Jump to content

ភូមិសាស្ត្រនយោបាយសហភាពអឺរ៉ុប

ពីវិគីភីឌា

ភូមិសាស្ត្រនយោបាយសហភាពអឺរ៉ុប (ប្រវត្តិនៃការកសាងសហភាពអឺរ៉ុប)

ភាគ១

សហភាពអឺរ៉ុប

នៅ​ក្រោយ​សង្គ្រាម​លោក​លើក​ទីពីរ ទ្វីប​អឺរ៉ុប​ទាំងមូល​ខូចខាត​ខ្ទេចខ្ទី សហភាព​សូវៀត គិត​តែ​ពី​វាតទី ពង្រីក​ទឹកដី និង​បង្កើន​ឥទ្ធិពល ជា​ហេតុ​ធ្វើ​ឲ្យ​អឺរ៉ុ​បខាង​លិច​អ្នក​ស្នេហា​លទ្ធិ​ប្រជាធិបតេយ្យ​ភិត​ភ័យ។

គឺ ​នៅ​ក្នុង​បរិបទ​បែប​នេះ​ហើយ ដែល​បណ្តា​ប្រទេស​អឺរ៉ុប​ប្រជាធិបតេយ្យ ផ្តើម​មាន​គំនិត​ចង់​រួបរួម​គ្នា ដើម្បី​ការពារ​ខ្លួន ដើម្បី​កសាង​អឺរ៉ុប​ខាង​លិច​ឡើង​វិញ និង​ជា​ពិសេស​ដើម្បី​បង្កើត​សន្តិភាព ចៀសវាង​កុំ​ឲ្យ​សង្គ្រាម ដូច​សង្គ្រាម​លោក​លើក​ទី​មួយ និង​សង្គ្រាម​លោក​លើក​ទីពីរ កើត​ឡើង​ទៀត។ បាន​ន័យ​ថា កាល​នោះ នៅ​សម័យ​ឆ្នាំ​១៩៤៥ មូល​ហេតុ​សំខាន់ៗ​ដែល​ជម្រុញ​ឲ្យ​បណ្តា​ប្រទេស​អឺរ៉ុប​ខាង​លិច ចង់​ប្រមូល​ផ្តុំគ្នា​ជ្រក​ក្រោម​ដំបូល​តែ​មួយ គឺ​សុទ្ធសឹង​ជា​មូលហេតុ​នយោបាយ។

ប៉ុន្តែ នៅ​ទីបំផុត នៅ​ឆ្នាំ​១៩៤៨ នា​ពេល​ដែល​បណ្តា​ប្រទេស​អឺរ៉ុប​ប្រជាធិបតេយ្យ​ចំនួន​១៩ រួម​ប្រជុំ​គ្នា នៅ​ទីក្រុង​La Haye​ប្រទេស​Hollande ដើម្បី​ជជែក​គ្នា​អំពី​ការផ្តួចផ្តើម​បង្កើត​អង្គការ​តំបន់​រួម​មួយ ស្រាប់​តែ​បដិវាទកម្ម​កើត​ឡើង។ គឺ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ចក្ខុនិមិត្ត​ពីរ។

នៅ​ម្ខាង ប្រទេស​អឺរ៉ុប​មួយ​ក្រុម​ ដឹក​មុខ​ដោយ​ប្រទេស​អង់គ្លេស ចង់​បាន​ត្រឹម​តែ​សហប្រតិបត្តិការ​រវាង​គ្នា និង​ចង់​បាន​តែ​អង្គការ​អឺរ៉ុប​មួយ​ដែល​មិន​ធ្វើ​ឲ្យ​បាត់បង់​សោះ ឡើយ​អធិបតេយ្យ​នៃ​ប្រទេស​សមាជិក​នីមួយៗ។ នៅ​ម្ខាង​ទៀត មាន​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ផ្សេង ដឹកនាំ​ដោយ​ប្រទេស​បារាំង និង​ប្រទេស​Belgique ដែល​ចង់​ឲ្យ​អភិក្រម​នៃ​ការ​បង្រួបបង្រួម​អឺរ៉ុប​នេះ បោះ​ជំហាន​ទៅ​រក​សហព័ន្ធន៍​មួយ តាម​គំរូ​នៃ​សហរដ្ឋ​អាមេរិក ដូច​អ្វី​ដែល​អ្នក​និពន្ធ​បារាំង​សម័យ​សតវត្សរ៍​ទី​១៩ Victor Hugo​ដាក់​នាម​ឲ្យ​ថា Les Etats-Unis d’Europe ឬ​សហរដ្ឋ​អឺរ៉ុប។

ចក្ខុនិមិត្ត​ទាំងពីរ​ខុស​គ្នា​នេះ មួយ​ជា​ចក្ខុនិមិត្ត​អឺរ៉ុប​សមាគម​ប្រជាជាតិ​(Europe des Nations) និង​មួយ​ទៀត​ជា​ចក្ខុនិមិត្ត​អឺរ៉ុប​សហព័ន្ធន៍ (Europe fédérale) បន្ត​ប្រឆាំង​គ្នា​មក​ទល់​សព្វ​ថ្ងៃ ជាង​៦០​បា្លយ​ឆ្នាំ​ក្រោយ​មក។

