភព
ចំរើនកម្មដ្ឋានក្រោមពោធិ៍ម្លប់ ខ្ញុំសូមគោរពនមស្សការ។
ព្រះចមច្រកពិននរិន្ទរិទ្ធិ ជាម្ចាស់ជីវិតលើសិរសា
សូមថ្វាយបង្គំព្រះករុណា សូមទ្រង់មេត្ដាប្រោសប្រណី។
ឱនកាយថ្វាយបង្គំប្រណម្យនឹក សូមក្រើនរំលឹករាស្រ្ដប្រុសស្រី
ធ្លាប់ជ្រកទីពឹងព្រះបារមី ឲ្យរៀនបាលីទៅបរលោក។
សរណគមន៍បីឲ្យប្រតិបត្ដិ កំចាយកំចាត់ក្ដីទុក្ខសោក
រូបយើងសព្វថ្ងៃថ្លៃមិនថោក បានមកភពភាន់ទាន់សាសនា។
៥ផ្លូវប្រេតនរកទៅញឹកញយ គួរកុំបណ្ដោយតាមតណ្ហា
គួរគិតសង្ខេបឃាត់សង្ខារ សង្ឃឹមព្រះសិអារ្យនឹងមកត្រាស់។
ជម្ពូទ្វីបនេះធំបំផុត មួយម៉ឺនយោជន៍គត់ដំណែលព្រះ
សត្វស្លាប់តាមកម្មមិនចាំចាស់ អាយុខ្លីណាស់ក្រាស់កុសល។
រូបំ អនិច្ចំ អនត្ដា កើតរូបកាលណាកម្មតាមដល់
តាមដានដរាបបាបឲ្យផល បាបខ្លះសេសសល់ពីនរក។
ខ្លះមកអំពីប្រេតតិរិច្ឆាន ខ្លះមកពីស្ថានសួគ៌សោយសុខ
វេរតាមរកបានឃើញមុខ ចុះមករងទុក្ខទទួលកម្ម។
អ្នកធ្លាក់ទៅរងនរកប្រេត ដើមហេតុពីព្រោះដាច់សីល៥
ទឹកក្ដៅខ្លះដេកទៅដេកត្រាំ រាប់លានកោដិឆ្នាំទំរាំរួច។
១០មកកើតជាមនុស្សស្ថានកណ្ដាល មិនរាងមិនចាលដល់តិចតួច
ប្រពន្ធកូនគេនៅតែលួច សត្វធំសត្វតូចរិតសំលាប់។
ស្រារឹតតែផឹកឲ្យស្រវឹង គុណទោសមិនដឹងប្រឹងចាក់កាប់
ស្រេកឃ្លានបំពានធ្វើលើច្បាប់ មិនស្ដាប់ពុទ្ធដិកាព្រះអង្គផ្ដាំ។
ពិតមែនជាមិនលឺព្រះឱស្ឋ ព្រះសង្ឃទ្រង់ប្រោសឲ្យសីស៥
ទទួលរំពេចភ្លេចមិនចាំ ប្រព្រឹត្ដសាងកម្មមិនព្រមលែង។
កើតមកពូជពង្សពេញជាមនុស្ស សេចក្ដីត្រូវខុសចាំជាក់ស្ដែង
សំលាប់រូបសត្វឥតគិតក្រែង បំពេញរូបឯងឲ្យធំធាត់។
សំលាប់មិនថាសត្វឈ្មោលញី យកសាច់មកស៊ីឲ្យឆ្ងាញ់មាត់
ទទួលសីលភ្លើធ្វើឲ្យភ្លាត់ លក់សត្វឲ្យព្រាត់មេព្រាត់កូន។
១៥ព្រាត់គូកំសត់វដ្ដសង្សារ ដូចលក់ជីតាលក់ជីដូន
ពុំនោះលក់បងបំបែកប្អូន ងងឹតឈឹងសូន្យមើលមិនយល់។
ខ្លះទៅនរកមិនទាន់មក ខ្លះឃ្លាតទៅជ្រកពួកអសុរ
ជវ័នសង្ខារលប់វិលវល់ អំពល់តែកើតស្លាប់កើតស្លាប់។
