ភូមិសាស្ត្រនយោបាយសហរដ្ឋអាមេរិក
ភូមិសាស្ត្រនយោបាយសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក ៖ ជាលេខ១ ឬ មិនមែនជាលេខ១ពិភពលោក?

នៅខែវិច្ឆិកាឆ្នាំ២០០៨ បារ៉ាក់ អូបាម៉ា បានជាប់ឆ្នោតជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក។ ដោយសារប្រាជា្ញឆ្លាតវៃ ថាមពលក្លៀវក្លា និង ដើមកំណើតជាកូនកាត់ស្បែកខ្មៅ បារ៉ាក់ អូបាម៉ា ត្រូវបានគេប្រសិទ្ធនាមថា ជាប្រធានាធិបតីទី១របស់ពិភពលោក។ ក៏ប៉ុន្តែ លោក អូបាម៉ា ឡើងមកគ្រប់គ្រងប្រទេសមួយដែលបាននិងកំពុងបន្តបាត់បង់ កិត្យានុភាពនិងមហិទ្ធិឫទ្ធិ នៅលើឆាកអន្តរជាតិ។ ជាការ ពិតណាស់ដែលថា អាមេរិកនៅតែជាសិស្សពូកែ ជាប់លេខ១ ក្នុងថ្នាក់ពិភពលោក ក៏ប៉ុន្តែបណ្តើរៗ មហាយក្សមួយនេះលែងជាមហាអំណាចផ្តាច់មុខទៀតហើយ កំពុងតែក្លាយជាប្រទេសមួយដូចគេឯងដែរ ពីព្រោះតែការលេចត្រដែតឡើងនៃមហាអំណាចថ្មីថ្មោងដទៃផ្សេងទៀត។
ក្នុងអំឡុងពេលតែមួយសតវត្សរ៍ប៉ុណ្ណោះ គឺពីចុងសតវត្សរ៍ទី១៨ដល់ចុងសតវត្សរ៍ទី១៩ សហរដ្ឋអាមេរិកបានក្លាយជាមហាអំណាចពិភពលោកទី១។ លក្ខន្តិកៈជាមហាយក្សទី១នេះត្រូវបានពង្រឹងបន្ថែមនៅលើឆាក អន្តរជាតិ ពេញមួយសតវត្សរ៍ទី២០ ដោយសារតែប្រទេសនេះបានឈ្នះសង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ និងសង្គ្រាមត្រជាក់។
នៅក្នុងសតវត្សរ៍ទី២០ សហរដ្ឋអាមេរិកបានក្លាយជាលេខ១ពិភពលោក នៅពេលដែលចក្រភពធំៗនៅអឺរ៉ុបសម្លាប់ខ្លួនឯង បាក់កម្លាំងបន្តិចម្តងៗ ដោយហេតុតែសង្គ្រាមលោកទាំងពីរ។ អ៊ីចឹងហើយបានជា អាមេរិកដែលមានឫទ្ធិខ្លាំង អាចបង្ខំពិភពលោកឲ្យទទួលយកនូវគោលគំនិតសេដ្ឋកិច្ចនិងនយោបាយសកល របស់ខ្លួនបាន ដូចជា សេរីកម្មនៃការផ្តោះប្តូរពាណិជ្ជកម្ម អភិបាលកិច្ចសកល តាមរយៈការបង្កើតអង្គការសហប្រជាជាតិ ។ល។និង។ល។
មិនតែប៉ុណ្ណោះនៅដើមសតវត្សរ៍ទី២១ សហរដ្ឋអាមេរិកថែមទាំងមានគំនិតបង្ខំបណ្តាប្រទេសកាន់អំណាចផ្តាច់ការ ឲ្យទទួលយកគំរូប្រជាធិបតេយ្យនិងគំរូពិភពភាវូបនីយកម្មរបស់ខ្លួនទៀត ផង ជាអាទិ៍តាមរយៈសង្គ្រាមនៅអៀរ៉ាក់ ក្នុងឆ្នាំ២០០៣។
ម្ល៉ោះហើយ នៅក្នុងបរិបទបែបនេះ និងតាមគោលការណ៍ អាមេរិកត្រូវខ្លាំងលើសគេ ត្រូវក្លាយជាមហាអំណាចផ្តាច់មុខដែលគ្មានគូប្រជែង នៅលើឆាកអន្តរជាតិ ។ ក៏ប៉ុន្តែ បន្តិចម្តងៗ សហរដ្ឋអាមេរិកបែរជាបាននិងកំពុងបន្តទទួលរងឥទ្ធិពលអាក្រក់នៃ ប្រព័ន្ធសេដ្ឋកិច្ចសកល និងប្រព័ន្ធនយោបាយសកល ដែលខ្លួនបានតម្រូវឲ្យពិភពលោកទទួលយកកាលពីសតវត្សរ៍មុន។ ឥទ្ធិពលអាក្រក់ដែលឡងមកត្រូវអាមេរិកខ្លួនឯងវិញ មានច្រើនយ៉ាង។
ម្យ៉ាង នៅលើវិស័យសេដ្ឋកិច្ច ការបង្កើតទីផ្សារសកល បំផុសឲ្យមាននូវការប្រកួតប្រជែងជាសកល រហូតដល់ជួយធ្វើឲ្យប្រទេសធំៗ ដូចជាចិន ឥណ្ឌា និងប្រេស៊ីលលេចត្រដែតឡើងកាន់តែលឿនរហ័ស និងកំពុងក្លាយជាគូប្រជែងរបស់អាមេរិកខ្លួនឯង។ ម្យ៉ាងទៀត នៅលើវិស័យនយោបាយ អភិបាលកិច្ចសកល តាមរយៈគំរូអង្គការសហប្រជាជាតិដែលមានមូលដ្ឋាន នៅលើគោលការណ៍ប្រជាធិបតេយ្យនិងសមភាពនៅចំពោះមុខច្បាប់ តម្រូវសហរដ្ឋអាមេរិកឲ្យគោរពករណីយកិច្ចនិងលក្ខខណ្ឌផ្សេងៗ ដូចបណ្តាប្រទេសសមាជិកធំឬតូចដទៃទៀតដែរ។
ជាការពិតណាស់ដែលថា ក្នុងនាមជាសមាជិកអចិន្រ្តៃយ៍នៃអង្គការសហប្រជាជាតិ អាមេរិកមានសិទ្ធិវេតូ(Véto) មានសិទ្ធិកាន់អាវុធនុយក្លេអ៊ែរ ស្របទៅតាមសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរឆ្នាំ១៩៦៨។ ក៏ប៉ុន្តែ នៅក្នុងអង្គការអន្តរជាតិមួយចំនួនផ្សេង ដូចយ៉ាងអង្គការពាណិជ្ជកម្មពិភពលោកជាដើម អាមេរិកជាប្រទេសសមាជិកមួយដូចគេឯងដែរ។
ធ្ងន់ធ្ងរជាងនេះទៅទៀត គោលការណ៍អភិបាលកិច្ចសកល ដែលត្រូវបានផ្តួចផ្តើមឡើងដោយថ្នាក់ដឹកនាំអាមេរិក ក្រោយសង្គ្រាមលោកលើកទី២ កំពុងចងកសហរដ្ឋអាមេរិកខ្លួនឯង។ ឧទាហរណ៍ជាក់ស្តែង គឺតុលាការព្រហ្មទណ្ឌអន្តរជាតិដែលត្រូវបានបង្កើតឡើង នៅឆ្នាំ២០០២។ នៅថ្ងៃណាមួយ តុលាការនេះអាចនឹងអូសយកមកកាត់ទោស អតីតអ្នកដឹកនាំកំពូលៗមួយចំនួនរបស់សហរដ្ឋអាមេរិក ពីព្រោះអន្តរាគមន៍យោធាច្រើនសន្ធឹកសន្ធាប់ នៅក្នុងលោករបស់ប្រទេសមហាយក្សមួយនេះ បានធ្វើឲ្យមានការជ្រុលជ្រួស បង្កជាឧក្រិដ្ឋកម្មសង្គ្រាម ឬជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទៀតផង។
តើសហរដ្ឋអាមេរិកអាចបន្តនៅជាសិស្សពូកែជាប់លេខ១ក្នុងថ្នាក់ ពិភពលោកតទៅទៀតបានប៉ុន្មានឆ្នាំ នៅក្នុងសតវត្សរ៍ទី២១នេះ?
អ្វីដែលជាក់ច្បាស់ គឺសព្វថ្ងៃនេះ សហរដ្ឋអាមេរិកបានឡើងមកដល់ចុងកំពូលនៃមហិទ្ធិឫទ្ធិរបស់ខ្លួនហើយ ក្រោយពីបានក្លាយជាមហាអំណាចទី១នៅដើមសតវត្សរ៍ទី២០ និងបានរក្សាលក្ខន្តិកៈជាមហាអំណាចទី១នេះ ជិតមួយសតវត្សរ៍កន្លងមកហើយ គឺតាំងពីចប់សង្គ្រាមលោកលើកទី១ក្នុងឆ្នាំ១៩១៨ រហូតមកដល់ឆ្នាំ២០១០នេះ។
ជាការពិតណាស់ដែលថា អាមេរិកនៅតែជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី១ នៅតែរក្សាបានល្អការនាំមុខរបស់ខ្លួន នៅលើវិស័យសំខាន់ៗមួយចំនួន រួមមានជាអាទិ៍វិស័យអប់រំជាពិសេសថ្នាក់ឧត្តមសិក្សា វិស័យឧស្សាហកម្មឈានមុខ និងវិស័យសេវាពាណិជ្ជ។ល។និង។ល។ មិនតែប៉ុណ្ណោះ សេដ្ឋកិច្ចអាមេរិក បើប្រៀបទៅនឹងសេដ្ឋកិច្ចអឺរ៉ុប ទទួលរងមិនសូវខ្លាំងទេ ឥទ្ធិពលនៃវិបត្តិសកលបច្ចុប្បន្ន។
ក៏ប៉ុន្តែ រូបភាពរបស់មហាយក្សអាមេរិកចាប់ផ្តើមរេចរឹល នៅចំពោះមុខប្រទេសមាឌធំមួយចំនួន ដូចជាចិន ឥណ្ឌា ប្រេស៊ីល ដែលគេមានវ័យក្មេងជាង និងមានថាមពលខ្លាំងជាង។ មិនតែប៉ុណ្ណោះ មហាយក្សថ្មីថ្មោងទាំងនេះចេះស្រូបយកបានយ៉ាងលឿនរហ័សបច្ចេកវិជ្ជា ឈានមុខ និងចេះដើរស្រូតលឿនទៅមុខមិនឲ្យខាតពេលឡើយ។
ដូចគ្នាអ៊ីចឹងដែរ រូបភាពរបស់អាមេរិកចាប់ផ្តើមរេចរឹល ពីព្រោះនៅក្នុងពិភពលលោកមួយដែលមានលុយទើបទឹកមាត់ប្រៃ អាមេរិកជាប្រទេសចាយធំ ខ្ចីលុយគេចាយ និងជំពាក់លុយគេ ជាពិសេសជំពាក់លុយប្រទេសចិន។
ជាការពិតណាស់ដែលថា អាមេរិកនៅតែជាមហាអំណាចយោធាពិភពលោកទី១ នៅដើមសតវត្សរ៍ទី២១នេះ។ អាមេរិកឈ្នះសង្គ្រាមលោកលើកទី២ នៅឆ្នាំ១៩៤៥ ដោយបានប្រយុទ្ធនៅលើមហាសមរភូមិពីរដំណាលគ្នា គឺអាត្លង់ទិក(Atlantique) និងប៉ាស៊ីហ្វិក(Pacifique)។ អាមេរិកឈ្នះសង្គ្រាមត្រជាក់នៅឆ្នាំ១៩៩១ ដោយបានធ្វើឲ្យសហភាពសូវៀតរលាយនៅទីបំផុត។
ក៏ប៉ុន្តែ នៅដើមសវត្សរ៍ទី២១នេះ អាមេរិកបែរជាដោះខ្លួនចេញមិនរួចពីសង្គ្រាមពីរតូចៗ នោះគឺអៀរ៉ាក់ និងអាហ្វហ្កានីស្តង់។ ការកត់សម្គាល់ឃើញបែបនេះ ស្តែងឲ្យយល់ថាទាហាននៅតែជាកត្តាសំខាន់នៅក្នុងសង្គ្រាម មិនអាចជំនួសបានយូរទេ ដោយអាវុធនិងបច្ចេកទេសយោធាទំនើបយ៉ាងណាក៏ដោយ។ ត្រង់នេះ គួរនិយាយថា សហរដ្ឋអាមរិកខ្វះទាហាន ពីព្រោះការហាត់ទាហាន ត្រូវបានលុបចោល តាំងពីចប់សង្គ្រាមវៀតណាមមកម្ល៉េះ ជាហេតុជម្រុញអាជ្ញាធរឲ្យសន្យាថានឹងផ្តល់សញ្ជាតិអាមេរិកដល់ជន អន្តោប្រវេសន៍ណា ដែលព្រមស្ម័គ្រចិត្តចូលធ្វើទាហាន។
យ៉ាងណាក៏ដោយ ជិតមួយសតវត្សរ៍ចុងក្រោយនេះ អាមេរិកអាចដើរតួនាទីសំខាន់ នៅលើឆាកអន្តរជាតិបាន ក៏ដោយសារតែប្រទេសនេះត្រូវបានដឹកនាំដោយប្រធានាធិបតីមួយចំនួនដែល មានប្រាជ្ញាឆ្លាតវាងវៃដែរ ក្នុងនោះមានជាពិសេសFranklin Roosevelt។ គឺជាប្រធានាធិបតីដែលនៅឆ្នាំ១៩៣៩ គេប្រសិទ្ធនាមឲ្យថា ប្រមុខរដ្ឋរបស់សកលលោក និងដែលបានអនុញ្ញាតឲ្យសហរដ្ឋអាមេរិកឈ្នះសង្គ្រាមលោកលើកទី២ នៅឆ្នាំ១៩៤៥។
តើបច្ចុប្បន្នប្រធានាធិបតីបារ៉ាក់ អូបាម៉ា មានសមត្ថភាពគ្រប់គ្រាន់ដែរឬទេ ដើម្បីប្រឈមមុខនឹងសណ្តាប់ធ្នាប់ថ្មីនៃភូមិសាស្រ្តនយោបាយពិភពលោក សព្វថ្ងៃ?
ឯកសារយោង
ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