កីឡាអូឡាំពិករដូវក្តៅ
កីឡាអូឡាំពិករដូវក្តៅ | |
---|---|
![]() | |
ព្រឹត្តិការណ៍ | |
ប្រភេទកីឡា (ព័ត៌មានបន្ថែម) | |
|
កីឡាអូឡាំពិករដូវក្តៅ (ភាសាអង់គ្លេស៖ Summer Olympic Games, ភាសាបារាំង៖ Jeux olympiques d'été) គឺជាព្រឹត្តិការណ៍ពហុកីឡាដ៏ធំមួយដែលតែងតែប្រារព្ធធ្វើឡើងរៀងរាល់ ៤ ឆ្នាំម្តង។ ការប្រកួតកីឡានេះគឺត្រូវបានរៀបចំឡើងជាលើកដំបូងនៅក្នុងឆ្នាំ១៨៩៦ នៅទីក្រុងអាតែន ប្រទេសក្រិកហើយបច្ចុប្បន្នត្រូវបានរៀបចំឡើងនៅក្នុងឆ្នាំ២០២១ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) គឺជាអ្នករៀបចំការប្រកួតនិងជ្រើសរើសទីក្រុងណាមួយនៅលើពិភពលោកសម្រាប់រៀបចំត្រៀមព្រឹត្តិការណ៍ប្រកួត។ នៅក្នុងព្រឹត្តិការណ៍អូឡាំពិកនីមួយៗ មេដាយមាសត្រូវបានផ្តល់ជូនសម្រាប់អ្នកជាប់ចំណាត់ថ្នាក់លេខមួយ មេដាយប្រាក់សម្រាប់អ្នកជាប់ចំណាត់ថ្នាក់លេខពីរ និងមេដាយសំរិទ្ធសម្រាប់អ្នកជាប់ចំណាត់ថ្នាក់លេខបី ទម្លាប់ប្រពៃណីនេះគឺបានចាប់ផ្តើមអនុវត្តចាប់តាំងពីព្រឹត្តិការណ៍ឆ្នាំ១៩០៤ មកម្លេះ។ ដោយសារភាពជោគជ័យនិងប្រជាប្រិយភាពនៃកីឡាអូឡាំពិករដូវក្តៅ គេក៏បានសម្រេចបង្កើតព្រឹត្តិការណ៍កីឡាអូឡាំពិកមួយប្រភេទទៀតគឺកីឡាអូឡាំពិករដូវរងា។
តាំងពីបង្កើតមក ការប្រកួតកីឡាអូឡាំពិកបានរីកចម្រើនគ្រប់វិស័យដោយព្រឹត្តិការណ៍ដំបូងមានកម្មវិធីប្រកួតប្រជែងចំនួន ៤២ ដែលមានកីឡាករចូលរួមតិចជាង ២៥០ នាក់មកពី ១៤ ប្រទេសនៅក្នុងឆ្នាំ១៨៩៦ ហើយបើដល់គិតមកដល់ព្រឹត្តិការណ៍ឆ្នាំ២០១៦ កីឡាអូឡាំពិកគឺមានទៅដល់ ៣០៦ ព្រឹត្តិការណ៍ឯណោះដែលមានអ្នកចូលរួមសរុប ១១,២៣៨ នាក់ (កីឡាករចំនួន ៦,១៧៩ និងកីឡាការនីចំនួន ៥,០៥៩ នាក់) មកពី ២០៦ ប្រទេស។ កីឡាអូឡាំពិកធ្លាប់បានប្រព្រឹត្តិធ្វើឡើងនៅក្នុងប្រទេសចំនួន ១៩ មកពីទ្វីបចំនួនប្រាំ។ សហរដ្ឋអាមេរិកធ្លាប់បានធ្វើជាម្ចាស់ផ្ទះចំនួនបួនលើក (ឆ្នាំ១៩០៤ ១៩៣២ ១៩៨៤ និងឆ្នាំ១៩៩៦) បីលើកនៅសហរាជាណាចក្រ (ឆ្នាំ១៩០៨ ១៩៤៨ និងឆ្នាំ២០១២) ពីរលើកនៅប្រទេសក្រិក (ឆ្នាំ១៨៨៦ និងឆ្នាំ២០០៤) និងពីរលើកនៅតាមប្រទេសមួយចំនួនទៀតដូច ប្រទេសបារាំង (ឆ្នាំ១៩០០ និងឆ្នាំ១៩២៤) ប្រទេសអាល្លឺម៉ង់ (ឆ្នាំ១៩៣៦ និងឆ្នាំ១៩៧២) ប្រទេសអូស្ត្រាលី (ឆ្នាំ១៩៥៦ និងឆ្នាំ២០០០) និងប្រទេសជប៉ុន (ឆ្នាំ១៩៦៤ និងឆ្នាំ២០២០) ហើយនិងមួយលើកនៅតាមប្រទេសដូចជា ស៊ុយអែត(១៩១២) បែលស៊ិក(១៩២០) ហុល្លង់(១៩២៨) ហ្វាំងឡង់(១៩៥២) អ៊ីតាលី(១៩៦០) ម៉ិកស៊ិក(១៩៦៨) កាណាដា(១៩៧៦) សហភាពសូវៀត(១៩៨០) កូរ៉េខាងត្បូង(១៩៨៨) អេស្ប៉ាញ(១៩៩២) ចិន(២០០៨) និងប្រេស៊ីល (២០១៦)។
IOC បានជ្រើសយកទីក្រុងតូក្យូ ប្រទេសជប៉ុនសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២០ (ប៉ុន្តែត្រូវពន្យារដល់ឆ្នាំ២០២១ ដោយសារវិបត្តិជំងឺកូវីដ-១៩)។[១] ព្រឹត្តិការណ៍អូឡាំពិកបន្ទាប់គឺនឹងត្រូវប្រារព្ធធ្វើឡើងក្នុងឆ្នាំ២០២៤ នៅទីក្រុងប៉ារីសហើយនេះគឺជាលើកទីបីដែលបារាំងបានក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ។ សម្រាប់ឆ្នាំ២០២៨ IOC បានជ្រើសយកទីក្រុងឡូសអាន់ជ័រលេសនៃសហរដ្ឋអាមេរិក និងទីក្រុងប៊្រីសបាន ប្រទេសអូស្ត្រាលីសម្រាប់ព្រឹត្តិការណ៍ឆ្នាំ២០៣២។ មានតែប្រទេសចំនួនប្រាំប៉ុណ្ណោះដែលបានចូលរួមនៅគ្រប់ព្រឹត្តិការណ៍កីឡាអូឡាំពិកដូចជា ប្រទេសក្រិក ក្រង់ប្រឺតាញ បារាំង ស្វីស និងអូស្ត្រាលី។ សហរដ្ឋអាមេរិកគឺជាប្រទេសដែលទទួលបានមេដាយច្រើនបំផុតនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ។
ម្ចាស់ផ្ទះ
សហរដ្ឋអាមេរិកធ្លាប់បានធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅចំនួនបួនលើក៖ លើកទីមួយគឺនៅក្នុងឆ្នាំ១៩០៤ នៅទីក្រុងសង់ល្វីនៃរដ្ឋមីស៊ូរី ព្រឹត្តិការណ៍ឆ្នាំ១៩៣២ និងឆ្នាំ១៩៨៤ នៅទីក្រុងឡូសអាន់ជ័រលេសនៃរដ្ឋកាលីហ្វញ៉ា និងព្រឹត្តិការណ៍ឆ្នាំ១៩៩៦ នៅទីក្រុងអាត្លង់តានៃរដ្ឋចចជី។ ព្រឹត្តិការណ៍ឆ្នាំ២០២៨ ដែលនឹងត្រូវធ្វើឡើងនៅទីក្រុងឡូសអាន់ជ័រលេសនឹងក្លាយជាព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីប្រាំដែលត្រូវរៀបចំឡើងនៅសហរដ្ឋអាមេរិក។
នៅឆ្នាំ២០១២ សហរាជាណាចក្របានក្លាយជាម្ចាស់ផ្ទះជាលើកទីបីនៃកីឡាអូឡាំពិករដូវក្តៅដែលបានប្រារព្ធឡើងនៅទីក្រុងឡុងដ៍។ ឡុងដ៍បានក្លាយជាទីក្រុងដំបូងក្នុងប្រវត្តិសាស្ត្រដែលបានរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅបានបីលើក។ ទីក្រុងដូចជា ឡូសអាន់ជ័រលេស ប៉ារីស និងអាតែនគឺសុទ្ធតែធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃកីឡាអូឡាំពិករដូវក្តៅបានពីរលើក។ នៅឆ្នាំ២០២៤ បារាំងនឹងធ្វើជាម្ចាស់ផ្ទះនៃកីឡាអូឡាំពិករដូវក្តៅជាលើកទីបីនៅឯរដ្ឋធានីប៉ារីស ដូច្នេះហើយ ប៉ារីសនឹងក្លាយជាទីក្រុងទីពីរបង្អស់ក្នុងប្រវត្តិសាស្ត្រអូឡាំពិកដែលអាចធ្វើជាម្ចាស់ផ្ទះចំនួនបីលើកសរុប។ នៅឆ្នាំ២០២៨ ឡូសអាន់ជ័រលេសនឹងក្លាយជាទីក្រុងទីបីដែលជាម្ចាស់ផ្ទះចំនួនបីលើក។
ប្រទេសអូស្ត្រាលី បារាំង អាល្លឺម៉ង់ ក្រិក និងជប៉ុនគឺសុទ្ធតែធ្លាប់ធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅបានចំនួនពីរលើក (បារាំងនិងអូស្ត្រាលីនឹងក្លាយជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ២០២៤ និងឆ្នាំ២០៣២ ដែលនឹងធ្វើឱ្យប្រទេសទាំងពីរក្លាយជាម្ចាស់ផ្ទះចំនួនបីលើកសរុប)។ ទីក្រុងតូក្យូនៅប្រទេសជប៉ុនគឺកំពុងតែធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២០ ដោយវាជាទីក្រុងដំបូងក្រៅពីទីក្រុងមកពីប្រទេសនិយាយភាសាអង់គ្លេសឬប្រទេសអឺរ៉ុបដែលបានធ្វើជាម្ចាស់ផ្ទះចំនួនពីរលើកដោយលើកទីមួយគឺបានធ្វើឡើងនៅក្នុងឆ្នាំ១៩៦៤។[២] ប្រទេសដែលបានធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅបានមួយលើកៗមានដូចជា៖ បែលស៊ិក ប្រេស៊ីល កាណាដា ចិន ហ្វាំងឡង់ អ៊ីតាលី ម៉ិកស៊ិក ហុល្លង់ កូរ៉េខាងត្បូង សហភាពសូវៀត អេស្ប៉ាញ និងស៊ុយអែត។
ព្រឹត្តិការណ៍កីឡាអូឡាំពិកត្រូវបានប្រារព្ធធ្វើឡើងនៅទ្វីបអាស៊ីបានចំនួនបួនលើក៖ នៅទីក្រុងតូក្យូ (១៩៦៤ និង ២០២០) ទីក្រុងសេអ៊ូល (១៩៨៨) និងទីក្រុងប៉េកាំង (២០០៨)។
ព្រឹត្តិការណ៍ឆ្នាំ២០១៦ នៅទីក្រុងរីអូដឺចេណេរ៉ូ ប្រទេសប្រេស៊ីល គឺជាព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅដំបូងបង្អស់ដែលប្រារព្ធឡើងនៅលើទឹកដីទ្វីបអាមេរិកខាងត្បូង។ ប្រទេសនៅអឌ្ឍគោលខាងត្បូងតែចំនួនពីរប៉ុណ្ណោះដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិកពោលគឺ អូស្ត្រាលី (១៩៥៦ ២០០០ និង ២០៣២ និងប្រេស៊ីល (២០១៦)។ ប្រទេសនៅទ្វីបអាហ្វ្រិកគឺមិនដែលបានក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អូឡាំពិករដូវក្តៅណាមួយទេ។
ប្រវត្តិ
ឆ្នាំដំបូងៗ

គណៈកម្មាធិការអូឡាំពិកអន្តរជាតិត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៩៤ គឺនៅពេលដែលលោកព្យែរ ដឺ គូប៊ែរតង់ (គ្រូគរុកោសល្យនិងជាប្រវត្តិវិទូជនជាតិបារាំង) បានព្យាយាមលើកកម្ពស់ការយល់ដឹងអន្តរជាតិតាមរយៈការប្រកួតប្រជែងកីឡា។ ព្រឹត្តិការណ៍កីឡាអូឡាំពិកលើកទី១ ត្រូវបានរៀបចំឡើងនៅទីក្រុងអាតែនក្នុងឆ្នាំ១៨៩៦ ហើយវាបានទាក់ទាញកីឡាករចំនួន ២៤៥ នាក់ដែលក្នុងនោះមានជាង ២០០ នាក់ជាជនជាតិក្រិកហើយមានតែប្រទេសតំណាង ១៤ ប្រទេសផ្សេងទៀតប៉ុណ្ណោះ។ សម្រាប់ពេលនោះ វាគឺជាព្រឹត្តិការណ៍អន្តរជាតិដ៏ធំជាងគេបង្អស់ដែលគេមិនធ្លាប់ឃើញដោយពីមុនៗមកគឺមិនដែលធ្លាប់មានកម្មវិធីឬព្រឹត្តិការណ៍ធំបែបនេះនោះទេ។ អត្តពលិកនារីគឺមិនត្រូវអនុញ្ញាតឱ្យចូលរួមក្នុងការប្រកួតឡើយតែទោះជាយ៉ាងណាមានស្ត្រីជនជាតិក្រិកម្នាក់ឈ្មោះស្តាម៉ាតា រេវីទីបានសម្រេចរត់ម៉ារ៉ាតុងដោយខ្លួនគាត់ផ្ទាល់ដោយបាននិយាយថា"ប្រសិនបើគណៈកម្មាធិការមិនអនុញ្ញាតឱ្យខ្ញុំចូលរួមការប្រកួត អញ្ចឹងខ្ញុំនឹងចេញប្រកួតដោយខ្លួនឯង"។[៣]
