Jump to content

ប្រវត្តិសាស្ត្រនៃសាធារណរដ្ឋចិន

ពីវិគីភីឌា
History of China
History of China
ប្រវត្តិសាស្ត្រចិន
សម័យបុរាណ
ថ្មរំលីង រ. ៨៥០០–រ. ២១០០ មគ.
រាជវង្សសៀ រ.២១០០– រ.១៦០០ មគ.
រាជវង្សសាង រ.១៦០០–រ.១០៤៦ មគ.
រាជវង្សចូវ រ.១០៤៥–២៥៦ មគ.
 ចូវខាងលិច
 ចូវខាងកើត
   សម័យផ្ការីក​និងស្លឹកឈើជ្រុះ
   សម័យនគរចម្បាំង
សម័យអធិរាជ
រាជវង្សឈិន ២២១ មគ.–២០៦ មគ.
រាជវង្សហាន ២០៦ មគ.–២២០ គស.
  ហានខាងលិច
  រាជវង្សថ្មី
  ហានខាងកើត
នគរបី ២២០–២៨០
  អ៊ួយ ស៊ូ និង អ៊ូ
រាជវង្សជិន ២៦៥–៤២០
  ជិនខាងលិច នគរ១៦
៣០៤–៤៣៩
  ជិនខាងកើត
រាជវង្សខាងត្បូងនិងខាងជើង
៤២០–៥៨៩
រាជវង្សសួយ ៥៨១–៦១៨
រាជវង្សថាង ៦១៨–៩០៧
  ( ចូវទី២ ៦៩០–៧០៥ )
រាជវង្ស៥ និង
នគរ១០

៩០៧–៩៦០
រាជវង្សលៀវ
៩០៧–១១២៥
រាជវង្សសុង
៩៦០–១២៧៩
  សុងខាងជើង សៀខាងលិច
  សុងខាងត្បូង ជិន
រាជវង្សយាន ១២៧១–១៣៦៨
រាជវង្សមិង ១៣៦៨–១៦៤៤
រាជវង្សឈិង ១៦៤៤–១៩១១
សម័យទំនើប
សាធារណរដ្ឋចិន ១៩១២–បច្ចុប្បន្ន
សាធារណរដ្ឋប្រជាមានិត
ចិន

១៩៤៩–បច្ចុប្បន្ន
សាធារណរដ្ឋ
ចិន

(តៃវ៉ាន់)
១៩១២–បច្ចុប្បន្ន

ប្រវត្តិសាស្ត្រនៃសាធារណរដ្ឋចិន បានចាប់ផ្តើមនៅក្រោយរបបរាជវង្សឈីងក្នុងឆ្នាំ១៩១២ ពោលគឺនៅពេលដែលបដិវត្តន៍ស៊ីនហៃបានផ្តួលរំលំរបបរាជានិយមចិនដែលមានអាយុកាលជាង ២០០០ ឆ្នាំ។ ក្រោយពីបានប្រកាសបង្កើតឡើងមក សាធារណរដ្ឋមួយនេះបានឆ្លងកាត់វិបត្តិបញ្ហា និងពលវទុក្ខជាច្រើនរួមមាន វិបត្តិស្តេចត្រាញ់ដែលតែងតែចង់ដណ្តើមអំណាចនិងទឹកដីគ្រប់គ្រង និងអំណាចបរទេសចូលមកជ្រៀតជ្រែកជាដើម។

នៅឆ្នាំ១៩២៨ សាធារណរដ្ឋចិនត្រូវបានបង្រួបបង្រួមក្រោមការដឹកនាំរបស់គណបក្សគួមីនតាង (ឬអាចហៅបានថា "គណបក្សជាតិនិយមចិន") បន្ទាប់ពីបានបញ្ចប់បេសកកម្មភាគខាងជើង និងកំពុងឈានចូលដំណាក់កាលដំបូងនៃឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្ម ប៉ុន្តែក៏ត្រូវរំខានដោយជម្លោះផ្ទៃក្នុងរដ្ឋាភិបាល សង្គ្រាមជាមួយចក្រភពជប៉ុន និងការខ្វែងគំនិតគ្នារវាងបក្សកុម្មុយនីស្តចិន និងមេទ័ពក្នុងស្រុក។ រាល់កិច្ចខិតខំប្រឹងប្រែងកសាងប្រទេសដែលផ្តួចផ្តើមដោយគួមីនតាងត្រូវបានបញ្ឈប់នៅពេលដែលសង្រ្គាមចិន-ជប៉ុនលើកទីពីរបានផ្ទុះឡើងនៅរវាងឆ្នាំ១៩៣៧ ដល់ឆ្នាំ១៩៤៥ ហើយក្រោយមកទៀតក៏កើតមានទំនាស់រវាងបក្សគួមីនតាង និងបក្សកុម្មុយនីស្តដែលជាហេតុនាំឱ្យរដ្ឋាភិបាលចម្រុះមិនអាចបង្កើតឡើង និងទីបំផុតក៏កើតចេះជាសង្រ្គាមស៊ីវិលចិន

ការធ្វេសប្រហែសផ្នែកនយោបាយ សេដ្ឋកិច្ច និងយោធាជាបន្តបន្ទាប់គ្នាបាននាំទៅដល់ការបរាជ័យរបស់បក្សគួមីនតាងរហូតដល់ការដកថយទៅលើកោះតៃវ៉ាន់ (អតីត "ហ្វរម៉ូសារ") ក្នុងឆ្នាំ១៩៤៩ ហើយក៏បានបង្កើតចេញជារដ្ឋឯកបក្សផ្តាច់ការក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍យស/ប្រធានាធិបតី ឈៀង កៃសេក។ ចាប់តាំងពីពេលនោះរហូតដល់ទសវត្សរ៍ឆ្នាំ១៩៩០ រដ្ឋនេះបានចាត់ទុក និងតែងអះអាងថាខ្លួនជាអាជ្ញាធរស្របច្បាប់តែមួយគត់នៃប្រទេសចិនទាំងមូលដោយចង្អុលសម្តៅទៅលើរដ្ឋាភិបាល ឬ "របប" កុម្មុយនីស្តថាមិនស្របច្បាប់ ហើយ "សាធារណរដ្ឋប្រជាមានិតចិន" ដែលបានប្រកាសនៅទីក្រុងប៉េកាំងដោយម៉ៅ សេទុងក្នុងឆ្នាំ១៩៤៩ នោះគឺជា "ចោរកុម្មុយនីស្ត" នៅចិនដីគោក។ សាធារណរដ្ឋ​ចិន​ត្រូវបាន​គាំទ្រ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ និង​ទសវត្សរ៍ ដោយ​ប្រជាជាតិ​ជាច្រើន ជាពិសេស​គឺសហរដ្ឋអាមេរិក​ដែល​បាន​បង្កើត​សន្ធិសញ្ញា​ការពារ​អាញ់មាញ់ក្នុងឆ្នាំ១៩៥៤។ បន្ទាប់ពីសេរីភាវូបនីយកម្មនយោបាយបានចាប់ផ្តើមនៅចុងទសវត្សរ៍ឆ្នាំ១៩៦០ ទីបំផុតសាធារណរដ្ឋប្រជាមានិតចិនក៏ទទួលបានចម្លើយយល់ព្រមនៅឆ្នាំ១៩៧១ ដើម្បីកាន់កាប់អាសនៈ "ប្រទេសចិន" នៅក្នុងមហាសន្និបាត ហើយសំខាន់ជាងនេះទៅទៀតគឺត្រូវបានអង្គុយជា សមាជិកអចិន្ត្រៃយ៍មួយក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំងប្រាំនៃក្រុមប្រឹក្សាសន្តិសុខ។ បន្ទាប់ពីត្រូវច្រានចោលដោយអតីតសម្ព័ន្ធមិត្ត និងការធ្វើសេរីភាវូបនីយកម្មនៅចុងទសវត្សរ៍ឆ្នាំ១៩៧០ ពីរដ្ឋាភិបាលផ្តាច់ការជាតិនិយម និងបន្ទាប់ពីមរណភាពរបស់ឈៀង កៃសេក សាធារណរដ្ឋចិនក៏បានផ្លាស់ប្តូរទៅជារដ្ឋពហុបក្ស ប្រជាធិបតេយ្យតំណាងនៅលើកោះតៃវ៉ាន់ និងថែមទាំងផ្តល់តំណាងភាពបន្ថែមឱ្យជនជាតិដើមតៃវ៉ាន់ទៀតផង ដែលបុព្វបុរសរបស់ពួកគេមានវត្តមាននៅលើកោះតៃវ៉ាន់នោះតាំងពីមុនការមកដល់នៃរដ្ឋាភិបាលសាធារណរដ្ឋចិននៅឆ្នាំ១៩៤៩ ម៉្លេះ។

