ភូមិសាស្ត្រនយោបាយរុស្ស៊ី
ភូមិសាស្ត្រនយោបាយរុស្ស៊ី
រុស្ស៊ីចង់ក្លាយជាមហាអំណាចដូចសម័យសហភាពសូវៀត
ក្នុងឆ្នាំ១៩៩៩ នៅពេលដែល បូរីស យ៉េលស៊ីន (Boris Eltsine) បានចាកចេញពីតំណែងប្រធានាធិបតី និងបានប្រគល់អំណាចទៅឲ្យ វ្ល៉ាឌីមៀរ ពូទីន(Vladimir Poutine) រុស្ស៊ីជាប្រទេសទន់ខ្សោយ។ ប្រព័ន្ធសេរីប្រជាធិបតេយ្យបែបបស្ចិមលោក ដែលប្រជាជនបានស្រឡាញ់ផ្កាប់មុខ ក្រោយពីសហភាពសូវៀតបានរំលំរលាយបាត់ទៅ អស់មានតម្លៃទៀតហើយ ពីព្រោះវាមិនបានជួយរុស្ស៊ីឲ្យរួចផុតពីវិបត្តិសេដ្ឋកិច្ចឆ្នាំ ១៩៩៨។ រីឯនៅលើឆាកអន្តរជាតិវិញ រុស្ស៊ីគ្មានទម្ងន់ ទឹកមាត់មិនប្រៃ ត្រូវសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបមាក់ងាយ។
នៅក្នុងបរិបទនេះ វ្ល៉ាឌីមៀរ ពូទីន ដែលជាអតីតមន្ត្រីជាន់ខ្ពស់នៃក្រសួងស៊ើបការណ៍សម្ងាត់KGB និងដែលជាអ្នកស្រណោះស្រណោកសម័យសហភាពសូវៀត មានមហិច្ឆតាធ្វើឲ្យរុស្ស៊ីរស់និងមានកម្លាំងខ្លាំងឡើងវិញ។
ម្ល៉ោះហើយបានជាលោកប្រធានាធិបតីថ្មី ចេញបញ្ជាឲ្យប្រើបា្រស់ជាផ្លូវការឡើងវិញ ភ្លេងទង់ជាតិសម័យសហភាពសូវៀត ឲ្យយន្តហោះចម្បាំងរបស់រុស្ស៊ីផ្តើមហោះហើរឡើងវិញ នៅក្នុងដែនអាកាសអន្តរជាតិ និងឲ្យនាវាមុជទឹកបង្កើនសកម្មភាពក្នុងសមុទ្រនានា នៅគ្រប់ជ្រុងជ្រោយ ក្នុងពិភពលោក។ មិនតែប៉ុណ្ណោះ លោក ពូទីន លើកតម្កើងកេរ្តិ៍ឈ្មោះរបស់ស្តាលីន (Staline)ប្រមូលលុយដែលបានពីការលក់ថាមពល យកមកបង្កើតនូវអ្វីដែលវិមានក្រេមឡាំង(Kremlin) ប្រសិទ្ធនាមឲ្យថា «លទ្ធិប្រជាធិបតេយ្យក្រោមការឃ្លាំមើល»។
នៅក្នុងន័យនេះ អាជ្ញាធរបំបិទមាត់អ្នកប្រឆាំង កាន់កាប់ទូរទស្សន៍ កាត់បន្ថយអំណាច របស់រដ្ឋសភា ឃ្លាំមើលរាល់សកម្មភាពនយោបាយរបស់បក្សប្រឆាំង ត្រួតត្រាវិស័យសេដ្ឋកិច្ចណាដែលមានលក្ខណៈយុទ្ធសាស្រ្ត ចាប់Mikhaïl Khodorkovski ថៅកែក្រុមហ៊ុនសាំងIoukos ដាក់គុក ពីព្រោះមហាសេដ្ឋីរូបនេះចង់ចូលប្រឡូកក្នុងឆាកនយោបាយ។
ក្នុងគោលដៅធ្វើឲ្យរុស្ស៊ីរស់ និងមានកម្លាំងខ្លាំងឡើងវិញ លោក វ៉្លាឌីមៀរ ពូទីន អនុវត្តធម៌ក្តៅ នៅឆេឆេនី(Tchétchénie) តាមរយៈនយោបាយបោសសម្អាតពូជសាសន៍ ចាប់ផ្តើមពង្រឹងឥទ្ធិពលរបស់រុស្ស៊ីឡើងវិញ នៅក្នុងបណ្តាប្រទេសជិតខាង ដែលជាអតីតសាធារណរដ្ឋសហភាពសូវៀត។ មហិច្ឆតាអន្តរជាតិរបស់លោកពូទីនស្តែងឡើងជាពិសេស នៅថ្ងៃទី២សីហាឆ្នាំ២០០៧។ កាលណោះ តាមរយៈការដោតទង់ជាតិរុស្ស៊ី នៅលើដីបាតមហាសមុទ្រArctiqueត្រង់ចំណុចអក្ខោសានឧត្តរ ក្នុងជម្រៅប្រមាណ៤២៦១ម វិមានក្រេមឡាំងបញ្ជាក់ប្រាប់ពិភពលោកថា ប៉ូលចុងខាងជើងបំផុតនៃភពផែនដី ជាកម្មសិទ្ធិរបស់រុស្ស៊ី។
ដើម្បីដាក់គំនាបទៅលើបណ្តាអតីតសាធារណរដ្ឋសហភាពសូវៀតដែលចង់ងាក ចេញពីរុស្ស៊ីទៅរកបស្ចិមលោក វិមានក្រេមឡាំងយកឧស្ម័នមកធ្វើជាអាវុធ ដោយដំឡើងតម្លៃនៃថាមពលនេះ ឬក៏ឈប់បង្ហូរវាទៅចែកចាយឲ្យបណ្តាប្រទេសក្បាលរឹង ដូចជាហ្ស័កហ្ស៊ី (Georgie) អ៊ុយក្រែន(Ukraine) អារមេនី(Arménie) និង បៀឡូរុស្ស៊ី(Biélorussie)។ មិនតែប៉ុណ្ណោះ បណ្តាប្រទេសអឺរ៉ុបខាងកើតខ្លះដែលជាសមាជិកថ្មីថ្មោងរបស់សហភាព អឺរ៉ុប ដូចជាហុងគ្រី(Hongrie) ប៉ូឡូញ(Pologne) និង ប៊ុលហ្ការី(Bulgarie)ក៏ឋិតនៅក្រោមការឃ្លាំមើលរបស់ថ្នាក់ដឹកនាំ រុស្ស៊ីដែរ។
នៅលើវិស័យការទូត តាំងពីឆ្នាំ១៩៩៩មក រុស្ស៊ីប្រឹងប្រែងបង្កើតរណសិរ្សមួយដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ សហរដ្ឋអាមេរិក នៅលើឆាកអន្តរជាតិ។ នៅក្នុងន័យនេះ ទីក្រុងMoscou ចងសម្ព័ន្ធភាពផ្នែកថាមពល និងយោធាជាមួយប្រទេសវេណេហ្ស៊ុយអេឡា(Venezuela) អៀរ៉ង់(Iran)និង ស៊ីរី(Syrie)។ នៅក្នុងន័យនេះដែរ នាឱកាសសន្និសីទនៅទីក្រុងMunich ស្តីពីសន្តិសុខ ក្នុងឆ្នាំ២០០៧ លោកវ៉្លាឌីមៀរ ពូទីន និយាយវាយប្រហារយ៉ាងខ្លាំងក្លាទៅលើអ្វីដែលហៅថា «ឯកតោភាគីនិយម» ខ្លាំងជ្រុលរបស់សហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះ រុស្ស៊ីជំទាស់មិនឲ្យអាមេរិកស្រូបយកអ៊ុយក្រែន និងហ្ស័កហ្ស៊ី ទៅចូលជាសមាជិកអង្គការOTAN។
គឺនៅក្នុងបរិបទតានតឹងបែបនេះហើយ ដែលសង្គ្រាមរវាងរុស្ស៊ីនិងហ្ស័កហ្ស៊ីដែលផ្ទុះឡើងក្នុងឆ្នាំ២០០៨ ត្រូវគេបកស្រាយថា ជាការប្រឈមមុខដាក់គ្នាដោយប្រយោល រវាងរុស្ស៊ីនិងសហរដ្ឋអាមេរិក។
ក្រោយមកទៀត ឌ្មីទ្រី មេដវេដេវ (Dmitri Medvedev) ដែលជាប់ឆ្នោតជាប្រធានាធិបតីនៅខែមីនាឆ្នាំ២០០៨ដោយសារតែ អន្តរាគមន៍និងការគាំទ្ររបស់ ពូទីន ដែលគ្មានសិទ្ធិឈរឈ្មោះជាប្រមុខរដ្ឋមួយអាណត្តិបន្ថែមទៀត បន្តនយោបាយរបស់ពូទីន តទៅទៀត។ នោះគឺ ធ្វើឲ្យរុស្ស៊ីរស់និងមានកម្លាំងខ្លាំងឡើងវិញ។
បីខែប៉ុណ្ណោះក្រោយជ័យជំនះយោធារបស់រុស្ស៊ីទៅលើហ្ស័កហ្ស៊ី លោកប្រធានាធិបតីថ្មី មេដវេដេវ បំពេញទស្សនកិច្ចមួយជុំទ្វីបអាមេរិកខាងត្បូង នៅពេរូ(Pérou) វេណេហ្ស៊ុយអេឡា(Venezuela) ប្រេស៊ីល(Brésil) និងគុយបា(Cuba)។ ជាលើកទីមួយបង្អស់ ក្រោយពីសង្រ្គាមត្រជាក់បានចប់ទៅ នាវាចម្បាំងរុស្ស៊ីធ្វើចរាចរណ៍ទៅដល់សមុទ្រការ៉ាអ៊ីប្ស(Caraïbes)។ សមយុទ្ធនេះ គឺជាការឆ្លើយតបទៅនឹងវត្តមានរបស់នាវាចម្បាំងអាមេរិកនៅម្តុំ សមុទ្រខ្មៅ ក្នុងពេលដែលសង្គ្រាមរវាងរុស្ស៊ីនិងហ្ស័កហ្ស៊ីកំពុងតែប្រព្រឹត្ត ទៅនៅខែសីហាឆ្នាំ២០០៨។
បន្តិចម្តងៗ រុស្ស៊ីដែលស្រណោះស្រណោកសម័យសហភាពសូវៀត ក៏មានគំនិតដូចថ្នាក់ដឹកនាំសម័យសហភាពសូវៀតដែរ។ នោះគឺ បស្ចិមលោកចង់ធ្វើឲ្យរុស្ស៊ីខ្សោយ ចង់បានសម្បត្តិធម្មជាតិរបស់រុស្សី ម្ល៉ោះហើយរុស្ស៊ីត្រូវតែប្រុងប្រយ័ត្ននិងចេះការពារខ្លួន។
អ៊ីចឹងហើយ បានជាវិមានក្រេមឡាំង បន្តចាត់ទុកអង្គការOTAN ថាជាសត្រូវធំ។ ជាក់ស្តែង នៅក្នុងឯកសារទ្រឹស្តីយោធាថ្មីរបស់រុស្ស៊ី ចុះហត្ថលេខាដោយមេដវេដេវ ផ្ទាល់ ទីក្រុងម៉ូស្គូ យល់ឃើញថា អង្គការOTAN ជាសត្រូវទីមួយរបស់ខ្លួន មុនការសាយភាយអាវុធនុយក្លេអ៊ែរ ឬក៏ភេរវកម្មទៅទៀត។
យ៉ាងណាក៏ដោយ ជាមួយវិបត្តិសកលតាំងពីឆ្នាំ២០០៨មក សេដ្ឋកិច្ចរបស់រុស្ស៊ីថមថយកម្លាំង ជាហេតុធ្វើឲ្យទីក្រុងMoscou ពិបាកខ្លាំងឡើងៗ ក្នុងការសម្រេចមហិច្ឆតាអន្តរជាតិរបស់ខ្លួន។ មិនតែប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសមហាអំណាចថ្មីថ្មោង ដូចជាប្រេស៊ីល ចិន និង ឥណ្ឌាជាដើម រុស្ស៊ីជាប្រទេសមួយដែលមិនសូវមានសក្តានុពល។ ប្រជាជនរុស្ស៊ីមានវ័យចាស់ទៅៗ និងមានចំនួនតិចទៅៗ។ រីឯសេដ្ឋកិច្ចនៃប្រទេសវិញ ពឹងពាក់ខ្លាំងជ្រុលពេកទៅលើតែការលក់ថាមពល ពិសេសឧស្ម័ននិងប្រេងកាត។ មិនតែប៉ុណ្ណោះ ហេដ្ឋារចនាសម្ព័ន្ធដែលសល់ពីសម័យសហភាពសូវៀត កាន់តែចាស់ខូចខាតខ្ទេចខ្ទី និងស្ទើរតែមិនដែលទទួលការជួសជុលសោះឡើយ៕
ឯកសារយោង
ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ http://www.khmer.rfi.fr/Russia%20wan%20grow%20URSS