Jump to content

វិគីភីឌា:សសរស្តម្ភទាំងប្រាំ

ពីវិគីភីឌា

គោលការណ៍ជាមូលដ្ឋាននៃ វិគីភីឌា អាចត្រូវបានសង្ខេបជា " សសរស្តម្ភ " ចំនួនប្រាំ (គោលការណ៍):

វិគីភីឌាគឺជាសព្វវចនាធិប្បាយ

វិគីភីឌា រួមបញ្ចូលគ្នានូវសព្វវចនាធិប្បាយដែលមានលក្ខណៈទូទៅនិងឯកទេស រួមទាំងឯកសារ​ព្រឹត្តិការណ៍​និង​ភូមិសាស្ត្រ​នានា។ វិគីភីឌាមិនមែន ជាកន្លែងរញ៉េរញ៉ៃ, វេទិកាផ្សាយពាណិជ្ជកម្ម, សារព័ត៌មានឥតប្រយោជន៍, ការពិសោធអំពីអនាធិបតេយ្យប្រជាធិបតេយ្យ,ការ​ប្រមូលផ្ដុំព័ត៌មានមិនរើសមុខ ឬ កន្លែង​ប្រមូលផ្ដុំ​តំណ​គេហទំព័រ នោះទេ។ វាក៏មិនមែនជាវចនានុក្រម, កាសែត, ឬ បណ្ដុំ​ប្រភព​ឯកសារ​ណាមួយ បើទោះបីជា គម្រោងមួយចំនួនរបស់វិគីភីឌាធ្វើដូច្នេះក៏ដោយ។

វិគីភីឌាត្រូវបានសរសេរតាមទស្សនៈអព្យាក្រឹត

យើងខិតខំស្វែងរកអត្ថបទដែលមិនលំអៀង ដែលចងក្រងជាឯកសារ និងពន្យល់អំពីទស្សនៈសំខាន់ៗជាច្រើន ដោយផ្តល់ ទម្ងន់ ទៅលើសារៈសំខាន់របស់វា។ យើងជៀសវាងការតស៊ូមតិ ហើយយើងកំណត់លក្ខណៈនៃព័ត៌មាន និងបញ្ហាជាជាងការជជែកវែកញែក។ នៅក្នុងផ្នែកខ្លះ ប្រហែលជាមានទស្សនៈមួយចំនួនដែលត្រូវបានទទួលស្គាល់យ៉ាងល្អ។ ប៉ុន្តែនៅក្នុងផ្នែកផ្សេងទៀត យើងពិពណ៌នាអំពីទស្សនៈជាច្រើន ដោយបង្ហាញយ៉ាងត្រឹមត្រូវតាមបរិបទ ជាជាងការបង្ហាញ "ការពិត" ឬ "ទិដ្ឋភាពដ៏ល្អបំផុត"។ អត្ថបទ ទាំងអស់ត្រូវសរសេរឱ្យបានត្រឹមត្រូវ​ ហ្មត់ចត់ដែលដកស្រង់ចេញពីប្រភពដែលអាចទុកចិត្តបាន និងទទួលការអនុញ្ញាត ជាពិសេសចំពោះប្រធានបទដែលមានភាពចម្រូងចម្រាស ឬនិយាយអំពីមនុស្សនៅមានជីវិត។ វិគីភីឌាមិនអនុញ្ញាតឱ្យអ្នកកែសម្រួលបង្ហាញអំពីបទពិសោធ ការបកស្រាយ ឬមតិផ្ទាល់ខ្លួនឡើយ។