នៅ​ឆ្នាំ​១៩៥០ លោក​ Robert Schuman រដ្ឋមន្រ្តី​ការបរទេស​បារាំង​សម័យ​នោះ មាន​គំនិត​ល្អ​មួយ នោះ​គឺ​ឈប់​និយាយ​ពី​អឺរ៉ុប​នយោបាយ តែ​និយាយ​ពី​អឺរ៉ុប​សេដ្ឋកិច្ច​វិញ​ម្តង។ លោក​ស្នើ​ឲ្យ​ដាក់​ចូល​ជា​សមូហភាព​អឺរ៉ុប ធ្យូងថ្ម​និង​ដែកថែប។ ពីព្រោះ ធ្យូងថ្ម ជា​ថាមពល​ចាំបាច់ ​សម្រាប់​ឧស្សាហកម្ម និង​ការ​កសាង​អឺរ៉ុប​ឡើង​វិញ រីឯ​ដែកថែប​វិញ ជា​លោហធាតុ យុទ្ធសាស្រ្ត សម្រាប់​ផលិត​អាវុធ។ នៅក្នុង​ស្មារតី​របស់​លោក​Schuman ការ​ដាក់​ធ្យូងថ្ម​ និង ដែកថែប ​នៅក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​អឺរ៉ុប​តែ​មួយ​រួមគ្នា មាន​គោលដៅ​នយោបាយ​ និង​សន្តិភាព ពីព្រោះ ធ្វើ​បែប​នេះ វត្ថុធាតុ​ទាំងពីរ​មុខ​នេះ នឹង​មិន​អាច​ត្រូវ​គេ​យក​ទៅ​ផលិត អាវុធ​អ្វី​ផ្តេសផ្តាស ដើម្បី​ធ្វើ​សង្គ្រាម​បាន​ទៀត​ឡើយ។ អ៊ីចឹង​ហើយ បាន​ជា​នៅ​ឆ្នាំ​១៩៥១ បណ្តា​ប្រទេស​អឺរ៉ុប​ចំនួន​៦ ​គឺ​បារាំង អាល្លឺម៉ង់​ខាង​លិច Belgique, Luxembourg, Hollande និង Italie សុខ​ចិត្ត​បង្កើត​សហគមន៍​ធ្យូងថ្ម​និង​ដែកថែប​អឺរ៉ុប La Communauté Européenne du Charbon et de l’Acier ហៅ​កាត់​ថា​CECA។

តាមរយៈសហគមន៍​CECA នេះ អឺរ៉ុប​រួម​ចាប់​បដិសន្ធិ​កើត​ចេញ​ជា​រូបរាង​ឡើង នៅ​តូច​កូន​ង៉ែត​មែនពិត តែ​នឹង​រីក​ធំធាត់​ម្តង​បន្តិចៗ ចាប់​ពីដើម​ទសវត្សរ៍​ទី​៥០​ទៅ។

នៅ​ក្នុង​សម័យ​ទសវត្សរ៍​ទី​៥០ ទ្វីប​អឺរ៉ុប​ជា​ទី​កន្លែង​ដែល​សង្គ្រាម​ត្រជាក់​រវាង Bloc​ខាង​កើត​កុម្មុយនីស្ត និង​Bloc​ខាង​លិច​សេរី បង្ក​ឲ្យ​មាន​ភាព​តានតឹង​ខ្លាំង​ជាង​គេ។

នៅ​ក្នុង​កាលៈទេសៈ​បែប​នេះ ប្រទេស​បារាំង​មាន​គំនិត​ស្នើ​ឲ្យ​បង្កើត កងទ័ព​អឺរ៉ុប​រួម​មួយ រវាង​បណ្តា​ប្រទេស​សមាជិក​ទាំង​៦។ គំនិត​នេះ​លិចចេញ​ជា​រូបរាង​ឡើង តាម​រយៈ សន្ធិសញ្ញា​ទី​ក្រុង​ប៉ារីស​ឆ្នាំ​១៩៥២ តែ​រលត់​សាបសូន្យ​ទៅ​វិញ នៅ​ឆ្នាំ​១៩៥៤។ ពីព្រោះ កាលនោះ រដ្ឋសភា​បារាំង​ដែល​ខ្លាច​ប្រទេស​បារាំង​បាត់បង់​អធិបតេយ្យ​របស់​ខ្លួន មិន​ព្រម ឲ្យ​សច្ចាប័ន​ទៅ​លើ​សន្ធិសញ្ញា​នេះ​ទេ ខុស​ផ្ទុយ​ពី​រដ្ឋសភា​Belgique អាល្លឺម៉ង់​ខាង​លិច Hollande Luxembourg និងItalie។

