ប្រវត្តិសាស្ត្រនៃសាធារណរដ្ឋចិន
![]() | |||||||
---|---|---|---|---|---|---|---|
សម័យបុរាណ | |||||||
ថ្មរំលីង រ. ៨៥០០–រ. ២១០០ មគ. | |||||||
រាជវង្សសៀ រ.២១០០– រ.១៦០០ មគ. | |||||||
រាជវង្សសាង រ.១៦០០–រ.១០៤៦ មគ. | |||||||
រាជវង្សចូវ រ.១០៤៥–២៥៦ មគ. | |||||||
ចូវខាងលិច | |||||||
ចូវខាងកើត | |||||||
សម័យផ្ការីកនិងស្លឹកឈើជ្រុះ | |||||||
សម័យនគរចម្បាំង | |||||||
សម័យអធិរាជ | |||||||
រាជវង្សឈិន ២២១ មគ.–២០៦ មគ. | |||||||
រាជវង្សហាន ២០៦ មគ.–២២០ គស. | |||||||
ហានខាងលិច | |||||||
រាជវង្សថ្មី | |||||||
ហានខាងកើត | |||||||
នគរបី ២២០–២៨០ | |||||||
អ៊ួយ ស៊ូ និង អ៊ូ | |||||||
រាជវង្សជិន ២៦៥–៤២០ | |||||||
ជិនខាងលិច | នគរ១៦ ៣០៤–៤៣៩ | ||||||
ជិនខាងកើត | |||||||
រាជវង្សខាងត្បូងនិងខាងជើង ៤២០–៥៨៩ | |||||||
រាជវង្សសួយ ៥៨១–៦១៨ | |||||||
រាជវង្សថាង ៦១៨–៩០៧ | |||||||
( ចូវទី២ ៦៩០–៧០៥ ) | |||||||
រាជវង្ស៥ និង នគរ១០ ៩០៧–៩៦០ |
រាជវង្សលៀវ ៩០៧–១១២៥ | ||||||
រាជវង្សសុង ៩៦០–១២៧៩ |
|||||||
សុងខាងជើង | សៀខាងលិច | ||||||
សុងខាងត្បូង | ជិន | ||||||
រាជវង្សយាន ១២៧១–១៣៦៨ | |||||||
រាជវង្សមិង ១៣៦៨–១៦៤៤ | |||||||
រាជវង្សឈិង ១៦៤៤–១៩១១ | |||||||
សម័យទំនើប | |||||||
សាធារណរដ្ឋចិន ១៩១២–បច្ចុប្បន្ន | |||||||
សាធារណរដ្ឋប្រជាមានិត ចិន ១៩៤៩–បច្ចុប្បន្ន |
សាធារណរដ្ឋ ចិន (តៃវ៉ាន់) ១៩១២–បច្ចុប្បន្ន | ||||||
ប្រវត្តិសាស្ត្រនៃសាធារណរដ្ឋចិន បានចាប់ផ្តើមនៅក្រោយរបបរាជវង្សឈីងក្នុងឆ្នាំ១៩១២ ពោលគឺនៅពេលដែលបដិវត្តន៍ស៊ីនហៃបានផ្តួលរំលំរបបរាជានិយមចិនដែលមានអាយុកាលជាង ២០០០ ឆ្នាំ។ ក្រោយពីបានប្រកាសបង្កើតឡើងមក សាធារណរដ្ឋមួយនេះបានឆ្លងកាត់វិបត្តិបញ្ហា និងពលវទុក្ខជាច្រើនរួមមាន វិបត្តិស្តេចត្រាញ់ដែលតែងតែចង់ដណ្តើមអំណាចនិងទឹកដីគ្រប់គ្រង និងអំណាចបរទេសចូលមកជ្រៀតជ្រែកជាដើម។
នៅឆ្នាំ១៩២៨ សាធារណរដ្ឋចិនត្រូវបានបង្រួបបង្រួមក្រោមការដឹកនាំរបស់គណបក្សគួមីនតាង (ឬអាចហៅបានថា "គណបក្សជាតិនិយមចិន") បន្ទាប់ពីបានបញ្ចប់បេសកកម្មភាគខាងជើង និងកំពុងឈានចូលដំណាក់កាលដំបូងនៃឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្ម ប៉ុន្តែក៏ត្រូវរំខានដោយជម្លោះផ្ទៃក្នុងរដ្ឋាភិបាល សង្គ្រាមជាមួយចក្រភពជប៉ុន និងការខ្វែងគំនិតគ្នារវាងបក្សកុម្មុយនីស្តចិន និងមេទ័ពក្នុងស្រុក។ រាល់កិច្ចខិតខំប្រឹងប្រែងកសាងប្រទេសដែលផ្តួចផ្តើមដោយគួមីនតាងត្រូវបានបញ្ឈប់នៅពេលដែលសង្រ្គាមចិន-ជប៉ុនលើកទីពីរបានផ្ទុះឡើងនៅរវាងឆ្នាំ១៩៣៧ ដល់ឆ្នាំ១៩៤៥ ហើយក្រោយមកទៀតក៏កើតមានទំនាស់រវាងបក្សគួមីនតាង និងបក្សកុម្មុយនីស្តដែលជាហេតុនាំឱ្យរដ្ឋាភិបាលចម្រុះមិនអាចបង្កើតឡើង និងទីបំផុតក៏កើតចេះជាសង្រ្គាមស៊ីវិលចិន។
ការធ្វេសប្រហែសផ្នែកនយោបាយ សេដ្ឋកិច្ច និងយោធាជាបន្តបន្ទាប់គ្នាបាននាំទៅដល់ការបរាជ័យរបស់បក្សគួមីនតាងរហូតដល់ការដកថយទៅលើកោះតៃវ៉ាន់ (អតីត "ហ្វរម៉ូសារ") ក្នុងឆ្នាំ១៩៤៩ ហើយក៏បានបង្កើតចេញជារដ្ឋឯកបក្សផ្តាច់ការក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍យស/ប្រធានាធិបតី ឈៀង កៃសេក។ ចាប់តាំងពីពេលនោះរហូតដល់ទសវត្សរ៍ឆ្នាំ១៩៩០ រដ្ឋនេះបានចាត់ទុក និងតែងអះអាងថាខ្លួនជាអាជ្ញាធរស្របច្បាប់តែមួយគត់នៃប្រទេសចិនទាំងមូលដោយចង្អុលសម្តៅទៅលើរដ្ឋាភិបាល ឬ "របប" កុម្មុយនីស្តថាមិនស្របច្បាប់ ហើយ "សាធារណរដ្ឋប្រជាមានិតចិន" ដែលបានប្រកាសនៅទីក្រុងប៉េកាំងដោយម៉ៅ សេទុងក្នុងឆ្នាំ១៩៤៩ នោះគឺជា "ចោរកុម្មុយនីស្ត" នៅចិនដីគោក។ សាធារណរដ្ឋចិនត្រូវបានគាំទ្រអស់រយៈពេលជាច្រើនឆ្នាំ និងទសវត្សរ៍ ដោយប្រជាជាតិជាច្រើន ជាពិសេសគឺសហរដ្ឋអាមេរិកដែលបានបង្កើតសន្ធិសញ្ញាការពារអាញ់មាញ់ក្នុងឆ្នាំ១៩៥៤។ បន្ទាប់ពីសេរីភាវូបនីយកម្មនយោបាយបានចាប់ផ្តើមនៅចុងទសវត្សរ៍ឆ្នាំ១៩៦០ ទីបំផុតសាធារណរដ្ឋប្រជាមានិតចិនក៏ទទួលបានចម្លើយយល់ព្រមនៅឆ្នាំ១៩៧១ ដើម្បីកាន់កាប់អាសនៈ "ប្រទេសចិន" នៅក្នុងមហាសន្និបាត ហើយសំខាន់ជាងនេះទៅទៀតគឺត្រូវបានអង្គុយជា សមាជិកអចិន្ត្រៃយ៍មួយក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំងប្រាំនៃក្រុមប្រឹក្សាសន្តិសុខ។ បន្ទាប់ពីត្រូវច្រានចោលដោយអតីតសម្ព័ន្ធមិត្ត និងការធ្វើសេរីភាវូបនីយកម្មនៅចុងទសវត្សរ៍ឆ្នាំ១៩៧០ ពីរដ្ឋាភិបាលផ្តាច់ការជាតិនិយម និងបន្ទាប់ពីមរណភាពរបស់ឈៀង កៃសេក សាធារណរដ្ឋចិនក៏បានផ្លាស់ប្តូរទៅជារដ្ឋពហុបក្ស ប្រជាធិបតេយ្យតំណាងនៅលើកោះតៃវ៉ាន់ និងថែមទាំងផ្តល់តំណាងភាពបន្ថែមឱ្យជនជាតិដើមតៃវ៉ាន់ទៀតផង ដែលបុព្វបុរសរបស់ពួកគេមានវត្តមាននៅលើកោះតៃវ៉ាន់នោះតាំងពីមុនការមកដល់នៃរដ្ឋាភិបាលសាធារណរដ្ឋចិននៅឆ្នាំ១៩៤៩ ម៉្លេះ។
រដ្ឋាភិបាលបណ្ដោះអាសន្ន (១៩១២)
ការបង្កើតសាធារណរដ្ឋឡើង


នៅចុងសតវត្សទី១៩ និងដើមសតវត្សទី២០ រាជវង្សឈីងត្រូវប្រឈមមុខនឹងភាពចលាចលផ្ទៃក្នុង និងការលុកលុយពីបរទេស ពិសេសគឺចាប់តាំងពីចប់សង្គ្រាមចិន-ជប៉ុនបានបញ្ចប់នៅក្នុងឆ្នាំ១៨៩៥ មក។ ការបះបោរផ្ទៃក្នុង និងការគាបសង្កត់ពីសំណាក់អាជ្ញាធរបាននាំមកនូវវិនាសកម្មដល់ប្រជាជនចិនរាប់លាននាក់ ហើយជម្លោះជាមួយមហាអំណាចអឺរ៉ុបខាងលិចបាននាំឱ្យកើតមានសន្ធិសញ្ញាដ៏អយុត្តិធម៌ជាច្រើនបូករួមជាមួយសំណងសង្គ្រាមដែលក្លាយជាបន្ទុកក្នុងប្រព័ន្ធសារពើពន្ធ និងការបាត់បង់បូរណភាពទឹកដីរបស់ប្រទេស។ មតិដ៏ពេញនិយមក្នុងចំណោមជនជាតិហាននាពេលនោះបានលេចឡើងថា អំណាចនយោបាយគួរតែត្រឡប់ទៅរកជនជាតិហានវិញដែលជាក្រុមជនជាតិភាគច្រើនជាជាងបន្សល់ទុកឱ្យជនជាតិម៉ាន់ជូជាអ្នកកាន់កាប់ដោយក្រុមពួកនេះគ្រាន់តែជាជនជាតិភាគតិចនៅក្នុងប្រទេសចិនប៉ុណ្ណោះ។ បន្ទាប់ពីការបះបោរអ្នកប្រដាល់ និងការលុកលុយពីអំណាចចក្រពត្តិនិយមដើម្បីបញ្ឈប់សកម្មភាពបះបោរទាំងនោះ តុលាការរាជាធិរាជឈីងក៏បានសម្រេចចិត្តធ្វើកំណែទម្រង់ស្ថាប័ន និងនយោបាយមូលដ្ឋានដូចជា ការលុបចោលប្រព័ន្ធត្រួតពិនិត្យរបស់ព្រះអធិរាជនៅឆ្នាំ១៩០៥ ការចេញសេចក្តីព្រាងរដ្ឋធម្មនុញ្ញនៅឆ្នាំ១៩០៦ ការបង្កើតនីតិបញ្ញត្តិតាមបណ្ដាខេត្តក្នុងឆ្នាំ១៩០៩ និងការត្រៀមរៀបចំការបោះឆ្នោតសភាជាតិនៅឆ្នាំ១៩១០។ ក៏ប៉ុន្តែ ក្រុមអ្នកអភិរក្សនិយមម៉ាន់ជូនៅក្នុងតុលាការឈីងបាននាំគ្នាគិតថា កំណែទម្រង់ទាំងនេះគឺវាហួសហេតុជ្រុលពេក ចំណែកឯអ្នករិះគន់ក៏គិតថាកំណែទម្រង់នូវមិនទាន់ស៊ីជម្រៅនៅឡើយ។ ការខ្វែងគំនិតគ្នាបែបនេះបាននាំឱ្យមានការចាប់ឃុំឃាំងអ្នកកែទម្រង់ ឬកាត់ទោសប្រហារជីវិតតែម្តង។ ការបរាជ័យរបស់តុលាការរាជាធិរាជក្នុងការអនុវត្តសេរីភាវូបនីយកម្មនយោបាយ និងទំនើបភាវូបនីយកម្មបានបណ្ដាលឱ្យអ្នកកំណែទម្រង់បំបែរខ្លួនមកដើរលើមាគ៌ាបដិវត្តន៍។
ក្រុមបដិវត្តន៍ជាច្រើនបានលេចខ្លួនឡើង ប៉ុន្តែក្រុមដែលមានការរៀបចំល្អបំផុតនោះគឺជាក្រុមដែលបង្កើតឡើងដោយលោកស៊ុន យ៉ាតសេន (ចិន៖ 孫逸仙) ដែលលោកជាសកម្មជននិយមសាធារណរដ្ឋមួយរូប និងមាននិន្នការប្រឆាំងនឹងរបបឈីង។ ពេលនោះ ប្រជាប្រិយភាពរបស់លោកក៏បានកើនឡើងដោយទទួលបានការគាំទ្រពីសំណាក់និស្សិតចិននៅក្រៅប្រទេស និងបរទេស ជាពិសេសនៅឯប្រទេសជប៉ុន។ នៅឆ្នាំ១៩០៥ គាត់បានបង្កើតចលនាថុងម៉េងហួយឡើងនៅទីក្រុងតូក្យូ ជាមួយនឹងលោកហ័ង ស៊ីង ដែលជាមេដឹកនាំដ៏មានប្រជាប្រិយភាពម្នាក់ដែរនៅក្នុងចលនាបដិវត្តន៍ចិននៅប្រទេសជប៉ុន។
ចលនានេះបានទទួលការគាំទ្រដោយមូលនិធិចិននៅក្រៅប្រទេស ហើយមិនតែប៉ុណ្ណោះ វាក៏ទទួលបានទាក់ទាញការគាំទ្រផ្នែកនយោបាយផងដែរដោយមានការចូលរួមពីមន្ត្រីយោធាក្នុងតំបន់ និងអ្នកនិយមកំណែទម្រង់មួយចំនួនដែលបានភៀសខ្លួនចេញពីប្រទេសចិនបន្ទាប់ពីព្រឹត្តិការណ៍កំណែទម្រង់រយថ្ងៃ។ ទស្សនៈនយោបាយរបស់លោកស៊ុនបានលេចចេញជារូបរាងឡើងនៅក្នុងឆ្នាំ១៨៩៧ ហើយត្រូវបានបង្ហាញជាសាធារណៈនៅទីក្រុងតូក្យូក្នុងឆ្នាំ១៩០៥ និងបានឆ្លងកាត់កំណែប្រែខ្លះៗនៅដើមទសវត្សរ៍ឆ្នាំ១៩២០។ ទស្សនៈលោកបានផ្តោតលើគោលការណ៍ទាំងបីរបស់ប្រជាជនគឺ "ជាតិនិយម ប្រជាធិបតេយ្យ និងជីវភាព របស់ប្រជាជន"។