ទោះជាក្រិកមានកីឡាករច្រើនជាងគេនៅក្នុងព្រឹត្តិការណ៍ឆ្នាំ១៩៨៦ នេះមែនប៉ុន្តែអ្នកទទួលជើងឯកច្រើនជាងគេគឺភាគច្រើនជាកីឡាករអាមេរិកដោយមានសរុបចំនួន ១១ រូបបើប្រៀបធៀបទៅក្រិកដែលមានចំនួន ១០ រូប។[៤] ក្រិកបុរាណគឺជាទីកំណើតនៃកីឡាអូឡាំពិកហេតុនេះហើយបានជាគេយល់ថាទីក្រុងអាតែនគឺជាជម្រើសដ៏សមស្របមួយសម្រាប់រៀបចំកីឡាអូឡាំពិកសម័យ។ ទីក្រុងនេះត្រូវបានជ្រើសរើសជាឯកច្ឆន្ទជាទីក្រុងម្ចាស់ផ្ទះក្នុងអំឡុងកិច្ចប្រជុំសមាជដែលរៀបចំឡើងដោយព្យែរ ដឺ គូប៊ែរតង់នៅឯទីក្រុងប៉ារីសនាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៨៩៤។ IOC ក៏ត្រូវបានបង្កើតឡើងផងដែរនៅក្នុងកិច្ចប្រជុំសមាជនោះ។
ថ្វីបើមានឧបសគ្គមួយចំនួនមករារាំងមែនប៉ុន្តែកីឡាអូឡាំពិកឆ្នាំ១៨៩៦ បានប្រព្រឹត្តិទៅបានដោយរលូននិងជោគជ័យ។ ពហុកីឡាដ្ឋានប៉ាណាស៊ីនិចដែលជាកីឡាដ្ឋានធំបំផុតនាសម័យនោះបានផ្តុំកុះករទៅដោយហ្វូងមនុស្សដ៏ធំបំផុតមិនធ្លាប់មាន។[៥] កីឡាករដែលជោគជ័យជាងគេគឺកីឡាករកាយសម្ព័ន្ធនិងចំបាប់ជនជាតិអាល្លឺម៉ង់ឈ្មោះកាល ស៊ូម៉ាន់ដោយគាត់បានទទួលមេដាយមាសចំនួនបួន។
IOC បានមានគម្រោងផ្លាស់ប្តូរទីក្រុងម្ចាស់ផ្ទះនៅព្រឹត្តិការណ៍បន្ទាប់ហើយទីបំផុតក៏បានសម្រេចជ្រើសរើសទីក្រុងប៉ារីសសម្រាប់កីឡាអូឡាំពិកលើកទីពីរ។[៦] បួនឆ្នាំក្រោយមក កីឡាអូឡាំពិករដូវក្តៅឆ្នាំ១៩០០ នៅទីក្រុងប៉ារីសក៏បានចាប់ផ្តើមដោយលើកនេះវាបានទាក់ទាញអត្តពលិកច្រើនជាងព្រឹត្តិការណ៍មុនបួនដង។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានអនុញ្ញាតឱ្យអត្តពលិកនារីចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍លើកនេះដោយមានស្ត្រីចូលរួមសរុបចំនួន ២០ រូប។ ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ១៩០០ ត្រូវបានប្រារព្ធលាយឡំជាមួយពិព័រណ៍ពិភពលោកទីក្រុងប៉ារីសនិងបានអូសបន្លាយរយៈពេលប្រាំខែ។


អត្តពលិកកំពូលៗខាងក្រៅសហរដ្ឋអាមេរិកនិងកាណាដាតិចតួចណាស់ដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ១៩០៤ នេះអាចបណ្តាលមកពីកត្តាចម្បងពីរគឺ ភាពតានតឹងដែលបណ្តាលមកពីសង្គ្រាមរុស្ស៊ី-ជប៉ុន និងមធ្យោបាយធ្វើដំណើរមកសង់ល្វី។[៧]
ល្បែងកីឡាមួយចំនួនត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងអាតែនក្នុងឆ្នាំ១៩០៦។ IOC គឺមិនដែលទទួលស្គាល់ល្បែងទាំងនោះថាជាផ្នែកនៃកីឡាអូឡាំពិកឡើយលើកលែងតែប្រវត្តិវិទូមួយចំនួនធំ។ ព្រឹត្តិការណ៍កីឡានេះបានទទួលប្រជាប្រិយភាពនិងភាពជោគជ័យខ្លាំងជាងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ១៩០០ និងឆ្នាំ១៩០៤ ដោយមានកីឡាករជាង ៩០០ នាក់បានចូលរួមប្រកួត។
ចំនួនទស្សនិកជនបានកើនឡើងម្តងទៀតនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងឡុងដ៍ឆ្នាំ១៩០៨ ហើយក៏ដូចជាការរត់ម៉ារ៉ាតុនលើកដំបូងលើចម្ងាយស្តង់ដារ ៤២.១៩៥ គម។ ការរត់ម៉ារ៉ាតុនអូឡាំពិកដំបូងគេបង្អស់នៅក្នុងឆ្នាំ១៨៩៦ គឺមានចម្ងាយ ៤០ គម។ ចម្ងាយរត់ម៉ារ៉ាតុនថ្មីនោះត្រូវបានជ្រើសរើសធានាថាទីប្រណាំងប្រជែងគឺនឹងបញ្ចប់នៅមុខប្រអប់ដែលកាន់កាប់ដោយគ្រួសាររាជវង្សអង់គ្លេស។ ដូច្នេះ ម៉ារ៉ាតុនពីមុនៗគឺរត់ចម្ងាយ ៤០ គម ប៉ុន្តែក្នុងព្រឹត្តិការណ៍ឆ្នាំ១៩០៨ វាបានកើនដល់ទៅ ២ គម បន្ថែមដោយសារតែលក្ខខណ្ឌក្នុងស្រុកដូចជាប្លង់ផ្លូវនិងពហុកីឡាដ្ឋានជាដើម។ ក្នុងព្រឹត្តិការណ៍ឆ្នាំ១៩០៨ ក្រង់ប្រឺតាញបានឈ្នះមេដាយសរុបចំនួន ១៤៦ គ្រឿងដែលមានចំនួនច្រើនជាងសហរដ្ឋអាមេរិក ៩៩ ដងដោយសព្វថ្ងៃ វានូវតែជាសមិទ្ធិផលដ៏ល្អបំផុតរបស់ក្រង់ប្រឺតាញនៅលើឆាកកីឡាអូឡាំពិក។
នៅចុងកម្មវិធីរត់ម៉ារ៉ាតុនឆ្នាំ១៩០៨ អ្នករត់ប្រណាំងជនជាតិអ៊ីតាលីឈ្មោះដូរ៉ង់ដូ ពីទ្រីគឺជាអ្នករត់ដំបូងគេដែលរត់មកដល់ក្នុងកីឡាដ្ឋានប៉ុន្តែគាត់មើលទៅមានសភាពមិនសូវល្អហើយក៏ដួលដោយសារការហត់នឿយមុនពេលបញ្ចប់ព្រឹត្តិការណ៍នោះ។ គាត់ត្រូវបានជួយដោយមន្ត្រីការប្រណាំងរួចក៏រត់ដល់ទីបានដោយសម្រេច ដោយសារមូលហេតុនេះ ពីទ្រីក៏ត្រូវជម្រុះចេញ។ ដើម្បីជាការលើកទឹកចិត្តក្នុងការខិតខំប្រឹងប្រែង មហាក្សត្រិយានីអាឡិចសាន់ដ្រាបានប្រទានពីទ្រីនូវពានរង្វាន់ប្រាក់មួយ (លាយជាមួយមាស)។ កវីមួយរូបគឺលោកអាធួរ កូណាន ដូលបានសរសេររបាយការណ៍ពិសេសមួយអំពីការរត់ប្រណាំងនោះក្រោមឈ្មោះកាសែត''ដេលីមែល'' (Daily Mail)។[៨]
