Jump to content

គណបក្ស​ប្រជាជន​កម្ពុជា

ពីវិគីភីឌា
គណបក្សប្រជាជនកម្ពុជា
Cambodian People's Party
អក្សរកាត់CPP
ប្រធានគណបក្សហ៊ុន សែន
ប្រធានកិតិ្តយសគណបក្សហេង សំរិន
អនុប្រធានកិត្តិយសគណបក្សនៅទំនេរ
អនុប្រធានទី១គណបក្ស

អនុប្រធានទី២គណបក្ស
ស ខេង

សាយ ឈុំ
បង្កើត28 មិថុនា 1951 (1951-06-28) (73 years ago)[]
ទីស្នាក់ការកណ្ដាលផ្លូវ ២០០៤, សង្កាត់ទឹកថ្លា, ខណ្ឌសែនសុខ, រាជាធានីភ្នំពេញ
សមាជិកភាព  (២០១៨)៥,០០០,០០០[]
មនោគមវិជ្ជា១៩៩១–បច្ចុប្បន្ន:
រាជានិយម[][]
អភិរក្សនិយម[]
សេដ្ឋកិច្ចសេរីនិយម[]
១៩៥១–១៩៩១:
ម៉ាក្ស–លេនីននិយម[]
គោលជំហរនយោបាយ១៩៩១–បច្ចុប្បន្ន:
Big tent[][][]
១៩៥១–១៩៩១:
ឆ្វេងនិយម
ទំនាក់ទំនងអន្តរជាតិមជ្ឈមណ្ឌលនយោបាយប្រជាធិបតេយ្យអន្តរជាតិ
ពណ៌ផ្លូវការ     ខៀវ      ទឹកក្រូច
ព្រឹទ្ធសភា
៥៨ / ៦២
រដ្ឋសភា
១២៥ / ១២៥
ឃុំ
១៦៤៥ / ១៦៤៦
ក្រុមប្រឹក្សាឃុំសង្កាត់
១១០៥១ / ១១៥៧២
រដ្ឋាភិបាលក្នុងស្រុក[១០]
៤០៣៤ / ៤១១៤
គេហទំព័រ
cpp.org.kh
នយោបាយនៅCambodia
គណបក្សនយោបាយ
ការបោះឆ្នោត

គណបក្សប្រជាជនកម្ពុជា (CPP; បារាំង: Parti du peuple cambodgien) គឺជាគណបក្សនយោបាយដែលកំពុងកាន់អំណាចក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៧៩មកម្លេះ។ គណបក្សនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥១, ដែលនាពេលនោះមានឈ្មោះថា"គណបក្សប្រជាជនបដិវត្តន៍កម្ពុជា, KPRP)។ ក្រោយពីបានផ្តួលរលំរបបខ្មែរក្រហមដោយមានជំនួយពីពួកយួន, គណបក្សនេះត្រូវបានយួនតាងជាបក្សកាន់អំណាចនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា(១៩៧៩–១៩៨៩)និងរដ្ឋកម្ពុជា(១៩៨៩–១៩៩១)។ ឈ្មោះថា"គណបក្សប្រជាជនកម្ពុជា"ត្រូវចាប់យកមកប្រើប្រាស់នៅឆ្នាំចុងក្រោយនៃរដ្ឋកម្ពុជា, បន្ទាប់ពីគណបក្សនេះបានបោះបង់ប្រព័ន្ធឯកបក្សក៏ដូចជាមនោគមវិជ្ជាលទ្ធិម៉ាក្ស-លេនីនចោល។ ដោយដើមឡើយបានប្រកាន់យកលិទ្ធិកុម្មុយនិស្តនិងម៉ាក្ស-លេនីននិយមជាមនោគមវិជ្ជារបស់ខ្លួនមែន, តែគណបក្សនេះបានចាប់ធ្វើកំណែទម្រង់ដ៏ធំមួយនៅពាក់កណ្តាលសតវត្សឆ្នាំ១៩៨០នៅក្រោមការគ្រប់គ្រងរបស់លោកហេង សំរិន។ នៅឆ្នាំ១៩៩១, CPP បានផ្តាច់លះបង់នូវគំនិតសង្គមនិយមចោលហើយមកចាប់យកសេដ្ឋកិច្ចទីផ្សារសេរីវិញ។

ប្រវត្តិសាស្រ្ត

អង្គការនាំមុខ

ប្រភពកំណើតនៃគណបក្សប្រជាជនគឺត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយអ្នកជាតិនិយមកម្ពុជាដើម្បីរំដោះជាតិកម្ពុជាពីការគ្រប់គ្រងរបស់ពួកអាណានិគមបារាំង។ អ្នកជាតិនិយមនៅកម្ពុជា, វៀតណាម, និងឡាវមានគំនិតដូចៗគ្នាថាបើចង់រំដោះខ្លួនចេញពីការត្រួតត្រារបស់ពួកអាណានិគមបារាំង, ពួកគេត្រូវតែរួបរួមសាមគ្នីគ្នាប្រឆាំងនឹងបារាំង។ ដូច្នេះហើយបានជាបក្សកុម្មុយនិស្តឥណ្ឌូចិនត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៣០។ នៅក្នុងសង្គ្រាមលោកលើកទី២, ការកាន់កាប់របស់បារាំងនៅលើទឹកដីឥណ្ឌូចិនកាន់តែមានភាពលំបាកឡើងៗ នៅពេលដែលជប៉ុនបានវាយលុកចូលដើម្បីដណ្តើមទឹកដីឥណ្ឌូចិនពីបារាំង។ ការវាយលុករបស់ជប៉ុន បានផ្តល់ផលប្រយោជន៍ជាច្រើនដល់ចលនាជាតិនិយមនៅក្នុងប្រទេសទាំងបីនៃឥណ្ឌូចិន។ ដូច្នេះហើយ, គំនិតក្នុងការបង្កើតគណបក្សឥណ្ឌូចិនរួមបានលិចឡើងចូលទៅក្នុងវោហាសាស្រ្តនៃភាពជាតិនិយមដ៏កាចសាហាវ។ នៅក្នុងប្រទេសកម្ពុជា, ការកើនឡើងនៃស្មារតីជាតិនិយមនិងមោទនភាពជាតិខ្លួនបញ្ចូលជាមួយការមិនទុកចិត្តនឹងប្រទេសជិតខាងជាប្រវត្តិសាស្រ្ត បានក្លាយជាឧបសគ្គមួយសម្រាប់បក្សកុម្មុយនិស្តឥណ្ឌូចិន។