គោលការណ៍ជាតិនិយមបានអំពាវនាវឱ្យផ្ដួលរំលំរដ្ឋអំណាចម៉ាន់ជូ និងបញ្ចប់អនុត្តរភាពបរទេសលើប្រទេសចិន។ គោលការណ៍ទីពីរគឺប្រជាធិបតេយ្យ ត្រូវបានប្រើប្រាស់ដើម្បីបញ្ជាក់ពីគោលដៅរបស់ស៊ុនក្នុងការបង្កើតទម្រង់រដ្ឋាភិបាលសាធារណរដ្ឋ និងការផ្លាស់ប្តូរមួយចំនួនដូចជាកំណែទម្រង់ដីធ្លីជាដើម។

សម័យសាធារណរដ្ឋនៃប្រទេសចិនបានចាប់ផ្តើមជាមួយនឹងការផ្ទុះឡើងនៃបដិវត្តន៍នៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩១១ នៅក្នុងទីក្រុងវូឆាង នៃខេត្តហ៊ូប៉ី។ ព្រឹត្តិការណ៍ដំបូងនេះត្រូវបានគេស្គាល់ថា ការបះបោរវូឆាង ដោយសព្វថ្ងៃបានក្លាយជាទិវាជាតិនៅតៃវ៉ាន់។ សកម្មភាពបះបោរបានរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់ទីប្រជុំជនជិតខាង ហើយសមាជិកនៃចលនាថុងម៉េងហួយនៅទូទាំងប្រទេសក៏បានក្រោកឈរឡើងគាំទ្រកងកម្លាំងបដិវត្តន៍ក្រុងវូឆាង។ នៅថ្ងៃទី១២ ខែតុលា ក្រុមបដិវត្តន៍បានទទួលជោគជ័យក្នុងការកាន់កាន់ក្រុងហាន់ខូវ និងហាន់យ៉ាង។ ទោះយ៉ាងណាក្តី ការអបអររបស់មហាជនចំពោះជ័យជម្នះទាំងនេះមិនមានរយៈពេលវែងទេព្រោះនៅថ្ងៃទី២៧ ខែតុលា លោកយ័ន ស៊ីខាយត្រូវបានតែងតាំងឡើងវិញដោយតុលាការ ឈីងដើម្បីដឹកនាំកងទ័ពថ្មី ហើយកងកម្លាំងស្មោះស្ម័គ្រនៅក្រោមបញ្ជាការលោកហ្វឹង គួចាង និងលោកឌូអាន ស៊ីរួយ បានផ្លាស់ទីទៅភាគខាងត្បូងដើម្បីដណ្តើមយកទីក្រុងអ៊ូហានមកវិញ។ បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញនៅអំឡុងខែវិច្ឆិកា កងទ័ពបដិវត្តន៍ដែលមានកម្លាំងមនុស្សនិងអាវុធតិចជាងត្រូវបានកម្លាំងរដ្ឋាភិបាលរុញច្រានចេញពីក្រុងហាន់ខូវនិងហាន់យ៉ាង ហើយបានបន្តដកថយទៅដល់វូឆាង ភាគខាងត្បូងទន្លេយ៉ង់សេ។ ខណៈពេលដែលសមរភូមិយ៉ាងស្យាកំពុងសន្ធោសកម្ម ខេត្តចំនួន ១៥ នៃខេត្តសរុប ២៤ បានប្រកាសឯករាជ្យចេញពីចក្រភពឈីង។ លោកយ័ន ស៊ីខាយក៏បញ្ឈប់សកម្មភាពរុលទៅកាន់វូឆាង ហើយបានចាប់ផ្តើមធ្វើការចរចាជាមួយក្រុមបដិវត្តន៍។ មួយខែក្រោយមក លោកស៊ុន យ៉ាតសេនបានត្រឡប់មកកាន់ប្រទេសចិនវិញពីសហរដ្ឋអាមេរិកក្រោយពីបានរៃអង្គាសបានថវិកាខ្លះៗពីចំណោមប្រជាជនអាមេរិក និងចិនអាមេរិកាំង។
នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩១២ ប្រតិភូមកពីខេត្តឯករាជ្យទាំងប៉ុន្មានបានបោះឆ្នោតជ្រើសរើសលោកស៊ុន យ៉ាតសេន ជាប្រធានាធិបតីបណ្តោះអាសន្នទីមួយនៃសាធារណរដ្ឋចិន។ លោកយ័ន ស៊ីខាយបានយល់ព្រមទទួលយករបបសាធារណរដ្ឋថ្មី រួចក៏បានបង្ខំចៅអធិរាជចុងក្រោយនៃប្រទេសចិនព្រះនាមភូយីឱ្យដាក់រាជ្យនៅថ្ងៃទី១២ ខែកុម្ភៈ។ ព្រះអធិរាជិនីឡុងយូជាអ្នកចុះហត្ថលេខាលើឯកសារដាក់រាជ្យ។ សម្រាប់ព្រះចៅភូយីវិញ ទ្រង់ត្រូវបានគេអនុញ្ញាតឱ្យបន្តគង់នៅក្រុងហ្សឺជីនឆឹង។
សម័យប៉ីយ៉ាង (១៩១២–១៩២៨)
ដើមសម័យសាធារណរដ្ឋ
នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩១២ លោកស៊ុនបានប្រកាសបង្កើតសាធារណរដ្ឋចិនជាផ្លូវការ ហើយបានទទួលតំណែងជាប្រធានាធិបតីបណ្តោះអាសន្នទីមួយនៅទីក្រុងណានជីង។ ប៉ុន្តែ អំណាចនៅទីក្រុងប៉េកាំងបានធ្លាក់ទៅក្នុងដៃលោកយ័ន ស៊ីខាយរួចទៅហើយ ដោយលោកជាមេដឹកនាំនៃកងទ័ពប៉ីយ៉ាង ដែលពេលនោះត្រូវជាកម្លាំងយោធាដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសចិន។ ដើម្បីទប់ស្កាត់កុំឱ្យកើតមានសង្គ្រាមស៊ីវិល និងអន្តរាគមន៍បន្តពីបរទេសដែលអាចបំផ្លាញរបបសាធារណរដ្ឋដ៏ក្មេងខ្ចីនេះបាន លោកស៊ុនបានយល់ព្រមតាមការទាមទាររបស់យ័នឱ្យប្រទេសចិនរួបរួមគ្នាក្រោមរដ្ឋាភិបាលទីក្រុងប៉េកាំងដែលដឹកនាំដោយយ័នផ្ទាល់។ នៅថ្ងៃទី១០ ខែមីនា នៅទីក្រុងប៉េកាំង លោកយ័ន ស៊ីខាយបានស្បថចូលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្នទីពីរនៃសាធារណរដ្ឋចិន។