វិគីភីឌាគឺជាមាតិកាសេរីដែលនរណាម្នាក់ក៏អាចប្រើកែសម្រួល និងចែកចាយបាន

ដោយសារតែអ្នកកែសម្រួលទាំងអស់ អាចចូលរួមធ្វើការងាររបស់ពួកគេដោយសេរី ដូច្នេះគ្មានអ្នកកែសម្រួលណាម្នាក់ ជាម្ចាស់នៃអត្ថបទណាមួយឡើយ ហើយរាល់អត្ថបទដែលបានចូលរួមណាមួយក៏ដោយ ក៏អាចត្រូវបានកែសម្រួល និង ចែកចាយឡើងវិញដោយសេរីដែរ។ ត្រូវគោរពច្បាប់កម្មសិទ្ធិបញ្ញា ហើយមិនត្រូវលួចចម្លងពីប្រភពណាមួយឡើយ។ ការប្រើប្រាស់ប្រភពព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយមិនសេរី ជួនកាលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដោយសមរម្យតាមការគួរ ប៉ុន្តែសូមព្យាយាមស្វែងរកប្រភពព័ត៌មានចេញពីប្រព័ន្ធផ្សព្វផ្សាយសេរី។

អ្នកកែសម្រួលវិគីភីឌាគួរតែគោរពចំពោះគ្នាទៅវិញទៅមកដោយសុជីវធម៌

ត្រូវគោរពអ្នកកែសម្រួលវិគីភីឌាដទៃទៀត ទោះបីជានៅពេលអ្នកមិនយល់ស្របគ្នាក៏ដោយ។ ត្រូវអនុវត្តក្រមសីលធម៌វិគីភីឌា ហើយមិនត្រូវបញ្ចូលការវាយប្រហារផ្ទាល់ខ្លួន។ សូមស្វែងរក ឯកភាព និងជៀសវាងជម្លោះនៃការកែសម្រួល ហើយសូមកុំប្រើវិគីភីឌាជាសមរភូមិប្រយុទ្ធ។ ត្រូវអនុវត្តដោយ​សេចក្តី​ស្មោះត្រង់ ហើយជឿជាក់លើ​សេចក្តី​ស្មោះត្រង់របស់​អ្នក​ដទៃ។ ចូរបើកចិត្តឱ្យទូលាយ និងស្វាគមន៍ចំពោះអ្នកកែសម្រួលថ្មី។ ប្រសិនបើជម្លោះកើតមានឡើង សូមពិភាក្សាដោយស្ងប់ស្ងាត់នៅលើទំព័រពិភាក្សាដែលសមស្រប និងអនុវត្តតាមនីតិវិធីដោះស្រាយវិវាទ ហើយពិចារណាថាមានអត្ថបទជាភាសាខ្មែររាប់ពាន់ ផ្សេងទៀតនៅលើវិគីភីឌាដែលត្រូវកែលម្អ និងពិភាក្សា។

វិគីភីឌាគ្មានបទបញ្ញត្តិច្បាស់លាស់ទេ

វិគីភីឌាមានបទបញ្ញត្តិ និងការណែនាំ ប៉ុន្តែមិនបានចងក្រងច្បាស់លាស់ទេ។ ខ្លឹមសារ និងការបកស្រាយនៃបទបញ្ញត្តិ និងការណែនាំទាំងនោះអាចប្រែប្រួលតាមពេលវេលា។ គោលការណ៍ និង​ស្មារតី​មាន​សារៈសំខាន់​ជាង​ពាក្យ​ពេចន៍ ហើយ​ជួនកាល​ការ​កែលម្អ​លើវិគីភីឌា​ក៏ត្រូវ​មាន​ការ​លើក​លែងដែរ។ ចូរមានភាពក្លាហាន ប៉ុន្តែមិនធ្វេសប្រហែសក្នុងការធ្វើបច្ចុប្បន្នភាពលើអត្ថបទ។ សូមកុំធុញថប់នឹងការធ្វើខុស៖ (ស្ទើរតែ) រាល់កំណែអត្ថបទមុនៗ នៃទំព័រនីមួយៗត្រូវបានរក្សាទុក ដូច្នេះកំហុសអាចកែតម្រូវឡើងវិញយ៉ាងងាយស្រួល។