Jump to content

បក្សបដិវត្តន៍ប្រជាជនឡាវ

ពីវិគីភីឌា
បក្សបដិវត្តន៍ប្រជាជនឡាវ
ພັກປະຊາຊົນປະຕິວັດລາວ
បក្សប្រជាជនបដិវត្តន៍ឡាវ
អង្គលេខាធិការបក្សថងលូន ស៊ីស៊ូលីត
សមាជិកអចិន្ត្រៃយ៍ប៊ុនថង ជីតម៉ានី
បង្កើត២២ ឧសភា ១៩៥៥
បក្សមុនគណបក្សកុម្មុយនិស្តឥណ្ឌូចិន
ទីស្នាក់ការកណ្ដាលវៀងចន្ទន៍
សារព័តមានប្រជាជន
ស្លាបយុវជនសហភាព​យុវជន​បដិវត្តន៍​ប្រជាជនឡាវ
ស្លាបយោធាកងកម្លាំងប្រដាប់អាវុធប្រជាជនឡាវ
សមាជិកភាព  (២០២១)៣៤៨,៦៨៦
មនោគមវិជ្ជា
ទំនាក់ទំនងអន្តរជាតិកិច្ចប្រជុំនៃបក្សកុម្មុយនិស្តនិងពលករអន្តរជាតិ
រដ្ឋសភា
១៥៨ / ១៦៤
គេហទំព័រ
pccob.gov.la
ទង់គណបក្ស
នយោបាយនៅឡាវ
គណបក្សនយោបាយ
ការបោះឆ្នោត

បក្សបដិវត្តន៍ប្រជាជនឡាវ (ភាសាលាវ៖ ພັກປະຊາຊົນປະຕິວັດລາວ, បក្សប្រជាជនបដិវត្តន៍ឡាវ) គឺ​ជា​គណបក្ស​កាន់​អំណាចនយោបាយ​តែ​មួយ​គត់​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ។ ឯកាធិភាពរបស់បក្សនេះលើអំណាចរដ្ឋត្រូវបានបញ្ជាក់ដោយមាត្រាបីនៃរដ្ឋធម្មនុញ្ញប្រទេសឡាវ ហើយវាដឹកនាំប្រទេសជាប្រព័ន្ធឯកភូតពោលគឺរដ្ឋាភិបាលមានការគ្រប់គ្រងមជ្ឈការលើសេដ្ឋកិច្ច និងយោធាប្រទេស។

បក្សបដិវត្តន៍ប្រជាជនឡាវត្រូវបានបង្កើតឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៥៥ ដោយអតីតសមាជិកនៃគណបក្សកុម្មុយនិស្តឥណ្ឌូចិន។ ក្រោយនិម្មិតកម្ម បក្សនេះបានដឹកនាំការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលឡាវ និងថែមទាំងបានគាំទ្រកងកម្លាំងវៀតណាមខាងជើងនៅក្នុងសង្រ្គាមប្រឆាំងនឹងសហរដ្ឋអាមេរិកទៀតផង។ ជាលទ្ធផលនៃការបះបោរខាងលើ បក្សបដិវត្តន៍ប្រជាជនឡាវបានឡើងដណ្តើមអំណាចដោយជោគជ័យនៅចុងឆ្នាំ១៩៧៥។ ក្នុងអំឡុងពេលឆ្នាំដំបូងៗក្រោមការដឹកនាំរបស់ខ្លួន បក្សនេះបានពង្រឹងការគ្រប់គ្រងរបស់រដ្ឋលើសង្គម និងបានព្យាយាមបង្កើតសេដ្ឋកិច្ចផែនការដោយផ្អែកលើគំរូរបស់សូវៀត។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ដោយឃើញមានកំណែទម្រង់ទីផ្សារសេរីនៅក្នុងប្រទេសចិននិងវៀតណាម បក្សនេះក៏ចាប់ផ្តើមធ្វើកំណែទម្រង់សេដ្ឋកិច្ចតាមដូចជា ការធ្វើឯកជនភាវូបនីយកម្មក្រុមហ៊ុនរដ្ឋ និងបង្កើតកម្មសិទ្ធិឯកជនឡើងវិញ។