កម្មកិតតាមខ្លួនមិនដែលឃ្លាត គ្រប់ប្រាំរយជាតិមិនដែលឆាប់
សត្វជ្រូកមាន់ទាគេចាក់កាប់ សំរាប់គេស៊ីជាអាហារ។
សត្វគោក្របីដំរីសេះ គេជិះគេទឹមជាធម្មតា
គេកាប់លក់សាច់ផ្ដាច់សង្សារ រកចិត្ដមេត្ដាករុណាគ្មាន។
រូបខន្ធរលត់រលាយទៅ សល់នៅសង្ខារនិងវិញ្ញាណ
វេទនាសញ្ញានឹកស្រេកឃ្លាន សន្និដ្ឋានថាដូចអ្នកមានគុណ។
២០សត្វញីសត្វឈ្មោលអន្ទោលទុក្ខ អាពុករឺម្ដាយពីជាតិមុន
ជាតិមកពីរងទោសទុក្ខធ្ងន់ ក្រែងស៊ុនទៅលើសាច់ញាតិឯង។
ជ្រូកគោក្របីនៅតូចស្ទាវ គេក្រៀកវះក្រៀវឃើញស្ដែងៗ
បើគិតឲ្យសព្វគ្រប់កន្លែង ជូនក្រែងជាតិមនុស្សមកជាសត្វ។
អ្នកពឹងនិងអ្នកធ្វើដៃដល់ ចៅក្រមអកុសលជំនុំកាត់
បញ្ជីទាំងពីរឈ្មោះមិនបាត់ គេចាត់ធ្វើទោសទាំងអស់គ្នា។
មិនមានអ្នកាណាធ្ងន់ណាស្រាល យម្ភបាលវះក្រៀវគ្រប់វេលា
មានលោកយមរាជរាជសភា ជំនុំគិតគ្នាមើលបញ្ជី។
បញ្ជូនអ្នកធ្វើចុះនរក ជំនុំឃុំទុកអ្នកទិញស៊ី
ទិញសត្វស្លាប់រស់ទោះឈ្មោលញី ទាំងពីរចំណែកចំណាំមុខ។
២៥អ្នកមួយទិញស៊ីមិនរួចខ្លួន ត្រឹមឯត្រីអូនយួនដូរលក់
អណ្ដែងក្រាញ់ឆ្ដោដៀបរ៉ស់ផ្ទក់ ចង់ទិញស្ងោរជ្រក់ទៅតថ្លៃ។
ឃើញច្បាស់ជារស់មិនទាន់ងាប់ អង្គុយបង្គប់ឲ្យយួនវ៉ៃ
រកខ្យល់ច្រលោតដោតញ័រដៃ ឃើញក្ស័យស្រាប់ៗមិនទិញយក។
អានេះបន្ធូរលែងមិនបាន ត្រូវច្រំធាក់ច្រានឲ្យជ្រុលជ្រក
ទំលាក់ឲ្យជ្រៅរងទុក្ខសោក លៃលកអ្នកទោសរឿងអ្នកទិញ។
អ្នកទៅឃើញត្រីនៅបំរះ វេទនាចិត្ដណាស់ប្រាសដើរចេញ
អ្នកនេះត្រូវលែងឲ្យទៅវិញ មានសែហ្វលិញគិញក្នុងនរក។
ឲ្យជូនខ្លាចក្រែងវង្វេងផ្លូវ ត្រូវមើលខុសត្រូវគ្រប់ភូមិស្រុក
បើកក្រាំងសៀវភៅកត់ឈ្មោះទុក បញ្ជីពីរមុខបាបនិងបុណ្យ។
៣០ប្រគល់យមរាជយម្ភុបាល ដាក់ស្រាលដោយស្រាលធ្ងន់ដោយធ្ងន់
អ្នកសាងមគ្គផលស្គាល់ទោសគុណ ទៅសោយសុខមុនតាមទុនទាន។
អ្នកសាងធុនទាបភាពអកុសល មិនចង់បានផលសួគ៌និព្វាន
ប្រព្រឹត្ដអាក្រក់រកល្អគ្មាន មិនហ៊ានកាន់សីលថាខ្លាចដាច់។
