ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន
ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន 中华人民共和国主席 | |
---|---|
![]() | |
![]() | |
បែបបទ | លោកប្រធានាធិបតី (主席) (ក្រៅផ្លូវការ) សមមិត្ត (同志) (ផ្លូវការ) ឯកឧត្តម (阁下) (ការទូត) |
ស្ថានភាព | ប្រមុខរដ្ឋ |
និវេសនដ្ឋាន | ចុងណានហៃ |
អាសនៈ | អគារខាងលិច, ចុងណានហៃ, ប៉េកាំង (ផ្លូវការ) |
អ្នកតែងតាំង | គណៈប្រធានសភាជាតិប្រជាជន |
អ្នកចាត់តាំង | សភាជាតិប្រជាជន |
រយៈពេល | ប្រាំឆ្នាំ, មិនកំណត់អាណត្តិ |
Constituting instrument | រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតចិន |
អ្នកកាន់តំណែងមុន | ម៉ៅសេទុង |
អ្នកសម្ពោធតំណែង | លី ស៊ីអាននាន |
និម្មិតកម្ម | ២៧ កញ្ញា ១៩៥៤ ១៨ មិថុនា ១៩៨៣ |
បានលុបបំបាត់ | មករា ១៩៧៥ – សីហា ១៩៨២ |
ឈ្មោះក្រៅផ្លូវការ | ប្រធានរដ្ឋ |
អនុប្រធាន | អនុប្រធានាធិបតី |
ប្រាក់ខែ | ¥១៥២,១២១ យ័ន ($២២,០០០ ដុល្លារអាមេរិក)[១] |
គេហទំព័រ | ក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន |
ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនគឺជាប្រមុខរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន។ នៅក្រោមរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតចិនបច្ចុប្បន្ន ប្រធានាធិបតីគឺជាតំណែងការិយាល័យកំពូលមួយដែលមានអំណាចកំណត់តិចតួច។[២] ប៉ុន្តែចាប់ពីឆ្នាំ១៩៩៣ មក អ្នកនយោបាយចិនកំពូលៗបានយល់ស្របគ្នាថាតំណែងប្រធានាធិបតីគួរតែកាន់កាប់ដោយអង្គលេខាធិការបក្សកុម្មុយនិស្តចិននៅក្នុងពេលដំណាលគ្នា។ តំណែងប្រធានាធិបតីត្រូវបានគេចាត់ទុកថាជាស្ថាប័នរបស់រដ្ឋច្រើនជាជាងតំណែងរដ្ឋបាល។ តាមទ្រឹស្តី ប្រធានាធិបតីគ្រាន់តែដើរតួជាមុខតំណែងនិមិត្តប៉ុណ្ណោះនៅក្នុងស្ថាប័ននីតិបញ្ញត្តិចិនគឺសភាជាតិប្រជាជនហើយមិនមានសិទ្ធិស្របច្បាប់ក្នុងការចាត់វិធានការប្រតិបត្តិតាមអំពើចិត្តរបស់ខ្លួនឡើយ។