សាធារណរដ្ឋដែលលោកស៊ុន យ៉ាតសេន និងសហការីស្រមៃបានវិវត្តន៍ទៅមុខយឺតៗ។ ទោះបីជាមានគណបក្សនយោបាយជាច្រើនប្រជែងគ្នាដណ្តើមអំណាចកំពូលនៅក្នុងសភាក៏ដោយ ប៉ុន្តែពួកគេទាំងនោះនូវខ្វះកម្លាំងទ័ព ហើយមិនយូរប៉ុន្មានអំណាចរបស់យ័ន ស៊ីខាយបានកើនលើសពីសភាទៅទៀត។ យ័នបានកែប្រែរដ្ឋធម្មនុញ្ញដោយខ្លួនឯង ហើយគំនិតផ្តាច់ការរបស់លោកបានចាប់ផ្តើមលេចឡើងបន្តិចម្តងៗ។ នៅខែសីហា ឆ្នាំ១៩១២ គណបក្សគួមីនតាង (គណបក្សជាតិនិយម) ត្រូវបានបង្កើតឡើងដោយលោកស៊ុង ចែវរ៉េន ដែលជាសហការីម្នាក់របស់ស៊ុន យ៉ាតសេន។ គណបក្សថ្មីមួយនេះបានបង្កើតឡើងដោយការផ្គុំបញ្ចូលគ្នានៃបក្សនយោបាយតូចៗដោយមានរួមទាំងចលនាថុងម៉េងហួយរបស់ស៊ុនផងដែរ។ នៅក្នុងការបោះឆ្នោតជាតិដែលបានធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ១៩១៣ ដើម្បីជ្រើសរើសសមាជិកថ្មីសម្រាប់សភាទាំងពីរក្នុងប្រទេស លោកស៊ុងបានធ្វើយុទ្ធនាការប្រឆាំងនឹងរដ្ឋបាលយ័នដែលនៅពេលនោះតំណាងដោយគណបក្សសាធារណរដ្ឋក្រោមការដឹកនាំដោយលាំង ឈីឆាវ។ ដោយសមត្ថភាពប៉ិនប្រសប់របស់ស៊ុងជាអ្នកធ្វើយុទ្ធនាការ ជាលទ្ធផល គណបក្សគួមីនតាងក៏បានឈ្នះអាសនៈភាគច្រើន។
បដិវត្តន៍លើកទីពីរ
ស៊ុងត្រូវបានគេធ្វើឃាតនៅខែមីនា ឆ្នាំ១៩១៣។ មនុស្សមួយចំនួនជឿថា យ័ន ស៊ីខាយគឺជាអ្នកនៅពីក្រោមឃាតកម្មនេះ ប៉ុន្តែគ្មានភស្តុតាងអ្វីអាចបញ្ជាក់ច្បាស់លាស់បានឡើយ។ សេចក្តីមិនពេញចិត្ត និងពិរោធន៍របស់មហាជនចំពោះយ័នក៏បានកើនឡើង។ នៅខែមេសា គាត់បានធានាប្រាក់កម្ចីរៀបចំឡើងវិញចំនួន ២៥ លានផោនពីធនាគារចម្រុះពីចក្រភពអង់គ្លេស បារាំង រុស្ស៊ី អាល្លឺម៉ង់ និងជប៉ុន ដោយមិនពិគ្រោះជាមួយសភាជាមុន។ ប្រាក់កម្ចីនេះត្រូវបានប្រើប្រាស់ដើម្បីផ្តល់ហិរញ្ញប្បទានដល់កងទ័ពប៉ីយ៉ាងរបស់ខ្លួន។
នៅថ្ងៃទី២០ ខែឧសភា យ័នបានចុះកិច្ចព្រមព្រៀងជាមួយរុស្ស៊ីដែលផ្តល់សិទ្ធិពិសេសដល់រុស្ស៊ីនៅតំបន់ម៉ុងហ្គោលជាយ និងរឹតត្បិតសិទ្ធិរបស់ចិនក្នុងការដាក់ពង្រាយទ័ពនៅទីនោះ។ សមាជិកសភាគួមីនតាងបានចោទប្រកាន់យ័នពីបទរំលោភសិទ្ធិអំណាចខ្លួន ហើយបានអំពាវនាវឱ្យដកលោកចេញតំណែង។ ប៉ុន្តែនៅម្ខាងទៀត គណបក្សវឌ្ឍនភាពដែលមានសមាជិកជាពួករាជានិយម និងគាំទ្រគោលនយោបាយយ័ន បានធ្វើការចោទប្រកាន់បក្សគួមីនតាងថាមានបំណងញុះញុងឱ្យមានកុបកម្ម។ យ័នក៏បានសម្រេចចិត្តប្រើកម្លាំងយោធាប្រឆាំងនឹងក្រុមគួមីនតាង។
នៅខែកក្កដា ឆ្នាំ១៩១៣ ខេត្តភាគខាងត្បូងចំនួនប្រាំពីរបានធ្វើការបះបោរប្រឆាំងនឹងលោកយ័ន ហើយបដិវត្តន៍លើកទីពីរក៏ផ្ទុះឡើង។ ប៉ុន្តែសម្រាប់បក្សគួមីនតាង បដិវត្តន៍លើកទីពីរនេះមិនបានផ្តល់ផលល្អអ្វីដល់ពួកគេនោះទេ។ កម្លាំងយោធាគួមីនតាងនៃខេត្តជាំងស៊ីត្រូវបានកងកម្លាំងរបស់យ័នវាយបង្ក្រាបនៅថ្ងៃទី១ ខែសីហា ហើយក្រុងណានឆាងដែលជាទីរួមខេត្តជាំងស៊ីក៏ត្រូវដួលរលំផងដែរ។ នៅថ្ងៃទី១ ខែកញ្ញា ណានជីងត្រូវបានកងកម្លាំងយោធាយ័នចូលកាន់កាប់។ ពេលដែលឧទ្ទាមកម្មត្រូវបានបង្ក្រាបអស់ លោកស៊ុន និងសម្ព័ន្ធមិត្តផ្សេងទៀតក៏បានភៀសខ្លួនរត់ទៅប្រទេសជប៉ុន។ នៅខែតុលា ឆ្នាំ១៩១៣ សភាបានជ្រើសតាំងយ័ន ស៊ីខាយជាប្រធានាធិបតីផ្លូវការនៃសាធារណរដ្ឋចិនដោយបង្ខំ ហើយមហាអំណាចក្រៅប្រទេសបានចាប់ផ្តើមទទួលស្គាល់ដល់រដ្ឋាភិបាលរបស់លោក។ លោកឌូអាន ស៊ីរួយ និងរួមទាំងឧត្តមសេនីយ៍ដឹកនាំកងទ័ពប៉ីយ៉ាងផ្សេងទៀតត្រូវបានយ័ន ស៊ីខាយតែងតាំងឱ្យកាន់តំណែងសំខាន់ៗនៅក្នុងគណៈរដ្ឋមន្ត្រី។
ការបះបោររបស់មហាជន និងសង្គ្រាមការពារជាតិ

ចលនាមហាជនបានងើបឡើងប្រឆាំងនឹងរដ្ឋាភិបាលដោយមានការគាំទ្រពីក្រុមអ្នកបដិវត្តន៍ស៊ុន យ៉ាតសេន។ ចលនាបះបោរដែលមានឈ្មោះថា បៃឡាង បានវាយបំផ្លាញផ្នែកជាច្រើននៃភាគកណ្តាលប្រទេសចិនមុនពេលចលនានេះត្រូវបានកងទ័ពប៉ីយ៉ាងកម្ចាត់ចោល។