មិច្ឆាទិដ្ឋិចូលពេញទី បញ្ជីសំរាំងតាំងសំរេច
ចុះវង្សអាជីវកភ្លក់ស៊ីអាច់ ព្រោះពោលបង្កាច់ព្រះពុទ្ធិកា។
វចីទុច្ចរិតមានគ្រប់យ៉ាង ទានសីលមិនសាងអាងផឹកស្រា
លឺលោកសំដែងធម៌ទេសនា ពិរោះពិស្ដារមិនដឹងស្ដាប់។
អស់យើងគួរស្ដាយជាតិកំណើត សំណាងមកកើតក្នុងភទ្ទកប្ប
អគាវិន័យព្រះប្រញប្ដ ជាឫគល់ច្បាប់គួររក្សា។
៣៥សីល៥ ចងចាំឲ្យប្រាកដ កុសលកម្មបថ១០ប្រការ
កុំឈ្លោះប្រកែកពីធម៌អាថិ ប្រកាន់សាសនាឲ្យប្រាកដ។
កើតមកជាមនុស្សមានសខ្មៅ មានប្រាជ្ញមានខ្លៅមានក្រខ្សត់
មានខ្លាំងមានខ្សោយដោយបែបបទ សន្មតថាល្អក៏មិនបាន។
ជម្ពូទ្វីបនេះមនុស្សកម្មក្រាស់ ព្រះពុទ្ធតែងត្រាស់មិនដែលខាន
ហេតុនេះមហាជនទាំងប៉ុន្មាន សំរាកសំរាន្ដសំរួលចិត្ដ។
បំណាច់សម្ដេចព្រះទ្រង់ញាណ កាលហៀបនិព្វានមានកំរិត
ផ្ដាំមហាអានន្ទឲ្យអាណិត អានុជអ្នកប្រឹតប្រោសសត្វផង។
សត្វផុងទសក្នុងជ្រោះជ្រាំជ្រៅ តថាគតទៅនាំចំលង
ដាក់ដល់និព្វានអស់ហ្មត់ហ្មង រួចពីចំណងវដ្ដសង្សារ។
៤០នៅសល់សង្ស័យសត្វខាងក្រោយ នន្ទអើយទុកឲ្យព្រះសិអារ្យ
អាណិតសត្វណាស់ណាអ្នកណា តថាគតជិតនិព្វានហើយ។
ព្រះឱស្ឋព្រះអង្គល្មមស្រណោះ សប្បុរសទាំងអស់កុំកន្ដើយ
ប្រះខ្នងដេកលើកកន្ទេលខ្នើយ កុំស្ងៀមមាត់ឡើយរំលឹកគុណ។
ខ្លួនខ្ញុំកំណើតរាស្រ្ដអ្នកស្រែ ខូចខិលខ្ជិលដែរពីកាលមុន
កាលមោហ៍បាំងបិទងងឹតស៊ុន ធ្វើបាបនិងបុណ្យទំងន់ស្មើ។
មិនស្មោះតែរួចចតុរាបាយ អស់លោកទាំងឡាយកុំសរសើរ
ខ្ញុំជូនដំណឹងតាមដំណើរ ព្រោះខ្ញុំគ្រាន់បើជាងអ្នកល្ងង់។
ជាតិក្រោយកុំឲ្យខ្ញុំល្ងីល្ងើ ជាតិនេះចាស់ស្ទើរខ្ញុំប្រឹងស្ទង់
ប្រឹងស្ទុះឲ្យរួចពីអន្លង់ ភ័យភិតខ្លាចផុងទៅក្នុងភក់។
៤៥ក្នុងភពសង្សារខ្ញុំសង្ស័យ សព្វថ្ងៃខ្ញុំភ័យខ្លាចនរក
ម្យ៉ាងទៀតខ្ពើមជាតិអាជីវក ជាតិល្មោភហូបល្មក់ព្រោះល្មិលគុណ។
ច្រើនល្មើសបន្ទូលបន្ទោសព្រះ ខ្ញុំភ័យខ្ញុំណាស់ក្រែងខ្ញុំស៊ុន
ខ្ញុំសូមស្មាលាទោសពីមុន សូមបុណ្យជួយបាំងបាបឲ្យបាត់
