ព្រឹទ្ធសភាកម្ពុជា
ប្រព័ន្ធសភាពីរថ្នាក់ បានកើតឡើងនៅក្នុងប្រទេសកម្ពុជា តាំងពីពេលដែល រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានកកើតឡើងជាលើកដំបូង នាឆ្នាំ ១៩៤៧។ ប៉ុន្តែអាស្រ័យដោយឥទ្ធិពលនៃសង្គ្រាមត្រជាក់ លើសកលលោក បានធ្វើ ឱ្យប្រទេសកម្ពុជា ត្រូវធ្លាក់ចូលទៅក្នុងសង្គ្រាមរ៉ាំរ៉ៃអស់រយៈពេលជាងពីរទសវត្សរ៍ ដែលបានធ្វើឱ្យគ្រប់ហេដ្ឋារចនាសម្ព័ន្ធសង្គម ត្រូវបំផ្លាញខ្ទេចខ្ទី និងបាត់បង់ទាំងស្រុងធ្លាក់ដល់កម្រិតសូន្យ នាសម័យកាលដ៏ខ្មៅងងឹត នៃរបបកម្ពុជាប្រជាធិបតេយ្យ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បានកំណត់ឱ្យមានការបោះឆ្នោតជាសកល ដោយសេរី និងយុត្តិធម៌ក្នុងប្រទេសកម្ពុជា ក្រោមការរៀបចំរបស់អាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិប្រចាំ នៅកម្ពុជាហៅកាត់ថា (UNTAC) ដើម្បីបញ្ចប់ជម្លោះ បង្កើតស្ថាប័នគ្រប់គ្រងប្រទេស និងកសាងនីតិរដ្ឋ។
បន្ទាប់ពីការបោះឆ្នោតជាសកលលើកដំបូង ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ សភាធម្មនុញ្ញមួយបានចាប់បដិសន្ធិឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៣ ដើម្បីតាក់តែងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ រដ្ឋធម្មនុញ្ញនោះ ត្រូវបានសភាធម្មនុញ្ញអនុម័តនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ និងបានចូលជាធរមាន នាថ្ងៃទី២៤ ខែឆ្នាំដដែល។ រដ្ឋធម្មនុញ្ញនោះ បានកំណត់ឱ្យព្រះរាជាណាចក្រកម្ពុជា ស្ថិតក្រោមរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
អំណាចក្នុងការគ្រប់គ្រងរដ្ឋ ត្រូវបានបែងចែកដាច់ពីគ្នាជាបី គឺអំណាច នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងអំណាចតុលាការ។ នៅពេលរដ្ឋធម្មនុញ្ញបានចូលជាធរមាន សភាធម្មនុញ្ញបានក្លាយទៅជារដ្ឋសភានីតិកាលទី១ ហើយបានដំណើរការក្នុងនាមជាស្ថាប័ននីតិប្បញ្ញត្តិតែមួយគត់ របស់ព្រះរាជាណាចក្រកម្ពុជាពេញមួយ នីតិកាល។
ក្រោយការបោះឆ្នោតជាសកល ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី២ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨ វិបត្តិនយោបាយ ផ្ទៃក្នុងមួយបានកើតឡើង។ ដើម្បីដោះស្រាយវិបត្តិនេះ កិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃគណបក្សនយោបាយធំទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិចបានប្រារឰឡើងពីថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨ នាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ដែលនៅពេលនោះ ព្រះអង្គទ្រង់ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈលទ្ធផលនៃកិច្ចប្រជុំកំពូលនេះ ស្ថាប័នព្រឹទ្ធសភា ត្រូវបានបង្កើតឡើង និងក្លាយជាចំណែកមួយនៃស្ថាប័ននីតិប្បញ្ញត្តិជាតិ ដែលមានពីរថ្នាក់ បន្ទាប់ពីរដ្ឋធម្មនុញ្ញនីតិកាលទី២ បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។ ព្រឹទ្ធសភានីតិកាលទី១ កើតឡើងដោយការតែងតាំង និងមានអាណត្តិ៥ឆ្នាំ។ សមាជិកចំនួន៦១រូប ត្រូវបានជ្រើសរើសពីក្នុងចំណោមឥស្សរជនជាន់ខ្ពស់ នៃគណបក្សនយោបាយ ដែលមានអាសនៈនៅក្នុងរដ្ឋសភានីតិកាលទី២។
ព្រឹទ្ធសភា នីតិកាលទី១ បានបើកសម័យប្រជុំលើកទី១ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩។ ព្រឹទ្ធសភានីតិកាលទី២ កើតឡើងដោយការបោះឆ្នោតជាអសកល នាថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០០៦ ដោយមានអាណត្តិ៦ឆ្នាំ។ ក្នុងចំណោម សមាជិក៦១រូប មាន៥៧រូបត្រូវបានជ្រើសតាំងដោយការបោះឆ្នោតជាអសកល ០២រូបជ្រើសតាំងដោយរដ្ឋសភា និង០២រូបតែងតាំងដោយព្រះមហាក្សត្រ។
ព្រឹទ្ធសភានីតិកាលទី២ បានបើកសម័យប្រជុំដំបូង នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៦ ដោយមានអាណត្តិ៦ឆ្នាំ។ ក្នុងចំណោមសមាជិក ៦១រូប មាន ៥៧រូបត្រូវបានជ្រើសតាំងដោយការបោះឆ្នោតជាអសកល ០២រូបជ្រើសតាំងដោយរដ្ឋសភា និង០២រូបតែងតាំងដោយព្រះមហាក្សត្រ។ ព្រឹទ្ធសភានីតិកាលទី២ បានបើកសម័យប្រជុំដំបូង នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៦។