វិគីភីឌា:សសរស្តម្ភទាំងប្រាំ
គោលការណ៍ជាមូលដ្ឋាននៃ វិគីភីឌា អាចត្រូវបានសង្ខេបជា " សសរស្តម្ភ " ចំនួនប្រាំ (គោលការណ៍):
វិគីភីឌាគឺជាសព្វវចនាធិប្បាយ

វិគីភីឌា រួមបញ្ចូលគ្នានូវសព្វវចនាធិប្បាយដែលមានលក្ខណៈទូទៅនិងឯកទេស រួមទាំងឯកសារព្រឹត្តិការណ៍និងភូមិសាស្ត្រនានា។ វិគីភីឌាមិនមែន ជាកន្លែងរញ៉េរញ៉ៃ, វេទិកាផ្សាយពាណិជ្ជកម្ម, សារព័ត៌មានឥតប្រយោជន៍, ការពិសោធអំពីអនាធិបតេយ្យ ឬ ប្រជាធិបតេយ្យ,ការប្រមូលផ្ដុំព័ត៌មានមិនរើសមុខ ឬ កន្លែងប្រមូលផ្ដុំតំណគេហទំព័រ នោះទេ។ វាក៏មិនមែនជាវចនានុក្រម, កាសែត, ឬ បណ្ដុំប្រភពឯកសារណាមួយ បើទោះបីជា គម្រោងមួយចំនួនរបស់វិគីភីឌាធ្វើដូច្នេះក៏ដោយ។
វិគីភីឌាត្រូវបានសរសេរតាមទស្សនៈអព្យាក្រឹត

យើងខិតខំស្វែងរកអត្ថបទដែលមិនលំអៀង ដែលចងក្រងនិងពន្យល់អំពីទស្សនៈសំខាន់ៗនានា ដោយផ្តល់ទម្ងន់ទៅលើសារៈសំខាន់របស់វា។ យើងជៀសវាងការតស៊ូមតិ ដោយយើងកំណត់លក្ខណៈរបស់ព័ត៌មាននិងបញ្ហា ជំនួសឱ្យការជជែកវែកញែក។ នៅក្នុងផ្នែកខ្លះ អាចមានត្រឹមតែទស្សនៈមួយដែលមានគេទទួលស្គាល់ ខណៈដែលក្នុងផ្នែកខ្លះទៀត ពួកយើងរៀបរាប់អំពីទស្សនៈផ្សេងៗ ដោយលើកឡើងអំពីសុក្រឹតភាពនៃទស្សនៈនីមួយៗនោះទៅតាមបរិបទ ជាជាងផ្អែកលើ "ការពីត" ឬ "ការយល់ឃើញដ៏ល្អ"។ អត្ថបទ ទាំងអស់ត្រូវសរសេរឱ្យបានត្រឹមត្រូវ ហ្មត់ចត់ដែលដកស្រង់ចេញពីប្រភពដែលអាចទុកចិត្តបាន និងទទួលការអនុញ្ញាត ជាពិសេសចំពោះប្រធានបទដែលមានភាពចម្រូងចម្រាស ឬនិយាយអំពីមនុស្សនៅមានជីវិត។ វិគីភីឌា មិនអនុញ្ញាតឱ្យអ្នកសរសេរ បង្ហាញអំពីបទពិសោធន៍ ការបកស្រាយ ឬមតិផ្ទាល់ខ្លួនឡើយ។
វិគីភីឌាគឺជាមាតិកាសេរីដែលនរណាម្នាក់ក៏អាចប្រើ កែសម្រួល និងចែកចាយបាន

ដោយសារតែអ្នកកែសម្រួលទាំងអស់ អាចចូលរួមធ្វើការងាររបស់ពួកគេដោយសេរី ដូច្នេះគ្មានអ្នកកែសម្រួលណាម្នាក់ ជាម្ចាស់នៃអត្ថបទណាមួយឡើយ ហើយរាល់ការរួមចំណែកទាំងឡាយ ក៏អាចត្រូវបានកែសម្រួល និងចែកចាយឡើងវិញដោយសេរីដែរ។ យ៉ាងណា អ្នករាល់គ្នាត្រូវតែគោរពច្បាប់កម្មសិទ្ធិបញ្ញា ហើយមិនត្រូវលួចចម្លងពីប្រភពណាមួយនោះទេ។ ការប្រើប្រាស់ប្រភពព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយមិនសេរី ជួនកាលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដោយសមរម្យតាមការគួរ ប៉ុន្តែសូមព្យាយាមស្វែងរកប្រភពព័ត៌មានចេញពីប្រព័ន្ធផ្សព្វផ្សាយសេរី។
អ្នកកែសម្រួលវិគីភីឌាគួរតែគោរពចំពោះគ្នាទៅវិញទៅមកដោយសុជីវធម៌

ត្រូវគោរពអ្នកកែសម្រួលវិគីភីឌាដទៃទៀត ទោះបីជានៅពេលអ្នកមិនយល់ស្របគ្នាក៏ដោយ។ ត្រូវអនុវត្តក្រមសីលធម៌វិគីភីឌា ហើយមិនត្រូវចូលរួមក្នុងការវាយប្រហារបុគ្គលដែរ។ សូមស្វែងរកការឯកភាព និងជៀសវាងជម្លោះសំណេរ ហើយសូមកុំបង្កបញ្ហានៅក្នុងវិគីភីឌា ដោយគ្រាន់តែចង់លើកឡើងនូវមតិណាមួយ។ ត្រូវប្រកាន់យកភាពទៀងត្រង់ ហើយជឿជាក់លើសេចក្តីទៀងត្រង់របស់អ្នកដទៃ។ ចូរបើកចិត្តឱ្យទូលាយ និងស្វាគមន៍ចំពោះអ្នកចូលរួមកែសម្រួលថ្មីៗ។ ប្រសិនបើមានជម្លោះកើតឡើង សូមពិភាក្សាដោយនឹងនរ នៅលើទំព័រពិភាក្សាដែលសមស្រប និងអនុវត្តតាមនីតិវិធីដោះស្រាយវិវាទ ហើយចងចាំថានៅមានអត្ថបទជាភាសាខ្មែររាប់ពាន់ផ្សេងទៀត ដែលត្រូវកែលម្អនិងពិភាក្សា។
វិគីភីឌាគ្មានបទបញ្ញត្តិច្បាស់លាស់ទេ

វិគីភីឌាមានបទបញ្ញត្តិ និងការណែនាំ ប៉ុន្តែមិនបានចងក្រងច្បាស់លាស់ទេ។ ខ្លឹមសារ និងការបកស្រាយនៃបទបញ្ញត្តិ និងការណែនាំទាំងនោះអាចប្រែប្រួលតាមពេលវេលា។ គោលការណ៍ និងស្មារតីមានសារៈសំខាន់ជាងពាក្យពេចន៍ ហើយជួនកាលការកែលម្អលើវិគីភីឌាក៏ត្រូវមានការលើកលែងដែរ។ ចូរមានភាពក្លាហាន ប៉ុន្តែមិនធ្វេសប្រហែសក្នុងការធ្វើបច្ចុប្បន្នភាពលើអត្ថបទ។ សូមកុំធុញថប់នឹងការធ្វើខុស៖ (ស្ទើរតែ) រាល់កំណែអត្ថបទមុនៗ នៃទំព័រនីមួយៗត្រូវបានរក្សាទុក ដូច្នេះកំហុសអាចកែតម្រូវឡើងវិញយ៉ាងងាយស្រួល។