ឲ្យបានទាន់តួព្រះសិអារ្យ ឲ្យបែកប្រាជ្ញាឆ្លាតបរមត្ថ
ព្រះអង្គទេសនាទ្រង់ប្រោសសត្វ សូមលុះអរហត្ដដូចបំណង។
បំណាច់ខ្ញុំផ្សាយច្បាប់រំលឹក អស់លោកជួយនឹកសច្ចាផ្សង។
ធ្វើបុណ្យចែកផលដក់ខ្ញុំផង នឹកឈ្មោះម្ដងៗដូចធម្មតា។
សប្បុរសប្រុសស្រីគប្បីស្ដាប់ ឈ្មោះច្បាប់កន្លងព្រះឱង្ការ
ឱកាសឲ្យគិតប្រិតប្រាថ្នា ទាន់ព្រះសិអារ្យទាំងប្រុសស្រី។
៥០កុំរៀនព្រហើនប្រហែសធ្វេស កើតក្នុងប្រទេសរាជបុរី
ឲ្យមានបារម្ភភ្ញាក់ស្មារតី សីប្រាំប្រាំបីខំសិក្សា។
ជាតិមនុស្សជាន់ខ្ពស់ពីបុរាណ គេបានជួបដាក់ឃើញភក្រ្តា
បានគ្រងរងត្រាប់ព្រះពុទ្ធដិកា បានលុះសោតាអរហត្ដហោះ។
យើងទាន់តែត្រឹមពាក្យបណ្ដាំ បណ្ដូលសីល៥ជាកេរ្ដិ៍កោះ
កិច្ចការកងកម្មចាំមិនអស់ របស់ឫគល់គួររក្សា។
នេះចប់ចំណែកខាងបាសក កុំធ្វើអាក្រក់រាល់រូបបា
រំពឹងក្រែងចូលព្រះសិអារ្យ នមស្សការគោរពរំលឹកគុណ។
ព្រះចមច្រកពង្សមុនីនាថ កំពូលផុតជាតិជាងមហាជន
ទ្រង់សោយសម្បត្ដិសំបើមបុណ្យ សំបូណ៌លើសលន់លុបលោកា។
៦០លោកកីយដឹងហើយគួរកោតខ្លាច ទ្រង់មានអំណាចព្រះចេស្ដា
គួរស្ដាប់ព្រះរាជឱង្ការ បន្ទូលត្រួតត្រាគួរត្រងត្រាប់។
ព្រះទ័យទ្រង់ត្រេកស្រលាញ់សង្ឃ ប្រមាណសែនអង្គក្នុងភទ្ទកប្ប
ព្រះពុទ្ធទ្រង់ប្រិតប្រាមប្រញប្ដ ឈ្មោះច្បាប់បាដិមោក្ខសំវរសីល។
ចែកចេញជាកងសិក្ខាបទ កំណត់ពីរយម្ភៃប្រាំពីរ
មិនឲ្យមានមោះហ្មងមន្ទិល អ្នកបួសកុំខ្ជិលកាន់ឲ្យខ្ជាប់។
បាណាអទិន្នាជាបឋម ជាតិរូបទៀតផ្សំត្រូវជាដប់
លោកសង្ឃឥឡូវកាន់មិនសព្វ កាន់ក្នុងបន្ទប់លាយបន្លំ។
បន្លិចលុយកាក់សំងាត់ ទោសត្រូវអាបត្ដិលាក់សំងំ
បាសកផ្ញើទានគ្មានអារម្មណ៍ សន្សំតែទ្រពក្ដៅក្រហាយ។
៦៥ប្រសិនបើកាន់ច្បាប់ព្រះពុទ្ធ មិនមានធម្មយុត្ដិមហានិកាយ
បើចេះខ្លាចក្រែងមិនក្លែងក្លាយ សមសុខសប្បាយមិនទាស់គ្នា។
លោកសង្ឃគ្រប់វត្ដមានធំតូច សង្ឃខ្លះខិលខូចសង្ឃខ្លះជា
បរិស័ទថ្កោលទោសគ្រូឧបជ្ឈាយ៍ មានពាក្យនិន្ទាតែរាល់វត្ដ។
