Jump to content

បុណ្យភ្ជុំបិណ្ឌ

ពីវិគីភីឌា

ភ្ជុំបិណ្ឌ​

ឯកសារ:Bay Ben Throwing During Pchum Ben Day.jpg
Cambodian people prepare Bay Ben at 3 am throwing to Preta near Vihara.

Image From Professor Preap Chanmara (2004)

ឆ្នាំបង្កើត ប្រហែល ស.វទី៩
រជ្ជកាល យសោវរ្ម័នទី១​
លទ្ធិជំនឿ ជំនឿសែនដូនតា
ការបើកទ្វារឋាននរក ១៥ ថ្ងៃ
សាសនាប្រតិបត្តិ ពុទ្ធសាសនា ព្រហ្មញ្ញសាសនា

បុណ្យភ្ជំុបិណ្ឌ (អង់គ្លេស: Pchum Ben Day) គឺជាពិធីបុណ្យ​នឹករលឹកសាច់ញាតិដែលបានស្លាប់របស់ជនជាតិខ្មែរ ដែលកំណត់តាម ប្រតិទិនពុទ្ធសាសនា (Buddhist calendar) តាមដំណើរគោលចររបស់ ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ (Lunar calendar) នៅក្នុងប្រពៃណីរបស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថា "ពិធីសែនដូនតា" (Ancestor Ceremony) ដែលមានប្រវត្តិតាំងពី សម័យមុនអង្គរមកម៉្លេះ ដែលជួបប្រទះនៅសិលាចរឹក K.279c ចារឹកនៅស.វទី៩ ក្នុងរាជព្រះបាទ យសោវរ្ម័នទី១ ដែលបានរៀបរាប់ខ្លះៗអំពីការចាប់បាយបិណ្ឌ ដែលពូនជាដុំ ហើយបានផ្ដាំឱ្យព្រះកឹង មានន័យថា ព្រះភូមិ ឬ យមទូត ឱ្យចាប់ឆ្កែចង សុំផ្លូវទៅផង ទៅជូនដូនតា ។[] ពិធីសែនដូនតា ដែលជាអរិយធម៌ នៃវប្បធម៌ខ្មែរដើម ដែលធ្វើឡើងដើម្បីផ្ដល់កុសលផលបុណ្យដល់សាច់ញាតិខ្លួនដែលបានស្លាប់ទៅហើយក្ដី ។ ពិធីបុណ្យភ្ជុំបិណ្ឌ ដែលប្រារព្ធ​ឡើងរៀងរាល់ថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ចន្លោះ ខែកញ្ញា និង ខែតុលា ដែលជាពិធីបុណ្យដែលមានរយៈពេលវែងជាងគេរហូតដល់ ១៥ថ្ងៃ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប និងត្រូវបានឈប់សំរាកពីការងាររយៈពេល ៣ថ្ងៃ ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនេះនាថ្ងៃចុងក្រោយ ដើម្បីឱ្យពួកគេអាចរៀបចំម្ហូបអាហារ ដើម្បីសែនដូនតា ជូនសាច់ញាតិរបស់ពួកគេដោយសេចក្ដីនឹករលឹក រៀងរាល់មួយឆ្នាំម្ដង ។[]

កិច្ចនៃពិធីបុណ្យ ភ្ជុំបិណ្ឌ

Pchum Ben Ceremony

The use of cones "Saji" to place rice bowls for the counting ceremony around the Vihara

ភ្ជុំបិណ្ឌមានន័យថា ការប្រមូលផ្ដុំដុំបាយឱ្យមកជួបជុំគ្នា ក្នុងពិធីឧទ្ទិសបាយម្ហូបអាហារ ជូនដល់ដូនតាដែលបានចែកឋានទៅ ដែលជាសាច់ញាតិទាំង ៧សណ្ដាន ដែលមានទំនាក់ទំនងពីមុនមកនិងសមីខ្លួនដែលនៅរស់ ដើម្បីបានអាហារទាំងនោះទៅព្រលឹងខ្មោចដូនតារបស់ពួកគេ ពួកគេត្រូវរៀបចំបាយម្ហូបយកទៅប្រគេនព្រះសង្ឃ ដើម្បីសូត្រធម៌ជាកិច្ចចម្លងម្ហូបអាហារទាំងនោះទៅកាន់សាច់ញាតិរបស់ពួកគេ ។​ ពិធីបុណ្យភ្ជំុបិណ្ឌ តែងប្រារព្ធឡើងនៅរៀងរាល់ខែភទ្របទ នៅថ្ងៃ១ រោច រហូតដល់វេលា ១៥ រោច ដែលគុណគូ ទៅតាមប្រតិទិន នៃចន្ទគតិ តាមជំនឿពីបុរាណ គេនិយមយកបាយបត្តបូរ ដែលមានន័យថា បាយបំពេញបាត្រ គ្របដោយសារជី យកទៅរាប់បាត្រនាពេលព្រឹកព្រលឹមដើម្បី ប្រគេន​ភិក្ខុ​សង្ឃ នៅជុំវិញព្រះវិហ៊ារ ដែលភិក្ខុសង្ឃនិងដើរពីស្ដាំទៅឆ្វេង តាមក្បួនឧត្តរាព័ទ្ធ ដំណើរវិលបញ្ច្រាសទ្រនិច្ចនាឡិកា តំណាងឱ្យពេវេលាមុនៗ របស់មនុស្សដែលស្លាប់ទៅ ហើយសាច់ញាតិពួកគេ និង ​ឧទ្ទិស​បាយទាំងនេះ ជាផល​បុណ្យ​ជូន​ទៅ​បុគ្គល​ដែល​ជាសាច់ញាតិពួកគេដែលជាប់ឃុំឃាំងនៅឋានរក ដើម្បីទុកជាកុសលជូនសាច់ញាតិពួកគេដើម្បីរំដោះកម្ម ។ ការរាប់បាត្រ រមែងធ្វើឡើងនៅជុំវិញព្រះវិហ៊ារ តែបច្ចុប្បន្ន ព្រះសង្ឃ និង គណៈអាចារ្យវត្តមួយចំនួនធំនៅ កម្ពុជា បែរជានាំពុទ្ធបរិស័ថ មករាប់បាត្រ នៅសាលាឆាន់ទៅវិញ ដែលជាភាពខុសឆ្គង ពីទំនៀមរបស់ខ្មែរបុរាណ ក្រោយបញ្ចប់ពិធីរាប់បាត្រ ក៏បន្តមកពិធីសូត្រធម៌បង្សុកូល ដែលមានន័យថា ជាកិច្ចសូត្រធម៌ទានចម្លងអាហារ ទៅកាន់ព្រលឹងខ្មោចដែលជាសាច់ញាតិរបស់ពួកគេ ដើម្បីឱ្យខ្មោចញាតិរបស់ពួកគេទទួលបានអាហារទាំងអស់នេះ ដែលកិច្ចពិធីនេះរមែងធ្វើឡើងនៅសាលាឆាន់នេះឯង ។[]

ការសែន កន្ទោងបាយ

Sacrifice of Kantong Rice

កន្ទោងបាយ គឺជា បាយសិង្ឃាដក៍ ដែលមានន័យថាបាយដែលគេពូតជាដុំៗ ពី១ដុំ ដល់ ១៥ដុំ តំណាងឱ្យថ្ងៃ១រោច ដល់ ១៥រោច រួចគេយកទៅដាក់សែននៅតាមកែងផ្លូវ ឬ កែងរបងវត្ត ដែលសន្មតថាជាបាយតំណាងឱ្យផ្លូវបែកជា៣ ឬ ផ្លូវបែកជា៤ ដើម្បីហៅពួកព្រលឹងខ្មោចផ្សេងៗ ឱ្យជួយស្វែងរកខ្មោចញាតិរបស់ពួកគេ ដើម្បីជួយនាំផ្លូវព្រលឹងខ្មោចញាតិរបស់ពួកគេមកកាន់តំបន់ខ្លួនរស់នៅ ព្រោះខ្លាចក្រែងញាតិរបស់ពួកគេស្វែងរកពួកគេគ្រប់៧វត្ត មិនឃើញក៏ជេរប្រទេចដាក់បណ្ដាសារកូនចៅខ្លួន ឱ្យលំបាលក្រក្សត់វេទនាផ្សេងៗ ។[]

ពិធីកាន់បិណ្ឌ

Kan Ben Ceremony

Ben Flower of Kan Ben Ceremony, Author Chab Pin (1969) Book Traditional Khmer, Tittle The 12-Month Royal Ceremony-Volume 3

