បក្សបដិវត្តន៍ប្រជាជនឡាវ
បក្សបដិវត្តន៍ប្រជាជនឡាវ ພັກປະຊາຊົນປະຕິວັດລາວ បក្សប្រជាជនបដិវត្តន៍ឡាវ | |
---|---|
![]() | |
អង្គលេខាធិការបក្ស | ថងលូន ស៊ីស៊ូលីត |
សមាជិកអចិន្ត្រៃយ៍ | ប៊ុនថង ជីតម៉ានី |
បង្កើត | ២២ ឧសភា ១៩៥៥ |
បក្សមុន | គណបក្សកុម្មុយនិស្តឥណ្ឌូចិន |
ទីស្នាក់ការកណ្ដាល | វៀងចន្ទន៍ |
សារព័តមាន | ប្រជាជន |
ស្លាបយុវជន | សហភាពយុវជនបដិវត្តន៍ប្រជាជនឡាវ |
ស្លាបយោធា | កងកម្លាំងប្រដាប់អាវុធប្រជាជនឡាវ |
សមាជិកភាព (២០២១) | ៣៤៨,៦៨៦ |
មនោគមវិជ្ជា | |
ទំនាក់ទំនងអន្តរជាតិ | កិច្ចប្រជុំនៃបក្សកុម្មុយនិស្តនិងពលករអន្តរជាតិ |
រដ្ឋសភា | ១៥៨ / ១៦៤
|
គេហទំព័រ | |
pccob.gov.la | |
ទង់គណបក្ស | |
![]() | |
នយោបាយនៅឡាវ គណបក្សនយោបាយ ការបោះឆ្នោត |
បក្សបដិវត្តន៍ប្រជាជនឡាវ (ភាសាលាវ៖ ພັກປະຊາຊົນປະຕິວັດລາວ, បក្សប្រជាជនបដិវត្តន៍ឡាវ) គឺជាគណបក្សកាន់អំណាចនយោបាយតែមួយគត់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ឯកាធិភាពរបស់បក្សនេះលើអំណាចរដ្ឋត្រូវបានបញ្ជាក់ដោយមាត្រាបីនៃរដ្ឋធម្មនុញ្ញប្រទេសឡាវ ហើយវាដឹកនាំប្រទេសជាប្រព័ន្ធឯកភូតពោលគឺរដ្ឋាភិបាលមានការគ្រប់គ្រងមជ្ឈការលើសេដ្ឋកិច្ច និងយោធាប្រទេស។
បក្សបដិវត្តន៍ប្រជាជនឡាវត្រូវបានបង្កើតឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៥៥ ដោយអតីតសមាជិកនៃគណបក្សកុម្មុយនិស្តឥណ្ឌូចិន។ ក្រោយនិម្មិតកម្ម បក្សនេះបានដឹកនាំការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលឡាវ និងថែមទាំងបានគាំទ្រកងកម្លាំងវៀតណាមខាងជើងនៅក្នុងសង្រ្គាមប្រឆាំងនឹងសហរដ្ឋអាមេរិកទៀតផង។ ជាលទ្ធផលនៃការបះបោរខាងលើ បក្សបដិវត្តន៍ប្រជាជនឡាវបានឡើងដណ្តើមអំណាចដោយជោគជ័យនៅចុងឆ្នាំ១៩៧៥។ ក្នុងអំឡុងពេលឆ្នាំដំបូងៗក្រោមការដឹកនាំរបស់ខ្លួន បក្សនេះបានពង្រឹងការគ្រប់គ្រងរបស់រដ្ឋលើសង្គម និងបានព្យាយាមបង្កើតសេដ្ឋកិច្ចផែនការដោយផ្អែកលើគំរូរបស់សូវៀត។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ដោយឃើញមានកំណែទម្រង់ទីផ្សារសេរីនៅក្នុងប្រទេសចិននិងវៀតណាម បក្សនេះក៏ចាប់ផ្តើមធ្វើកំណែទម្រង់សេដ្ឋកិច្ចតាមដូចជា ការធ្វើឯកជនភាវូបនីយកម្មក្រុមហ៊ុនរដ្ឋ និងបង្កើតកម្មសិទ្ធិឯកជនឡើងវិញ។
