ព្រះធម្មចក្កប្បវត្តនសូត្រ
អន្តធម៌២យ៉ាង
ឯវម្មេ សុតំ សូត្រនេះ (ឈ្មោះធម្មចក្កប្បវត្តនសូត្រ) គឺខ្ញុំ (ឈ្មោះអានន្ទ) បានស្ដាប់មកហើយ យ៉ាងនេះថា៖ សម័យមួយ ក្នុងថ្ងៃ 15 កើត ខែអាសាឍ ព្រះពុទ្ធទ្រង់គង់នៅក្នុងព្រៃឥសិបតនមិគទាយវ័ន ជិតក្រុងពារាណសី (បច្ចុប្បន្នហៅថា សារនាថ ក្រុងពារាណសី ប្រទេសឥណ្ឌា ) ។ ព្រះពុទ្ធទ្រង់ត្រាស់ហៅ បញ្ចវគ្គិយភិក្ខុទាំងឡាយ (សាវគ្គ ៥ អង្គដែលបានបំរើព្រះពុទ្ធ មុនដែលព្រះអង្គបានត្រាស់ដឹង) ក្នុងទីនោះឯង ឲ្យតាំងចិត្តស្ដាប់នូវភាសិតនេះថា ៖ ម្នាល ភិក្ខុទាំងឡាយ អន្តធម៌ គឺធម៌ជាផ្លូវប្រតិបត្តិអមខាង ដ៏លាមកអាក្រក់ទាំងឡាយពីរប្រការនេះ បព្វជិតមិនគួរសេពគប់ គឺថាមិនគួរប្រព្រឹត្តឡើយ (នេះជាបឋមទេសនារបស់ព្រះពុទ្ធ) ។ អន្តធម៌ ទាំងឡាយពីរយ៉ាងនោះដូចម្តេច?
· កាមសុខល្លិកានុយោគៈ ធម៌ណាដែលប្រកបខ្លួនឲ្យជាប់ជំពាក់ដោយកាម ក្នុងកាមទាំងឡាយ ជាធម៌ថោកទាប ជាធម៌របស់អ្នកស្រុក ជាធម៌របស់បុថុជ្ជន មិនមែនជារបស់អរិយបុគ្គលទេ មិនប្រកបដោយប្រយោជន៍ឡើយ ។
· អត្តកិលមថានុយោគៈ ធម៌ណាដែលប្រកប សេចក្ដីលំបាកដល់ខ្លួន ជាហេតុនាំឲ្យលំបាកកាយទទេ មិនមែនជារបស់ អរិយបុគ្គលទេ មិនប្រកបដោយប្រយោជន៍ឡើយ ។
ម្នាលភិក្ខុទាំងឡាយ សេចក្ដីប្រតិបត្តិជាកណ្តាលមិនលាយច្រឡំដោយអន្តធម៌ទាំងឡាយពីរយ៉ាងនេះឯង ដែលតថាគត បានត្រាស់ដឹងហើយ ជាសេចក្ដីប្រតិបត្តិធ្វើឲ្យកើតបញ្ញាចក្ខុ (ការឃើញដោយប្រាជ្ញា) ធ្វើឲ្យកើតសេចក្ដីដឹងច្បាស់ប្រាកដ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្ដីស្ងប់រម្ងាប់ ដើម្បីសេចក្ដីដឹងចំពោះ ដើម្បីសេចក្ដីដឹងដោយប្រពៃ ដើម្បីសេចក្ដីរំលត់ទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ សេចក្ដី ប្រតិបត្តិជាកណ្តាល ដែលតថាគតបានត្រាស់ដឹងហើយ ជាសេចក្ដីប្រតិបត្តិធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្ដីដឹងច្បាស់ប្រាកដ រមែងប្រព្រឹត្តទៅដើម្បីសេចក្ដីស្ងប់រម្ងាប់ ដើម្បីសេចក្ដីដឹងចំពោះ ដើម្បីសេចក្ដីដឹងដោយប្រពៃ ដើម្បីសេចក្ដីរំលត់ទុក្ខនោះ តើដូចម្តេច?
ផ្លូវកណ្តាល
អរិយដ្ឋង្គិកមគ្គៈ គឺធម៌ដូចជាផ្លូវ មានអង្គ ៨ ដ៏ប្រសើរនេះឯង (ហៅថា សេចក្ដីប្រតិបត្តិជាកណ្តាល) ។ អដ្ឋង្គិកមគ្គនោះ ដូចម្តេច?