តំណែងប្រធានាធិបតីត្រូវបានបង្កើតឡើងដំបូងនៅក្នុងរដ្ឋធម្មនុញ្ញចិនឆ្នាំ១៩៥៤ ហើយត្រូវបានកាន់កាប់ដោយម៉ៅសេទុងនិងលីវ សាវគី។ លីវបានបាត់បង់កេរ្តិ៍ឈ្មោះនិងមុខតំណែងនយោបាយនៅអំឡុងបដិវត្តន៍វប្បធម៌ចិនហើយតំណែងប្រធានាធិបតីក៏ត្រូវបានទុកនៅទំនេរអស់មួយរយៈ។ ផ្អែកលើរដ្ឋធម្មនុញ្ញឆ្នាំ១៩៧៥ តំណែងប្រធានាធិបតីត្រូវបានលុបបំបាត់ចោលហើយនៅក្នុងឆ្នាំ១៩៨២ រដ្ឋធម្មនុញ្ញថ្មីបានតាងតំណែងមួយនេះឡើងវិញគ្រាន់តែលើកនេះអំណាចប្រធានាធិបតីត្រូវបានគេកាត់បន្ថយច្រើនជាងមុន។
យោងទៅតាមរដ្ឋធម្មនុញ្ញចិនបច្ចុប្បន្នដែលត្រូវបានអនុម័តក្នុងឆ្នាំ១៩៨២ តំណែងប្រធានាធិបតីត្រូវបានរចនាឡើងជាការិយាល័យនិមិត្តដោយមាននាយករដ្ឋមន្រ្តីបម្រើការជាប្រមុខរដ្ឋាភិបាល និងអគ្គលេខាធិការបក្សកុម្មុយនិស្តចិនបម្រើការជាមេដឹកនាំនយោបាយរបស់គណបក្ស។ តំណែងទាំងបីនេះត្រូវបានកាន់ដោយបុគ្គលខុសៗគ្នានៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០។ តាមការពិត អំណាចនយោបាយត្រូវបានប្រមូលផ្តុំដោយមេដឹកនាំកំពូលដែលជាអ្នកគ្រប់គ្រងគណបក្សនិងវិស័យយោធាពី"ក្រោយឆាក"ដោយមិនចាំបាច់កាន់តំណែងណាមួយក្នុងចំណោមមុខតំណែងទាំងបីខាងលើ។ ទោះយ៉ាងណាប្រធានាធិបតីលី ស៊ីអាននាន (១៩៨៣–១៩៨៨) និងលោកយ៉ាង សាងគុន (១៩៨៨–១៩៩៣) មិនមែនជាបុគ្គលសធម្មតាទេនៅក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតី តែអ្នកទាំងពីរគឺជាតួអង្គដ៏សំខាន់នៅក្នុងថ្នាក់ដឹកនាំកំពូលៗដោយអំណាចរបស់ពួកគេបានកើតចេញពីឋានៈជាសមាជិកនៃព្រឹទ្ធាចារ្យទាំងប្រាំបី (សមាជិកជើងចាស់នៃបក្សកុម្មុយនិស្តចិននៅចុងសតវត្សទី២០) ជាជាងការិយាល័យប្រធានាធិបតី។[៣]
ចាប់តាំងពីឆ្នាំ១៩៩៣ មេដឹកនាំកំពូលរបស់ចិនគឺសុទ្ធតែកាន់អំណាចជាប្រធានាធិបតីផងនិងជាមេដឹកនាំគណបក្សផង (ពោលគឺអគ្គលេខាធិការបក្ស) និងព្រមទាំងជាមេបញ្ជាការយោធាផងដែរ (ប្រធានគណៈកម្មការយោធាកណ្តាល)។ តាមទ្រឹស្តី បុគ្គលដែលកាន់តំណែងទាំងនេះមានភារកិច្ចផ្សេងៗគ្នា។ ឧទាហរណ៍ ប្រធានាធិបតីគឺជាអ្នកដែលជួបជាមួយឥស្សរជនបរទេសនិងទទួលឯកអគ្គរដ្ឋទូតផ្សេងៗ ប្រធានគណៈកម្មការយោធាកណ្តាលមានមុខងារចេញបញ្ជាយោធា និងចំណែកឯលេខាបក្សវិញគឺមានភារកិច្ចប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍របស់បក្ស។
ក្នុងសម័យម៉ៅសេទុង តំណែងប្រធានាធិបតីគឺមិនត្រូវបានកំណត់អាណត្តិឡើយ។ នៅចន្លោះឆ្នាំ១៩៨២ និងឆ្នាំ២០១៨ រដ្ឋធម្មនុញ្ញបានចែងថា ប្រធានាធិបតីមិនអាចកាន់តំណែងលើសពីពីរអាណត្តិជាប់ៗគ្នានោះទេ។ ដល់ឆ្នាំ២០១៨ រយៈកំណត់អាណត្តិត្រូវបានលុបបំបាត់ចោលប៉ុន្តែអំណាចនិងតួនាទីតំណែងនូវរក្សាដដែរ។
ប្រធានាធិបតីបច្ចុប្បន្នគឺលោកស៊ី ជីនពីងដោយលោកបានចូលកាន់តំណែងនេះកាលពីខែមីនា ឆ្នាំ២០១៣ បន្តពីលោកហ៊ូ ជីនតាវ។ គាត់បានជាប់ឆ្នោតម្តងទៀតនៅខែមីនា ឆ្នាំ២០១៨។
លក្ខណៈសម្បត្តិ និងការបោះឆ្នោត
យោងទៅតាមរដ្ឋធម្មនុញ្ញចិនបច្ចុប្បន្ន ប្រធានាធិបតីគឺត្រូវមានសញ្ជាតិជាជនជាតិចិនដែលមានសិទ្ធិបោះឆ្នោតពេញលេញ និងមានអាយុលើសពី ៤៥ ឆ្នាំឡើងទៅ។
ប្រធានាធិបតីត្រូវបានជ្រើសតាំងដោយសភាជាតិប្រជាជន ដែលជាស្ថាប័នរដ្ឋខ្ពស់បំផុតនៃប្រទេសចិន។ សភាជាតិប្រជាជនមានសិទ្ធិអំណាចអាចដកប្រធានាធិបតីនិងមន្រ្តីរដ្ឋដទៃទៀតចេញពីតំណែងនៅក្នុងជួររដ្ឋាភិបាល។ ការបោះឆ្នោតនិងការដកចេញគឺត្រូវសម្រេចដោយការបោះឆ្នោតសម្លេងភាគច្រើន។[៤]
យោងទៅតាមច្បាប់ចាត់តាំងរបស់សភាជាតិប្រជាជន ប្រធានាធិបតីគឺត្រូវបានតែងតាំងដោយគណៈប្រធានសភាជាតិប្រជាជនដែលជាស្ថាប័នអង្គការប្រតិបត្តិរបស់សភា។[៥]
ចំពោះការអនុវត្តជាក់ស្តែង បក្សកុម្មុយនិស្តចិនដែលកំពុងកាន់អំណាចបានបម្រុងទុកតំណែងប្រធានាធិបតីសម្រាប់អគ្គលេខាធិការបក្សបច្ចុប្បន្ន។ ដូចមន្រ្តីរដ្ឋទាំងអស់ដែលត្រូវបានជ្រើសរើសដោយសភាអញ្ចឹង ប្រធានាធិបតីត្រូវបានជ្រើសរើសចេញពីសន្លឹកឆ្នោតតែមួយ។
នៅចន្លោះឆ្នាំ១៩៨២ រហូតដល់ខែមីនា ឆ្នាំ២០១៨ ប្រធានាធិបតីនិងអនុប្រធានាធិបតីត្រូវបានកំណត់ឱ្យកាន់អំណាចត្រឹមតែពីរអាណត្តិជាប់ៗគ្នាប៉ុណ្ណោះ។[៦] ក៏ប៉ុន្តែនៅក្នុងសម័យប្រជុំសភាជាតិប្រជាជននៅក្នុងឆ្នាំ២០១៨ គេបានសម្រេចលុបបំបាត់ច្បាប់កំណាត់អាណត្តិរបស់ប្រធានាធិបតីចោល។[៧][៨]
អំណាច និងតួនាទី