មកដល់ព្រឹត្តិការណ៍ឆ្នាំ១៩១២ នៅទីក្រុងស្តុកខូល ប្រទេសស៊ុយអែត, វាជាព្រឹត្តិការណ៍អូឡាំពិកដំបូងបង្អស់ដែលមានអ្នកចូលរួមប្រកួតមកពីទ្វីបចំនួនប្រាំនៅក្រោមដំបូលកីឡាដ្ឋានតែមួយ។ ព្រឹត្តិការណ៍កីឡាអូឡាំពិកបន្ទាប់ដែលបានគ្រោងធ្វើឡើងនៅឆ្នាំ១៩១៦ ត្រូវបានរំសាយចោលដោយសារសង្គ្រាមលោកលើកទី១ បានផ្ទុះឡើង។
សម័យចន្លោះសង្គ្រាម
នៅឆ្នាំ១៩២០ ពីរឆ្នាំក្រោយពីសង្គ្រាមបានបញ្ចប់ កីឡាអូឡាំពិកក៏ត្រឡប់មកម្តងទៀតដោយលើកនេះគឺធ្វើនៅទីក្រុងអានទ្វើប ប្រទេសបែលស៊ិកដោយវាបានទាក់ទាញកីឡាករច្រើនជាងព្រឹត្តិការណ៍មុនៗឯទៀត។ កំណត់ត្រានេះមិនបានឈរយូរនោះទេមុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ១៩២៤ បានបំបែកកំណត់ត្រាថ្មីដោយមានកីឡាករកីឡាការនីចូលរួមប្រកួតជាង ៣,០០០ នាក់។ ក្រុម"ស្លាបហើរ"បានទទួលយកមេដាយមាសជាក្រុមចំនួនបីគ្រឿងក្នុងវិញ្ញាសារត់ប្រណាំងចម្ងាយ ១,៥០០ និង ៥,០០០ ម៉ែត្រ។[៩]
កីឡាអូឡាំពិកទីក្រុងអាំស្ទែរដាំឆ្នាំ១៩២៨ មានលក្ខណៈគួរឱ្យកត់សម្គាល់សំខាន់ៗមួយចំនួនដោយវាជាព្រឹត្តិការណ៍អូឡាំពិកដំបូងដែលអនុញ្ញាតឱ្យនារីចូលរួមប្រកួតប្រជែងក្នុងវិញ្ញាសាអត្តពលកម្មហើយជាទូទៅ ព្រឹត្តិការណ៍នេះបានទទួលការកោតសរសើរពីមហាជននិងទទួលបានផលចំណេញច្រើន។ ម្យ៉ាងវិញទៀត វាគឺជាព្រឹត្តិការណ៍កីឡាអូឡាំពិកដំបូងដែលទទួលបានការឧបត្ថមគាំទ្រពីក្រុមហ៊ុនភេសជ្ជៈកូកា-កូឡាផងដែរ។
ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ១៩៣២ នៅទីក្រុងឡូសអាន់ជ័រលេសបានប្រារព្ធធ្វើឡើងនៅចំពេលដែលពិភពលោកកំពុងតែជួបវិបត្តិសេដ្ឋកិច្ចដ៏ធំដែលគេតែងសម្តៅលើថាមហាឱនភាព ដោយហេតុនេះហើយទើបកីឡាអូឡាំពិកឆ្នាំ១៩៣២ មានអត្តពលិកចូលរួមតិចជាងព្រឹត្តិការណ៍មុនៗ។

ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ១៩៣៦ ត្រូវបានរដ្ឋាភិបាលអាល្លឺម៉ង់ចាត់ទុកជាឱកាសផ្សព្វផ្សាយមនោគមវិជ្ជារបស់ពួកគេ។ គណបក្សកាន់អំណាចនៃប្រទេសអាល្លឺម៉ង់នាពេលនោះគឺបក្សណាស៊ីបានជួលអ្នកផលិតខ្សែភាពយន្តដ៏ចំណាប់ម្នាក់ឈ្មោះលេនី រីហ្វេនស្តាលឱ្យថតព្រឹត្តិការណ៍មួយនេះទុកជាឯកសារខ្សែភាពយន្ត។ ជាលទ្ធផល ខ្សែភាពយន្តជាឯកសារចំណងជើងថាអូឡាំព្យាក៏ចេញផ្សាយហើយវាត្រូវបានទទួលស្គាល់ជាទូទៅថាជាស្នាដៃដ៏អស្ចារ្យមួយទោះជាក្នុងខ្សែភាពយន្តនេះមានវត្តមានទ្រឹស្តីរើសអើងពូជសាសន៍របស់ហ៊ីត្លែរក្តី។ ក្រៅពីនេះ អត្តពលិករជនជាតិអាមេរិក-អាហ្វ្រិកឈ្មោះជេស្ស៊ី អូវ៉ែនបានដណ្តើមឈ្នះមេដាយមាសចំនួនបួនជូនសហរដ្ឋអាមេរិក។
ដោយសារសង្គ្រាមលោកលើកទី២ ព្រឹត្តិការណ៍ឆ្នាំ១៩៤០ (ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងតូក្យូរួចត្រូវផ្លាស់ប្តូរជាបណ្តោះអាសន្នទៅហែលស៊ីនគី) ក៏ត្រូវបានរំសោយចោល។ ព្រឹត្តិការណ៍ឆ្នាំ១៩៤៤ ដែលត្រូវធ្វើឡើងនៅទីក្រុងឡុងដ៍ក៏ត្រូវបានរំសាយចោលដូចគ្នាដែរដោយគេបានលើកវាទៅធ្វើឡើងនៅឆ្នាំ១៩៤៨ វិញពោលគឺក្រោយពីសង្គ្រាមបានបញ្ចប់។
ក្រោយសង្គ្រាមលោកលើកទី២
ព្រឹត្តិការណ៍កីឡាក្រោយសង្គ្រាមដំបូងគឺត្រូវបានធ្វើឡើងនៅទីក្រុងឡុងដ៍ក្នុងឆ្នាំ១៩៤៨ ហើយព្រឹត្តិការណ៍នេះមិនបានទទួលស្គាល់ប្រទេសអាល្លឺម៉ង់និងជប៉ុននោះទេ។ កីឡាការិនីជនជាតិហុល្លង់ម្នាក់ឈ្មោះហ្វាននី ប្លង់គ័រស៍-គុនបានឈ្នះមេដាយមាសចំនួនបួនក្នុងវិញ្ញាសាអត្តពលកម្មលើទីលានប្រណាំងដោយនេះជាសមិទ្ធិផលដូចនឹងលោកអូវ៉ែនកាលពីព្រឹត្តិការណ៍ឆ្នាំ១៩៣៦ ដែរ។