សព្វថ្ងៃនេះ ៦០​ប្លាយ​ឆ្នាំ​ក្រោយ​មក ក្រុម​ប្រវត្តិវិទូ នៅ​តែ​បន្ត​អះអាង​ថា បើ​សិន​ជា​រដ្ឋសភា បារាំង មិន​ច្រាន​ចោល​សន្ធិសញ្ញា​បង្កើត​កងទ័ព​អឺរ៉ុប​រួម​នៅ​ឆ្នាំ​១៩៥៤​នោះ​ទេ ប្រហែល​ជា​មាន​សហរដ្ឋ​អឺរ៉ុប​មួយ​រួច​ស្រេច​បាត់​ទៅ​ហើយ នៅ​ថ្ងៃ​នេះ។ នៅ​ត្រង់​នេះ គេ​គួរ​បើក​វង់​ក្រចក​ពិនិត្យ​មើល​ឥរិយាបថ​របស់​ប្រទេស​បារាំង​បន្តិច​សិន។ ពីព្រោះ នៅ​ក្នុង​អភិក្រម​នៃ​ការ​កសាង​អឺរ៉ុប ម្តង​ជា​ពីរ​ដង បារាំង​អស់​ពី​ក្លាហាន​ក្លាយ​ជា​កំសាក អស់​ពី​ជម្រុញ​ឲ្យ​ទៅ​មុខ ក្លាយ​ជា​អ្នក​យក​ជើង​រា​ទឹក។ ជាក់ស្តែង​ជាង​គេ គឺ​នៅ​ឆ្នាំ​២០០៥ ជា​ថ្មី​ម្តង​ទៀត ប្រទេស​បារាំង​ច្រាន​ចោល​រដ្ឋធម្មនុញ្ញ​អឺរ៉ុប ដែល​ខ្លួន​ជា​អ្នក​ផ្តួចផ្តើម​ជម្រុញ​ឲ្យ​តុបតែង​ឡើង។

យ៉ាង​ណាក៏​ដោយ នៅ​ក្នុង​ទសវត្សរ៍​ទី​៥០ ប្រទេស​សមាជិក​ទាំង​៦​នៃ​សហគមន៍​ធ្យូងថ្ម និង​ដែកថែប​អឺរ៉ុប បន្ត​ជម្រុញ​ឲ្យ​ទៅ​មុខ​កាន់​តែ​លឿន គំនិត​ដែល​ថា​ត្រូវ​តែ​ដើរ ទៅ​ឲ្យ​ដល់ គោលដៅ​អឺរ៉ុប​នយោបាយ។ នៅ​ក្នុង​ន័យ​នេះ នៅ​ឆ្នាំ​១៩៥៧ បណ្តា​ប្រទេស​អឺរ៉ុប​ទាំង​៦ មូល​មតិ​គ្នា បង្កើត​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប La Communauté Economique Européenne ហៅ​កាត់​ថា CEE តាមរយៈ​សន្ធិសញ្ញា​ទី​ក្រុង​Rome។ គោលដៅ​នៃ​សន្ធិសញ្ញា​នេះ គឺ​បង្កើត​ឲ្យ​មាន​ទីផ្សារ​រួម​មួយ និង​អនុញ្ញាត​ឲ្យ​មាន​ដោយ​សេរី ចរាចរណ៍​មនុស្ស ចរាចរណ៍​ផលិតផល និង​ចរាចរណ៍​មូលធន នៅ​ក្នុង​ព្រំដែន​នៃ​បណ្តា​ប្រទេស​សមាជិក​ទាំង​៦ របស់​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប CEE។ ដោយសារ​តែ​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​បណ្តា​ប្រទេស​សមាជិក​ទាំង​៦ កើន​ឡើង​ខ្លាំង កើន​មួយ​ជា​ប្រាំ ក្នុង​ចន្លោះ​ឆ្នាំ​១៩៥៧ និង​ឆ្នាំ​១៩៧០។ រី​ឯ​ផលិតផល​ដែល​សហគមន៍​លក់​ចេញ​ទៅ​ក្រៅ​វិញ​ក៏​កើន​ឡើង​បាន​មួយ​ជា​បី។ និយាយ​រួម សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប គឺ​ជា​ជ័យជំនះ​សេដ្ឋកិច្ច​មួយ​ប្រកែក​មិន​បាន៕

ភាគ២

ឆ្នាំ ១៩៥៨ ​លោក ដឺ ហ្គោល(de ​Gaulle)​ ត្រឡប់​​មក​​កាន់​​អំណាច​វិញ​​នៅ​​​ប្រទេស​​បារាំង​​​​ជា​ហេតុ​​​ធ្វើ​ឲ្យ​​ ​ការ​​កសាង​​អឹរ៉ុប​​នៅ​គាំង​ដំណើរ​​មួយ​​កន្លែង​​

ជាមួយ​នឹង​ការ​បង្កើត​ឡើង​នៃ​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប​CEE នៅ​ឆ្នាំ​១៩៥៧ ​​អឺរ៉ុប​​នយោបាយ​ហាក់​ដូច​ជា​ស្លាប់ កប់​ចោល​និង​គ្រប​បាត់​ដោយ​អឺរ៉ុប​សេដ្ឋកិច្ច។ គឺ​ជា​ជ័យ​ជំនះ​​នៃ​ចក្ខុនិមិត្ត​អឺរ៉ុប​សមាគមប្រជាជាតិ​ (Europe des Nations) ទៅ​លើ​​ចក្ខុនិមិត្ត​អឺរ៉ុប​សហព័ន្ធន៍ (Europe fédérale) ។

ពី ​ឆ្នាំ​១៩៥៧ ដល់​ឆ្នាំ​១៩៦៩ ក្នុង​រយៈ​ពេល​១២​ឆ្នាំ អឺរ៉ុប​​រួម​គ្នា​នៅ​លើ​តែ​វិស័យ​សេដ្ឋកិច្ច​នេះ​​បោះ​ជំហាន​ទៅ​មុខ យ៉ាង​យឺត​ជា​ទី​បំផុត។ ពីព្រោះ ឧត្តមសេនីយ៍ de Gaulle ដែល​បាន​វិល​ត្រឡប់​មក​កាន់​អំណាច​វិញ​នៅ​ឆ្នាំ ​១៩៥៨ នៅ​ប្រទេស​បារាំង មិន​សូវ​រវល់​​ពី​ការ​កសាង​អឺរ៉ុប​ទេ គិត​តែ​ពី​ធ្វើ​ឲ្យ​ប្រទេស​បារាំង​ខ្លាំង ឯករាជ្យ​​និង​ក្លាយ​ជា​មហាអំណាច​បរមាណូ។