· សម្មាទិដ្ឋិ ប្រាជ្ញាយល់ឃើញត្រូវ
· សម្មាសង្កប្ប សេចក្ដីត្រិះរិះត្រូវ
· សម្មាវាចា សម្តីត្រូវ
· សម្មាកម្មន្ត ការងារត្រូវ
· សម្មាអាជីវៈ កិរិយាចិញ្ចឹមជីវិតត្រូវ
· សម្មាវាយាម ព្យាយាមត្រូវ
· សម្មាសតិ សេចក្ដីរលឹកត្រូវ
· សម្មាសមាធិ កិរិយាតម្កល់ចិត្តឲ្យនឹងត្រូវ ។
ម្នាលភិក្ខុទាំងឡាយ អដ្ឋង្គិកមគ្គនេះឯងដែលហៅថា សេចក្ដីប្រតិបត្តិជាកណ្តាល ដែលតថាគតបានត្រាស់ដឹងហើយ ជាសេចក្ដីប្រតិបត្តិធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្ដីដឹងច្បាស់ប្រាកដ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្ដីស្ងប់រម្ងាប់ ដើម្បីសេចក្ដី ដឹងចំពោះ ដើម្បីសេចក្ដីដឹងដោយប្រពៃ ដើម្បីសេចក្ដីរំលត់ទុក្ខ ។
លក្ខណៈនៃអរិយសច្ច ៤
ទុក្ខអរិយសច្ច (សេចក្ដីលំបាក, ភាវៈដែលអត់ធន់បានដោយពិបាក)
ម្នាលភិក្ខុទាំងឡាយ ជាតិ គឺកិរិយាកើតនៃខន្ធ ជាហេតុនាំមកនូវទុក្ខ ជរា គឺកិរិយាចាស់គ្រាំគ្រានៃខន្ធ ក៏ជាហេតុនាំមកនូវ ទុក្ខ (ព្យាធិ គឺជម្ងឺដំកាត់ទាំងឡាយ ក៏ជាហេតុនាំមកនូវទុក្ខ) មរណៈ គឺកិរិយាបែកធ្លាយនៃខន្ធ ក៏ជាហេតុនាំមកនូវទុក្ខ សេចក្ដី សោកខ្សឹកខ្សួលទុក្ខទោមនស្ស និងសេចក្ដីចង្អៀងចង្អល់ចិត្តទាំងឡាយ ក៏ជាហេតុនាំមកនូវទុក្ខ កិរិយាប្រកបដោយសត្វនិងសង្ខារ ទាំងឡាយ ដែលមិនជាទីស្រឡាញ់ពេញចិត្ត ក៏ជាហេតុនាំមកនូវទុក្ខ កិរិយាព្រាត់បា្រសចាកសត្វនិងសង្ខារទាំងឡាយ ដែលជាទី ស្រឡាញ់ពេញចិត្ត ក៏ជាហេតុនាំមកនូវទុក្ខ ។ កាលបើចង់បាននូវវត្ថុណាមួយហើយ មិនបាននូវវត្ថុនោះ កិរិយាមិនបាននោះ ក៏ជាហេតុនាំមកនូវទុក្ខ ឧបាទានក្ខន្ធទាំងឡាយ ៥ ដែលតថាគតសម្តែងហើយដោយបំព្រួញ ក៏ជាហេតុនាំមកនូវទុក្ខ កងទុក្ខមាន ជាតិជាដើមនេះ ឈ្មោះថា ទុក្ខអរិយសច្ច ។
ទុក្ខសមុទយអរិយសច្ច (មូលហេតុនាំឲ្យកើតសេចក្ដីទុក្ខ)
ម្នាលភិក្ខុទាំងឡាយ តណ្ហាឯណា ដែលរមែងតាក់តែងនូវភពថ្មី ប្រកបដោយតម្រេកដោយអំណាចនៃសេចក្ដីត្រេក ត្រអាល មានកិរិយារីករាយក្នុងអារម្មណ៍នោះៗ ជាប្រក្រតី តណ្ហានោះដូចម្តេចខ្លះ? (តណ្ហានោះ) គឺកាមតណ្ហា ១ (ចំណង់ក្នុងកាម) ភវតណ្ហា ១ (ចំណង់មានជាតិកំណើត) វិភវតណ្ហា ១(ចំណង់អស់ជាតិកំណើត) ។ តណ្ហាទាំង៣នេះ ឈ្មោះថា ទុក្ខសមុទយអរិយសច្ច ។
ទុក្ខនិរោធអរិយសច្ច (សេចក្ដីរំលត់បង់នៃទុក្ខ)
ម្នាលភិក្ខុទាំងឡាយ កិរិយារំលត់បង់នូវតណ្ហានោះ ដោយអរិយមគ្គមិនឲ្យមានសេសសល់ កិរិយាលះបង់នូវតណ្ហានោះ កិរិយារលាស់ចោលនូវតណ្ហានោះ កិរិយារួចផុតចាកតណ្ហានោះ កិរិយាមិនមានអាល័យក្នុងតណ្ហានោះឯណា កិរិយារំលត់បង់នូវ តណ្ហា ដោយអរិយមគ្គមិនឲ្យមានសេសសល់ជាដើមនេះឯង ឈ្មោះថា ទុក្ខនិរោធអរិយសច្ច ។
ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច (បដិបត្តិឆ្ពោះទៅកាន់សេចក្ដីរំលត់ទុក្ខ)
ម្នាលភិក្ខុទាំងឡាយ អដ្ឋង្គិកមគ្គ ដ៏ប្រសើរនេះឯងដូចម្តេចខ្លះ? គឺ អរិយអដ្ឋងគិកមគ្គ ឬហៅមួយយ៉ាងទៀតថា មជ្ឈិមាបដិបទា (បដិបត្តិផ្លូវខ្សែកណ្តាល ) ។ អរិយអដ្ឋងគិកមគ្គ ជាផ្លូវមានអង្គ ៨ ប្រការ សរុបក៏នៅក្នុងត្រៃសិក្ខា គឺ សីល សមាធិ បញ្ញា ៖
· សម្មាទិដ្ឋិ ប្រាជ្ញាយល់ឃើញត្រូវ
· សម្មាសង្កប្ប សេចក្ដីត្រិះរិះត្រូវ
· សម្មាវាចា សម្តីត្រូវ
· សម្មាកម្មន្ត ការងារត្រូវ
· សម្មាអាជីវៈ កិរិយាចិញ្ចឹមជីវិតត្រូវ
· សម្មាវាយាម ព្យាយាមត្រូវ
· សម្មាសតិ សេចក្ដីរលឹកត្រូវ
· សម្មាសមាធិ កិរិយាតម្កល់ចិត្តឲ្យនឹងត្រូវ ។
អដ្ឋង្គិកមគ្គដ៏ប្រសើរនេះឯង ឈ្មោះថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ។
ញាណទាំង ៣ ប្រការ
កាលត្រាស់ទេសនា នូវលក្ខណៈនៃអរិយសច្ច ៤ ប្រការដូច្នេះហើយ ទើបត្រាស់ទេសនានូវញាណទាំង ៣ ប្រការ គឺសច្ចញ្ញាណ ១ កិច្ចញ្ញាណ ១ កតញ្ញាណ ១ ឲ្យទូទៅក្នុងអរិយសច្ច ៤ តទៅទៀត ៖
ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្ដាប់ថា នេះជាទុក្ខអរិយសច្ច ដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្ដាប់ថា នេះជាទុក្ខអរិយសច្ច នេះឯង គួរតែកំណត់ដឹងដោយបញ្ញាដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្ដាប់ថា នេះជាទុក្ខអរិយសច្ច នេះឯង តថាគតកំណត់ដឹងបានហើយដូច្នេះឡើយ ។
ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្ដាប់ថា នេះជាទុក្ខសមុទយអរិយសច្ច ដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្ដាប់ថា នេះជាទុក្ខសមុទយអរិយសច្ចនេះឯងគួរតែលះបង់ ដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្ដាប់ថា នេះជាទុក្ខសមុទយអរិយសច្ចនេះឯង តថាលះបង់បានហើយ ដូច្នេះឡើយ ។
ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្ដាប់ថា នេះជាទុក្ខនិរោធអរិយសច្ច ដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្ដាប់ថា នេះជាទុក្ខនិរោធអរិយសច្ចនេះឯងគួរតែធ្វើឲ្យជាក់ច្បាស់ ដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្ដាប់ថា នេះជាទុក្ខនិរោធអរិយសច្ចនេះឯង តថាគតធ្វើឲ្យជាក់ច្បាស់បានហើយ ដូច្នេះឡើយ ។
ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្ដាប់ថា នេះជាទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្ដាប់ថា នេះជាទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចនេះឯង គួរតែចម្រើនឲ្យកើតឡើង ដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្ដាប់ថា នេះជាទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចនេះឯង តថាគតចម្រើនឲ្យកើតបានហើយ ដូច្នេះឡើយ ។
ម្នាលភិក្ខុទាំងឡាយ ប្រាជ្ញាដែលដឹងច្បាស់ ឃើញច្បាស់ តាមពិត មានបរិវដ្តៈ ៣ (សច្ចញ្ញាណ ១ កិច្ចញ្ញាណ ១ កតញ្ញាណ ១) មានអាការៈ ១២ យ៉ាងនេះ (បរិវដ្តៈ ៣ នោះឯងវិលទៅដូចជាចក្រ ក្នុងសច្ចៈទាំង ៤ គឺក្នុងទុក្ខសច្ច ៣ ទុក្ខសមុទយសច្ច ៣ ទុក្ខនិរោធសច្ច ៣ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច៣ ផ្សំគ្នាជា ១២ ហៅថាអាការៈ ១២) (ប្រព្រឹត្តទៅ) ក្នុងអរិយសច្ចទាំងឡាយ ៤ នៅមិនទាន់បរិសុទ្ធល្អ មានដល់តថាគត អស់កាលត្រឹមណា ។ ម្នាលភិក្ខុទាំងឡាយ តថាគតក៏មិនទាន់ប្តេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ ឥតមានសេចក្ដីដឹងឯទៀត ក្រៃលែងជាង ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រះទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស អស់កាលត្រឹមណោះ នៅឡើយទេ ។ ម្នាលភិក្ខុទាំងឡាយ ក៏បញ្ញាដែលដឹងច្បាស់ ឃើញច្បាស់តាមពិត មានបរិវដ្តៈ ៣ មានអាការៈ ១២ យ៉ាងនេះ (ប្រព្រឹត្តទៅ) ក្នុងអរិយសច្ចទាំងឡាយ ៤ នេះ បរិសុទ្ធល្អ មានដល់តថាគត ក្នុងកាលណា ។ ម្នាលភិក្ខុទាំងឡាយ តថាគតប្តេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ ឥតមានសេចក្ដីដឹងឯទៀតក្រៃលែង ជាង ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិ ទេព និងមនុស្សដ៏សេស ក្នុងកាលណោះឯង ។ ក៏បញ្ញាដែលដឹងច្បាស់ ឃើញច្បាស់ កើតឡើងហើយ ដល់តថាគត ដូច្នេះថា សេចក្ដីរួចផុតវិសេសរបស់តថាគត មិនប្រែ ត្រឡប់កម្រើកទៀតឡើយ ជាតិនេះ ក៏ជាទីបំផុតត្រឹមនេះហើយ ឥឡូវនេះ ភពថ្មី គឺការត្រឡប់កើតទៀត ក៏មិនមានឡើយ ។
ព្រះដ៏មានព្រះភាគ បានត្រាស់ទេសនាព្រះធម្មចក្កប្បវត្តនសូត្រនេះ (ចប់ ហើយ) បញ្ចវគ្គិយ៍ភិក្ខុទាំងឡាយ ក៏មានចិត្ត ត្រេកអរ រីករាយនឹងភាសិតរបស់ព្រះដ៏មានព្រះភាគដោយក្រៃពេក ។ នាកាលវេយ្យាករណ៍ គឺព្រះសូត្រដែលឥតមានគាថានេះ ដែលព្រះដ៏មានព្រះភាគកំពុងត្រាស់ទេសនា ធម្មចក្ខុគឺ សោតាបត្តិមគ្គ ដ៍ប្រាសចាកធូលីគឺរាគៈ ប្រាសចាកមន្ទិលគឺអកុសលកើតឡើយហើយ ដល់ព្រះកោណ្ឌញ្ញៈដ៏មានអាយុថា៖ (យង្កិញ្ចិ សមុទយធម្មំ សព្វន្តំ និរោធធម្មន្តិ) ធម្មជាតិណាមួយ មានកិរិយាកើតឡើងជាធម្មតា ធម្មជាតិនោះទាំងអស់ មានកិរិយារលត់ទៅជាធម្មតា ។ ក៏នាកាលព្រះធម្មចក្កប្បវត្តនសូត្រ គឺព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ទេសនាចប់ហើយ ភុម្មទេវតាទាំងឡាយ ក៏ញ៉ាំង សំឡេងឲ្យឮឡើងដូច្នេះថា ចក្រគឺធម៌នេះ ឥតមានចក្រឯណាមួយក្រៃលែងជាង គឺសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី អ្នកឯណានីមួយក្តី ក្នុងលោកសម្តែងពុំបានឡើយ មានតែព្រះដ៏មានព្រះភាគ ព្រះអង្គត្រាស់សម្តែងហើយ ក៏ញ៉ាំងសំឡេងឲ្យលាន់ឮ ឡើង (ដោយសេចក្ដីសរសើរដូចគ្នា) ។
ទេវតាទាំងឡាយក្នុងជាន់ចាតុម្មហារាជ បានឮសំឡេងនៃភុម្មទេវតាទាំងឡាយហើយ ក៏ញ៉ាំងសំឡេងឲ្យលាន់ឮឡើង (ដោយសេចក្ដីសរសើរដូចគ្នា) ។ ទេវតាទាំងឡាយក្នុងជាន់តាវតឹង្ស បានឮសំឡេងនៃទេវតាជាន់ចាតុម្មហារាជហើយ ក៏ញ៉ាំងសំឡេងឲ្យលាន់ឮឡើង (ដោយសេចក្ដីសរសើរដូចគ្នា) ។ ទេវតាទាំងឡាយក្នុងជាង់យាមា បានឮសំឡេងនៃទេវតាជាន់តាវតឹង្សហើយ ក៏ញ៉ាំងសំឡេងឲ្យលាន់ឮឡើង (ដោយសេចក្ដី សរសើរដូចគ្នា) ។ ទេវតាទាំងឡាយក្នុងជាន់តុសិត បានឮសំឡេងនៃទេវតាក្នុងជាន់យាមាហើយ ក៏ញ៉ាំងសំឡេងឲ្យលាន់ឮឡើង (ដោយ សេចក្ដីសរសើរដូចគ្នា) ។ ទេវតាទាំងឡាយក្នុងជាន់និម្មានរតី បានឮសំឡេងនៃទេវតាជាន់តុសិតហើយ ក៏ញ៉ាំងសំឡេងឲ្យលាន់ឮឡើង (ដោយ សេចក្ដីសរសើរដូចគ្នា) ។ ទេវតាទាំងឡាយក្នុងជាន់បរនិម្មិតវសវត្តី បានឮសំឡេងនៃទេវតាជាន់និម្មានរតីហើយ ក៏ញ៉ាំងសំឡេងឲ្យលាន់ឮឡើង (ដោយសេចក្ដីសរសើរដូចគ្នា) ។ ទេវតាទាំងឡាយក្នុងពួកព្រហ្មបានឮសំឡេងនៃទេវតាក្នុងជាន់បរនិម្មិតវសវត្តីហើយ ក៏ញ៉ាំងសំឡេងឲ្យលាន់ឮឡើងដូច្នេះថា ចក្រគឺធម៌នេះ ឥតមានចក្រណាមួយក្រៃលែងជាង គឺសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី អ្នកឯណានីមួយក្តី ក្នុងលោក សម្តែងពុំបានឡើយ មានតែព្រះដ៏មានព្រះភាគ ព្រះអង្គត្រាស់សម្តែងហើយ ក្នុងឥសិបតនមិគទាយវ័ន ជិតក្រុងពារាណសី ។ សំឡេងសាធុការលាន់ឮឡើងទៅដរាបដល់ព្រហ្មលោក ក្នុងខណៈនោះ ក្នុងមួយរំពេចនោះ ដោយអាការលាន់ឮតៗ គ្នាដូច្នេះ ។ ទាំងហ្មឺនលោកធាតុនេះ ក៏កម្រើកញាប់ញ័រទាំងខាងលើ ទាំងខាងក្រោម និងញាប់ញ័រក្នុងទិសទាំងពួង ។ ទាំងរស្មីដ៏រុង រឿងក្រៃពេក នឹងប្រមាណមិនបាន កន្លងលើសទេវានុភាពនៃទេវតាទាំងឡាយ ក៏កើតឡើងប្រាកដក្នុងលោក ។ លំដាប់នោះ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់បន្លឺនូវឧទានវាចាថា (អញ្ញាសិ វត ភោ កោណ្ឌញ្ញោ អញ្ញាសិ វត ភោ កោណ្ឌញ្ញោ) ឱ! កោណ្ឌញ្ញៈ បានចេះដឹងហើយហ្ន៎ ឱ! កោណ្ឌញ្ញៈ បានចេះដឹងហើយហ្ន៎ ។ ព្រោះហេតុនោះ ពាក្យថា អញ្ញាកោណ្ឌញ្ញៈនេះឯង បានមកជាឈ្មោះនៃព្រះកោណ្ឌញ្ញៈ ដ៏មានអាយុ ។
ឯកសារយោង
ព្រះត្រៃបិដក > វិនយបិដក > មហាវគ្គ (សៀវភៅភាគ៦ ទំព័រទី២៨)