នៅក្នុងព្រឹត្តិការណ៍ឆ្នាំ១៩៥២ នៅទីក្រុងហែលស៊ីនគី ក្រុមសហភាពសូវៀតបានចូលរួមប្រកួតប្រជែងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រហើយបានទទួលភាពជោគជ័យភ្លាមៗ (ដោយបានឈរនៅចំណាត់ថ្នាក់លេខពីរខាងចំនួនមេដាយមាសនិងមេដាយសរុប)។ សហភាពសូវៀតបានបញ្ជូនក្រុមអត្តពលិកដែលសុទ្ធសឹងជានិស្សិត ទាហាន ឬជាអ្នកធ្វើការក្នុងវិជ្ជាជីវៈណាមួយប៉ុន្តែពួកគេភាគច្រើនត្រូវបានឧបត្ថមដោយរដ្ឋដើម្បីធ្វើការហ្វឹកហាត់ពេញម៉ោងដោយនេះគឺជាសកម្មភាពរំលោភលើច្បាប់កីឡាករមិនពេញជំនាញ។[១០][១១]
ព្រឹត្តិការណ៍បន្ទាប់មកទៀតគឺបានធ្វើឡើងនៅទីក្រុងមែលប៊ឺនក្នុងឆ្នាំ១៩៥៦ ដោយក្នុងព្រឹត្តិការណ៍នេះ គេឃើញមានការប្រកួតដ៏គួរឱ្យជួកចិត្តមួយក្នុងវិញ្ញាសាកីឡាប៉ូឡូលើទឹករវាងក្រុមហុងគ្រីនិងក្រុមសូវៀត, អ្វីដែលធ្វើឱ្យការប្រកួតនេះមានអ្នកតាមដានច្រើនគឺព្រោះតែសកម្មភាពឈ្លានពានរបស់សូវៀតមកលើប្រទេសហុងគ្រីក្នុងពេលថ្មីៗនោះ។ ដោយតែការរាតត្បាតជំងឺពងបែកបាតជើងនិងមាត់នៅចក្រភពអង់គ្លេសនាពេលនោះ អ្នករៀបចំកម្មវិធីបានតម្រូវឱ្យអត្តពលិកដែលមកពីប្រទេសអង់គ្លេសឬប្រទេសណាដែលងាយប្រថុយនឹងជំងឺមួយនោះចូលធ្វើចត្តាឡីស័កជាមុនសិនទើបអាចចូលរួមប្រកួតបាន។
ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងរ៉ូមឆ្នាំ១៩៦០ បានទទួលចូលរួមពីកីឡាករប្រដាលទម្ងន់ស្រាលដ៏ល្បីឈ្មោះម្នាក់គឺលោកមូហាម៉ាដ អាលីដោយគាត់បានខិតខំប្រឹងប្រែងរហូតដល់យកឈ្នះមេដាយមាស។ ក្រោយមក អាលីបានបោះមេដាយមាសរបស់គាត់ចោលដោយភាពខ្ពើមរអើមបន្ទាប់ពីត្រូវបានគេបដិសេដមិនផ្តល់សេវាកម្មឱ្យក្នុងភោជនីយដ្ឋានមួយកន្លែងនៅក្នុងស្រុកកំណើតរបស់អាលីព្រោះតែគាត់ជាជនជាតិស្បែកខ្មៅ។[១២] គាត់ត្រូវបានគណៈកម្មាធិការអូឡាំពិកផ្តល់មេដាយមាសថ្មី ៣៦ ឆ្នាំក្រោយពោលគឺនៅក្នុងកីឡាអូឡាំពិកឆ្នាំ១៩៩៦ នៅក្រុងអាត្លង់តា។
ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ១៩៦៤ នៅទីក្រុងតូក្យូគឺជាព្រឹត្តិការណ៍អូឡាំពិកដំបូងដែលត្រូវបានគេចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍នៅទូទាំងសកលលោក។ ទាំងនេះបានធ្វើឱ្យព្រឹត្តិការណ៍កីឡាអូឡាំពិកកាន់តែមានប្រជាប្រិយភាពបន្ថែមទៀត។ កីឡាយូដូត្រូវបានគេណែនាំជាលើកដំបូងនិងជាកីឡាផ្លូវការមួយនៃអូឡាំពិក។ នៅក្នុងវគ្គផ្តាច់ព្រ័តនៃវិញ្ញាសាយូដូប្រភេទទម្ងន់បើកដំបូងនៅអូឡាំពិក កីឡាករយូដូជនជាតិហុល្លង់ឈ្មោះអានតុន ជីស៊ីគបានយកឈ្នះលើកីឡាករជប៉ុននាមអាគីអូ កាម៉ាណាហ្កាដែលធ្វើឱ្យកើតមានភាពរំជើបរំជួលយ៉ាងខ្លាំងសម្រាប់អ្នកទស្សនាខាងម្ចាស់ផ្ទះ។

រយៈកម្ពស់ដ៏ខ្ពស់នៃភូមិសាស្ត្រទីក្រុងម៉ិកស៊ិកបានដើរតួយ៉ាងសំខាន់នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកមួយនេះ។[១៣] នៅក្នុងពិធីប្រគល់មេដាយសម្រាប់វិញ្ញាសារត់ប្រណាំងចម្ងាយ ២០០ ម៉ែត្រ អត្តពលិកជនជាតិអាមេរិកស្បែកខ្មៅពីររូបគឺលោកថមមី ស្មីត (មាស) និងចន កាឡូស (ប្រាក់) បានចេញមុខក្រោកឈរឡើងដើម្បីសិទ្ធិពលរដ្ឋជនជាតិស្បែកខ្មៅដោយបានលើកដៃឡើងលើដោយមានស្រោមកណ្តាប់ដៃខ្មៅនិងបានរួមគ្នាពាក់ស្រោមជើងខ្មៅជំនួសឱ្យស្បែកជើង។ បន្តិចក្រោយមក អត្តពលិកទាំងពីរក៏ត្រូវបានឃាត់ខ្លួនដោយគណៈកម្មាធិការអូឡាំពិក។ ដើម្បីជាការតវ៉ានឹងសកម្មភាពលុកលុយរបស់សូវៀតលើប្រទេសឆេកូស្លូវ៉ាគី កីឡាការនីជនជាតិឆេកផ្នែកកាយសម្ព័ន្ធម្នាក់ឈ្មោះវេរ៉ា កាស្លាវស្កាបានឱនក្បាលរបស់នាងចុះនិងដកខ្លួននាងឆ្ងាយពីទង់ជាតិសូវៀតខណៈដែលភ្លេងជាតិសូវៀតកំពុងចាក់ក្នុងពិធីប្រគល់មេដាយ។ នាងបានត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញក្នុងនាមជាវីរនារីក្នុងកែវភ្នែកប្រជាជនប៉ុន្តែសកម្មភាពរបស់នាងមិនត្រូវបានរដ្ឋាភិបាលគាំទ្រសូវៀតថ្មីពេញចិត្តនោះទេហើយក៏បានបញ្ឈប់នាងពីវិស័យកីឡារយៈពេលជាងមួយទស្សវត្សរ៍។