នៅក្នុងខែវិច្ឆិកា លោកយ័ន ស៊ីខាយដែលជាប្រធានាធិបតីស្របច្បាប់ បានបញ្ជាឱ្យរំលាយគណបក្សគួមីនតាងចោល និងដកសមាជិកគួមីនតាងចេញពីសភាជាបន្ទាន់។ ដោយសារតែសមាជិកភាគច្រើននៅក្នុងសភាជាឥស្សរជនគួមីនតាង ដូច្នេះ សភាក៏ត្រូវប្រឈមនឹងចំនួនកូរ៉ុម ហើយកិច្ចប្រជុំក៏មិនអាចប្រព្រឹត្តិទៅបាន។ នៅខែមករា ឆ្នាំ១៩១៤ យ័នបានប្រកាសព្យួរសភាជាផ្លូវការ។ នៅខែកុម្ភៈ លោកបានកោះប្រជុំដើម្បីត្រួតពិនិត្យកែរដ្ឋធម្មនុញ្ញបណ្ដោះអាសន្ននៃសាធារណរដ្ឋចិន។ កំណែប្រែនោះបានធ្វើឱ្យអំណាចយ័នកើនឡើងកាន់តែខ្លាំងដោយលោកមានសិទ្ធិប្រកាសសង្គ្រាម ចុះហត្ថលេខាលើសន្ធិសញ្ញា និងតែងតាំងមន្ត្រីនានាដោយមិនចាំបាច់ទទួលការយល់ស្របពីសភាជាមុន។ នៅខែធ្នូនៃឆ្នាំ១៩១៤ យ័នបានកែប្រែច្បាប់បន្ថែមទៀត ហើយបានពន្យារអាណត្តិប្រធានាធិបតីរហូតដល់ទៅដប់ឆ្នាំ ដោយគ្មានកំណត់អាណត្តិកាន់អំណាចឡើយ។
ចំណែកឯក្រុមអ្នកតស៊ូប្រឆាំងវិញ ចាប់តាំងពីបដិវត្តន៍ទីពីរបានទទួលបរាជ័យមក លោកស៊ុន យ៉ាតសេន និងសម្ព័ន្ធមិត្តបានព្យាយាមកសាងចលនាបដិវត្តន៍ឡើងវិញ។ នៅខែកក្កដា ឆ្នាំ១៩១៤ ស៊ុនបានបង្កើតគណបក្សបដិវត្តន៍ចិនឡើង (ភាសាចិន៖ 中華革命黨)។ លោកបានចាប់មានអារម្មណ៍ថា មូលហេតុដែលខ្លួនមិនអាចរចនាចលនាបដិវត្តន៍ដ៏ជាប់លាប់មួយបានព្រោះដោយសារតែសមាជិកខ្លះមានកង្វះភាពស្អិតរមួត។ ជាចុងក្រោយ ស៊ុនក៏តម្រូវឱ្យសមាជិកបក្សទាំងអស់ត្រូវមានភក្តីភាពស្មោះត្រង់ចំពោះរូបគាត់ និងអនុវត្តតាមក្រមច្បាប់ដ៏តឹងរ៉ឹង។ សហការីចាស់ៗរបស់លោកមួយចំនួនដូចជាលោកហ័ង ស៊ីងជាដើម បានសម្តែងចេញនូវក្តីមិនពេញចិត្តចំពោះគំនិតបែបផ្តាច់ការនិយមរបស់ស៊ុន ហើយបានបដិសេធមិនចូលរួមជាមួយស៊ុនទេ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេនូវតែយល់ស្របនឹងគ្នាថា សាធារណរដ្ឋថ្មីនោះមិនអាចវិលត្រឡប់ទៅកាន់អំណាចចក្រពត្តិនិយមទៀតជាដាច់ខាត។
ក្រៅពីក្រុមបដិវត្តន៍ដែលមានទំនាក់ទំនងជាមួយស៊ុន ក៏មានក្រុមជាច្រើនទៀតដែលមានបំណងផ្តួលរំលំរបបយ័ន ស៊ីខាយដែរ។ ក្នុងចំណោមក្រុមទាំងនោះមាន គណបក្សវឌ្ឍនភាពចិន ដែលធ្លាប់មានទំនោរប្រឆាំងនឹងគួមីនតាងកាលពីអំឡុងបដិវត្តន៍លើកទីពីរផ្ទុះឡើង។ គណបក្សវឌ្ឍនភាពបានផ្លាស់ប្តូរគោលជំហររបស់ពួកគេភាគច្រើនដោយសារតែទង្វើមិនគប្បីរបស់យ័នមកលើសភាជាតិ។ ក្រុមសំខាន់ទីពីរគឺអភិបាលខេត្តដែលធ្លាប់បានប្រកាសឯករាជ្យចេញពីរដ្ឋអំណាចឈីងកាលពីឆ្នាំ១៩១២ ដោយពួកគេមើលឃើញថាគំនិតគាំទ្ររបបរាជាធិរាជមួយទៀតគឺមិនសមគួរទាល់តែសោះ។ បន្ថែមពីនេះ សាធារណជនបានចាប់ផ្តើមមានគំនិតអវិជ្ជមានចំពោះការដឹកនាំរបស់យ័ន។
នៅពេលដែលសង្រ្គាមលោកលើកទី១ បានផ្ទុះឡើងក្នុងឆ្នាំ១៩១៤ ប្រទេសជប៉ុនបានចូលប្រយុទ្ធក្នុងនាមជាសមាជិកមួយនៃខាងភាគីសម្ព័ន្ធមិត្ត ហើយបានដណ្តើមកាន់កាប់ទឹកដីអាល្លឺម៉ង់តូចមួយនៅក្នុងខេត្តសានទុង។ នៅឆ្នាំ១៩១៥ ជប៉ុនបានកំណត់ទៅរដ្ឋាភិបាលទីក្រុងប៉េកាំងនូវអ្វីដែលគេហៅថា តម្រូវការម្ភៃមួយ ក្នុងគោលបំណងធានានូវអំណាចគ្រប់គ្រងសេដ្ឋកិច្ចរបស់ជប៉ុនក្នុងប្រតិបត្តិការផ្លូវដែក និងការជីកយករ៉ែនៅសានទុង ម៉ាន់ជូរគ និងហ្វូជាន។ លើសពីនេះ ជប៉ុនក៏បានជំរុញឱ្យលោកយ័ន ស៊ីខាយតែងតាំងទីប្រឹក្សាជប៉ុនឱ្យកាន់តំណែងសំខាន់ៗនៅក្នុងរដ្ឋាភិបាលចិនផងដែរ។ តម្រូវការដែលជប៉ុនបានកំណត់មកលើរដ្ឋាភិបាលចិនគឺនឹងធ្វើឱ្យប្រទេសចិនក្លាយជារដ្ឋក្រោមអាណាព្យាបាលរបស់ជប៉ុនដោយផ្ទាល់។ រដ្ឋាភិបាលក្រុងប៉េកាំងបានច្រានចោលតម្រូវការមួយចំនួននោះ ប៉ុន្តែបានអនុញ្ញាតឱ្យជប៉ុនបន្តរក្សាទឹកដីសានទុង។ ក្រុងប៉េកាំងក៏បានទទួលស្គាល់សិទ្ធិអំណាចក្រុងតូក្យូលើតំបន់ម៉ាន់ជូរីភាគខាងត្បូង និងតំបន់ភាគខាងកើតនៃម៉ុងហ្គោលីនាយផងដែរ។ សកម្មភាពព្រមទទួលយកសំណើទាមទាររបស់ជប៉ុនដោយយ័នបានធ្វើឱ្យប្រជាជនជាច្រើនកើតក្តីខកបំណងជាខ្លាំងតែទោះបីជាយ៉ាងណា យ័ននូវតែបន្តរបៀបវារៈបែបរាជានិយមរបស់គាត់។
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩១៥ បន្ទាប់ពីមានការគាំទ្រពីកូនប្រុសរបស់គាត់ យ័នបានប្រកាសខ្លួនលោកផ្ទាល់ជាព្រះចៅអធិរាជនៃចក្រភពចិនថ្មី។ ដំណឹងនេះបានធ្វើឱ្យប្រទេសចិនទាំងមូលភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយការបះបោរក៏ផ្ទុះឡើងនិងរាលដាលទៅតាមខេត្តជាច្រើន។ នៅថ្ងៃទី២៥ ខែធ្នូ អតីតអភិបាលខេត្តយូណានព្រមទាំងអតីតអភិបាលខេត្តជាំងស៊ី និងឧត្តមសេនីយ៍ប្រចាំខេត្តយូណានបានរួមគ្នាបង្កើតកងទ័ពការពារជាតិឡើង និងថែមទាំងប្រកាសខេត្តយូណានជាតំបន់ឯករាជ្យផ្តាច់ចេញពីប្រទេសចិន។ ដូចនេះ សង្គ្រាមការពារជាតិក៏បានចាប់ផ្តើម។