ប្រជាធិបតេយ្យមជ្ឈិមនិយមគឺជាគោលគំនិតដែលបង្កើតឡើងដោយមេដឹកនាំសូវៀតលោកវ្លាឌីមៀរ លេនីនហើយវាក៏ជាជាទម្រង់រចនាសម្ព័ន្ធរបស់បក្សនេះផងដែរ។ គណៈកម្មាធិការបជ្ឈឹមបក្សគឺត្រូវបានគេបោះឆ្នោតជ្រើសរើសនៅក្នុងសមាជជាតិដែលត្រូវជាស្ថាប័នខ្ពស់បំផុតរបស់បក្ស។ នៅចន្លោះសម័យកិច្ចប្រជុំ​សមាជនីមួយៗ​ គណៈកម្មាធិការ​មជ្ឈិមបក្សគឺ​ជា​អ្នក​ធ្វើ​រាល់សេចក្តី​សម្រេចកំពូលៗទាំងឡាយដែលទាក់​ទង​នឹង​កិច្ចការ​របស់បក្ស។ បន្ទាប់ពីបញ្ចប់សមាជ គណៈកម្មាធិការមជ្ឈិមបក្សនឹងត្រូវជ្រើសតាំងការិយាល័យនយោបាយនិងលេខាធិការដ្ឋាន និងព្រមទាំងអគ្គលេខាធិការបក្សផងដែរពោលគឺមន្ត្រីខ្ពស់បំផុតរបស់បក្ស។ នៅចន្លោះសម័យប្រជុំនៃគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយគឺជាស្ថាប័នធ្វើសេចក្តីសម្រេចខ្ពស់បំផុត។ គិតត្រឹមឆ្នាំ២០២១ ការិយាល័យនយោបាយលើកទី ១១ មានសមាជិកចំនួន ១៣ រូប។ មេដឹកនាំគណបក្សបច្ចុប្បន្នគឺលោកថងលូន ស៊ីស៊ូលីតហើយលោកក៏កំពុងកាន់តំណែងមួយចំនួនទៀតផងដែរមានដូចជា អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្ស ប្រធានគណៈកម្មការការពារជាតិនិងសន្តិសុខសាធារណៈ និងនាយករដ្ឋមន្ត្រីឡាវពោលគឺប្រមុខរដ្ឋាភិបាល។

បក្សបដិវត្តន៍ប្រជាជនឡាវគឺប្តេជ្ញាស្មោះត្រង់ចំពោះលទ្ធិកុម្មុយនីស្ត ហើយតែងតែបានចូលរួមក្នុងកិច្ចប្រជុំនៃគណបក្សកុម្មុយនីស្តនិងកម្មករអន្តរជាតិ។ យោងតាមលក្ខន្តិកៈរបស់បក្ស គណបក្សខ្លួនគឺប្រកាន់ខ្ជាប់នូវលទ្ធិម៉ាក្ស–លេនីន និងគោលគំនិតកៃសន ព្រហ្មវិហារ។ បន្ទាប់ពីបានឡើងកាន់អំណាចនៅក្នុងឆ្នាំ១៩៧៥ គណបក្សនេះបានរុះរកវិធីលុបបំបាត់ចោលនូវផលិតកម្មមូលធននិយមភ្លាមៗដើម្បីចាក់គ្រឹះមូលដ្ឋានបង្កើតសង្គមនិយម។ នៅទស្សវត្សរ៍ឆ្នាំ១៩៩០ ទិសដៅរបស់បក្សត្រូវបានផ្លាស់ប្តូរដោយថ្នាក់ដឹកនាំរបស់វាជឿថា ប្រទេសឡាវនូវខ្វះការអភិវឌ្ឍន៍ច្រើនដើម្បីសម្រេចកសាងសង្គមនិយម។ ដូច្នេះ បក្សមួយនេះក៏បានប្រើប្រាស់មូលធននិយមរបស់រដ្ឋជាឧបករណ៍សម្រាប់ធ្វើការឆ្ពោះទៅរកសង្គមនិយម។