នយោបាយបានចូលប្រឡូកក្នុងកីឡាអូឡាំពិកម្តងទៀតដោយលើកនេះគឺនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ១៩៧២ នៅទីក្រុងមុយនិច។ ក្រុមភេរវករប៉ាឡេស្ទីនដែលមានឈ្មោះថាខែកញ្ញាខ្មៅ (Black September) បានចូលលុកលុយភូមិកីឡាអូឡាំពិកហើយបានលួចចូលទីស្នាក់នៅរបស់គណៈប្រតិភូអ៊ីស្រាអែល។ ពួកគេបានសម្លាប់ជនជាតិអ៊ីស្រាអែលពីរនាក់ភ្លាមៗនិងចាប់មនុស្ស ៩ នាក់ទៀតធ្វើជាចំណាប់ខ្មាំង។ ក្រុមភេរវករទាំងប៉ុន្មាននាក់នោះបានទាមទារឱ្យអ៊ីស្រាអែលចូលដោះលែងអ្នកទោសមួយចំនួនដែលជាប់ពន្ធនាគារនៅលើទឹកដីអ៊ីស្រាអែល។ រដ្ឋាភិបាលអ៊ីស្រាអែលបានបដិសេដការទាមទារនេះដែលជាហេតុបណ្តាលឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងខណៈពេលដែលការចរចាគ្នារវាងក្រុមភេរវករនិងនគរបាលអាល្លឺម៉ង់ខាងលិចបានប្រព្រឹត្តិទៅជាធម្មតា។ ក្រោយមកទៀត ក្រុមភេរវករទាំងនោះក៏ត្រូវបានអ្នកចរចាខាងនគរបាលអាល្លឺម៉ង់ផ្តល់ជូនការអមផ្លូវធ្វើដំណើរទៅព្រលានយន្តហោះដោយសុវត្ថិភាព។ កងកម្លាំងអាល្លឺម៉ង់បានចេញគម្រោងចាប់ស្ទាក់ក្រុមភេរវករទាំងនេះនៅឯព្រលានយន្តហោះនោះប៉ុន្តែផែនការរបស់ពួកគេត្រូវទទួលបរាជ័យហើយជាលទ្ធផល ការបាញ់ប្រហារគ្នាក៏បានកើតមានឡើងដោយមានមនុស្ស ១៥ នាក់ត្រូវបានបាត់បង់ជីវិត។ ក្នុងនោះមានអត្តពលិកអ៊ីស្រាអែលទាំងប្រាំបួននាក់និងភេរវករចំនួនប្រាំនាក់។ បន្ទាប់ពីមានការជជែកវែកញែកជាច្រើនលើកច្រើនសារ អ្នករៀបចំកម្មវិធីក៏បានសម្រេចចិត្តថានឹងបន្តដំណើរការកីឡាអូឡាំពិកនេះ។[១៤]
សោកនាដកម្មបែបនេះមិនបានកើតឡើងទៀតទេនៅក្នុងព្រឹត្តិការណ៍អូឡាំពិកបន្ទាប់ដែលបានធ្វើឡើងនៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដាក្នុងឆ្នាំ១៩៧៦ ក៏ប៉ុន្តែការរៀបចំផែនការមិនល្អនិងសកម្មភាពក្លែងបន្លំបាននាំឱ្យការចំណាយកើនឡើងខ្ពស់ជាងថវិកា។ ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងម៉ុងរ៉េអាល់ឆ្នាំ១៩៧៦ គឺជាព្រឹត្តិការណ៍អូឡាំពិកថ្លៃជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររហូតដល់ត្រឹមកីឡាអូឡាំពិករដូវរងាឆ្នាំ២០១៤ ដោយត្រូវចំណាយប្រាក់អស់ជាង ៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក (ដែលស្មើនឹង ២២.០៣ ពាន់លានដុល្លារនៅឆ្នាំ២០២០)។ នៅពេលនោះ កីឡាអូឡាំពិកគឺហាក់បីដូចជាសំណើហិរញ្ញវត្ថុដែលមិនអាចសម្រេចបាន។ បើយើងក្រឡេកមើលទៅក្នុងព្រឹត្តិការណ៍នេះពីពេលបច្ចុប្បន្ន មានជំនឿមួយថាអ្នកម៉ៅការ (ដែលសង្ស័យថាជាសមាជិកក្រុមឧក្រិដ្ឋជននៃទីក្រុងម៉ុងរ៉េអាល់) បានរៃអង្គាសប្រាក់យ៉ាងបានច្រើនពីកិច្ចសន្យាគ្រប់កម្រិតខណៈពេលទទួលចំណេញពីការជំនួសសម្ភារៈសំណង់ថោកហើយមានគុណភាពទាបជាង នេះអាចជាមូលហេតុចម្បងនៃករណីត្រូវពន្យារពេលការសាងសង់ និងការចំណាយប្រាក់លើសដើម។ នៅឆ្នាំ១៩៩៨ អ្នកម៉ៅការម្នាក់ឈ្មោះជីអូស៊ីប ហ្សាពីយ៉ា "ត្រូវបានជម្រះពីការចោទប្រកាន់ពីបទក្លែងបន្លំនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកបន្ទាប់ពីសាក្សីសំខាន់ពីររូបត្រូវបានទទួលអនិច្ចកម្មមុនពេលផ្តល់សក្ខីកម្មនៅក្នុងសវនាការ"។[១៥]
ចុងសតវត្សទី២០
ក្រោយពីសហភាពសូវៀតបានចូលឈ្លានពានប្រទេសអាហ្វកានីស្ថាននៅក្នុងឆ្នាំ១៩៧៩, ប្រទេសចំនួន ៦៦ បានរួមគ្នាធ្វើពហិការមិនចូលរួមក្នុងកីឡាអូឡាំពិកឆ្នាំ១៩៨០ ដែលត្រូវធ្វើឡើងនៅឯរដ្ឋធានីម៉ូស្គូ។ ប្រទេសតំណាងចំនួន ៨០ គឺមានវត្តមាននៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំនេះដែលវាត្រូវជាចំនួនប្រទេសចូលរួមតិចបំផុតចាប់តាំងពីព្រឹត្តិការណ៍ឆ្នាំ១៩៥៦ មក។ ដោយកង្វះប្រទេសចូលរួមច្រើនដូច្នេះហើយបានជាកីឡាអូឡាំពិកឆ្នាំ១៩៨០ មិនសូវទទួលបានការផ្សព្វផ្សាយនិងការប្រកួតប្រជែងច្រើនដែលជាហេតុនាំឱ្យប្រទេសម្ចាស់ផ្ទះក្លាយជាក្រុមលិចធ្លោជាងគេប្រចាំព្រឹត្តិការណ៍នេះ។
នៅឆ្នាំ១៩៨៤ សហភាពសូវៀតរួមជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួនចំនួន ១៣ ប្រទេសបានរួមគ្នាធ្វើពហិការមិនចូលរួមប្រកួតក្នុងកីឡាអូឡាំពិករដូវក្តៅឆ្នាំ១៩៨៤ ដែលធ្វើឡើងនៅទីក្រុងឡូសអាន់ជ័រលេស។ ប្រទេសរ៉ូម៉ានីដែលជាប្រទេសប្លុកខាងលិចតែមួយគត់បានចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ១៩៨៤ នេះ។ ទោះបីជាសហភាពសូវៀតនិងសម្ព័ន្ធមិត្តខ្លួនមិនបានចូលរួមក្នុងព្រឹត្តិការណ៍នេះក្តីប៉ុន្តែនូវមានគណៈកម្មាធិការជាតិអូឡាំពិកចំនួន ១៤០ ទៀតបានចូលរួមប្រកួត។[១៦] នេះក៏ជាព្រឹត្តិការណ៍អូឡាំពិកដំបូងដែរដែលមានការចូលរួមប្រកួតជាលើកទីមួយពីសាធារណរដ្ឋប្រជាមានិតចិន។