ប្រជាធិបតេយ្យមជ្ឈិមនិយមគឺជាគោលគំនិតដែលបង្កើតឡើងដោយមេដឹកនាំសូវៀតលោកវ្លាឌីមៀរ លេនីនហើយវាក៏ជាជាទម្រង់រចនាសម្ព័ន្ធរបស់បក្សនេះផងដែរ។ គណៈកម្មាធិការបជ្ឈឹមបក្សគឺត្រូវបានគេបោះឆ្នោតជ្រើសរើសនៅក្នុងសមាជជាតិដែលត្រូវជាស្ថាប័នខ្ពស់បំផុតរបស់បក្ស។ នៅចន្លោះសម័យកិច្ចប្រជុំសមាជនីមួយៗ គណៈកម្មាធិការមជ្ឈិមបក្សគឺជាអ្នកធ្វើរាល់សេចក្តីសម្រេចកំពូលៗទាំងឡាយដែលទាក់ទងនឹងកិច្ចការរបស់បក្ស។ បន្ទាប់ពីបញ្ចប់សមាជ គណៈកម្មាធិការមជ្ឈិមបក្សនឹងត្រូវជ្រើសតាំងការិយាល័យនយោបាយនិងលេខាធិការដ្ឋាន និងព្រមទាំងអគ្គលេខាធិការបក្សផងដែរពោលគឺមន្ត្រីខ្ពស់បំផុតរបស់បក្ស។ នៅចន្លោះសម័យប្រជុំនៃគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយគឺជាស្ថាប័នធ្វើសេចក្តីសម្រេចខ្ពស់បំផុត។ គិតត្រឹមឆ្នាំ២០២១ ការិយាល័យនយោបាយលើកទី ១១ មានសមាជិកចំនួន ១៣ រូប។ មេដឹកនាំគណបក្សបច្ចុប្បន្នគឺលោកថងលូន ស៊ីស៊ូលីតហើយលោកក៏កំពុងកាន់តំណែងមួយចំនួនទៀតផងដែរមានដូចជា អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្ស ប្រធានគណៈកម្មការការពារជាតិនិងសន្តិសុខសាធារណៈ និងនាយករដ្ឋមន្ត្រីឡាវពោលគឺប្រមុខរដ្ឋាភិបាល។
បក្សបដិវត្តន៍ប្រជាជនឡាវគឺប្តេជ្ញាស្មោះត្រង់ចំពោះលទ្ធិកុម្មុយនីស្ត ហើយតែងតែបានចូលរួមក្នុងកិច្ចប្រជុំនៃគណបក្សកុម្មុយនីស្តនិងកម្មករអន្តរជាតិ។ យោងតាមលក្ខន្តិកៈរបស់បក្ស គណបក្សខ្លួនគឺប្រកាន់ខ្ជាប់នូវលទ្ធិម៉ាក្ស–លេនីន និងគោលគំនិតកៃសន ព្រហ្មវិហារ។ បន្ទាប់ពីបានឡើងកាន់អំណាចនៅក្នុងឆ្នាំ១៩៧៥ គណបក្សនេះបានរុះរកវិធីលុបបំបាត់ចោលនូវផលិតកម្មមូលធននិយមភ្លាមៗដើម្បីចាក់គ្រឹះមូលដ្ឋានបង្កើតសង្គមនិយម។ នៅទស្សវត្សរ៍ឆ្នាំ១៩៩០ ទិសដៅរបស់បក្សត្រូវបានផ្លាស់ប្តូរដោយថ្នាក់ដឹកនាំរបស់វាជឿថា ប្រទេសឡាវនូវខ្វះការអភិវឌ្ឍន៍ច្រើនដើម្បីសម្រេចកសាងសង្គមនិយម។ ដូច្នេះ បក្សមួយនេះក៏បានប្រើប្រាស់មូលធននិយមរបស់រដ្ឋជាឧបករណ៍សម្រាប់ធ្វើការឆ្ពោះទៅរកសង្គមនិយម។
ប្រវត្តិ
ដើមកំណើត និងបដិវត្តន៍ជាតិប្រជាធិបតេយ្យ (១៩៤៥–១៩៧៥)