រដ្ឋាភិបាលបណ្ដោះអាសន្ន (១៩១២)

ការបង្កើតសាធារណរដ្ឋឡើង

ស៊ុន យ៉ាតសេន បិតាស្ថាបនិកនៃសាធារណរដ្ឋចិន ដែលសព្វថ្ងៃត្រូវបានចាត់ទុកជាសាធារណរដ្ឋដ៏ចំណាស់ជាងគេប្រចាំទ្វីបអាស៊ី។
ទង់ជាតិទាំងបីត្រូវបានគេប្រើប្រាស់ដំបូងនៅអំឡុងវេលាបដិវត្តន៍។ ពាក្យនៅខាងក្រោមរូបអាចប្រែមកថា សូមឱ្យសាធារណរដ្ឋមានអាយុកាលយាងយូរ!

នៅចុងសតវត្សទី១៩ និងដើមសតវត្សទី២០ រាជវង្សឈីងត្រូវប្រឈមមុខនឹងភាពចលាចលផ្ទៃក្នុង និងការលុកលុយពីបរទេស ពិសេសគឺចាប់តាំងពីចប់សង្គ្រាមចិន-ជប៉ុននៅក្នុងឆ្នាំ១៨៩៥ មក។ ការបះបោរផ្ទៃក្នុង និងការគាបសង្កត់ពីសំណាក់អាជ្ញាធរបាននាំមកនូវវិនាសកម្មដល់ប្រជាជនចិនរាប់លាននាក់ ហើយជម្លោះជាមួយមហាអំណាចអឺរ៉ុបខាងលិចបាននាំឱ្យកើតមានសន្ធិសញ្ញាដ៏អយុត្តិធម៌ជាច្រើនបូករួមជាមួយសំណងសង្គ្រាមដែលក្លាយជាបន្ទុកក្នុងប្រព័ន្ធសារពើពន្ធ និងការបាត់បង់បូរណភាពទឹកដីរបស់ប្រទេស។ មតិដ៏ពេញនិយមក្នុងចំណោមជនជាតិហាននាពេលនោះបានលេចឡើងថា អំណាចនយោបាយគួរតែត្រឡប់ទៅរកជនជាតិហានវិញដែលជាក្រុមជនជាតិភាគច្រើនជាជាងបន្សល់ទុកឱ្យជនជាតិម៉ាន់ជូអ្នកកាន់កាប់ដោយក្រុមពួកនេះគ្រាន់តែជាជនជាតិភាគតិចនៅក្នុងប្រទេសចិនប៉ុណ្ណោះ។ បន្ទាប់ពីការបះបោរអ្នកប្រដាល់ និងការលុកលុយពីអំណាចចក្រពត្តិនិយមដើម្បីបញ្ឈប់សកម្មភាពបះបោរទាំងនោះ តុលាការរាជាធិរាជឈីងក៏បានសម្រេចចិត្តធ្វើកំណែទម្រង់ស្ថាប័ន និងនយោបាយមូលដ្ឋានដូចជា ការលុបចោលប្រព័ន្ធត្រួតពិនិត្យរបស់ព្រះអធិរាជនៅឆ្នាំ១៩០៥ ការចេញសេចក្តីព្រាងរដ្ឋធម្មនុញ្ញនៅឆ្នាំ១៩០៦ ការបង្កើតនីតិបញ្ញត្តិតាមបណ្ដាខេត្តក្នុងឆ្នាំ១៩០៩ និងការត្រៀមរៀបចំការបោះឆ្នោតសភាជាតិនៅឆ្នាំ១៩១០។ ក៏ប៉ុន្តែ ក្រុមអ្នកអភិរក្សនិយមម៉ាន់ជូនៅក្នុងតុលាការឈីងបាននាំគ្នាគិតថា កំណែទម្រង់ទាំងនេះគឺវាហួសហេតុជ្រុលពេក ចំណែកឯអ្នករិះគន់ក៏គិតថាកំណែទម្រង់នូវមិនទាន់ស៊ីជម្រៅនៅឡើយ។ ការខ្វែងគំនិតគ្នាបែបនេះបាននាំឱ្យមានការចាប់ឃុំឃាំងអ្នកកែទម្រង់ ឬកាត់ទោសប្រហារជីវិតតែម្តង។ ការបរាជ័យរបស់តុលាការរាជាធិរាជក្នុងការអនុវត្តសេរីភាវូបនីយកម្មនយោបាយ និងទំនើបភាវូបនីយកម្មបានបណ្ដាលឱ្យអ្នកកំណែទម្រង់បំបែរខ្លួនមកជ្រើសរកមាគ៌ាបដិវត្តន៍។