យោងតាមរដ្ឋធម្មនុញ្ញបច្ចុប្បន្នដែលបានអនុម័តឡើងកាលពីឆ្នាំ១៩៨២ ដោយមានការកែប្រែបន្តិចបន្តួចនៅឆ្នាំបន្ទាប់ៗបានចែងថា ប្រធានាធិបតីមានអំណាចក្នុងការប្រកាសអនុវត្តច្បាប់ ជ្រើសរើសនិងបណ្តេញនាយករដ្ឋមន្ត្រីណាមួយនិងព្រមទាំងរដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋផងដែរ ផ្តល់ការលើកលែងទោស ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ចេញបទបញ្ជាចលនាមហាជន និងចេញសេចក្តីគោរពកិត្តិយលរបស់រដ្ឋ។ លើសពីនេះ ប្រធានាធិបតីអាចចុះឈ្មោះនិងបញ្ជូនឯកអគ្គរដ្ឋទូតខ្លួនទៅកាន់បរទេសដើម្បីចុះឬលុបចោលសន្ធិសញ្ញាជាមួយអង្គភាពបរទេសណាមួយ។ ប៉ុន្តែបើយោងតាមរដ្ឋធម្មនុញ្ញ អំណាចទាំងអស់នេះគឺតម្រូវឱ្យមានសេចក្តីយល់ព្រមឬការបញ្ជាក់ពីសភាជាតិប្រជាជន។ ប្រធានាធិបតីគឺជាអ្នកដឹកនាំដំណើរទស្សនកិច្ចផ្លូវរដ្ឋក្នុងនាមជាអ្នកតំណាងសាធារណរដ្ឋប្រជាមានិតរបស់ខ្លួន។ នៅក្រោមរដ្ឋធម្មនុញ្ញ ឃ្លា"ដំណើរទស្សនកិច្ចផ្លូវរដ្ឋ"គឺជាអំណាចរបស់ប្រធានាធិបតីតែមួយគត់ដែលមិនកំណត់ទម្រង់ណាមួយនៃការត្រួតពិនិត្យពីសភាជាតិប្រជាជន។ ដោយសារអំណាចប្រធានាធិបតីភាគច្រើនពឹងផ្អែកលើការផ្តល់សច្ចាប័នពីសភា ប្រធានាធិបតីត្រូវបានចាត់ទុកជាតំណែងនិមិត្តរូបដោយគ្មានសិទ្ធិផ្ទាល់ខ្លួននៅក្នុងអភិបាលកិច្ចរដ្ឋនោះឡើយ។ ដូច្នេះហើយ តំណែងនេះត្រូវបានបង្កើតឡើងដើម្បីបំពេញមុខងារជាស្ថាប័ននិមិត្តរូបរបស់រដ្ឋជាជាងការិយាល័យដែលមានអំណាចប្រតិបត្តិពិតប្រាកដ។[២][៦][៩]
តាមទ្រឹស្តី ប្រធានាធិបតីមានឆន្ទានុសិទ្ធិលើការជ្រើសរើសនាយករដ្ឋមន្រ្តីផ្ទាល់ខ្លួន ប៉ុន្តែតាមការអនុវត្តជាក់ស្តែង នាយករដ្ឋមន្ត្រីត្រូវបានជ្រើសរើសជារឿយៗតាមរយៈការពិភាក្សាថ្នាក់កំពូលរបស់បក្សកុម្មុយនិស្តចិន។ នៅពេលតែងតាំងនាយករដ្ឋមន្រ្តី សភាត្រូវកោះប្រជុំដើម្បីបញ្ជាក់ពីការតែងតាំងនេះប៉ុន្តែដោយសារមានឈ្មោះបេក្ខជនតែមួយនៅលើសន្លឹកឆ្នោតទើបពួកគេមានតែជម្រើសតែពីរប៉ុណ្ណោះគឺអាចអនុម័តទទួលយក ឬអាចបដិសេធ។ រហូតមកដល់បច្ចុប្បន្ន សភាចិនគឺមិនដែលបដិសេធការតែងតាំងបុគ្គលណាមួយជានាយករដ្ឋមន្ត្រីទេ។[១០]
ដោយសារតែនាយករដ្ឋមន្រ្តីជាប្រមុខរដ្ឋាភិបាលនៅក្នុងប្រទេសចិនដូច្នេះវាគឺជាតំណែងនយោបាយដ៏សំខាន់បំផុតនៅក្នុងជួររដ្ឋាភិបាលចិន។ អំណាចតែងតាំងក្នុងកាលៈទេសៈខ្លះអាចផ្តល់ឱ្យប្រធានាធិបតីនូវឥទ្ធិពលនយោបាយពិតប្រាកដ។[១១]
