ប្រវត្តិសាស្ត្រនៃសាធារណរដ្ឋចិន
![]() | |||||||
---|---|---|---|---|---|---|---|
សម័យបុរាណ | |||||||
ថ្មរំលីង រ. ៨៥០០–រ. ២១០០ មគ. | |||||||
រាជវង្សសៀ រ.២១០០– រ.១៦០០ មគ. | |||||||
រាជវង្សសាង រ.១៦០០–រ.១០៤៦ មគ. | |||||||
រាជវង្សចូវ រ.១០៤៥–២៥៦ មគ. | |||||||
ចូវខាងលិច | |||||||
ចូវខាងកើត | |||||||
សម័យផ្ការីកនិងស្លឹកឈើជ្រុះ | |||||||
សម័យនគរចម្បាំង | |||||||
សម័យអធិរាជ | |||||||
រាជវង្សឈិន ២២១ មគ.–២០៦ មគ. | |||||||
រាជវង្សហាន ២០៦ មគ.–២២០ គស. | |||||||
ហានខាងលិច | |||||||
រាជវង្សថ្មី | |||||||
ហានខាងកើត | |||||||
នគរបី ២២០–២៨០ | |||||||
អ៊ួយ ស៊ូ និង អ៊ូ | |||||||
រាជវង្សជិន ២៦៥–៤២០ | |||||||
ជិនខាងលិច | នគរ១៦ ៣០៤–៤៣៩ | ||||||
ជិនខាងកើត | |||||||
រាជវង្សខាងត្បូងនិងខាងជើង ៤២០–៥៨៩ | |||||||
រាជវង្សសួយ ៥៨១–៦១៨ | |||||||
រាជវង្សថាង ៦១៨–៩០៧ | |||||||
( ចូវទី២ ៦៩០–៧០៥ ) | |||||||
រាជវង្ស៥ និង នគរ១០ ៩០៧–៩៦០ |
រាជវង្សលៀវ ៩០៧–១១២៥ | ||||||
រាជវង្សសុង ៩៦០–១២៧៩ |
|||||||
សុងខាងជើង | សៀខាងលិច | ||||||
សុងខាងត្បូង | ជិន | ||||||
រាជវង្សយាន ១២៧១–១៣៦៨ | |||||||
រាជវង្សមិង ១៣៦៨–១៦៤៤ | |||||||
រាជវង្សឈិង ១៦៤៤–១៩១១ | |||||||
សម័យទំនើប | |||||||
សាធារណរដ្ឋចិន ១៩១២–បច្ចុប្បន្ន | |||||||
សាធារណរដ្ឋប្រជាមានិត ចិន ១៩៤៩–បច្ចុប្បន្ន |
សាធារណរដ្ឋ ចិន (តៃវ៉ាន់) ១៩១២–បច្ចុប្បន្ន | ||||||
ប្រវត្តិសាស្ត្រនៃសាធារណរដ្ឋចិន បានចាប់ផ្តើមនៅក្រោយរបបរាជវង្សឈីងក្នុងឆ្នាំ១៩១២ ពោលគឺនៅពេលដែលបដិវត្តន៍ស៊ីនហៃបានផ្តួលរំលំរបបរាជានិយមចិនដែលមានអាយុកាលជាង ២០០០ ឆ្នាំ។ ក្រោយពីបានប្រកាសបង្កើតឡើងមក សាធារណរដ្ឋមួយនេះបានឆ្លងកាត់វិបត្តិបញ្ហា និងពលវទុក្ខជាច្រើនរួមមាន វិបត្តិស្តេចត្រាញ់ដែលតែងតែចង់ដណ្តើមអំណាចនិងទឹកដីគ្រប់គ្រង និងអំណាចបរទេសចូលមកជ្រៀតជ្រែកជាដើម។
នៅឆ្នាំ១៩២៨ សាធារណរដ្ឋចិនត្រូវបានបង្រួបបង្រួមក្រោមការដឹកនាំរបស់គណបក្សគួមីនតាង (ឬអាចហៅបានថា "គណបក្សជាតិនិយមចិន") បន្ទាប់ពីបានបញ្ចប់បេសកកម្មភាគខាងជើង និងកំពុងឈានចូលដំណាក់កាលដំបូងនៃឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្ម ប៉ុន្តែក៏ត្រូវរំខានដោយជម្លោះផ្ទៃក្នុងរដ្ឋាភិបាល សង្គ្រាមជាមួយចក្រភពជប៉ុន និងការខ្វែងគំនិតគ្នារវាងបក្សកុម្មុយនីស្តចិន និងមេទ័ពក្នុងស្រុក។ រាល់កិច្ចខិតខំប្រឹងប្រែងកសាងប្រទេសដែលផ្តួចផ្តើមដោយគួមីនតាងត្រូវបានបញ្ឈប់នៅពេលដែលសង្រ្គាមចិន-ជប៉ុនលើកទីពីរបានផ្ទុះឡើងនៅរវាងឆ្នាំ១៩៣៧ ដល់ឆ្នាំ១៩៤៥ ហើយក្រោយមកទៀតក៏កើតមានទំនាស់រវាងបក្សគួមីនតាង និងបក្សកុម្មុយនីស្តដែលជាហេតុនាំឱ្យរដ្ឋាភិបាលចម្រុះមិនអាចបង្កើតឡើង និងទីបំផុតក៏កើតចេះជាសង្រ្គាមស៊ីវិលចិន។