ការប្រកាសពីឯករាជ្យភាពរបស់ខេត្តយូណានបានជំរុញឱ្យខេត្តភាគខាងត្បូងផ្សេងទៀតសម្រេចប្រកាសឯករាជ្យផ្ដាច់ខ្លួនចេញពីចិនដូចគ្នាដែរ។ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ១៩១៦ យ័នបានបោះបង់ចោលនូវគំនិតរាជានិយម ហើយបានចុះចេញពីតំណែងជាអធិរាជ។ គាត់បានទទួលមរណភាពនៅថ្ងៃទី៦ ខែមិថុនា នៃឆ្នាំដដែរនោះ។ អនុប្រធានាធិបតីលោកលី យានហុងបានឡើងកាន់តំណែងជាប្រធានាធិបតី និងបានតែងតាំងឧត្តមសេនីយ៍ប៉ីយ៉ាងលោកឌួអាន ស៊ីរួយជានាយករដ្ឋមន្ត្រី។ មហិច្ឆតារបស់"អធិរាជ"យ័ន ស៊ីខាយទីបំផុតបានបញ្ចប់ដោយការវិលត្រឡប់មកវិញនៃរដ្ឋាភិបាលសាធារណរដ្ឋ។
សម័យស្ដេចត្រាញ់ (១៩១៦–១៩២៨)


បន្ទាប់ពីមរណភាពរបស់យ័ន ស៊ីខាយ សម្ព័ន្ធភាពរវាងស្តេចត្រាញ់នៅតាមតំបន់នីមួយៗក៏បែកបាក់ ហើយពួកគេបានបែរមកប្រយុទ្ធគ្នាដើម្បីដណ្ដើមការគ្រប់គ្រងលើរដ្ឋាភិបាលក្រុងប៉េកាំង។ ថ្វីដ្បិតតែមានស្តេចត្រាញ់មួយចំនួនបានឡើងគ្រប់គ្រងរដ្ឋាភិបាលនៅក្រុងប៉េកាំងបានដោយជោគជ័យក៏ពិតមែន ប៉ុន្តែសង្គ្រាមមិនបានចុះស្ងប់ទៅវិញនោះទេពីព្រោះស្តេចត្រាញ់ជាច្រើនផ្សេងទៀតមិនបានប្រកាសទទួលស្គាល់រដ្ឋាភិបាលថ្មីនោះឡើយ។ រដ្ឋាភិបាលនិយមយោធាទាំងប៉ុន្មាននោះត្រូវបានគេស្គាល់ជាសមូហភាពថា រដ្ឋាភិបាលប៉ីយ៉ាង។ សម័យស្តេចត្រាញ់ត្រូវបានប្រវត្តិវិទូខ្លះចាត់ទុកថាបានបញ្ចប់នៅក្នុងឆ្នាំ១៩២៧។
សង្គ្រាមលោកលើកទី១ និងការព្យាយាមស្តារអំណាចរាជវង្សម៉ាន់ជូ
ក្រោយពីមរណភាពរបស់យ័ន ស៊ីខាយ លោកលី យានហុងក៏បានឡើងកាន់តំណែងជាប្រធានាធិបតីខណៈដែលលោកដួអាន ស៊ីរួយបានក្លាយជានាយករដ្ឋមន្ត្រី។ បន្ថែមពីនេះ រដ្ឋធម្មនុញ្ញបណ្ដោះអាសន្នត្រូវបានគេយកមកអនុវត្តឡើងវិញហើយសភាក៏បានគេកោះប្រជុំជាថ្មី។ អ្វីដែលគួរឱ្យកត់សម្គាល់វិញនោះគឺមេដឹកនាំទាំងពីរនាក់មានចក្ខុវិស័យខុសពីគ្នាច្រើន ជាពិសេសគឺការដឹកនាំប្រទេសចូលប្រឡូកក្នុងសង្គ្រាមលោកលើកទី១។ ប្រទេសចិនបានរក្សាភាពអព្យាក្រឹតចាប់តាំងពីសង្គ្រាមលោកបានចាប់ផ្តើមមកម៉្លេះខណៈដែលសហរដ្ឋអាមេរិកបានព្យាយាមអូសទាញរដ្ឋអព្យាក្រឹតទាំងឡាយឱ្យចុះចូលបក្សសម្ព័ន្ធមិត្តបន្ទាប់ពីអាល្លឺម៉ង់បានរំលោភលើការប្រើប្រាស់នាវាមុជទឹក។ នាយករដ្ឋមន្ត្រីដួអាន ស៊ីរួយមានចំណាប់អារម្មណ៍ពិសេសក្នុងការចូលរួមជាមួយសម្ព័ន្ធមិត្តដើម្បីធានានូវប្រាក់កម្ចីពីប្រទេសជប៉ុនដែលនឹងជួយដល់កងទ័ពបក្ខសម្ព័ន្ធរបស់ខ្លួនផ្ទាល់។ ក្រុមទាំងពីរបានចូលរួមក្នុងការជជែកវែកញែកដេញដោលយ៉ាងកក្រើកពេញសភាទាក់ទងនឹងការចូលរួមក្នុងសង្គ្រាម ហើយនៅខែឧសភា ឆ្នាំ១៩១៧ លោកលី យានហុងបានបណ្តេញដួអាន ស៊ីរួយចេញពីរដ្ឋាភិបាលរបស់គាត់។
ជាការឆ្លើយតបទៅនឹងសេចក្តីសម្រេចរបសប្រធានាធិបតី អភិបាលខេត្តដែលមានភក្តីភាពនឹងដួអានបាននាំគ្នាប្រកាសឯករាជ្យ និងអំពាវនាវឱ្យលី យានហុងចុះចេញពីតំណែងជាប្រធានាធិបតី។ ក្រោយពីឮបែបនេះ លោកលីបានកោះហៅចាង ស៊ុនដើម្បីរិះរកវិធីសម្របសម្រួលស្ថានភាព។ ចំណែកឯលោកចាង ស៊ុនវិញ គាត់ធ្លាប់ជាឧត្តមសេនីយ៍បម្រើការឱ្យរដ្ឋអំណាចឈីង ហើយក៏បានកើតគំនិតចង់ឃើញព្រះចៅភូយី (អធិរាជស៊ានថុង) ឡើងសោយរាជ្យជាលើកទីពីរ។ លោកចាងក៏ត្រូវបានអាល្លឺម៉ង់លួចគាំទ្រពីក្រោយទាំងផ្នែកហិរញ្ញវត្ថុ និងសព្វាវុធក្នុងគោលបំណងរក្សាអព្យាក្រឹតភាពរបស់ចិន។
នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩១៧ លោកចាងបានប្រកាសស្ដាររាជវង្សឈីងជាផ្លូវការ ហើយបានស្នើឱ្យប្រធានាធិបតីលី យានហុងបោះបង់តំណែងរបស់គាត់ចោល ប៉ុន្តែវាត្រូវបានលីបដិសេធភ្លាមៗ។ ឃើញដូច្នេះ ដួអាន ស៊ីរួយក៏បានដឹកនាំកងទ័ពរបស់ខ្លួនទៅកម្ចាត់កងកម្លាំងរបស់ចាងនៅទីក្រុងប៉េកាំង។ នៅថ្ងៃទី១២ ខែកក្កដា កងទ័ពរបស់ចាងដែលនៅសេសសល់ទាំងប៉ុន្មានត្រូវបានរំលាយចោលខណៈដែលដួអានបានប្រឡប់ចូលទីក្រុងប៉េកាំងវិញ។