បក្សបដិវត្តន៍ប្រជាជនឡាវគឺកើតចេញពីគណបក្សកុម្មុយនិស្តឥណ្ឌូចិនដែលត្រូវបានបង្កើតឡើងដោយមេដឹកនាំកុម្មុយនីស្តវៀតណាមឈ្មោះហូ ជីមិញនៅអំឡុងខែកុម្ភៈ ឆ្នាំ១៩៣០ តាមបញ្ជាពីអង្គការកុម្មុយនីស្តអន្តរជាតិ។[១] បក្សកុម្មុយនីស្តឥណ្ឌូចិនមានភារកិច្ច"កម្ចាត់កាកសំណល់សក្តិភូមិ ចែកចាយដីធ្លីទៅឱ្យអ្នកស្រែចម្ការ ផ្ដួលរំលំរបបចក្រពត្តិនិយម និងធ្វើឱ្យតំបន់ឥណ្ឌូចិនទាំងមូលទទួលឯករាជ្យពេញលេញ"។[១] ដំបូងឡើយគណបក្សមួយនេះមានឈ្មោះថា"បក្សកុម្មុយនីស្តវៀតណាម"ក៏ព្រោះតែសមាជិកភាគច្រើនជាជនជាតិវៀតណាម ប៉ុន្តែអង្គការកុម្មុយនីស្តអន្តរជាតិបានសម្តែងនូវការមិនពេញចិត្តពីព្រោះឈ្មោះរបស់វានេះបានបង្ហាញពីអត្តសញ្ញាណជាតិវៀតណាមតែមួយដោយអង្គការនេះជឿថា កម្មករពលករវៀតណាម ខ្មែរ និងឡាវគឺមានភាពដូចគ្នាច្រើនជាងភាពខុសគ្នា។[១] ទោះជាបានប្តូរឈ្មោះមក"គណបក្សឥណ្ឌូចិន"មែនប៉ុន្តែតាមការពិត បក្សនេះនូវតែគ្រប់គ្រងនិងដឹកនាំដោយជនជាតិវៀតណាមរហូតទាន់តែដល់ថ្ងៃរំលាយបក្សជាផ្លូវការពោលគឺនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៤៥ នៅពេលដែលបដិវត្តន៍ជាតិប្រជាធិបតេយ្យបានប្រកាសដំណើរការនៅក្នុងតំបន់ឥណ្ឌូចិន។[១] នៅក្នុងឆ្នាំ១៩៤៦ សមាជិកបក្សឥណ្ឌូចិនសម្ងាត់មួយចំនួនបានចាប់ផ្តើមចេញរកកេណ្ឌកម្មាភិបាលកុម្មុយនីស្តជនជាតិឡាវឱ្យចូលរួមក្នុងចលនារបស់ខ្លួន។[១] លោកកៃសន ព្រហ្មវិហារដែលមានដើមកំណើតជាជនជាតិឡាវកាត់វៀតណាមត្រូវបានគេជ្រើសរើសជាសមាជិកម្នាក់នៅចន្លោះឆ្នាំ១៩៤៦–៤៧ ខណៈដែលខ្លួនកំពុងជានិស្សិតសិក្សានៅសាកលវិទ្យាល័យទីក្រុងហាណូយ។[១] តែទោះជាយ៉ាងណាក្តី កង្វះអ្នកតំណាងឡាវនូវតែជាបញ្ហាដ៏ធំមួយនៅក្នុងចលនា។[១] គិងត្រឹមខែកុម្ភៈ ឆ្នាំ១៩៥១ សមាជិកជាជនជាតិឡាវមានចំនួនតែ ៨១ នាក់ប៉ុណ្ណោះប្រើប្រៀបធៀនទៅនឹងសមាជិកសរុបចំនួន ២,០៩១ នាក់។[២]