បាដិមោក្ខពីររយម្ភៃប្រាំពីរ អ្នកល្ងង់ហើយខ្ជិលចាំមិនស្ទាត់
កងបាចិត្ដិយនិងទុក្កដ ចូលមាត់ចូលកមិនដឹងខ្លួន។
កងបាចិត្ដិយកៅសិបពីរ និស្សគ្គិយ៍សាមសិបបារាជិកបួន
បើចេះហើយចាំឲ្យមាំមួន ល្អបរិសុទ្ធសួនមិនសាយសុស។
ប៉ុន្ដែសិក្ខាមិនសូវចាំ ចំណាំត្រង់ណេះចោលត្រង់ណោះ
ត្រង់ណាដែលដឹងជាខ្លួនខុស ហ៊ានឈ្លោះពីព្រោះគេមិនដឹង។
៧០សង្ឃាទិសេសប្រហែសបាន ដប់បីសន្ដានប្រមាណថ្លឹង
បើធ្លាប់សង្រួមឲ្យយ៉ាងតឹង មិនអរមិនខឹងមិនខាតខុស។
ឥន្រ្ទិយ៍ប្រាំមួយនាំឲ្យភ្លាត់ បាចិត្ដិយទុក្កដលាយចំរុះ
ឥន្ទ្រីយ៍ត្រចៀកភ្នែកច្រមុះ ភ្នែកមើលណេះណោះឃើញសុសសាយ។
សោតិន្ទ្រីយោសូរតិចខ្លាំង ចក្ខុន្រ្ទីយំឃើញជិតឆ្ងាយ
ជីវ្ហិន្រ្ទីយាពោលនាយអាយ សើចលេងសប្បាយចំអន់គ្នា។
បរិស័ទអាបត្ដិទុក្កដញឹក បារាជិកច្រើនណាស់តែឧបជ្ឈាយ៍
ទ្រព្យក្នុងសំបាច់សំបូណ៌ហៀរ ត្រូវទោសអទិន្នាគរុភណ្ឌ។
ទ្រព្យសង្ឃជាដើមគឺចំណាំ អវហារម្ភៃប្រាំចាំគ្នេរគ្នាន់
ឱបទុកខ្លះខ្នែងក្រែងមិនគ្រាន់ អវហាប្រាំជាន់បារាជិក។
៧៥ម្យ៉ាងទៀតទ្រព្យសង្ឃក្នុងចំណែក កិបទុកមិនចែកឲ្យលោកភិក្ខុ
គ្រឿងយាវជីវិតកាលិក ទុកខួបល្ងាចព្រឹកម៉ៅតែឯង។
ម្យ៉ាងទ្រព្យគេហែចូលវិហារ បាសកបូជាដល់គម្ដែង
គេវេរបាលីមានខ្លីវែង គេតែងនឹងថាសង្ឃស្ស។
ប្រកាសប្រគេនជំនុំសង្ឃ ចំពោះគ្រប់អង្គថាទេមៈ
លោកសង្ឃសាធុគ្មានសល់ម្នាក់ សង្ឃរាជទុកដាក់មិនចែកចាយ។
ខ្ញុំបាទតែងតាមខ្ញុំចេះចាំ អវហារម្ភៃប្រាំបែបបរិយាយ
នេះសុទ្ធតែសីលផ្លូវអន្ដរាយ លោកសង្ឃទាំងឡាយកុំប្រព្រឹត្ដ។
ពីព្រោះអិន្រ្ទីយ៍ទាំង៦ លោកណាមិនព្រួយមិនប្រុងគិត
លោភោមោហោបាំងងឹត សិស្សមានគំនិតមិនហ៊ានថា។
៨០សូមទានសន្ដោសសំដែងច្បាប់ ព្រះសង្ឃកុំចាប់ចងទោសា
ខ្លួនខ្ញុំសូមសុំបវារណា ប្រោសប្រាណមេត្ដាគ្រប់បណ្ដាសង្ឃ។
ខ្ញុំមិនមានពោលពាក្យបង្កាច់ ខ្លាចសីលលោកដាច់ខ្ញុំតំរង់
តំរូវតែតាមច្បាប់ព្រះអង្គ ព្រះឱស្ឋត្រឹមត្រង់ត្រូវមាត្រា។