នៅឆ្នាំ១៩៥៥, គណបក្សសម្ព័ន្ធមួយដែលមានឈ្មោះថាគណបក្សប្រជាជនត្រូវបានបង្កើតឡើងដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិនាឆ្នាំដដែលនោះ។ ឈ្មោះរបស់គណបក្សនេះត្រូវបានប្តូរមកគណបក្សកម្មករជាតិកម្ពុជានៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៦០ ហើយបានប្តូរម្តងទៀតមកជាបក្សកុម្មុយនិស្តកម្ពុជាក្នុងខែកញ្ញា ឆ្នាំ១៩៦៦ ដោយមានទីស្នាក់ការនៅខេត្តរតនគិរី។ ដោយក្រុមរបស់ប៉ុល-ពតបានឡើងទៅកាន់តំណែងជាឋានៈមេដឹកនាំបក្សក្នុងឆ្នាំ១៩៦៣, គណបក្សនេះក៏បានបែងចែកទៅជាពីរផ្នែកគឺផ្នែកក្រុមឆ្វេងនិយមពិតនិងផ្នែកក្រុមឧក្រិដ្ឋជនប្រល័យពូជសាសន៍ដែលបានសម្លាប់ជាតិសាស្រ្តខ្លួនឯងរវាងឆ្នាំ១៩៧៥និងឆ្នាំ១៩៧៩។

រដ្ឋធម្មនុញ្ញនិងសម័យកាលដឹកនាំរបស់លោកប៉ែន សុវណ្ណ (១៩៧៩–១៩៨១)

នៅដើមឆ្នាំ១៩៧៩, សមាជិក KPRP ដែលបានផ្តួលរលំរបបកម្ពុជាប្រជាធិបតេយ្យដើម្បីបញ្ឍប់អំពើប្រលាយពូជសាសន៍ខ្មែរគ្នាឯង បាននាំគ្នាបើកការប្រជុំសមាជមួយ។ នៅក្នុងការជួបប្រជុំនេះ, ពួកគេបានប្រកាសខ្លួនគេថាជាអ្នកស្នងពិតប្រាកដនៃបក្ស KPRP ដែលបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៥១ ហើយបានដាក់សមាជនេះជាសមាជប្រជុំបក្សលើកទី៣ ដោយពួកគេមិនបានទទួលស្គាល់កិច្ចប្រជុំសមាជឆ្នាំ១៩៦៣, ១៩៧៥ និង ១៩៧៨ ដែលនៅក្រោមការដឹកនាំរបស់ប៉ុល-ពតនោះទេ។ គណបក្សនេះបានចាត់ទុកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ជាកាលបរិច្ឆេកបង្កើតពិតប្រាកដ។ គណៈកម្មាធិការជាតិដែលដឹកនាំដោយលោកប៉ែន សុវណ្ណ និងលោករ៉ូ សាម៉ាយ ត្រូវបានតែងតាងដោយសភា។ ស្លាបនារីរបស់គណបក្សគឺ"សមាគមស្រ្តីដើម្បីសង្គ្រាះជាតិកម្ពុជា"ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៧៩ដោយមានសមាជិកនារីទូទាំងប្រទេស។

អត្ថិភាពនៃគណបក្សនេះត្រូវបានរក្សាជាការសម្ងាត់រហូតដល់កិច្ចប្រជុំសមាជបក្សក្នុងខែឧសភា ឆ្នាំ១៩៨១ ដែលជាពេលដែលគណបក្សប្រជាជនបដិវត្តន៍កម្ពុជា(KPRP)បានប្រកាស់ជាសាធារណៈឱ្យប្រជាជនដឹង។ ការផ្លាស់ប្តូរឈ្មោះបក្សត្រូវបានអនុម័តឡើង"ដើម្បីបែងចែកបក្សខ្លួនឱ្យឆ្ងាយពីបក្សកុម្មុយនិស្តកម្ពុជារបស់ប៉ុល-ពត និងដើម្បីបន្តនូវប្រពៃណីទំនាមទម្លាប់ដ៏ល្អរបស់គណបក្សប្រជាជនបដិវត្តន៍កម្ពុជា"។ សមាជប្រជុំគណបក្សលើកទី៣ ត្រូវបានគេដឹងតិចតួចណាស់, អ្វីដែលគេដឹងគឺថាសមាជប្រជុំនេះគឺជាកិច្ចប្រជុំអំពីការកសាងបក្សឡើងវិញលើកលែងតែលោកប៉ែន សុវណ្ណ ដែលត្រូវបានគេបោះឆ្នោតជ្រើសរើសជាលេខាទីមួយនៃគណៈកម្មាធិការកណ្តាលដដែលហើយគណបក្សនេះមានសមាជិកសរុបពី៦២ទៅ៦៦នាក់។ កិច្ចប្រជុំសមាជនេះបានធ្វើការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការចំនួន៧រូបមាន: លោកប៉ែន សុវណ្ណជាអង្គលេខាធិការបក្ស, និងសមាជិកអចិន្រ្តៃយ៍មាន: លោកហេង សំរិន និងជា ស៊ីម, ហើសមាជិកកណ្តាលមានដូចជា: នាយករដ្ឋមន្រ្តីកម្ពុជាបច្ចុប្បន្នគឺ លោកហ៊ុន ស៊ែន, លោកប៊ូ ថង, លោកវ៉ាន់ ស៊ុន និងលោកចាន់ ស៊ី។ លោកចាន់ គីរី គឺជាប្រធានអង្គលេខាធិការបក្សខាងអធិការកិច្ច។ ក្នុងខែមីនា ឆ្នាំ១៩៧៩, លោកវ៉ាន់ ស៊ុន និងចាន់ គីរីត្រូវបានបណ្តេញចេញហើយលោកប៉ែន សុវណ្ណ, ជា ស៊ីម និងសាយ ភូថងក៏បានធ្វើនិមិត្តកម្មគណៈកម្មាធិការកណ្តាលបក្សអចិន្ត្រៃយ៍។

សមាជប្រជុំបក្សលើកទី៤: ការផ្លាស់ប្តូរយុទ្ធសាស្រ្ត (១៩៨១)