បើយោងទៅតាមអ្នកសារព័ត៌មានអង់គ្លេសគឺលោកអានឌ្រូ ជេននីងបានឱ្យដឹងថា មន្ត្រីទីភ្ញាក់ងារ គ.ស.រ. (ទីភ្ញាក់ងារសន្តិសុខរបស់សូវៀត) បានបន្លំខ្លួនក្លែងជាអាជ្ញាធរប្រឆាំងធាតុញៀនរបស់ IOC រួចបានបណ្តោយឱ្យអត្តពលិកសូវៀតចូលរួមប្រកួតទាំងតែមានវិជ្ជមានសារធាតុពូវកម្លាំងឬថ្នាំធាតុផ្សំផ្សេងៗទៀត។[១៧]
ឯកសារដែលបានរកឃើញនៅក្នុងឆ្នាំ២០១៦ បានបង្ហាញថាសូវៀតមានផែនការតម្រូវឱ្យអត្តពលិកខ្លួនប្រើប្រាស់សារធាតុពៅកម្លាំងដើម្បីត្រៀមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ១៩៨៤ នៅទីក្រុងឡូសអាន់ជ័រលេស។ ឯកសារនោះបានរៀបរាប់លម្អិតៗអំពីប្រតិបត្តិការស្តេរ៉ូអ៊ីដនៅក្នុងកម្មវិធីប្រកួតរួមជាមួយការវិភាគយោបល់សម្រាប់ការតម្លើងប្រសិទ្ធភាពថ្នាំបន្ថែមទៀតមុនពេលត្រូវរដ្ឋាភិបាលសូវៀតសម្រេចចិត្តធ្វើពហិការមិនចូលរួមប្រកួតវិញ។[១៨]
ព្រឹត្តិការណ៍ឆ្នាំ១៩៨៨ នៅទីក្រុងសេអ៊ូលត្រូវបានរៀបចំឡើងយ៉ាងល្អិតល្អន់ប៉ុន្តែស្ថានភាពបានឈានចូលដល់សភាពតានតឹងនៅពេលដែលអត្តពលិកជាច្រើនជាពិសេសគឺបេន ចនសុនដែលជាអ្នកឈ្នះកីឡារត់ប្រណាំងចម្ងាយ ១០០ ម៉ែត្របានធ្វើតេស្តថ្នាំឃើញវិជ្ជមាន។ អ្នករៀបចំកម្មវិធីនិងគ្រប់គណៈកម្មាធិការបានកើតការព្រួយបារម្ភយ៉ាងខ្លាំងព្រោះថាចំនួនកីឡាករដែលធ្វើតេស្តថ្នាំវិជ្ជមាននៅក្នុងព្រឹត្តិការណ៍នេះគឺមានច្រើនលើសពីការស្មាន់តែទោះយ៉ាងណាក៏ចំនួនអ្នកអវិជ្ជមានមានច្រើនគួរសមដែរ។
រដ្ឋអឺរ៉ុបតូចៗដែលធ្លាប់ស្ថិតនៅក្រោមសហភាពសូវៀតតាំងពីសង្គ្រាមលោកលើកទី២ បានមានវត្តមានសារជាថ្មីនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ១៩៩២ នៅក្រុងបារសេឡូណា។ នៅក្នុងព្រឹត្តិការណ៍នេះ កីឡាការិនីកាយសម្ព័ន្ធឈ្មោះវីតាលី ស្ស៊ែរបូបានបំបែកឯតទគ្គកម្មចំនួនមេដាយមាសច្រើនជាងគេនៅកីឡាអូឡាំពិករដូវក្តៅសម្រាប់អត្តពលិកមួយរូបៗដោយនាងបានឈ្នះមេដាយមាសចំនួនប្រាំផ្សេងគ្នា។
នៅឯព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ១៩៩៦ នៅក្រុងអាត្លង់តា អត្តពលិកម៉ៃឃើល ចនសុនបានបំបែកកំណត់ត្រាពិភពលោកថ្មីក្នុងវិញ្ញាសារត់ចម្ងាយ ២០០ ម៉ែត្រ។ អត្តពលិកជនជាតិកាណាដាលោកដូណូវ៉ាន បេលីបានទទួលកំណត់ត្រាថ្មីផងដែរនៅក្នុងវិញ្ញាសារត់ចម្ងាយ ១០០ ម៉ែត្រ។ កីឡាអូឡាំពិកឆ្នាំ១៩៩៦ ក៏មានឈុតឆាករំជួលចិត្តខ្លះៗដែរដូចជានៅពេលដែលអតីតកីឡាករប្រដាលមូហាម៉ាដ អាលីទទួលបានមេដាយមាសសងជំនួសមេដាយមុនដែលគាត់បានបោះបង់ចោលកាលនៅឆ្នាំ១៩៦០។

កីឡាអូឡាំពិកទីក្រុងស៊ីដនីឆ្នាំ២០០០ គឺជាព្រឹត្តិការណ៍អូឡាំពិកដំបូងបង្អស់ដែលប្រទេសកូរ៉េទាំងពីរបានសម្រេចចិត្តចូលជាក្រុមតែមួយនៅក្នុងពិធីបើកការប្រកួតក៏ប៉ុន្តែក្រុមទាំងពីរត្រូវបំបែកចេញពីគ្នាវិញនៅអំឡុងពេលប្រកួតប្រជែង។
ដើមសតវត្សទី២១ និងសហស្សវត្សរ៍ថ្មី
នៅក្នុងឆ្នាំ២០០៤ ព្រឹត្តិការណ៍កីឡាអូឡាំពិកត្រូវបានប្រារព្ធនៅលើទឹកដីកំណើតគឺនៅទីក្រុងអាតែន ប្រទេសក្រិក។ ព្រឹត្តិការណ៍ទាំងមូលត្រូវចំណាយប្រាក់ប្រមាណ ៧.២ ពាន់លានដុល្លារអាមេរិកនិងបូករួមទាំង ១.៥ ពាន់លានដុល្លារទៀតលើថ្លៃសន្តិសុខ។ ដោយសារតែមានរបាយការណ៍ចោតថាសកម្មភាពភេរវកម្មអាចកើតមានឡើងនៅអំឡុងពេលប្រកួតទើបការកក់សំបុត្រចូលទស្សនាត្រូវធ្លាក់ចុះនៅសប្តាហ៍ដំបូង។[១៩] តែទោះជាយ៉ាងណា ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០០៤ បានប្រព្រឹត្តិទៅជាធម្មតាហើយសំបុត្រទស្សនាក៏ចាប់ផ្តើមកើនឡើងវិញក្រោយសប្តាហ៍ទីមួយបានកន្លងផុតទៅដោយគ្មានឧប្បត្តហេតុអ្វីកើតឡើង។ ប្រធាន IOC នៅពេលនោះបានចេញកោតសរសើរថាកម្មវិធីបានរៀបចំឡើងប្រកបដោយសណ្តាប់ធ្នាប់ល្អហើយប្រព័ន្ធសន្តិសុខគឺល្អហួសពីការស្មាន់។[២០] គណៈកម្មាធិការអូឡាំពិកជាតិមកពីគ្រប់ប្រទេសលើពិភពលោកពោលគឺ ២០២ ប្រទេស បានចូលរួមក្នុងព្រឹត្តិការណ៍នេះដោយមានអត្តពលិកនិងបុគ្គលិកចូលរួមជាង ១១,០០០ នាក់។
ឯកសារយោង
- ↑ "សេចក្តីថ្លែងការណ៍រួមពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិនិងគណៈកម្មាធិការរៀបចំទីក្រុងតូក្យូ ២០២០ (ជាភាសាអង់គ្លេស)". គណៈកម្មាធិការអូឡាំពិកអន្តរជាតិ. Retrieved 7 សីហា 2021.
- ↑ Schaffer, Kay (2000). The Olympics at the Millennium: Power, Politics, and the Games. p. 271.
- ↑ Tarasouleas, Athanasios (Summer 1993). "The Female Spiridon Loues". Citius, Altius, Fortius 1 (3): 11–12.
- ↑ Macy, Sue (2004). Swifter, Higher, Stronger. Washington D.C, United States: National Geographic. pp. 16. ល.ស.ប.អ. 0-7922-6667-6. https://archive.org/details/swifterhigherstr00macy/page/16.
- ↑ Young, David C. (1996). The Modern Olympics: A Struggle for Revival. Johns Hopkins University Press. p. 144. ល.ស.ប.អ. 978-0-8018-5374-6.
- ↑ "1896 Athina Summer Games". Sports Reference. Archived from the original on 17 មេសា 2020. Retrieved 8 សីហា 2021.
- ↑ "តារាងកីឡាអូឡាំពិករដូវក្តៅ (ជាភាសាអង់គ្លេស)" (PDF). គណៈកម្មាធិការអូឡាំពិកអន្តរជាតិ. Retrieved 8 សីហា 2021.
- ↑ Lovesey, Peter (December 2001). "Conan Doyle and the Olympics". Journal of Olympic History 10: 6–9.
- ↑ "Paavo Nurmi – THE FLYING FINN – Life Story". Retrieved 8 សីហា 2021.
- ↑ Benjamin, Daniel (27 កក្កដា 1992). "Traditions Pro Vs. Amateur". Time. Archived from the original on 2 September 2009. Retrieved 9 សីហា 2021.
- ↑ Schantz, Otto. "The Olympic Ideal and the Winter Games Attitudes Towards the Olympic Winter Games in Olympic Discourses – from Coubertin to Samaranch" (PDF). www.coubertin.ch. Comité International Pierre De Coubertin. Archived from the original (PDF) on 5 ឧសភា 2013. Retrieved 9 សីហា 2021.
- ↑ Wallechinsky, David; Jamie Loucky (2008). The Complete Book of the Olympics, 2008 Edition. Aurum Press. pp. 453–454. ល.ស.ប.អ. 978-1-84513-330-6.
- ↑ "Games of the XIX Olympiad". olympic.org. គណៈកម្មាធិការអូឡាំពិកអន្តរជាតិ. Retrieved 11 សីហា 2021.
- ↑ "Games of the XX Olympiad". olympic.org. គណៈកម្មាធិការអូឡាំពិកអន្តរជាតិ. Retrieved 11 សីហា 2021.
- ↑ Schneider, Stephen;(April 2009).Ice: The Story of Organized Crime in Canada. p.551. ISBN 0-470-83500-1:
- ↑ "NO BOYCOTT BLUES". https://www.olympic.org/los-angeles-1984.
- ↑ Hunt, Thomas M. (2011). Drug Games: The International Olympic Committee and the Politics of Doping. University of Texas Press. p. 66. ល.ស.ប.អ. 978-0292739574. https://books.google.com/books?isbn=0292739575.
- ↑ Ruiz, Rebecca R. (13 August 2016). "The Soviet Doping Plan: Document Reveals Illicit Approach to '84 Olympics". The New York Times. ល.ត.ម.អ. 0362-4331. https://www.nytimes.com/2016/08/14/sports/olympics/soviet-doping-plan-russia-rio-games.html.
- ↑ "Tickets to Olympic events in Beijing sold out". USA Today. 28 កក្កដា 2008. https://www.usatoday.com/sports/olympics/2008-07-28-olympics-tickets_N.htm.
- ↑ "Rogge hails Athens success". BBC Sport. 29 សីហា 2004. http://news.bbc.co.uk/sport1/hi/olympics_2004/3609818.stm.