ការធ្វេសប្រហែសផ្នែកនយោបាយ សេដ្ឋកិច្ច និងយោធាជាបន្តបន្ទាប់គ្នាបាននាំទៅដល់ការបរាជ័យរបស់បក្សគួមីនតាងរហូតដល់ការដកថយទៅលើកោះតៃវ៉ាន់ (អតីត "ហ្វរម៉ូសារ") ក្នុងឆ្នាំ១៩៤៩ ហើយក៏បានបង្កើតចេញជារដ្ឋឯកបក្សផ្តាច់ការក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍យស/ប្រធានាធិបតី ឈៀង កៃសេក។ ចាប់តាំងពីពេលនោះរហូតដល់ទសវត្សរ៍ឆ្នាំ១៩៩០ រដ្ឋនេះបានចាត់ទុក និងតែងអះអាងថាខ្លួនជាអាជ្ញាធរស្របច្បាប់តែមួយគត់នៃប្រទេសចិនទាំងមូលដោយចង្អុលសម្តៅទៅលើរដ្ឋាភិបាល ឬ "របប" កុម្មុយនីស្តថាមិនស្របច្បាប់ ហើយ "សាធារណរដ្ឋប្រជាមានិតចិន" ដែលបានប្រកាសនៅទីក្រុងប៉េកាំងដោយម៉ៅ សេទុងក្នុងឆ្នាំ១៩៤៩ នោះគឺជា "ចោរកុម្មុយនីស្ត" នៅចិនដីគោក។ សាធារណរដ្ឋចិនត្រូវបានគាំទ្រអស់រយៈពេលជាច្រើនឆ្នាំ និងទសវត្សរ៍ ដោយប្រជាជាតិជាច្រើន ជាពិសេសគឺសហរដ្ឋអាមេរិកដែលបានបង្កើតសន្ធិសញ្ញាការពារអាញ់មាញ់ក្នុងឆ្នាំ១៩៥៤។ បន្ទាប់ពីសេរីភាវូបនីយកម្មនយោបាយបានចាប់ផ្តើមនៅចុងទសវត្សរ៍ឆ្នាំ១៩៦០ ទីបំផុតសាធារណរដ្ឋប្រជាមានិតចិនក៏ទទួលបានចម្លើយយល់ព្រមនៅឆ្នាំ១៩៧១ ដើម្បីកាន់កាប់អាសនៈ "ប្រទេសចិន" នៅក្នុងមហាសន្និបាត ហើយសំខាន់ជាងនេះទៅទៀតគឺត្រូវបានអង្គុយជា សមាជិកអចិន្ត្រៃយ៍មួយក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំងប្រាំនៃក្រុមប្រឹក្សាសន្តិសុខ។ បន្ទាប់ពីត្រូវច្រានចោលដោយអតីតសម្ព័ន្ធមិត្ត និងការធ្វើសេរីភាវូបនីយកម្មនៅចុងទសវត្សរ៍ឆ្នាំ១៩៧០ ពីរដ្ឋាភិបាលផ្តាច់ការជាតិនិយម និងបន្ទាប់ពីមរណភាពរបស់ឈៀង កៃសេក សាធារណរដ្ឋចិនក៏បានផ្លាស់ប្តូរទៅជារដ្ឋពហុបក្ស ប្រជាធិបតេយ្យតំណាងនៅលើកោះតៃវ៉ាន់ និងថែមទាំងផ្តល់តំណាងភាពបន្ថែមឱ្យជនជាតិដើមតៃវ៉ាន់ទៀតផង ដែលបុព្វបុរសរបស់ពួកគេមានវត្តមាននៅលើកោះតៃវ៉ាន់នោះតាំងពីមុនការមកដល់នៃរដ្ឋាភិបាលសាធារណរដ្ឋចិននៅឆ្នាំ១៩៤៩ ម៉្លេះ។
រដ្ឋាភិបាលបណ្ដោះអាសន្ន (១៩១២)
ការបង្កើតសាធារណរដ្ឋឡើង


នៅចុងសតវត្សទី១៩ និងដើមសតវត្សទី២០ រាជវង្សឈីងត្រូវប្រឈមមុខនឹងភាពចលាចលផ្ទៃក្នុង និងការលុកលុយពីបរទេស ពិសេសគឺចាប់តាំងពីចប់សង្គ្រាមចិន-ជប៉ុនបានបញ្ចប់នៅក្នុងឆ្នាំ១៨៩៥ មក។ ការបះបោរផ្ទៃក្នុង និងការគាបសង្កត់ពីសំណាក់អាជ្ញាធរបាននាំមកនូវវិនាសកម្មដល់ប្រជាជនចិនរាប់លាននាក់ ហើយជម្លោះជាមួយមហាអំណាចអឺរ៉ុបខាងលិចបាននាំឱ្យកើតមានសន្ធិសញ្ញាដ៏អយុត្តិធម៌ជាច្រើនបូករួមជាមួយសំណងសង្គ្រាមដែលក្លាយជាបន្ទុកក្នុងប្រព័ន្ធសារពើពន្ធ និងការបាត់បង់បូរណភាពទឹកដីរបស់ប្រទេស។ មតិដ៏ពេញនិយមក្នុងចំណោមជនជាតិហាននាពេលនោះបានលេចឡើងថា អំណាចនយោបាយគួរតែត្រឡប់ទៅរកជនជាតិហានវិញដែលជាក្រុមជនជាតិភាគច្រើនជាជាងបន្សល់ទុកឱ្យជនជាតិម៉ាន់ជូជាអ្នកកាន់កាប់ដោយក្រុមពួកនេះគ្រាន់តែជាជនជាតិភាគតិចនៅក្នុងប្រទេសចិនប៉ុណ្ណោះ។ បន្ទាប់ពីការបះបោរអ្នកប្រដាល់ និងការលុកលុយពីអំណាចចក្រពត្តិនិយមដើម្បីបញ្ឈប់សកម្មភាពបះបោរទាំងនោះ តុលាការរាជាធិរាជឈីងក៏បានសម្រេចចិត្តធ្វើកំណែទម្រង់ស្ថាប័ន និងនយោបាយមូលដ្ឋានដូចជា ការលុបចោលប្រព័ន្ធត្រួតពិនិត្យរបស់ព្រះអធិរាជនៅឆ្នាំ១៩០៥ ការចេញសេចក្តីព្រាងរដ្ឋធម្មនុញ្ញនៅឆ្នាំ១៩០៦ ការបង្កើតនីតិបញ្ញត្តិតាមបណ្ដាខេត្តក្នុងឆ្នាំ១៩០៩ និងការត្រៀមរៀបចំការបោះឆ្នោតសភាជាតិនៅឆ្នាំ១៩១០។ ក៏ប៉ុន្តែ ក្រុមអ្នកអភិរក្សនិយមម៉ាន់ជូនៅក្នុងតុលាការឈីងបាននាំគ្នាគិតថា កំណែទម្រង់ទាំងនេះគឺវាហួសហេតុជ្រុលពេក ចំណែកឯអ្នករិះគន់ក៏គិតថាកំណែទម្រង់នូវមិនទាន់ស៊ីជម្រៅនៅឡើយ។ ការខ្វែងគំនិតគ្នាបែបនេះបាននាំឱ្យមានការចាប់ឃុំឃាំងអ្នកកែទម្រង់ ឬកាត់ទោសប្រហារជីវិតតែម្តង។ ការបរាជ័យរបស់តុលាការរាជាធិរាជក្នុងការអនុវត្តសេរីភាវូបនីយកម្មនយោបាយ និងទំនើបភាវូបនីយកម្មបានបណ្ដាលឱ្យអ្នកកំណែទម្រង់បំបែរខ្លួនមកដើរលើមាគ៌ាបដិវត្តន៍។
ក្រុមបដិវត្តន៍ជាច្រើនបានលេចខ្លួនឡើង ប៉ុន្តែក្រុមដែលមានការរៀបចំល្អបំផុតនោះគឺជាក្រុមដែលបង្កើតឡើងដោយលោកស៊ុន យ៉ាតសេន (ចិន៖ 孫逸仙) ដែលលោកជាសកម្មជននិយមសាធារណរដ្ឋមួយរូប និងមាននិន្នការប្រឆាំងនឹងរបបឈីង។ ពេលនោះ ប្រជាប្រិយភាពរបស់លោកក៏បានកើនឡើងដោយទទួលបានការគាំទ្រពីសំណាក់និស្សិតចិននៅក្រៅប្រទេស និងបរទេស ជាពិសេសនៅឯប្រទេសជប៉ុន។ នៅឆ្នាំ១៩០៥ គាត់បានបង្កើតចលនាថុងម៉េងហួយឡើងនៅទីក្រុងតូក្យូ ជាមួយនឹងលោកហ័ង ស៊ីង ដែលជាមេដឹកនាំដ៏មានប្រជាប្រិយភាពម្នាក់ដែរនៅក្នុងចលនាបដិវត្តន៍ចិននៅប្រទេសជប៉ុន។
ចលនានេះបានទទួលការគាំទ្រដោយមូលនិធិចិននៅក្រៅប្រទេស ហើយមិនតែប៉ុណ្ណោះ វាក៏ទទួលបានទាក់ទាញការគាំទ្រផ្នែកនយោបាយផងដែរដោយមានការចូលរួមពីមន្ត្រីយោធាក្នុងតំបន់ និងអ្នកនិយមកំណែទម្រង់មួយចំនួនដែលបានភៀសខ្លួនចេញពីប្រទេសចិនបន្ទាប់ពីព្រឹត្តិការណ៍កំណែទម្រង់រយថ្ងៃ។ ទស្សនៈនយោបាយរបស់លោកស៊ុនបានលេចចេញជារូបរាងឡើងនៅក្នុងឆ្នាំ១៨៩៧ ហើយត្រូវបានបង្ហាញជាសាធារណៈនៅទីក្រុងតូក្យូក្នុងឆ្នាំ១៩០៥ និងបានឆ្លងកាត់កំណែប្រែខ្លះៗនៅដើមទសវត្សរ៍ឆ្នាំ១៩២០។ ទស្សនៈលោកបានផ្តោតលើគោលការណ៍ទាំងបីរបស់ប្រជាជនគឺ "ជាតិនិយម ប្រជាធិបតេយ្យ និងជីវភាព របស់ប្រជាជន"។
គោលការណ៍ជាតិនិយមបានអំពាវនាវឱ្យផ្ដួលរំលំរដ្ឋអំណាចម៉ាន់ជូ និងបញ្ចប់អនុត្តរភាពបរទេសលើប្រទេសចិន។ គោលការណ៍ទីពីរគឺប្រជាធិបតេយ្យ ត្រូវបានប្រើប្រាស់ដើម្បីបញ្ជាក់ពីគោលដៅរបស់ស៊ុនក្នុងការបង្កើតទម្រង់រដ្ឋាភិបាលសាធារណរដ្ឋ និងការផ្លាស់ប្តូរមួយចំនួនដូចជាកំណែទម្រង់ដីធ្លីជាដើម។

សម័យសាធារណរដ្ឋនៃប្រទេសចិនបានចាប់ផ្តើមជាមួយនឹងការផ្ទុះឡើងនៃបដិវត្តន៍នៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩១១ នៅក្នុងទីក្រុងវូឆាង នៃខេត្តហ៊ូប៉ី។ ព្រឹត្តិការណ៍ដំបូងនេះត្រូវបានគេស្គាល់ថា ការបះបោរវូឆាង ដោយសព្វថ្ងៃបានក្លាយជាទិវាជាតិនៅតៃវ៉ាន់។ សកម្មភាពបះបោរបានរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់ទីប្រជុំជនជិតខាង ហើយសមាជិកនៃចលនាថុងម៉េងហួយនៅទូទាំងប្រទេសក៏បានក្រោកឈរឡើងគាំទ្រកងកម្លាំងបដិវត្តន៍ក្រុងវូឆាង។ នៅថ្ងៃទី១២ ខែតុលា ក្រុមបដិវត្តន៍បានទទួលជោគជ័យក្នុងការកាន់កាន់ក្រុងហាន់ខូវ និងហាន់យ៉ាង។ ទោះយ៉ាងណាក្តី ការអបអររបស់មហាជនចំពោះជ័យជម្នះទាំងនេះមិនមានរយៈពេលវែងទេព្រោះនៅថ្ងៃទី២៧ ខែតុលា លោកយ័ន ស៊ីខាយត្រូវបានតែងតាំងឡើងវិញដោយតុលាការ ឈីងដើម្បីដឹកនាំកងទ័ពថ្មី ហើយកងកម្លាំងស្មោះស្ម័គ្រនៅក្រោមបញ្ជាការលោកហ្វឹង គួចាង និងលោកឌូអាន ស៊ីរួយ បានផ្លាស់ទីទៅភាគខាងត្បូងដើម្បីដណ្តើមយកទីក្រុងអ៊ូហានមកវិញ។ បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញនៅអំឡុងខែវិច្ឆិកា កងទ័ពបដិវត្តន៍ដែលមានកម្លាំងមនុស្សនិងអាវុធតិចជាងត្រូវបានកម្លាំងរដ្ឋាភិបាលរុញច្រានចេញពីក្រុងហាន់ខូវនិងហាន់យ៉ាង ហើយបានបន្តដកថយទៅដល់វូឆាង ភាគខាងត្បូងទន្លេយ៉ង់សេ។ ខណៈពេលដែលសមរភូមិយ៉ាងស្យាកំពុងសន្ធោសកម្ម ខេត្តចំនួន ១៥ នៃខេត្តសរុប ២៤ បានប្រកាសឯករាជ្យចេញពីចក្រភពឈីង។ លោកយ័ន ស៊ីខាយក៏បញ្ឈប់សកម្មភាពរុលទៅកាន់វូឆាង ហើយបានចាប់ផ្តើមធ្វើការចរចាជាមួយក្រុមបដិវត្តន៍។ មួយខែក្រោយមក លោកស៊ុន យ៉ាតសេនបានត្រឡប់មកកាន់ប្រទេសចិនវិញពីសហរដ្ឋអាមេរិកក្រោយពីបានរៃអង្គាសបានថវិកាខ្លះៗពីចំណោមប្រជាជនអាមេរិក និងចិនអាមេរិកាំង។
នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩១២ ប្រតិភូមកពីខេត្តឯករាជ្យទាំងប៉ុន្មានបានបោះឆ្នោតជ្រើសរើសលោកស៊ុន យ៉ាតសេន ជាប្រធានាធិបតីបណ្តោះអាសន្នទីមួយនៃសាធារណរដ្ឋចិន។ លោកយ័ន ស៊ីខាយបានយល់ព្រមទទួលយករបបសាធារណរដ្ឋថ្មី រួចក៏បានបង្ខំចៅអធិរាជចុងក្រោយនៃប្រទេសចិនព្រះនាមភូយីឱ្យដាក់រាជ្យនៅថ្ងៃទី១២ ខែកុម្ភៈ។ ព្រះអធិរាជិនីឡុងយូជាអ្នកចុះហត្ថលេខាលើឯកសារដាក់រាជ្យ។ សម្រាប់ព្រះចៅភូយីវិញ ទ្រង់ត្រូវបានគេអនុញ្ញាតឱ្យបន្តគង់នៅក្រុងហ្សឺជីនឆឹង។