នៅក្នុងរបាយការណ៍នយោបាយរបស់លោកប៉ែន សុវណ្ណទៅកាន់កិច្ចប្រជុំសមាជបក្សលើកទី៤ ដែលបានធ្វើឡើងនៅថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៨១, លោកបានសរសេរថ្លែងថានឹងចែកគណបក្សលោក(KPRP)ឱ្យកាន់តែឆ្ងាយពីគណបក្សកុម្មុយនិស្តរបស់ប៉ុល-ពតហើយបានបរិហារទៀតថាសមាជិកទាំងអស់របស់បក្សកុម្មុយនិស្តកម្ពុជាគឺជាជនក្បត់នឹងបក្សនិងប្រទេសជាតិទាំងមូល។ គណបក្សបដិវត្តន៍ប្រជាជនបានសម្រេចចិត្តធ្វើឱ្យសមាជប្រជុំបក្សនេះជាការប្រជុំសេរី។ ការធ្វើបែបនេះបានឆ្លុះបញ្ចាំងពីភាពជឿជាក់កាន់តែខ្លាំងឡើងលើសមត្ថភាពរបស់ថ្នាក់ដឹកនាំក្នុងការកាន់អំណាចទោះបីជាកំពុងមានសង្គ្រាមឧទ្ទាមជាមួយខ្មែរក្រហមក៏ដោយ។ ការផ្លាស់ប្តូរទាំងនេះអាចមានវិមាត្រជាក់ស្តែងផងដែរពីព្រោះវាបានពាក់ព័ន្ធជាមួយប្រជាជនយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់របបថ្មីដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនយោបាយនិងរដ្ឋបាលរបស់ប្រទេសបន្ទាប់ពីរបបប្រល័យពូជសាសន៍របស់ប៉ុល-ពតពីឆ្នាំ១៩៧៥–១៩៧៩។ កិច្ចប្រជុំសមាជបក្សលើកទី៤នេះបានពិនិត្យមើលរបាយការណ៍នយោបាយរបស់លោកប៉ែន សុវណ្ណយ៉ាងម៉ត់ចត់និងបានកំណត់យុទ្ធសាស្រ្តរបស់បក្សសម្រាប់ពេលពីរបីឆ្នាំខាងមុខទៀត។ កិច្ចប្រជុំសមាជមួយនេះបានអនុម័ត"គោលការណ៍គ្រឹះចំនួន៥នៃជួរគណបក្ស", ដែលត្រូវផ្តោតទៅលើការលើកបដានៃភាពស្នេហាជាតិនិងសាមគ្គីភាពអន្តរជាតិ។ គោលការណ៍គ្រឹះចំនួន៥នោះមានដូចជា: ត្រូវការពារជាតិមាតុភូមិ(ភារកិច្ចចម្បងនិងពិសិដ្ឋរបស់ប្រជាជនទាំងអស់), ត្រូវស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចរួមទាំងវប្បធម៌បន្តិចម្តងៗឆ្ពោះទៅជារដ្ឋសង្គមនិយម, ពង្រឹងសាមគ្គីភាពយោធាជាមួយវៀតណាម, ឡាវ, សហភាពសូវៀត និងប្រទេសសង្គមនិយមផ្សេងៗទៀតនិងត្រូវអភិវឌ្ឍបក្សខ្លួនឱ្យក្លាយជា"គណបក្សប្រកាន់លទ្ធិម៉ាក្ស‐លេនីនដ៏រឹងមាំមួយ"។

កិច្ចប្រជុំសមាជបក្សនេះ, ត្រូវបានគេសម្រេចចិត្តថាចាប់ពីពេលនេះតទៅគណបក្សនេះត្រូវបានគេស្គាល់ជាគណបក្សបដិវត្តន៍ប្រជាជនកម្ពុជា(KPRP)ដើម្បីបែងចែកបក្សឱ្យនៅដាច់ឆ្ងាយពីគណបក្សប្រឆាំងរបស់ប៉ុល-ពត និងដើម្បីបន្តនូវប្រពៃណីទំនាមទម្លាប់ដ៏ល្អរបស់បក្ស។ នៅក្នុងសមាជនេះផងដែរ, គណបក្សបានប្តេជ្ញាចិត្តថានឹងលុបបំបាត់ចោលនូវ"លទ្ធិជាតិនិយមហួសហេតុរបស់ប៉ុល-ពត" គឺការសង្កត់សម្លេងទៅលើរដ្ឋាភិបាលកណ្តាលនិងភាពជាអ្នកដឹកនាំសមូហភាពនិងមិនព្រមទទួលស្គាល់លើជំនឿសាសនារបស់បុគ្គលណាម្នាក់។ បញ្ហា"លទ្ធិជាតិនិយមហួសហេតុ"នេះគឺចង់សម្តៅទៅលើការប្រកាន់ជាតិសាសន៍និយមរបស់ប៉ុល-ពត គឹប្រឆាំងនឹងវៀតណាម។ សមាជនេះមានការចូលរួមពីប្រតិភូចំនួន១៦២រូប, ដែលបានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការមជ្ឈឹមបក្សចំនួន២១រូប, ហើយបន្តបោះឆ្នោតជ្រើសរើសលោកប៉ែន សុវណ្ណជាអង្គលេខាធិការបក្ស និងសមាជិក៨រូបនៃគណៈកម្មាធិការផ្ទៃក្នុងបក្សទៅការិយាល័យនយោបាយ(មានដូចជា សមាជិកទី១ លោកហេង សំរិន, ទី២ ជា ស៊ីម, ទី៤ ហ៊ុន សែន, ទី៦ ចាន់ ស៊ី ដែលជារដ្ឋមន្រ្តីក្រសួងការពារជាតិនិងនាយករដ្ឋមន្រ្តីពីខែធ្នូ ឆ្នាំ១៩៨១, ទី៧ មានដូចជាលោកជា សុត ដែលជាឧបនាយករដ្ឋមន្រ្តី, លោកប៊ូ ថង ដែលជាប្រធានគណៈកម្មធិការឃោសនាមជ្ឈឹមរបស់បក្ស ឧបនាយករដ្ឋមន្រ្តីពីឆ្នាំ១៩៨២ដល់១៩៩២ និងជារដ្ឋមន្រ្តីក្រសួងការពារជាតិពីឆ្នាំ១៩៨២ដល់១៩៨៦ និងជាចុងក្រោយគឺលោកចាន់ ស៊ី) សមាជិកលេខាធិការដ្ឋានចំនួន៧រូប(ព្រមទាំងសម្តេចហ៊ុន សែនផងដែរ)។ សមាជប្រជុំនេះបានអនុម័តលក្ខន្តិកៈថ្មីសម្រាប់គណបក្ស, ប៉ន្តែមិនបានបង្ហាញចេញខ្លឹមសារអ្វីនោះទេ។ យោងទៅតាមលោក Michael Vickery បានថា សមាជិកគណៈកម្មាធិការកណ្តាលរបស់បក្សគឺជាអតីតយុវជននៃចលនាតស៊ូឯករាជ្យកម្ពុជាពីឆ្នាំ១៩៤៦ដល់១៩៥៤។ សមាជិកគណៈកម្មាធិការបក្សភាគច្រើនបានចំណាយពេលរបស់ពួកគេរវាងឆ្នាំ១៩៥៤ដល់ឆ្នាំ១៩៧០ នៅក្នុងប្រទេសវៀតណាមឫនៅបំពេញ"កិច្ចការខាងក្រៅប្រទេស"។

ការដឹកនាំរបស់ហេង សំរិន (១៩៨១–១៩៩១)