បន្តិចក្រោយមក លោកអនុប្រធានាធិបតី ហ្វឹង គ័រចាង ហើយក៏ត្រូវជាឧត្តមសេនីយ៍ប៉ីយ៉ាងមួយរូបបានឡើងកាន់តំណែងជាប្រធានាធិបតីស្តីទីនៃសាធារណរដ្ឋចិន ហើយបានស្បថចូលកាន់តំណែងនៅក្រុងណានជីង រីឯលោកដួអានវិញបានបន្តបម្រើការជានាយករដ្ឋមន្ត្រី។ បក្ខសម្ព័ន្ធហ្ស៊ីលីក្រោមហ្វឹង គ័រចាង និងបក្ខសម្ព័ន្ធអាន់ហួយក្រោមដួអាន ស៊ីរួយបានលេចខ្លួនឡើងក្លាយជាក្រុមបក្ខសម្ព័ន្ធដ៏មានអំណាចខ្លាំងបំផុតក្នុងប្រទេសចិននាពេលនោះ។
ពេលមកដល់ក្រុងប៉េកាំង ដួអានបានរំលាយសភាចោល ហើយក៏សម្រេចចិត្តប្រកាសសង្គ្រាមលើអាល្លឺម៉ង់ និងអូទ្រីស-ហុងគ្រីនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩១៧។ ជនជាតិអាល្លឺម៉ង់ និងអូទ្រីស-ហុងគ្រីទាំងប៉ុន្មានដែលមានវត្តមាននៅលើទឹកដីចិនត្រូវបានចាប់ខ្លួនហើយទ្រព្យសម្បត្តិរបស់ពួកគេត្រូវរឹបអូស។ កម្មករចិនប្រហែល ១៧៥,០០០ នាក់បានស្ម័គ្រចិត្តចូលបម្រើការជាក្នុងកងវរសេនាតូចបន្ទាប់ពីត្រូវអាជ្ញាធរយកប្រាក់មកទិញទឹកចិត្ត ហើយពួកគេទាំងនោះត្រូវបានបញ្ជូនទៅជួរប្រយុទ្ធនៅអឺរ៉ុប អាហ្រ្វិកខាងកើត និងតំបន់មេសូប៉ូតាមី ហើយខ្លះទៀតបានបម្រើការនៅលើនាវាផ្គត់ផ្គង់។ល។ ជាលទ្ធផល កម្មករយោធាចិនប្រមាណ ១០,០០០ នាក់បានស្លាប់ ហើយនាវា/ទូកប្រមាណ ៥០០ គ្រឿងត្រូវបាននាវាមុជទឹកសត្រូវបាញ់ពន្លិច។
សង្គ្រាមការពាររដ្ឋធម្មនុញ្ញ
នៅខែកញ្ញា ភាពមិនខ្វល់ខ្វាយនិងការមិនគោរពរបស់ដួអានចំពោះរដ្ឋធម្មនុញ្ញបានជំរុញឱ្យលោកស៊ុន យ៉ាតសេន លោកឆិន ឈុនឈាន និងសមាជិកសភាដែលត្រូវបានទម្លាក់ទាំងប៉ុន្មានរួមចាប់ដៃគ្នាបង្កើតរដ្ឋាភិបាលថ្មីមួយនៅក្នុងទីក្រុងក្វាងចូវ និងព្រមទាំងបង្កើតកងទ័ពការពាររដ្ឋធម្មនុញ្ញ (ភាសាចិន៖ 護法軍) ដើម្បីប្រឆាំងនឹងដួអាន។ ក្រោយមក ខេត្តភាគខាងត្បូងចំនួនប្រាំមួយផ្សេងទៀតក៏បានយល់ព្រមចុះចូលជាមួយរដ្ឋាភិបាលយោធារបស់ស៊ុននៅក្វាងចូវ។
សង្គ្រាមការពាររដ្ឋធម្មនុញ្ញបានប្រព្រឹត្តិទៅរយៈពេលមួយឆ្នាំពេញ។ សមាជិកជាច្រើននៅក្នុងរដ្ឋាភិបាលក្វាងចូវចាប់មានអារម្មណ៍ថាស៊ុនដូចជាមានអំណាចឯកសិទ្ធិពិសេសតែឯង ដូច្នេះពួកគេក៏បានអំពាវនាវឱ្យមានប្រព័ន្ធគណៈរដ្ឋមន្ត្រីដើម្បីប្រជែងនឹងអំណាចផ្ដាច់មុខរបស់ស៊ុន។ ជាលទ្ធផល រដ្ឋាភិបាលក្វាងចូវក៏ត្រូវបានរៀបចំរចនាសម្ព័ន្ធឡើងវិញដោយមានប្រព័ន្ធគណៈរដ្ឋមន្ត្រី មានសមាជិកចំនួនប្រាំពីររូប ដែលត្រូវបានគេស្គាល់ថាគណៈកម្មាធិការគ្រប់គ្រង។ បន្ទាប់ពីត្រូវគេជម្រុះចេញពីអំណាច ស៊ុនក៏បានដកខ្លួនទៅរស់នៅទីក្រុងស៊ាងហៃ។ ចំណែកនៅទីក្រុងប៉េកាំងវិញ រដ្ឋាភិបាលរបស់ដួអានក៏ជួបវិបត្តិបញ្ហាផ្ទៃក្នុងខ្លះៗដែរ។ មេយោធាមួយចំនួននៅក្នុងបក្ខសម្ព័ន្ធដួអាន និងហ្ស៊ីលីមិនចង់ប្រើប្រាស់កម្លាំងយោធាដើម្បីបង្រួបបង្រួមខេត្តភាគខាងត្បូងនោះទេដោយពួកគេគិតថាមានតែការចរចាប៉ុណ្ណោះដែលអាចបង្រួបបង្រួមជាតិទាំងមូលបាន។ ទីបំផុត មេយោធាទាំងនោះបានបង្ខំឱ្យដួអានចុះចេញពីតំណែងនៅក្នុងខែតុលា។
អាណត្តិរបស់ប្រធានាធិបតីហ្វឹង គ័រចាងក៏បានចូលមកទីបញ្ចប់ហើយលោកស៊ូ ស្ស៊ីឆាងក៏បានឡើងស្នងតំណែងបន្ត។ នៅខែកុម្ភៈ ឆ្នាំ១៩១៩ គណៈប្រតិភូមកពីខេត្តភាគខាងជើង និងភាគខាងត្បូងបានជួបប្រជុំគ្នានៅទីក្រុងស៊ាងហៃដើម្បីពិភាក្សាអំពីស្ថានការណ៍ប្រទេសជាតិក្រោយសង្គ្រាម។ រឿងខ្ចីប្រាក់របស់ដួអានពីជប៉ុនដើម្បីចិញ្ចឹមទ័ពអាន់ហួយបាននាំឱ្យមានការខ្វែងគំនិតគ្នាជាច្រើន ហើយការព្យាយាមបន្ថែមក្នុងការចរចាបន្តបន្ទាប់ត្រូវបានរារាំងដោយចលនាបួនឧសភា។ សង្គ្រាមការពាររដ្ឋធម្មនុញ្ញនេះបានធ្វើឱ្យប្រជាជាតិចិនទាំងមូលបែងបាក់ជាពីរនៅតាមបណ្តោយព្រំដែនខាងជើង-ត្បូង។
ចលនាបួនឧសភា

ប្រទេសចិនបានប្រកាសសង្រ្គាមទៅលើអាល្លឺម៉ង់នៅក្នុងឆ្នាំ១៩១៧ ដោយសង្ឃឹមថានឹងអាចយកខេត្តដែលខ្លួនបានបាត់បង់ទៅជប៉ុនមកវិញ។ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩១៩ បាតុកម្មនិស្សិតដ៏ធំសន្ធឹកសន្ធាប់មួយបានផ្ទុះឡើងប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំង និងប្រទេសជប៉ុន។