ក៏ប៉ុន្តែ ទន្ទឹម​នឹង​នេះ សហគមន៍CEE ក្លាយ​ជា​អង្គការ​សេដ្ឋកិច្ច​មួយ​មាំ ប្រកប​ដោយ​ឥទ្ធិពល​ខ្លាំង រហូត​ដល់​ជម្រុញ​ប្រទេស​អង់គ្លេស ឲ្យ​សុំ​ចូល​ជា​សមាជិក​នៅ​ឆ្នាំ ​១៩៦៨។

តែ ​ឧត្តមសេនីយ៍ ​de Gaulle មិន​ព្រម ពីព្រោះ​អង់គ្លេស​ស្និទ្ធ​នឹង​សហរដ្ឋ​អាមេរិក​ខ្លាំង​ពេក។

គេ​​ត្រូវ ​រង់ចាំ​ដល់​ឆ្នាំ ​១៩៦៩ ក្រោយ​ពេល​ដែល ​de Gaulle បាន​លា​​ចេញ​ពី​អំណាច ទើប​ឃើញ​ប្រទេស​បារាំង​យល់​ព្រម​ផ្តល់​សន្ទុះ​​ថ្មី​​ដល់​​អឺរ៉ុប​នយោបាយ។ គឺ​ជា​ការ​វិល​ត្រឡប់​មក​វិញ​នៃ​ចក្ខុនិមិត្ត​អឺរ៉ុប​សហព័ន្ធន៍ (Europe fédérale)។ នៅ​ក្នុង​ន័យ​នេះ ប្រទេស​​សមាជិក​ទាំង​៦​នៃ​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប ​CEE ដែល​រួម​​ប្រជុំ​គ្នា​ក្នុង​ទីក្រុង ​La Haye ប្រទេស ​Hollande នៅ​ឆ្នាំ​១៩៦៩ ប្តេជ្ញា​ចិត្ត​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​​បី​​នា​អនាគតកាល។

ទីមួយ ​បង្កើត​រូបិយវត្ថុ​រួម​មួយ ទីពីរ ​ធ្វើការ​ចរចាដើម្បី​បើក​ផ្លូវ​ឲ្យ​ប្រទេស ​Anglais Danemark Irlande និង Norvège ចូល​ជា​សមាជិក​ និង​​ទី​បី ​រិះរក​មធ្យោបាយ​ដែល​នាំ​​ទៅ​​រក​​អឺរ៉ុប​នយោបាយ​ ឲ្យ​បាន​លឿន​រហ័ស។

ហេតុអ្វី ​​បាន​ជា​នៅ​ទី​បំផុត បារាំង​ព្រម​ឲ្យ​អង់គ្លេស​ចូល​ជា​សមាជិក​​របស់​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប ​CEE?

បារាំង​ដឹង ដឹង​ជា​មុន​ថា អង់គ្លេស​ដែល​ស្និទ្ធ​នឹង​អាមេរិក និង​ដែល​​ប្រឆាំង​នឹង​ចក្ខុនិមិត្ត​អឺរ៉ុប​សហព័ន្ធន៍ ​ច្បាស់​​ជា​ខ្ទប់​នៅ​ថ្ងៃ​មុខ មិន​ឲ្យ​អឺរ៉ុប​នយោបាយ​​ រីក​លូតលាស់​ទៅ​មុខ​បាន។

តែ​បារាំង​​​អត់​ជម្រើស ពីព្រោះ​ប្រទេស​សមាជិក​អឺរ៉ុប​ដទៃ​ដាក់​សម្ពាធ​​មក​លើ​ខ្លួន​ខ្លាំង​ពេក ទាមទារ​ឲ្យ​ទីក្រុង ​Paris ដក ​Veto បើកទ្វារ​ឲ្យ​អង់គ្លេស​ចូល​មក​ក្នុង​សហគមន៍ CEE។

អ៊ីចឹង​ហើយ​​បាន​​ ជា​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប​រីក​​ធំ ចាប់​ពី​ឆ្នាំ​១៩៧៣​ទៅ ដោយ​មាន​សមាជិក​បី​បន្ថែម នោះ​គឺ ​Anglais ​Irlande និង Danemark។ ប្រទេស ​Grèce ក្លាយ​ជា​សមាជិក នៅ​ឆ្នាំ​ ១៩៨១ Espagne និង Portugal នៅ​ឆ្នាំ ​១៩៨៦។ ទន្ទឹម​នឹង​នេះ នៅ​ឆ្នាំ ​១៩៧៩ សហគមន៍ CEE សម្រេច​ឲ្យ​រៀបចំ​បោះ​ឆ្នោត​​សភាអឺរ៉ុប​​ជា​សាកល​​ ជា​​លើក​ទី​មួយ​បង្អស់ និង​ឲ្យ​បង្កើត​ប្រព័ន្ធ​រូបិយវត្ថុ​រួម​មួយ ដែល​ជា​ប្រភព​ដើម​នៃ​ប្រាក់​អឺរ៉ូ ​សព្វថ្ងៃ។