ប្រវត្តិ

ដើមកំណើត និងបដិវត្តន៍ជាតិប្រជាធិបតេយ្យ (១៩៤៥–១៩៧៥)

បក្សបដិវត្តន៍ប្រជាជនឡាវគឺកើតចេញពីគណបក្សកុម្មុយនិស្តឥណ្ឌូចិនដែលត្រូវបានបង្កើតឡើងដោយមេដឹកនាំកុម្មុយនីស្តវៀតណាមឈ្មោះហូ ជីមិញនៅអំឡុងខែកុម្ភៈ ឆ្នាំ១៩៣០ តាមបញ្ជាពីអង្គការកុម្មុយនីស្តអន្តរជាតិ[] បក្សកុម្មុយនីស្តឥណ្ឌូចិនមានភារកិច្ច "កម្ចាត់កាកសំណល់សក្តិភូមិ ចែកចាយដីធ្លីទៅឱ្យអ្នកស្រែចម្ការ ផ្ដួលរំលំរបបចក្រពត្តិនិយម និងធ្វើឱ្យតំបន់ឥណ្ឌូចិនទាំងមូលទទួលឯករាជ្យពេញលេញ"។[] ដំបូងឡើយគណបក្សមួយនេះមានឈ្មោះថា"បក្សកុម្មុយនីស្តវៀតណាម"ក៏ព្រោះតែសមាជិកភាគច្រើនជាជនជាតិវៀតណាម ប៉ុន្តែអង្គការកុម្មុយនីស្តអន្តរជាតិបានសម្តែងនូវការមិនពេញចិត្តពីព្រោះឈ្មោះរបស់វានេះបានបង្ហាញពីអត្តសញ្ញាណជាតិវៀតណាមតែមួយដោយអង្គការនេះជឿថា កម្មករពលករវៀតណាម ខ្មែរ និងឡាវគឺមានភាពដូចគ្នាច្រើនជាងភាពខុសគ្នា។[] ទោះជាបានប្តូរឈ្មោះមក"គណបក្សឥណ្ឌូចិន"មែនប៉ុន្តែតាមការពិត បក្សនេះនូវតែគ្រប់គ្រងនិងដឹកនាំដោយជនជាតិវៀតណាមរហូតទាន់តែដល់ថ្ងៃរំលាយបក្សជាផ្លូវការពោលគឺនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៤៥ នៅពេលដែលបដិវត្តន៍ជាតិប្រជាធិបតេយ្យបានប្រកាសដំណើរការនៅក្នុងតំបន់ឥណ្ឌូចិន។[] នៅក្នុងឆ្នាំ១៩៤៦ សមាជិកបក្សឥណ្ឌូចិនសម្ងាត់មួយចំនួនបានចាប់ផ្តើមចេញរកកេណ្ឌកម្មាភិបាលកុម្មុយនីស្តជនជាតិឡាវឱ្យចូលរួមក្នុងចលនារបស់ខ្លួន។[] លោកកៃសន ព្រហ្មវិហារដែលមានដើមកំណើតជាជនជាតិឡាវកាត់វៀតណាមត្រូវបានគេជ្រើសរើសជាសមាជិកម្នាក់នៅចន្លោះឆ្នាំ១៩៤៦–៤៧ ខណៈដែលខ្លួនកំពុងជានិស្សិតសិក្សានៅសាកលវិទ្យាល័យទីក្រុងហាណូយ[] តែទោះជាយ៉ាងណាក្តី កង្វះអ្នកតំណាងឡាវនូវតែជាបញ្ហាដ៏ធំមួយនៅក្នុងចលនា។[] គិងត្រឹមខែកុម្ភៈ ឆ្នាំ១៩៥១ សមាជិកជាជនជាតិឡាវមានចំនួនតែ ៨១ នាក់ប៉ុណ្ណោះប្រើប្រៀបធៀនទៅនឹងសមាជិកសរុបចំនួន ២,០៩១ នាក់។[]