ការគាំទ្រវៀតណាមរបស់បក្ស KPRP ក៏មិនប្លាស់ប្តូរអ្វីដែរនៅពេលដែលលោកហេង សំរិនបានមកជំនួសលោកប៉ែន សុវណ្ណ ជាមេដឹកនាំបក្សនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៨១។ លោកហេង សំរិន និងជា ស៊ីមគឺជាអ្នកកាន់តំណែងទី១ និងទី២នៅក្នុងការិយាល័យនយោបាយ។ ចំណែកឯលោកប៉ែន សុវណ្ណវិញត្រូវបានគេរាយការណ៍ថាបានធ្វើដំណើរហោះហើរទៅប្រទេសវៀតណាមដោយមានការអមយ៉ាងតឹងពីឆ្មាំយួន, ហើយលោកត្រូវគេអនុញ្ញាតឱ្យសម្រាកពីការងារនយោបាយក្នុងពេលមួយរយៈសិន។ នៅក្នុងករណីណាក៏ដោយ, អង្គលេខាធិការបក្សថ្មីត្រូវបានវៀតណាមទទួលស្គាល់ក្នុងនាមលោកជាដៃគូស្មើភាពគ្នានៅក្នុងទំនាក់ទំនងកម្ពុជា-វៀតណាម។

នៅពាក់កណ្តាលឆ្នាំ១៩៨១, គណបក្សបដិវត្តន៍ប្រជាជនកម្ពុជាបានបែងចែកសាខានៅទូទាំងប្រទេសកម្ពុជាមានដូចជានៅទីក្រុងភ្នំពេញ, កំពង់សោម និងខេត្តក្រុងទាំង១៨ផ្សេងទៀតនៃប្រទេសកម្ពុជានាពេលនោះ។ ឯសមាជិកគណបក្សមានការកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ១៩៧៩មកម្លេះ គណបក្សនេះមានសមាជិកពី៦០០ទៅ១,០០០នាក់ ក៏ប៉ុន្តែចំនួនកម្មាភិបាលបក្សនិងរដ្ឋាភិបាលគឺមានតិចតួចណាស់។ យោងទៅតាមអ្នកជំនាញខាងប្រវត្តិសាស្រ្តកម្ពុជាគឺលោក Ben Kiernan បានឱ្យដឹងថា នៅឆ្នាំដដែលនេះ, ខេត្តចំនួនពីរទៅបីក្នុងចំណោមខេត្តទាំង១៨មានសមាជិកបក្សតែមួយអ្នកគត់ប៉ុណ្ណោះ ហើយខេត្តកំពង់ចាមដែលមានប្រជាជន១លាន់នាក់ជាង មានតែសមាជិកប្រចាំតែ៣០នាក់នោះទេ។

តាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៨៣, លោកសាយ ភូថង (ជាលេខាធិការនិងប្រធានគណៈកម្មាធិការបក្សខាងអធិការកិច្ច), លោកចាន់ ស៊ី និងលោកប៊ូ ថងបានកាន់កាប់តំណែងទី៣, ទី៤ និងទី៥ ក្នុងការិយាល័យនយោបាយ។ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៨៥, លោកហ៊ុន សែនត្រូវគេតាងឱ្យកាន់តំណែងទី៤, ដែលនៅពីក្រោយលោកហេង សំរិន, ជា ស៊ីម, និងសាយ ភូថង។

កិច្ចប្រជុំសមាជបក្សលើកទី៥ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៨៥ ដើម្បីវិភាគពីសកម្មភាពរបស់ពួកគេក្នុងរយៈពេល៥ឆ្នាំមុន និងរៀបចំផែនការថ្មីសម្រាប់ថ្ងៃអនាគត។ សមាជិកចំបងរបស់គណបក្សត្រូវបានកើនឡើងដល់៧,៥០០នាក់ (មានសមាជិកថ្មីចំនួន៤,០០០នាក់បានចូលរួមក្នុងឆ្នាំ១៩៨៥)។ នៅពាក់កណ្តាលឆ្នាំ១៩៨១, គណបក្សនេះមានស្នូលសមាជិកតែ៤,០០០នាក់ប៉ុណ្ណោះ ប៉ុន្តែដល់ឆ្នាំ១៩៨៥ ស្នូលសមាជិករបស់បក្សមានចំនួនរហូតដល់ទៅ៣៧,០០០នាក់ឯណោះដែលអាចជ្រើសរើសតាងជាសមាជិកចំបងបាន។ យោងទៅតាមរបាយការណ៍នយោបាយរបស់លោកហេង សំរិនបានបញ្ជាក់ថា បក្ស KPRP មានគណៈកម្មាធិការតំបន់ចំនួន២២នាក់ និងក្រុមតូចៗនៃទីភ្ញាក់ងាររដ្ឋាភិបាលដែលមិនមានចំនួនច្បាស់លាស់, អង្គភាពកងកម្លាំងប្រដាប់អាវុធ, អង្គការសន្តិសុខផ្ទៃក្នុង, អង្គការមហាជន, សហគ្រាស, រោងចក្រ និងកសិដ្ឋាន។ របាយការណ៍របស់លោកបានសម្តែងនូវការពេញចិត្តចំពោះការកសាងគណបក្សសារឡើងវិញតាំងពីឆ្នាំ១៩៨១, ជាពិសេសគឺការលះបង់នូវ"អំណាចផ្តាច់ការ"ចោលហើយមកស្តារឡើងវិញនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យកណ្តាលនិងការដឹកនាំជារួម។ តែរបាយការណ៍របស់លោកក៏បានចង្អុលបង្ហាញនូវចំណុចទន់ខ្សោយមួយចំនួនដែលត្រូវតែយកឆ្នះលើផងដែរ។ ឧទាហរណ៍ គណបក្សនេះនូវតែមានភាពទ្រត់ទ្រោមនៅតាមស្រុកជនបទនិងថ្នាក់មូលដ្ឋាន។ ការងារមនោគមវិជ្ជាមានភាពយឺតយ៉ាវ, ខ្វះជម្រៅនិងអស្ថេរភាព; គោលនយោបាយរបស់បក្សត្រូវបានអនុវត្តយឺតៗបន្តិចម្តងៗហើយត្រូវបោះជំហានមួយៗឆ្ពោះទៅដំណោះស្រាយនៃភាពបរាជ័យ និងកម្មាភិបាលគណបក្ស, ដោយសារតែមានភាពចង្អត់ចង្អល់និងភាពក្រអឺតក្រទមរបស់ពួកគេបានបណ្តាកឱ្យការិយាធិបតេយ្យមិនអាចទទួលការជឿទុកចិត្តពីប្រជាជនបានទេ។ មានបញ្ហាមួយដែលគណបក្សត្រូវតែដោះស្រាយគឺកង្វះប្រវត្តិឯកសារគណបក្ស KPRP។

របាយការណ៍ដែលបញ្ជូនទៅកិច្ចប្រជុំសមាជលើកទី៥នេះបានសម្គាល់ថា រដ្ឋបាលរបស់ហេង សំរិនដោយមានការសម្របសម្រួលជាមួយ"ទាហានស្មាកចិត្តវៀតណាម"បានបំផ្លាញរាល់ជំរុំមូលដ្ឋានក្រុមប្រឆាំងទាំងអស់។ របាយការណ៍នេះក៏បានបញ្ជាក់ដែលថាសេដ្ឋកិច្ចនូវតែដើរថយក្រោយនិងគ្មានតុល្យភាពដដែរ, មូលដ្ឋានគ្រឹះសម្ភារៈនិងបច្ចេកវិទ្យាមានកម្រិតខ្សោយជាងសម័យមុនសង្គ្រាមទៅទៀត ចំណែកឯវិស័យឧស្សាហកម្មវិញកំពង់តែធ្លាក់ចុះដោយសារកង្វះប្រេងឥន្ធនៈ, គ្រឿងបន្លាស់ និងវត្ថុធាតុដើម។ របាយការណ៍នេះថែមទាំងប្រមានប្រាប់ថាការផ្លាស់ប្តូរឆ្ពោះទៅកាន់សង្គមនិយមអាចនឹងត្រូវចំណាយពេល"រាប់សិបឆ្នាំ"។

ដើម្បីពន្លឿនឆ្ពោះទៅកាន់រដ្ឋសង្គមនិយមដ៏រឹងមាំមួយ, សមាជលើកទី៥នេះបានបង្ហាញពីផែនការដំបូងរបស់បក្សដែលបានចាប់ផ្តើមអនុវត្តឡើងពីឆ្នាំ១៩៨៦ដល់ឆ្នាំ១៩៩០។ ក្នុងផែនការនោះមានការផ្តោតបន្ថែមទៅលើ"សេដ្ឋកិច្ចឯកជន"ចូលទៅវិស័យសេដ្ឋកិច្ចទាំងបីដែលបានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ (គឺវិស័យរដ្ឋ, វិស័យសមូហភាព, និងវិស័យគ្រួសារ)។ សេដ្ឋកិច្ចឯកជននេះគឺមានការចាំបាច់ខ្លាំងណាស់ដោយសារតែ"កិច្ចការធ្ងន់ៗនិងស្មុកស្មាញ"គឺជាស្នូលដែលអាចប្រែក្លាយ"ធាតុផ្សំមិនសង្គមនិយម"នៃសេដ្ឋកិច្ចឱ្យទៅជាដំណាក់កាលរីកចម្រើនជឿនលឿនបាន។ យោងទៅតាមរបាយការណ៍ដែលបានដាក់ជូនទៅកិច្ចប្រជុំសមាជ បានឱ្យដឹងផងដែរថាការទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋច្រើនគឺមានសារសំខាន់ណាស់ចំពោះផែនការទីមួយពួកគេ។ របាយការណ៍នឹងក៏បានបញ្ជាក់ដែលថាដើម្បីទទួលបានជោកជ័យក្នុងការកសាងប្រទេសជាតិខ្លួន ពួកគេត្រូវតែបណ្តុះអប់រំ"បុរសៗសង្គមនិយមថ្មី"។ មនុស្សទាំងនេះត្រូវមានភាពស្មោះត្រង់ចំពោះជាតិមាតុភូមិនិងសង្គមនិយម; ត្រូវចេះគោរពការងារពលកម្ម, ផលិតកម្ម, ទ្រព្យសម្បត្តិសាធារណៈនិងវិន័យ; ហើយនិងត្រូវមាន"ចំណេះដឹងផ្នែកវិទ្យាសាស្រ្ត"។ របាយការណ៍នយោបាយក៏បានផ្តោតលើកិច្ចការបរទេសផងដែរ។ លោកហេង សំរិនបានផ្តល់អនុសាសន៍ថាទីក្រុងភ្នំពេញគួរតែពង្រឹងគោលនយោបាយសម្ព័ន្ធភាពរបស់ខ្លួនជាមួយប្រទេសវៀតណាម, លាវ, សហភាពសូវៀត និងប្រទេសសង្គមនិយមផ្សេងៗទៀត។ លោកបានជំរុញឱ្យសមាជនិងរួមទាំងប្រជាជនកម្ពុជាឱ្យច្រានចេញនូវ"សាទរភាពជាតិដ៏តូចចង្អៀត, និងរាល់ទង្វើនិងកាប្បកិរិយាណាដែលរំលោភលើមិត្តភាព"រវាងកម្ពុជានឹងប្រទេសជិតខាង។

គោលបំណង៣របស់ KPRP ក្នុងអំឡុងឆ្នាំ១៩៨៦ដល់ឆ្នាំ១៩៩០ គឺបង្ហាញនូវឧត្តមភាពយោធា (នៅតាមព្រំដែននិងនៅក្នុងប្រទេស) ដើម្បីបង្ក្រាបចលនាប្រឆាំង, អភិវឌ្ឍនយោបាយ, យោធា, និងអំណាចសេដ្ឋកិច្ច; ហើយនិងពង្រឹងទំនាក់ទំនងពិសេសជាមួយវៀតណាមក៏ដូចជាប្រទេសផ្សេងៗទៀតផងដែរ។ មុនពេលបិទសេចក្តីថ្លែងសុន្ទរកថារបស់លោកហេង សំរិននៅថ្ងៃទី១៦ ខែតុលា, សមាជបានបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការកណ្តាលថ្មីដែលមានចំនួន៤៥រូប (មានសមាជិកពេញសិទ្ធិ ៣៦រូប និងសមាជិកជំនួស១៤រូប)។ គណៈកម្មាធិការកណ្តាលបានជ្រើសយកហេង សំរិនជាអង្គលេខាធិការបក្ស, និងសមាជិកការិយាល័យនយោបាយថ្មី (សមាជិកពេញសិទ្ធិមាន: ហេង សំរិន, ជា ស៊ីម, ហ៊ុន សែន ជាលេខាទី២, សាយ ភូថង, ប៊ូ ថាង, ជា សុទ្ធ, ម៉ែន សំអន, ម៉ាត លី, នៃ ប៉េណា និងសមាជិកជំនួស២រូបទៀត), សមាជិកលេខាធិការដ្ឋាន៥រូប (មានហេង សំរិន, ហ៊ុន សែន, ប៊ូ ថាង, ម៉ែន សំអន, និងនៃ ប៉េណា) ហើយនិងសមាជិក៧រូបនៃគណៈកម្មការត្រួតពិនិត្យគណៈកម្មាធិការកណ្តាល។

បន្ទាប់ពីកិច្ចប្រជុំសមាជលើកទី៥បានចប់, ការងារចាត់តាំងរបស់គណបក្សត្រូវបានពង្រឹងកាន់តែខ្លាំង។ បក្សនេះបានអះអាងថានៅចុងឆ្នាំ១៩៨៦ វាមានសមាជិកទៀងទាត់ជាង១០,០០០នាក់ និងសមាជិកឈរឈ្មោះចំនួន៤០,០០០នាក់ ដែលត្រូវគេកំពុងសំអិតសំអាងសម្រាប់ចូលក្នុងឋានៈសាមញ្ញៗ។ ដល់ឆ្នាំ១៩៩០, សមាជិកការិយាល័យនយោបាយរួមមានដូចជាលោកហេង សំរិន (អង្គលេខាធិការ), ជា ស៊ីម, ហ៊ុន សែន, ជា សុទ្ធ, ម៉ាត លី, ទៀ បាញ់, ម៉ែន សំអន, ងួន ញ៉ិល, ស ខេង, ប៊ូ ថាង, នៃ ប៉េណា, សាយ ឈុំ, និងសមាជិកជំនួសមាន ស៊ីង ស៊ុង, ស៊ីម កា, ប៉ុល សារឿន។ សមាជិកលេខាធិការដ្ឋានមាន ហេង សំរិន, សាយ ភូថង, ប៊ូ ថាង, ម៉ែន សំអន, និងស ខេង។

ការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន (១៩៩១–បច្ចុប្បន្ន)

នៅឆ្នាំ១៩៩១, គណបក្សនេះបានប្តូរឈ្មោះមកគណបក្សប្រជាជនកម្ពុជា (CPP) នៅក្នុងអំឡុងដំណើរការសន្តិភាពនិងការផ្សះផ្សាដែលឧបត្ថមដោយអង្គការសហប្រជាជាតិ។ សមាជិកការិយាល័យនយោបាយនិងលេខាធិការដ្ឋានបានក្លាយជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ថ្មីដោយលោកជាស៊ីមជាប្រធាន និងសម្តេចហ៊ុនសែនជាអនុប្រធាន។ ទោះបីចាក់ឫសចូលក្នុងសង្គមនិយមមែន, ប៉ុន្តែគណបក្សប្រជាជនកម្ពុជាមិនមែនខ្វាក់ខាងមនោគមវិជ្ជាទេ។ តាមពិត, គណបក្សប្រជាជនតែងតែរកវិធីសាស្រ្តជាក់ស្តែងដើម្បីការពារនិងលើកស្ទួយផលប្រយោជន៍ជាតិនិងបក្ស។ ឧទាហរណ៍, គណបក្សប្រជាជនបានដើរតួយ៉ាងសំខាន់នៅក្នុងការចរចារកិច្ចសន្តិភាពប្រទេសកម្ពុជា, ដែលជាហេតុនាំឱ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងការបង្កើតព្រះរាជាណាចក្រកម្ពុជាទី២។ អ្នកធ្វើកំណែទម្រង់សេដ្ឋកិច្ចជាតិភាគច្រើនគឺក្រុមមេដឹកនាំគណបក្សប្រជាជន ដើម្បីជំរុញប្រទេសកម្ពុជាឱ្យឆ្ពោះទៅរកសេដ្ឋកិច្ចទីផ្សារសេរីនិងសមាហរណកម្មតំបន់។

ក្រោមការដឹកនាំរបស់គណបក្សប្រជាជន ប្រទេសកម្ពុជាបានប្រែក្លាយពីប្រទេសដែលហែកហួរដោយសង្គ្រាមទៅជាប្រទេសសេដ្ឋកិច្ចដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៦។ គោលបំណងរបស់បក្សគឺចង់ប្រែក្លាយប្រទេសកម្ពុជាឱ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ តាមមនោគមវិជ្ចា, មេដឹកនាំគណបក្សប្រជាជនបានអះអាងថាបក្សខ្លួនបានប្រកាន់យកលទ្ធិប្រជាធិបតេយ្យកណ្តាល។ ពួកគេទាំងនោះជឿថាវាជាចំណុចកណ្តាលរវាងអច្ចន្តិកមូលធននិយមនិងអច្ចន្តិកសង្គមនិយម(ហួស) ដោយសង្កត់ធ្ងន់ទៅលើគុណតម្លៃនិងគោលការណ៍នៃសេដ្ឋកិច្ចទីផ្សារសង្គមដែលដើរទន្ទឹមនឹងសេដ្ឋកិច្ចទីផ្សារសេរី និងការការពារសង្គមនិងបរិស្ថាន ហើយនិងការលើកតម្កើនមនុស្សធម៌តាមបែបព្រះពុទ្ធសាសនា

លោកបណ្ឌិត John Ciorciari បានមានប្រសាសថាគណបក្សប្រជាជននូវតែរក្សារចនាសម្ព័ន្ធកុម្មុយនិស្តខ្លួនដដែរហើយបានបន្ថែមទៀតថា មេដឹកនាំនិងសមាជិកពិសេសៗរបស់បក្សប្រជាជនភាគច្រើនគឺសុទ្ធតែបានមកពី KPRP ទាំងអស់។ ជាមួយគ្នានេះដែរ, សម្តេចហ៊ុន សែនគឺជាអ្នកដឹកនាំនិងគ្រប់គ្រងបក្ស ទោះបីសម្តេចគ្រាន់តែជាអនុប្រធានបក្សរហូតដល់ឆ្នាំ២០១៥ក៏ដោយ។ នាយករដ្ឋមន្រ្តីហ៊ុន សែនបានដឹកនាំគណបក្សប្រជាជននេះឆ្ពោះទៅរកការឈ្នះឆ្នោតស្ទើរគ្រប់អាណត្តិបន្ទាប់ពីប្រទេសកម្ពុជាបានផ្លាស់ប្តូរមកជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យមក។ បក្សនេះបានដណ្តើមកៅអីបានចំនួន៦៤អាសនៈនៃកៅអីសរុបចំនួន១២៣អាសនៈក្នុងរដ្ឋសភាជាតិនាការបោះឆ្នោតឆ្នាំ១៩៩៨, ឆ្នាំ២០០៣ បានឈ្នះកៅអីចំនួន៧៣អាសនៈ និងឈ្នះបានកៅអីចំនួន៩០អាសនៈក្នុងការបោះឆ្នោតឆ្នាំ២០០៨ ដោយទទួលបានសំឡេងគាំទ្រយ៉ាងច្រើនពីចំនួនដ៏ធំបំផុតដែលមិនធ្លាប់មានសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលមានសំឡេងគាំទ្រ ៥៨%។ គណបក្សប្រជាជនកម្ពុជាក៏បានឈ្នះការបោះឆ្នោតក្នុងព្រឹទ្ធសភានាឆ្នាំ២០០៦ផងដែរ។ បក្សប្រជាជនបានបាត់បង់សម្លេងឆ្នោតចំនួន២២អាសានៈទៅបក្សប្រឆាំងក្នុងការបោះឆ្នោតឆ្នាំ២០១៣។ នៅឆ្នាំ២០១៨, បក្សប្រជាជនបានដណ្តើមកៅអីបានទាំង១២៥អាសនៈនៅក្នុងរដ្ឋសភា និងដណ្តើមកៅអីបាន៥៨អាសនៈនៃកៅអីសរុបចំនួន៦២អាសនៈនៅក្នុងព្រឹទ្ធសភា។ សម្តេចតេជោ ហ៊ុន សែន, ដែលជារដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, បានកាន់តំណែងជាប្រធានបក្សចាប់តាំងពីឆ្នាំ២០១៥មក។

បុគ្គលសំខាន់ៗក្នុងសាធារណរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩–១៩៩២)

• លោកហេង សំរិន ត្រូវជាអង្គលេខាធិការបក្ស (ពីឆ្នាំ១៩៨១–១៩៩១) និងជាប្រធានក្រុមប្រឹក្សាបដិវត្តន៍ (ក្រោយមកគឺក្រុមប្រឹក្សារដ្ឋ) (១៩៧៩–១៩៩២) • លោកជា ស៊ីម ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (១៩៧៩–១៩៨១); ប្រធានរដ្ឋសភា (១៩៨១–៩២) និងជាប្រធានក្រុមប្រឹក្សារដ្ឋ (១៩៩២–១៩៩៤) • ប៉ែន សុវណ្ណ ជារដ្ឋមន្ត្រីការពារជាតិ (១៩៧៩-១៩៨១); អគ្គលេខាធិការបក្ស KPRP (១៩៧៩-៨១); និងជានាយករដ្ឋមន្ត្រី (១៩៨១) • ហ៊ុន សែន ជារដ្ឋមន្រ្តីក្រសួងការបរទេស (១៩៧៩–១៩៨៦; ១៩៨៧–១៩៩០); ឧបនាយករដ្ឋមន្រ្តី (១៩៨១–៨៥), និងជានាយករដ្ឋមន្រ្តីផ្ទាល់ (១៩៨៥–១៩៩៣) • ចាន់ ស៊ី ជារដ្ឋមន្រ្តីក្រសួងការពារជាតិ (១៩៨១–៨២) និងជានាយករដ្ឋមន្រ្តី (១៩៨១–១៩៨៤) • សាយ ភូថង ជាអនុប្រធានក្រុមប្រឹក្សារដ្ឋ (១៩៧៩–១៩៩៣) • ជា សុទ្ធ ជារដ្ឋមន្រ្តីក្រសួងផែនការ (១៩៨២–១៩៨៦) និងឧបនាយករដ្ឋមន្ត្រី (១៩៨២–១៩៩២) • ប៊ូ ថង ជាឧបនាយករដ្ឋមន្ត្រី (១៩៨២–១៩៩២) និងរដ្ឋមន្ត្រីក្រសួងការពារជាតិ (១៩៨២–១៩៨៦) • ម៉ាត លី ជាអនុប្រធានរដ្ឋសភា • គង់ គាំ ជារដ្ឋមន្រ្តីក្រសួងការបរទេស (១៩៨៦–១៩៨៧) • ហោ ណាំហុង ជារដ្ឋមន្រ្តីក្រសួងការបរទេស (១៩៩០–១៩៩៣)។

បញ្ជីរាយនាមប្រធានគណបក្ស

     KPRP      CPP

រូបថត ឈ្មោះ ពី ដល់ រយៈពេល តំណែង
ប៉ែន សុវណ្ណ ៥ មករា ១៩៧៩ ៥ ធ្នូ ១៩៨១ 2 years, 334 days នាយករដ្ឋមន្រ្តី (១៩៨១)
រដ្ឋមន្រ្តីក្រសួងការពារជាតិ (១៩៧៩–១៩៨១)
ហេង សំរិន ៥ ធ្នូ ១៩៨១ ១៧ តុលា ១៩៩១ 9 years, 316 days ប្រធានក្រុមប្រឹក្សាបដិវត្តន៍ប្រជាជន (១៩៧៩–១៩៩២)
ជា ស៊ីម ១៧ តុលា ១៩៩១ ៨ មិថុនា ២០១៥ 23 years, 234 days ប្រធានរដ្ឋសភា (១៩៨១–១៩៩៣)
ប្រធានក្រុមប្រឹក្សារដ្ឋ (១៩៩២–១៩៩៣)
ប្រធានព្រឹទ្ធសភា (១៩៩៩–២០១៥)
ហ៊ុន សែន ២០ មិថុនា ២០១៥ បច្ចុប្បន្ន 9 years, 356 days នាយករដ្ឋមន្រ្តី (១៩៨៥–បច្ចុប្បន្ន)

អង្គការ

គណបក្សនេះត្រូវបានដឹកនាំដោយគណៈកម្មាធិការអចិន្រ្តៃយ៍ដែលមានសមាជិកទាំងអស់ ៣៤ នាក់ដែលជាទូទៅត្រូវបានគេហៅថាការិយាល័យនយោបាយ។ សមាជិកបច្ចុប្បន្ន (ជាមួយនឹងមុខតំណែងពួកគេ) រួមមានដូចជា:

  1. ហ៊ុន សែន (ប្រធាន)
  2. ហេង សំរិន (ប្រធានកិត្តិយស)
  3. ស ខេង (អនុប្រធាន)
  4. សាយ ឈុំ (ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍)
  5. សាយ ភូថង
  6. ប៊ូ ថង
  7. ទៀ បាញ់
  8. ម៉ែន សំអន
  9. ងួន ញ៉ិល
  10. នៃ ប៉េណា
  11. ស៊ីម កា
  12. កែ គីមយ៉ាន
  13. ប៉ុល សារឿន
  14. គង់ សំអុល
  15. សុខ អាន
  16. អ៊ីម ឈុនលឹម
  17. ឌិត មន្ទី
  18. ជា ចាន់តូ
  19. អ៊ុក រ៉ាប៊ុន
  20. ជាម យៀប
  21. ឯក សំអុល
  22. សោម គឹមសូគ៌
  23. ឃួន សុដារី
  24. ប៉ែន បញ្ញា
  25. ឆាយ ថន
  26. ហោ ណាំហុង
  27. ប៊ិន ឈិន
  28. គាត ឈន់
  29. យីម ឆៃលី
  30. ទេព ងន
  31. គន់ គីម
  32. មាស សុភា
  33. នេត សាវឿន
  34. ប្រាក់ សុខុន
  35. ជា សុផារ៉ា
  36. អូន ព័ន្ធមុនីរ័ត្ន
  37. ហ៊ុន ម៉ាណែត
  38. វង្ស ពិសេន

លទ្ធផលនៃការបោះឆ្នោត

ការបោះឆ្នោតរដ្ឋសភាជាតិ

ឆ្នាំបោះឆ្នោត ប្រធានគណបក្ស សម្លេងឆ្នោត អាសនៈ ចំណាត់លេខ រដ្ឋាភិបាល
# % ± # ±
១៩៨១ ប៉ែន សុវណ្ណ ៣,២០៩,៣៧៧ ១០០.០ ថ្មី
១១៧ / ១១៧
ថ្មី increase ទី ១ KPRP (គណបក្សស្របច្បាប់តែមួយគត់)
១៩៩៣ ហ៊ុន សែន ១,៥៣៣,៤៧១ ៣៨.២ decrease ៦១.៨
៥១ / ១២០
decrease ៦៦ decrease ទី ២ ហ៊្វុនស៊ិនប៉ិច–ប្រជាជន–BLDP
១៩៩៨ ២,០៣០,៧៩០ ៤១.៤ increase ៣.២
៦៤ / ១២២
increase ១៣ increase ទី ១ ប្រជាជន–ហ៊្វុនស៊ិនប៉ិច
២០០៣ ២,៤៤៧,២៥៩ ៤៧.៣ increase ៥.៩
៧៣ / ១២៣
increase Steady
ទី ១
ប្រជាជន–ហ៊្វុនស៊ិនប៉ិច
២០០៨ ៣,៤៩២,៣៧៤ ៥៨.១ increase ១០.៨
៩០ / ១២៣
increase ១៧ Steady
ទី ១
ប្រជាជន–ហ៊្វុនស៊ិនប៉ិច
២០១៣ ៣,២៣៥,៩៦៩ ៤៨.៨ decrease ៩.៣
៦៨ / ១២៣
decrease ២២ Steady
ទី ១
ប្រជាជន
២០១៨ ៤,៨៨៩,១១៣ ៧៦.៨ increase ២៨.០
១២៥ / ១២៥
increase ៥៧ Steady
ទី ១
ប្រជាជន

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់

ឆ្នាំបោះឆ្នោត ប្រធានគណបក្ស សម្លេងឆ្នោត ឃុំ សង្កាត់ ក្រុមប្រឹក្សាឃុំសង្កាត់ ចំណាត់លេខ
# % ± # ± # ±
២០០២[១១] ហ៊ុន សែន ២,៦៤៧,៨៤៩ ៦០.៩ ថ្មី
១៥៩៨ / ១៦២១
ថ្មី
៧៥៥២ / ១១២៦១
ថ្មី increase ទី ១
២០០៧[១២] ៣,១៤៨,៥៣៣ ៦០.៨ decrease ០.១
១៥៩១ / ១៦២១
decrease
៧៩៩៣ / ១១៣៥៣
increase ៤៤១ Steady
ទី ១ 
២០១២[១៣] ៣,៦៣១,០៨២ ៦១.៨ increase ១.០
១៥៩២ / ១៦៣៣
increase
៨២៩២ / ១១៤៥៩
increase ២៩៩ Steady
ទី ១ 
២០១៧[១៤] ៣,៥៤០,០៥៦ ៥០.៨ decrease ១១.០
១១៥៦ / ១៦៤៦
decrease ៤៣៦
៦៥០៣ / ១១៥៧២
decrease ១,៧៨៩ Steady
ទី ១

ការបោះឆ្នោតព្រឹទ្ធសភា

ឆ្នាំបោះឆ្នោត ប្រធានគណបក្ស សម្លេងឆ្នោត អាសនៈ ចំណាត់លេខ លទ្ធផល
# % ± # ±
២០០៦ ជា ស៊ីម ៧,៨៥៤ ៦៩.២
៤៥ / ៥៧
increase ១៤ Steady
ទី ១
ភាគច្រើន
២០១២ ៨,៨៨០ ៧៧.៨ increase ៨.៦
៤៦ / ៥៧
increase Steady
ទី ១
ភាគច្រើន
២០១៨ សាយ ឈុំ ១១,២០២ ៩៥.៩ increase ១៨.១
៥៨ / ៥៨
increase ១២ Steady
ទី ១
ភាគច្រើន

សូមមើលផងដែរ

ឯកសារយោង

  1. Niem, Chheng (26 June 2019). "CPP set to mark anniversary, vows to maintain public trust". The Phnom Penh Post. https://www.phnompenhpost.com/national/cpp-set-mark-anniversary-vows-maintain-public-trust។ បានយកមក 26 June 2019. 
  2. ២,០ ២,១ Ven, Rathavong (5 June 2018). "CPP determined to maintain Kingdom's peace and development". Khmer Times. https://www.khmertimeskh.com/50497080/cpp-determined-to-maintain-kingdoms-peace-and-development។ បានយកមក 26 June 2019. 
  3. Prak, Chan Thul (2 February 2018). "Cambodian government criminalizes insult of monarchy". Reuters. https://www.reuters.com/article/us-cambodia-politics/cambodian-government-criminalizes-insult-of-monarchy-idUSKBN1FM219។ បានយកមក 21 June 2019. 
  4. Hul, Reaksmey (27 October 2018). "Hun Sen, Former Opposition Leader in Row Over 'Loyalty to Royals'". Voice of America. https://www.voacambodia.com/a/hun-sen-former-opposition-leader-in-row-over-loyalty-to-royals/4630705.html។ បានយកមក 21 June 2019. 
  5. Quackenbush, Casey (7 January 2019). "40 Years After the Fall of the Khmer Rouge, Cambodia Still Grapples With Pol Pot's Brutal Legacy". TIME. https://time.com/5486460/pol-pot-cambodia-1979/។ បានយកមក 7 December 2019. 
  6. "Khmer People's Revolutionary Party (KPRP)". Global Security. 6 February 2012. Retrieved 30 July 2019.
  7. Diamond, Larry (April 2002). "Elections Without Democracy: Thinking About Hybrid Regimes". Journal of Democracy 13 (2): 31, 32. Retrieved on 27 January 2014.
  8. McCargo, Duncan (October 2005). "Cambodia: Getting Away with Authoritarianism?". Journal of Democracy 16 (4). DOI:10.1353/jod.2005.0067. Retrieved on 27 January 2014.
  9. Hughes, Caroline (January–February 2009). "Consolidation in the Midst of Crisis". Asian Survey 49 (1): 211–212. ISSN 1533-838X. DOI:10.1525/as.2009.49.1.206. Retrieved on 27 January 2014.
  10. Khorn, Savi (11 June 2019). "Ministry: Councillors to be appointed by next Monday". The Phnom Penh Post. https://www.phnompenhpost.com/national-politics/ministry-councillors-be-appointed-next-monday។ បានយកមក 17 June 2019. 
  11. "Report on the Commune Council Elections – 3 February 2002" (PDF). comfrel.org. Committee for Free and Fair Elections in Cambodia (COMFREL). March 2002. Retrieved 4 September 2018.
  12. "Final Assessment and Report on 2007 Commune Council Elections" (PDF). comfrel.org. Committee for Free and Fair Elections in Cambodia (COMFREL). 1 April 2007. Retrieved 4 September 2018.
  13. "Final Assessment and Report on 2012 Commune Council Elections" (PDF). comfrel.org. Committee for Free and Fair Elections in Cambodia (COMFREL). October 2012. Retrieved 4 September 2018.
  14. "Final Assessment and Report on 2017 Commune Council Elections" (PDF). comfrel.org. Committee for Free and Fair Elections in Cambodia (COMFREL). October 2017. Retrieved 4 September 2018.

គន្ថនិទ្ទេស

  • Guo, Sujian (2006). The Political Economy of Asian Transition from Communism. Ashgate Publishing, Ltd. ISBN 0754647358

តំណភ្ជាប់ខាងក្រៅ