កាលអង្គសំដេចព្រះចមភព បន្ទូលប្រារព្ធគ្រប់ប្រការ
ប្រកាសប្រាកដបទសិក្ខា ប្រញប្ដប្ដេជ្ញាមហាបរិស័ទ។
ភិក្ខុភិក្ខុនីអស់អរហន្ដ អានន្ទមិនទាន់បានអរហត្ដ
ព្រះធម៌វិន័យកុំឲ្យបាត់ ប្រយ័ត្នឲ្យគង់ប្រយោជន៍យូរ។
ក្រោយនោះព្រះអង្គចូលនិព្វាន អរហន្ដហោះធ្យានមានជាគ្រួ
មិនមានអ្នកណាដាក់ទូ ទេសនាបង្ហូរពីព្រះឱស្ឋ។
៨៥ព្រះអគ្គសាវ័កគ្រប់ព្រះអង្គ ព្រះទ័យស្រោចស្រង់ទ្រង់សន្ដោស
សំដែងធម៌អាថិមេត្ដាប្រោស បាបបុណ្យគុណទោសនិងសីលទាន។
ឈ្វេងយល់ថាធម៌នឹងសូន្យស្ងាត់ អហន្ដអរហត្ដចូលនិព្វាន
សង្ឃសេក្ខបុគ្គលមិនទ្រង់ញាណ មិនមានអ្នកណាតែងទុក។
ព្រះធម៌ប្រាំបីម៉ីនបួនពាន់ ស្រេចលើអានន្ទចាំទំនុក
ដំនែលព្រះអង្គដឹងគ្រប់មុខ ជង្រុកធម៌អាថិមហាអានន្ទ។
ជាព្រះអនុជអាណិតសត្វ ក្រែងបាត់បិដកមិនគ្រប់គ្រាន់
ព្រះធម៌ប្រាំបីម៉ឺនបួនពាន់ គ្នេរគ្នាន់ខ្នះខ្នែងចាត់ចែងចារ។
ចេះចប់អភិធម្មចាំរហូត វិន័យព្រះសូត្រ៥ប្រការ
ប្រកាសអស់អង្គអរហន្ដា បិដកឯណាជាឫគល់។
៩០បមត្ថព្រះសូត្រអានន្ទចាំ វិន័យទាំង៥ ឧាលីយល់
អរហន្ដទាំងអស់កើតរវល់ អំពល់អីពីរឿងធម៌អាថិ។
ព្រះបាទអជាតៈសត្រូវ ជួយគិតតំរូវព្រះសាសនា
សម្មតិឲ្យឈ្មោះហៅក្សត្រា ព្រោះព្រះមហាក្សត្រីយចូលគំនិត។
និយាយឲ្យដឹងដើមកំណើត កកើតអក្ខរាចារស្លឹករិត
បកប្រែបាលីសេចក្ដីពិត ពិនិត្យត្រឹមត្រូវតាមពុទ្ធដិកា។
ទសជាតក៍ទាំង១០មានគ្រប់វត្ដ ប្រែត្រូវប្រាកដព្រះគាថា
ព្រះធម៌សូត្រមន្ដរឺសូត្រដារ អ្នករៀនអក្ខរាពីរចំណែក។
ចំណេះចំណាំចាំដោយខ្លួន ខ្លះរៀនមានក្បួនចាស់ចារចែក
ហ៊ានភ្នាល់ព្រោះអាងឃើញនិងភ្នែក កើតឈ្លោះប្រកែកប្រកួតខឹង។
៩៥ប្រកាន់តែខាងខុសរហូត មិនរៀនមេសូត្រឲ្យចេះដឹង
អាងចេះតែ ក កាប៉ុណ្ណឹង ខំប្រឹងចំអើតអួតខ្លួនត្រូវ។
ក្ដៅណាស់ពីរឿងយោជាយ៉ោ តំលើងភ្នែកស្លោមុខក្រញូវ
ថាធ្លាប់យោនាពីខ្មោចឪ ឥឡូវយ៉ោណាមិនសុខចិត្ដ។
អ្នកម្ខាងអាងស្រះតួប្រាំបី ឲ្យដឹងបាលីជាកំរិត
ផ្សំតួមេសូត្រប្រឹងប្រែប្រឹត ព្រោះត្បិតឲ្យត្រឹមត្រូវមាត្រា។
អ្នកបួសគ្រប់វត្ដគ្រប់នគរ ស ដាក់ជើង លរាប់ស្លស្លា
បើ ស ជើង ម រាប់ស្មស្មា នាក់មានប្រាជ្ញាល្មមស្ដាប់បាន។
កុំល្ងង់ទាល់ងាប់ធ្លាប់មិនដឹង បើខឹងខ្ញុំឃាត់ថាឲ្យខាន
ខ ដាក់ជើង ម ពីបុរាណ ក្មេងតូចប៉ុន្មានស្គាល់ខ្មខ្មា។
១០០ជាតិរាស្រ្ដចាស់ក្មេងកុំចិត្ដខ្មាំង គួរខ្មាសបារាំងអ្នករាជការ
ដើមហេតុអំពីព្រះករុណា ឲ្យសាងសាលាប្រែបាលី។
ទ្រង់ចាំទំនៀមពីបុរាណ ហើយបានជំនុំព្រមកុង្សីយ
បំណាច់ធ្វើស្ដេចគ្រងផែនដី ទិសទាំងប្រាំបីរំពៃគ្រប់។
ព្រះកាយពលមិនរវល់រែក ព្រះទ័យរំលែកទាំងថ្ងៃយប់
ចូលទែនបន្ទំទីបន្ទប់ បន្ទូលមិនឈប់រាល់វេលា។
មេត្ដាប្រោសប្រាណអ្នកមានស័ក្ដិ ប្រទានលុយកាក់គ្រប់ភ្នាក់ងារ
ទ្រង់ត្រួតស្រ្ដីស្នំស្រីង្គារ ក្រែងគ្រុនរងារមិនបានសុខ។
ព្រះទ័យមេត្ដាសព្វមនុស្សសត្វ សោយរាជសម្បត្ដិសំបើមស្ដុក
ព្រះកាយប្រកបគង់ស្រណុក ព្រះទ័យវិតក្កជាធម្មតា។
១០៥មួយព្រួយនឹងឱបព្រះនគរ ពីរព្រួយនឹងពព្រះសាសនា
បីត្រួសលោកសង្ឃកាន់សិក្ខា សង្រួមកិរិយាមិនបរិសុទ្ធ។
នឿយណាស់ព្រះនេត្រព្រះកាណ៌ា ព្រះឱស្ឋត្រួតត្រាច្រើនបំផុត
ដាស់តឿនបំភ័យពួកកុលបុត្រ ឲ្យប្រុងលំអុតសង្រួមកាយ។
បានចេញប្រកាសដាក់ប្រាកដ ប្រគេនគ្រប់វត្ដនោះជិតឆ្ងាយ
លោកសង្ឃមិនត្រូវស្រើបសប្បាយ អស់ល្បែងទាំងលាយគ្រប់ចំពូក។
មិនត្រូវចំពោះស្ដាប់តន្រ្ដី កុំបីមើលរាំវានាំភ្លូក
កុំដើរភ្លើៗមើលអុំទូក អ្នកបួសធ្វើលោកមិនត្រូវការ។
បើមានត្រូវកិច្ចដើរយប់ថ្ងៃ សង្ឃបងនិស្ស័យចាស់វស្សា
កុំដើរទឹមស្មាទៅណាៗ អ្នកចេះសិក្ខាគេទាស់ភ្នែក។
១១០លោកនេនកុំសុំលុយចិនចាយ បិណ្ឌបាតតែបាយម្នាក់១វែក។
គ្រឿងម្ហូបចំណីបាសកចែក កុំស្ពាយពុនរែកវាថោករិក។
របស់បាសកគេប្រគេន ប្រគល់លោកនេនបានលោកភិក្ខុ
ចិញ្ចឹមជីវិតនិងបាយទឹក បិណ្ឌបាតតែព្រឹកយប់សូត្ររៀន។