នៅខែកុម្ភៈ ឆ្នាំ១៩៥១ បក្សឥណ្ឌូចិនលាក់មុខមួយនេះបានកោះប្រជុំសមាជជាតិលើកទីពីរហើយបានសម្រេចប្តូរឈ្មោះទៅ គណបក្សពលករវៀតណាម[] ភ្លាមៗបន្ទាប់ពីសមាជជាតិលើកទីពីរបានបញ្ចប់ សម្ព័ន្ធភាពវៀតណាម-ឡាវ-ខ្មែរត្រូវបានប្រកាសឡើងដោយមានការប្តេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងអាណានិគមនិយមបារាំង និងចក្រពត្តិនិយមអាមេរិកនៅក្នុងតំបន់។[] នៅក្នុងឆ្នាំ១៩៥២ បក្សពលករវៀតណាមបានបង្កើត"គណៈកម្មាធិការដើម្បីអង្គការបក្ស"ដែលមានសមាជិកចំនួនប្រាំរូបដូចជា លោកកៃសន ព្រហ្មវិហារ (ជាលេខា) នូហាក់ ភូមសៈវ៉ាន់ ស្រីសាវត្ត កែវប៊ុនផាន ប៊ុន ពុំមហសាយ និងខាមសែន[][] ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ បក្សពួកកុម្មុយនីស្តជាច្រើនត្រូវបាននិម្មិតឡើងនៅទូទាំងប្រទេសឡាវ។ ហើយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៥៥ សមាជប្រជុំបក្សលើកទីមួយត្រូវបានប្រព្រឹត្តិទៅនិងជាលទ្ធផល ក៏បង្កើតបានចេញជាបក្សប្រជាជនឡាវ (ប.ប.ឡ.)។[] ប៉ុន្តែអ្វីៗទាំងអស់មិនបានដំណើរការទៅដូចផែនការនោះទេ ព្រោះថា ប.ប.ឡ ត្រូវបានរាជរដ្ឋាភិបាលឡាវនាពេលនោះបោសសម្អាតនិងបំផ្លាញស្ទើរអស់ទាំងស្រុងនៅអំឡុងឆ្នាំ១៩៥៩។[] វៀតណាមខាងជើងបានប្រតិកម្មដោយបង្កើនការគាំទ្ររបស់ពួកគេចំពោះ ប.ប.ឡ. និងយោធារបស់ខ្លួនហៅប៉ៈថេតឡាវ[] ហើយនៅដើមទសវត្សរ៍១៩៦០ គណបក្សនេះបានគ្រប់គ្រងលើទឹកដីប្រទេសឡាវជិតពាក់កណ្តាល។[] ថ្វីត្បិតតែខ្លួនជាកម្លាំងនាំមុខនៅពីក្រោយសកម្មភាពបះបោរពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៧៥ មែនក៏គណបក្សនេះនូវតែបន្តរក្សាភាពសម្ងាត់របស់ខ្លួនដោយចូលចិត្តដឹកនាំសកម្មភាពរបស់ពួកគេតាមរយៈសាខារណសិរ្ស។ ជនជាតិឡាវភាគតិចណាស់ដែលបានដឹងអំពីអត្ថិភាពរបស់បក្ស ឬក៏ឈ្មោះមេដឹកនាំរបស់ខ្លួនក្នុងអំឡុងពេលនោះ។[] នៅខែកុម្ភៈ ឆ្នាំ១៩៧២ សមាជជាតិលើកទីពីរត្រូវបានប្រព្រឹត្តិធ្វើឡើងហើយឈ្មោះផ្លូវការរបស់បក្សក៏បានប្តូរមក "បក្សបដិវត្តន៍ប្រជាជនឡាវ" រហូតដល់សព្វថ្ងៃ។[]

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ១៩៧៣ បន្ទាប់ពីឆ្លងកាត់សឹកសង្រ្គាមអស់រយៈពេលជាច្រើនឆ្នាំ ទីបំផុតកិច្ចព្រមព្រៀងសន្តិភាពមួយក៏ត្រូវបានរៀបចំធ្វើឡើងជាមួយរាជរដ្ឋាភិបាលឡាវ។[] រដ្ឋាភិបាលឯកភាពជាតិបណ្តោះអាសន្នត្រូវបានបង្កើតឡើងដោយមានសមាជិកជាអ្នកនយោបាយកុម្មុយនីស្តតែស្ថិតក្រោមការដឹកនាំដោយអ្នកនយោបាយរាជានិយមម្នាក់គឺសុវណ្ណភូមា[] ស្រដៀងគ្នាទៅនឹងវៀតណាមខាងត្បូងដែរ រាជរដ្ឋាភិបាលឡាវថ្មីនេះត្រូវប្រឈមមុខនឹងការបះបោរឥតឈប់ឈរពីឆ្នាំ១៩៧៤ ដល់ឆ្នាំ១៩៧៥។[] ចាប់ពីខែធ្នូ ឆ្នាំ១៩៧៤ ដល់ខែមករា ឆ្នាំ១៩៧៥ កងកម្លាំងរាជានិយមនៅស្រុកហួយសៃនៃខេត្តហួកុង (បច្ចុប្បន្នហៅហួផាន់) និងនៅតាមខេត្តខាំមួនបាននាំគ្នាងើបបះបោរប្រឆាំងនឹងរដ្ឋាភិបាលក៏ព្រោះតែវាមានទំនោរទៅរកពួកកុម្មុយនីស្ត។[] ប្រតិកម្មទៅនឹងព្រឹត្តិការណ៏ដែលកំពុងលាតត្រដាង ភាគីប៉ៈថេតឡាវបានចេញគ្រប់គ្រងផ្លូវសាធារណៈដែលនាំទៅដល់ទីក្រុងវៀងចន្ទន៍ដែលនាំឱ្យមានការកាត់ផ្តាច់ស្បៀងអាហារនិងគ្រឿងផ្គត់ផ្គង់ទាំងឡាយទៅរាជធានី។[] នៅអំឡុងខែមេសានិងខែឧសភា បាតុកម្មប្រឆាំងរាជរដ្ឋាភិបាលក្នុងក្រុងមួយបានកើតឡើងដែលជាហេតុនាំឱ្យសមាជិកគណៈរដ្ឋមន្ត្រីចំនួនប្រាំរូបសម្រេចលាលែងចេញពីតំណែង។[១០] ដើម្បីជួយស្រោចសង្គ្រោះរាជាធិបតេយ្យនៅឡាវកុំឱ្យរលាយ រាជរដ្ឋាភិបាលបានប្រកាសពីការបោះឆ្នោតថ្មីមួយសម្រាប់ឆ្នាំ១៩៧៦។[១១] នៅថ្ងៃទី២៦ ខែវិច្ឆិកា អ្នកតំណាងបក្សបដិវត្តន៍ប្រជាជនឡាវបាន"បញ្ចុះបញ្ចូល"អ្នករាជានិយមឱ្យលះបង់ទ្រព្យសម្បត្តិរាជវង្ស និងដាក់រាជ្យដោយ"ស្ម័គ្រចិត្ត"។[១២] ជាងចុងក្រោយ បក្សនេះបានកោះប្រជុំសភាតំណាងប្រជាជនទូទាំងប្រទេសនៅថ្ងៃទី១–២ ខែធ្នូ ឆ្នាំ១៩៧៥។ សមាជនោះបានរំលាយព្រះរាជាណាចក្រឡាវចោលរួចបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវឡើង និងបានប្រកាសបញ្ចប់បដិវត្តន៍ប្រជាធិបតេយ្យជាតិដែលមានអាយុកាលចំនួន ៣០ ឆ្នាំ។[១១]

បក្សកាន់អំណាច (១៩៧៥–បច្ចុប្បន្ន)

ការដួលរលំនៃរាជរដ្ឋាភិបាល និងការឡើងកាន់កាប់អំណាចរបស់បក្សពួកកុម្មុយនីស្តបានធ្វើឱ្យប្រទេសឡាវទទួលរងនូវភាពចលាចលជាច្រើនជាពិសេសគឺបញ្ហាចំណាកស្រុក។[១៣] នៅឆ្នាំ១៩៨០ ប្រជាជនឡាវប្រមាណដប់ភាគរយនៃប្រជាជនសរុបបាននាំគ្នារត់ចេញពីប្រទេស។[១៤] នៅក្នុងរយៈពេលពីរឆ្នាំក្រោយការឡើងកាន់អំណាច បក្សនេះនូវតែរក្សាភាពសម្ងាត់របស់ខ្លួន។[១៤] ឧទាហរណ៍៖ លោកកៃសន ព្រហ្មវិហារដែលជាអង្គលេខាធិការបក្សនាពេលនោះមិនសូវបានជាប្រជាជនឡាវច្រើនស្គាល់លោកនោះទេ។[១៤] មេដឹកនាំចលនាកុម្មុយនីស្តមុនឆ្នាំ១៩៧៥ មួយចំនួនដូចជាប្រធានរណសិរ្សស្នេហាជាតិឡាវលោកសុផានុវង្សត្រូវបក្សបែរក្រោយដាក់បន្ទាប់ពីបានឡើងកាន់កាប់អំណាចនយោបាយ។[១៥] រដ្ឋាភិបាលកុម្មុយនីស្តឡាវបានបិទអង្គការសារព័ត៌មានឯករាជ្យទាំងឡាយនៅក្នុងប្រទេស។ អង្គការសំខាន់ៗផ្សេងទៀតដែលមិនទាន់បានរំលាយត្រូវបានគេបង្ខំឱ្យចុះជាសមាជិកនៅក្នុងរណសិរ្សឡាវសម្រាប់ការកសាងជាតិ (រ.ឡ.ក.ជ.) ដែលជាអង្គការដ៏ធំមួយគ្រប់គ្រងដោយបក្សបដិវត្តន៍។[១៦] ដើម្បីឃោសនាទាក់ទាញប្រជាជនឱ្យគាំទ្របន្ថែម រ.ឡ.ក.ជ. បានរៀបចំធ្វើការប្រជុំទូទាំងប្រទេសដើម្បីអប់រំប្រជាជនអំពីខ្សែគំនិតរបស់បក្ស និងផ្សព្វផ្សាយអំពីលទ្ធិម៉ាក្ស–លេនីន[១៥] គោលដៅចម្បងនៃដំណើរនេះគឺដើម្បីកែប្រជាជនចាស់ឱ្យក្លាយទៅជា"មនុស្សសង្គមនិយមថ្មី"។[១៥]

នៅឆ្នាំ១៩៧៨ បក្សបដិវត្តន៍ប្រជាជនឡាវបានបន្តដំណើរផ្លាស់ប្តូរសង្គមជាតិរបស់ខ្លួនតាមរយៈកសិកម្មសមូហភាព។[១៧] បើយោងទៅតាមអ្នកសារព័ត៌មាននិងជាប្រវត្តិវិទូម្នាក់បានឱ្យដឹងថា បក្សបដិវត្តន៍ជឿថា "ផលិតភាពនៃកសិកម្មអាចលើកឡើងបានតាមរយៈសេដ្ឋកិច្ចនៃមាត្រដ្ឋាន (ដោយភាពស្រដៀងគ្នាជាមួយគំរូឧស្សាហកម្ម) ហើយវាអាចសម្រេចបានតែដោយកម្មសិទ្ធិសមូហភាពនៃមធ្យោបាយផលិតកម្មប៉ុណ្ណោះ។ ពួក​គេ​បាន​បន្តលើក​ឡើង​ថា សហករណ៍​អាច​បង្កើន​ការ​ប្រើ​ប្រាស់​ធាតុ​ចូល​ទំនើប​ៗ​ក្នុង​វិស័យ​កសិកម្ម"។[១៨] គោលដៅពីរចម្បងនៃដំណើរការសមូហភាពគឺ (១) លុបបំបាត់កម្មសិទ្ធិឯកជននៅជនបទ និង (២) ពង្រឹងការគ្រប់គ្រងនយោបាយនៅក្នុងតំបន់ដែលធ្លាប់គ្រប់គ្រងដោយរាជរដ្ឋាភិបាលឡាវ។[១៩] សមូហនីយកម្មបានបញ្ជាក់ឱ្យឃើញថាវាគឺលំបាកក្នុងការអនុវត្តជាងនៅក្នុងទ្រឹស្តី ហើយវិស័យជាច្រើនបានចេញប្រឆាំងនឹងគោលនយោបាយមួយនេះ។[១៩] អាស្រ័យហេតុនេះ គណៈកម្មាធិការបជ្ឈឹមបក្សក៏បានបោះបង់គោលនយោបាយសមូហនីយកម្មចោលនៅក្នុងឆ្នាំ១៩៨១។[២០] ជាជាងព្យាយាមបង្កើតសង្គមសមូហភាព បក្សបដិវត្តន៍ប្រជាជនឡាវបានចាប់ផ្តើមផ្តោតលើការប្រើប្រាស់ឧបករណ៍កសិកម្មទំនើបដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច។[២១] ដល់ត្រឹមឆ្នាំ១៩៨៨ លោកកៃសន ព្រហ្មវិហារបានទទួលស្គាល់ថាគោលនយោបាយសមូហភាពបានបរាជ័យទាំងស្រុង៖ "គោលនយោបាយសមូហភាពពីមុនរបស់យើងគឺស្ថិតក្នុងទម្រង់ចាស់បុរាណដែលប្រទេសសង្គមនិយមដទៃទៀតអនុវត្ត។ បន្ទាប់ពីបានធ្វើការស៊ើបអង្កេតមួយចំនួនអំពីស្ថានភាពជាក់ស្តែងនៅប្រទេសឡាវ យើងបានសម្រេចចិត្តផ្លាស់ប្តូរទិសដៅដោយចាប់ផ្តើមពីគ្រួសារ"។[២១] ពីរឆ្នាំក្រោយមកគឺនៅក្នុងឆ្នាំ១៩៩០ ស្ថាប័នសហករណ៍កសិកម្មទាំងអស់ដែលមានវត្តមានក្នុងស្រុកត្រូវបានលុបបំបាត់ចោល។[២២]

ឯកសារយោង

  1. ១,០ ១,១ ១,២ ១,៣ ១,៤ ១,៥ ១,៦ Zasloff 1973, p. 12.
  2. Stuart-Fox 2008a, p. 136.
  3. ៣,០ ៣,១ ៣,២ Zasloff 1973, p. 13.
  4. Stuart-Fox 2008, p. 66.
  5. ៥,០ ៥,១ Zasloff 1973, p. 14.
  6. ៦,០ ៦,១ Zasloff 1973, pp. 14–5.
  7. ៧,០ ៧,១ "Lao People's Revolutionary Party – LPRP". Library of Congress. Retrieved 15 January 2021.
  8. ៨,០ ៨,១ Brown & Zasloff 1976, p. 193.
  9. ៩,០ ៩,១ ៩,២ Brown & Zasloff 1976, p. 194.
  10. Brown & Zasloff 1976, p. 195.
  11. ១១,០ ១១,១ Brown & Zasloff 1976, p. 197.
  12. Brown & Zasloff 1976, pp. 196–7.
  13. Stuart-Fox 2008a, pp. 176–7.
  14. ១៤,០ ១៤,១ ១៤,២ Stuart-Fox 2008a, p. 177.
  15. ១៥,០ ១៥,១ ១៥,២ Stuart-Fox 2008a, p. 178.
  16. Stuart-Fox 2008a, p. 179.
  17. Stuart-Fox 2008a, p. 191.
  18. Stuart-Fox 2008a, p. 192.
  19. ១៩,០ ១៩,១ Stuart-Fox 2008a, p. 193.
  20. Stuart-Fox 2008a, p. 194.
  21. ២១,០ ២១,១ Stuart-Fox 2008a, p. 195.
  22. Stuart-Fox 2008a, p. 196.