ពិធីកាន់បិណ្ឌ គឺជាពិធីបុណ្យរបស់ ពិធីបុណ្យភ្ជំុបិណ្ឌ ដែលគេចែករយៈពេលកាន់បិណ្ឌចំនួន ១៤ថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃ ១រោច រហូតដល់ ១៤រោច ខែភទ្របទ ឬ (កន្លះខែ) រីឯ ព្រះរាជពិធីកាន់បិណ្ឌរបស់ព្រះមហាក្សត្រ មានរយៈពេលតែ ៥ថ្ងៃ ប៉ុនណោះ ដែលរាប់ពីថ្ងៃ ១១រោច រហូតដល់​ថ្ងៃកំណត់ ១៥រោច ភ្ជុំបិណ្ឌ ។ ដើម្បីផ្ដើមពីធីកាន់បិណ្ឌទៅបាន ពុទ្ធបរិស័ទ ត្រូវមានផ្កាបិណ្ឌ ផ្កាបិណ្ឌ មានកម្ពស់ ៦០ សង់ទីម៉ែត្រ ធ្វើអំពីឈើ សំណុំផ្កាខាងក្រោមធំ តូចខាងលើ មានបង្គោលមូល១ ទំហំគល់ប៉ុនមេដៃ ទំហំចុងប៉ុនកូនដៃ ដាក់ចំកណ្ដាល សម្រាប់ដាក់កង់ធ្វើថ្នាក់ ផ្កាបិណ្ឌ​មានថ្នាក់៥ ថ្នាក់និមួយៗ មានកម្រាសប៉ុនម្រាមដៃ ថ្នាក់ក្រោមទំហំ ៥ធ្នាប់ ស្មើ ១០ សង់ទីម៉ែត្រ មូលដូចកង់ ចោះចំកណ្ដាលកង់សិតភ្ជាប់និងបង្គោល គេរចនាដោយស្ពាន់ និងបិទដោយពណ៌ផ្សេងៗ តាមចំណង់ចំនូលចិត្ត បិទភ្ជាប់ជុំវិញកង់ទាំង៥ថ្នាក់ មានដោតផ្កាញ័រ ធ្វើពីស្ព័នផងដែរ ហើយថ្នាក់ខាងក្រោមបង្អស់ គេដោតទង់ក្រពើចំនួន ៥ ដែលធ្វើពីឬស្សី គេមានបន្ថែមរូបនាគបួន មានក្ទុយរួមនិងគល់ផ្កាបិណ្ឌ ក្នុងមាត់នាគ មានរូបស្លឹកពោធ៍សំយុងចុះ ដែលបង្ហាញពីនាគទ្រផ្កាបិណ្ឌ មានឈើបួន ជ្រុងដូចប្រអប់ កម្រាស់ ៨ធ្នាប់ដៃ ឬ ១៥ សង់ទីម៉ែត្រ ធំខាងក្រោមតូចលើ បន្ថែមជាជើងទម្រផ្កាបិណ្ឌ មានផ្កាបិណ្ឌយ៉ាងប្រណិតហើយ ទើបសមប្រកបក្នុងពិធីកាន់បិណ្ឌ ដែលជាពីធីធ្វើចង្ហាន់បិណ្ឌបាត្រ ប្រគេនចំពោះព្រះសង្ឃ ដែលខុសប្លែក ពីចង្ហាន់បិណ្ឌបាត្រធម្មតា ត្រង់អត្ថន័យសំខាន់ នៃផ្កាបិណ្ឌនេះ តំណាងឱ្យកាបូជាចំពោះ ព្រះកេសា (សសៃសក់) របស់ព្រះសម្មាសម្ពុទ្ធ ដែលព្រះពុទ្ធជាម្ចាស់បានកាត់នៅកេសារបស់ខ្លួន នៅពេលដែលទ្រង់យាងចាករាជសម្បត្តិ ក្នុងការចេញមកសាងផ្នួស ។​[]

ឯកសារយោង

  1. Professor Pich Sal (1966) The 12-Month Royal Ceremony, Publisher: Commission Des Moeurs et Coutumes of Buddhist Institute Cambodia, Original from University of California, Berkeley p.76
  2. United States. State Department (1974) Contemporary Cambodian, the Social Institutions, a Joint Project of the Foreign Service Institute and the Defense Language Institute, 1974, Publisher: Original from University of Minnesota p.379
  3. Robert Headley, Rath Chim (1998) Cambodian Advanced Reader, Publisher: Dunwoody Press, Original from the University of Michigan p.309 ISBN: 188126565X
  4. Bejr Sál (1966) Bidhī pracāṃ ṭáp bīr khae, Publisher: Buṭdh Sāsanapaṇḍity, Original from University of California, Berkeley p.76
  5. Chab Pin (1969) The 12-Month Royal Ceremony-Volume 3 Khmer Tradition Church of the Buddhist Academy of Cambodia p.157