ដូច្នេះក្នុងករណីនេះ តំណែងប្រធានាធិបតីចិនគឺមិនមានលក្ខណៈដូចនៅក្នុងសហរដ្ឋអាមេរិក ឬរដ្ឋប្រកាន់ប្រព័ន្ធប្រធានាធិបតីដទៃទៀតឡើយប៉ុន្តែជាការប្រៀបផ្ទឹមនឹងលក្ខខណ្ឌអំណាចរបស់វាបើប្រៀបធៀបជាមួយប្រព័ន្ធសភា។
នៅក្នុងឆ្នាំ២០១៩ របាយការណ៍មួយរបស់គណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ចនិងសន្តិសុខអាមេរិក–ចិនបានថ្លែងថា មនុស្សគ្រប់រូបគួរឈប់ហៅមេដឹកនាំចិនលោកស៊ី ជីនពីងថាជា"ប្រធានាធិបតី"ទៅហើយគួរតែហៅលោកថា"អគ្គលេខាធិការ"វិញព្រោះចិនសព្វថ្ងៃកំពុងស្ថិតនៅក្រោមការដឹកនាំរបស់គណបក្សតែមួយ។[១២]
ចំណាត់ថ្នាក់នយោបាយ
សម្រាប់ប្រធានាធិបតីលីវ សាវគី គាត់គឺជាអនុប្រធានទីមួយនៃបក្សកុម្មុយនិស្តចិនដែលត្រូវជាតំណែងខ្ពស់បំផុតលំដាប់ទី ២ នៅក្នុងបក្សកុម្មុយនិស្តចិនដោយនៅពីក្រោយតែប្រធានបក្សម៉ៅសេទុងប៉ុណ្ណោះ។[១៣] សម្រាប់ប្រធានាធិបតីលី ស៊ីអាននាន គាត់គឺជាសមាជិកលំដាប់ទី ៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយបក្សកុម្មុយនិស្តចិន[១៤]។ ចំពោះប្រធានាធិបតីយ៉ាង សាងគុនវិញ គាត់គឺមិនមែនជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយបក្សនោះទេប៉ុន្តែគាត់ជាអ្នកនយោបាយកំពូលលំដាប់ទីបីដោយនៅពីក្រោយតែលេខាបក្សចាវ ស៊ីយ៉ាង និងលោកតេង សៀវពីងប៉ុណ្ណោះ។[១៥] ចាប់តាំងពីសម័យលោកជាំង ហ្សឺមីនមក តំណែងប្រធានាធិបតីត្រូវបានកាន់ជាមួយគ្នានឹងតំណែងអង្គលេខាធិការបក្សដែលជាតំណែងខ្ពស់បំផុតទីមួយទាំងនៅក្នុងបក្សនិងរដ្ឋ។[១៦]
ប្រវត្តិ
មើលផងដែរ
- បញ្ជីរាយនាមមេដឹកនាំចិន
- បញ្ជីរាយនាមមេដឹកនាំនៃសាធារណរដ្ឋប្រជាមានិតចិន
- អង្គលេខាធិការបក្សកុម្មុយនិស្តចិន
- នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន
- អនុប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន
ឯកសារយោង
- ↑ "Public employees get salary increase - China - Chinadaily.com.cn". www.chinadaily.com.cn. Archived from the original on 5 មិថុនា 2019. Retrieved 10 កញ្ញា 2021.
- ↑ ២,០ ២,១ Chris Buckley and Adam Wu (10 March 2018). "Ending Term Limits for China's Xi Is a Big Deal. Here's Why. - Is the presidency powerful in China?". New York Times. https://www.nytimes.com/2018/03/10/world/asia/china-xi-jinping-term-limit-explainer.html.
- ↑ MacFarquhar, Roderick. "Foreword" in Zhao Ziyang (2009). Prisoner of the State: The Secret Journal of Zhao Ziyang. New York, NY: Simon and Schuster. ISBN 1-4391-4938-0
- ↑ (អង់គ្លេស) រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតចិន Archived 12 August 2010 at the វេយប៊ែខ ម៉ាស៊ីន., មាត្រា ៦២ និង ៦៣។
- ↑ "Organic Law of the National People's Congress of the PRC". Archived from the original on 15 កក្កដា 2015. Retrieved 11 កញ្ញា 2021., មាត្រា ១៣។
- ↑ ៦,០ ៦,១ Krishna Kanta Handique State Open University Archived 2 May 2014 at the វេយប៊ែខ ម៉ាស៊ីន., EXECUTIVE: THE PRESIDENT OF THE CHINESE REPUBLIC.
- ↑ "CPC proposes change on Chinese president's term in Constitution - Xinhua - English.news.cn". Xinhua. 25 កុម្ភៈ 2018. http://www.xinhuanet.com/english/2018-02/25/c_136998770.htm.
- ↑ "China approves 'president for life' change". BBC News. 11 March 2018. https://www.bbc.co.uk/news/world-asia-china-43361276.
- ↑ Constitution of the People's Republic of China Archived 12 August 2010 at the វេយប៊ែខ ម៉ាស៊ីន., មាត្រា ៦២ នៃជំពូក ៥។
- ↑ Yew, Chiew Ping; Gang Chen (13 មីនា 2011). "China's National People's Congress 2010: Addressing Challenges With No Breakthrough in Legislative Assertiveness". Background Brief. Singapore: East Asian Institute. http://www.eai.nus.edu.sg/BB513.pdf។ បានយកមក 11 កញ្ញា 2021.
- ↑ Weng, Byron (September 1982). "Some Key Aspects of the 1982 Draft Constitution of the People's Republic of China". The China Quarterly 91 (91): 492–506. DOI:10.1017/S0305741000000692.
- ↑ Kate O’Keeffe and Katy Stech Ferek (14 November 2019). "Stop Calling China's Xi Jinping 'President,' U.S. Panel Says". The Wall Street Journal. https://www.wsj.com/articles/stop-calling-chinas-xi-jinping-president-u-s-panel-says-11573740000..
- ↑ Mathews, Jay (4 March 1980). "5 Children of Liu Shaoqi Detail Years in Disfavor". The Washington Post. https://www.washingtonpost.com/archive/politics/1980/03/04/5-children-of-liu-shaoqi-detail-years-in-disfavor/024ff499-48af-4c41-b47c-fd7e0031bf75/.
- ↑ "Li Xiannian: China's new president" (ជាen). UPI. 18 June 1983. https://www.upi.com/Archives/1983/06/18/Personality-SpotlightNEWLNLi-Xiannian-Chinas-new-president/5105424756800/.
- ↑ Del Vecchio, Mark S.. "Yang Shangkun elected Chinese president". UPI. https://www.upi.com/Archives/1988/04/08/Yang-Shangkun-elected-Chinese-president/9536576475200/.
- ↑ "Jiang Zemin to have lower rank in Communist party". The Telegraph. 2013. https://www.telegraph.co.uk/news/worldnews/asia/china/9823478/Jiang-Zemin-to-have-lower-rank-in-Communist-party.html.
តំណភ្ជាប់ក្រៅ
- គេហទំព័រប្រធានាធិបតីផ្លូវការ (ភាសាអង់គ្លេស)