ក្រុមបដិវត្តន៍ជាច្រើនបានលេចខ្លួនឡើង ប៉ុន្តែក្រុមដែលមានសណ្ដាប់ធ្នាប់ល្អបំផុតនោះគឺជាក្រុមដែលបង្កើតឡើងដោយលោកស៊ុន យ៉ាតសេន (ចិន៖ 孫逸仙) ដែលលោកជាសកម្មជននិយមសាធារណរដ្ឋ និងមាននិន្នការប្រឆាំងនឹងរបបឈីង។ ពេលនោះ ប្រជាប្រិយភាពរបស់លោកក៏បានកើនឡើងដោយទទួលបានការគាំទ្រពីសំណាក់និស្សិតចិននៅក្រៅប្រទេស និងបរទេស ជាពិសេសនៅឯប្រទេសជប៉ុន។ នៅឆ្នាំ១៩០៥ គាត់បានបង្កើតចលនាថុងម៉េងហួយឡើងនៅទីក្រុងតូក្យូ ជាមួយនឹងលោកហ័ង ស៊ីង ដែលជាមេដឹកនាំដ៏មានប្រជាប្រិយភាពម្នាក់នៃចលនាបដិវត្តន៍ចិននៅក្នុងប្រទេសជប៉ុន។

ចលនានេះបានទទួលការគាំទ្រដោយមូលនិធិចិននៅក្រៅប្រទេស ហើយមិនតែប៉ុណ្ណោះ វាក៏ទទួលបានការគាំទ្រផ្នែកនយោបាយផងដែរដោយមានការចូលរួមពីមន្ត្រីយោធាក្នុងតំបន់ និងអ្នកនិយមកំណែទម្រង់មួយចំនួនដែលបានភៀសខ្លួនចេញពីប្រទេសចិនបន្ទាប់ពីព្រឹត្តិការណ៍កំណែទម្រង់រយថ្ងៃ។ ទស្សនៈនយោបាយរបស់លោកស៊ុនបានលេចចេញជារូបរាងឡើងនៅក្នុងឆ្នាំ១៨៩៧ ហើយត្រូវបានបង្ហាញជាសាធារណៈនៅទីក្រុងតូក្យូក្នុងឆ្នាំ១៩០៥ និងបានឆ្លងកាត់កំណែប្រែខ្លះៗនៅដើមទសវត្សរ៍ឆ្នាំ១៩២០។ ទស្សនៈលោកបានផ្តោតលើគោលការណ៍ទាំងបីរបស់ប្រជាជនគឺ "ជាតិនិយម ប្រជាធិបតេយ្យ និងជីវភាពប្រជាជន"។

គោលការណ៍ជាតិនិយមបានអំពាវនាវឱ្យផ្ដួលរំលំរដ្ឋអំណាចម៉ាន់ជូ និងបញ្ចប់អនុត្តរភាពបរទេសលើប្រទេសចិន។ គោលការណ៍ទីពីរគឺប្រជាធិបតេយ្យ ត្រូវបានប្រើប្រាស់ដើម្បីបញ្ជាក់ពីគោលដៅរបស់ស៊ុនក្នុងការបង្កើតទម្រង់រដ្ឋាភិបាលសាធារណរដ្ឋ និងការផ្លាស់ប្តូរមួយចំនួនដូចជាកំណែទម្រង់ដីធ្លីជាដើម។

មើលផងដែរ

ទូទៅ៖

ឯកសារយោង