ពិធីបុណ្យភ្ជុំបិណ្ឌ
ទំព័របញ្ជូនបន្ត
បញ្ជូនបន្តទៅ៖
កិច្ចនៃពិធីបុណ្យ ភ្ជុំបិណ្ឌ
[កែប្រែ]Pchum Ben Ceremony

ភ្ជុំបិណ្ឌមានន័យថា ការប្រមូលផ្ដុំដុំបាយឱ្យមកជួបជុំគ្នា ក្នុងពិធីឧទ្ទិសបាយម្ហូបអាហារ ជូនដល់ដូនតាដែលបានចែកឋានទៅ ដែលជាសាច់ញាតិទាំង ៧សណ្ដាន ដែលមានទំនាក់ទំនងពីមុនមកនិងសមីខ្លួនដែលនៅរស់ ដើម្បីបានអាហារទាំងនោះទៅព្រលឹងខ្មោចដូនតារបស់ពួកគេ ពួកគេត្រូវរៀបចំបាយម្ហូបយកទៅប្រគេនព្រះសង្ឃ ដើម្បីសូត្រធម៌ជាកិច្ចចម្លងម្ហូបអាហារទាំងនោះទៅកាន់សាច់ញាតិរបស់ពួកគេ ។ ពិធីបុណ្យភ្ជំុបិណ្ឌ តែងប្រារព្ធឡើងនៅរៀងរាល់ខែភទ្របទ នៅថ្ងៃ១ រោច រហូតដល់វេលា ១៥ រោច ដែលគុណគូ ទៅតាមប្រតិទិន នៃចន្ទគតិ តាមជំនឿពីបុរាណ គេនិយមយកបាយបត្តបូរ ដែលមានន័យថា បាយបំពេញបាត្រ គ្របដោយសារជី យកទៅរាប់បាត្រនាពេលព្រឹកព្រលឹមដើម្បី ប្រគេនភិក្ខុសង្ឃ នៅជុំវិញព្រះវិហ៊ារ ដែលភិក្ខុសង្ឃនិងដើរពីស្ដាំទៅឆ្វេង តាមក្បួនឧត្តរាព័ទ្ធ ដំណើរវិលបញ្ច្រាសទ្រនិច្ចនាឡិកា តំណាងឱ្យពេវេលាមុនៗ របស់មនុស្សដែលស្លាប់ទៅ ហើយសាច់ញាតិពួកគេ និង ឧទ្ទិសបាយទាំងនេះ ជាផលបុណ្យជូនទៅបុគ្គលដែលជាសាច់ញាតិពួកគេដែលជាប់ឃុំឃាំងនៅឋានរក ដើម្បីទុកជាកុសលជូនសាច់ញាតិពួកគេដើម្បីរំដោះកម្ម ។ ការរាប់បាត្រ រមែងធ្វើឡើងនៅជុំវិញព្រះវិហ៊ារ តែបច្ចុប្បន្ន ព្រះសង្ឃ និង គណៈអាចារ្យវត្តមួយចំនួនធំនៅ កម្ពុជា បែរជានាំពុទ្ធបរិស័ថ មករាប់បាត្រ នៅសាលាឆាន់ទៅវិញ ដែលជាភាពខុសឆ្គង ពីទំនៀមរបស់ខ្មែរបុរាណ ក្រោយបញ្ចប់ពិធីរាប់បាត្រ ក៏បន្តមកពិធីសូត្រធម៌បង្សុកូល ដែលមានន័យថា ជាកិច្ចសូត្រធម៌ទានចម្លងអាហារ ទៅកាន់ព្រលឹងខ្មោចដែលជាសាច់ញាតិរបស់ពួកគេ ដើម្បីឱ្យខ្មោចញាតិរបស់ពួកគេទទួលបានអាហារទាំងអស់នេះ ដែលកិច្ចពិធីនេះរមែងធ្វើឡើងនៅសាលាឆាន់នេះឯង ។[១]
ការសែន កន្ទោងបាយ
[កែប្រែ]Sacrifice of Kantong Rice
កន្ទោងបាយ គឺជា បាយសិង្ឃាដក៍ ដែលមានន័យថាបាយដែលគេពូតជាដុំៗ ពី១ដុំ ដល់ ១៥ដុំ តំណាងឱ្យថ្ងៃ១រោច ដល់ ១៥រោច រួចគេយកទៅដាក់សែននៅតាមកែងផ្លូវ ឬ កែងរបងវត្ត ដែលសន្មតថាជាបាយតំណាងឱ្យផ្លូវបែកជា៣ ឬ ផ្លូវបែកជា៤ ដើម្បីហៅពួកព្រលឹងខ្មោចផ្សេងៗ ឱ្យជួយស្វែងរកខ្មោចញាតិរបស់ពួកគេ ដើម្បីជួយនាំផ្លូវព្រលឹងខ្មោចញាតិរបស់ពួកគេមកកាន់តំបន់ខ្លួនរស់នៅ ព្រោះខ្លាចក្រែងញាតិរបស់ពួកគេស្វែងរកពួកគេគ្រប់៧វត្ត មិនឃើញក៏ជេរប្រទេចដាក់បណ្ដាសារកូនចៅខ្លួន ឱ្យលំបាលក្រក្សត់វេទនាផ្សេងៗ ។[២]
ពិធីកាន់បិណ្ឌ
[កែប្រែ]Kan Ben Ceremony

ពិធីកាន់បិណ្ឌ គឺជាពិធីបុណ្យរបស់ ពិធីបុណ្យភ្ជំុបិណ្ឌ ដែលគេចែករយៈពេលកាន់បិណ្ឌចំនួន ១៤ថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃ ១រោច រហូតដល់ ១៤រោច ខែភទ្របទ ឬ (កន្លះខែ) រីឯ ព្រះរាជពិធីកាន់បិណ្ឌរបស់ព្រះមហាក្សត្រ មានរយៈពេលតែ ៥ថ្ងៃ ប៉ុនណោះ ដែលរាប់ពីថ្ងៃ ១១រោច រហូតដល់ថ្ងៃកំណត់ ១៥រោច ភ្ជុំបិណ្ឌ ។ ដើម្បីផ្ដើមពីធីកាន់បិណ្ឌទៅបាន ពុទ្ធបរិស័ទ ត្រូវមានផ្កាបិណ្ឌ ផ្កាបិណ្ឌ មានកម្ពស់ ៦០ សង់ទីម៉ែត្រ ធ្វើអំពីឈើ សំណុំផ្កាខាងក្រោមធំ តូចខាងលើ មានបង្គោលមូល១ ទំហំគល់ប៉ុនមេដៃ ទំហំចុងប៉ុនកូនដៃ ដាក់ចំកណ្ដាល សម្រាប់ដាក់កង់ធ្វើថ្នាក់ ផ្កាបិណ្ឌមានថ្នាក់៥ ថ្នាក់និមួយៗ មានកម្រាសប៉ុនម្រាមដៃ ថ្នាក់ក្រោមទំហំ ៥ធ្នាប់ ស្មើ ១០ សង់ទីម៉ែត្រ មូលដូចកង់ ចោះចំកណ្ដាលកង់សិតភ្ជាប់និងបង្គោល គេរចនាដោយស្ពាន់ និងបិទដោយពណ៌ផ្សេងៗ តាមចំណង់ចំនូលចិត្ត បិទភ្ជាប់ជុំវិញកង់ទាំង៥ថ្នាក់ មានដោតផ្កាញ័រ ធ្វើពីស្ព័នផងដែរ ហើយថ្នាក់ខាងក្រោមបង្អស់ គេដោតទង់ក្រពើចំនួន ៥ ដែលធ្វើពីឬស្សី គេមានបន្ថែមរូបនាគបួន មានក្ទុយរួមនិងគល់ផ្កាបិណ្ឌ ក្នុងមាត់នាគ មានរូបស្លឹកពោធ៍សំយុងចុះ ដែលបង្ហាញពីនាគទ្រផ្កាបិណ្ឌ មានឈើបួន ជ្រុងដូចប្រអប់ កម្រាស់ ៨ធ្នាប់ដៃ ឬ ១៥ សង់ទីម៉ែត្រ ធំខាងក្រោមតូចលើ បន្ថែមជាជើងទម្រផ្កាបិណ្ឌ មានផ្កាបិណ្ឌយ៉ាងប្រណិតហើយ ទើបសមប្រកបក្នុងពិធីកាន់បិណ្ឌ ដែលជាពីធីធ្វើចង្ហាន់បិណ្ឌបាត្រ ប្រគេនចំពោះព្រះសង្ឃ ដែលខុសប្លែក ពីចង្ហាន់បិណ្ឌបាត្រធម្មតា ត្រង់អត្ថន័យសំខាន់ នៃផ្កាបិណ្ឌនេះ តំណាងឱ្យកាបូជាចំពោះ ព្រះកេសា (សសៃសក់) របស់ព្រះសម្មាសម្ពុទ្ធ ដែលព្រះពុទ្ធជាម្ចាស់បានកាត់នៅកេសារបស់ខ្លួន នៅពេលដែលទ្រង់យាងចាករាជសម្បត្តិ ក្នុងការចេញមកសាងផ្នួស ។[៣]
ពិធីបង្សុកូល
[កែប្រែ]
ពិធីបុង្សកូល គឺជាពិធីរំលឹកវិញ្ញាណក្ខន្ធ ដើម្បីជាកិច្ច តបស្នងសងគុណ និង ជួយរំដោះទុក្ខទោស ដល់ បុព្វការី ជន របស់ខ្លួន មិនថា ជាសាច់ញាតិ ឬ សត្វឃាត ដែលពួកគេបានសម្លាប់យកសាច់ជារៀងរាល់ថ្ងៃនោះទេ ពួកគេត្រូវ ឧទ្ទិសកុសលផលបុណ្យទាំងនេះឱ្យសត្វទាំងនោះ មិនថា សត្វត្រី ជ្រូក គោ មាន់ ទា ឬ សត្វដែលពួកគេសម្លាប់ជារៀងរាល់ថ្ងៃដើម្បីទទួលបាននូវប្រាក់កម្រៃក្នុងការចិញ្ចឹមជីវិតផ្សេងៗ ការបុង្សកូលនេះហើយ បានរួមចំណែកលាងនៅអំពើបាបរបស់ពួកគេផងដែរ តាមរយៈការឧទ្ទិសផលបុណ្យនេះឯង កិច្ចពិធីបង្សុកូល រមែងធ្វើនៅ ឧបដ្ឋានសាលា សាលាឆាន់ ឬ នៅកុដភិក្ខុសង្ឃផ្ទាល់ មិនថាគ្រប់កាលៈទេសៈដែលកើតមាននូវការផ្ដើមកម្មវិធីបុណ្យ សុទ្ធតែទាក់ទងនិងកិច្ចបង្សុកូលនេះ ។[៤]
ប្រវត្តិប្រេត
[កែប្រែ]Preta History
រៀងរាល់ខែ (ភទ្របទ) ដែលស្ថិតនៅក្រោមផ្ទៃមេឃពោរពេញ ទៅដោយពពកច្រើន បណ្តាលភាព ស្រអាប់ ក្នុងរាត្រីគ្មានពន្លឺព្រះចន្ទ័ ដែលពោពេញដោយភ្លៀងរធ្លាក់ជោគជាំ ជាប្រចាំនេះ គេមានជំនឿថា ស្តេចយមរាជ (Yamaraj) និងបើកទ្វាឋាននរក ចំនួន ១៥ថ្ងៃ ដើម្បីដោះលែងពពួកប្រេត ឱ្យមកស្វែងរកអាហារសុីផង និង ជាក្ដីនឹករលឹកសាច់ញាតិរបស់ពួកគេដែលនៅរស់ផងដែរ ហើយវាជាការជួបញាតមិត្ត និង កូនចៅ របស់ពួកគេ ក្នុងរៀងរាល់១ឆ្នាំម្ដង ដើម្បីទទួលបាននូវកុសលផលបុណ្យ ដែលកូនចៅពួកគេបានធ្វើទានឧទ្ទិសបញ្ចូនមក តែបើកាលណាពួកប្រេតទាំងនោះខំស្វែងរកកុសលផលបុណ្យ របស់កូនចៅពួកគេទាំង ៧វត្ត (Seven Pagoda) នៅតែមិនឃើញ ប្រេតដែលជាញាតិទាំងនោះនិង ដាក់បណ្ដាសារ សាច់ញាតិពួកគេ មិនឱ្យរកទទួលទានអ្វីបាន ដូចខ្លួនដែលជាប្រេតកំពុងរងទុកក្នុងការឃុំឃាំង នៅឋាននរកដូចគ្នា ។[៥]
រឿងព្រេង នៃពពួកប្រេត
[កែប្រែ]The Legend of Preta

ក្នុងគម្ពីរ តិរោកុឌ្ឌសូត្រ (Khuddaka Nikaya) បានបរិយាយថា ព្រះបាទពិម្ពិសារ (Bimbisara) ដែលកើតនៅឆ្នាំ 558 BC មុនគ.សករាជ ព្រះអង្គមានពួកញាតិមួយក្រុមបានបំពេញទានមិនបរិសុទ្ធ គឺបរិភោគអាហារ មុនព្រះសង្ឃ លុះពេលខាងមុខក៏បានលាចាកលោក ដោយសេចក្ដីប្រមាថទៅលើសាវៈ របស់ព្រះពុទ្ធបរមគ្រូ ក៏បានកើតទៅជាប្រេត ជាប់ឃុំឃាំងនៅឋាននរក ដោយមិនមានអាហារបរិភោគ ។ ពពួកប្រេតទាំងនោះតែងចូលតាមសុបិនទៅពន្យល់សប្តិសុំអាហារបរិភោគ ពីព្រះបាទពិម្ពិសារ ដោយការភិតភ័យក្នុងសុបិន ព្រះអង្គបានសុំឱ្យ អង្គតថាគត នៃព្រះពុទ្ធបរមគ្រូ ឱ្យជួយដោះស្រាយចម្ងល់នេះ ។ ព្រះពុទ្ធបរមគ្រូ បានសម្មាធិដកដួងវិញាណ ទៅកាន់ឋាននរក ក៏បានជួបពពួកប្រេតទាំងនោះកំពុងយំសោក ស្រេកឃ្លានអាហារជាពន់ពេក ព្រះអង្គក៏បានសួរអំពីហេតុការណ៍នេះ ហើយព្រះអង្គទ្រង់សម្ដែងថា "ចាំមើលព្រះបាទពិម្ពិសារជាញាតិ របស់ម្នាលប្រេតទាំងឡាយទ្រង់ឱ្យទានអាហារដល់សាវៈ របស់ តថាគត នោះសាវៈរបស់អត្មាតថាគត និងសូត្រធម៌ចម្លងអាហារទាំងនេះ នឹងញាំងឱ្យសំរេចដល់ម្នាលប្រេតទាំងឡាយ" ទុកជាកុសលផលបុណ្យដែលពួកគេបានឧទ្ទិសមក ។ ពេលនោះហើយទើបកើតមានការវេរចង្ហាន់ប្រគេនព្រះសង្ឃដើម្បីញាំងឱ្យអាហារទាំងអស់នោះបានដល់ ក្រុមញាត្តិការ របស់ពួកគេ ដែលផ្លាំងភ្លាត់ឧបប្រឌិតកើតជាកំណើតបាបកម្មទាំងអស់នេះ ហើយទំនៀមមួយនេះបានប្រតិបត្តិក្នុងសាសនាព្រះពុទ្ធដែលផ្សារផ្ជាប់ទៅនិងល្ធិជំនឿសែនដូនតា របស់ពលរដ្ឋកម្ពុជា មកដល់សព្វថ្ងៃនេះ ។[៦]
ពិធីបោះបាយបិណ្ឌ
[កែប្រែ]Bay Ben Throwing Ceremony
ពិធីបោះបាយបិណ្ឌ ជាពិធីមួយដែលត្រូវបានប្រារព្ធនៅចន្លោះម៉ោង ៣ និង ម៉ោង ៤ ទាបភ្លឺ ដែលមនុស្សម្នា ត្រូវយកបាយបិណ្ឌនោះទៅបោះឱ្យពពួកប្រេត នៅក្បែរជុំវិញព្រះវិហារ ដើម្បីជាការរំដោះកម្មពៀរពពួកប្រេតទាំងនោះផង និង បានឧទ្ទិសជាអាហារ ឱ្យពពួកប្រេតទាំងនោះផង ។ នៅក្នុងគម្ពី បេតវត្ថុ (Patavatthu) មានការបរិយាយជាច្រើនអំពីពពួកប្រេត ដែលធ្លាប់កើតជាមនុស្ស ហើយមានបាបកម្មច្រើនពេលនៅរស់ ត្រូវបានធ្លាក់ខ្លួនជាប្រេត ដែលត្រូវបានឃុំឃាងនៅឋាននរក នៅពេលដែលបុណ្យកុសលរបស់ពួកគេតិច ពួកគេមិនអាចទៅចាប់ជាតិ និង មិនអាចនៅតែតោល នៅឋានមនុស្សដូចព្រលឹងវិញាណដ៏ទៃទៀតបានឡើយ សូម្បីតែសាច់ញាតិដែលបានឧទ្ទិសអាហារដោយចំឈ្មោះទៅកាន់ពពួកប្រេតទាំងនោះក្ដី ក៏ពួកគេមិនអាចទទួលបាននូវការឧទ្ទិសកុសលនោះឡើយ ពពួកប្រេតទាំងនោះមានការយំសោកបោកខ្លួនជាខ្លាំង ភាពរំជើបរំជួលបានដឹងដល់ សាវៈរបស់ព្រះពុទ្ធបរមគ្រូ នោះព្រះពុទ្ធស្រី អាវលោកគតិស្វារៈ (Avalokitesvarak) ឬ ព្រះម៉ែគង់អុីម (Guanyin) បានយាងចុះដោយផ្ទាល់ទៅឋាននរក និង បាននិមិតដុំបាយ បោះឱ្យពពួគប្រេតទាំងនោះ "ម្នាប្រេតទាំងឡាយ មុននិងបរិភោគដុំបាយទាំងនេះ ចូលក្ដាប់ដុំបាយទាំងនោះបង្ហាញទៅស្ដេច យមរាជ ដើម្បីជាការរំដោះកម្ម សម្រាលទោស មា្នលប្រេតទាំងឡាយឱ្យរួចចាកផុតទុក្ខ ទៅកើតក្នុងភពដ៏ល្អប្រសើរ" ។ ដូចនិទានអំពីរឿងហេតុរបស់ពពួកប្រេតទាំងនេះទើបកើតមានពិធីបោះបាយបិណ្ឌ នេះកើតឡើង ការដែលយកបាយបិណ្ឌទៅដាក់នៅទីដ៏ទីសមគួរ គឺមិនអាចបានទៅដល់ពពួកប្រេតដែលជាញាតិដែលមានកម្មក្រាសឡើយ រមែងដោយការបោះបាយបិណ្ឌនេះឯង ការបោះបាយបិណ្ឌត្រូវដើរជុំវិញព្រះវិហារ និង បោះវាចេញមកក្រៅរបងព្រះវិហារ ពីព្រោះ ព្រះវិហារនីមួយៗ បានបញ្ចុះនៅខ្សែរសីមា ដែលមានអាថ័នការពារដ៏សាកសិដ្ឋ ដែលព្រលឹង និង វិញាណខ្មោចព្រាយបិសាចទាំងអស់មិនអាចទៅរំលោភបំពាន របងព្រំរបស់ព្រះវិហារវត្តបានឡើយ ដូចនេះពលរដ្ឋគ្រប់រូប គួរធ្វើទក្ខណាទានដល់ពពួកប្រេតទាំងឡាយ ដើម្បីជាការរំងាប់ភាពសោកសៅ របស់ពួកគេផង និង ការរំងាប់ការចងកំហឹងរបស់ពួកគេផង ដើម្បីជាបានជាសេចក្ដីស្ងប់សុខដល់យើងទាំងអស់គ្នា ។[៧] [៨]
ពិធីចាក់ទឹកដូងថ្វាយព្រះបិតរ
[កែប្រែ]Pouring coconut water to Ancestors
ព្រះបិតរ (សំស្ក្រឹត: पितर) (អង់គ្លេស: Pitara) អានថា៖ បុិ-ត-រាក់ មានន័យថា បុព្វបុរស ឬ ដូនតារបស់ឪពុកម្ដាយ [៩] នៅរៀងរាល់ថ្ងៃ១៤រោច ខែភទ្របទ អង្គព្រះមហាក្សត្រ និងប្រារព្ធពិធី ចាក់ទឹកដូងថ្វាយព្រះបិតរ ដែលមានន័យថា សេចក្ដីចម្រើនដល់ដួងវិញាណខន្ធដូនតា នៃអង្គព្រះមហាក្សត្រ ការច្រូចចាក់ទឹកដូង ជាកិច្ចពិធីនៃការឧទ្ទិសកុសលផលបុណ្យ របស់អង្គព្រះមហាក្សត្រ ជូនចំពោះបុព្វបុរស ឬ ជូនចំពោះមរណៈកាល របស់ញាតិវង្សរបស់ព្រះអង្គ ។ នៅវេលាម៉ោង ៩ៈ០០ នាទីយប់ ទាំងគ្រួសាររាជវង្ស ទាំងនាមុឺនសព្វមុខមន្ត្រី ត្រូវអញ្ជើញមកជុំគ្នាក្នុងពិធី "ប្រជុំបិណ្ឌ" មានការតាំងតុចំនួន ៤ ជាតំណាង, តុទី១ មានតម្កល់ព្រះខ័ន៤ ដែលមានឆ្លាក់នូវសត្វទេពទាំង៤ តំណាងចតុទិស មានតុតាំងចំនួន ២ ទៀត មានតម្កល់នូវគ្រឿងមាស និង តុម្ខាងទៀតជាគ្រឿងប្រាក់ ជាដង្វាយសម្រាប់ថ្វាយព្រះបិតរ រីឯតុមួយទៀត មានតម្កល់កែវទឹកដូង តំណាងឱ្យទឹកលាងជំរះបាប មានមន្ត្រីបាគូ ៩នាក់ សូត្រថ្វាយពរសព្ទសាធុការ ទៅកាន់អង្គព្រះមហាក្សត្រ រួចចាក់ទឹកស័ង្ខលើបាតព្រះហស្ថព្រះជា បន្ទាប់មកក្រុមបាគូរថ្វាយស្លឹកព្នៅ១ស្លឹក ដល់ព្រះរាជា ដើម្បីសៀតព្រះកាណ៌ឆ្វេង (ត្រចៀក) ដើម្បីជាមង្គលសិរី ហើយក្រុមបុរោហិត បន្តសូត្របួងសួងព្រះបិតរ សូមឱ្យដូនតាព្រះមហាក្សត្រ ទ្រទ្រង់ព្រះរាជា និង ប្រជារាស្ត្រ ទូទាំងព្រះនគរ ក្រោយមកព្រះមហាក្សត្រ ចូលទៅចាក់ទឹកដូងដើម្បីលាងជំរះបាបជូនតារបស់ព្រះអង្គ ក៏ដូចជាក្រុមគ្រួសាររាជវង្ស នាមុឺនសព្វមុខមន្ត្រី ចូលទៅចាក់ទឹកដូងជាបន្តបន្ទាប់ រហូតដល់បញ្ចប់ពិធីនេះ ។[១០]
ពិធីសែនលាដូនតា
[កែប្រែ]Ancestor Farewell Ceremony

នៅថ្ងៃ១៥រោច ខែភទ្របទ ដែលត្រូវនិងថ្ងៃចុងក្រោយ នៃពិធីបុណ្យភ្ជុំបិណ្ឌ ពលរដ្ឋខ្មែរមានជំនឿថា ដួងវិញាណនៃក្រុមសាច់ញាតិរបស់ខ្លួននិងមកលាក្រុមគ្រួសាររបស់ពួកគេនៅថ្ងៃចុងក្រោយ ដែលគេតែងហៅថា ភ្ជុំធំ (Big Meeting) នៅល្ងាចម៉ោង ៦ៈ០០ នាទីល្ងាច គេនិងរៀបចំបាយម្ហូបចំនីមួយថាស ដើម្បីសែនព្រេន អញ្ជើញដួងវិញាណនៃសាច់ញាតិមកសេពសោយអាហារ មួយពេលនេះ ដើម្បីឱ្យដួងវិញាណមកបរិភោគដោយស្រួលក្នុងផ្ទះរបស់ខ្លួនបាន គេត្រូវថ្ងៃរៀបចំដង្វាយសែនព្រេនមួយថាសតូចទៀតទៅដល់ ព្រះកឹង ឬ យមទូត ទាំងពីរ ដែលគេសម្គាល់ថា ជាខ្មោចស និង ខ្មោចខ្មៅ ដែលជាអ្នកឃ្លាំមើលទៅនិងសកម្មភាពរបស់ដួងវិញាណ ដែលយើងបានឧទ្ទិសមកសេពសោយក្នុងផ្ទះរបស់យើង នៅក្នុងការសែនដង្វាយដល់យមទូត ត្រូវរៀបចំដង្វាយដូចជា ៖ ក្បាលមាន់ សាច់ជ្រូកបីជាន់ ពងទាប្រៃ អំបិលស ១កូនចាន និង ស្រាសមួយពែង ដើម្បីជាកិច្ចស្នើសុំ ។ កាលពីសម័យដើម នៃរាជ ព្រះបាទអង្គឌួង គេធ្វើពីធីសែនលាដូនតា ដោយបណ្ដែតកូនសំពៅតូចៗ បណ្ដែតកន្ទោង ឬ បណ្ដែតពែ រហូតមកដល់សម័យសង្គមរាស្ត្រនិយម គេក៏បានលុបចោលពិធីបណ្ដែតកូនសំពៅ និង ពិធីបណ្ដែតកន្ទោងនេះ ព្រោះប៉ះពាល់ទៅដល់បរិស្ថានទឹក ដូចនេះហើយទំនៀមបណ្ដែតកូនសំពៅសែនលាដូនតា ត្រូវបានបោះបង់ចោលមកដល់បច្ចុប្បន្ននេះ ។ [១១] [១២]
ពិធីលយកន្ទោង
[កែប្រែ]Loy Kantong Ceremony

ប្រវត្តិពិធីលយកន្ទោងដកស្រង់ចេញពីឯកសារ ប្រជុំរឿងព្រេងខ្មែរ ឆ្នាំ១៩៦៣ រឿង ជ័យអស្ចារ្យ ចម្បាំងខ្មែរសៀម គ.សករាជ ១៥៤៩ អ្នកតាឃ្លាំងមឿងលោតចម្រូងសម្លាប់ខ្លួនកេណ្ឌទ័ពខ្មោច ចម្បាំងនៅ អូរស្វាយដូនកែវ កងទ័ពសៀមដកថយដល់បាត់ដំបង មរណៈភាព អ្នកតាឃ្លាំងមឿង កើតមានពិធីលយកន្ទោងមកដល់សព្វថ្ងៃនេះ ។[១៣] ពិធីលយកន្ទោង ឬ បណ្ដែតសំពៅជូនដូនតា ដកស្រង់ចេញពីឯកសារ ប្រជុំរឿងព្រេងខ្មែរ ភាគ៩ ឆ្នាំ១៩៦៣ រឿង នាយសំពៅ ៥០០ និទានពីឈ្មួញសំពៅចំនួន ៥០០នាក់ បានសំចតនៅកោះមួយ ត្រូវបានពពួកប្រេតចាប់បាន និងចង់យកមកធ្វើជាអាហារ ពេលនោះ នាយសំពៅម្នាក់ ជាអ្នកឈ្លាសវៃ នឹកឃើញថា "បើទោះជាត្រូវស្លាប់ ក៏ត្រូវតែហ៊ានប្រថុយនិយាយតវ៉ាឱ្យអស់ចិត្តសិន មិនត្រូវឱ្យគេផ្ដាច់ជីវិតទទេៗឡើយ" គិតហើយ ក៏តាំងស្មារតីអង់អាច និយាយទៅកាន់ស្ដេចប្រេត សូមឱ្យដោះលែងពួកខ្លួន, តែស្ដេចប្រេតនោះឆ្លើយថា "យើងដោះលែងពួកឯងទៅវិញមិនបានទេ ព្រោះពួកយើងស្រេកឃ្លានណាស់ បើលែងពួកឯងទៅ មិនដឹងកាលណានឹងបាន អាហារ ទៀត, ពួកយើងខ្សត់អាហារណាស់ !” ។ នាយសំពៅពោល សុំលោកលែងពួកយើងទាំងអស់វិញចុះ យើងសន្យាថា "នឹងទទួលរកអាហារជូនលោក រាល់ឆ្នាំ លុះត្រាតែអស់ជីវិត, បើលោកពិសាយើងទៅនោះ លោកបានឆ្អែតតែមួយគ្រាប៉ុណ្ណោះ, អំណតទៅ លោកនឹងត្រូវអត់ឃ្លានទៀត, បើពួកយើងសន្យានឹងលោកយ៉ាងនេះ តើលោកយកផ្លូវណា ? លោកសុខចិត្តពិសារូបយើងឲ្យបានតែមួយចម្អែត ឬ ក៏សុខចិត្តទុកជីវិតឱ្យពួកយើង ដើម្បីឱ្យពួកយើងទៅរកអាហារជូនលោកវិញ ? ។ ពួកប្រេត ឮសំណើរនៃនាយសំពៅដូច្នេះ ក៏គិតគ្នាមួយសន្ទុះ ទើបព្រមដោះលែងពួកគេ ហើយផ្ដាំផ្ញើថា "កាលបើពួកអ្នកបានទៅដល់ស្រុកទេសខ្លួនហើយ កាលណា មានខ្យល់ជំនោរធ្លាក់មកពីទិសឯជើង អ្នកទាំងអស់គ្នា ត្រូវធ្វើក្បួនផ្ទុកធញ្ញជាតិ និងអាហារគ្រប់យ៉ាង មានលាជ, សណ្ដែក, ល្ង, ដូង, អំបុក, ចេក ជាដើម បណ្ដែតតាមខ្សែទឹកមកឱ្យយើងចុះ មិនបាច់នាំមកផ្ទាល់ទេ, ជំនោរខ្យល់ នឹងបញ្ជូនមកដល់យើងហើយ" ។ ឮ តែប៉ុណ្ណេះ ពួកអ្នកសំពៅ អររកអ្វីប្រៀបពុំបាន ហើយក៏នាំគ្នាចុះសំពៅចោកចោល បើកចេញផុតពីនោះយ៉ាងប្រញាប់ ។ លុះទៅដល់ភូមិស្រុក ជួបជុំគ្រួសារហើយ ត្រូវនឹងពេលជិតដល់រដូវភ្ជុំផងដែរនោះ ដែលទឹកឡើងជាលំដាប់ផង អ្នកដែលបានសន្យានឹងប្រេតទាំងនោះ ក៏នាំគ្នាធ្វើនំនែក រកចេកអំពៅ លាជ ស្រូវ អង្ករ ផ្លែឈើ ដែលមានក្នុងរដូវនោះ ធ្វើពោងពាយ ហើយដាក់បណ្ដែតបញ្ជូនទៅឱ្យប្រេតតាមខ្សែទឹករាល់ៗឆ្នាំ ។ ដូចនិទានរៀបរាប់ខាងលើនេះ ទើបកើតមានកិច្ចពិធី លយកន្ទោង លយសំពៅ ផ្ទុកទៅដោយអាហារ បញ្ជូនឱ្យដូនតាមកដល់សព្វថ្ងៃនេះ ដោយសារតែការបណ្ដែតកន្ទោងស្លឹកផ្សេងៗ បានប៉ះពាល់ទៅដល់បរិស្ថានទឹក ទើបទំនៀមមួយនេះត្រូវបានលុបបំបាត់ផងដែរ ដោយហេតុបច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរមួយចំនួន ខ្វះការយល់ដឹង និង ទទួលរងនូវវប្បធម៌ប្រទេសដទៃ បាននាំយកពិធីនេះមកច្របល់និង ពិធីបុណ្យអុំទូក ម្ដងហើយម្ដងទៀត ដោយពួកគេមិនយល់ពីកិច្ចពិធីបែងចែកចំពោះ ខ្មោចព្រាយបិសាច ព្រះ និង ទេវតា នោះទេ សូមពលរដ្ឋខ្មែរមួយចំនួន បញ្ឈប់ដាច់ខាតរាល់ទង្វើរទាំងឡាយណាដែលប្រាសចាកពីទំនៀមវប្បធម៌ខ្មែរ ហើយនាំអន្តរាយដល់ប្រពៃណីទំនៀមទម្លាប់របស់ជាតិ សូមអរគុណ ។[១៤]
ដូចឆ្នេះ
[កែប្រែ]តើប្រេតមាននៅប្រទេសណាខ្លះ ?
តើប្រទេសណាខ្លះមានជំនឿសែនដូនតាដូចនិងប្រទេសកម្ពុជា ?
ប្រេត (អង់គ្លេស: Preta) (សំស្ក្រឹត: प्रेत អានថា៖ ប្រេត) (បាលី: पेत អានថា៖ បេតៈ) (ភាសាទីបេ: ཡི་དྭགས་ yi dags) ដែលត្រូវបានគេស្គាល់ថាជាខ្មោចស្រេកឃ្លានគឺជាឈ្មោះសំស្ក្រឹតសម្រាប់ប្រភេទនៃជំនឿអរូបីដែលត្រូវបានពិពណ៌នានៅក្នុងសាសនាមួយចំនួនដូចជា៖ ហិណ្ឌូសាសនា ពុទ្ធសាសនា សាសនាតៅ សាសនាអ្នកតា ដូចជា ចិន និង វៀតណាម ។[១៥]
- ភូមា: ပြိတ္တာ (MLCTS: peiʔtà)
- ចិន: 餓鬼 (Pinyin: Èguǐ)
- ជប៉ុន: 餓鬼 (Rōmaji: Gaki)
- ខ្មែរ: ប្រេត (UNGEGN: Praet)
- កូរ៉េខាងត្បូង: 아귀 (RR: Agui)
- ឡាវ: ເຜດ (/pʰèːt/)
- ម៉ុងហ្គោលី: ᠪᠢᠷᠢᠳ (birid)
- ថៃ: เปรต (RTGS: pret)
- វៀតណាម: (ngạ quỷ)
ឯកសារយោង
[កែប្រែ]- ↑ Robert Headley, Rath Chim (1998) Cambodian Advanced Reader, Publisher: Dunwoody Press, Original from the University of Michigan p.309 ISBN: 188126565X
- ↑ Bejr Sál (1966) Bidhī pracāṃ ṭáp bīr khae, Publisher: Buṭdh Sāsanapaṇḍity, Original from University of California, Berkeley p.76
- ↑ Chab Pin (1969) The 12-Month Royal Ceremony-Volume 3 Khmer Tradition Church of the Buddhist Academy of Cambodia p.157
- ↑ Braḥ Munīkosal (Q́iv Duat) (1951) Kiccavatt: samráp Vatt Podhi Vāl, Publisher: Ron bubmb Khmaer, Original from the University of Michigan p.114
- ↑ Lim Hak Kheang, Madeline Elizabeth Ehrman, Kem Sos (1974) Contemporary Cambodian: The Social Institutions Foreign Service Institute basic course series Foreign Service Institute, Original from the University of Michigan p.379
- ↑ Centre de documentation et de recherche sur la civilisation khmère (1981) Culture khmère, Issue 1 CEDORECK, Original from the University of Michigan.
- ↑ Sirīmedhī (Srī Q́ū) (Ghun.) (1950) Chappakaraṇābhidhamma Roṅ Bumb Khmaer, Original from the University of Michigan p.35
- ↑ United States. State Department (1974) Contemporary Cambodian, the Social Institutions, a Joint Project of the Foreign Service Institute and the Defense Language Institute Original from University of Minnesota p.379
- ↑ Wisdomlib - the greatest source of ancient and modern knowledge Pitara: 3 definitions, Languages of India and abroad DDSA: The Molesworth Marathi and English Dictionary, DDSA: The Aryabhusan school dictionary, Marathi-English, Pali Text Society (1921-1925), “pitar”, in Pali-English Dictionary, London: Chipstead
- ↑ Professor Pich Sal (1966) The 12-Month Royal Ceremony, Publisher: Commission Des Moeurs et Coutumes of Buddhist Institute Cambodia, Original from University of California, Berkeley p.76
- ↑ Professor Miech Pon, (1994) Institut français du Cambodge, Bibliothèque Numérique Culturethèque Officer of the Khmer Traditional Church of the Buddhist Academy of Cambodia.
- ↑ Professor Pich Sal (1966) The 12-Month Royal Ceremony Officer of the Khmer Traditional Church of the Buddhist Academy of Cambodia, Original from University of California, Berkeley p.76
- ↑ Khmer Commission Des Moeurs et Coutumes (1963) Collection of Khmer legends Volume 8, Publisher: Buddhist Institute Cambodia Original from the University of Michigan
- ↑ Khmer Commission Des Moeurs et Coutumes (1990) Collection of Khmer legends Volume 9, Publisher: Buddhist Institute Cambodia Original from the University of California, Berkeley
- ↑ Mason Walter (2010) Destination Saigon: Adventures in Vietnam ISBN: 9781459603059