នៅ​ឆ្នាំ ​១៩៨៦ សន្ធិសញ្ញា​​មួយ​​ថ្មី​ដែល​ភាសា​បារាំង​គេ​ហៅ​ថា Acte Unique គ្រោង​​លុប​បំបាត់​ចោល​ទាំង​ស្រុង ឧបសគ្គ​នៅ​សេស​សល់​ទាំង​ប៉ុន្មាន ដែល​បង្ក​ជា​បញ្ហា​​មិន​ឲ្យ​​ទីផ្សារ​​​រួម​តែ​មួយ​កើត​ចេញ​ជា​រូបរាង​បាន។

តែ ​អ្វី​ដែល​សំខាន់ គឺ​ការ​មូលមតិគ្នា​រវាង​បណ្តា​ប្រទេស​សមាជិក​ទាំងអស់ ថា​នឹង​ធ្វើ​ឲ្យ​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប ក្លាយ​ទៅ​ជា​សហភាពអឺរ៉ុប នា​ពេល​ខាង​មុខ។ គោលដៅ នៃ​ឯកសារ Acte unique​នេះ គឺ​ធ្វើ​ឲ្យ​អឺរ៉ុប​រួម​ដើរ​តួនាទី​កាន់​តែ​សំខាន់ នៅ​លើ​ឆាក​អន្តរជាតិ ដើម្បី​ជួយ​សម្រួល​ឲ្យ​ពិភពលោក​មាន​តុល្យភាព​ភូមិសាស្រ្ត​នយោបាយ​ល្អ។

អ៊ីចឹង ​ហើយ​​បានជា​ចាប់​ពី​ឆ្នាំ ​១៩៨៦​មក បណ្តា​ប្រមុខរដ្ឋ និង​បណ្តា​ប្រមុខ​រដ្ឋាភិបាល​​សមាជិក​​អឺរ៉ុប​ទាំង​អស់ ចាប់​ផ្តើម​រួម​ប្រជុំ​គ្នា​ជា​ច្រើន​ដង ក្នុង​មួយ​ឆ្នាំៗ។ គឺ​ជា​ការ​ចាប់​កំណើត​ឡើង​នៃ ស្ថាប័ន​​ក្រុម​ប្រឹក្សា​អឺរ៉ុប (Le Conseil d’Europe ) ដែល​គេ​អាច​ចាត់​ទុក​ថា ជា​អំណាច​នីតិប្រតិបត្តិ​របស់​អឺរ៉ុប។ តាម​រយៈ​ស្ថាប័ន​ក្រុម​ប្រឹក្សា​អឺរ៉ុប បណ្តា​ប្រទេស​សមាជិក​ ត្រួត​ពិនិត្យ​និង​ក្តាប់​យ៉ាង​ជាប់​អភិក្រម​នៃ​ការ​បន្ត​កសាង​អឺរ៉ុប ឲ្យ​ក្លាយ​ទៅ​ដូច​អ្វី​ដែល​ពួក​គេ​ចង់​បាន ពោល​គឺ​ទុក​ឲ្យ​នៅ​ជា​អឺរ៉ុប​សមាគមប្រជាជាតិ​(Europe des Nations) សិន។

ក៏ ​ប៉ុន្តែ​ទន្ទឹម​ជាមួយ​គ្នា​នេះ វត្តមាន​នៃ​ស្ថាប័ន​សហភាពអឺរ៉ុប ដែល​ប្រជាពលរដ្ឋ​អឺរ៉ុប នៅ​តាម​ប្រទេស​សមាជិក​នីមួយៗ ជា​អ្នក​បោះឆ្នោត​តែងតាំង​ពួក​អ្នក​តំណាងរាស្រ្ត ជា​សញ្ញា​មួយ​ដែល​ស្តែង​ឲ្យ​ឃើញ​ថា អឺរ៉ុប​សហព័ន្ធន៍​ ក៏​កំពុង​បោះ​ជំហាន​ទៅ​មុខ​សន្សឹមៗ​ដែរ។ បាន​ន័យ​ថា ចាប់ពី​ឆ្នាំ ​១៩៧៩​ទៅ អឺរ៉ុប​រួម​មិនមែន​​ជា​អង្គការ​សេដ្ឋកិច្ច​មួយ​សុទ្ធសាធ ដូច​ពី​ពេល​មុន​ទៀត​ទេ។ ពី​អំណើះតទៅ អឺរ៉ុប​រួម ​មាន​លក្ខណៈ​នយោបាយ​កាន់​តែ​ច្បាស់​ឡើងៗ ជា​លំដាប់។

យ៉ាងណា​ក៏​ដោយ នៅ​ឆ្នាំ​ ១៩៨៩ អឺរ៉ុប​រួម​ដើរ​មក​ដល់​របត់​មួយ​ថ្មី។ ឆ្នាំ​ ១៩៨៩ ជា​ឆ្នាំ​ដែល​សេរីភាព​បោកបក់​ខ្លាំង​ទៅ​លើ​សហភាព​សូវៀត និង​ទៅ​លើ​បណ្តា​ប្រទេស រណប​សហភាពសូវៀត នៅ​អឺរ៉ុប​ខាង​កើត។ រដ្ឋអំណាច​នៅ​ Moscou បន្ត​អនុវត្ត​នយោបាយ​កែ​ទម្រង់ ​Perestroïka បក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​នៅ ​Pologne Hongrie បើក​ច្រក​ព្រំដែន​នៅ​ខាង​លិច​ប្រទេស។

តែ​ហេតុការណ៍​សំខាន់ គឺ​ការដួល​រលំ​នៃ​ជញ្ជាំង ​Berlin។ ជញ្ជាំង​Berlin ​រលំ សង្គ្រាម​ត្រជាក់​ត្រូវ​ចប់ មនោគមវិជ្ជា​កុម្មុយនិស្ត​រលាយ​ សហភាពសូវៀត ចាប់​ផ្តើម​ត្រដរ​ខ្យល់។

ព្រឹត្តិការណ៍​​លោតប្លោះ​លឿន​រហ័ស​ទាំង​នេះ បង្ក​ជា​បញ្ហា​ដល់​ការ​កសាង​អឺរ៉ុប។ ជញ្ជាំង ​Berlin ​រលំ បាន​ន័យ​ថា មិនយូរមិន​ឆាប់​ អាល្លឺម៉ង់​ខាងលិច​និង​អាល្លឺម៉ង់​ខាង​កើត ត្រូវ​តែ​រួបរួម​គ្នា​ជា​ប្រទេស​តែ​មួយ​វិញ។ ប្រធានាធិបតី​បារាំង​ François Mitterrand យល់​ដឹង​ភ្លាម​ថា ប្រទេស​អាល្លឺម៉ង់​តែ​មួយ ធំ​ជាង​មុន និង​ខ្លាំង​ជាង​មុន អាច​ធ្វើ​ឲ្យ​អឺរ៉ុប​រួម​​បាត់បង់​តុល្យភាព និង​អាច​ធ្វើ​ឲ្យ​ការកសាង​អឺរ៉ុប​គាំង​ដំណើរ នៅ​មួយ​កន្លែង។

នៅ​ ក្នុង​បរិបទ​នេះ បារាំង​និង​អាល្លឺម៉ង់​យល់​ឃើញ​ថា មាន​តែ​ការ​​បង្កើន​ល្បឿន​សមាហរ័ណកម្ម​​នយោបាយ​​ទេ ដែល​អាច​ជួយ​ស្រោចស្រង់​អឺរ៉ុប​រួម​ឲ្យ​រួច​ពី​គ្រោះថ្នាក់​បាន។ គឺ​ចាប់​ពី​ឆ្នាំ ​១៩៨៩​នោះ​ហើយ ដែល​ថ្នាក់​ដឹកនាំ​អឺរ៉ុប ផ្តើម​គិតគូរ​​អំពី​​ការ​បង្កើត​ប្រាក់​អឺរ៉ូ​រួម​មួយ។ គំនិត​នេះ​ក្លាយ​ចេញ​ជា​រូបរាង តាម​រយៈ​សន្ធិ​សញ្ញា​ ​Maastricht នៅ​ឆ្នាំ​១៩៩២ ។ គឺ​ជា​សន្ធិសញ្ញា​ដែល​ចែង​ពី​សហភាព​អឺរ៉ុប​​ក្នុង​នាម​ជា​អឺរ៉ុប​រួម​នយោបាយ សេដ្ឋកិច្ច​ និង​ រូបិយវត្ថុ៕

ភាគ៣

ទីស្នាក់ការ​កណ្តាល​របស់​គណៈកម្មការអឺរ៉ុប នៅ​ប្រទេស​ប៊ែលហ្ស៊ិក

ក្រោយ​ពី​សង្គ្រាម​ត្រជាក់​បាន​រលត់​បាត់​ទៅ ប្រទេស​បារាំង​និង​ប្រទេស​អាល្លឺម៉ង់ ដែល​ជា​ក្បាល​រទេះភ្លើង​នៃ​អឺរ៉ុប សម្រេច​បង្កើន​ល្បឿន​សមាហរ័ណកម្ម ដើម្បី​ស្រោចស្រង់​អឺរ៉ុប​រួម​ឲ្យ​រួច​ពី​គ្រោះថ្នាក់។ នៅ​ក្នុង​ន័យ​នេះ តាម​រយៈ​សន្ធិសញ្ញា​Maastricht ឆ្នាំ១៩៩២ សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប​CEE ដូរ​ឈ្មោះ​ជា​សហភាព​អឺរ៉ុប។

ក៏​ប៉ុន្តែ ជញ្ជាំង​Berlin​ដែល​បាន​រលំ និង​ពីរ​ឆ្នាំ​ក្រោយ​មក សហភាពសូវៀត​ដែល​បាន​រលាយ​ក៏​នាំ​បញ្ហា​ពី​ក្រៅ​មក​បញ្ឆេះ​នៅ​ខាង​ក្នុង​ សហភាព​អឺរ៉ុប​ដែរ។ បញ្ហា​ពី​ក្រៅ​នេះ គឺ​សង្រ្គាម​នៅ​Yougoslavie។ អាល្លឺម៉ង់​កាន់​ជើង​ពួក​Croates រី​ឯ​បារាំង​វិញ​មិន​ព្រម​គាប​សង្កត់​ពួក​Serbes​ តាម​ការ​ស្នើ​សុំ​របស់​អាល្លឺម៉ង់។ មែនទែន​ទៅ អឺរ៉ុប​រួម​គ្មាន​ជំហរ​រួម នៅ​ចំពោះ​មុខ​វិបត្តិ​Yougoslavie។ ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត អឺរ៉ុបរួម​គ្មាន​ទ័ព​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​សង្រ្គាម​មួយ ដែល​កើត​ឡើង នៅ​ចំ​មាត់​ទ្វារ​ផ្ទះ​របស់​ខ្លួន​តែ​ម្តង។ ហើយ​ជា​ថ្មី​ម្តង​ទៀត គឺ​សហរដ្ឋអាមេរិក​ទេ​តើ ដែល​នៅ​ទីបំផុត បាន​មក​ពន្លត់​ភ្លើង​សង្រ្គាម​Yougoslavie​នេះ។

គឺ​នៅ​ក្នុង​បរិបទ​ បែប​នេះ​ហើយ បាន​ជា​ចាប់​ពី​ដើម​ទសវត្សរ៍​ទី​៩០​ទៅ ចាប់​ផ្តើម​មាន នៅ​ក្នុង​សហភាពអឺរ៉ុប អ្នក​ដែល​មិន​ទុក​ចិត្ត មិន​គាំ​ទ្រ និង​មាក់ងាយ​សហភាព​អឺរ៉ុប​ច្រើន​ឡើងៗ ជា​ភាសា​បារាំង​គេ​ហៅ​ថា ពួក​Eurosceptiques។

នៅ​ក្រៅ​ព្រំដែន​នៃ​សហភាពអឺរ៉ុប​វិញ អ្វីៗ​ក៏​ផ្តើម​ប្រែប្រួល​អស់​រលីង៖ សហភាពសូវៀត​រលាយ សហរដ្ឋអាមេរិក​ក្លាយ​ជា​មហាអំណាច​ផ្តាច់​មុខ ប្រទេស​ចិន​អនុវត្ត​សេដ្ឋកិច្ច​ទីផ្សារ​ដែល​សឹង​មាន​លក្ខណៈ​ជា​មូលធន​និយម​ ព្រៃផ្សៃ។ បណ្តា​ប្រទេស​អឺរ៉ុប​ខាង​កើត​ដែល​ទើប​បាន​រួច​ខ្លួន​ពី​ក្រញាំ​កុម្មុយនិស្ត ​និង​ពី​ឥទ្ធិពល​សូវៀត មើល​ឃើញ​តែ​គំរូ​សហរដ្ឋអាមេរិក និង​ស្រឡាញ់​តែ​សេរីនិយម​របៀប​អាមេរិកាំង។ សេដ្ឋកិច្ច​សង្គម​ទីផ្សារ Economie sociale du marché របស់​សហភាពអឺរ៉ុប​មិន​ទាក់ទាញ​ចិត្ត​របស់​ពួក​គេ​ឡើយ។

ក៏​ប៉ុន្តែ សហរដ្ឋអាមេរិក​នៅ​ឆ្ងាយ​ពេក ជាហេតុ​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​អឺរ៉ុប​ខាងកើត​អត់​ជម្រើស ត្រូវ​តែ​មក​គោះ​ទ្វារ​សហភាពអឺរ៉ុប ដើម្បី​សុំ​ចូល​ជា​សមាជិក។ អឺរ៉ុប​ខាង​កើត​ដែល​មក​គោះ​ទ្វារ​អឺរ៉ុប​ខាង​លិច ជា​ប្អូន​ជីដូន​មួយ​ក្រីក្រ មាន​ប្រវត្តិ​ផ្សេង​និង​ចិត្ត​គំនិត​ផ្សេង។ សូម្បី​តែ​អាល្លឺម៉ង់​ខាង​កើត​ក៏​ប្លែក​ដែរ មិន​ដូច​អាល្លឺម៉ង់​ខាង​លិច​ទេ។

យ៉ាងម៉េច​ក៏​ដោយ សហភាព​អឺរ៉ុប​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​បើក​ទ្វារ និង​បើក​ដៃ​ទទួល​បណ្តា​ប្រទេស​ទាំង​នេះ​តែ​ប៉ុណ្ណោះ។ ពីព្រោះ​ម្យ៉ាង សហភាព​អឺរ៉ុប​មិន​ស្រួល​ចិត្ត មាន​អារម្មណ៍​មិន​ល្អ ដោយ​បាន​បោះបង់​ចោល​បណ្តា​ប្រទេស​អឺរ៉ុប​ខាង​កើត​ទាំង​នេះ​ឲ្យ​នៅ​រង​ទុក្ខ​ ក្រោម​នឹម​កុម្មុយនិស្ត​របស់​សហភាព​សូវៀត ជិត​កន្លះ​សតវត្សរ៍។ ពីព្រោះ​ម្យ៉ាង​ទៀត សន្ធិសញ្ញា​ទាំង​ប៉ុន្មាន​ដែល​ស្តី​ពី​ការ​កសាង​អឺរ៉ុប​រួម សុទ្ធ​តែ​បាន​គ្រោង​ទុក​កន្លែង​រង់ចាំ​ទទួល​បណ្តា​ប្រទេស​អឺរ៉ុប​ខាង​កើត ពេល​ណា​ដែល​ប្រទេស​ទាំង​អស់​នេះ​រើ​បម្រះ​ចេញ​រួច​ពី​របប​ផ្តាច់ការ។ និង​ពីព្រោះ​ម្យ៉ាង​ចុង​ក្រោយ ដើម្បី​សន្តិភាព​នៅ​ក្នុង​ទ្វីប​អឺរ៉ុប សហភាព​អឺរ៉ុប​ត្រូវ​តែ​ដាច់​ចិត្ត​ទទួល​បណ្តា​ប្រទេស​អឺរ៉ុប​ខាង​កើត មក​ធ្វើ​ជា​សមាជិក។

អឺរ៉ុប​ខាងកើត ជាពិសេស​អឺរ៉ុប​កណ្តាល ជា​តំបន់​ពោរពេញ​ទៅ​ដោយ​អស្ថិរភាព ពីព្រោះ​ព្រំដែន​នៃ​ប្រទេស​ទាំង​នេះ ត្រូវបាន​កាត់​បែង​ចែក​ដោយ​សន្ធិសញ្ញា​Versailles ក្រោយ​សង្គ្រាម​លោក​លើក​ទី​មួយ ត្រូវ​បាន​សើរើ​មើល​ឡើង​វិញ ដោយ​កតិកាសញ្ញា​អាល្លឺម៉ង់-រុស្ស៊ី នៅ​សម័យ​ដើម​ដំបូង​នៃ​សង្រ្គាម​លោក​លើក​ទី​ពីរ និង​ក្រោយ​មក ត្រូវ​បាន​ទុក​ឲ្យ​នៅ​ជា​Statu quo តាំង​ពី​ចប់​សង្រ្គាម​លោក​លើក​ទី​ពីរមក​ម្ល៉េះ។ បាន​ន័យ​ថា សង្គ្រាម ដូច​ជា​សង្គ្រាម​នៅ​Yougoslavie​ជា​ដើម អាច​នឹង​ផ្ទុះ​ឡើង​គ្រប់​ពេល​វេលា និង​នៅ​គ្រប់​ទី​កន្លែង​ក្នុង​តំបន់​អឺរ៉ុប​ខាង​កើត។ ម៉្លោះ​ហើយ តាម​រយៈ​ការ​ទទួល​បណ្តា​ប្រទេស​ទាំង​នេះ​ឲ្យ​ចូល​ជា​សមាជិក សហភាព​អឺរ៉ុប​មាន​បំណង​ចង់​ខ្ទប់​កុំ​ឲ្យ​សង្រ្គាម​ជាយថាហេតុ កើត​ឡើង​ទៀត​បាន។

ក៏​ប៉ុន្តែ ជាមួយ​នឹង​បណ្តា​សមាជិក​ថ្មី​មក​ពី​អឺរ៉ុប​ខាង​កើត បញ្ហា​ថ្មី​ក៏​កើត​មាន​ដែរ​នៅ​ក្នុង​សហភាពអឺរ៉ុប។ ទីមួយ ដូច​បាន​លើក​ឡើង​អំបាញ់មិញ​រួច​ហើយ​ថា ប្រទេស​ទាំង​នេះ​ដែល​ទើប​តែ​បាន​ឈាន​ជើង​ចេញ​ពី​របប​កុម្មុយនិស្ត ចង់​បាន​ណាស់​សេដ្ឋកិច្ច​សេរីនិយម​បែប​អាមេរិកាំង មិន​យក​ទេ មិន​ចង់​បាន​ទេ​សេដ្ឋកិច្ច​សង្គម​ទីផ្សារ​បែប​សហភាពអឺរ៉ុប។ ទីពីរ ប្រទេស​ទាំង​នេះ មិន​ចង់​បាន​ទេ​អឺរ៉ុប​រួម​នយោបាយ ពីព្រោះ ពួក​គេ​ដែល​ទើប​តែ​បាន​ចេញ​រួច​ពី​កុម្មុយនិស្ត មាន​ស្មារតី​ជាតិ​និយម​ខ្លាំង ស្រឡាញ់​បូរណភាព​ទឹក​ដី និង​មិន​ចង់​បាត់​បង់​អធិបតេយ្យ សោះ​ឡើយ។ ទី​បី​ ប្រទេស​ទាំង​នេះ​នៅ​ភ័យ នៅ​ខ្លាច​រុស្ស៊ី ត្រូវការ​ឲ្យ​សហរដ្ឋ​អាមេរិក​ការពារ ចង់​ឋិត​នៅ​ក្រោមឆត្រ​សន្តិសុខ​អាមេរិកាំង ពីព្រោះ​សហភាព​អឺរ៉ុប​គ្មាន​កងទ័ព​រួម គ្មាន​ក្រសួង​ការពារ​អឺរ៉ុប​រួម។

ម៉្លោះ ​ហើយ សមាជិក​ថ្មី​មក​ពី​អឺរ៉ុប​ខាង​កើត​នាំ​គ្នា​ងាក​ទៅ​រក​អង្គការ​សន្ធិសញ្ញា​ Atlantique ខាង​ជើង ហៅ​កាត់​ថា​OTAN។

គឺ​នៅ​ក្នុង​បរិបទ​នៃ​បញ្ហា​ ទាំង​បី​ខាង​លើ​នេះ​ហើយ ដែល​សហភាព​អឺរ៉ុប​បង្កើន​ចំនួន​ប្រទេស​សមាជិក ពង្រីក​ព្រំដែន​សំដៅ​ទៅ​ទិស​ខាង​កើត៕


ឯកសារយោង

ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ

  1. http://www.khmer.rfi.fr/europe/history-creation-european-union-1
  2. http://www.khmer.rfi.fr/europe/history-creation-european-union-2
  3. http://www.khmer.rfi.fr/europe/history-creation-european-union-3