សម័យប៉ីយ៉ាង (១៩១២–១៩២៨)
ដើមសម័យសាធារណរដ្ឋ
នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩១២ លោកស៊ុនបានប្រកាសបង្កើតសាធារណរដ្ឋចិនជាផ្លូវការ ហើយបានទទួលតំណែងជាប្រធានាធិបតីបណ្តោះអាសន្នទីមួយនៅទីក្រុងណានជីង។ ប៉ុន្តែ អំណាចនៅទីក្រុងប៉េកាំងបានធ្លាក់ទៅក្នុងដៃលោកយ័ន ស៊ីខាយរួចទៅហើយ ដោយលោកជាមេដឹកនាំនៃកងទ័ពប៉ីយ៉ាង ដែលពេលនោះត្រូវជាកម្លាំងយោធាដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសចិន។ ដើម្បីទប់ស្កាត់កុំឱ្យកើតមានសង្គ្រាមស៊ីវិល និងអន្តរាគមន៍បន្តពីបរទេសដែលអាចបំផ្លាញរបបសាធារណរដ្ឋដ៏ក្មេងខ្ចីនេះបាន លោកស៊ុនបានយល់ព្រមតាមការទាមទាររបស់យ័នឱ្យប្រទេសចិនរួបរួមគ្នាក្រោមរដ្ឋាភិបាលទីក្រុងប៉េកាំងដែលដឹកនាំដោយយ័នផ្ទាល់។ នៅថ្ងៃទី១០ ខែមីនា នៅទីក្រុងប៉េកាំង លោកយ័ន ស៊ីខាយបានស្បថចូលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្នទីពីរនៃសាធារណរដ្ឋចិន។

សាធារណរដ្ឋដែលលោកស៊ុន យ៉ាតសេន និងសហការីស្រមៃបានវិវត្តន៍ទៅមុខយឺតៗ។ ទោះបីជាមានគណបក្សនយោបាយជាច្រើនប្រជែងគ្នាដណ្តើមអំណាចកំពូលនៅក្នុងសភាក៏ដោយ ប៉ុន្តែពួកគេទាំងនោះនូវខ្វះកម្លាំងទ័ព ហើយមិនយូរប៉ុន្មានអំណាចរបស់យ័ន ស៊ីខាយបានកើនលើសពីសភាទៅទៀត។ យ័នបានកែប្រែរដ្ឋធម្មនុញ្ញដោយខ្លួនឯង ហើយគំនិតផ្តាច់ការរបស់លោកបានចាប់ផ្តើមលេចឡើងបន្តិចម្តងៗ។ នៅខែសីហា ឆ្នាំ១៩១២ គណបក្សគួមីនតាង (គណបក្សជាតិនិយម) ត្រូវបានបង្កើតឡើងដោយលោកស៊ុង ចែវរ៉េន ដែលជាសហការីម្នាក់របស់ស៊ុន យ៉ាតសេន។ គណបក្សថ្មីមួយនេះបានបង្កើតឡើងដោយការផ្គុំបញ្ចូលគ្នានៃបក្សនយោបាយតូចៗដោយមានរួមទាំងចលនាថុងម៉េងហួយរបស់ស៊ុនផងដែរ។ នៅក្នុងការបោះឆ្នោតជាតិដែលបានធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ១៩១៣ ដើម្បីជ្រើសរើសសមាជិកថ្មីសម្រាប់សភាទាំងពីរក្នុងប្រទេស លោកស៊ុងបានធ្វើយុទ្ធនាការប្រឆាំងនឹងរដ្ឋបាលយ័នដែលនៅពេលនោះតំណាងដោយគណបក្សសាធារណរដ្ឋក្រោមការដឹកនាំដោយលាំង ឈីឆាវ។ ដោយសមត្ថភាពប៉ិនប្រសប់របស់ស៊ុងជាអ្នកធ្វើយុទ្ធនាការ ជាលទ្ធផល គណបក្សគួមីនតាងក៏បានឈ្នះអាសនៈភាគច្រើន។
បដិវត្តន៍លើកទីពីរ
ស៊ុងត្រូវបានគេធ្វើឃាតនៅខែមីនា ឆ្នាំ១៩១៣។ មនុស្សមួយចំនួនជឿថា យ័ន ស៊ីខាយគឺជាអ្នកនៅពីក្រោមឃាតកម្មនេះ ប៉ុន្តែគ្មានភស្តុតាងអ្វីអាចបញ្ជាក់ច្បាស់លាស់បានឡើយ។ សេចក្តីមិនពេញចិត្ត និងពិរោធន៍របស់មហាជនចំពោះយ័នក៏បានកើនឡើង។ នៅខែមេសា គាត់បានធានាប្រាក់កម្ចីរៀបចំឡើងវិញចំនួន ២៥ លានផោនពីធនាគារចម្រុះពីចក្រភពអង់គ្លេស បារាំង រុស្ស៊ី អាល្លឺម៉ង់ និងជប៉ុន ដោយមិនពិគ្រោះជាមួយសភាជាមុន។ ប្រាក់កម្ចីនេះត្រូវបានប្រើប្រាស់ដើម្បីផ្តល់ហិរញ្ញប្បទានដល់កងទ័ពប៉ីយ៉ាងរបស់ខ្លួន។