នៅខែកុម្ភៈ ឆ្នាំ១៩៥១ បក្សឥណ្ឌូចិនលាក់មុខមួយនេះបានកោះប្រជុំសមាជជាតិលើកទីពីរហើយបានសម្រេចប្តូរឈ្មោះទៅ គណបក្សពលករវៀតណាម។[៣] ភ្លាមៗបន្ទាប់ពីសមាជជាតិលើកទីពីរបានបញ្ចប់ សម្ព័ន្ធភាពវៀតណាម-ឡាវ-ខ្មែរត្រូវបានប្រកាសឡើងដោយមានការប្តេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងអាណានិគមនិយមបារាំង និងចក្រពត្តិនិយមអាមេរិកនៅក្នុងតំបន់។[៣] នៅក្នុងឆ្នាំ១៩៥២ បក្សពលករវៀតណាមបានបង្កើត"គណៈកម្មាធិការដើម្បីអង្គការបក្ស"ដែលមានសមាជិកចំនួនប្រាំរូបដូចជា លោកកៃសន ព្រហ្មវិហារ (ជាលេខា) នូហាក់ ភូមសៈវ៉ាន់ ស្រីសាវត្ត កែវប៊ុនផាន ប៊ុន ពុំមហសាយ និងខាមសែន។[៤][៣] ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ បក្សពួកកុម្មុយនីស្តជាច្រើនត្រូវបាននិម្មិតឡើងនៅទូទាំងប្រទេសឡាវ។ ហើយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៥៥ សមាជប្រជុំបក្សលើកទីមួយត្រូវបានប្រព្រឹត្តិទៅនិងជាលទ្ធផល ក៏បង្កើតបានចេញជាបក្សប្រជាជនឡាវ (ប.ប.ឡ.)។[៥] ប៉ុន្តែអ្វីៗទាំងអស់មិនបានដំណើរការទៅដូចផែនការនោះទេ ព្រោះថា ប.ប.ឡ ត្រូវបានរាជរដ្ឋាភិបាលឡាវនាពេលនោះបោសសម្អាតនិងបំផ្លាញស្ទើរអស់ទាំងស្រុងនៅអំឡុងឆ្នាំ១៩៥៩។[៥] វៀតណាមខាងជើងបានប្រតិកម្មដោយបង្កើនការគាំទ្ររបស់ពួកគេចំពោះ ប.ប.ឡ. និងយោធារបស់ខ្លួនហៅប៉ៈថេតឡាវ[៦] ហើយនៅដើមទសវត្សរ៍១៩៦០ គណបក្សនេះបានគ្រប់គ្រងលើទឹកដីប្រទេសឡាវជិតពាក់កណ្តាល។[៦] ថ្វីត្បិតតែខ្លួនជាកម្លាំងនាំមុខនៅពីក្រោយសកម្មភាពបះបោរពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៧៥ មែនក៏គណបក្សនេះនូវតែបន្តរក្សាភាពសម្ងាត់របស់ខ្លួនដោយចូលចិត្តដឹកនាំសកម្មភាពរបស់ពួកគេតាមរយៈសាខារណសិរ្ស។ ជនជាតិឡាវភាគតិចណាស់ដែលបានដឹងអំពីអត្ថិភាពរបស់បក្ស ឬក៏ឈ្មោះមេដឹកនាំរបស់ខ្លួនក្នុងអំឡុងពេលនោះ។[៧] នៅខែកុម្ភៈ ឆ្នាំ១៩៧២ សមាជជាតិលើកទីពីរត្រូវបានប្រព្រឹត្តិធ្វើឡើងហើយឈ្មោះផ្លូវការរបស់បក្សក៏បានប្តូរមក "បក្សបដិវត្តន៍ប្រជាជនឡាវ" រហូតដល់សព្វថ្ងៃ។[៧]
ឯកសារយោង
- ↑ ១,០ ១,១ ១,២ ១,៣ ១,៤ ១,៥ ១,៦ Zasloff 1973, p. 12.
- ↑ Stuart-Fox 2008a, p. 136.
- ↑ ៣,០ ៣,១ ៣,២ Zasloff 1973, p. 13.
- ↑ Stuart-Fox 2008, p. 66.
- ↑ ៥,០ ៥,១ Zasloff 1973, p. 14.
- ↑ ៦,០ ៦,១ Zasloff 1973, pp. 14–5.
- ↑ ៧,០ ៧,១ "Lao People's Revolutionary Party – LPRP". Library of Congress. Retrieved 15 January 2021.