ចលនាបួនឧសភានេះបានវិវត្តបន្តពីចលនាវប្បធម៌ថ្មីដែលកើតមានឡើងនៅរវាងឆ្នាំ១៩១៧ ដល់ឆ្នាំ១៩២៣។ បាតុកម្មរបស់និស្សិតនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩១៩ គឺជាចំណុចកំពូលនៃចលនាវប្បធម៌ថ្មី ហើយពាក្យនេះត្រូវបានគេប្រើជាញឹកញាប់ដោយមានអត្ថន័យស្រដៀងៗគ្នា។ អ្នកតំណាងចិនបានបដិសេធមិនហ៊ានចុះហត្ថលេខាលើសន្ធិសញ្ញាវែសៃ ដោយសារតែសម្ពាធដ៏តានតឹងពីក្រុមបាតុករនិស្សិតនៅក្នុងប្រទេស និងមតិសាធារណៈ។
ការប្រឆាំងនឹងស្តេចត្រាញ់និយម និងរណសិរ្សរួបរួមទីមួយ
នៅឆ្នាំ១៩១៧ លោកស៊ុន យ៉ាតសេនបានក្លាយជាអគ្គមេបញ្ជាការនៃរដ្ឋាភិបាលយោធាមួយនៅក្វាងទុងដោយចាប់ដៃសហការជាមួយមេដឹកនាំខេត្តភាគខាងត្បូង។ នៅខែតុលា ឆ្នាំ១៩១៩ លោកបានបង្កើតបក្សគួមីនតាងឡើងវិញ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំង។
នៅឆ្នាំ១៩២១ ស៊ុនបានក្លាយជាប្រធាននៃរដ្ឋាភិបាលខាងត្បូង។ បន្ទាប់ពីមិនបានទទួលសំឡេងគាំទ្រអ្វីពីបស្ចិមលោក ស៊ុនក៏បានបង្វែរខ្លួនទៅសុំជំនួយពីសហភាពសូវៀតនៅក្នុងឆ្នាំ១៩២០។ សូវៀតបានយល់ព្រមផ្តល់ជំនួយហើយបានចេញគោលការណ៍គាំទ្រទាំងរដ្ឋាភិបាលរបស់ស៊ុន និងគណបក្សកុម្មុយនីស្តចិនដែលទើបបង្កើតឡើងថ្មីៗ។

នៅឆ្នាំ១៩២២ សម្ព័ន្ធភាពរវាងគួមីនតាងនិងស្ដេចត្រាញ់នៅក្វាងចូវបានបែកបាក់ ហើយស៊ុនក៏បានរត់ភៀសខ្លួនទៅទីក្រុងសៀងហៃ។ ពេលទៅដល់ក្រុងសៀងហៃ ស៊ុនក៏យល់ឃើញថា ដើម្បីបំពេញតម្រូវការរបស់ខ្លួនបានទាន់តែត្រូវមានជំនួយពីសហភាពសូវៀត។ ក្នុងឆ្នាំ១៩២៣ សេចក្តីថ្លែងការណ៍រួមមួយបានប្រកាសដោយស៊ុន និងតំណាងសូវៀតនៅទីក្រុងសៀងហៃដោយក្នុងនោះ បក្សទាំងពីរបានសន្យាទទួលយកជំនួយសូវៀតដើម្បីបង្រួបបង្រួមប្រជាជាតិចិន។ នៅឆ្នាំដដែរ ទីប្រឹក្សាសូវៀតបានចាប់ផ្តើមចុះមកប្រទេសចិនដើម្បីជួយរៀបចំរចនាសម្ព័ន្ធឡើងវិញ និងបង្រួបបង្រួមបក្សគួមីនតាង តាមមាគ៌ារបស់បក្សកុម្មុយនីស្តនៃសហភាពសូវៀត និងបង្កើតរណសិរ្សរួបរួមទីមួយឡើង។
បក្សកុម្មុយនីស្តចិនគឺនៅមានទំហំតូចនៅឡើយ (សមាជិកចំនួន ៣០០ នាក់នៅឆ្នាំ១៩២១ និងត្រឹម ១,៥០០ នាក់នៅឆ្នាំ១៩២៥ ប៉ុណ្ណោះ) ដូច្នេះ ទីប្រឹក្សាសូវៀតក៏បានណែនាំឱ្យចងសម្ព័ន្ធភាពជាមួយបក្សគួមីនតាងដែលមានសមាជិករហូតដល់ទៅ ១៥០,០០០ នាក់ឯណោះក្នុងឆ្នាំ១៩២២។ មិនតែប៉ុណ្ណោះ ទីប្រឹក្សាសូវៀតបានក៏បានជួយបង្កើតវិទ្យាស្ថាននយោបាយគួមីនតាងដើម្បីបណ្តុះបណ្តាលអ្នកឃោសនានយោបាយឱ្យចេះពីបច្ចេកទេសប្រមូលចលនាមហាជន ហើយនៅឆ្នាំ១៩២៣ ពួកគេបានបញ្ជូនលោកឈៀង កៃសេក ដែលត្រូវជាអតីតអនុសេនីយ៍ម្នាក់របស់ស៊ុន ទៅសិក្សាផ្នែកយោធា និងនយោបាយនៅទីក្រុងម៉ូស្គូរយៈពេលបីទៅបួនខែ។ បន្ទាប់ពីបានវិលត្រឡប់មកវិញនៅចុងឆ្នាំ១៩២៣ ឈៀងបានចូលរួមបង្កើតបណ្ឌិរសភាយោធាវាំប៉ូអានៅក្រៅទីក្រុងក្វាងចូវ ដែលជាទីអាសនៈរបស់រដ្ឋាភិបាលក្រោមសម្ព័ន្ធភាពគួមីនតាង–បក្សកុម្មុយនីស្តចិន។ នៅឆ្នាំ១៩២៤ ឈៀងបានក្លាយជាប្រមុខនៃបណ្ឌិតសភានោះ ហើយប្រជាប្រិយភាពរបស់លោកក៏បានលេចឡើងដែលជាហេតុនាំឱ្យឈៀងអាចឡើងជាអ្នកស្នងតំណែងរបស់ស៊ុនក្នុងនាមជាប្រមុខនៃបក្សគួមីនតាង និងអ្នកបង្រួបបង្រួមប្រទេសចិនទាំងមូលឱ្យស្ថិតនៅក្រោមរដ្ឋាភិបាលជាតិនិយម។
ការបង្រួបបង្រួមអំណាចរបស់ឈៀង

មើលផងដែរ
- គួមីនតាង
- ស្ថានភាពនយោបាយតៃវ៉ាន់
- ទំនាក់ទំនងអន្តរជាតិនៃសាធារណរដ្ឋចិន
- ប្រវត្តិសាស្ត្រសេដ្ឋកិច្ចចិន (១៩១២–៤៩)
- បញ្ជីរាយនាមមេដឹកនាំនៃសាធារណរដ្ឋចិន
- អភិរក្សនិយមនៅតៃវ៉ាន់
ទូទៅ៖
- ប្រវត្តិសាស្ត្រចិន
- ប្រវត្តិសាស្ត្រនៃសាធារណរដ្ឋប្រជាមានិតចិន
- ខ្សែកាលនៃប្រវត្តិសាស្ត្រតៃវ៉ាន់
- ខ្សែកាលនៃប្រវត្តិសាស្ត្រចិន
- ខ្សែកាលនៃព្រឹត្តិការណ៍មុនសង្គ្រាមលោកលើកទីពីរនៅអាស៊ី
ឯកសារយោង
![]() |
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |