Jump to content

ព្រះបរមរាជវាំង

ពីវិគីភីឌា
ឯកសារ:ព្រះបរមរាជវាំង.jpg
ព្រះបរមរាជវាំង
ឯកសារ:ព្រះបរមវាជវាំង១.jpg
ព្រះបរមរាជវាំង

ប្រវត្តិព្រះបរមរាជវាំង

ព្រះបរមរាជវាំងកសាងដំបូងអំពីឈើនៅឆ្នាំ ១៨៦៦ ក្នុងរាជព្រះបាទនរោត្តម និងត្រូវរុះរើសាងសង់ជាថ្មីនៅឆ្នាំ ១៩១៣ ក្នុងរាជព្រះបាទស៊ីសុវត្ថិ។ ព្រះបរមរាជវាំងសាងសង់បែរមុខទៅទិសខាងកើត គឺបែរទៅរកទន្លេចតុមុខ។ ព្រះបរមរាជវាំងមានកំ​ពែងព័ទ្ធជុំវិញប្រវែង ១៧៧២ម ដោយ កំពែងខាងកើតប្រវែង ៤២១ម ខាងលិចប្រវែង ៤៣៥ម ខាងជើងប្រវែង ៤៨៤ម និងខាងត្បូងចប្រវែង ៤៣២ម។ ព្រះបរមរាជវាំងកសាងតាមរចនាបថ​បាយ័នដែលមានក្លោងទ្វារចេញចូលចំនួន៥។ នៅប្រាសាទបាយ័ន ទ្វារជ័យនិងទ្វារខ្មោចស្ថិតនៅទិសខាងកើត ហើយទ្វារខ្មោចស្ថិតនៅខាងស្តាំដៃទ្វារជ័យ។ ចំនែកឯព្រះបរមរាជវាំងវិញ ទ្វារជ័យស្ថិតនៅទិសខាងកើតដែរ តែទ្វារខ្មោចវិញស្ថិតនៅឯទិសខាងជើងទៅវិញ។ ទ្វារខ្មោចនេះត្រូវបានគេអនុញ្ញាតិអោយប្រើតែ​ពេលណាមានព្រះមហាក្សត្រចូលទីវង្គត ដើម្បីដង្ហែព្រះសពទៅធ្វើឈាបនកិច្ចនៅឯទីវាលមេរុ។ ទ្វារខាងត្បូងសំរាប់ស្រីស្នមបរិពារ ឬនាម៉ឺនសព្វមុខមន្ត្រី ចេញចូលបង្គំគាល់ព្រះមហាក្សត្រ ឬប្រជាសាវនាការផ្សេងៗ។ ទ្វារខាងលិចប្រើប្រាស់តែពេលណាមានយកអ្នកទោសពានវាំងទៅ​ប្រហារជីវិត។ប៉ុន្តែទ្វារនេះបើកតែពេលថ្ងៃទេ នៅពេលយប់មិនអនុញ្ញាតិអោយបើកឡើយ។ ចំនែកទ្វារជ័យខាងកើត បែរទៅរកទិសនៃព្រះអាទិត្យរះ គឺជាទ្វារនៃសិរីសួស្តី សុភមង្គល។ គេប្រើប្រាស់ទ្វារនេះសំរាប់ ព្រះមហាក្សត្រ និង ព្រះអគ្គមហេសី ទទួលភ្ញៀវជាអគ្គមហាបុរសរដ្ឋ​ធំៗនៃបណ្តាប្រទេសជាមិត្ត និងជាទ្វារសំរាប់ព្រះមហាក្សត្រ និង ព្រះអគ្គមហេសីយាងនៅទតការប្រណាំងទូករាល់ពិធីបុណ្យអុំទូកម្តងៗ។


ប្រាសាទទេវាវិនិច្ឆ័យ

ប្រាសាទទេវាវិនិច្ឆ័យសាងសង់ក្នុងរាជព្រះបាទស៊ីសុវត្ថិ ក្នុងឆ្នាំ ១៩១៣ ហើយធ្វើពិធីសម្ពោធនៅថ្ងៃ ទី ៦ មិថុនា ១៩១៧។ ទំហំប្រាសាទ បណ្តោយ ១០០ម ទទឹង ៣០ម និងមានកំពូលស្រួចកំពស់ ៥៩ម។ នៅលើកំពូលស្រួចមានរូបព្រះភ័ក្រព្រះព្រហ្មមុខ៤ដែលញញឹម​ទៅរកទិសទាំង៤។ ប្រាសាទទេវាវិនិច្ឆ័យជាកន្លែងសំរាប់៖

  1. ព្រះរាជពិធីអភិសេកព្រះមហាក្សត្រឡើងគ្រងរាជ្យ
  2. ព្រះមហាក្សត្រប្រារព្ឋពិធីផ្សេងៗក្នុងពិធីបុណ្យជាតិ និង សាសនា
  3. ការចូលថ្វាយសារតាំងរបស់បណ្តាអង្គទូតនានា

ប្រាសាទខេមរិន្ទ

ប្រាសាទខេមរិន្ទកសាងឆ្នាំ ១៩៣១ ក្នុងរាជ ព្រះបាទមុនីវង្ស។ បច្ចុប្បន្នជាព្រះរាជដំណាក់ដែលព្រះម​ហាក្សត្រគង់នៅជាអចិន្ត្រៃយ៍។ ប្រាសាទនេះត្រូវបានព្រះមហាក្សត្រប្រើប្រាស់សំរាប់​ទទួលភ្ញៀវកិត្តិយសធំៗដូចជា លោកប្រធានាធិបតីបារាំង សាលដឺហ្គោល ជាដើម។

ប្រាសាទសហមេត្រី

ប្រាសាទសហមេត្រី ស្ថិតនៅជាប់កំពែងខាងជើង កសាងឡើងនៅឆ្នាំ ១៩៥០ ក្នុងរជ្ជកាលព្រះបាទនរោត្តមសីហនុ សំរាប់[[ព្រះមហាក្សត្រី
ស៊ីសុវត្ថិ កុសុមៈ នារីរ័ត្ន]] ជាព្រះវររាជមាតា របស់ព្រះអង្គតាំងឧបោសថសិលនៅទីនោះ ក្រោយពេលដែលព្រះវររាជបីតារបស់ព្រះអង្គ (ព្រះបាទនរោត្តមសុរាម្រិត)បានចូលទីវង្គត។ ពីមុនជាកន្លែងសំរាប់ជួបជុំនាយ​ទាហានការពារ​ព្រះបរមរាជវាំង ហើយក្រោយមកទៀត ត្រូវបានប្រើប្រាស់ជាលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់។

ប្រាសាទហោសំរាន្តភិរម្យ

ប្រាសាទហោសំរាន្តភិរម្យកសាងឡើងក្នុងឆ្នាំ ១៩១៧ ក្នុងរាជព្រះបាទស៊ីសុវត្ថិសំរាប់ព្រះមហាក្សត្រទ្រង់សំរួលព្រះកាយមុននិងក្រោយ ពេលព្រះអង្គទ្រង់គង់និងចុះពីខ្នងដំរីរាជ្យ នៅពេលត្រលប់ពីបរបាញ់សត្វ។ ប្រាសាទនេះបានក្លាយទៅជាសារមន្ទីរព្រះសីហនុ ដែលមាន ដំកល់ទុកវត្ថុអនុស្សាវរីយ៍ដ៏មានតំលៃដែលមហាអគ្គបុរសរដ្ឋនៃបណ្តាប្រទេសជាមិត្តថ្វាយដល់​ព្រះមហាក្សត្រ។ ក្រោយមកសារមន្ទីរនេះត្រូវ បានរើទៅដាក់នៅថែវខាងមុខប្រាសាទភោជនីយវិញនៅឆ្នាំ ២០០៥ រហូតដល់សព្វថ្ងៃ។

ប្រាសាទច័ន្ទឆាយា

ព្រះទីនាំងច័ន្ទឆាយា

ប្រាសាទច័ន្ទឆាយាកសាងឡើងក្នុងរាជព្រះបាទស៊ីសុវត្ថិ សំរាប់ជាវេទិកាកិត្តិយស ដែលព្រះមហាក្សត្រទ្រង់ទត ការហែរក្បួនព្យុហយាត្រានៃ ថ្ងៃបុណ្យកងទ័ព​ជាតិ និងជាវេទិកាកិត្តិយសពេលដែល​ព្រះមហាក្សត្រទ្រង់ថ្លែងសុន្ទរក ថាទៅកាន់ប្រជារាស្ត្ររបស់​ព្រះអង្គនៅពេលមានពិធីបុណ្យសំខាន់ៗផ្សេងៗ។




ប្រាសាទសំរិទ្ឋភិមាន ឬ ហោព្រះខ័ន

ប្រាសាទនេះត្រូវបានកសាងឡើងដំណាលគ្នានឹងប្រាសាទហោសំរាន្តភិរម្យដែរ។ ប្រាសាទនេះប្រើប្រាស់សំរាប់ជាកន្លែងដំកល់នូវ ព្រះខ័នរាជ្យ ម្កុដរាជ្យ ព្រះសព៌ណបាទ(ស្បែកជើង)​និងសំភារៈមានតំលៃផ្សេងៗទៀតជាច្រើនទៀត។

ព្រះទីនាំងភោជនីយ

ព្រះទីនាំងភោជនីយ កសាងឡើងនៅឆ្នាំ ១៩១២ សំរាប់ប្រើប្រាស់ក្នុងពិធីលៀងសាយភោជន៍ ក្នុងពិធីបុណ្យចំរើនព្រះជន្ម ព្រះមហាក្សត្រ និងសំរាប់ការសំដែងសិល្បៈ ឬផ្ទាំងទស្សនីយភាព ភាពយន្តជូនដល់ភ្ញៀវកិត្តិយសជាន់ខ្ពស់របស់ព្រះមហាក្សត្រ។ នៅក្នុងពិធីចំរើនព្រះជន្ម ព្រះមហាក្សត្រជាទូទៅប្រព្រឹត្តទៅមានរយៈពេល៥ថ្ងៃ (លើកលែងតែឆ្នាំដែលមានឈ្មោះសត្វត្រូវគ្នា​នឹងកំណើតព្រះអង្គ គឺមានរយៈពេល១
សប្តាហ៍។ នៅពេលនេះហើយដែលនាម៉ឺនាសព្វមុខមន្ត្រីបានរៀបចំដាក់តាំងផលិតផលដ៏មានតំលៃផ្សេងៗនៅលើតុដែលគេរៀបចំនៅតាម
ថែវខាងកើត និង ខាងត្បូងនៃព្រះទីនាំងភោជនីយដែលគេអោយឈ្មោះថាបុណ្យតាំងតុ

វិមានស្តេចណាប៉ូឡេអុងទី៣

វិមានស្តេចណាប៉ូឡេអុងទី៣ កសាងឡើងដោយដែកមានលំអដោយរូបនាឡិកា១ដ៏ធំសំរាប់រាជនីជា​ព្រះជាយារបស់ព្រះចៅអធិរាជ ណាប៉ូឡេអុងទី៣នៅពេលបើកសម្ពោធព្រែកជីកស៊ុយអេ នៅឆ្នាំ ១៨៦៩។ បន្ទាប់មកព្រះចៅអធិរាជណាប៉ូឡេអុងទី៣បានថ្វាយជាអនុស្សាវរីយ៍ដល់ព្រះបាទនរោត្តម ក្នុងឆ្នាំ១៨៧០ ដើម្បីជាចំណងមិត្តភាពបារាំង-ខ្មែរយូរអង្វែង។ វិមាននេះត្រូវបានធ្វើការជួសជុលជាថ្មី​ដោយក្រុមអ្នកបច្ចេកទេសស្ម័គ្រចិត្តបារាំង១ក្រុមនៅក្នុងឆ្នាំ ១៩៩២។


ព្រះរាជដំណាក់ច័ន្ទ

ប្រាសាទនេះត្រូវបានកសាងឡើងក្រោយការដាក់រាជ្យបាន៤ឆ្នាំ នៃព្រះករុណា ព្រះបាទសម្តេចព្រះ​នរោត្តមសីហនុ ដែលបានដាក់រាជ្យនៅ
ថ្ងៃទី ៣ មិនា ១៩៥៥។ ប្រាសាទនេះចែកចេញជា២ផ្នែកគឺ ១ផ្នែកសំរាប់ទុកដាក់គ្រឿងអលង្ការក្រុមព្រះរាជ្យទ្រព្យ និង១ផ្នែកទៀតនៅខាងត្បូង រៀចចំជាការិយាល័យព្រះប្រមុខរដ្ឋ សម្តេចនរោត្តមសីហនុ។

ព្រះវិហារព្រះកែវមរកត

ព្រះវិហារព្រះកែវមរកតមានដំកល់ព្រះពុទ្ឋបដិមា១អង្គ ធ្វើអំពីត្បូងកែវដ៏មានតំលៃដែលមានព៌ណ​ដូចមរកត។ រូបព្រះកែវមរកតពិតនោះត្រូវបានសៀមប្រមូលយកទៅជាមួយនឹងរូបព្រះគោ​នៅពេលវាយលុកបានក្រុងអង្គរ
ក្នុងឆ្នាំ ១៤២០។ ភ្ញៀវបរទេសនិយមហៅថា វត្តប្រាក់ ព្រោះបាតក្រោមនៃព្រះវិហារមានក្រាលការ៉ូអំពីប្រាក់សុទ្ឋ ។ ព្រះវិហារព្រះកែវមរកតត្រូវបានកសាងឡើងអំពីឈើដោយព្រះបាទនរោត្តម ក្នុងឆ្នាំ១៨៩២ រួចសាងសង់ជាថ្មី ឡើងវិញអំពីថ្ម ដោយព្រះបាទនរោត្តមសីហនុ ក្នុងឆ្នាំ ១៩៦២។ វត្តនេះមានឈ្មោះថាវត្ត តែពុំមានព្រះសង្ឃគង់នៅ ដូចវត្តដ៏ទៅឡើយ។កាលពីឆ្នាំ ១៩៤៧ ទីនេះមានតែព្រះបាទនរោត្តមសីហនុទេដែលគង់នៅទីនោះ ព្រោះព្រះអង្គ បានសាងព្រះផ្នួស អស់រយៈពេល១ព្រះវស្សា គឺនៅថ្ងៃទី ១កក្កដា ឆ្នាំ ១៩៤៧។

រូបភាព

វិគីមេឌា Commons មានមេឌា​ដែលបានទាក់ទងនឹង:
  • ព្រះបរមរាជវាំងស្ថិតនៅត្រង់កន្លែងដែលមានកូអរដោនេ 11°33′46″N 104°55′48″E / 11.56278°N 104.93000°E / 11.56278; 104.93000