លោកណាត្រឹមត្រូវមិនសូវខុស ស្ងៀមស្ងាត់ទៅចុះកុំអន់អៀន
លោកណាមិនចេះកុំវេះវៀន ពាក្យប្រៀនប្រដៅឲ្យផ្អើលភ្ញាក់។
ពីព្រោះព្រះអង្គបានផ្ដាំផ្ញើ វិន័យស្ថិតលើស្ដេចមហាចក្រ
ព្រះមហាចមពង្សទ្រង់ជំពាក់ ចំពោះធុរៈនឹងសាសនា។
ពីត្រឹមនោះរៀងដរាបមក ដល់ស្រុកគោកធ្លកមានសាវតារ
ប៉ុន្មានរាជ្យហើយមិនដឹងថា ដល់មកករុណាយើងសព្វថ្ងៃ។
១១៥ហេតុនេះលោកសង្ឃប្រុងពិនិត្យ សៀភៅស្លឹករិតមានរាល់ដៃ
ផ្ទៀងមើលសិបផូកវិនិច្ឆ័យ បើនៅសង្ស័យឲ្យសិក្សា។
លោកសង្ឃចាស់ខ្ចីគប្បីស្ដាប់ ឈ្មោះច្បាប់គន្លងព្រះពុទ្ធដិកា
បង្គំថ្វាយដល់ព្រះករុណា សូមទ្រង់មេត្ដាជ្រាបព្រះទ័យ។
ក្រែងជួបប្រទះពាក្យឆ្គាំឆ្គង ពុំត្រូវទំនងក្រិត្យវិន័យ
សូមទានសន្ដោសអត់ទោសពៃ ក្រួញក្រាបសិរសីក្រោមព្រះបាទ។
ព្រះសង្ឃទាំងអស់ទោះតូចធំ អភ័យទោសខ្ញុំសូមអនុញ្ញាត
ពាក្យខ្ញុំមិនមានពោលប្រមាថ សង្ឃជាល្អស្អាតខ្ញុំមិនថា។
ខ្ញុំពោលតែលោកធ្វើអាក្រក់ បើខ្ញុំកុហកខូចមុសា
ហេតុនោះខ្ញុំសូមបវារណា និដ្ឋិតាសង្ខេបតែប៉ុណ្ណោះ។
១២០ក្មេងណាប្រាថ្នាបួសធ្វើសង្ឃ ឲ្យស្វែងតំរង់រៀនតំរេះ
ឲ្យមើលតំរាប់លោកអ្នកចេះ កុំដេកតែអេះតិះដៀលគ្នា។
អ្នកម្ដាយឪពុកឲ្យឈ្មោះអ៊ូ ពូជពង្សអំបូរខ្មែរអ្នកជា
អាពុកឈ្មោះ អ៊ុកមានស័ក្ដិងារ ចៅពញាធម្មធារាធ្វើមេស្រុក។
ក្នុងខែត្រភ្នំពេញឃុំកំបូល ជាប់ផៅត្រកូលម្ចាស់អង្គប៉ុក
អាពុកអ្នកម្ដាយឈ្មោះពញាម៉ុក គាត់ធ្វើមេស្រុកឃុំស្ពានថ្ម។
អ្នកម្តាយអាពុកបងប្អូនជិត ជីទួតមួយពិតពូជចិត្តល្អ
ដូនតាផ្សំផ្គុំជាតំណ បង្កកើតខ្ញុំទូលបង្គំ។
បង្កើតពីដើមគំនិត ភ័យភិតខ្លាចបាបចង់បានបុណ្យ
បានបែកចែងច្បាប់ប្រាប់មហាជន បួនច្បាប់ពីមុនជូនរាជការ។
១២៥បោះពុម្ពសៀវភៅចែកសព្វសាយ បណ្ណាល័យចាត់ថ្វាយព្រះករុណា
មិនបានថ្វាយផ្ទាល់ដល់ហត្ថា សូមទ្រង់មេត្ដាប្រោសប្រណី
ឱនកាយប្រណម្យសូមអនុញ្ញាត ក្រាបក្រោមព្រះបាទព្រះបារមី
ចែងច្បាប់បរមត្ថអត្ថបាលី សេចក្ដីចែងចប់ម៉្លេះហើយហោង។