នៅថ្ងៃទី២០ ខែឧសភា យ័នបានចុះកិច្ចព្រមព្រៀងជាមួយរុស្ស៊ីដែលផ្តល់សិទ្ធិពិសេសដល់រុស្ស៊ីនៅតំបន់ម៉ុងហ្គោលជាយ និងរឹតត្បិតសិទ្ធិរបស់ចិនក្នុងការដាក់ពង្រាយទ័ពនៅទីនោះ។ សមាជិកសភាគួមីនតាងបានចោទប្រកាន់យ័នពីបទរំលោភសិទ្ធិអំណាចខ្លួន ហើយបានអំពាវនាវឱ្យដកលោកចេញតំណែង។ ប៉ុន្តែនៅម្ខាងទៀត គណបក្សវឌ្ឍនភាពដែលមានសមាជិកជាពួករាជានិយម និងគាំទ្រគោលនយោបាយយ័ន បានធ្វើការចោទប្រកាន់បក្សគួមីនតាងថាមានបំណងញុះញុងឱ្យមានកុបកម្ម។ យ័នក៏បានសម្រេចចិត្តប្រើកម្លាំងយោធាប្រឆាំងនឹងក្រុមគួមីនតាង។
នៅខែកក្កដា ឆ្នាំ១៩១៣ ខេត្តភាគខាងត្បូងចំនួនប្រាំពីរបានធ្វើការបះបោរប្រឆាំងនឹងលោកយ័ន ហើយបដិវត្តន៍លើកទីពីរក៏ផ្ទុះឡើង។ ប៉ុន្តែសម្រាប់បក្សគួមីនតាង បដិវត្តន៍លើកទីពីរនេះមិនបានផ្តល់ផលល្អអ្វីដល់ពួកគេនោះទេ។ កម្លាំងយោធាគួមីនតាងនៃខេត្តជាំងស៊ីត្រូវបានកងកម្លាំងរបស់យ័នវាយបង្ក្រាបនៅថ្ងៃទី១ ខែសីហា ហើយក្រុងណានឆាងដែលជាទីរួមខេត្តជាំងស៊ីក៏ត្រូវដួលរលំផងដែរ។ នៅថ្ងៃទី១ ខែកញ្ញា ណានជីងត្រូវបានកងកម្លាំងយោធាយ័នចូលកាន់កាប់។ ពេលដែលឧទ្ទាមកម្មត្រូវបានបង្ក្រាបអស់ លោកស៊ុន និងសម្ព័ន្ធមិត្តផ្សេងទៀតក៏បានភៀសខ្លួនរត់ទៅប្រទេសជប៉ុន។ នៅខែតុលា ឆ្នាំ១៩១៣ សភាបានជ្រើសតាំងយ័ន ស៊ីខាយជាប្រធានាធិបតីផ្លូវការនៃសាធារណរដ្ឋចិនដោយបង្ខំ ហើយមហាអំណាចក្រៅប្រទេសបានចាប់ផ្តើមទទួលស្គាល់ដល់រដ្ឋាភិបាលរបស់លោក។ លោកឌូអាន ស៊ីរួយ និងរួមទាំងឧត្តមសេនីយ៍ដឹកនាំកងទ័ពប៉ីយ៉ាងផ្សេងទៀតត្រូវបានយ័ន ស៊ីខាយតែងតាំងឱ្យកាន់តំណែងសំខាន់ៗនៅក្នុងគណៈរដ្ឋមន្ត្រី។
ការបះបោររបស់មហាជន និងសង្គ្រាមការពារជាតិ

ចលនាមហាជនបានងើបឡើងប្រឆាំងនឹងរដ្ឋាភិបាលដោយមានការគាំទ្រពីក្រុមអ្នកបដិវត្តន៍ស៊ុន យ៉ាតសេន។ ចលនាបះបោរដែលមានឈ្មោះថា បៃឡាង បានវាយបំផ្លាញផ្នែកជាច្រើននៃភាគកណ្តាលប្រទេសចិនមុនពេលចលនានេះត្រូវបានកងទ័ពប៉ីយ៉ាងកម្ចាត់ចោល។
នៅក្នុងខែវិច្ឆិកា លោកយ័ន ស៊ីខាយដែលជាប្រធានាធិបតីស្របច្បាប់ បានបញ្ជាឱ្យរំលាយគណបក្សគួមីនតាងចោល និងដកសមាជិកគួមីនតាងចេញពីសភាជាបន្ទាន់។ ដោយសារតែសមាជិកភាគច្រើននៅក្នុងសភាជាឥស្សរជនគួមីនតាង ដូច្នេះ សភាក៏ត្រូវប្រឈមនឹងចំនួនកូរ៉ុម ហើយកិច្ចប្រជុំក៏មិនអាចប្រព្រឹត្តិទៅបាន។ នៅខែមករា ឆ្នាំ១៩១៤ យ័នបានប្រកាសព្យួរសភាជាផ្លូវការ។ នៅខែកុម្ភៈ លោកបានកោះប្រជុំដើម្បីត្រួតពិនិត្យកែរដ្ឋធម្មនុញ្ញបណ្ដោះអាសន្ននៃសាធារណរដ្ឋចិន។ កំណែប្រែនោះបានធ្វើឱ្យអំណាចយ័នកើនឡើងកាន់តែខ្លាំងដោយលោកមានសិទ្ធិប្រកាសសង្គ្រាម ចុះហត្ថលេខាលើសន្ធិសញ្ញា និងតែងតាំងមន្ត្រីនានាដោយមិនចាំបាច់ទទួលការយល់ស្របពីសភាជាមុន។ នៅខែធ្នូនៃឆ្នាំ១៩១៤ យ័នបានកែប្រែច្បាប់បន្ថែមទៀត ហើយបានពន្យារអាណត្តិប្រធានាធិបតីរហូតដល់ទៅដប់ឆ្នាំ ដោយគ្មានកំណត់អាណត្តិកាន់អំណាចឡើយ។
ចំណែកឯក្រុមអ្នកតស៊ូប្រឆាំងវិញ ចាប់តាំងពីបដិវត្តន៍ទីពីរបានទទួលបរាជ័យមក លោកស៊ុន យ៉ាតសេន និងសម្ព័ន្ធមិត្តបានព្យាយាមកសាងចលនាបដិវត្តន៍ឡើងវិញ។ នៅខែកក្កដា ឆ្នាំ១៩១៤ ស៊ុនបានបង្កើតគណបក្សបដិវត្តន៍ចិនឡើង (ភាសាចិន៖ 中華革命黨)។ លោកបានចាប់មានអារម្មណ៍ថា មូលហេតុដែលខ្លួនមិនអាចរចនាចលនាបដិវត្តន៍ដ៏ជាប់លាប់មួយបានព្រោះដោយសារតែសមាជិកខ្លះមានកង្វះភាពស្អិតរមួត។ ជាចុងក្រោយ ស៊ុនក៏តម្រូវឱ្យសមាជិកបក្សទាំងអស់ត្រូវមានភក្តីភាពស្មោះត្រង់ចំពោះរូបគាត់ និងអនុវត្តតាមក្រមច្បាប់ដ៏តឹងរ៉ឹង។ សហការីចាស់ៗរបស់លោកមួយចំនួនដូចជាលោកហ័ង ស៊ីងជាដើម បានសម្តែងចេញនូវក្តីមិនពេញចិត្តចំពោះគំនិតបែបផ្តាច់ការនិយមរបស់ស៊ុន ហើយបានបដិសេធមិនចូលរួមជាមួយស៊ុនទេ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេនូវតែយល់ស្របនឹងគ្នាថា សាធារណរដ្ឋថ្មីនោះមិនអាចវិលត្រឡប់ទៅកាន់អំណាចចក្រពត្តិនិយមទៀតជាដាច់ខាត។
ក្រៅពីក្រុមបដិវត្តន៍ដែលមានទំនាក់ទំនងជាមួយស៊ុន ក៏មានក្រុមជាច្រើនទៀតដែលមានបំណងផ្តួលរំលំរបបយ័ន ស៊ីខាយដែរ។ ក្នុងចំណោមក្រុមទាំងនោះមាន គណបក្សវឌ្ឍនភាពចិន ដែលធ្លាប់មានទំនោរប្រឆាំងនឹងគួមីនតាងកាលពីអំឡុងបដិវត្តន៍លើកទីពីរផ្ទុះឡើង។ គណបក្សវឌ្ឍនភាពបានផ្លាស់ប្តូរគោលជំហររបស់ពួកគេភាគច្រើនដោយសារតែទង្វើមិនគប្បីរបស់យ័នមកលើសភាជាតិ។ ក្រុមសំខាន់ទីពីរគឺអភិបាលខេត្តដែលធ្លាប់បានប្រកាសឯករាជ្យចេញពីរដ្ឋអំណាចឈីងកាលពីឆ្នាំ១៩១២ ដោយពួកគេមើលឃើញថាគំនិតគាំទ្ររបបរាជាធិរាជមួយទៀតគឺមិនសមគួរទាល់តែសោះ។ បន្ថែមពីនេះ សាធារណជនបានចាប់ផ្តើមមានគំនិតអវិជ្ជមានចំពោះការដឹកនាំរបស់យ័ន។
នៅពេលដែលសង្រ្គាមលោកលើកទី១ បានផ្ទុះឡើងក្នុងឆ្នាំ១៩១៤ ប្រទេសជប៉ុនបានចូលប្រយុទ្ធក្នុងនាមជាសមាជិកមួយនៃខាងភាគីសម្ព័ន្ធមិត្ត ហើយបានដណ្តើមកាន់កាប់ទឹកដីអាល្លឺម៉ង់តូចមួយនៅក្នុងខេត្តសានទុង។ នៅឆ្នាំ១៩១៥ ជប៉ុនបានកំណត់ទៅរដ្ឋាភិបាលទីក្រុងប៉េកាំងនូវអ្វីដែលគេហៅថា តម្រូវការម្ភៃមួយ ក្នុងគោលបំណងធានានូវអំណាចគ្រប់គ្រងសេដ្ឋកិច្ចរបស់ជប៉ុនក្នុងប្រតិបត្តិការផ្លូវដែក និងការជីកយករ៉ែនៅសានទុង ម៉ាន់ជូរគ និងហ្វូជាន។ លើសពីនេះ ជប៉ុនក៏បានជំរុញឱ្យលោកយ័ន ស៊ីខាយតែងតាំងទីប្រឹក្សាជប៉ុនឱ្យកាន់តំណែងសំខាន់ៗនៅក្នុងរដ្ឋាភិបាលចិនផងដែរ។ តម្រូវការដែលជប៉ុនបានកំណត់មកលើរដ្ឋាភិបាលចិនគឺនឹងធ្វើឱ្យប្រទេសចិនក្លាយជារដ្ឋក្រោមអាណាព្យាបាលរបស់ជប៉ុនដោយផ្ទាល់។ រដ្ឋាភិបាលក្រុងប៉េកាំងបានច្រានចោលតម្រូវការមួយចំនួននោះ ប៉ុន្តែបានអនុញ្ញាតឱ្យជប៉ុនបន្តរក្សាទឹកដីសានទុង។ ក្រុងប៉េកាំងក៏បានទទួលស្គាល់សិទ្ធិអំណាចក្រុងតូក្យូលើតំបន់ម៉ាន់ជូរីភាគខាងត្បូង និងតំបន់ភាគខាងកើតនៃម៉ុងហ្គោលីនាយផងដែរ។ សកម្មភាពព្រមទទួលយកសំណើទាមទាររបស់ជប៉ុនដោយយ័នបានធ្វើឱ្យប្រជាជនជាច្រើនកើតក្តីខកបំណងជាខ្លាំងតែទោះបីជាយ៉ាងណា យ័ននូវតែបន្តរបៀបវារៈបែបរាជានិយមរបស់គាត់។
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩១៥ បន្ទាប់ពីមានការគាំទ្រពីកូនប្រុសរបស់គាត់ យ័នបានប្រកាសខ្លួនលោកផ្ទាល់ជាព្រះចៅអធិរាជនៃចក្រភពចិនថ្មី។ ដំណឹងនេះបានធ្វើឱ្យប្រទេសចិនទាំងមូលភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយការបះបោរក៏ផ្ទុះឡើងនិងរាលដាលទៅតាមខេត្តជាច្រើន។ នៅថ្ងៃទី២៥ ខែធ្នូ អតីតអភិបាលខេត្តយូណានព្រមទាំងអតីតអភិបាលខេត្តជាំងស៊ី និងឧត្តមសេនីយ៍ប្រចាំខេត្តយូណានបានរួមគ្នាបង្កើតកងទ័ពការពារជាតិឡើង និងថែមទាំងប្រកាសខេត្តយូណានជាតំបន់ឯករាជ្យផ្តាច់ចេញពីប្រទេសចិន។ ដូចនេះ សង្គ្រាមការពារជាតិក៏បានចាប់ផ្តើម។
ការប្រកាសពីឯករាជ្យភាពរបស់ខេត្តយូណានបានជំរុញឱ្យខេត្តភាគខាងត្បូងផ្សេងទៀតសម្រេចប្រកាសឯករាជ្យផ្ដាច់ខ្លួនចេញពីចិនដូចគ្នាដែរ។ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ១៩១៦ យ័នបានបោះបង់ចោលនូវគំនិតរាជានិយម ហើយបានចុះចេញពីតំណែងជាអធិរាជ។ គាត់បានទទួលមរណភាពនៅថ្ងៃទី៦ ខែមិថុនា នៃឆ្នាំដដែរនោះ។ អនុប្រធានាធិបតីលោកលី យានហុងបានឡើងកាន់តំណែងជាប្រធានាធិបតី និងបានតែងតាំងឧត្តមសេនីយ៍ប៉ីយ៉ាងលោកឌួអាន ស៊ីរួយជានាយករដ្ឋមន្ត្រី។ មហិច្ឆតារបស់"អធិរាជ"យ័ន ស៊ីខាយទីបំផុតបានបញ្ចប់ដោយការវិលត្រឡប់មកវិញនៃរដ្ឋាភិបាលសាធារណរដ្ឋ។
សម័យស្ដេចត្រាញ់ (១៩១៦–១៩២៨)
មើលផងដែរ
- គួមីនតាង
- ស្ថានភាពនយោបាយតៃវ៉ាន់
- ទំនាក់ទំនងអន្តរជាតិនៃសាធារណរដ្ឋចិន
- ប្រវត្តិសាស្ត្រសេដ្ឋកិច្ចចិន (១៩១២–៤៩)
- បញ្ជីរាយនាមមេដឹកនាំនៃសាធារណរដ្ឋចិន
- អភិរក្សនិយមនៅតៃវ៉ាន់
ទូទៅ៖
- ប្រវត្តិសាស្ត្រចិន
- ប្រវត្តិសាស្ត្រនៃសាធារណរដ្ឋប្រជាមានិតចិន
- ខ្សែកាលនៃប្រវត្តិសាស្ត្រតៃវ៉ាន់
- ខ្សែកាលនៃប្រវត្តិសាស្ត្រចិន
- ខ្សែកាលនៃព្រឹត្តិការណ៍មុនសង្គ្រាមលោកលើកទីពីរនៅអាស៊ី
ឯកសារយោង
![]() |
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |