Jump to content

ព្រឹទ្ធសភាកម្ពុជា

ពីវិគីភីឌា
កំណែ​នៅ ម៉ោង០៥:៥៨ ថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១១ ដោយ វ័ណថារិទ្ធ (ការពិភាក្សា | ការរួមចំណែក) (បានបន្ថែមចំនាត់ថ្នាក់ក្រុម "ព្រឹទ្ធសភា" (ដោយប្រើ HotCat))

ប្រព័ន្ធ​សភា​ពីរ​ថ្នាក់ បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា តាំង​ពី​ពេល​ដែល រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កកើត​ឡើង​ជា​លើក​ដំបូង នា​ឆ្នាំ ១៩៤៧។ ប៉ុន្តែ​អាស្រ័យ​ដោយ​ឥទ្ធិពល​នៃ​សង្គ្រាម​ត្រជាក់ លើ​សកល​លោក បាន​ធ្វើ ឱ្យ​ប្រទេស​កម្ពុជា ត្រូវ​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​រ៉ាំរ៉ៃ​អស់​រយៈ​ពេល​ជាង​ពីរទសវត្សរ៍ ដែល​បាន​ធ្វើ​ឱ្យ​គ្រប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​សង្គម ត្រូវ​បំផ្លាញ​ខ្ទេចខ្ទី និងបាត់​បង់​ទាំង​ស្រុង​ធ្លាក់​ដល់​កម្រិត​សូន្យ នា​សម័យ​កាល​ដ៏​ខ្មៅ​ងងឹត នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នា​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ បានកំណត់​ឱ្យ​មាន​ការ​បោះឆ្នោត​ជា​សកល ដោយ​សេរី និង​យុត្តិធម៌​ក្នុង​ប្រទេស​កម្ពុជា ក្រោម​ការ​រៀបចំ​របស់​អាជ្ញាធរ​បណ្តោះ​អាសន្ន នៃ​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ នៅ​កម្ពុជា​ហៅ​កាត់​ថា (UNTAC) ដើម្បី​បញ្ចប់​ជម្លោះ បង្កើត​ស្ថាប័ន​គ្រប់​គ្រង​ប្រទេស និង​កសាង​នីតិ​រដ្ឋ។

បន្ទាប់​ពី​ការ​បោះឆ្នោត​ជា​សកល​លើក​ដំបូង ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​១៩៩៣ សភា​ធម្មនុញ្ញ​មួយ​បាន​ចាប់​បដិ​សន្ធិ​ឡើង​នៅ​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​១៩៩៣ ដើម្បី​តាក់​តែង​រដ្ឋ​ធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ រដ្ឋ​ធម្មនុញ្ញ​នោះ ត្រូវ​បាន​សភា​ធម្មនុញ្ញ​អនុម័ត​នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​១៩៩៣ និង​បាន​ចូល​ជា​ធរមាន នា​ថ្ងៃ​ទី​២៤ ខែ​ឆ្នាំ​ដដែល។ រដ្ឋ​ធម្មនុញ្ញ​នោះ បាន​កំណត់​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ស្ថិត​ក្រោម​របប​រាជា​និយម​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ។

អំណាច​ក្នុង​ការ​គ្រប់​គ្រង​រដ្ឋ ត្រូវ​បាន​បែង​ចែក​ដាច់​ពី​គ្នា​ជា​បី គឺ​អំណាច នីតិ​ប្បញ្ញត្តិ នីតិ​ប្រតិបត្តិ និង​អំណាច​តុលាការ។ នៅ​ពេល​រដ្ឋ​ធម្មនុញ្ញ​បាន​ចូល​ជា​ធរមាន សភា​ធម្មនុញ្ញ​បាន​ក្លាយ​ទៅ​ជា​រដ្ឋសភា​នីតិកាល​ទី១ ហើយ​បាន​ដំណើរការ​ក្នុង​នាម​ជា​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ​តែ​មួយ​គត់ របស់​ព្រះរាជាណាចក្រ​កម្ពុជា​ពេញ​មួយ នីតិ​កាល។

ក្រោយ​ការ​បោះ​ឆ្នោត​ជា​សកល ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី២ នាថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​១៩៩៨ វិបត្តិ​នយោបាយ ផ្ទៃ​ក្នុង​មួយ​បាន​កើត​ឡើង។ ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ កិច្ច​ប្រជុំ​កំពូល​រវាង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់ នៃ​គណ​បក្ស​នយោបាយ​ធំ​ទាំង​ពីរ គឺ​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណ​បក្ស​ហ៊្វុនស៊ិនប៉ិចបាន​ប្រារឰ​ឡើង​ពី​ថ្ងៃទី​១២-១៣ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៨ នា​ប្រាសាទ​ខេមរិន្ទ ព្រះ​បរម​រាជវាំង ក្រោម​ព្រះ​រាជា​ធិបតី​ភាពដ៏​ខ្ពង់​ខ្ពស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ដែល​នៅ​ពេល​នោះ ព្រះអង្គ​ទ្រង់​ជា​ព្រះ​មហាក្សត្រ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។

តាម​រយៈ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​កំពូល​នេះ ស្ថាប័ន​ព្រឹទ្ធសភា ត្រូវ​បាន​បង្កើត​ឡើង និង​ក្លាយ​ជា​ចំណែក​មួយ​នៃ​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ​ជាតិ ដែល​មាន​ពីរ​ថ្នាក់ បន្ទាប់​ពី​រដ្ឋ​ធម្មនុញ្ញ​នីតិកាល​ទី២ បាន​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ​១៩៩៣។ ព្រឹទ្ធសភា​នីតិ​កាល​ទី១ កើត​ឡើង​ដោយ​ការ​តែង​តាំង និង​មាន​អាណត្តិ​៥ឆ្នាំ។ សមាជិក​ចំនួន​៦១រូប ត្រូវ​បាន​ជ្រើស​រើស​ពី​ក្នុង​ចំណោម​ឥស្សរជន​ជាន់​ខ្ពស់ នៃ​គណបក្ស​នយោបាយ ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នីតិកាល​ទី២។

ព្រឹទ្ធសភា នីតិ​កាល​ទី១ បាន​បើក​សម័យ​ប្រជុំ​លើក​ទី១ នៅ​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​១៩៩៩។ ព្រឹទ្ធសភា​នីតិកាល​ទី២ កើត​ឡើង​ដោយ​ការ​បោះឆ្នោត​ជា​អសកល នាថ្ងៃ​អាទិត្យ ទី​២២ ខែ​មករា ឆ្នាំ​២០០៦ ដោយ​មាន​អាណត្តិ​៦ឆ្នាំ។ ក្នុង​ចំណោម សមាជិក​៦១រូប មាន​៥៧រូប​ត្រូវ​បាន​ជ្រើស​តាំង​ដោយ​ការ​បោះឆ្នោត​ជា​អសកល ០២រូប​ជ្រើស​តាំង​ដោយ​រដ្ឋសភា និង​០២រូប​តែងតាំង​ដោយ​ព្រះមហាក្សត្រ។

ព្រឹទ្ធសភា​​នីតិកាល​​ទី២ បាន​​បើក​​សម័យ​​ប្រជុំ​​ដំបូង នា​​ថ្ងៃ​ទី​​២០ ខែ​​មីនា ឆ្នាំ​​២០០៦ ដោយ​មាន​អាណត្តិ​៦ឆ្នាំ។ ក្នុង​ចំណោម​សមាជិក ៦១រូប មាន ៥៧រូប​ត្រូវ​បាន​ជ្រើស​តាំង​ដោយ​ការ​បោះឆ្នោត​ជា​អសកល ០២រូប​ជ្រើស​តាំង​ដោយ​រដ្ឋសភា និង​០២រូប​តែង​តាំង​ដោយ​ព្រះមហាក្សត្រ។ ព្រឹទ្ធសភា​នីតិ​កាល​ទី២ បាន​បើក​សម័យ​ប្រជុំ​ដំបូង នា​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០០៦។